ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែឧសភា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៨:៣៤
ប្រគល់ខ្លួនឲ្យព្រះ: ឬ«លែងធ្វើជាម្ចាស់លើខ្លួនឯង»។ នេះបញ្ជាក់អំពីបុគ្គលម្នាក់ដែលសុខចិត្តលះបង់បំណងប្រាថ្នារបស់ខ្លួនទាំងស្រុង។ ឃ្លាភាសាក្រិចនេះអាចបកប្រែថា«គាត់មិនត្រូវធ្វើតាមចិត្តខ្លួន» ដែលនេះគឺសមត្រឹមត្រូវ ដោយសារនេះអាចរួមបញ្ចូលការតាំងចិត្តមិនធ្វើតាមបំណងប្រាថ្នា និងគោលដៅផ្ទាល់ខ្លួន ហើយក៏មិនគិតពីភាពស្រណុកសុខស្រួលរបស់ខ្លួន។ (២កូ. ៥:១៤, ១៥) ម៉ាកុសបានប្រើកិរិយាសព្ទភាសាក្រិចដូចគ្នាពេលរៀបរាប់អំពីការដែលពេត្រុសបដិសេធមិនទទួលស្គាល់លោកយេស៊ូ។—ម៉ាក. ១៤:៣០, ៣១, ៧២
w៩២-E ១/៨ ទំ. ១៧ វ. ១៤
តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការរត់ប្រណាំងដើម្បីឲ្យបានជីវិត?
១៤ លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ទៅកាន់អ្នកកាន់តាមលោកនិងអ្នកឯទៀតថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ (ឬ«គាត់មិនត្រូវធ្វើតាមចិត្តខ្លួន» ឆាល វីល្លាម) រួចលីបង្គោលទារុណកម្មរបស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ»។ (ម៉ាក. ៨:៣៤) ពេលយើងទទួលការអញ្ជើញនេះ យើងត្រូវត្រៀមខ្លួនធ្វើដូច្នេះ«ជាដរាប» មិនមែនដោយសារការលះបង់ប្រយោជន៍ខ្លួននាំឲ្យមានគុណបំណាច់អ្វីទេ តែដោយសារអ្វីដែលយើងធ្វើកន្លងមកអាចរលាយអស់ បើយើងភ្លេចខ្លួនតែម្ដង។ ការរីកចម្រើនខាងជំនឿគឺយឺត តែការបាត់បង់ជំនឿគឺលឿន បើយើងមិនប្រុងប្រយ័ត្នជានិច្ចទេ។
ថ្ងៃទី១៤-២០ ខែឧសភា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ៩:៧
សំឡេងមួយ: ឧទាហរណ៍ទីពីរក្នុងចំណោមឧទាហរណ៍បីនៃសៀវភៅដំណឹងល្អទាំងបួនដែលប្រាប់ថាព្រះយេហូវ៉ាដូចជាមានប្រសាសន៍ដោយផ្ទាល់ទៅកាន់មនុស្សជាតិ។—ម៉ាក. ១:១១; យ៉ូន. ១២:២៨
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១០:១៧, ១៨
លោកគ្រូល្អ: បុរសនោះទំនងជាប្រើពាក្យ«លោកគ្រូល្អ»ជាពាក្យបញ្ចើចបញ្ចើនិងជាងារឋានន្តរ ដោយសារធម្មតាពួកអ្នកដឹកនាំសាសនាទាមទារកិត្ដិយសបែបនេះ។ លោកយេស៊ូមិនជំទាស់ទេចំពោះការហៅត្រឹមត្រូវជា«លោកគ្រូ»និង«លោកម្ចាស់» (យ៉ូន. ១៣:១៣) តែលោកផ្ដល់កិត្ដិយសទាំងអស់ទៅបិតារបស់លោក។
ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ: នៅទីនេះ លោកយេស៊ូទទួលស្គាល់ថាព្រះយេហូវ៉ាគឺល្អបំផុត ហើយជាបុគ្គលដែលមានសិទ្ធិសម្រេចថាអ្វីល្អអ្វីអាក្រក់។ អាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះដោយបរិភោគផ្លែពីដើមដឹងខុសត្រូវ ដោយធ្វើដូច្នេះពួកគេចង់ដណ្ដើមយកសិទ្ធនោះដោយខ្លួនឯង។ ខុសពីពួកគេ ដោយចិត្តរាបទាបលោកយេស៊ូទុកឲ្យបិតារបស់លោកជាអ្នកកំណត់ខ្នាតតម្រាវិញ។ ព្រះបានបង្រៀនយើងអំពីខ្នាតតម្រារបស់លោកតាមរយៈច្បាប់និងគោលការណ៍ដែលមានក្នុងបណ្ដាំរបស់លោក។—ម៉ាក. ១០:១៩
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១០:៤, ១១
លិខិតលែងលះ: ដោយតម្រូវបុរសម្នាក់ដែលកំពុងគិតលែងលះប្រពន្ធ ឲ្យរៀបចំឯកសារតាមផ្លូវច្បាប់ ហើយទំនងជាតម្រូវឲ្យគាត់ពិភាក្សាជាមួយនឹងពួកអ្នកចាស់ទុំ ច្បាប់បានទុកពេលឲ្យគាត់ពិចារណាឡើងវិញអំពីការសម្រេចចិត្តដ៏ធ្ងន់ធ្ងរបែបនេះ។ តាមមើលទៅ គោលបំណងនៃច្បាប់គឺដើម្បីរារាំងការលែងលះដោយប្រញាប់ប្រញាល់និងដើម្បីផ្ដល់ឲ្យស្ត្រីនូវការការពារតាមផ្លូវច្បាប់មួយកម្រិត។ (ចោ ២៤:១) ប៉ុន្តែនៅសម័យលោកយេស៊ូ អ្នកដឹកនាំសាសនាបានធ្វើឲ្យបណ្ដាជនងាយស្រួលទទួលការលែងលះគ្នា។ ប្រវត្ដិវិទូនៅសតវត្សរ៍ទី១ឈ្មោះយ៉ូសេហ្វឺស ដែលខ្លួនគាត់ជាអ្នកដែលបានលះលែងប្រពន្ធ បានឲ្យយោបល់ថាការលែងលះគ្នាបានត្រូវអនុញ្ញាត«ដោយមានមូលហេតុណាមួយ» (ហើយបុរសច្រើនតែមានមូលហេតុបែបនេះ)។
ការលែងលះប្រពន្ធ: យើងត្រូវយល់ពាក្យរបស់លោកយេស៊ូដែលម៉ាកុសបានកត់ទុក ដោយគិតអំពីអ្វីដែលម៉ាថ. ១៩:៩បានចែងយ៉ាងពេញលេញជាងដែលរួមទាំងឃ្លា«មិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ អ្វីដែលម៉ាកុសបានសរសេរដោយដកស្រង់ពាក្យលោកយេស៊ូស្តីអំពីការលែងលះ មានប្រសិទ្ធភាព បើមូលហេតុដើម្បីទទួលបានការលែងលះគឺគ្មានអ្វីក្រៅពី«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»(ពាក្យក្រិច ផូនៀ)ដែលគូអាពាហ៍ពិពាហ៍មិនស្មោះត្រង់បានប្រព្រឹត្ត។
ជាអ្នកផិតក្បត់: ក្នុងឃ្លានេះលោកយេស៊ូបដិសេធសេចក្ដីបង្រៀនរបស់គ្រូបង្រៀនសាសនាយូដាដែលអនុញ្ញាតឲ្យបុរសលែងលះប្រពន្ធ«ដោយមូលហេតុអ្វីក៏ដោយ»។ (ម៉ាថ. ១៩:៣, ៩) ជនជាតិយូដាភាគច្រើនមិនមានគំនិតផិតក្បត់ប្រពន្ធទេ។ គ្រូបង្រៀនសាសនាបានបង្រៀនពួកគេថាប្ដីមិនអាចផិតក្បត់ប្រពន្ធឡើយ ពោលគឺមានតែប្រពន្ធប៉ុណ្ណោះទើបអាចមិនស្មោះត្រង់។ ដោយដាក់ឲ្យប្ដីមានកាតព្វកិច្ចខាងសីលធម៌ដូចប្រពន្ធ នោះលោកយេស៊ូផ្ដល់កិត្ដិយសឲ្យប្រពន្ធ ហើយលើកតម្កើងឋានៈរបស់នាង។
ថ្ងៃទី២១-២៧ ខែឧសភា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១២:៤១, ៤២
ប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់: ប្រភពពីជនជាតិយូដាសម័យបុរាណនិយាយថាប្រអប់វិភាគទានទាំងនោះមានរាងដូចជាត្រែឬស្នែង ទំនងជាមានប្រហោងតូចនៅខាងលើ។ មនុស្សដាក់ប្រាក់វិភាគទានក្នុងប្រដាប់ដាក់កាក់ទាំងនោះ។ ពាក្យភាសាក្រិចដែលបានត្រូវប្រើនៅទីនេះក៏មាននៅយ៉ូន. ៨:២០ ដែលអាចបកប្រែថា«ឃ្លាំងប្រាក់»។ ពាក្យនោះទំនងជាសំដៅលើកន្លែងមួយដែលមានទីតាំងនៅក្នុងទីលានស្ត្រី (សូមមើលការពន្យល់បន្ថែមនៅម៉ាថ. ២៧:៦ និងសៀវភៅជំនួយសិក្សាផ្នែកទី១៥)។ យោងទៅតាមឯកសាររបស់អ៊ីស្រាអែល ប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់ចំនួន១៣បានត្រូវដាក់នៅក្បែរជញ្ជាំងក្នុងទីលាននោះ។ គេជឿថាមានឃ្លាំងប្រាក់មួយនៅក្នុងវិហារនោះ ដែលគេយកប្រាក់ពីប្រដាប់ដាក់កាក់នៅទីលានស្ត្រីទៅដាក់នៅទីនោះ។
កាក់ពីរ: ន័យត្រង់«ពីរឡិបតា» ជាទម្រង់ពហុវចនៈនៃពាក្យភាសាក្រិចនេះ (le·ptonʹ) ដែលមានន័យថាអ្វីតូចនិងស្តើង។ ឡិបតុនគឺជាកាក់ដែលមានតម្លៃស្មើនឹង១/១២៨នៃមួយឌីណារី ហើយទំនងជាកាក់ស្ពាន់ឬទង់ដែងដែលតូចជាងគេ ដែលគេប្រើនៅស្រុកអ៊ីស្រាអែល។—សូមមើលសៀវភៅជំនួយសិក្សាផ្នែកទី១៨ខ
តម្លៃតិចណាស់: ន័យត្រង់«ខ្វាដ្រាន»។ ពាក្យក្រិចនេះ (ko·dranʹtes) (ពីពាក្យភាសាឡាតាំងខ្វាដ្រាន) សំដៅលើកាក់ស្ពាន់ឬទង់ដែងរបស់រ៉ូមដែលមានតម្លៃ១/៦៤នៃមួយឌីណារី។ នៅទីនេះម៉ាកុសប្រើលុយរបស់រ៉ូមដើម្បីពន្យល់អំពីតម្លៃនៃកាក់ជាទូទៅដែលពួកយូដាប្រើ។—សូមមើលសៀវភៅជំនួយសិក្សាផ្នែកទី១៨ខ
w៨៧-E ១/១២ ទំ. ៣០ វ. ១
តើអ្នកឲ្យដោយអស់ពីចិត្តឬទេ?
មានមេរៀនជាច្រើនដែលយើងអាចទាញពីកំណត់ហេតុនេះ។ ប្រហែលជាមានចំណុចលេចធ្លោបំផុតមួយគឺថាយើងទាំងអស់គ្នាមានឯកសិទ្ធិគាំទ្រការគោរពប្រណិប័តន៍ពិតតាមរយៈទ្រព្យសម្បត្ដិរបស់យើង អ្វីដែលព្រះពិតជាឲ្យតម្លៃខ្លាំងនោះគឺមិនមែនការឲ្យអ្វីដែលយើងមិនត្រូវការនោះទេ តែគឺការឲ្យអ្វីដែលមានតម្លៃចំពោះយើង។ ក្នុងន័យម្យ៉ាងទៀត តើយើងឲ្យអ្វីដែលសល់ឬទេ? ឬតើយើងឲ្យដោយលះបង់?
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១១:១៧
កន្លែងសម្រាប់ឲ្យប្រជាជាតិទាំងអស់មកអធិដ្ឋាន: ក្នុងចំណោមអ្នកសរសេរសៀវភៅដំណឹងល្អទាំងបួនដែលដកស្រង់អេ. ៥៦:៧ ក្នុងភាសាដើម មានតែម៉ាកុសប៉ុណ្ណោះដែលរួមបញ្ចូលឃ្លា«ប្រជាជាតិទាំងអស់[មនុស្ស]»។ (ម៉ាថ. ២១:១៣; លូក. ១៩:៤៦) វិហារក្នុងក្រុងយេរូសាឡិមគឺជាកន្លែងដែលជនជាតិអ៊ីស្រាអែលនិងជនបរទេសដែលកោតខ្លាចព្រះ អាចគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងអធិដ្ឋានដល់លោក។ (១ព. ៨:៤១-៤៣) គឺជាការសមត្រឹមត្រូវដែលលោកផ្ដន្ទាទោសពួកយូដាដែលប្រើវិហាររបស់ព្រះជាកន្លែងជួញដូរ ពោលគឺយកធ្វើជាសម្បុកចោរ។ ដោយសារការប្រព្រឹត្តរបស់ពួកគេ ប្រជាជាតិនានាមិនសូវចង់មកកន្លែងគោរពបូជាសម្រាប់អធិដ្ឋានទៅព្រះយេហូវ៉ា ហេតុនោះប្រជាជាតិទាំងនោះខកខានឱកាសមកស្គាល់លោក។
ថ្ងៃទី២៨ ខែឧសភា–ថ្ងៃទី៣ ខែមិថុនា
ia-E ទំ. ២០០ វ. ១៤
គាត់បានរៀនអភ័យទោសពីលោកម្ចាស់
១៤ ទីបំផុត ដោយប្រុងប្រយ័ត្នពេត្រុសបានទៅដល់ខ្លោងទ្វារធំបំផុតមួយក្នុងក្រុងយេរូសាឡិម។ នោះគឺជាផ្ទះរបស់កៃផាសដែលជាសម្ដេចសង្ឃដ៏ស្តុកស្តម្ភនិងមានអំណាច។ ធម្មតា ផ្ទះបែបនោះបានត្រូវសង់នៅបរិវេណទីធ្លា ដែលមានទ្វារនៅខាងមុខ។ ពេត្រុសបានទៅដល់មាត់ទ្វារ ហើយមិនព្រមចូលក្នុងទេ។ យ៉ូហានដែលស្គាល់សម្ដេចសង្ឃនិងនៅខាងក្នុងរួចហើយ បានមកជួបអ្នកយាមទ្វារដើម្បីឲ្យពេត្រុសចូលមកខាងក្នុងដែរ។ តាមមើលទៅពេត្រុសមិនបាននៅជាប់នឹងយ៉ូហានទេ ហើយគាត់ក៏មិនបានព្យាយាមចូលក្នុងផ្ទះនោះដើម្បីនៅក្បែរម្ចាស់របស់គាត់ដែរ។ ពេត្រុសបាននៅបរិវេណទីធ្លា ជាកន្លែងដែលខ្ញុំបម្រើនិងអ្នកបម្រើខ្លះមកសម្រាកនៅពេលយប់ដើម្បីអាំងភ្លើង នៅទីនោះគាត់អាចឃើញសាក្សីក្លែងក្លាយដែលប្រឆាំងលោកយេស៊ូចេញចូលពេលគេកំពុងវិនិច្ឆ័យក្ដីនៅខាងក្នុង។—ម៉ាក. ១៤:៥៤-៥៧; យ៉ូន. ១៨:១៥, ១៦, ១៨
it-2-E ទំ. ៦១៩ វ. ៦
ពេត្រុស
ពេត្រុសអាចចូលទីធ្លាផ្ទះនោះបាន ដោយសារមានជំនួយពីអ្នកកាន់តាមម្នាក់ទៀត ដែលទំនងជាដើរតាមឬរួមដំណើរជាមួយគាត់ដើម្បីទៅផ្ទះរបស់សម្ដេចសង្ឃ។ (យ៉ូន. ១៨:១៥, ១៦) គាត់មិនបាននៅស្ងៀមនៅកន្លែងងងឹតមួយទេ តែគាត់បានចូលក្នុងទីធ្លាផ្ទះហើយអាំងភ្លើង។ ដោយសារពន្លឺភ្លើង គេអាចមើលគាត់ស្គាល់ថាជាអ្នកដើរជាមួយលោកយេស៊ូ។ ម្យ៉ាងទៀត របៀបដែលគាត់និយាយជាអ្នកស្រុកកាលីឡេក៏ធ្វើឲ្យគេកាន់តែសង្ស័យ។ ដោយសារគេចោទប្រកាន់គាត់ ពេត្រុសបានបដិសេធបីដងថាមិនស្គាល់លោកយេស៊ូ នៅទីបំផុតគាត់បានដាក់បណ្ដាសាខ្លួនឯង។ មាន់នៅក្នុងក្រុងបានរងាវពីរដង ហើយលោកយេស៊ូបាន«បែរទៅមើលពេត្រុស»។ រួចពេត្រុសក៏ចេញទៅក្រៅ ហើយយំនឹកស្ដាយជាខ្លាំង។ (ម៉ាថ. ២៦:៦៩-៧៥; ម៉ាក. ១៤:៦៦-៧២; លូក. ២២:៥៤-៦២; យ៉ូន. ១៨:១៧, ១៨) ទោះជាយ៉ាងនេះក្ដី អ្វីដែលលោកយេស៊ូបានអធិដ្ឋានដើម្បីពេត្រុសបានត្រូវឆ្លើយតប ហើយពេត្រុសមិនបានបាត់បង់ជំនឿទាំងស្រុងទេ។—លូក. ២២:៣១, ៣២