រូបថតវេទិកានិងស្លាកសញ្ញានៅពីលើវេទិកានោះដែលថតពីកន្លែងជិត
១៩២២ មួយរយឆ្នាំបានកន្លងផុតទៅ
«ព្រះ . . . ផ្ដល់ជ័យជម្នះឲ្យយើងតាមរយៈលោកយេស៊ូគ្រិស្ត»។ (១កូ. ១៥:៥៧) ពាក្យទាំងនេះដែលបានត្រូវជ្រើសរើសជាបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ១.៩២២បានពង្រឹងទំនុកចិត្តនិស្សិតគម្ពីរថា ព្រះយេហូវ៉ានឹងឲ្យពរចំពោះភាពស្មោះត្រង់របស់ពួកគេ។ ក្នុងអំឡុងឆ្នាំនោះ ព្រះយេហូវ៉ាបានឲ្យពរដល់ពួកអ្នកផ្សព្វផ្សាយយ៉ាងខ្នះខ្នែងទាំងនេះមែន។ លោកបានឲ្យពរពួកគេ ពេលពួកគេបានចាប់ផ្ដើមបោះពុម្ពនិងចងក្រងសៀវភៅដោយខ្លួនឯង ហើយចាប់ផ្ដើមប្រើវិទ្យុដើម្បីផ្សាយសេចក្ដីពិតអំពីរាជាណាចក្រ។ ក្រោយមកនៅឆ្នាំនោះ គឺសឲ្យឃើញច្បាស់ម្ដងទៀតថាព្រះយេហូវ៉ាឲ្យពររាស្ត្រលោក។ និស្សិតគម្ពីរបានជួបជុំគ្នានៅមហាសន្និបាតសំខាន់ដែលបានត្រូវធ្វើឡើងនៅស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ មហាសន្និបាតនោះមានឥទ្ធិពលលើកិច្ចការរបស់អង្គការព្រះយេហូវ៉ាតាំងពីពេលនោះរហូតដល់សព្វថ្ងៃនេះ។
«គំនិតដ៏គួរឲ្យរំភើបចិត្តមួយ»
កាលដែលមានអ្នកផ្សព្វផ្សាយកាន់តែច្រើន សៀវភៅក៏ត្រូវការកាន់តែច្រើនដែរ។ បងប្អូននៅបេតអែលប៊្រុគ្លីនបានផលិតទស្សនាវដ្ដី ប៉ុន្តែពួកគេនៅតែប្រើក្រុមហ៊ុនផ្សេងៗដើម្បីបោះពុម្ពសៀវភៅ។ ក្រោយមក សម្រាប់រយៈពេលប៉ុន្មានខែ ក្រុមហ៊ុននោះមិនអាចបោះពុម្ពសៀវភៅគ្រប់គ្រាន់ដើម្បីប្រើក្នុងកិច្ចផ្សព្វផ្សាយឡើយ។ ដូច្នេះ បងរ៉ូធើហ្វឺតបានសួរបងរ៉ូបឺត ម៉ាធិនដែលជាអ្នកត្រួតពិនិត្យកន្លែងបោះពុម្ពថា តើគាត់គិតថាពួកគេអាចបោះពុម្ពសៀវភៅដោយខ្លួនឯងបានទេ?
រោងពុម្ពនៅផ្លូវខុនខត តំបន់ប៊្រុគ្លីន ក្រុងញូវយ៉ក
បងម៉ាធិននឹកចាំថា៖ «នោះជាគំនិតដ៏គួរឲ្យរំភើបចិត្តមួយ ដោយសារនោះមានន័យថាយើងត្រូវបើករោងពុម្ពដើម្បីអាចផលិតសៀវភៅ»។ បងប្អូនបានជួលអគារលេខ១៨នៅផ្លូវខុនខត តំបន់ប៊្រុគ្លីន ហើយបានទិញឧបករណ៍ផ្សេងៗដែលយើងត្រូវការ។
មិនមែនមនុស្សទាំងអស់សប្បាយដែលបងប្អូនបោះពុម្ពសៀវភៅដោយខ្លួនឯងទេ។ ប្រធានក្រុមហ៊ុនដែលធ្លាប់ផលិតសៀវភៅរបស់យើងបានមកលេងរោងពុម្ពថ្មីនោះ។ គាត់និយាយថា៖ «អ្នកមានឧបករណ៍ល្អៗដើម្បីបោះពុម្ពសៀវភៅ ប៉ុន្តែគ្មានអ្នកណាចេះប្រើ។ មិនដល់៦ខែទេ ឧបករណ៍ទាំងអស់នោះនឹងខូចអស់តែម្ដង»។
បងម៉ាធិននិយាយថា៖ «នោះស្ដាប់ទៅសមហេតុផល តែយើងដឹងថាព្រះយេហូវ៉ានឹងជួយយើង ហើយលោកតែងតែជួយយើង»។ បងម៉ាធិននិយាយត្រឹមត្រូវ។ មិនយូរក្រោយមក រោងពុម្ពថ្មីនោះបានផលិតសៀវភៅ២.០០០ក្បាលក្នុងមួយថ្ងៃ។
បងប្អូនអ្នកបោះពុម្ព ឈរក្បែរម៉ាស៊ីនបោះពុម្ពរបស់ពួកគេនៅរោងបោះពុម្ព
ការផ្សាយដល់មនុស្សរាប់លាននាក់តាមវិទ្យុ
ក្រៅពីបោះពុម្ពសៀវភៅខ្លះដោយខ្លួនឯង រាស្ត្រព្រះយេហូវ៉ាបានចាប់ផ្ដើមប្រើវិធីថ្មីដើម្បីផ្សាយដំណឹងល្អ គឺការផ្សាយតាមវិទ្យុ។ នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ១៩២២ បងរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាតាមវិទ្យុជាលើកដំបូង។ សុន្ទរកថានោះមានប្រធានថា«មនុស្សរាប់លាននាក់ដែលរស់ឥឡូវនេះនឹងមិនស្លាប់ទេ»តាមប៉ុស្តិ៍វិទ្យុមួយនៅក្រុងឡូស អេនជីឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
មនុស្សប្រមាណ២៥.០០០នាក់បានស្ដាប់កម្មវិធីនោះ។ អ្នកខ្លះបានផ្ញើសំបុត្រថ្លែងអំណរគុណចំពោះការផ្សាយនោះ។ សំបុត្រមួយក្នុងចំណោមសំបុត្រទាំងនោះគឺមកពីបងប្រុសវីលអាត អាហ្វុត ដែលរស់នៅក្រុងសានថា អាណា រដ្ឋកាលីហ្វ័រញ៉ា។ គាត់បានអរគុណបងរ៉ូធើហ្វឺតចំពោះសុន្ទរកថា«ដែលគួរឲ្យចាប់អារម្មណ៍និងជក់ចិត្តស្ដាប់»។ បន្ទាប់មក គាត់បានបន្ថែមថា៖ «ក្នុងផ្ទះខ្ញុំ មានអ្នកឈឺបីនាក់ ដូច្នេះទោះជាបងមកថ្លែងសុន្ទរកថានៅម្ដុំផ្ទះយើងក្ដី ក៏យើងមិនអាចទៅស្ដាប់បងបានដែរ»។
មានការផ្សាយថែមទៀតក្នុងសប្ដាហ៍បន្តបន្ទាប់ពីនោះ។ នៅចុងឆ្នាំ១៩២២ ទស្សនាវដ្ដីប៉មយាមបានប៉ាន់ស្មានថា៖ «យ៉ាងហោចណាស់មានមនុស្ស៣០០.០០០នាក់បានទទួលដំណឹងតាមវិទ្យុ»។
ដោយសារមានប្រតិកម្មល្អ និស្សិតគម្ពីរបានសម្រេចចិត្តសាងសង់អគារស្ថានីយវិទ្យុមួយនៅលើដីមួយកន្លែងនាតំបន់ស្ថាធិនអៃឡេន ដែលមានចម្ងាយមិនឆ្ងាយពីបេតអែលប៊្រុគ្លីន។ នៅឆ្នាំបន្តបន្ទាប់ និស្សិតគម្ពីរប្រើប៉ុស្តិ៍នោះដែលហៅថាWBBR ដើម្បីផ្សាយដំណឹងរាជាណាចក្រឲ្យឮសុសសាយដល់កន្លែងជាច្រើន។
«ADV»
ទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩២២ បានប្រកាសថា មហាសន្និបាតមួយនឹងត្រូវធ្វើឡើងនៅស៊ីដឺផូញ រដ្ឋអូហៃយ៉ូ ចាប់ពីថ្ងៃទី៥-១៣ ខែកញ្ញា ឆ្នាំ១៩២២។ និស្សិតគម្ពីររំភើបចិត្តជាខ្លាំងពេលពួកគេមកដល់ស៊ីដឺផូញ។
ក្នុងសុន្ទរកថាដំបូងរបស់បងរ៉ូធើហ្វឺត គាត់បានប្រាប់អ្នកស្ដាប់ថា៖ «ខ្ញុំជឿជាក់ទាំងស្រុងថាលោកម្ចាស់នឹង . . . ឲ្យពរលើមហាសន្និបាតនេះ ហើយធ្វើឲ្យប្រាកដថាកិច្ចការផ្សព្វផ្សាយនឹងត្រូវធ្វើឡើងធំជាងកិច្ចការផ្សព្វផ្សាយដែលធ្លាប់មាននៅផែនដី»។ អ្នកថ្លែងសុន្ទរកថានៅមហាសន្និបាតនោះបានលើកទឹកចិត្តបងប្អូនឲ្យផ្សព្វផ្សាយ។
អ្នកចូលរួមមហាសន្និបាតនៅស៊ីដឺផូញ រដ្ឋអូហៃយ៉ូ ឆ្នាំ១៩២២
បន្ទាប់មក នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា អ្នកចូលរួមប្រហែល៨.០០០នាក់បានចូលក្នុងសាល ហើយរំភើបចិត្តស្ដាប់បងរ៉ូធើហ្វឺតថ្លែងសុន្ទរកថា។ ពួកគេសង្ឃឹមថាគាត់នឹងពន្យល់អត្ថន័យនៃតួអក្សរ«ADV» ដែលមានលើលិខិតអញ្ជើញរបស់ពួកគេ។ ពេលដែលពួកគេបានអង្គុយចុះ ពួកគេជាច្រើននាក់បានសង្កេតឃើញក្រណាត់មួយដុំធំពីលើវេទិកា។ បងប្រុសអាថឺ ខ្លោសដែលបានធ្វើដំណើរទៅមហាសន្និបាតនោះពីក្រុងថាល់សា រដ្ឋអូក្លាហូម៉ា សហរដ្ឋអាម៉េរិក បានរកឃើញកន្លែងអង្គុយមួយ ដែលគាត់អាចស្ដាប់ឮសុន្ទរកថាបានច្បាស់។ នៅសម័យនោះគឺពិបាកណាស់ ដោយសារគ្មានមេក្រូឬឧបករណ៍បំពងសំឡេងទេ។
«យើងយកចិត្តទុកដាក់ស្ដាប់ពាក្យគ្រប់ម៉ាត់»
ដើម្បីប្រាកដថាគ្មានអ្នករំខាន អធិការីបានប្រកាសថាក្នុងអំឡុងសុន្ទរកថារបស់បងរ៉ូធើហ្វឺត មិនអនុញ្ញាតឲ្យអ្នកដែលមកយឺតចូលសាលឡើយ។ នៅម៉ោង៩:៣០នាទីព្រឹក បងរ៉ូធើហ្វឺតបានចាប់ផ្ដើមនិយាយ ដោយដកស្រង់ពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ៤:១៧ ដែលថា៖ «រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ ពេលគាត់និយាយអំពីរបៀបដែលមនុស្សនឹងឮអំពីរាជាណាចក្រនោះ គាត់បានប្រាប់ថា៖ «លោកយេស៊ូផ្ទាល់បានប្រកាសថាក្នុងវត្តមានរបស់លោក លោកនឹងធ្វើកិច្ចការប្រមូលរាស្ត្រលោក។ ក្នុងអំឡុងពេលនោះលោកនឹងប្រមូលពួកអ្នកពិតត្រង់និងមានភក្ដីភាពមកឯលោក»។
បងអាថឺ ខ្លោសដែលអង្គុយនៅក្នុងសាលធំបានចាំថា៖ «យើងយកចិត្តទុកដាក់ស្ដាប់ពាក្យគ្រប់ម៉ាត់»។ ប៉ុន្តែ បងអាថឺស្រាប់តែមិនស្រួលខ្លួន ហើយត្រូវចេញពីសាលនោះ។ គាត់បានចេញទៅទាំងស្ទាក់ស្ទើរ ព្រោះគាត់ដឹងថាបើចេញពីសាលនោះហើយ មិនអាចចូលវិញបានទេនៅក្នុងអំឡុងសុន្ទរកថារបស់បងរ៉ូធើហ្វឺត។
ប៉ុន្មាននាទីក្រោយមក គាត់ចាប់ផ្ដើមធូរស្រាល។ គាត់រៀបរាប់ថា កាលដែលគាត់ដើរត្រឡប់ទៅសាលវិញ គាត់បានឮសំឡេងទះដៃលាន់រំពង។ នេះធ្វើឲ្យគាត់រំភើបចិត្តណាស់! គាត់បានសម្រេចចិត្តថា គាត់នឹងបន្តស្ដាប់សុន្ទរកថាដ៏អស្ចារ្យនេះ ទោះជាគាត់ត្រូវឡើងលើដំបូលក្ដី។ នៅពេលនោះ បងអាថឺដែលមានអាយុ២៣ឆ្នាំ បានរកឃើញវិធីមួយដើម្បីឡើងលើដំបូល។ បង្អួចនៅលើដំបូលបានត្រូវបើកចំហ ហើយពេលដែលគាត់ទៅជិតដល់បង្អួចទាំងនោះ គាត់កត់សម្គាល់ថា«សំឡេងឮច្បាស់ល្អ»។
ប៉ុន្តែបងអាថឺមិនមែននៅលើដំបូលម្នាក់ឯងទេ។ មិត្តភក្ដិខ្លះរបស់គាត់ក៏នៅទីនោះដែរ។ មិត្តម្នាក់ក្នុងចំណោមនោះគឺបងប្រុសហ្វ្រេង ចនសុន បានរត់មក ហើយសួរគាត់ថា៖ «បងមានកាំបិតស្នៀតទេ?»។
បងអាថឺបាននិយាយថា៖ «បាទ ខ្ញុំមាន»។
បងហ្វ្រេងបានតបថា៖ «បងជាចម្លើយចំពោះសេចក្ដីអធិដ្ឋានយើង។ ឥឡូវ តើបងឃើញក្រណាត់មួយដុំធំនេះទេ? នេះគឺជាស្លាកសញ្ញាមួយដែលចងភ្ជាប់នឹងដែកគោលទាំងនេះ។ សូមយកចិត្តទុកដាក់ស្ដាប់ចៅក្រម។a ពេលគាត់និយាយថា៖ ‹ហើយអ្នកត្រូវផ្សព្វផ្សាយ ផ្សព្វផ្សាយ› សូមកាត់ខ្សែទាំងបួននេះ»។
ដូច្នេះ បងអាថឺបានកាន់កាំបិតស្នៀតរង់ចាំជាមួយអ្នកឯទៀតដើម្បីស្ដាប់ពាក្យរបស់បងរ៉ូធើហ្វឺតពេលដល់កន្លែងដែលត្រូវកាត់ទម្លាក់ស្លាកសញ្ញានោះ។ មិនយូរក្រោយមក បងរ៉ូធើហ្វឺតមកដល់ផ្នែកដ៏សំខាន់បំផុតនៃសុន្ទរកថារបស់គាត់។ គាត់ខ្នះខ្នែងនិងរំភើបចិត្តជាខ្លាំង ហើយទំនងជាបានស្រែកថា៖ «ចូរធ្វើជាសាក្សីពិតប្រាកដ ហើយស្មោះត្រង់ចំពោះលោកម្ចាស់។ ចូរបន្តសម្រុកទៅមុខក្នុងការតស៊ូរហូតដល់បាប៊ីឡូនដ៏ខ្លាំងក្លាត្រូវបំផ្លាញចោលទាំងស្រុង។ ចូរប្រកាសដំណឹងនេះឲ្យបានឮសុសសាយ។ ពិភពលោកនេះត្រូវដឹងថាព្រះយេហូវ៉ាជាព្រះ ហើយថាលោកយេស៊ូគ្រិស្តជាស្ដេចលើស្ដេចទាំងអស់និងជាម្ចាស់លើម្ចាស់ទាំងអស់។ នេះជាថ្ងៃលើអស់ទាំងថ្ងៃ។ មើល! ស្ដេចគ្រប់គ្រងហើយ! អ្នករាល់គ្នាជាអ្នកផ្សព្វផ្សាយអំពីលោក។ ដូច្នេះ ចូរផ្សាយ ចូរផ្សាយ ចូរផ្សាយអំពីស្ដេចនិងរាជាណាចក្ររបស់លោក!»។
បងអាថឺរៀបរាប់ថាគាត់និងបងប្រុសឯទៀតបានកាត់ខ្សែនោះ ហើយស្លាកបានលាធ្លាក់ចុះយ៉ាងរលូន។ អក្សរ«ADV»ជាអក្សរកាត់នៃពាក្យភាសាអង់គ្លេសដែលសំដៅទៅលើការផ្សព្វផ្សាយ។ ដូច្នេះស្លាកនោះសរសេរថា៖ «ចូរផ្សាយអំពីស្ដេចនិងរាជាណាចក្ររបស់លោក»។
កិច្ចការដ៏សំខាន់មួយ
មហាសន្និបាតនៅស៊ីដឺផូញបានជួយបងប្អូនឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រដែលជាកិច្ចការដ៏សំខាន់ ហើយពួកអ្នកដែលព្រមចូលរួមធ្វើកិច្ចការនេះសប្បាយមានចំណែក។ អ្នកត្រួសត្រាយម្នាក់ពីរដ្ឋអូក្លាហូម៉ា សហរដ្ឋអាម៉េរិកបានសរសេរថា៖ «យើងផ្សព្វផ្សាយនៅតំបន់មួយដែលមនុស្សជាច្រើនធ្វើការនៅកន្លែងជីកធ្យូងថ្ម ហើយជាអ្នកក្រីក្រ»។ គាត់និយាយថាជារឿយៗ ពេលមនុស្សឮដំណឹងក្នុងទស្សនាវដ្ដីសម័យរុងរឿង(Golden Age) «ពួកគេរំភើបចិត្តដល់ស្រក់ទឹកភ្នែក»។ គាត់និយាយទៀតថា៖ «យើងសប្បាយដែលយើងអាចសម្រាលទុក្ខពួកគេ»។
និស្សិតគម្ពីរទាំងនោះបានដឹងថាពាក្យរបស់លោកយេស៊ូនៅលូកា ១០:២ គឺសំខាន់ណាស់ ដែលថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ»។ នៅចុងឆ្នាំនោះ ពួកគេបានតាំងចិត្តកាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រនៅទីជិតឆ្ងាយ។
a ជួនកាល បងរ៉ូធើហ្វឺតបានត្រូវគេហៅថា«ចៅក្រម» ដោយសារម្ដងម្កាលគាត់បានធ្វើជាចៅក្រមនៅរដ្ឋមីហ្សូរី សហរដ្ឋអាម៉េរិក។