ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី១-៧ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៣២-៣៣
ចូរសម្រាលទុក្ខអស់អ្នកដែលពិបាកចិត្ត
it-1-E ទំ.៧១០
អេលីហ៊ូ
អេលីហ៊ូមិនរើសអើង ហើយមិនបញ្ជោរអ្នកឯទៀតដោយហៅឋានន្តររបស់គេឡើយ។ គាត់ទទួលស្គាល់ថាគាត់បានត្រូវបង្កើតមកពីដីដូចយ៉ូបដែរ ហើយព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតគឺជាអ្នកបង្កើតរបស់គាត់។ អេលីហ៊ូមិនបានធ្វើឲ្យយ៉ូបភ័យព្រួយទេ តែគាត់បាននិយាយទៅកាន់យ៉ូបដូចជាមិត្តពិត ដោយប្រើឈ្មោះរបស់យ៉ូប ហើយនេះជាអ្វីដែលមិត្តក្លែងក្លាយគឺអេលីផាស ប៊ីលដាឌ និងសូផារមិនបានធ្វើសោះ។—យ៉ូប ៣២:២១, ២២; ៣៣:១, ៦
ថ្ងៃទី១៥-២១ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៣៦-៣៧
មូលហេតុដែលអ្នកអាចទុកចិត្តសេចក្ដីសន្យារបស់ព្រះអំពីជីវិតដែលគ្មានទីបញ្ចប់
w១៥-E ១/១០ ទំ.១៣ វ.១-២
តើយើងពិតជាអាចរកព្រះឃើញឬទេ?
ព្រះរស់ជារៀងរហូត៖ គម្ពីរបង្រៀនថាព្រះ«គ្មានទីចាប់ផ្ដើម និងគ្មានទីបញ្ចប់»។ (ចម្រៀងសរសើរព្រះ ៩០:២) ដូច្នេះ «គ្មានអ្នកណាអាចរាប់អាយុរបស់លោកបានឡើយ»។—យ៉ូប ៣៦:២៦
ប្រយោជន៍ដែលអ្នកអាចទទួល៖ ព្រះសន្យាថា លោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ឲ្យអ្នក បើអ្នកស្គាល់លោកឲ្យបានច្បាស់។ (យ៉ូហាន ១៧:៣) បើព្រះផ្ទាល់មិនអាចរស់ជារៀងរហូតបានផង តើអ្នកអាចជឿលើសេចក្ដីសន្យានោះទេ? ច្បាស់ជាអត់ទេ តែដោយសារព្រះគឺ«ស្ដេចដែលរស់ជារៀងរហូត» នោះលោកអាចបំពេញសេចក្ដីសន្យាបែបនោះបាន។—ធីម៉ូថេទី១ ១:១៧
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៤៩២
ការប្រាស្រ័យទាក់ទង
នៅសម័យគម្ពីរមនុស្សទទួលព័ត៌មាននិងដំណឹងតាមវិធីផ្សេងៗ។ ភាគច្រើនពួកគេទទួលព័ត៌មានពីក្នុងតំបន់និងក្រៅតំបន់ដោយការប្រាប់តៗគ្នា ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ (២សាំ. ៣:១៧, ១៩; យ៉ូប ៣៧:២០) អ្នកធ្វើដំណើរដោយក្បួនអូដ្ឋនាំយកព័ត៌មានពីតំបន់ឆ្ងាយៗ ដោយសារពួកគេឧស្សាហ៍ឆ្លងកាត់កន្លែងផ្សេងៗដើម្បីទិញម្ហូប ទឹក និងរបស់របរផ្សេងៗ។ ទឹកដីភីលីស្ទីនមានអ្នកចេញចូលជាច្រើនដែលមកពីតំបន់ឆ្ងាយៗ ដោយសារទឹកដីនោះជាប់នឹងទ្វីបអាស៊ី ទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ុប។ ដូច្នេះប្រជាជនដែលរស់នៅភីលីស្ទីនអាចទទួលព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងនៅប្រទេសផ្សេងៗយ៉ាងងាយស្រួល។ នៅផ្សារគឺជាកន្លែងដែលអាចទទួលព័ត៌មានអំពីរឿងក្នុងស្រុកនិងក្រៅស្រុក។
ថ្ងៃទី២២-២៨ ខែមករា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២២២
អ្នកតែងច្បាប់
ព្រះយេហូវ៉ាគឺជាអ្នកតែងច្បាប់។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលជាអ្នកតែងច្បាប់សម្រាប់សកលលោក។ លោកដាក់ច្បាប់សម្រាប់អ្វីៗទាំងអស់ដែលលោកបានបង្កើត ទាំងអ្វីៗដែលគ្មានជីវិត (យ៉ូប ៣៨:៤-៣៨; ចសព. ១០៤:៥-១៩) និងអ្វីៗដែលមានជីវិតដូចជាសត្វជាដើម។ (យ៉ូប ៣៩:១-៣០) ព្រះយេហូវ៉ាក៏បានបង្កើតមនុស្សដែរ ដូច្នេះពួកគេត្រូវធ្វើតាមច្បាប់ធម្មជាតិដែលព្រះបានកំណត់ ហើយដោយសារមនុស្សមានសីលធម៌ សមត្ថភាពវែកញែក និងមានការស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះពួកគេក៏ត្រូវធ្វើតាមច្បាប់សីលធម៌របស់ព្រះដែរ។ (រ៉ូម ១២:១; ១កូ. ២:១៤-១៦) បន្ថែមទៅទៀត ព្រះយេហូវ៉ាក៏បានដាក់ច្បាប់សម្រាប់ទេវតាទាំងឡាយដែរ។—ចសព. ១០៣:២០; ២ពេ. ២:៤, ១១
គ្មានអ្វីអាចផ្លាស់ប្ដូរច្បាប់ធម្មជាតិរបស់ព្រះបានឡើយ។ (យេ. ៣៣:២០, ២១) ច្បាប់ដែលព្រះបានកំណត់សម្រាប់សកលលោកគឺនៅដដែល ដូច្នេះពួកអ្នកវិទ្យាសាស្ត្រសិក្សាអំពីច្បាប់ទាំងនោះ ហើយពួកគេអាចប៉ាន់ស្មានអំពីចលនានៃព្រះចន្ទ ភពនានា និងកាឡាក់ស៊ីផ្សេងៗបានយ៉ាងត្រឹមត្រូវ។ ពួកអ្នកដែលចង់ធ្វើអ្វីដែលផ្ទុយពីច្បាប់ធម្មជាតិរបស់ព្រះនឹងរងផលវិបាកភ្លាមៗ។ ស្រដៀងគ្នាដែរ ច្បាប់សីលធម៌របស់ព្រះមិនអាចផ្លាស់ប្ដូរទេ ហើយបើយើងបំពានច្បាប់នោះយើងក៏មិនអាចគេចផុតពីផលវិបាកបានដែរ ទោះជាផលវិបាកមិនកើតឡើងភ្លាមៗក្ដី។ «កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ»។—កាឡ. ៦:៧; ១ធី. ៥:២៤
ថ្ងៃទី២៩ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៨០៨
ចំអកមើលងាយ
យ៉ូបគឺជាបុគ្គលម្នាក់ដែលបានរក្សាចិត្តស្មោះឥតងាករេ ទោះជាមានគេចំអកឡកឡឺយឲ្យគាត់ក៏ដោយ។ ប៉ុន្តែ គាត់ចាប់ផ្ដើមមានទស្សនៈមិនត្រឹមត្រូវហើយធ្វើខុស ក្រោយមក គាត់បានទទួលការកែតម្រង់។ អេលីហ៊ូបាននិយាយអំពីយ៉ូបថា៖ «តើមានអ្នកណាឲ្យដូចយ៉ូប ដែលទទួលយកការមើលងាយដូចផឹកទឹក?»។ (យ៉ូប ៣៤:៧) យ៉ូបផ្ដោតអារម្មណ៍ហួសហេតុពេកទៅលើកេរ្តិ៍ឈ្មោះរបស់ខ្លួនជាជាងកេរ្តិ៍ឈ្មោះរបស់ព្រះ ហើយគាត់ព្យាយាមបញ្ជាក់ថាគាត់គឺសុចរិតជាងព្រះ។ (យ៉ូប ៣៥:២; ៣៦:២៤) ជាជាងយល់ថា «មិត្ត»ក្លែងក្លាយបីនាក់កំពុងចំអកឡកឡឺយឲ្យព្រះ យ៉ូបយល់ថាពួកគេកំពុងតែចំអកឡកឡឺយឲ្យគាត់វិញ។ ហេតុនេះហើយ យ៉ូបកំពុងទទួលយកការចំអកមើលងាយដោយក្ដីពេញចិត្តដូចផឹកទឹក។ ក្រោយមក ព្រះបានពន្យល់យ៉ូបថា តាមពិតពួកអ្នកចំអកមើលងាយទាំងនេះកំពុងនិយាយមិនពិតប្រឆាំងនឹងព្រះទេ។ (យ៉ូប ៤២:៧) ស្រដៀងគ្នាដែរ ពេលពួកអ៊ីស្រាអែលទាមទារចង់បានស្ដេច ព្រះយេហូវ៉ាបានប្រាប់អ្នកប្រកាសទំនាយសាំយូអែលថា៖ «ពួកគេមិនមែនបដិសេធអ្នកទេ តែពួកគេបដិសេធខ្ញុំវិញ ព្រោះពួកគេមិនចង់ឲ្យខ្ញុំធ្វើជាស្ដេចរបស់ពួកគេឡើយ»។ (១សាំ. ៨:៧) លោកយេស៊ូបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «មនុស្សនឹងបញ្ជូនអ្នករាល់គ្នាឲ្យទៅរងទុក្ខវេទនា ក៏នឹងសម្លាប់អ្នករាល់គ្នា ហើយប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា [មិនមែនដោយសារអ្នករាល់គ្នាទេ តែ]ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ»។ (ម៉ាថ. ២៤:៩) ការរំពឹងគិតអំពីអ្វីទាំងនេះនឹងជួយគ្រិស្តសាសនិកឲ្យស៊ូទ្រាំនឹងការចំអកឡកឡឺយដោយមានទស្សនៈត្រឹមត្រូវ ហើយឲ្យទទួលរង្វាន់ពីព្រះដោយសារគាត់បានស៊ូទ្រាំ។—លូក. ៦:២២, ២៣
ថ្ងៃទី៥-១១ ខែកុម្ភៈ
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៤២៥
អង្កាម
អង្កាមគឺជាសំដីស្រូវឬសំបកដែលមកពីគ្រាប់ស្រូវ ដូចជាស្រូវបាលីនិងស្រូវសាលីជាដើម។ ពេលគម្ពីរនិយាយអំពីអង្កាមភាគច្រើនគឺជាន័យធៀប ហើយទាក់ទងនឹងការបញ្ជាន់ស្រូវដែលគេធ្លាប់ធ្វើនៅសម័យបុរាណ។ ក្រោយពីច្រូតកាត់ប្រមូលផល អង្កាមគឺជាអ្វីដែលគ្មានប្រយោជន៍ ដូច្នេះគឺសមត្រឹមត្រូវដែលអង្កាមតំណាងឲ្យអ្វីដែលគ្មានតម្លៃ គ្មានអ្នកណាចង់បាន និងជាអ្វីដែលត្រូវញែកចេញពីអ្វីដែលល្អហើយបោះចោល។
ដំបូងគេបញ្ជាន់ស្រូវដើម្បីយកគ្រាប់ចេញពីដើមស្រូវ។ ហើយក្រោយមកគេយកស្រូវទៅរោយដើម្បីឲ្យខ្យល់បក់យកអង្កាមចេញពីគ្រាប់ស្រូវដែលល្អ។ ឧទាហរណ៍នេះបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ានឹងធ្វើចំពោះអ្នកក្បត់ជំនឿ មនុស្សទុច្ចរិតនិងរដ្ឋាភិបាលដែលប្រឆាំងនឹងលោក។ (យ៉ូប ២១:១៨; ចសព. ១:៤; ៣៥:៥; អេ. ១៧:១៣; ២៩:៥; ៤១:១៥; ហូ. ១៣:៣) រាជាណាចក្រព្រះនឹងកម្ទេចសត្រូវឲ្យទៅជាកម្ទេចតូចៗដូចជាអង្កាមដែលត្រូវបក់ផាត់ទៅតាមខ្យល់យ៉ាងងាយស្រួល។—ដាន. ២:៣៥
អង្កាមដែលគ្មានប្រយោជន៍នឹងត្រូវប្រមូលដុតចោលដើម្បីកុំឲ្យខ្យល់បក់ហើរត្រឡប់ចូលក្នុងគំនរស្រូវវិញ។ យ៉ូហានដែលជាអ្នកជ្រមុជទឹកបានប្រកាសទុកជាមុនអំពីការបំផ្លាញចោលនៃអ្នកគាំទ្រសាសនាមិនពិតដែលជាមនុស្សទុច្ចរិត។ លោកយេស៊ូប្រៀបដូចជាអ្នកប្រមូលផលនឹងប្រមូលស្រូវដាក់ក្នុងជង្រុក«តែអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ»។—ម៉ាថ. ៣:៧-១២; លូក. ៣:១៧
ថ្ងៃទី១២-១៨ ខែកុម្ភៈ
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៩៩៥
ផ្នូរ
នៅ រ៉ូម ៣:១៣ ប៉ូលបានដកស្រង់ពាក្យនៅចម្រៀងសរសើរព្រះ ៥:៩ ហើយប្រដូចបំពង់ករបស់មនុស្សទុច្ចរិតនិងមនុស្សបោកប្រាស់ទៅនឹង«ផ្នូរដែលនៅចំហ»។ ដូចផ្នូរដែលនៅចំហពេញទៅដោយសាកសពដែលស្អុយរលួយ នោះបំពង់ករបស់មនុស្សទុច្ចរិតក៏និយាយពាក្យអាក្រក់ និងពិសពុលដែរ។—សូមពិនិត្យបន្ថែម ម៉ាថ. ១៥:១៨-២០
ថ្ងៃទី១៩-២៥ ខែកុម្ភៈ
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៨៣២
ម្រាមដៃ
គម្ពីររៀបរាប់ថាព្រះហាក់ដូចជាកំពុងតែប្រើ«ម្រាមដៃ»របស់លោក ដើម្បីសម្រេចកិច្ចការផ្សេងៗ ដូចជាសរសេរបញ្ញត្ដិ១០ប្រការនៅលើបន្ទះថ្ម (ដច. ៣១:១៨; បច. ៩:១០) ធ្វើអព្ភូតហេតុ (ដច. ៨:១៨, ១៩) និងបង្កើតស្ថានសួគ៌។ (ចសព. ៨:៣) ពេលព្រះប្រើ«ម្រាមដៃ»របស់លោកក្នុងការបង្កើតអ្វីៗទាំងអស់ នោះគឺសំដៅទៅលើឫទ្ធានុភាព ឬថាមពលរបស់លោក ដូចដែលបានពណ៌នាក្នុងកំណត់ហេតុនៅដើមកំណើតដែលថា ឫទ្ធានុភាពរបស់ព្រះមានចលនានៅលើផ្ទៃទឹកនោះ។ (ដក. ១:២) បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចជួយយើងឲ្យយល់អត្ថន័យរបស់ពាក្យនេះកាន់តែច្បាស់ ក្នុងកំណត់ហេតុរបស់ម៉ាថាយបានពន្យល់ថាលោកយេស៊ូបានបណ្ដេញវិញ្ញាណកំណាចដោយ‹ឫទ្ធានុភាពរបស់ព្រះ› រីឯលូកាបានប្រើពាក្យ«ម្រាមដៃរបស់ព្រះ»ដើម្បីរៀបរាប់អំពីកំណត់ហេតុដដែលនោះ។—ម៉ាថ. ១២:២៨; លូក. ១១:២០
ថ្ងៃទី២៦ ខែកុម្ភៈ–ថ្ងៃទី៣ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ចម្រៀងសរសើរព្រះ ១១-១៥
សូមស្រមៃថាអ្នកកំពុងរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះដែលពោរពេញទៅដោយសេចក្ដីសុខសាន្ត
wp១៦.៤-E ទំ.១១
តើពិភពលោកនេះអាចនឹងលែងមានអំពីឃោរឃៅដែរឬទេ?
គម្ពីរពន្យល់ថាមិនយូរទៀតព្រះនឹងបំបាត់ចោលអំពើឃោរឃៅពីផែនដី។ ព្រះយេហូវ៉ាបានកំណត់រួចជាស្រេចនូវ«ថ្ងៃវិនិច្ឆ័យទោសមនុស្សដែលមិនកោតខ្លាចព្រះ ហើយបំផ្លាញពួកគេចោល» ដោយសារលោកដឹងថាពិភពលោកនឹងពោរពេញទៅដោយអំពើឃោរឃៅ។ (ពេត្រុសទី២ ៣:៥-៧) អំពើឃោរឃៅដែលធ្វើឲ្យមនុស្សរងទុក្ខវេទនា នឹងមិនមានទៀតទេ។ តើតាមរបៀបណាយើងអាចដឹងប្រាកដថាព្រះនឹងចាត់វិធានការ ហើយបំបាត់ចោលអំពីឃោរឃៅ?
គម្ពីរចែងថា ព្រះ«ស្អប់អ្នកដែលចូលចិត្តអំពើឃោរឃៅ»។ (ចម្រៀងសរសើរព្រះ ១១:៥) ព្រះដែលជាអ្នកបង្កើតស្រឡាញ់ភាពសុខសាន្តនិងយុត្តិធម៌។ (ចម្រៀងសរសើរព្រះ ៣៣:៥; ៣៧:២៨) នេះជាមូលហេតុដែលមិនមានអំពើឃោរឃៅជារៀងរហូតទេ។