បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr17 វិច្ឆិកា ទំ. ១-២
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៦​-​១២ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១៣​-​១៩ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២០​-​២៦ ខែ​វិច្ឆិកា
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwbr17 វិច្ឆិកា ទំ. ១-២

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៦​-​១២ ខែ​វិច្ឆិកា

jd-E ទំ​. ៩០​-​៩១ វ​. ១៦​-​១៧

ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក

១៦ អាដាម​ដែល​ជា​បុរស​ដំបូង​បាន​ធ្វើ​ការ​ជ្រើស​រើស​ដ៏​ល្ងង់​ខ្លៅ​មួយ​កាល​ដែល​គាត់​ត្រូវ​សម្រេច​ចិត្ត​ថា​ខ្នាត​តម្រា​របស់​អ្នក​ណា​ប្រសើរ​បំផុត​ស្តី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ តើ​យើង​នឹង​ជ្រើស​រើស​ដោយ​មាន​គំនិត​ឈ្លាស​វៃ​ឬ​ទេ? អេម៉ុស​បាន​ដាស់​តឿន​យើង​ឲ្យ​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ​»។ (​អេម. ៥:១៥​) លោក​វីល្លាម រ៉េ​នី ហា​ពើ ដែល​ជា​អតីត​សាស្ដ្រាចារ្យ​ខាង​អក្សរ​សាស្ត្រ​និង​ខាង​ភាសា​អម្បូរ​សេ​មី​ត​នៅ​សាកលវិទ្យាល័យ​ឈីខាកូ បាន​កត់​សម្គាល់​ខ​នេះ​ថា​៖ ​«​ក្នុង​គំនិត[​របស់​អេម៉ុស​] ខ្នាត​តម្រា​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ គឺ​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាវេ​»។ នេះ​ជា​គំនិត​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​រៀន​ពី​អ្នក​ប្រកាស​ទំនាយ​ទាំង​១២​នាក់។ តើ​យើង​ពេញ​ចិត្ត​ទទួល​យក​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​ឬ​ទេ? ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ទាំង​នេះ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​នៅ​ក្នុង​គម្ពីរ ហើយ​បាន​ត្រូវ​ពន្យល់​ដោយ​គ្រិស្ត​សាសនិក​ដែល​មាន​គំនិត​ចាស់​ទុំ​និង​បទ​ពិសោធន៍ ពោល​គឺ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។—ម៉ាថ. ២៤:៤៥​-​៤៧

១៧ ការ​ដែល​យើង​ស្អប់​អ្វី​ដែល​អាក្រក់​ជួយ​យើង​ឲ្យ​បដិសេធ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ប្រហែល​ជា​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មើល​រូប​អាសអាភាស​តាម​អ៊ីនធឺណិត ហើយ​ព្យាយាម​មិន​មើល​រូប​នោះ។ ប៉ុន្តែ តើ​«​ចិត្ត​»​របស់​គាត់​គិត​យ៉ាង​ណា​អំពី​អ្វី​ដែល​នៅ​ក្នុង​គេហទំព័រ​ដែល​មាន​រូប​អាសអាភាស? (​អេភ. ៣:១៦​) ដោយ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ព្រះ​នៅ​អេម៉ុស ៥:១៥ នោះ​គាត់​នឹង​មិន​សូវ​ពិបាក​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្អប់​អ្វី​ដែល​អាក្រក់​ទេ។ ដូច្នេះ គាត់​ប្រហែល​ជា​បាន​ជោគ​ជ័យ​ក្នុង​ការ​តស៊ូ​របស់​គាត់​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

ថ្ងៃ​ទី​១៣​-​១៩ ខែ​វិច្ឆិកា

ia-E ទំ​. ១១៤ វ​. ២២​-​២៣

គាត់​បាន​ទាញ​មេ​រៀន​ពី​កំហុស​របស់​គាត់

២២ ចុះ​យ៉ូណាស​វិញ យ៉ាង​ណា​ដែរ? តើ​គាត់​បាន​រៀន​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក​ឬ​ទេ? គាត់​បាន​រៀន​មែន។ ក្រោយ​បី​យប់​បី​ថ្ងៃ ត្រី​បាន​នាំ​យ៉ូណាស​មក​ដល់​ច្រាំង ហើយ​«​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក​»។ (​យ៉ូណ. ២:១១​) ក្រោយ​ពី​អ្វី​ដែល​យ៉ូណាស​បាន​ឆ្លង​កាត់ គាត់​មិន​ទាំង​ចាំ​បាច់​ហែល​ទៅ​លើ​គោក​ផង! ពី​ឆ្នេរ​នោះ គាត់​គ្រាន់​តែ​ត្រូវ​រក​ផ្លូវ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ចិត្ត​ដឹង​គុណ​របស់​គាត់​បាន​ត្រូវ​ល្បង​ល។ យ៉ូណាស ៣:១, ២​ចែង​ថា​៖ ​«​ចំណេរ​មក ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​បាន​មក​ដល់​យ៉ូណាស​ម្ដង​ទៀត​ថា​៖ ‹ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ​ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ​តាម​សេចក្ដី​ដែល​អញ​នឹង​បង្គាប់›​»។ តើ​យ៉ូណាស​នឹង​ធ្វើ​អ្វី?

២៣ យ៉ូណាស​មិន​បាន​ស្ទាក់​ស្ទើរ​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»។ (​យ៉ូណ. ៣:៣​) គាត់​បាន​ស្ដាប់​បង្គាប់។ គាត់​ច្បាស់​ជា​បាន​ទាញ​មេ​រៀន​ពី​កំហុស​របស់​គាត់។ ក្នុង​ករណី​នេះ យើង​ក៏​ត្រូវ​មាន​ជំនឿ​តាម​គំរូ​របស់​យ៉ូណាស​ដែរ។ យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស។ (​រ៉ូម ៣:២៣​) ប៉ុន្តែ តើ​យើង​ឈប់​ព្យាយាម ឬ​ក៏​ទាញ​មេ​រៀន​ពី​កំហុស​របស់​យើង ហើយ​បន្ត​បម្រើ​ព្រះ​ដោយ​ស្ដាប់​បង្គាប់​លោក​ឬ​ទេ?

jd-E ទំ​. ១១២ វ​. ៤​-​៥

ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដូច​ព្រះ​ចង់​ឲ្យ​យើង​ប្រព្រឹត្ត

៤ យើង​អាច​រក​ឃើញ​មេ​រៀន​មួយ​ក្នុង​ការ​ផ្ដន្ទា​ទោស​របស់​ព្រះ​ចំពោះ​អេដំម ជា​ស្រុក​មួយ​ជិត​ស្រុក​អ៊ីស្រាអែល គឺ​៖ ​«​មិន​ត្រូវ​ឲ្យ​នឹក​ឃើញ​ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក​រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំ​ដី​ធំ​នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​ពួក​គេ​ដែរ​»។ (​អូបា. ១២​) ជន​ជាតិ​ទីរ៉ុស​ប្រហែល​ជា​«​បង​ប្អូន​»​អ៊ីស្រាអែល​ក្នុង​ការ​រក​ស៊ី ប៉ុន្តែ​ជន​ជាតិ​អេដំម​ជា​«​បង​ប្អូន​»​ក្នុង​ន័យ​ត្រង់ ពី​ព្រោះ​ពួក​គេ​ជា​ពូជ​ពង្ស​របស់​អេសាវ បង​ប្អូន​ភ្លោះ​របស់​យ៉ាកុប។ សូម្បី​តែ​ព្រះ​យេហូវ៉ា​ក៏​បាន​ហៅ​ជន​ជាតិ​អេដំម​ថា​ជា​«​បង​ប្អូន​»​អ៊ីស្រាអែល​ដែរ។ (​ចោ. ២:១​-​៤​) ហេតុ​នេះ ពួក​គេ​ពិត​ជា​មាន​គំនុំ​នឹង​ជន​ជាតិ​យូដា​មែន​បាន​ជា​ពួក​គេ​អរ​សប្បាយ ពេល​ជន​ជាតិ​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​រង​ទុក្ខ​វេទនា។—អេស. ២៥:១២​-​១៤

៥ ព្រះ​ច្បាស់​ជា​មិន​ពេញ​ចិត្ត​នឹង​របៀប​ដែល​ជន​ជាតិ​អេដំម​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​យូដា​ជា​បង​ប្អូន​របស់​ពួក​គេ​ទេ។ យើង​អាច​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា ‹តើ​ព្រះ​គិត​យ៉ាង​ណា​អំពី​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​រួម​ជំនឿ?›។ ចំណុច​មួយ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់ គឺ​របៀប​ដែល​យើង​គិត​អំពី​បង​ប្អូន​ម្នាក់​នឹង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គាត់ ពេល​យើង​មាន​បញ្ហា​ជា​មួយ​នឹង​គាត់។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា គ្រិស្ត​សាសនិក​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត ឬ​មាន​បញ្ហា​ជា​មួយ​នឹង​សាច់​ញាតិ​ម្នាក់​របស់​អ្នក។ បើ​អ្នក​មាន​«​ហេតុ​ត្អូញត្អែរ​»​ តើ​អ្នក​នឹង​ខឹង​ងំ មិន​បំភ្លេច​រឿងនោះ ឬ​មិន​ព្យាយាម​ដោះ​ស្រាយ​រឿង​នោះ​ឬ​ទេ? (​កូឡ. ៣:១៣; យ៉ូស. ២២:៩​-​៣០; ម៉ាថ. ៥:២៣, ២៤​) ការ​ធ្វើ​ដូច្នេះ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​របស់​អ្នក​ចំពោះ​បង​ប្អូន។ អ្នក​ប្រហែល​ជា​ធ្វើ​សោះ​អង្គើយ គេច​ពី​គាត់ ឬ​និយាយ​អាក្រក់​អំពី​គាត់។ ក្នុង​ឧទាហរណ៍​ដដែល​នេះ សូម​ស្រមៃ​គិត​ថា ក្រោយ​មក​បង​ប្អូន​នោះ​បាន​ធ្វើ​ខុស ប្រហែល​ជា​ត្រូវ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នោះ​ជូន​ឱវាទ ឬ​កែ​តម្រង់​ទៀត​ផង។ (​កាឡ. ៦:១​) តើ​អ្នក​នឹង​បង្ហាញ​ចិត្ត​គំនិត​ដូច​ជន​ជាតិ​អេដំម ហើយ​អរ​សប្បាយ ពេល​បង​ប្អូន​នោះ​ជួប​ការ​ពិបាក​ឬ? តើ​ព្រះ​នឹង​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​យ៉ាង​ណា?

ថ្ងៃ​ទី​២០​-​២៦ ខែ​វិច្ឆិកា

w​១២​-​E ១/១១ ទំ​. ២២ វ​. ៤​-​៧

​«​តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច?​»​

​«​ប្រព្រឹត្ត​ដោយ​សុចរិត​»។ តាម​ឯកសារ​យោង​មួយ​ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​សុចរិត​»​ ​«​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​និង​ឥត​លម្អៀង​ចំពោះ​មនុស្ស​ក្នុង​សហគមន៍​»។ ព្រះ​សុំ​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ទៀង​ត្រង់​និង​ឥត​លម្អៀង​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ យើង​ប្រព្រឹត្ត​សុចរិត​យុត្ដិធម៌ ដោយ​មិន​លម្អៀង ត្រឹម​ត្រូវ​និង​ទៀង​ត្រង់​ចំពោះ​អ្នក​ឯ​ទៀត។ (​លេវី. ១៩:១៥; អេ. ១:១៧; ហេ. ១៣:១៨​) ពេល​យើង​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​អ្នក​ឯ​ទៀត នេះ​ប្រហែល​ជា​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​យើង​វិញ​ដែរ។—ម៉ាថ. ៧:១២

​«​ស្រឡាញ់​សេចក្ដី​សប្បុរស​»។ ព្រះ​សុំ​ឲ្យ​យើង​មិន​គ្រាន់​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស។ ពាក្យ​ភាសា​ហេប្រឺ (​cheʹsedh​) ដែល​បក​ប្រែ​ថា​«​សេចក្ដី​សប្បុរស​»​ក៏​អាច​បក​ប្រែ​ថា​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​ដែរ។ អ្នក​ជំនាញ​ម្នាក់​ខាង​គម្ពីរ​និយាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​សប្បុរស គឺ​ជា​សេចក្ដី​បក​ប្រែ​ដែល​មាន​ចំណុច​ខ្វះ​ខាត​នៃ​ពាក្យ(​cheʹsedh​)។ គឺ​គុណ​សម្បត្ដិ​ទាំង​អស់​នេះ​រួម​គ្នា មិន​មែន​គុណ​សម្បត្ដិ​ណា​មួយ​ក្នុង​ចំណោម​គុណ​សម្បត្ដិ​ទាំង​នេះ​ទេ​»។ បើ​យើង​ស្រឡាញ់​សេចក្ដី​សប្បុរស នោះ​យើង​ស្ម័គ្រ​ចិត្ត​បង្ហាញ​សេចក្ដី​សប្បុរស ព្រោះ​យើង​សប្បាយ​ចិត្ត​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ ជា​លទ្ធផល យើង​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ។—សកម្ម. ២០:៣៥

​«​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាប​ទាប​»។ ក្នុង​គម្ពីរ ពាក្យ​«​ដើរ​»​មាន​ន័យ​ថា​«​ប្រព្រឹត្ត​អ្វី​មួយ​»។ យើង​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​ប្រព្រឹត្ត​អ្វី​ដែល​លោក​បាន​បញ្ជាក់​នៅ​ក្នុង​គម្ពីរ។ យើង​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ​ដោយ​«​សុភាព​រាប​ទាប​»។ ហេតុ​អ្វី? ពេល​យើង​សុភាព​រាប​ទាប​នៅ​មុខ​ព្រះ នោះ​យើង​ទទួល​ស្គាល់​ឋានៈ​របស់​លោក ហើយ​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​យើង។ ដូច្នេះ ‹ដើរ​ដោយ​សុភាព​រាប​ទាប›មាន​ន័យ​ថា​ទទួល​ស្គាល់​ការ​ពិត​អំពី​អ្វី​ដែល​លោក​តម្រូវ​ពី​យើង​និង​អំពី​អ្វី​ដែល​យើង​អាច​ជូន​លោក។

ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​លើស​ពី​អ្វី​ដែល​យើង​អាច​ជូន​លោក​ទេ។ លោក​ពេញ​ចិត្ត​នឹង​យើង ពេល​យើង​បម្រើ​លោក​អស់​ពី​សមត្ថភាព។ (​កូឡ. ៣:២៣​) លោក​យល់​អំពី​កម្រិត​សមត្ថភាព​របស់​យើង។ (​ទំនុក. ១០៣:១៤​) ពេល​យើង​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​យើង នោះ​យើង​អាច​មាន​អំណរ​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​លោក។ តើ​អ្នក​ចង់​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​ចាប់​ផ្ដើម​ដើរ​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? សូម​ចាំ​ថា បើ​អ្នក​ដើរ​ជា​មួយ​នឹង​លោក នោះ​លោក​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​បរិបូរ។—សុភ. ១០:២២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក