អត្ថបទសិក្សា ៤៦
របៀបព្រះយេហូវ៉ាធានាសេចក្ដីសន្យារបស់លោកអំពីសួនឧទ្យាន
«អ្នកណាដែលស្វែងរកពរសម្រាប់ខ្លួននៅផែនដី នឹងទទួលពរពីព្រះនៃសេចក្ដីពិត»។—អេ. ៦៥:១៦
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
សេចក្ដីសង្ខេបa
១. តើអ្នកប្រកាសទំនាយអេសាយមានដំណឹងអ្វីចំពោះជនរួមជាតិរបស់គាត់?
អ្នកប្រកាសទំនាយអេសាយ បានរៀបរាប់អំពីព្រះយេហូវ៉ាថាជា«ព្រះនៃសេចក្ដីពិត»។ ពាក្យដែលបានត្រូវបកប្រែថា«សេចក្ដីពិត»មានន័យត្រង់ថា«អាមេន»។ (អេ. ៦៥:១៦) ពាក្យ«អាមេន»មានន័យថា«សូមឲ្យកើតឡើង»ឬ«ពិតប្រាកដ»។ ក្នុងគម្ពីរ ពាក្យ«អាមេន»ច្រើនតែបានត្រូវប្រើដើម្បីបង្ហាញការប្រាកដថាអ្វីដែលព្រះយេហូវ៉ាឬលោកយេស៊ូមានប្រសាសន៍ឬធ្វើ គឺជាការពិត។។ ដូច្នេះ ដំណឹងរបស់អេសាយទៅកាន់ជនរួមជាតិរបស់គាត់គឺច្បាស់ថា អ្វីដែលព្រះយេហូវ៉ាប្រកាសទុកជាមុនតែងតែគួរឲ្យទុកចិត្ត។ តាមពិត ព្រះយេហូវ៉ាតែងតែបានសម្រេចពាក្យសន្យារបស់លោក។
២. ហេតុអ្វីយើងអាចទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្ដីអំពីអនាគតរបស់យើង ហើយតើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះ?
២ តើយើងក៏អាចមានទំនុកចិត្តថា សេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះអនាគតរបស់យើងនឹងក្លាយជាការពិតឬទេ? ជិត៨០០ឆ្នាំក្រោយពីសម័យអេសាយ សាវ័កប៉ូលបានពន្យល់មូលហេតុដែលសេចក្ដីសន្យារបស់ព្រះតែងតែគួរឲ្យទុកចិត្ត។ ប៉ូលនិយាយថា៖ «ព្រះមិនអាចកុហកបាន»។ (ហេ. ៦:១៨) ដូចទឹកសាបនិងទឹកប្រៃមិនអាចផុសចេញពីប្រភពទឹកតែមួយបានទេ ព្រះយេហូវ៉ាដែលជាប្រភពនៃសេចក្ដីពិតមិនអាចនិយាយកុហកឡើយ។ យ៉ាងនេះ យើងអាចមានទំនុកចិត្តទាំងស្រុងលើអ្វីទាំងអស់ដែលព្រះយេហូវ៉ាមានប្រសាសន៍ រួមមានសេចក្ដីសន្យាទាំងអស់របស់លោកចំពោះអនាគតរបស់យើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីសំណួរដូចតទៅនេះ៖ តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះយើងនៅថ្ងៃអនាគត? តើព្រះយេហូវ៉ាបានផ្ដល់ការធានាយ៉ាងណាថាសេចក្ដីសន្យារបស់លោកនឹងក្លាយជាការពិត?
តើព្រះយេហូវ៉ាបានសន្យាអ្វី?
៣. (ក) តើអ្នកបម្រើរបស់ព្រះឲ្យតម្លៃយ៉ាងខ្លាំងចំពោះសេចក្ដីសន្យាអ្វី? (ការបើកបង្ហាញ ២១:៣, ៤) (ខ) តើអ្នកខ្លះមានប្រតិកម្មយ៉ាងណាពេលយើងបង្ហាញពួកគេអំពីសេចក្ដីសន្យានេះ?
៣ សេចក្ដីសន្យាដែលយើងនឹងពិចារណាគឺមានតម្លៃវិសេសវិសាលចំពោះអ្នកបម្រើរបស់ព្រះនៅទូទាំងពិភពលោក។ (សូមអាន ការបើកបង្ហាញ ២១:៣, ៤) ព្រះយេហូវ៉ាសន្យាថានឹងមានគ្រាមួយដែល«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។ យើងជាច្រើននាក់ប្រើបទគម្ពីរដ៏គួរឲ្យកក់ក្ដៅនេះអំពីជីវិតក្នុងសួនឧទ្យានពេលផ្សព្វផ្សាយដល់អ្នកឯទៀត។ តើមនុស្សខ្លះមានប្រតិកម្មយ៉ាងណាពេលយើងបង្ហាញពួកគេអំពីសេចក្ដីសន្យានេះ? ពួកគេប្រហែលជានិយាយថា «ស្ដាប់ទៅនេះគឺល្អពេក!»។
៤. (ក) តើព្រះយេហូវ៉ាដឹងអ្វីខ្លះទុកជាមុន? (ខ) តើព្រះយេហូវ៉ាធ្វើអ្វីលើសពីពោលពាក្យសន្យា?
៤ ពេលព្រះយេហូវ៉ាដឹកនាំសាវ័កយ៉ូហានឲ្យកត់ទុកសេចក្ដីសន្យានេះអំពីជីវិតក្នុងសួនឧទ្យាន លោកដឹងថាយើងសព្វថ្ងៃនឹងប្រាប់សេចក្ដីសង្ឃឹមនេះដល់អ្នកឯទៀតពេលផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រ។ ព្រះយេហូវ៉ាក៏បានដឹងទុកជាមុនថាមនុស្សជាច្រើននឹងពិបាកជឿថានៅថ្ងៃអនាគត នឹងមានការផ្លាស់ប្ដូរទាំងនេះ។ (អេ. ៤២:៩; ៦០:២; ២កូ. ៤:៣, ៤) ដូច្នេះ តើតាមរបៀបណាយើងអាចធ្វើឲ្យអ្នកឯទៀតនិងខ្លួនឯងប្រាកដថាពរដែលរៀបរាប់នៅការបើកបង្ហាញ ២១:៣, ៤នឹងក្លាយជាការពិត? តាមពិត ព្រះយេហូវ៉ាផ្ដល់មូលហេតុដ៏គួរឲ្យជឿជាក់ដែលយើងអាចទុកចិត្តថាលោកនឹងធ្វើតាមសេចក្ដីសន្យានោះ។ តើលោកបានផ្ដល់មូលហេតុអ្វី?
ព្រះយេហូវ៉ាធានាសេចក្ដីសន្យារបស់លោក
៥. តើយើងមានមូលហេតុអ្វីខ្លះដើម្បីទុកចិត្តលើសេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាន ហើយតើមូលហេតុទាំងនោះនៅកន្លែងណា?
៥ យើងអាចឃើញមូលហេតុដើម្បីទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីសួនឧទ្យានក្នុងខគម្ពីរបន្ទាប់។ នៅទីនេះយើងអានថា៖ «លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី›។ ម្យ៉ាងទៀត លោកមានប្រសាសន៍ថា៖ ‹ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់›។ លោកក៏មានប្រសាសន៍មកខ្ញុំថា៖ ‹ការទាំងនោះបានសម្រេចហើយ! ខ្ញុំជាអាលផានិងជាអូមេហ្គា ជាដើមនិងជាចុង›»។—បប. ២១:៥, ៦ក
៦. ហេតុអ្វីពាក្យដែលបានត្រូវកត់ទុកនៅការបើកបង្ហាញ ២១:៥, ៦ពង្រឹងទំនុកចិត្តយើងលើសេចក្ដីសន្យារបស់ព្រះ?
៦ ហេតុអ្វីខគម្ពីរទាំងនេះពង្រឹងទំនុកចិត្តរបស់យើងលើសេចក្ដីសន្យារបស់ព្រះ? ក្នុងខទាំងនេះ អ្វីដែលព្រះយេហូវ៉ាធ្វើ អាចប្រដូចទៅនឹងការចុះហត្ថលេខាលើឯកសារមួយ ដែលពង្រឹងទំនុកចិត្តយើងថាលោកនឹងធ្វើតាមសេចក្ដីសន្យារបស់លោកជាក់ជាមិនខាន។ សេចក្ដីសន្យារបស់ព្រះបានត្រូវកត់ទុកនៅការបើកបង្ហាញ ២១:៣, ៤។ ប៉ុន្តែបន្ទាប់មកនៅខ៥និង៦ គឺហាក់ដូចជាព្រះយេហូវ៉ាបន្ថែមហត្ថលេខារបស់លោកដែលធានាថាសេចក្ដីសន្យានោះនឹងកើតឡើងជាពិតប្រាកដ។ សូមយើងពិនិត្យមើលយ៉ាងដិតដល់ជាងអំពីពាក្យដែលព្រះយេហូវ៉ាប្រើក្នុងការធានារបស់លោក។
៧. តើអ្នកណាចាប់ផ្ដើមនិយាយក្នុងខ៥ ហើយហេតុអ្វីនេះពិសេស?
៧ ការធានារបស់ព្រះចាប់ផ្ដើមដោយពាក្យថា៖«លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា»។ (បប. ២១:៥ក) ពាក្យផ្ដើមទាំងនេះគឺពិសេស ដោយសារនេះគឺមួយលើកក្នុងចំណោមតែបីលើកនៅក្នុងសៀវភៅការបើកបង្ហាញដែលព្រះយេហូវ៉ាមានប្រសាសន៍ដោយផ្ទាល់។ ដូច្នេះ ការធានានេះមិនមែនផ្ដល់ដោយទេវតាដ៏ខ្លាំងក្លាមួយរូប ហើយថែមទាំងមិនមែនដោយលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញទេ តែដោយព្រះយេហូវ៉ាផ្ទាល់! នេះបង្ហាញថាយើងអាចទុកចិត្តទាំងស្រុងទៅលើអ្វីដែលលោកមានប្រសាសន៍បន្ទាប់មក។ ហេតុអ្វីដូច្នេះ? ពីព្រោះព្រះយេហូវ៉ា«មិនអាចកុហកឡើយ»។ (ទីត. ១:២) យ៉ាងនេះ ពាក្យដែលយើងអាននៅការបើកបង្ហាញ ២១:៥, ៦នឹងក្លាយជាការពិតជាក់ជាមិនខាន។
«មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»
៨. តើព្រះយេហូវ៉ាលើកបញ្ជាក់យ៉ាងដូចម្ដេចថាសេចក្ដីសន្យារបស់លោកនឹងក្លាយជាការពិត? (អេសាយ ៤៦:១០)
៨ បន្ទាប់មក សូមយើងពិចារណាអំពីពាក្យ«មើល!»។ (បប. ២១:៥) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«មើល!»បានត្រូវប្រើម្ដងហើយម្ដងទៀតក្នុងសៀវភៅការបើកបង្ហាញ។ ឯកសារយោងមួយចែងថា ពាក្យនេះបានត្រូវប្រើជា«របៀបមួយដើម្បីប្រាប់អ្នកអានឲ្យយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះអ្វីដែលនៅបន្ទាប់មក»។ តើពាក្យបន្ទាប់របស់ព្រះជាអ្វី? លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ ពិតមែន ព្រះយេហូវ៉ាកំពុងមានប្រសាសន៍អំពីការផ្លាស់ប្ដូរនៅថ្ងៃអនាគត ប៉ុន្តែចំពោះលោក ពាក្យសន្យាដែលលោកបានមានប្រសាសន៍នេះគឺពិតជានឹងកើតឡើងជាក់ជាមិនខាន បានជាលោកមានប្រសាសន៍ហាក់ដូចជាការផ្លាស់ប្ដូរទាំងនេះកំពុងកើតឡើង។—សូមអាន អេសាយ ៤៦:១០
៩. (ក) តើឃ្លា«កំពុងធ្វើអ្វីៗទាំងអស់ថ្មី»សំដៅទៅលើសកម្មភាពពីរយ៉ាងអ្វីរបស់ព្រះយេហូវ៉ា? (ខ) តើអ្វីនឹងកើតឡើងចំពោះ«មេឃ»និង«ផែនដី»ដែលមានរួចហើយ?
៩ សូមយើងពិចារណាអំពីឃ្លាបន្ទាប់នៅការបើកបង្ហាញ ២១:៥ ដែលថា៖ «កំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ ក្នុងជំពូកនេះនៃគម្ពីរ ឃ្លានេះសំដៅទៅលើសកម្មភាពពីររបស់ព្រះយេហូវ៉ា គឺការជំនួសនិងការស្ថាបនាឡើងវិញ។ ដំបូងតើព្រះយេហូវ៉ានឹងជំនួសអ្វី? នៅការបើកបង្ហាញ ២១:១ យើងអានថា៖ «មេឃនិងផែនដីដែលមានពីមុនបានកន្លងបាត់ទៅហើយ»។ «មេឃ . . . ដែលមានពីមុន» សំដៅទៅលើរដ្ឋាភិបាលដែលទទួលឥទ្ធិពលពីសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ (ម៉ាថ. ៤:៨, ៩; ១យ៉ូន. ៥:១៩) ក្នុងគម្ពីរ ពាក្យ«ផែនដី»អាចសំដៅលើមនុស្សនៅផែនដី។ (ដក. ១១:១; ចសព. ៩៦:១) ដូច្នេះ«ផែនដីដែលមានពីមុន»សំដៅលើសង្គមមនុស្សអាក្រក់នៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ានឹងមិនគ្រាន់តែកែឆ្នៃឬធ្វើឲ្យ«មេឃ»និង«ផែនដី»ដែលមានរួចហើយល្អប្រសើរប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ លោកនឹងបំផ្លាញនោះទាំងស្រុង។ លោកនឹងជំនួសមេឃនិងផែនដីនៅបច្ចុប្បន្ននេះទៅនឹង«មេឃថ្មីនិងផែនដីថ្មី» ពោលគឺរដ្ឋាភិបាលថ្មីនិងសង្គមមនុស្សថ្មី។
១០. តើព្រះយេហូវ៉ានឹងធ្វើអ្វីខ្លះជាថ្មី?
១០ តើព្រះយេហូវ៉ានឹងធ្វើអ្វីៗទាំងអស់ថ្មីតាមរបៀបណាទៀត? (បប. ២១:៥) ព្រះយេហូវ៉ានឹងធ្វើឲ្យផែនដីនិងមនុស្សជាតិទៅជាថ្មីដោយឲ្យមានភាពល្អឥតខ្ចោះ។ ដូចអេសាយបានប្រកាសទុកជាមុន ផែនដីទាំងមូលនឹងទៅជាសួនឧទ្យានមួយ ហាក់ដូចជាសួនអេដែនពេញផែនដី។ លោកក៏នឹងធ្វើឲ្យយើងទៅជាថ្មី ដោយធ្វើឲ្យយើងម្នាក់ៗជាទាំងស្រុង។ មនុស្សងងឹតភ្នែក មនុស្សខ្វិន និងមនុស្សថ្លង់នឹងជាសះស្បើយ ហើយសូម្បីតែមនុស្សស្លាប់ក៏នឹងមានជីវិតឡើងវិញ។—អេ. ២៥:៨; ៣៥:១-៧
«ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់ . . . ការទាំងនោះបានសម្រេចហើយ!»
១១. តើព្រះយេហូវ៉ាបានឲ្យបង្គាប់និងមូលហេតុអ្វីដល់យ៉ូហាន?
១១ តើព្រះបានមានប្រសាសន៍អ្វីទៀតដើម្បីពង្រឹងទំនុកចិត្តយើងថាយើងអាចទុកចិត្តលោក? ព្រះយេហូវ៉ាបានប្រាប់យ៉ូហានថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»។ (បប. ២១:៥) ព្រះយេហូវ៉ាមិនគ្រាន់តែបង្គាប់ឲ្យ«ចូរសរសេរ»ប៉ុណ្ណោះទេ តែលោកក៏ផ្ដល់មូលហេតុផងដែរ។ លោកបានមានប្រសាសន៍ថា៖ «ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់»។ យើងសប្បាយចិត្តដែលយ៉ូហានបានធ្វើតាមបង្គាប់ឲ្យ«សរសេរ»ពាក្យទាំងនេះ។ ហេតុនេះ យើងអាចអានអំពីសេចក្ដីសន្យារបស់ព្រះស្ដីអំពីសួនឧទ្យាន ហើយរំពឹងគិតអំពីពរដ៏អស្ចារ្យដែលយើងនឹងទទួលនៅថ្ងៃខាងមុខ។
១២. ហេតុអ្វីព្រះយេហូវ៉ាអាចនិយាយថា៖ «ការទាំងនោះបានសម្រេចហើយ!»?
១២ តើព្រះបានមានប្រសាសន៍អ្វីនៅបន្ទាប់មក? លោកបានមានប្រសាសន៍ថា៖ «ការទាំងនោះបានសម្រេចហើយ!»។ (បប. ២១:៦) ហេតុអ្វីព្រះយេហូវ៉ាបានមានប្រសាសន៍ថាសេចក្ដីសន្យាទាំងនេះបានក្លាយជាការពិតរួចហើយ? លោកអាចនិយាយដូច្នេះបានដោយសារគ្មានអ្វីអាចបញ្ឈប់លោកពីការសម្រេចគោលបំណងរបស់លោកឡើយ។ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មួយទៀតដែលពង្រឹងទំនុកចិត្តយើងថាសេចក្ដីសន្យារបស់លោកនឹងក្លាយជាការពិតជាក់ជាមិនខាន។ តើនោះគឺជាអ្វី?
«ខ្ញុំជាអាលផានិងជាអូមេហ្គា»
១៣. ហេតុអ្វីព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំជាអាលផានិងអូមេហ្គា»?
១៣ ដូចបានត្រូវរៀបរាប់នៅខាងលើ ព្រះយេហូវ៉ាមានប្រសាសន៍ដោយផ្ទាល់អស់បីដងក្នុងការបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិត។ (បប. ១:៨; ២១:៥, ៦; ២២:១៣) រាល់ដង ព្រះយេហូវ៉ាមានប្រសាសន៍ដដែលថា៖ «ខ្ញុំជាអាលផានិងជាអូមេហ្គា»។ អាលផាជាតួអក្សរមុនគេបង្អស់ ហើយអូមេហ្គាជាតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច។ ដោយប្រើការពណ៌នាថា«អាលផានិងអូមេហ្គា» ព្រះយេហូវ៉ាបង្ហាញថាពេលលោកចាប់ផ្ដើមធ្វើអ្វីណាមួយ លោកនឹងធ្វើឲ្យនោះសម្រេច។
ពេលព្រះយេហូវ៉ាចាប់ផ្ដើមធ្វើអ្វីមួយ លោកនឹងសម្រេចឲ្យចប់សព្វគ្រប់ (សូមមើលវគ្គ១៤, ១៧)
១៤. (ក) សូមលើកឧទាហរណ៍មួយអំពីពេលដែលព្រះយេហូវ៉ាហាក់ដូចជាមានប្រសាសន៍ថា«អាលផា» និងពេលដែលហាក់ដូចជាលោកមានប្រសាសន៍ថា«អូមេហ្គា»។ (ខ) តើមានការធានាអ្វីនៅដើមកំណើត ២:១-៣?
១៤ ក្រោយពីព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា លោកបានប្រាប់អំពីគោលបំណងដើមរបស់លោកចំពោះមនុស្សជាតិនិងផែនដី។ គម្ពីរចែងថា៖ «ព្រះបានឲ្យពរពួកគេ ហើយមានប្រសាសន៍ថា៖ ‹ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយចូរគ្រប់គ្រងផែនដី›»។ (ដក. ១:២៨) ពេលព្រះយេហូវ៉ាមានប្រសាសន៍នៅដើមដំបូងអំពីគោលបំណងរបស់លោក នោះហាក់ដូចជាលោកបានមានប្រសាសន៍ថា«អាលផា» គឺថានឹងមានគ្រាមកដល់ ពេលកូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ាមានពេញពាសលើផែនដី ហើយប្រែក្លាយផែនដីទៅជាសួនឧទ្យាន។ នៅពេលអនាគតនោះ ព្រះយេហូវ៉ានឹងហាក់ដូចជាមានប្រសាសន៍ថា៖ «អូមេហ្គា»។ ក្រោយពីព្រះយេហូវ៉ាបាន«បង្កើតអ្វីៗទាំងអស់នៅលើមេឃនិងផែនដីរួចរាល់» លោកបានផ្ដល់ការធានាមួយដែលមាននៅដើមកំណើត ២:១-៣។ (សូមអាន) ព្រះយេហូវ៉ាបានកំណត់ទុកថ្ងៃទី៧ជាថ្ងៃពិសិដ្ឋចំពោះលោក។ តើនោះមានន័យយ៉ាងណា? នោះមានន័យថាលោកបានញែកថ្ងៃទី៧ដើម្បីបង្ហើយគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី។ ដូច្នេះ ពេលលោកទុកថ្ងៃទី៧ជាថ្ងៃពិសិដ្ឋ នោះគឺហាក់ដូចជាលោកបានមានប្រសាសន៍ថាគោលបំណងរបស់លោកនឹងត្រូវសម្រេចទាំងស្រុងនៅចុងបញ្ចប់នៃថ្ងៃនោះ។
១៥. ហេតុអ្វីប្រហែលជាមើលទៅសាថានបានរារាំងគោលបំណងរបស់ព្រះចំពោះមនុស្សជាតិមិនឲ្យសម្រេច?
១៥ ក្រោយពីអាដាមនិងអេវ៉ាបានបះបោរ ពួកគាត់បានទៅជាអ្នកប្រព្រឹត្តអំពើខុសឆ្គង ហើយបានចម្លងភាពខុសឆ្គងនិងសេចក្ដីស្លាប់ទៅឲ្យកូនចៅរបស់ពួកគាត់។ (រ៉ូម ៥:១២) ជាលទ្ធផល ប្រហែលជាមើលទៅសាថានបានរារាំងគោលបំណងរបស់ព្រះដែលឲ្យមនុស្សល្អឥតខ្ចោះនិងដែលស្ដាប់បង្គាប់មានពេញពាសផែនដី។ គឺមើលទៅហាក់ដូចជាសាថានបានធ្វើឲ្យព្រះយេហូវ៉ាមិនអាចមានប្រសាសន៍ថា«អូមេហ្គា»។ សាថានប្រហែលជាគិតថាព្រះយេហូវ៉ាមិនមានជម្រើសច្រើនទេ។ ជម្រើសមួយគឺថាលោកត្រូវតែសម្លាប់អាដាមនិងអេវ៉ា ហើយបង្កើតគូប្ដីប្រពន្ធដ៏ល្អឥតខ្ចោះមួយទៀតដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ ប៉ុន្តែបើព្រះបានធ្វើដូច្នេះ មេកំណាចនឹងចោទប្រកាន់លោកថាជាអ្នកកុហក។ ហេតុអ្វី? ពីព្រោះដូចបានត្រូវកត់ទុកនៅដើមកំណើត ១:២៨ ព្រះយេហូវ៉ាបានប្រាប់អាដាមនិងអេវ៉ាថាកូនចៅរបស់ពួកគាត់នឹងមានពេញពាសលើផែនដី។
១៦. ហេតុអ្វីសាថានប្រហែលជាគិតថាវាអាចចោទប្រកាន់ព្រះយេហូវ៉ាថាជាអ្នកបរាជ័យ?
១៦ តើសាថានប្រហែលជាបានគិតថាព្រះអាចមានជម្រើសផ្សេងទៀតអ្វី? ប្រហែលជាសាថានបានគិតថាព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យអាដាមនិងអេវ៉ាបង្កើតកូនមិនល្អឥតខ្ចោះដែលនឹងមិនអាចទៅជាល្អឥតខ្ចោះបានទេ។ (អទ. ៧:២០; រ៉ូម ៣:២៣) ក្នុងករណីនេះ មេកំណាចច្បាស់ជានឹងចោទប្រកាន់ព្រះយេហូវ៉ាថាជាអ្នកបរាជ័យ។ ហេតុអ្វី? ពីព្រោះនេះនឹងមិនសម្រេចគោលបំណងរបស់ព្រះទេ ពោលគឺកូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ានឹងមានពេញពាសលើផែនដីដែលជាសួនឧទ្យាន។
១៧. តើតាមរបៀបណាព្រះយេហូវ៉ាដោះស្រាយការបះបោររបស់សាថាននិងមនុស្សដំបូង ហើយតើនោះនឹងមានលទ្ធផលអ្វី? (សូមមើលរូបភាពផងដែរ)
១៧ សាថានមិនអាចស្រមៃឃើញអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើទេ។ ព្រះយេហូវ៉ាមានដំណោះស្រាយល្អបំផុតដើម្បីសម្រេចគោលបំណងរបស់លោក ទោះជាសាថាន អាដាម និងអេវ៉ាបានបះបោរក្ដី។ (ចសព. ៩២:៥) ជាជាងធ្វើជាអ្នកកុហក ព្រះយេហូវ៉ាបានបង្ហាញថាលោកគឺពិតត្រង់ ដោយអនុញ្ញាតឲ្យអាដាមនិងអេវ៉ាបង្កើតកូន។ ម្យ៉ាងទៀត ជាជាងធ្វើជាអ្នកបរាជ័យ ព្រះយេហូវ៉ាបង្ហាញថាលោកជាអ្នកទទួលជោគជ័យ។ លោកបានធ្វើឲ្យប្រាកដថាគោលបំណងរបស់លោកនឹងក្លាយជាការពិត ដោយឲ្យ«ពូជ»ដែលនឹងសង្គ្រោះកូនចៅដែលស្ដាប់បង្គាប់របស់អាដាមនិងអេវ៉ា។ (ដក. ៣:១៥; ២២:១៨) ពូជនេះនឹងឲ្យជីវិតជាថ្លៃលោះដើម្បីសង្គ្រោះមនុស្សជាតិ។ សាថានមិនរំពឹងថានឹងមានដំណោះស្រាយបែបនេះទេ! ហេតុអ្វី? ពីព្រោះថ្លៃលោះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន។ (ម៉ាថ. ២០:២៨; យ៉ូន. ៣:១៦) សាថានមិនមានគុណសម្បត្តិនេះទេ។ វាគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ តើនឹងមានអ្វីកើតឡើងដោយសារការរៀបចំឲ្យមានថ្លៃលោះ? នៅដំណាច់នៃការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត កូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ា នឹងរស់នៅផែនដីជាសួនឧទ្យាន ដូចគោលបំណងដើមដំបូងរបស់ព្រះយេហូវ៉ា។ នៅពេលនោះ ព្រះយេហូវ៉ានឹងហាក់ដូចជាមានប្រសាសន៍ថា«អូមេហ្គា»។
របៀបយើងពង្រឹងទំនុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីសួនឧទ្យាន
១៨. តើព្រះពង្រឹងទំនុកចិត្តយើងតាមរបៀបបីយ៉ាងអ្វី? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «មូលហេតុបីឲ្យទុកចិត្តសេចក្ដីសន្យារបស់ព្រះយេហូវ៉ា»)
១៨ ក្នុងអត្ថបទនេះ យើងបានពិចារណាអំពីមូលហេតុដែលយើងអាចប្រាកដថាផែនដីនឹងទៅជាសួនឧទ្យាន។ តើយើងអាចប្រាប់អ្វីដល់អ្នកឯទៀតដើម្បីពង្រឹងទំនុកចិត្តពួកគេថានេះនឹងកើតឡើងពិតមែន? យើងអាចប្រាប់ពួកគេថា៖ ទី១ ព្រះយេហូវ៉ាបានសន្យាដោយផ្ទាល់។ សៀវភៅការបើកបង្ហាញចែងថា៖ «លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី›»។ លោកមានប្រាជ្ញា ឫទ្ធានុភាព និងបំណងប្រាថ្នាដើម្បីធ្វើឲ្យសេចក្ដីសន្យារបស់លោកក្លាយជាការពិត។ ទី២ សេចក្ដីសន្យារបស់លោកនឹងសម្រេចជាក់ជាមិនខាន រហូតដល់តាមទស្សនៈរបស់លោកគឺហាក់ដូចជាបានកើតឡើងរួចហើយ។ ហេតុនេះ លោកមានប្រសាសន៍ថា៖ «ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់ . . . ការទាំងនោះបានសម្រេចហើយ!»។ ទី៣ ពេលព្រះយេហូវ៉ាចាប់ផ្ដើមធ្វើអ្វីណាមួយ លោកនឹងធ្វើនោះឲ្យបានសម្រេចដូចដែលបានបញ្ជាក់ដោយពាក្យថា៖ «ខ្ញុំជាអាលផានិងជាអូមេហ្គា»។ ព្រះយេហូវ៉ានឹងបង្ហាញថា សាថានគឺជាអ្នកកុហកនិងជាអ្នកបរាជ័យ។
១៩. ពេលគេសង្ស័យសេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាន តើអ្នកអាចធ្វើអ្វី?
១៩ សូមចាំថា រាល់ដងដែលអ្នកប្រាប់ការធានារបស់ព្រះដល់ពួកអ្នកដែលអ្នកជួបក្នុងកិច្ចបម្រើផ្សាយ អ្នកពង្រឹងទំនុកចិត្តរបស់អ្នកផ្ទាល់លើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ដូច្នេះនៅលើកក្រោយ ពេលអ្នកអានសេចក្ដីសន្យាដ៏គួរឲ្យកក់ក្ដៅអំពីសួនឧទ្យាននៅថ្ងៃខាងមុខដូចដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ២១:៤ ហើយអ្នកណាម្នាក់និយាយថា៖ «ស្ដាប់ទៅនេះគឺល្អពេក» តើអ្នកអាចធ្វើអ្វី? អ្នកអាចអាននិងពន្យល់ខ៥និង៦ដល់ពួកគេ។ សូមបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាបានធានាសេចក្ដីសន្យារបស់លោក ដោយហាក់ដូចជាលោកចុះហត្ថលេខាដោយផ្ទាល់។—អេ. ៦៥:១៦
ចម្រៀងលេខ១៤៥ សេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាន
a ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីការធានាដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យដើម្បីពង្រឹងទំនុកចិត្តយើងថា សេចក្ដីសន្យារបស់លោកអំពីសួនឧទ្យាននឹងក្លាយជាការពិត។ រាល់ដងដែលយើងប្រាប់អ្នកឯទៀតអំពីការធានានេះ យើងពង្រឹងទំនុកចិត្តយើងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។