ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែឧសភា
w១៤-E ១/៨ ទំ. ១២-១៣
‹សូមស្ដាប់សុបិននេះសិន›
យើងយល់មូលហេតុដែលពួកបងៗរបស់យ៉ូសែបមានចិត្តច្រណែន។ ប៉ុន្តែ នេះមិនប្រកបដោយប្រាជ្ញាទេ ដែលពួកគេមានគំនិតបែបនោះ។ (សុភាសិត ១៤:៣០; ២៧:៤) ពេលអ្នកណាម្នាក់ទទួលការយកចិត្តទុកដាក់ ឬកិត្តិយសដែលអ្នកចង់បាន តើអ្នកធ្លាប់ច្រណែនទេ? ចូរនឹកឃើញពីពួកបងៗរបស់យ៉ូសែប។ ការច្រណែនរបស់ពួកគេនាំឲ្យពួកគេធ្វើអ្វីៗដែលពួកគេស្ដាយក្រោយយ៉ាងខ្លាំង។ គំរូរបស់ពួកគេរំលឹកគ្រិស្តសាសនិកថាគឺប្រសើរជាងឲ្យយើង«អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ»។—រ៉ូម ១២:១៥
យ៉ូសែបដឹងច្បាស់អំពីអារម្មណ៍របស់ពួកបងៗគាត់។ ដូច្នេះ តើគាត់បានលាក់អាវវែងរបស់គាត់ ពេលពួកគេនៅជាមួយនឹងគាត់ឬ? គាត់ប្រហែលជាធ្លាប់គិតអំពីនោះ។ សូមចាំថា យ៉ាកុបបានឲ្យអាវវែងនោះដល់យ៉ូសែប ជាការបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គាត់។ យ៉ូសែបបានឲ្យតម្លៃទៅលើទំនុកចិត្តដែលឪពុកមានចំពោះគាត់ ដូច្នេះដោយចិត្តស្មោះត្រង់ គាត់បានពាក់អាវនោះ។ គាត់បានទុកគំរូល្អសម្រាប់យើង។ ទោះជាបិតារបស់យើងនៅស្ថានសួគ៌មិនចេះរើសមុខក្ដី តែពេលខ្លះលោកបានឲ្យឯកសិទ្ធិដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោកនិងបង្ហាញការពេញចិត្តចំពោះពួកគេ។ បន្ថែមទៅទៀត លោកសុំពួកគេឲ្យកាន់ជំហរ ខុសគ្នាពីមនុស្សក្នុងពិភពលោកនេះដែលខូចអាក្រក់និងប្រាសចាកសីលធម៌។ ដូចអាវវែងរបស់យ៉ូសែប ការប្រព្រឹត្តរបស់គ្រិស្តសាសនិកពិតធ្វើឲ្យពួកគេខុសពីមនុស្សឯទៀត។ ជួនកាល ការប្រព្រឹត្តបែបនេះនាំឲ្យអ្នកឯទៀតច្រណែន។ (ពេត្រុសទី១ ៤:៤) តើគ្រិស្តសាសនិកគួរលាក់អត្តសញ្ញាណពិតរបស់ខ្លួនជាអ្នកបម្រើព្រះឬ? អត់ទេ។—លូកា ១១:៣៣
w១៤-E ១/៨ ទំ. ១៣ វ. ២-៤
‹សូមស្ដាប់សុបិននេះសិន›
សុបិនទាំងនោះគឺមកពីព្រះយេហូវ៉ា។ សុបិនទាំងនោះជាទំនាយមួយ ហើយព្រះចង់ឲ្យយ៉ូសែបប្រាប់ដល់អ្នកឯទៀតពីទំនាយនោះ។ យ៉ូសែបបានធ្វើអ្វីដែលអ្នកប្រកាសទំនាយឯទៀតក្រោយមកបានធ្វើដែរ ពេលពួកគេប្រកាសអំពីដំណឹងរបស់ព្រះ។
យ៉ូសែបប្រាប់ទៅបងៗរបស់គាត់ថា៖ ‹សូមស្ដាប់សុបិនរបស់ខ្ញុំនេះសិន›។ ពួកបងៗរបស់គាត់យល់អត្ថន័យនៃសុបិននោះ ហើយពួកគេមិនពេញចិត្តទាល់តែសោះ។ ពួកបងៗឆ្លើយថា៖ «បើដូច្នេះឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ?»។ កំណត់ហេតុនេះក៏ប្រាប់ដែរថា៖ «ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្ដិនឹងពាក្យសំដីរបស់គាត់»។ ពេលយ៉ូសែបប្រាប់សុបិនទី២ដល់ឪពុកនិងពួកបងៗ ពួកគេកាន់តែមានប្រតិកម្មមិនល្អថែមទៀត។ យើងអានថា៖ «ឪពុកបន្ទោសថា៖ ‹ឯងបានយល់សប្ដិឃើញអ្វីដូច្នេះ តែត្រូវឲ្យអញនឹងម្ដាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ?›»។ ទោះជាយ៉ាងណាក៏ដោយ យ៉ាកុបបានកំណត់រឿងនោះទុកក្នុងចិត្ត។ គាត់បានគិតថា៖ ‹ប្រហែលព្រះយេហូវ៉ាកំពុងប្រាស្រ័យទាក់ទងជាមួយនឹងកូននេះហើយ›។—លោកុប្បត្តិ ៣៧:៦, ៨, ១០, ១១
មិនមានតែយ៉ូសែបប៉ុណ្ណោះទេដែលជាអ្នកបម្រើព្រះយេហូវ៉ាបានទទួលបង្គាប់ឲ្យប្រាប់ដំណឹងជាទំនាយដែលមនុស្សមិនចូលចិត្តស្ដាប់ ហើយនាំឲ្យមានការបៀតបៀន។ លោកយេស៊ូជាអ្នកប្រកាសទំនាយដ៏ល្អបំផុត លោកប្រាប់អ្នកកាន់តាមលោកថា៖ «ប្រសិនបើពួកគេបានបៀតបៀនខ្ញុំ នោះពួកគេនឹងបៀតបៀនអ្នករាល់គ្នាដែរ»។ (យ៉ូហាន ១៥:២០) គ្រិស្តសាសនិកទាំងអស់អាចរៀនយ៉ាងច្រើនពីជំនឿនិងចិត្តក្លាហានរបស់យុវជនយ៉ូសែប។
it-1-E ទំ. ៦៧៨
អេដំ
អេដំមានន័យថាក្រហម។
អេដំជាឈ្មោះមួយទៀតរបស់អេសាវដែលជាបងប្អូនភ្លោះជាមួយនឹងយ៉ាកុប។ (លោ. ៣៦:១) ឈ្មោះនេះបានត្រូវដាក់ឲ្យគាត់ដោយសារគាត់បានលក់សិទ្ធិកូនច្បងរបស់គាត់ដើម្បីសម្លសណ្ដែកក្រហម។ (លោ. ២៥:៣០-៣៤) គួរឲ្យចាប់អារម្មណ៍ អេសាវបានកើតមកដោយមានសម្បុរក្រហម (លោ. ២៥:២៥) ហើយទឹកដីដែលគាត់និងកូនចៅគាត់បានរស់នៅក៏មានពណ៌ស្រដៀងនោះដែរ។
it-1-E ទំ. ៥៦១-៥៦២
សិទ្ធិមើលថែរក្សា
ពេលគង្វាលម្នាក់និយាយថាគាត់នឹងឃ្វាលហ្វូងសត្វ នេះមានន័យថាគាត់បានទទួលភារកិច្ចស្របច្បាប់មើលថែសត្វទាំងនេះ។ គាត់ធានាដល់ម្ចាស់ថាគាត់នឹងផ្ដល់ចំណីដល់សត្វទាំងនោះ ហើយការពារមិនឲ្យគេលួចឡើយ។ បើមិនដូច្នោះទេ គង្វាលនឹងត្រូវសងថ្លៃដល់ម្ចាស់វិញ។ ប៉ុន្តែ បើមានអ្វីមួយកើតឡើងដែលហួសពីសមត្ថភាពរបស់គាត់ ដូចជាត្រូវសត្វព្រៃវាយប្រហារ នោះគង្វាលមិនចាំបាច់ទទួលខុសត្រូវទេ។ ទោះជាយ៉ាងនោះក៏ដោយ ដើម្បីរួចផុតពីការទទួលខុសត្រូវនោះ គាត់ត្រូវបង្ហាញភ័ស្តុតាងដល់ម្ចាស់របស់សត្វ ដូចជាសាកសពសត្វចៀមដែលត្រូវសត្វសាហាវហែកស៊ី។ ម្ចាស់ចៀមនឹងពិនិត្យមើលភ័ស្តុតាងនោះ ហើយនិយាយថាគង្វាលនោះគ្មានទោសទេ។
បងប្រុសច្បងបានទទួលសិទ្ធិមើលខុសត្រូវលើប្អូនប្រុសប្អូនស្រីរបស់ខ្លួន។ ដូច្នេះ យើងអាចយល់មូលហេតុដែលរូបេនជាកូនប្រុសច្បងបានបារម្ភអំពីជីវិតរបស់យ៉ូសែប ពេលដែលប្អូនប្រុសផ្សេងទៀតបាននិយាយថាចង់សម្លាប់យ៉ូសែប នៅលោកុប្បត្តិ ៣៧:១៨-៣០ «គាត់និយាយថា៖ ‹កុំឲ្យយើងយកជីវិតវាឡើយ› . . . ‹កុំឲ្យកំចាយឈាមអី . . . កុំឲ្យដល់ដៃធ្វើវាឡើយ›។ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្ដាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ»។ ពេលរូបេនរកយ៉ូសែបមិនឃើញ គាត់ខ្វល់ចិត្តជាខ្លាំងរហូតដល់«គាត់ហែកសំលៀកបំពាក់របស់ខ្លួន»។ គាត់ស្រែកឡើងថា៖ «ក្មេងនោះបាត់ទៅហើយ។ ចុះឯខ្ញុំតើនឹងទៅឯណា?»។ គាត់ដឹងថាគាត់ត្រូវទទួលខុសត្រូវចំពោះការបាត់យ៉ូសែប។ ដើម្បីគេចផុតពីការទទួលខុសត្រូវនោះ បងៗរបស់យ៉ូសែបបានបង្កើតភ័ស្តុតាងក្លែងក្លាយដើម្បីបង្ហាញថាយ៉ូសែបបានត្រូវសត្វសាហាវហែកស៊ីហើយ។ ពួកគេធ្វើដូច្នេះដោយជ្រលក់អាវវែងរបស់យ៉ូសែបទៅក្នុងឈាមរបស់ពពែ។ បន្ទាប់មក ពួកគេបានយកភ័ស្តុតាងនេះទៅបង្ហាញយ៉ាកុបជាឪពុកនិងចៅក្រម ដែលបានកាត់ក្ដីឲ្យរូបេនរួចខ្លួន ព្រោះគាត់បានឃើញអាវវែងរបស់យ៉ូសែបប្រឡាក់សុទ្ធតែឈាម ដែលបងៗរបស់យ៉ូសែបយកមកបង្ហាញជាភ័ស្តុតាង ពេលឃើញដូច្នោះយ៉ាកុបក៏សន្និដ្ឋានថាយ៉ូសែបបានស្លាប់ហើយ។—លោ. ៣៧:៣១-៣៣
g១៧.៥-E ទំ. ៦
តើអ្នកមានអ្វីដែលអ្នកត្រូវការទេ?
អង្គការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយប្រាប់ប្រជាជនឲ្យត្រៀមរបស់របរផ្សេងៗទុកជាមុន។ ពិតមែនថា សេចក្ដីត្រូវការគឺខុសៗគ្នាអាស្រ័យលើទីកន្លែង និងស្ថានភាព ដូច្នេះសូមពិនិត្យមើលជាមួយក្រុមសង្គ្រោះបន្ទាន់ក្នុងតំបន់របស់អ្នក។ ជាទូទៅគេបានឲ្យការណែនាំថា ត្រូវត្រៀមទឹកយ៉ាងហោចណាស់១១លីត្រក្នុងមួយនាក់ និងម្ហូបដែលមិនអាចខូចរលួយ គ្រប់គ្រាន់សម្រាប់អស់បីថ្ងៃ។ ម្យ៉ាងទៀត គ្រួសារខ្លះក៏បានរៀបចំ«កាតាប»ដែលមានរបស់របរផ្សេងៗដែលត្រូវការដូចជា៖
◼ ភួយ សម្លៀកបំពាក់ និងស្បែកជើង
◼ ពិល វិទ្យុ (ប្រើថ្មឬបង្វិលដៃ) និងដុំសាកថ្ម
◼ ប្រអប់ដាក់សម្ភារៈសង្គ្រោះបន្ទាន់ និងកញ្ចែសម្រាប់ផ្លុំដើម្បីហៅរកជំនួយ
◼ ស្លាបព្រា ប្រដាប់គាស់កំប៉ុង គ្រឿងឈុតឧបករណ៍តូចៗ និងឈើគូសដែលមិនជ្រាបទឹក
◼ ម៉ាស់ បង់ស្អិត និងប៉ាតង់ដើម្បីជ្រកក្រោម
◼ ច្រាសដុះធ្មេញ សាប៊ូ កន្សែង និងក្រដាសអនាម័យ
◼ សម្ភារៈថែទាំកូនក្មេង និងឧបករណ៍ពិសេសសម្រាប់មនុស្សវ័យចាស់ឬជនពិការ
◼ ប្រអប់ដែលមិនជ្រាបទឹកដើម្បីដាក់ថ្នាំ ឬឯកសាសំខាន់ៗឯទៀត
◼ តារាងដែលមានលេខទូរស័ព្ទរបស់បុគ្គលដែលគេអាចទាក់ទងបើត្រូវការ និងកន្លែងជួបពេលមានមហន្តរាយ និងផែនទីរបស់តំបន់នោះ
◼ ប័ណ្ណឥណទាន និងលុយ
◼ សោផ្ទះនិងសោឡាន
◼ ក្រដាសសរសេរ ខ្មៅដៃ ប៊ិច សៀវភៅ និងហ្គេមសម្រាប់កូនក្មេងលេង
◼ គម្ពីរ
មិនមែនអ្វីទាំងអស់ខាងលើនេះប្រហែលសមនឹងតំបន់អ្នកឬកាលៈទេសៈរបស់អ្នកទេ។ អ្នកក៏ប្រហែលត្រូវថែមឧបករណ៍ដែលមិនមាននៅខាងលើនេះ។
ថ្ងៃទី១១-១៧ ខែឧសភា
w១៤-E ១/១១ ទំ. ១២ វ. ៤-៥
«ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន?»
កំណត់ហេតុគម្ពីរជួយយើងឲ្យស្រមៃគិតពីអារម្មណ៍អៀនខ្មាសរបស់យ៉ូសែប ពេលដែលគាត់ត្រូវគេលក់បន្តម្ដងទៀត។ គាត់ប្រៀបដូចជារបស់របរប៉ុណ្ណោះ! យើងអាចស្រមៃឃើញយ៉ូសែបកំពុងដើរតាមចៅហ្វាយថ្មីឆ្ពោះទៅផ្ទះចៅហ្វាយនោះ ដោយឆ្លងកាត់ផ្លូវនានាក្នុងក្រុងដែលមានមនុស្សច្រើនកុះករ។
យ៉ូសែបបានធំឡើងនៅក្នុងគ្រួសារមួយ ដែលរស់នៅក្នុងត្រសាល និងឃ្វាលចៀម។ ប៉ុន្តែ នៅក្នុងស្រុកអេស៊ីបអ្នកមានស្ដុកស្តម្ភ ដូចជាប៉ូទីផាររស់នៅផ្ទះប្រណីតៗនិងមានពណ៌ស្រស់ស្អាត។
w១៤-E ១/១១ ទំ. ១៤-១៥
«ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន?»
យើងមិនសូវស្គាល់ច្បាស់អំពីគុកនៅស្រុកអេស៊ីបទេ។ បុរាណវត្ថុវិទូបានរកឃើញសំណង់បាក់បែកនៃកន្លែងបែបនោះ។ មានអគារធំៗដែលមានបន្ទប់ជាច្រើន។ បន្ទប់ខ្លះនៅក្រោមដីនិងក្នុងគុក។ ក្រោយមក យ៉ូសែបបានរៀបរាប់កន្លែងនោះដោយប្រើពាក្យដែលមានន័យត្រង់ៗថា«រណ្ដៅ» ដែលសំដៅទៅកន្លែងដែលគ្មានពន្លឺនិងគ្មានសេចក្ដីសង្ឃឹមឡើយ។ ក្នុងសៀវភៅទំនុកតម្កើងបានចែងអំពីយ៉ូសែបថា៖ «ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ»។ (ទំនុកតម្កើង ១០៥:១៧, ១៨) ពេលខ្លះជនជាតិអេស៊ីបបានចងដៃអ្នកទោសទៅក្រោយ ឬដាក់ខ្នោះកពួកគេទៀតផង។ យ៉ូសែបបានរងទុក្ខវេទនាខ្លាំងណាស់ តែគាត់មិនបានធ្វើខុសទេ!
កំណត់ហេតុនោះចែងថាយ៉ូសែប«គាត់ក៏ជាប់នៅក្នុងគុកនោះ»។ គាត់ចំណាយពេលអស់ជាច្រើនឆ្នាំនៅកន្លែងដ៏វេទនានោះ! យ៉ូសែបមិនដឹងថាគាត់នឹងមានសេរីភាពនៅពេលណាទេ។
កំណត់ហេតុនោះចែងថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្ដល់សេចក្ដីសប្បុរសដល់គាត់»។ (លោកុប្បត្តិ ៣៩:២១) ទោះជាជញ្ជាំងគុក ច្រវាក់ បន្ទប់ក្រោមដីគ្មានពន្លឺក៏ដោយ អ្វីទាំងនោះមិនអាចរារាំងព្រះយេហូវ៉ាពីការឲ្យសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកទៅដល់អ្នកបម្រើលោកនោះទេ។ (រ៉ូម ៨:៣៨, ៣៩) យើងអាចស្រមៃគិតថាយ៉ូសែបកំពុងអធិដ្ឋានទៅបិតាជាទីស្រឡាញ់របស់គាត់នៅស្ថានសួគ៌ រួចមកគាត់បានទទួលសេចក្ដីសុខសាន្តដែលមានតែ«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»ប៉ុណ្ណោះ អាចឲ្យដល់គាត់បាន។ (កូរិនថូសទី២ ១:៣, ៤; ភីលីព ៤:៦, ៧) តើមានអ្វីទៀតដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យ៉ូសែប? យើងអានថាលោកបន្ត«ធ្វើឲ្យមេភូឃុំ អាណិតមេត្តា»ដល់យ៉ូសែប។
w១៤-E ១/១១ ទំ. ១៥ វ. ២
«ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន?»
កំណត់ហេតុនោះចែងថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្ដល់សេចក្ដីសប្បុរសដល់គាត់»។ (លោកុប្បត្តិ ៣៩:២១) ទោះជាជញ្ជាំងគុក ច្រវាក់ បន្ទប់ក្រោមដីគ្មានពន្លឺក៏ដោយ អ្វីទាំងនោះមិនអាចរារាំងព្រះយេហូវ៉ាពីការឲ្យសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកទៅដល់អ្នកបម្រើលោកនោះទេ។ (រ៉ូម ៨:៣៨, ៣៩) យើងអាចស្រមៃគិតថាយ៉ូសែបកំពុងអធិដ្ឋានទៅបិតាជាទីស្រឡាញ់របស់គាត់នៅស្ថានសួគ៌ រួចមកគាត់បានទទួលសេចក្ដីសុខសាន្តដែលមានតែ«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»ប៉ុណ្ណោះ អាចឲ្យដល់គាត់បាន។ (កូរិនថូសទី២ ១:៣, ៤; ភីលីព ៤:៦, ៧) តើមានអ្វីទៀតដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យ៉ូសែប? យើងអានថាលោកបន្ត«ធ្វើឲ្យមេភូឃុំ អាណិតមេត្តា»ដល់យ៉ូសែប។
it-2-E ទំ. ៥៥៥
អូណាន់
អ៊ើរជាបងប្រុសរបស់អូណាន់បានត្រូវព្រះយេហូវ៉ាប្រហារជីវិត ដោយសារគាត់បានប្រព្រឹត្តមិនត្រឹមត្រូវ។ ពេលគាត់ស្លាប់ គាត់គ្មានកូនទេ។ យូដាបានប្រាប់អូណាន់ឲ្យរៀបការជាមួយបងថ្លៃរបស់គាត់ជាស្ត្រីមេម៉ាយ ឈ្មោះតាម៉ារដែលជាប្រពន្ធរបស់អ៊ើរ។ បើអូណាន់មានកូនប្រុស កូននោះនឹងមិនត្រូវរាប់ជាកូនក្នុងវង្សត្រកូលរបស់អូណាន់ទេ ហើយមត៌ករបស់កូនច្បងនឹងបានទៅជារបស់កូននោះ ក្នុងនាមជាអ្នកស្នងត្រកូលរបស់អ៊ើរ។ ប៉ុន្តែ បើគ្មានកូនប្រុសទេ អូណាន់ផ្ទាល់នឹងទទួលមត៌កនោះ។ ពេលអូណាន់រួមដំណេកជាមួយនឹងតាម៉ារ គាត់បាន«សំរក់ចោលទៅដីវិញ» ជាជាងបង្កើតពូជឲ្យបងគាត់។ ដោយសារគាត់មិនស្ដាប់បង្គាប់ឪពុក និងមានចិត្តច្រណែន ហើយបានប្រព្រឹត្តខុសឆ្គងប្រឆាំងនឹងការរៀបចំរបស់ព្រះស្ដីអំពីអាពាហ៍ពិពាហ៍ នោះអូណាន់គ្មានកូនទេ ហើយព្រះយេហូវ៉ាបានប្រហារជីវិតគាត់។—លោ. ៣៨:៦-១០; ៤៦:១២; ជន. ២៦:១៩
w០៤-E ១៥/១ ទំ. ៣០ វ. ៤-៥
សំណួរពីអ្នកអាន
យូដាបានប្រព្រឹត្តខុស។ គាត់មិនបានឲ្យតាម៉ារដល់សេឡាជាកូនប្រុសរបស់គាត់តាមសន្យានោះទេ។ គាត់បានរួមដំណេកជាមួយនឹងស្ត្រីម្នាក់ដែលគាត់គិតថាជាស្រីពេស្យានៅវិហារ។ នេះប្រឆាំងនឹងគោលបំណងរបស់ព្រះស្ដីអំពីអាពាហ៍ពិពាហ៍ ដែលឲ្យបុរសរួមដំណេកតែជាមួយនឹងប្រពន្ធរបស់គាត់ប៉ុណ្ណោះ។ (លោកុប្បត្តិ ២:២៤) ប៉ុន្តែ តាមពិតយូដាមិនបានរួមដំណេកជាមួយនឹងស្រីពេស្យាទេ។ ផ្ទុយទៅវិញ គាត់បានយកតំណែងរបស់សេឡាជាកូនប្រុសរបស់គាត់ដែលត្រូវរៀបការជាមួយនឹងបងថ្លៃ។ យ៉ាងនោះ គាត់បានក្លាយទៅជាឪពុកដោយស្របច្បាប់របស់កូនចៅនាង ដោយមិនដឹងខ្លួន។
ឯតាម៉ារវិញ អ្វីដែលនាងធ្វើមិនមែនប្រាសចាកសីលធម៌ទេ ហើយកូនប្រុសភ្លោះរបស់នាងមិនបានត្រូវចាត់ទុកជាកូនដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ ពេលបូអូសរៀបការជាមួយនឹងនាងរស់ក្នុងនាមជាសាច់ថ្លៃ នោះពួកបុរសចាស់ទុំនៅក្រុងបេថ្លេហិមបាននិយាយល្អអំពីកូនប្រុសរបស់តាម៉ារឈ្មោះពេរេស។ ពួកគេនិយាយទៅកាន់បូអូសថា៖ «សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ»។ (នាងរស់ ៤:១២) ពេរេសក៏មានឈ្មោះក្នុងបញ្ជីឈ្មោះនៃបុព្វបុរសរបស់លោកយេស៊ូគ្រិស្តដែរ។—ម៉ាថាយ ១:១-៣; លូកា ៣:២៣-៣៣
ថ្ងៃទី១៨-២៤ ខែឧសភា
w១៥-E ១/២ ទំ. ១៤ វ. ៤-៥
«សេចក្ដីសំរាយស្រេចនៅព្រះទេតើ»
អ្នកកាន់ពែងប្រហែលជាបានភ្លេចអំពីយ៉ូសែប តែព្រះយេហូវ៉ាមិនដែលភ្លេចគាត់ទេ។ នៅយប់មួយព្រះយេហូវ៉ាធ្វើឲ្យផារ៉ូយល់សប្ដិពីរដង។ សុបិនទី១ ស្ដេចឃើញមានគោធាត់ស្អាតៗ៧ក្បាលចេញពីទន្លេនីល បន្ទាប់មក ឃើញមានគោស្គមកំព្រឹងអាក្រក់មើល៧ក្បាល។ គោស្គមៗបានស៊ីគោធាត់ៗ។ ក្រោយមក ផារ៉ូបានសុបិនឃើញមានស្រូវ៧កួរដែលមានផ្លែថ្លោសៗ រួចមកឃើញមានស្រូវស្កក៧កួរ។ កួរស្រូវស្កកបានលេបកួរស្រូវថ្លោស។ លុះព្រឹកឡើង ផារ៉ូបានខ្វល់ចិត្តជាខ្លាំង ដូច្នេះ គាត់ក៏កោះហៅអ្នកប្រាជ្ញទាំងអស់ឲ្យមកបកស្រាយសុបិន។ តែពួកគេមិនអាចបកស្រាយបានទេ។—លោកុប្បត្តិ ៤១:១-៨
ទីបំផុត អ្នកកាន់ពែងបាននឹកឃើញយ៉ូសែប! គាត់បានប្រាប់ផារ៉ូអំពីយ៉ូសែប ដែលពីរឆ្នាំមុនបានបកស្រាយសុបិនរបស់គាត់យ៉ាងត្រឹមត្រូវ។ ភ្លាមនោះ ផារ៉ូក៏ឲ្យគេទៅហៅយ៉ូសែប។—លោ. ៤១:៩-១៣
w១៥-E ១/២ ទំ. ១៤-១៥
«សេចក្ដីសំរាយស្រេចនៅព្រះទេតើ»
ព្រះយេហូវ៉ាស្រឡាញ់មនុស្សដែលមានចិត្តរាបទាប និងស្មោះត្រង់ ហេតុនេះបានជាលោកឲ្យយ៉ូសែបបកស្រាយសុបិនរបស់ផារ៉ូ។ យ៉ូសែបបានពន្យល់ថាសុបិនទាំងពីររបស់ផារ៉ូមានអត្ថន័យតែមួយ។ ដោយបង្ហាញឲ្យឃើញសុបិនពីរដង ព្រះយេហូវ៉ាបង្ហាញថារឿងនោះនឹង«បានសំរេច»ពោលគឺកើតឡើងជាក់ជាមិនខាន។ គោធាត់ៗនិងកួរស្រូវថ្លោសតំណាងឲ្យភាពសម្បូរសប្បាយ៧ឆ្នាំនៅស្រុកអេស៊ីប ហើយគោស្គមនិងកួរស្រូវស្កកតំណាងឲ្យការអត់ឃ្លាន៧ឆ្នាំ ដែលនឹងមានបន្ទាប់ពី៧ឆ្នាំសម្បូរសប្បាយនោះ។ ការអត់ឃ្លាននឹងលេបត្របាក់ភាពសម្បូរសប្បាយនៅក្នុងស្រុកនោះ។—លោកុប្បត្តិ ៤១:២៥-៣២
w១៥-E ១/២ ទំ. ១៥ វ. ៣
«សេចក្ដីសំរាយស្រេចនៅព្រះទេតើ»
មិនយូរក្រោយមក យ៉ូសែបបានស្លៀកសម្លៀកបំពាក់ស្អាតៗ។ ផារ៉ូបានឲ្យខ្សែកមាស ចិញ្ចៀន រទេះរបស់ស្ដេច និងអំណាចយ៉ាងពេញលេញ ដើម្បីធ្វើដំណើរទូទាំងស្រុកអេស៊ីប និងដើម្បីបំពេញកិច្ចការរបស់គាត់។ (លោកុប្បត្តិ ៤១:៤២-៤៤) ក្នុងរយៈពេលមួយថ្ងៃ ជីវិតរបស់យ៉ូសែបបានផ្លាស់ប្ដូរពីអ្នកជាប់គុកទៅជាអ្នករស់នៅក្នុងវាំង។ នេះបញ្ជាក់ថា ជំនឿរបស់យ៉ូសែបទៅលើព្រះយេហូវ៉ាពិតជាត្រឹមត្រូវមែន! ព្រះយេហូវ៉ាឃើញអំពើអយុត្តិធម៌ទាំងអស់ដែលអ្នកបម្រើរបស់លោកបានជួប។ លោកបានដោះស្រាយបញ្ហាទាំងនោះនៅចំពេល និងតាមរបៀបត្រឹមត្រូវ។ ព្រះយេហូវ៉ាមិនគ្រាន់តែគិតកែប្រែអ្វីអាក្រក់ដែលបានកើតឡើងចំពោះយ៉ូសែបប៉ុណ្ណោះទេ តែលោកក៏សង្គ្រោះប្រជាជាតិអ៊ីស្រាអែលនៅថ្ងៃអនាគតដែរ។
w១៥-E ១/១១ ទំ. ៩ វ. ១-៣
តើអ្នកដឹងទេ?
ហេតុអ្វីបានជាយ៉ូសែបកោរសក់ និងពុកមាត់មុនទៅជួបផារ៉ូ?
យោងទៅតាមកំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិ ផារ៉ូបានបញ្ជាគេឲ្យទៅនាំយ៉ូសែបមកជួបគាត់ជាប្រញាប់ ដើម្បីបកស្រាយសុបិនឲ្យគាត់។ រហូតមកដល់ពេលនោះយ៉ូសែបបានជាប់គុកអស់ជាច្រើនឆ្នាំហើយ។ ទោះជាផារ៉ូបង្គាប់ឲ្យគេហៅយ៉ូសែបមកជាប្រញាប់ក្ដី គាត់ក៏ត្រូវការពេលដើម្បីកោរសក់និងពុកមាត់។
ការទុកពុកចង្កាឲ្យដុះលូតលាស់ ជារឿងធម្មតារបស់ប្រជាជាតិជាច្រើននៅសម័យបុរាណ នេះក៏រួមបញ្ចូលជនជាតិហេប្រឺដែរ។ ប៉ុន្តែ យោងទៅតាមសព្វវចនាធិប្បាយមួយ មានតែជនជាតិអេស៊ីបប៉ុណ្ណោះដែលមិនទុកពុកចង្កា (McClintock and Strong’s Cyclopedia of Biblical, Theological, and Ecclesiastical Literature)។
ទស្សនាវដ្ដីខាងបុរាណវត្ថុវិទ្យារៀបរាប់ថាទំនៀមទម្លាប់ខ្លះរបស់ជនជាតិអេស៊ីប តម្រូវឲ្យបុរសរៀបចំខ្លួនពេលជួបស្ដេច ដូចគាត់ចូលទៅក្នុងវិហារ។ ក្នុងករណីដូចនេះ យ៉ូសែបត្រូវការកោរសក់ និងរោមនៅលើខ្លួនគាត់។
ថ្ងៃទី២៥-៣១ ខែឧសភា
it-2-E ទំ. ១០៨ វ. ៤
យ៉ូសែប
ពួកបងប្រុសៗរបស់យ៉ូសែបបានគិតថាព្រះកំពុងដាក់ទោសពួកគេ ចំពោះការលក់យ៉ូសែបអស់ជាច្រើនឆ្នាំមុន។ នៅចំពោះមុខយ៉ូសែបដែលពួកគេមិនទាន់ស្គាល់គាត់ជានរណា ពួកគេបាននិយាយគ្នាអំពីទោសកំហុសរបស់ខ្លួន។ ពេលឮពាក្យសម្ដីរបស់ពួកគេដែលបង្ហាញនូវការប្រែចិត្ត យ៉ូសែបបានក្ដុកក្ដួលក្នុងចិត្ត ហើយបានចាកចេញទៅទាំងយំ។ ពេលត្រឡប់មកវិញ គាត់បានប្រាប់អ្នកបម្រើរបស់គាត់ឲ្យចងស៊ីម្មាន ទុករហូតដល់ពួកគេនាំប្អូនប្រុសពៅមកជាមួយ។—លោ. ៤២:២១-២៤
it-2-E ទំ. ៧៩៥
រូបេន
គាត់បានបញ្ចុះបញ្ចូលប្អូនប្រុស៩នាក់របស់គាត់ឲ្យបោះយ៉ូសែបចូលក្នុងអណ្ដូងស្ងួតមួយ ជាជាងសម្លាប់យ៉ូសែប។ រូបេនមានបំណងត្រឡប់មកវិញដោយសម្ងាត់ដើម្បីជួយយកយ៉ូសែបចេញពីអណ្ដូង។ (លោ. ៣៧:១៨-៣០) ជាង២០ឆ្នាំក្រោយមក ពេលបងប្រុសទាំងនេះបានជជែកគ្នាអំពីអ្វីដែលបានកើតឡើងចំពោះពួកគេនៅក្នុងស្រុកអេស៊ីបដោយសារពួកគេធ្វើបាបយ៉ូសែប នោះរូបេនបានរំលឹកពួកគេថាគាត់មិនបានរួមចំណែកក្នុងការសម្លាប់យ៉ូសែបទេ។ (លោ. ៤២:៩-១៤, ២១, ២២) មានមួយលើកទៀត ពេលយ៉ាកុបមិនព្រមឲ្យបេនយ៉ាមីនធ្វើដំណើរជាមួយនឹងបងប្រុសៗរបស់គាត់ទៅស្រុកអេស៊ីបជាលើកទី២ រូបេនបានយកកូនប្រុសទាំងពីររបស់គាត់មកធានាថា៖ «បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ»។—លោ. ៤២:៣៧