ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែមេសា
w០០-E ១៥/៧ ទំ. ៣១ វ. ២
អ្នកអាចរក្សាខ្លួនឲ្យស្អាតស្អំក្នុងពិភពលោកដែលប្រាសចាកសីលធម៌
មនុស្សវ័យក្មេងមិនគួរប្រញាប់រៀបការពេលដែលពួកគេចាប់ផ្ដើមមានចំណង់ផ្លូវភេទទេ។ ការរៀបការតម្រូវឲ្យតាំងចិត្តនៅស្មោះត្រង់នឹងគ្នា ហើយការធ្វើដូច្នេះតម្រូវឲ្យមានភាពចាស់ទុំ។ (លោ. ២:២៤) គឺជាការប្រសើរជាងឲ្យចាំរហូតដល់«មិនក្មេងពេក» ព្រោះបុគ្គលដែលក្មេងពេកមានអារម្មណ៍ខ្លាំងខាងផ្លូវភេទ ហើយអារម្មណ៍នោះអាចមានឥទ្ធិពលលើរបៀបគិតគូររបស់គាត់។ (១កូ. ៧:៣៦) គឺជាការមិនឈ្លាសវៃសោះនិងជាការខុសពេលមនុស្សពេញវ័យម្នាក់ដែលចង់រៀបការ ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គ្រាន់តែដោយសារគាត់មិនអាចរកដៃគូអាពាហ៍ពិពាហ៍បាននោះ។
ថ្ងៃទី៨-១៤ ខែមេសា
w១៥-E ១៥/២ ទំ. ៣០
សំណួរពីអ្នកអាន
តើស្ត្រីដែលជាអ្នកផ្សាយអំពីរាជាណាចក្រត្រូវពាក់អ្វីលើក្បាលឬទេ ប្រសិនបើនាងដឹកនាំការសិក្សាគម្ពីរពេលដែលមានអ្នកផ្សាយប្រុសនៅជាមួយ?
▪ អត្ថបទមួយនៃ«សំណួរពីអ្នកអាន»ដែលបានត្រូវចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០២ ជាភាសាអង់គ្លេស បានរៀបរាប់ថាបងប្អូនស្រីគួរពាក់អ្វីលើក្បាល ប្រសិនបើនាងដឹកនាំការសិក្សាគម្ពីរពេលដែលមានអ្នកផ្សាយប្រុសនៅជាមួយ ទោះជាអ្នកផ្សាយប្រុសនោះទទួលការជ្រមុជទឹករួចហើយឬមិនទាន់ក្ដី។ ប៉ុន្តែរឿងនេះបានត្រូវគិតពិចារណាថែមទៀត ដូច្នេះគឺសមត្រឹមត្រូវឲ្យកែសម្រួលការណែនាំនេះ។
បើបងស្រីដែលកំពុងដឹកនាំការសិក្សាគម្ពីរនៅជាមួយអ្នកផ្សាយប្រុសដែលបានទទួលការជ្រមុជទឹករួចហើយ បងស្រីនោះគួរពាក់អ្វីលើក្បាលរបស់នាង។ តាមរបៀបនេះនាងបង្ហាញការគោរពចំពោះការរៀបចំរបស់ព្រះយេហូវ៉ាអំពីប្រមុខភាពក្នុងក្រុមជំនុំគ្រិស្តសាសនិក ដោយសារនាងកំពុងបំពេញតួនាទីមួយដែលតាមធម្មតាជាតួនាទីរបស់បុរសគ្រិស្តសាសនិក។ (១កូ. ១១:៥, ៦, ១០) នាងក៏អាចសុំបងប្រុសនោះឲ្យដឹកនាំការសិក្សាគម្ពីរវិញ បើគាត់មានគុណសម្បត្ដិគ្រប់គ្រាន់និងអាចធ្វើបាន។
មួយវិញទៀត បើបងស្រីម្នាក់ដឹកនាំការសិក្សា ហើយនាងនៅជាមួយបុរសជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក និងដែលមិនមែនជាប្ដីនាង នោះគ្មានបទគម្ពីរដែលតម្រូវឲ្យនាងពាក់អ្វីលើក្បាលទេ។ យ៉ាងណាក្ដី សមត្ថភាពវិនិច្ឆ័យរបស់បងស្រីខ្លះប្រហែលជាជំរុញពួកគាត់ឲ្យពាក់អ្វីលើក្បាល ទោះជាក្នុងស្ថានភាពបែបនោះក៏ដោយ។
ថ្ងៃទី២២-២៨ ខែមេសា
w១២-E ១/៩ ទំ. ៩; ប្រអប់
តើសាវ័កប៉ូលបានហាមស្ត្រីមិនឲ្យនិយាយឬ?
សាវ័កប៉ូលបានសរសេរថា៖ «ចូរឲ្យពួកស្ត្រីនៅស្ងៀមក្នុងក្រុមជំនុំ»។ (១កូ. ១៤:៣៤) តើគាត់ចង់មានន័យយ៉ាងណា? តើគាត់មើលងាយពួកគេឬ? មិនមែនទេ! តាមពិត គាត់ច្រើនតែនិយាយអំពីការបង្រៀនដ៏ល្អរបស់ស្ត្រី។ (២ធី. ១:៥; ទីត. ២:៣-៥) ក្នុងសំបុត្ររបស់គាត់ទៅក្រុមជំនុំកូរិនថូស ប៉ូលបានផ្ដល់ឱវាទមិនគ្រាន់តែសម្រាប់ស្ត្រីប៉ុណ្ណោះទេ តែក៏សម្រាប់បុគ្គលម្នាក់ៗដែលទទួលអំណោយនិយាយភាសាផ្សេងនិងប្រកាសទំនាយ ឱវាទនោះគឺឲ្យ«នៅស្ងៀម»ពេលដែលអ្នកជឿឯទៀតកំពុងនិយាយ។ (១កូ. ១៤:២៦-៣០, ៣៣) ស្ត្រីគ្រិស្តសាសនិកខ្លះទំនងជារំភើបចិត្តពេកនឹងជំនឿថ្មីរបស់ពួកគេបានជាពួកគេសួរសំណួរផ្សេងៗកាត់អ្នកថ្លែង។ ពេលនោះ ការធ្វើដូច្នេះគឺជាទំនៀមទម្លាប់មួយ។ ដើម្បីជៀសវាងការខ្វះសណ្ដាប់ធ្នាប់ដូចនេះ ប៉ូលបានលើកទឹកចិត្តពួកគេឲ្យ«សួរប្ដីពេលនៅផ្ទះវិញ»។—១កូ. ១៤:៣៥
it-1-E ទំ. ១១៩៧-១១៩៨
ការមិនអាចខូចរលួយ
អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញដូចលោក មិនគ្រាន់តែមានជីវិតដែលគ្មានទីបញ្ចប់ជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌ប៉ុណ្ណោះទេ តែមានជីវិតអមតៈនិងមិនអាចខូចទៅ។ ពួកគាត់បានបម្រើព្រះយ៉ាងស្មោះត្រង់ និងបានស្លាប់កាលដែលនៅមានរូបកាយដែលអាចខូចទៅ ក្រោយមកពួកគាត់ទទួលរូបកាយវិញ្ញាណដែលមិនអាចខូចទៅ ដូចប៉ូលបាននិយាយយ៉ាងច្បាស់នៅកូរិនថូសទី១ ១៥:៤២-៥៤។ ដូច្នេះ ជីវិតអមតៈសំដៅលើជីវិតដែលមិនចេះស្លាប់និងមិនអាចបំផ្លាញបាន។ តាមមើលទៅ ការមិនអាចខូចរលួយសំដៅលើរូបកាយដែលព្រះផ្ដល់ឲ្យពួកគាត់ គឺរូបកាយដែលមិនអាចខូចរលួយឬមិនអាចបំផ្លាញបាន។ ហេតុនេះ ព្រះទំនងជាផ្ដល់ឲ្យពួកគាត់នូវថាមពលដើម្បីទ្រទ្រង់ជីវិតខ្លួនឯង។ មិនដូចមនុស្ស សត្វ និងបុគ្គលវិញ្ញាណឯទៀត ពួកគាត់មិនត្រូវការពឹងផ្អែកទៅលើប្រភពនៃថាមពលផ្សេងទៀតទេ។ នេះជាភ័ស្តុតាងដ៏អស្ចារ្យអំពីទំនុកចិត្តរបស់ព្រះទៅលើពួកគាត់។ ទោះជាយ៉ាងនេះក្ដី ការមានជីវិតប្រភេទនេះមិនមែនមានន័យថាពួកគាត់មិននៅក្រោមការគ្រប់គ្រងរបស់ព្រះទេ។ ដូចលោកយេស៊ូគ្រិស្តដែលជាប្រមុខរបស់ពួកគាត់ នោះពួកគាត់ក៏បន្តចុះចូលចំពោះបិតារបស់ពួកគាត់ក្នុងការធ្វើតាមបំណងប្រាថ្នានិងការណែនាំរបស់លោក។—១កូ. ១៥:២៣-២៨
ថ្ងៃទី២៩ ខែមេសា–ថ្ងៃទី៥ ខែឧសភា
w១៦.០៤-E ទំ. ៣២
សំណួរពីអ្នកអាន
តើអ្វីជា«ការបញ្ចាំចិត្ត»និង‹ការបោះត្រា›ដែលគ្រិស្តសាសនិកម្នាក់ៗដែលបានត្រូវរើសតាំងទទួលពីព្រះ?—២កូ. ១:២១, ២២
▪ ការបញ្ចាំចិត្ត: យោងទៅតាមឯកសារមួយ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ការបញ្ចាំចិត្ត»នៅកូរិនថូសទី២ ១:២២ គឺជា«ពាក្យច្បាប់និងពាក្យជំនួញ»មានន័យថា«កក់ថ្លៃទំនិញទុកជាមុន និងផ្ដល់សិទ្ធិស្របច្បាប់ដល់ម្ចាស់ទំនិញ ឬធ្វើកិច្ចសន្យាដែលមានសុពលភាព»។ ចំពោះគ្រិស្តសាសនិកដែលព្រះបានរើសតាំងនឹងទទួលរង្វាន់ពេញលេញរបស់ពួកគាត់ដូចដែលបានត្រូវរៀបរាប់នៅកូរិនថូសទី២ ៥:១-៥ ដែលចែងថាពួកគាត់នឹងទទួលរូបកាយដែលមិនអាចខូចទៅនៅស្ថានសួគ៌។ រង្វាន់ក៏រួមបញ្ចូលការទទួលអំណោយជាជីវិតអមតៈ។—១កូ. ១៥:៤៨-៥៤
ក្នុងភាសាក្រិចបច្ចុប្បន្ន ពាក្យដែលជាប់ទាក់ទងនឹងពាក្យនោះបានត្រូវប្រើសម្រាប់ចិញ្ចៀនភ្ជាប់ពាក្យ។ នេះជាឧទាហរណ៍ដ៏សាកសមសម្រាប់ពួកអ្នកដែលនឹងទៅជាប្រពន្ធក្នុងន័យធៀបរបស់គ្រិស្ត។—២កូ. ១១:២; បប. ២១:២, ៩
▪ ការបោះត្រា: នៅសម័យមុន ការបោះត្រាបានត្រូវប្រើជាសញ្ញាសម្គាល់ដើម្បីបញ្ជាក់អំពីកម្មសិទ្ធិ ភាពត្រឹមត្រូវ ឬកិច្ចព្រមព្រៀង។ ចំពោះគ្រិស្តសាសនិកដែលបានត្រូវរើសតាំង ពួកគាត់បានត្រូវ«បោះត្រា»ក្នុងន័យធៀបដោយសកម្មពលបរិសុទ្ធដើម្បីទៅជាទ្រព្យរបស់ព្រះ។ (អេភ. ១:១៣, ១៤) ប៉ុន្តែការបោះត្រានេះមិនមែនជាការបោះត្រាជាលើកចុងក្រោយនោះទេ ដោយសារការបោះត្រាជាលើកចុងក្រោយនឹងត្រូវធ្វើឡើងបន្ដិចមុនបុគ្គលស្មោះត្រង់នោះស្លាប់ ឬក៏បន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។—អេភ. ៤:៣០; បប. ៧:២-៤
w១០-E ១/៨ ទំ. ២៣
តើលោកអ្នកដឹងឬទេ?
តើសាវ័កប៉ូលប្រហែលជាសំដៅទៅលើអ្វី ពេលគាត់បាននិយាយអំពី«ការហែក្បួនអបអរជ័យជម្នះ»?
▪ ប៉ូលបានសរសេរថា៖ «ព្រះ . . . នាំមុខយើងទាំងអស់គ្នាក្នុងការហែក្បួនអបអរជ័យជម្នះ ជាមួយនឹងគ្រិស្ត ហើយក៏ផ្សាយក្លិននៃចំណេះអំពីលោកដល់គ្រប់ទីកន្លែងតាមរយៈយើង។ ព្រោះចំពោះព្រះ យើងជាក្លិនក្រអូបនៃដំណឹងអំពីគ្រិស្តក្នុងចំណោមពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ និងក្នុងចំណោមពួកអ្នកដែលកំពុងវិនាស។ ចំពោះពួកអ្នកដែលកំពុងវិនាស នោះជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅដល់សេចក្ដីស្លាប់ តែចំពោះពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅដល់ជីវិត»។—២កូ. ២:១៤-១៦
សាវ័កប៉ូលកំពុងសំដៅលើទំនៀមទម្លាប់របស់ពួករ៉ូមអំពីការហែក្បួនដើម្បីលើកកិត្ដិយសមេទ័ពចំពោះជ័យជម្នះរបស់គាត់លើសត្រូវរបស់ប្រទេសជាតិ។ នៅក្នុងព្រឹត្ដិការណ៍បែបនោះ ជ័យភណ្ឌនិងពួកឈ្លើយសឹកបានត្រូវហែបង្ហាញជាសាធារណៈ ហើយគោឈ្មោលបានត្រូវយកទៅបូជានៅពេលដែលបណ្ដាជនអបអរសរសើរមេទ័ពនិងកងទ័ពរបស់គាត់ដែលបានទទួលជ័យជម្នះ។ នៅចុងបញ្ចប់នៃការហែក្បួននេះ គោឈ្មោលបានត្រូវបូជា ហើយឈ្លើយសឹកជាច្រើននាក់ទំនងជាត្រូវគេប្រហារជីវិត។
ពាក្យ«ក្លិនក្រអូបនៃដំណឹងអំពីគ្រិស្ត»មានន័យថាមនុស្សខ្លះបានជ័យជម្នះនិងមានជីវិតគង់នៅ ហើយមនុស្សខ្លះទៀតនឹងស្លាប់។ យោងទៅតាមឯកសារយោងមួយ ពាក្យនេះគឺ«ទំនងជាសំដៅលើទំនៀមទម្លាប់របស់ពួករ៉ូមដែលដុតគ្រឿងក្រអូបនៅតាមផ្លូវដែលកំពុងហែក្បួន។ ក្លិនក្រអូបដែលជាតំណាងជ័យជម្នះរំលឹកពួកឈ្លើយសឹកថា ពួកគេប្រហែលជានឹងត្រូវគេប្រហារជីវិត»។ (The International Standard Bible Encyclopedia)