បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 វិច្ឆិកា ទំ. ៨-៩
  • តើ​ខ្ញុំ​គួរ​ឈប់​បើក​បរ​ឬ​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​គួរ​ឈប់​បើក​បរ​ឬ​ទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • ចូរ​ពិនិត្យ​ពិចារណា​អំពី​ការ​បើក​បរ​របស់​អ្នក
  • ចូរ​ឲ្យ​គោល​ការណ៍​គម្ពីរ​ណែនាំ​អ្នក
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 វិច្ឆិកា ទំ. ៨-៩
បង​ប្រុស​វ័យ​ចាស់​ម្នាក់​អង្គុយ​នៅ​ក្បែរ​បង្អួច ហើយ​មើល​ទៅ​ឡាន​របស់​គាត់​នៅ​ខាង​ក្រៅ​ផ្ទះ។ គាត់​កាន់​សោ​ឡាន​នៅ​ដៃ កាល​ដែល​គាត់​គិត​ពិចារណា។

តើ​ខ្ញុំ​គួរ​ឈប់​បើក​បរ​ឬ​ទេ?

អ្នក​បាន​បើក​បរ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ចូល​ចិត្ត​បើក​ឡាន​ឬ​ម៉ូតូ​របស់​អ្នក ហើយ​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ ក្រុម​គ្រួសារ​និង​មិត្ត​ជា​ទី​ស្រឡាញ់​របស់​អ្នក​បារម្ភ ហើយ​ចង់​ឲ្យ​អ្នក​គិត​ឡើង​វិញ​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ស្ដី​អំពី​ការ​បន្ត​បើក​បរ។ អ្នក​មិន​យល់​មូលហេតុ​ដែល​ពួក​គេ​បារម្ភ​អំពី​អ្នក​ទេ។

តើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​នេះ​ឬ​ទេ? បើ​ដូច្នេះ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ថា​អ្នក​គួរ​បន្ត​បើក​បរ​ឬ​យ៉ាង​ណា?

នៅ​ប្រទេស​ខ្លះ អ្នក​បើក​បរ​ដែល​ហួស​អាយុ​កំណត់​ដែល​ចង់​បន្ត​ប័ណ្ណ​បើក​បរ ត្រូវ​តែ​ទទួល​ការ​អនុញ្ញាត​ឬ​ការ​ពិនិត្យ​ពី​គ្រូ​ពេទ្យ។ គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ប្រទេស​ទាំង​នោះ ធ្វើ​តាម​ច្បាប់​និង​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​ដែល​ទទួល​អំណាច​ពី​រដ្ឋាភិបាល។ (​រ៉ូម ១៣:១​) ប៉ុន្តែ មិន​ថា​អ្នក​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មាន​វិធី​ផ្សេង​ៗ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​ថា អ្នក​មាន​សមត្ថភាព​បើក​បរ​ដោយ​សុវត្ថិភាព​ឬ​យ៉ាង​ណា។

ចូរ​ពិនិត្យ​ពិចារណា​អំពី​ការ​បើក​បរ​របស់​អ្នក

អង្គការ​មនុស្ស​វ័យ​ចាស់​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​(National Institute on Aging) លើក​ទឹក​ចិត្ត​មនុស្ស​វ័យ​ចាស់​ឲ្យ​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ខ្ញុំ​ពិបាក​អាន​ស្លាក​សញ្ញា​ចរាចរណ៍ ឬ​តើ​ខ្ញុំ​ពិបាក​មើល​ឃើញ​នៅ​ពេល​យប់​ឬ​ទេ?

  • តើ​ខ្ញុំ​លែង​ស្រួល​បត់​បែន​ដូច​ពី​មុន ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ងាក​មើល​កញ្ចក់​ឬ​មើល​កន្លែង​ពិបាក​មើល​ឃើញ​ឬ​ទេ?

  • តើ​ខ្ញុំ​ពិបាក​មាន​ប្រតិកម្ម​រហ័ស​ឬ​ទេ ដូច​ជា​ពេល​លើក​ជើង​ពី​កន្លែង​ជាន់​ហ៊្គែរ​ទៅ​ជាន់​ហ្វ្រាំង?

  • តើ​ខ្ញុំ​បើក​បរ​យឺត​ពេក​រហូត​ដល់​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ឬ​ទេ?

  • ថ្មី​ៗ​នេះ តើ​ខ្ញុំ​ប៊ិះ​នឹង​បុក​គេ​ប៉ុន្មាន​ដង ឬ​តើ​ឡាន​ឬ​ម៉ូតូ​របស់​ខ្ញុំ​មាន​កំពិត​និង​ឆ្កូត​ដោយ​សារ​ខ្ញុំ​បុក​របស់​របរ​ឬ​ទេ?

  • តើ​ខ្ញុំ​ធ្លាប់​ត្រូវ​ប៉ូលិស​បញ្ឈប់​ដោយ​សារ​ការ​បើក​បរ​របស់​ខ្ញុំ​ឬ​ទេ?

  • តើ​ខ្ញុំ​ធ្លាប់​ងោក​ពេល​បើក​បរ​ឬ​ទេ?

  • តើ​ខ្ញុំ​ប្រើ​ថ្នាំ​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​បើក​បរ​របស់​ខ្ញុំ​ឬ​ទេ?

  • តើ​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ​បាន​និយាយ​ថា​ពួក​គេ​បារម្ភ​អំពី​របៀប​បើក​បរ​របស់​ខ្ញុំ​ឬ​ទេ?

បើ​អ្នក​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​មួយ​ឬ​ពីរ អ្នក​ប្រហែល​ជា​ចង់​គិត​ពិចារណា​អំពី​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​ដែល​អ្នក​អាច​ធ្វើ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​អាច​កាត់​បន្ថយ​ការ​បើក​បរ​របស់​អ្នក ជា​ពិសេស​នៅ​ពេល​យប់។ សូម​បន្ត​ពិនិត្យ​មើល​ការ​បើក​បរ​របស់​អ្នក​ឡើង​វិញ​ជា​រឿយ​ៗ។ អ្នក​ប្រហែល​ជា​អាច​សុំ​មតិ​ពី​សមាជិក​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​អ្នក​ថា ការ​បើក​បរ​របស់​អ្នក​យ៉ាង​ណា​ដែរ។ អ្នក​ក៏​ប្រហែល​ជា​អាច​ចូល​វគ្គ​សិក្សា​ដើម្បី​បើក​បរ​ដោយ​មាន​សុវត្ថិភាព​ជាង។ ប៉ុន្តែ បើ​អ្នក​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​មួយ​ចំនួន​នៅ​ខាង​លើ គឺ​ប្រហែល​ជា​ល្អ​ឲ្យ​អ្នក​ឈប់​បើក​បរ។

ចូរ​ឲ្យ​គោល​ការណ៍​គម្ពីរ​ណែនាំ​អ្នក

យើង​ប្រហែល​ជា​មិន​កត់​សម្គាល់​ថា សមត្ថភាព​បើក​បរ​របស់​យើង​កំពុង​អន់​ថយ​ទៅ​នោះ​ទេ។ យើង​ក៏​ប្រហែល​ជា​មិន​ស្រួល​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ការ​បើក​បរ​របស់​យើង​ថា យើង​គួរ​ឈប់​បើក​ឬ​យ៉ាង​ណា​ដែរ។ ដូច្នេះ តើ​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​អាច​ជួយ​អ្នក​ឲ្យ​គិត​យ៉ាង​ច្បាស់​លាស់ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ? សូម​ពិចារណា​គោល​ការណ៍​ពីរ​យ៉ាង។

ចូរ​រក្សា​ចិត្ត​សុភាព។ (​សុភ. ១១:២​) កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅ​សមត្ថភាព​មើល​ឃើញ ស្ដាប់​ឮ សាច់​ដុំ និង​ប្រតិកម្ម​រហ័ស​របស់​យើង​ចុះ​ខ្សោយ​ទៅ​ៗ។ ជា​ឧទាហរណ៍ មនុស្ស​ភាគ​ច្រើន​ឈប់​លេង​កីឡា​ខ្លះ​កាល​ដែល​ពួក​គេ​ចាស់​ទៅ ដោយ​សារ​ពួក​គេ​ដឹង​ថា​ពួក​គេ​អាច​ងាយ​រង​របួស។ យើង​អាច​គិត​អំពី​គោល​ការណ៍​ស្រដៀង​នឹង​នេះ​ស្ដី​អំពី​ការ​បើក​បរ។ នៅ​ពេល​មួយ មនុស្ស​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ត​ដោយ​ចិត្ត​សុភាព​ថា គាត់​នឹង​ឈប់​បើក​បរ​ដោយ​គិត​ដល់​សុវត្ថិភាព​ខ្លួន។ (​សុភ. ២២:៣​) ម្យ៉ាង​ទៀត បើ​អ្នក​ឯ​ទៀត​ប្រាប់​ថា​ពួក​គេ​បារម្ភ​អំពី​យើង បុគ្គល​ដែល​មាន​ចិត្ត​សុភាព​នឹង​សុខ​ចិត្ត​ស្ដាប់។—សូម​ពិនិត្យ​បន្ថែម សាំយូអែល​ទី​២ ២១:១៥​-​១៧

ចូរ​ជៀស​វាង​ពី​ការ​មាន​ទោស​ឈាម។ (​បច. ២២:៨​) ឡាន​ឬ​ម៉ូតូ​ប្រៀប​ដូច​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​មួយ បើ​បុគ្គល​ណា​ម្នាក់​បើក​បរ​ដោយ​មិន​សុវត្ថិភាព។ បុគ្គល​ម្នាក់​ដែល​បន្ត​បើក​បរ ទោះ​បី​ជា​សមត្ថភាព​បើក​បរ​របស់​គាត់​អន់​ថយ​ក៏​ដោយ គាត់​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ខ្លួន​និង​អ្នក​ឯ​ទៀត។ បើ​គាត់​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត នោះ​គាត់​អាច​មាន​ទោស​ឈាម​ទៀត​ផង។

បើ​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ថា​គួរ​ឈប់​បើក​បរ​ឬ​យ៉ាង​ណា សូម​ជៀស​វាង​ពី​ការ​គិត​ថា​ខ្លួន​នឹង​បាត់​បង់​តម្លៃ​និង​ការ​គោរព​ពី​អ្នក​ឯ​ទៀត​បើ​អ្នក​ឈប់​បើក​បរ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ដោយ​សារ​គុណ​សម្បត្តិ​របស់​អ្នក​រួម​បញ្ចូល​ចិត្ត​សុភាព ចិត្ត​រាប​ទាប និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត លោក​សន្យា​ថា​លោក​នឹង​ជួយ​អ្នក ហើយ​សម្រាល​ទុក្ខ​អ្នក។ (​អេ. ៤៦:៤​) លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ដូច្នេះ សូម​សុំ​លោក​ឲ្យ​ជួយ​អ្នក​ប្រើ​ប្រាជ្ញា​និង​គោល​ការណ៍​គម្ពីរ កាល​ដែល​អ្នក​សម្រេច​ចិត្ត​ថា​គួរ​ឈប់​បើក​បរ​ឬ​យ៉ាង​ណា។

របៀប​ដែល​អ្នក​ឯ​ទៀត​អាច​ជួយ

តាម​ធម្មតា សមាជិក​ក្រុម​គ្រួសារ​ច្រើន​តែ​ជា​បុគ្គល​ល្អ​បំផុត​ដើម្បី​និយាយ​ជា​មួយ​នឹង​សាច់​ញាតិ​វ័យ​ចាស់​អំពី​ការ​បើក​បរ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត បើ​អ្នក​ជា​មិត្ត​ភក្តិ​របស់​អ្នក​បើក​បរ ហើយ​ឮ​អ្នក​ឯ​ទៀត​បារម្ភ​អំពី​ការ​បើក​បរ​របស់​គាត់ សូម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ។ បើ​បុគ្គល​នោះ​បើក​ឡាន អ្នក​ប្រហែល​ជា​ថែម​ទាំង​អាច​សុំ​ជិះ​ជា​មួយ​គាត់​ទៀត​ផង។ បើ​ចាំ​បាច់ សូម​និយាយ​ជា​មួយ​គាត់​អំពី​ការ​បើក​បរ​របស់​គាត់។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ព្យាយាម​ស្រមៃ​ថា​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​ឯ​ទៀត​និយាយ​ជា​មួយ​អ្នក​អំពី​រឿង​នេះ។ សូម​និយាយ​ដោយ​សប្បុរស តែ​ដោយ​មិន​លាក់​លៀម។ សូម​កុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អាយុ​របស់​គាត់ ដោយ​សារ​អ្នក​ចង់​និយាយ​អំពី​សមត្ថភាព​របស់​គាត់​ក្នុង​ការ​បើក​បរ។ សូម​ប្រើ​ពាក្យ​ដូច​ជា​«​ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព​របស់​បង ពេល​បង​បើក​បរ​»​ ជា​ជាង​និយាយ​ថា​«​បង​លែង​បើក​បរ​ដោយ​សុវត្ថិភាព​ទៀត​ហើយ​»។ សូម​រំលឹក​គាត់​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ចិត្ត​សុភាព​និង​ទោស​ឈាម ហើយ​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា អ្នក​ដឹង​ថា​គាត់​ចង់​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។

យើង​ទាំង​អស់​គ្នា​អាច​ព្យាយាម​យល់​អារម្មណ៍​បុគ្គល​វ័យ​ចាស់​ដែល​ត្រូវ​ឈប់​បើក​បរ។ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​លែង​មាន​សេរី​ភាព និង​លែង​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង​បាន។ តើ​អ្នក​អាច​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច? សូម​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​ផ្ដល់​ជំនួយ​ដល់​គាត់។ (​សុភ. ១៧:១៧​) សូម​កុំ​ចាំ​ឲ្យ​គាត់​សុំ​អ្នក​ជូន​គាត់​ទៅ​កន្លែង​ណា​មួយ ដោយ​សារ​គាត់​អាច​មាន​អារម្មណ៍​ថា​គាត់​ជា​បន្ទុក។ អ្នក​ប្រហែល​ជា​អាច​ស្នើ​សុំ​រៀប​ចំ​កាល​វិភាគ​នាំ​គាត់​ធ្វើ​សកម្មភាព​សំខាន់​ៗ​ដូច​ជា កិច្ច​ប្រជុំ កិច្ច​បម្រើ​ផ្សាយ ទៅ​ផ្សារ និង​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ដើម។ សូម​ប្រាប់​គាត់​ថា​អ្នក​សប្បាយ​ធ្វើ​អ្វី​ទាំង​នេះ​ឲ្យ​គាត់ ហើយ​ចំណាយ​ពេល​ជា​មួយ​គាត់។—រ៉ូម ១:១១, ១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក