អត្ថបទសិក្សា ៤៧
ចូរកុំឲ្យអ្វីធ្វើឲ្យអ្នក ឃ្លាតចេញពីព្រះយេហូវ៉ា
«ព្រះយេហូវ៉ា ខ្ញុំទុកចិត្តលោក»។—ចសព. ៣១:១៤
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
សេចក្ដីសង្ខេបa
១. តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាចង់ចូលមកជិតយើង?
ព្រះយេហូវ៉ាអញ្ជើញយើងឲ្យចូលមកជិតលោក។ (យ៉ា. ៤:៨) លោកចង់ធ្វើជាព្រះ ជាបិតា និងជាមិត្តសម្លាញ់របស់យើង។ លោកឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើង និងជួយយើងពេលយើងមានការពិបាក។ លោកប្រើអង្គការរបស់លោកដើម្បីបង្រៀននិងការពារយើង។ ប៉ុន្តែ តើយើងត្រូវធ្វើអ្វីដើម្បីចូលទៅជិតព្រះយេហូវ៉ា?
២. តើយើងអាចចូលទៅជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២ យើងអាចចូលទៅជិតព្រះយេហូវ៉ាដោយអធិដ្ឋានទៅលោក ព្រមទាំងដោយអានបណ្ដាំរបស់លោកនិងរំពឹងគិតអំពីអ្វីដែលយើងអាន។ កាលដែលយើងធ្វើដូច្នេះ នោះយើងពោរពេញទៅដោយសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះលោក។ យើងចង់ស្ដាប់បង្គាប់លោកនិងជូនលោកនូវការសរសើរដែលលោកសមនឹងទទួល។ (បប. ៤:១១) កាលដែលយើងកាន់តែស្គាល់ព្រះយេហូវ៉ា យើងនឹងកាន់តែទុកចិត្តលោកនិងអង្គការដែលលោកបានផ្ដល់ឲ្យដើម្បីជួយយើង។
៣. តើមេកំណាចព្យាយាមធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច ប៉ុន្តែតើអ្វីនឹងជួយយើងមិនឲ្យបោះបង់ចោលព្រះរបស់យើងនិងអង្គការរបស់លោក? (ចម្រៀងសរសើរព្រះ ៣១:១៣, ១៤)
៣ មេកំណាចព្យាយាមធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ា ជាពិសេសពេលយើងជួបការពិបាក។ តើវាធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺវាព្យាយាមធ្វើឲ្យយើងឈប់ទុកចិត្តព្រះយេហូវ៉ានិងអង្គការរបស់លោកបន្តិចម្ដងៗ។ ប៉ុន្តែ យើងអាចទប់ទល់នឹងកលល្បិចរបស់វាបាន។ ពេលយើងមានជំនឿមាំមួននិងមានទំនុកចិត្តយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា យើងនឹងមិនបោះបង់ចោលព្រះរបស់យើងនិងអង្គការរបស់លោកទេ។—សូមអាន ចម្រៀងសរសើរព្រះ ៣១:១៣, ១៤
៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីការពិបាកបីដែលប្រហែលជាមកពីខាងក្រៅក្រុមជំនុំ។ ការពិបាកនីមួយៗទាំងនោះអាចធ្វើឲ្យយើងលែងទុកចិត្តព្រះយេហូវ៉ានិងអង្គការលោក។ តើការពិបាកទាំងនេះអាចធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច ហើយតើយើងអាចធ្វើអ្វីដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអង្គការលោក?
ពេលយើងមានការពិបាក
៥. តើការពិបាកអាចធ្វើឲ្យយើងលែងទុកចិត្តព្រះយេហូវ៉ានិងអង្គការរបស់លោកយ៉ាងដូចម្ដេច?
៥ ជួនកាល យើងមានការពិបាកផ្សេងៗដូចជាការប្រឆាំងពីក្រុមគ្រួសារ ឬយើងបាត់បង់ការងារធ្វើ។ តើការពិបាកបែបនេះអាចធ្វើឲ្យយើងឈប់ទុកចិត្តអង្គការព្រះយេហូវ៉ានិងឃ្លាតចេញពីលោកយ៉ាងដូចម្ដេច? ពេលយើងជួបការពិបាកអស់រយៈពេលជាយូរ យើងប្រហែលជាអស់សង្ឃឹមនិងធ្លាក់ទឹកចិត្ត។ សាថានទាញប្រយោជន៍ពីឱកាសនេះដើម្បីធ្វើឲ្យយើងគិតថាព្រះយេហូវ៉ាមិនស្រឡាញ់យើងទេ។ មេកំណាចចង់ឲ្យយើងគិតថាព្រះយេហូវ៉ានិងអង្គការរបស់លោកនាំទុក្ខដល់យើង។ អ្វីស្រដៀងនឹងនេះបានកើតឡើងចំពោះជនជាតិអ៊ីស្រាអែលខ្លះនៅស្រុកអេហ្ស៊ីប។ ដំបូង ពួកគេបានជឿថាព្រះយេហូវ៉ាបានតែងតាំងម៉ូសេនិងអេរ៉ុនឲ្យសង្គ្រោះពួកគេពីការធ្វើជាខ្ញុំបម្រើ។ (ដច. ៤:២៩-៣១) ប៉ុន្តែក្រោយមកពេលដែលផារ៉ូបានធ្វើឲ្យជីវិតរបស់ពួកគេកាន់តែពិបាក ពួកគេបន្ទោសម៉ូសេនិងអេរ៉ុនដោយនិយាយថា៖ «ដោយសារតែពួកអ្នក បានជាផារ៉ូនិងពួកអ្នកបម្រើគាត់ស្អប់ខ្ពើមពួកយើង ថែមទាំងមានហេតុសម្លាប់ពួកយើងទៀតផង»។ (ដច. ៥:១៩-២១) ពួកគេបានបន្ទោសអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ នេះគឺគួរឲ្យស្ដាយមែន! បើអ្នកជួបការពិបាកអស់រយៈពេលយូរ តើអ្នកអាចរក្សាទំនុកចិត្តមាំមួនទៅលើព្រះយេហូវ៉ានិងអង្គការរបស់លោកយ៉ាងដូចម្ដេច?
៦. តើយើងរៀនអ្វីពីអ្នកប្រកាសទំនាយហាបាគុកអំពីរបៀបស៊ូទ្រាំនឹងបញ្ហា? (ហាបាគុក ៣:១៧-១៩)
៦ ចូរអធិដ្ឋានប្រាប់អំពីអារម្មណ៍ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា និងពឹងលោកឲ្យជួយ។ ហាបាគុកដែលជាអ្នកប្រកាសទំនាយបានជួបការពិបាកជាច្រើន។ នៅពេលមួយ តាមមើលទៅគាត់បានសង្ស័យថាព្រះយេហូវ៉ាមិនយកចិត្តទុកដាក់នឹងគាត់ទេ។ ដូច្នេះ គាត់បានអធិដ្ឋានប្រាប់អំពីអារម្មណ៍ទាំងអស់របស់គាត់ទៅព្រះយេហូវ៉ា។ គាត់និយាយថា៖ «ឱព្រះយេហូវ៉ាអើយ! តើឲ្យខ្ញុំស្រែកសុំលោកជួយដល់កាលណាទៅ ទើបលោកព្រមស្ដាប់? . . . ហេតុអ្វីក៏លោកបណ្ដោយឲ្យមានការជិះជាន់សង្កត់សង្កិនដូច្នេះ?»។ (ហាប. ១:២, ៣) ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានអស់ពីចិត្តរបស់អ្នកបម្រើដ៏ស្មោះត្រង់នេះ។ (ហាប. ២:២, ៣) ក្រោយពីរំពឹងគិតអំពីការសង្គ្រោះរបស់ព្រះយេហូវ៉ា ហាបាគុកបានទទួលអំណរឡើងវិញ។ គាត់បានជឿជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះគាត់ ហើយនឹងជួយគាត់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាទាំងអស់។ (សូមអាន ហាបាគុក ៣:១៧-១៩) តើមានមេរៀនអ្វីសម្រាប់យើង? ពេលអ្នកមានការពិបាក សូមអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ បន្ទាប់មក សូមពឹងលោកឲ្យជួយ។ ពេលអ្នកធ្វើដូច្នេះ អ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ។ ម្យ៉ាងទៀត ពេលអ្នកមានអារម្មណ៍ថាអ្នកទទួលការគាំទ្រពីលោក ជំនឿរបស់អ្នកទៅលើលោកនឹងកាន់តែមាំមួនឡើង។
៧. តើសាច់ញាតិរបស់បងស៊ើលីបានព្យាយាមវែកញែកឲ្យគាត់ជឿអ្វី ហើយតើអ្វីបានជួយគាត់មិនឲ្យបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា?
៧ ចូរបន្តធ្វើអ្វីដែលជួយអ្នកឲ្យរក្សាភាពជិតស្និទ្ធនឹងព្រះយេហូវ៉ា។ នេះជាអ្វីដែលបានជួយបងស្រីម្នាក់ឈ្មោះស៊ើលីbពីប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ពេលដែលគាត់ជួបការពិបាក។ ក្រុមគ្រួសាររបស់បងស៊ើលីក្រីក្រ ហើយជួនកាលពួកគេមិនមានអាហារបរិភោគគ្រប់គ្រាន់ទេ។ សាច់ញាតិម្នាក់របស់គាត់បានព្យាយាមធ្វើឲ្យគាត់ឈប់ទុកចិត្តព្រះយេហូវ៉ា ដោយនិយាយថា៖ «ក្រែងឯងថាឫទ្ធានុភាពបរិសុទ្ធរបស់ព្រះកំពុងជួយឯង តែជំនួយនោះនៅឯណា? គ្រួសារឯងនៅតែក្រដដែល។ អ៊ីចឹងហេតុអីទៅចំណាយពេលផ្សព្វផ្សាយឥតប្រយោជន៍?»។ បងស៊ើលីសារភាពថា៖ «ខ្ញុំសួរខ្លួនឯងថា ‹តើព្រះយកចិត្តទុកដាក់នឹងយើងឬអត់?›។ ដូច្នេះ ភ្លាមៗខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយប្រាប់លោកអ្វីទាំងអស់ដែលមាននៅក្នុងចិត្តខ្ញុំ។ ខ្ញុំមិនបានឈប់អានគម្ពីរឬសៀវភៅរបស់យើងទេ ហើយបានបន្តផ្សព្វផ្សាយនិងចូលរួមកិច្ចប្រជុំ»។ មិនយូរក្រោយមក បងស៊ើលីបានចាប់ផ្ដើមទទួលស្គាល់ថាព្រះយេហូវ៉ាបានមើលថែក្រុមគ្រួសារគាត់កន្លងមក។ ក្រុមគ្រួសាររបស់គាត់មិនដែលដេកទាំងអត់បាយទេ ហើយពួកគេសប្បាយរីករាយ។ បងស៊ើលីនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ»។ (១ធី. ៦:៦-៨) បើអ្នករក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ អ្នកក៏នឹងមិនឲ្យការពិបាកឬការសង្ស័យធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ាបានដែរ។
ពេលបងប្អូនប្រុសដែលមានភារកិច្ចបានត្រូវគេធ្វើបាប
៨. តើអ្វីអាចកើតឡើងចំពោះបងប្អូនប្រុសដែលមានភារកិច្ចក្នុងអង្គការព្រះយេហូវ៉ា?
៨ តាមរយៈប្រព័ន្ធផ្សាយព័ត៌មាននិងបណ្ដាញសង្គមតាមអ៊ីនធឺណិត ពួកសត្រូវផ្សាយពាក្យកុហកឬព័ត៌មានមិនពិតអំពីបងប្អូនប្រុសដែលមានភារកិច្ចក្នុងអង្គការព្រះយេហូវ៉ា។ (ចសព. ៣១:១៣) បងប្អូនប្រុសខ្លះបានត្រូវគេចាប់ខ្លួននិងចោទប្រកាន់ថាជាឧក្រិដ្ឋជន។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានជួបស្ថានភាពស្រដៀងនឹងនេះពេលដែលសាវ័កប៉ូលបានត្រូវគេចោទប្រកាន់មិនពិតនិងចាប់ខ្លួន។ តើពួកគេមានប្រតិកម្មយ៉ាងណា?
៩. តើគ្រិស្តសាសនិកខ្លះមានប្រតិកម្មយ៉ាងណាពេលសាវ័កប៉ូលបានត្រូវគេចាប់ដាក់គុក?
៩ គ្រិស្តសាសនិកខ្លះនៅសតវត្សរ៍ទី១បានឈប់គាំទ្រសាវ័កប៉ូលពេលដែលគាត់បានត្រូវគេចាប់ដាក់គុកនៅរ៉ូម។ (២ធី. ១:៨, ១៥) ហេតុអ្វី? តើពួកគេខ្មាសគេដោយសារប៉ូលបានត្រូវសាធារណៈជនចាត់ទុកជាឧក្រិដ្ឋជនឬ? (២ធី. ២:៨, ៩) ឬតើពួកគេខ្លាចថាពួកគេនឹងទទួលការបៀតបៀនដែរ? ទោះជាពួកគេមានមូលហេតុអ្វីក៏ដោយ សូមស្រមៃគិតអំពីអារម្មណ៍របស់ប៉ូល។ គាត់បានស៊ូទ្រាំនឹងការពិបាកជាច្រើន ហើយថែមទាំងបានប្រថុយជីវិតដើម្បីពួកគេទៀតផង។ (សកម្ម. ២០:១៨-២១; ២កូ. ១:៨) យើងមិនគួរធ្វើដូចបុគ្គលដែលមិនព្រមជួយប៉ូលនៅពេលដែលគាត់ត្រូវការនោះទេ។ តើយើងគួរចាំអំពីអ្វីពេលបងប្អូនប្រុសដែលមានភារកិច្ចបានត្រូវគេបៀតបៀន?
១០. តើយើងគួរចាំអំពីអ្វីពេលបងប្អូនប្រុសដែលមានភារកិច្ចទទួលការបៀតបៀន ហើយហេតុអ្វី?
១០ សូមចាំអំពីមូលហេតុដែលយើងទទួលការបៀតបៀននិងអ្នកណាដែលបង្កឲ្យមានការបៀតបៀននោះ។ ធីម៉ូថេទី២ ៣:១២ចែងថា៖ «អស់អ្នកដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលទេដែលសាថានវាយប្រហារលើបងប្អូនប្រុសដែលនាំមុខ។ វាចង់ឲ្យបងប្អូនទាំងនេះឈប់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយវាក៏ចង់ឲ្យយើងភ័យខ្លាចដែរ។—១ពេ. ៥:៨
ទោះជាប៉ូលជាប់គុកក្ដី អូណេស៊ីផឺបានគាំទ្រគាត់យ៉ាងក្លាហាន។ សព្វថ្ងៃនេះ បងប្អូនរបស់យើងគាំទ្របងប្អូនរួមជំនឿដែលជាប់គុក ដូចបានបង្ហាញក្នុងរូបភាពនេះ (សូមមើលវគ្គ១១-១២)
១១. តើយើងរៀនអ្វីពីគំរូរបស់អូណេស៊ីផឺ? (ធីម៉ូថេទី២ ១:១៦-១៨)
១១ ចូរបន្តគាំទ្របងប្អូនរបស់អ្នកនិងនៅជាប់នឹងពួកគេ។ (សូមអាន ធីម៉ូថេទី២ ១:១៦-១៨) នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកម្នាក់ឈ្មោះអូណេស៊ីផឺបានប្រព្រឹត្តផ្សេងពីអ្នកឯទៀតពេលប៉ូលបានត្រូវគេចាប់ដាក់គុក។ គម្ពីរចែងថា៖ «គាត់មិនដែលអៀនខ្មាសដោយសារ[ប៉ូល]ជាប់ច្រវាក់ទេ»។ ផ្ទុយទៅវិញ គាត់បានស្វែងរកប៉ូល ហើយពេលដែលគាត់រកប៉ូលឃើញ គាត់បានរកវិធីផ្សេងៗដើម្បីជួយប៉ូល។ ដោយធ្វើដូច្នេះ អូណេស៊ីផឺបានប្រថុយជីវិតរបស់ខ្លួន។ តើមានមេរៀនអ្វីសម្រាប់យើង? យើងមិនត្រូវឲ្យការភ័យខ្លាចមនុស្សបញ្ឈប់យើងឬរារាំងយើងពីការគាំទ្របងប្អូនដែលទទួលការបៀតបៀនឡើយ។ ផ្ទុយទៅវិញ សូមយើងការពារពួកគេនិងជួយពួកគេ។ (សុភ. ១៧:១៧) ពួកគេត្រូវការសេចក្ដីស្រឡាញ់និងការគាំទ្រពីយើង។
១២. តើយើងរៀនអ្វីពីបងប្អូនយើងនៅប្រទេសរុស្ស៊ី?
១២ សូមពិចារណាអំពីរបៀបដែលបងប្អូននៅប្រទេសរុស្ស៊ីជួយបងប្អូនរួមជំនឿដែលបានត្រូវគេចាប់ដាក់គុក។ ពេលបងប្អូនខ្លះត្រូវឡើងតុលាការ បងប្អូនជាច្រើនទៅទីនោះដើម្បីគាំទ្រពួកគេ។ តើមានមេរៀនអ្វីសម្រាប់យើង? ពេលបងប្អូនប្រុសដែលមានភារកិច្ចបានត្រូវគេបង្កាច់បង្ខូច ចាប់ខ្លួន ឬបៀតបៀន សូមកុំភ័យខ្លាច។ ចូរអធិដ្ឋានឲ្យពួកគេ ថែរក្សាសមាជិកក្រុមគ្រួសាររបស់ពួកគេ និងស្វែងរកវិធីផ្សេងទៀតដើម្បីបង្ហាញថាអ្នកគាំទ្រពួកគេ។—សកម្ម. ១២:៥; ២កូ. ១:១០, ១១
ពេលយើងត្រូវគេសើចចំអក
១៣. តើការសើចចំអកអាចធ្វើឲ្យយើងលែងទុកចិត្តទៅលើព្រះយេហូវ៉ានិងអង្គការរបស់លោកយ៉ាងដូចម្ដេច?
១៣ សាច់ញាតិ អ្នករួមការងារ ឬសិស្សរួមថ្នាក់ដែលមិនមែនជាអ្នកជឿ ប្រហែលជាសើចចំអកយើង ដោយសារយើងផ្សព្វផ្សាយឬធ្វើតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ (១ពេ. ៤:៤) ពួកគេប្រហែលជានិយាយថា៖ «ខ្ញុំចូលចិត្តឯង តែសាសនាឯងតឹងរ៉ឹងពេក ហើយចាស់គំរឹល»។ អ្នកខ្លះប្រហែលជារិះគន់យើងអំពីរបៀបដែលយើងប្រព្រឹត្តចំពោះពួកអ្នកដែលបានត្រូវបណ្ដាច់មិត្តភាព ដោយនិយាយថា៖ «បើធ្វើអ៊ីចឹង ម៉េចអាចហៅខ្លួនឯងជាមនុស្សដែលមានសេចក្ដីស្រឡាញ់បាន?»។ ពាក្យសម្ដីបែបនេះអាចធ្វើឲ្យយើងកើតចិត្តសង្ស័យ។ យើងប្រហែលជាចាប់ផ្ដើមឆ្ងល់ថា ‹តើព្រះយេហូវ៉ាតម្រូវច្រើនពេកពីខ្ញុំឬ? តើអង្គការរបស់លោកតឹងតែងពេកឬទេ?›។ បើអ្នកជួបស្ថានភាពបែបនេះ តើតាមរបៀបណាអ្នកអាចនៅជិតស្និទ្ធនឹងព្រះយេហូវ៉ានិងអង្គការរបស់លោក?
យ៉ូបមិនព្រមជឿពាក្យកុហករបស់មិត្តក្លែងក្លាយដែលបានចំអកមើលងាយគាត់ទេ។ ផ្ទុយទៅវិញ គាត់បានតាំងចិត្តរក្សាចិត្តស្មោះ ឥតងាករេចំពោះព្រះយេហូវ៉ា (សូមមើលវគ្គ១៤)
១៤. តើយើងគួរមានប្រតិកម្មយ៉ាងណាពេលអ្នកឯទៀតសើចចំអកយើងដោយសារយើងរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា? (ចម្រៀងសរសើរព្រះ ១១៩:៥០-៥២)
១៤ ចូរតាំងចិត្តកាន់ខ្ជាប់តាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ យ៉ូបគឺជាបុរសម្នាក់ដែលបានកាន់ខ្ជាប់តាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ទោះជាគាត់ត្រូវគេសើចចំអកក៏ដោយ។ មិត្តក្លែងក្លាយម្នាក់របស់គាត់ថែមទាំងព្យាយាមធ្វើឲ្យគាត់ជឿថា ព្រះមិនខ្វល់ថាយ៉ូបធ្វើតាមខ្នាតតម្រារបស់លោកឬមិនធ្វើតាមនោះទេ។ (យ៉ូប ៤:១៧, ១៨; ២២:៣) ប៉ុន្តែ យ៉ូបមិនព្រមជឿពាក្យកុហកទាំងនេះឡើយ។ គាត់ដឹងថាខ្នាតតម្រារបស់ព្រះយេហូវ៉ាអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ គឺត្រឹមត្រូវ ហើយគាត់តាំងចិត្តធ្វើតាមខ្នាតតម្រាទាំងនោះ។ គាត់មិនបានអនុញ្ញាតឲ្យអ្នកឯទៀតធ្វើឲ្យគាត់លែងមានចិត្តស្មោះឥតងាករេចំពោះព្រះឡើយ។ (យ៉ូប ២៧:៥, ៦) តើមានមេរៀនអ្វីសម្រាប់យើង? សូមកុំឲ្យការសើចចំអកធ្វើឲ្យអ្នកសង្ស័យទៅលើខ្នាតតម្រារបស់ព្រះយេហូវ៉ាឡើយ។ សូមគិតអំពីបទពិសោធន៍របស់អ្នកផ្ទាល់។ អ្នកទំនងជាឃើញច្រើនដងថា ជីវិតរបស់អ្នកប្រសើរជាងពេលដែលអ្នកធ្វើតាមអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ថាគឺត្រឹមត្រូវ។ ចូរតាំងចិត្តគាំទ្រអង្គការដែលកាន់ខ្ជាប់តាមខ្នាតតម្រាទាំងនោះ។ យ៉ាងនេះ មិនថាមានការសើចចំអកច្រើនយ៉ាងណាពីកន្លែងណាក៏ដោយ នោះនឹងមិនអាចធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ាឡើយ។—សូមអាន ចម្រៀងសរសើរព្រះ ១១៩:៥០-៥២
១៥. ហេតុអ្វីបងព្រីជីតបានត្រូវគេចំអកមើលងាយ?
១៥ សូមពិចារណាបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះព្រីជីតដែលនៅប្រទេសឥណ្ឌា។ គាត់បានត្រូវសមាជិកក្រុមគ្រួសារចំអកមើលងាយ ដោយសារជំនឿរបស់គាត់។ មិនយូរក្រោយពីគាត់បានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៩៧ ប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿបានបាត់បង់ការងារធ្វើ។ ដូច្នេះ ប្ដីបងព្រីជីតបានសម្រេចចិត្តថាគាត់ បងព្រីជីត និងកូនស្រីៗ គួររើទៅនៅជាមួយឪពុកម្ដាយរបស់គាត់ ដែលរស់នៅក្រុងផ្សេង។ ប៉ុន្តែក្រោយមក បងព្រីជីតមានការពិបាកថែមទៀត។ ដោយសារប្ដីរបស់គាត់គ្មានការងារធ្វើ គាត់ត្រូវធ្វើការពេញពេលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។ បន្ថែមទៅទៀត ក្រុមជំនុំដែលនៅជិតជាងគេ មានចម្ងាយប្រហែលជា៣៥០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ គួរឲ្យស្ដាយ ក្រុមគ្រួសាររបស់ប្ដីគាត់ប្រឆាំងគាត់ ដោយសារជំនឿរបស់គាត់។ ពួកគេប្រឆាំងបងព្រីជីតយ៉ាងខ្លាំងដល់ម្ល៉េះ បានជាក្រុមគ្រួសាររបស់គាត់ត្រូវរើផ្ទះម្ដងទៀត។ ក្រោយមក ដោយមិនបានរំពឹងទុក ប្ដីរបស់គាត់បានស្លាប់។ ក្រោយមកទៀត កូនស្រីម្នាក់របស់គាត់ក៏បានស្លាប់ត្រឹមតែអាយុ១២ឆ្នាំដោយសារជំងឺមហារីក។ សាច់ញាតិបងព្រីជីតបន្ថែមទុក្ខលើគាត់ ដោយបន្ទោសគាត់ចំពោះអ្វីដែលបានកើតឡើងទាំងនេះ។ ពួកគេនិយាយថា បើគាត់មិនក្លាយទៅជាសាក្សីព្រះយេហូវ៉ា រឿងខ្លោចផ្សាទាំងអស់នេះនឹងមិនកើតឡើងទេ។ ប៉ុន្តែ បងព្រីជីតបន្តទុកចិត្តព្រះយេហូវ៉ានិងនៅជាប់នឹងអង្គការរបស់លោក។
១៦. តើបងព្រីជីតបានទទួលពរអ្វីចំពោះការនៅជាប់នឹងព្រះយេហូវ៉ានិងអង្គការលោក?
១៦ ដោយសារបងព្រីជីតរស់នៅឆ្ងាយពីក្រុមជំនុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានលើកទឹកចិត្តគាត់ឲ្យផ្សព្វផ្សាយនៅតំបន់ដែលគាត់រស់នៅ ហើយដឹកនាំកិច្ចប្រជុំនៅផ្ទះរបស់គាត់។ ដំបូង គាត់មានអារម្មណ៍ថាការធ្វើតាមការណែនាំនោះគឺពិបាកពេក ប៉ុន្តែគាត់នៅតែធ្វើ។ គាត់បានផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត ធ្វើកិច្ចប្រជុំនៅផ្ទះរបស់គាត់ និងលៃទុកពេលដើម្បីធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយកូនស្រីៗរបស់គាត់។ តើមានលទ្ធផលយ៉ាងណា? គាត់បានចាប់ផ្ដើមនិងដឹកនាំការសិក្សាគម្ពីរជាច្រើន ហើយសិស្សគម្ពីរជាច្រើននាក់របស់គាត់បានទទួលការជ្រមុជទឹក។ នៅឆ្នាំ២០០៥ បងព្រីជីតបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ ការទុកចិត្តរបស់គាត់ទៅលើព្រះយេហូវ៉ានិងភក្ដីភាពរបស់គាត់ចំពោះអង្គការលោកបាននាំឲ្យគាត់ទទួលពរ។ កូនស្រីៗរបស់គាត់បម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយឥឡូវមានក្រុមជំនុំពីរនៅតំបន់ដែលគាត់រស់នៅនោះ។ បងព្រីជីតជឿជាក់ថាព្រះយេហូវ៉ាបានឲ្យកម្លាំងដល់គាត់ដើម្បីស៊ូទ្រាំនឹងការពិបាក ព្រមទាំងការចំអកមើលងាយពីក្រុមគ្រួសាររបស់គាត់។
ចូររក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការលោក
១៧. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៧ សាថានចង់ឲ្យយើងជឿថា ព្រះយេហូវ៉ាបោះបង់ចោលយើងពេលយើងមានការពិបាក ហើយថាការបន្តនៅក្នុងអង្គការលោក នឹងធ្វើឲ្យជីវិតយើងកាន់តែពិបាក។ វាចង់ឲ្យយើងភ័យខ្លាចពេលបងប្អូនប្រុសដែលមានភារកិច្ចបានត្រូវគេបង្កាច់បង្ខូច បៀតបៀន ឬចាប់ដាក់គុក។ ម្យ៉ាងទៀត តាមរយៈការចំអកមើលងាយ សាថានចង់ឲ្យយើងឈប់ទុកចិត្តខ្នាតតម្រារបស់ព្រះយេហូវ៉ានិងអង្គការលោកបន្តិចម្ដងៗ។ ប៉ុន្តែ យើងដឹងច្បាស់អំពីកលល្បិចដ៏អាក្រក់របស់វា ហើយយើងមិនចាញ់បោកវាទេ។ (២កូ. ២:១១) សូមតាំងចិត្តបដិសេធពាក្យកុហករបស់សាថាន ហើយរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការលោក។ សូមចាំថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលអ្នកឡើយ។ (ចសព. ២៨:៧) ដូច្នេះ សូមកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ា!—រ៉ូម ៨:៣៥-៣៩
១៨. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ ក្នុងអត្ថបទនេះ យើងបានពិចារណាការពិបាកដែលយើងប្រហែលជាជួបពីខាងក្រៅក្រុមជំនុំ។ ប៉ុន្តែ ទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ានិងអង្គការលោក ក៏អាចត្រូវសាកល្បងដោយការពិបាកដែលមកពីក្នុងក្រុមជំនុំដែរ។ តើយើងអាចធ្វើយ៉ាងណាពេលមានការពិបាកបែបនេះ? យើងនឹងពិចារណាសំណួរនេះក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ១១៨ «សូមជួយយើងឲ្យមានជំនឿថែមទៀត»
a ដើម្បីស៊ូទ្រាំដោយស្មោះត្រង់ក្នុងគ្រាចុងក្រោយបង្អស់នេះ យើងត្រូវបន្តទុកចិត្តព្រះយេហូវ៉ានិងអង្គការលោក។ មេកំណាចព្យាយាមប្រើទុក្ខលំបាកផ្សេងៗដើម្បីធ្វើឲ្យយើងលែងមានទំនុកចិត្តនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាការពិបាកបីដែលមេកំណាចប្រើ និងអ្វីដែលយើងអាចធ្វើដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអង្គការលោក។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។