បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/២ ទំ. ២៧-២៨
  • អំណោយមួយដែលមិនបានរំពឹងទុកសម្រាប់ប្រទេសជប៉ុន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណោយមួយដែលមិនបានរំពឹងទុកសម្រាប់ប្រទេសជប៉ុន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • តើ​សៀវភៅ​នេះ​ខុស​ប្លែក​យ៉ាង​ណា?
  • សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​តំបន់​ផ្សាយ​ប្រទេស​ជប៉ុន
  • តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា?
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/២ ទំ. ២៧-២៨

អំណោយ​មួយ​ដែល​មិន​បាន​រំពឹង​ទុក​សម្រាប់​ប្រទេស​ជប៉ុន

ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៣ នៅ​កិច្ច​ប្រជុំ​ដ៏​ពិសេស​មួយ​ដែល​បាន​ធ្វើ​ឡើង​នា​ក្រុង​ណាហ្គោយ៉ា ប្រទេស​ជប៉ុន បង​ប្រុស​អានថូនី ម៉ូរីស ដែល​ជា​សមាជិក​គណៈ​អភិបាល​បាន​ប្រកាស​ដំណឹង​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អំពី​ការ​ចេញ​សៀវភៅ​ថ្មី​មួយ​ជា​ភាសា​ជប៉ុន ដែល​មាន​ចំណង​ជើង​ថា គម្ពីរ ដំណឹង​ល្អ​រៀប​រាប់​ដោយ​ម៉ាថាយ។ មាន​មនុស្ស​ជាង​២១០.០០០​នាក់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់ ឬ​មើល​វីដេអូ​ដែល​បាន​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​ពី​កិច្ច​ប្រជុំ​នោះ។ បន្ទាប់​ពី​ពួក​គេ​បាន​ឮ​ដំណឹង​នេះ អស់​អ្នក​ដែល​ចូល​រួម​បាន​បង្ហាញ​អំណរ​របស់​ពួក​គេ​ដោយ​ទះ​ដៃ​យ៉ាង​យូរ។

សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​ម៉ាថាយ​នេះ​បាន​ត្រូវ​បោះ​ពុម្ព​ឡើង​វិញ​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ ប៉ុន្តែ សៀវភៅ​នេះ​ដែល​មាន​១២៨​ទំព័រ​គឺ​ខុស​ប្លែក​ពី​សៀវភៅ​មុន​ៗ។ បង​ម៉ូរីស​បាន​ពន្យល់​ថា សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ជួយ​មនុស្ស​នៅ​តំបន់​ផ្សាយ​ប្រទេស​ជប៉ុន។ តើ​សៀវភៅ​នេះ​ខុស​ប្លែក​យ៉ាង​ណា? ហេតុ​អ្វី​ត្រូវ​ការ​សៀវភៅ​នេះ? ហើយ​តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា?

តើ​សៀវភៅ​នេះ​ខុស​ប្លែក​យ៉ាង​ណា?

មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល ដោយ​សារ​លក្ខណៈ​នៃ​សៀវភៅ​ម៉ាថាយ។ តួ​អក្សរ​ភាសា​ជប៉ុន​អាច​សរសេរ​ជា​ជួរ​បញ្ឈរ ឬ​ជួរ​ផ្ដេក ហើយ​អក្សរ​នៃ​សៀវភៅ​ជា​ច្រើន រួម​បញ្ចូល​សៀវភៅ​របស់​យើង គឺ​សរសេរ​ជា​ជួរ​ផ្ដេក។ ប៉ុន្តែ អក្សរ​នៅ​ក្នុង​សៀវភៅ​ថ្មី​នេះ​បាន​ត្រូវ​សរសេរ​ជា​ជួរ​បញ្ឈរ​ដូច​សារ​ព័ត៌មាន​និង​សៀវភៅ​ផ្សេង​ៗ​ជា​ភាសា​ជប៉ុន។ ចំពោះ​ជន​ជាតិ​ជប៉ុន​ជា​ច្រើន របៀប​សរសេរ​ជា​ជួរ​បញ្ឈរ​គឺ​ងាយ​ស្រួល​អាន​ជាង។ ម្យ៉ាង​ទៀត អក្សរ​នៅ​រឹម​ទំព័រ​ដែល​ធម្មតា​នៅ​ខាង​លើ​ទំព័រ​នីមួយ​ៗ​បាន​ត្រូវ​ប្ដូរ​មក​សរសេរ​ជា​ចំណង​ជើង​តូច​ៗ​វិញ ដើម្បី​ជួយ​អ្នក​អាន​ងាយ​ស្រួល​ជាង​ក្នុង​ការ​សម្គាល់​ចំណុច​សំខាន់​ៗ។

បង​ប្អូន​នៅ​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្ដើម​អាន​សៀវភៅ​ម៉ាថាយ​នេះ​ភ្លាម​ៗ។ បង​ស្រី​ម្នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​ពី​មុន​ខ្ញុំ​បាន​អាន​សៀវភៅ​ម៉ាថាយ​ជា​ច្រើន​ដង ប៉ុន្តែ​របៀប​សរសេរ​ជា​ជួរ​បញ្ឈរ​និង​ចំណង​ជើង​តូច​ៗ​បាន​ជួយ​ខ្ញុំ​យល់​សុន្ទរកថា​នៅ​លើ​ភ្នំ​កាន់​តែ​ច្បាស់​»។ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​បាន​អាន​សៀវភៅ​ម៉ាថាយ​នេះ​ពី​ដើម​ដល់​ចប់​ក្នុង​មួយ​ពេល។ ខ្ញុំ​មាន​ទម្លាប់​អាន​អក្សរ​ជា​ជួរ​ផ្ដេក ប៉ុន្តែ​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​ចូល​ចិត្ត​អាន​អក្សរ​ជា​ជួរ​បញ្ឈរ​ជាង​»។

សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​តំបន់​ផ្សាយ​ប្រទេស​ជប៉ុន

ហេតុ​អ្វី​សៀវភៅ​តែ​មួយ​នេះ​ដែល​ចេញ​ពី​គម្ពីរ​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​តំបន់​ផ្សាយ​ប្រទេស​ជប៉ុន? ទោះ​ជា​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​នាក់​មិន​សូវ​ស្គាល់​គម្ពីរ​ក៏​ដោយ ពួក​គេ​សុខ​ចិត្ត​អាន​សៀវភៅ​នោះ។ ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​ដែល​មិន​ធ្លាប់​ឃើញ​គម្ពីរ​នឹង​មាន​ឱកាស​មាន​គម្ពីរ​មួយ​ផ្នែក​នៅ​ដៃ​របស់​ពួក​គេ ហើយ​អាន​សៀវភៅ​នោះ។

ហេតុ​អ្វី​សៀវភៅ​ម៉ាថាយ​បាន​ត្រូវ​ជ្រើស​រើស? ពេល​ជន​ជាតិ​ជប៉ុន​ភាគ​ច្រើន​ឮ​ពាក្យ​«​គម្ពីរ​»​ ពួក​គេ​គិត​អំពី​លោក​យេស៊ូ​គ្រិស្ត។ ដូច្នេះ សៀវភៅ​ម៉ាថាយ​បាន​ត្រូវ​ជ្រើស​រើស ដោយ​សារ​សៀវភៅ​នេះ​មាន​កំណត់​ហេតុ​អំពី​តំណ​នៃ​វង្ស​ត្រកូល​និង​កំណើត​របស់​លោក​យេស៊ូ ជា​សុន្ទរកថា​ដ៏​ល្បី​ល្បាញ​របស់​លោក និង​ជា​ទំនាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​គ្រា​ចុង​ក្រោយ​បង្អស់។ អ្វី​ទាំង​អស់​នេះ​ជា​ប្រធានបទ​ដែល​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​នាក់​ចាប់​អារម្មណ៍។

អ្នក​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្ដើម​ស្នើ​ផ្ដល់​សៀវភៅថ្មី​នេះ​យ៉ាង​ខ្នះ​ខ្នែង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​និង​នៅ​ពេល​ត្រឡប់​ទៅ​ជួប។ បង​ស្រី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ឥឡូវ ខ្ញុំ​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ស្នើ​ផ្ដល់​បណ្ដាំ​របស់​ព្រះ​ឲ្យ​មនុស្ស​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ តាម​ពិត នា​ពេល​រសៀល​នៅ​ថ្ងៃ​ដែល​មាន​កិច្ច​ប្រជុំ​ពិសេស​នោះ​តែ​ម្ដង ខ្ញុំ​បាន​ស្នើ​ផ្ដល់​សៀវភៅ​ម៉ាថាយ​មួយ​ក្បាល!​»។

តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា?

តើ​តាម​របៀប​ណា​អ្នក​ផ្សព្វ​ផ្សាយ​ស្នើ​ផ្ដល់​សៀវភៅ​ថ្មី​នេះ? ជន​ជាតិ​ជប៉ុន​ជា​ច្រើន​ស្គាល់​ពាក្យ​ដូច​ជា​«​ខ្លោង​ទ្វារ​តូច​»​ ‹គជ់​ខ្យង​នៅ​មុខ​សត្វ​ជ្រូក› និង​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ​»។ (​ម៉ាថាយ ៦:៣៤; ៧:៦, ១៣​) ពួក​គេ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​របស់​លោក​យេស៊ូ​គ្រិស្ត។ ពេល​ពួក​គេ​ឃើញ​ពាក្យ​ទាំង​នេះ​ក្នុង​សៀវភៅ​ម៉ាថាយ ពួក​គេ​ជា​ច្រើន​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​អាន​គម្ពីរ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​»។

ពេល​អ្នក​ផ្សព្វ​ផ្សាយ​ត្រឡប់​ទៅ​ជួប​ម្ចាស់​ផ្ទះ​ដែល​បាន​ទទួល​យក​សៀវភៅ​ម៉ាថាយ ពួក​គេ​ច្រើន​តែ​និយាយ​ថា ភ្លាម​ៗ​ពួក​គេ​បាន​អាន​សៀវភៅ​នោះ​ខ្លះ ឬ​បាន​អាន​ទាំង​អស់។ បុរស​ម្នាក់​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​បាន​ប្រាប់​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ថា​៖ ​«​ខ្ញុំ​បាន​អាន​សៀវភៅ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​អស់​ជា​ច្រើន​ដង ហើយ​ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ។ សូម​បង្រៀន​ខ្ញុំ​ថែម​ទៀត​អំពី​គម្ពីរ​»។

សៀវភៅ​ម៉ាថាយ​ក៏​បាន​ត្រូវ​ស្នើ​ផ្ដល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដែរ។ ក្នុង​អំឡុង​ពេល​ផ្សព្វ​ផ្សាយ សាក្សី​ម្នាក់​បាន​ឲ្យ​អ៊ីមែល​របស់​គាត់​ទៅ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ព្រម​ទទួល​យក​សៀវភៅ​នោះ។ មួយ​ម៉ោង​ក្រោយ​មក ស្ត្រី​នោះ​បាន​ផ្ញើ​អ៊ីមែល​មក​បង​ស្រី​យើង​វិញ ហើយ​សរសេរ​ថា​នាង​បាន​អាន​មួយ​ចំណែក​នៃ​សៀវភៅ​នោះ ហើយ​ចង់​ដឹង​ថែម​ទៀត។ មួយ​អាទិត្យ​ក្រោយ​មក ស្ត្រី​នោះ​បាន​សិក្សា​គម្ពីរ​ជា​លើក​ដំបូង ហើយ​មិន​យូរ​ប៉ុន្មាន​នាង​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។

សៀវភៅ​ម៉ាថាយ​ច្រើន​ជាង​១​លាន​៦​សែន​ក្បាល​បាន​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ជំនុំ​នានា​នៅ​ប្រទេស​ជប៉ុន។ រៀង​រាល់​ខែ សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្ដល់​សៀវភៅ​នេះ​អស់​រាប់​ម៉ឺន​ក្បាល។ បុព្វកថា​នៃ​សៀវភៅ​នេះ​បញ្ជាក់​អំពី​អារម្មណ៍​របស់​អ្នក​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​នេះ​ដោយ​សរសេរ​ថា​៖ ​«​យើង​ពិត​ជា​សង្ឃឹម​ថា​ការ​អាន​សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចំណាប់​អារម្មណ៍​នឹង​គម្ពីរ​កាន់​តែ​ខ្លាំង​ឡើង​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក