កំណត់នៅក្រោមម៉ាស៊ីនបោកខោអាវ
ក្រោយបងស្រីហ្សារីណាទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា គាត់ចេញពីប្រទេសរុស្ស៊ី ត្រឡប់ទៅស្រុកកំណើតរបស់គាត់នៅទ្វីបអាស៊ីកណ្ដាល ហើយតាំងចិត្តបង្រៀនកូនស្រីពីរនាក់របស់គាត់អំពីជំនឿរបស់គាត់។ ដោយសារមានការពិបាកខាងលុយកាក់ គាត់ត្រូវរស់នៅក្នុងអាផាតមិនដែលមានបន្ទប់តែមួយ ជាមួយឪពុកម្ដាយនិងប្អូនប្រុសនិងប្អូនថ្លៃគាត់។ ឪពុកម្ដាយគាត់បានបញ្ជាគាត់មិនឲ្យបង្រៀនគម្ពីរដល់កូនៗ ហើយក៏បានប្រាប់កូនៗរបស់គាត់ថា ពួកគេមិនគួរនិយាយអំពីគម្ពីរជាមួយគាត់ឡើយ។
បងស្រីហ្សារីណាបានគិតយ៉ាងជ្រាលជ្រៅអំពីរបៀបដែលគាត់អាចជួយកូនៗរបស់គាត់ឲ្យរៀនអំពីព្រះយេហូវ៉ា។ (សុភាសិត ១:៨) ដូច្នេះ គាត់បានអធិដ្ឋានអស់ពីចិត្តទៅលោក ហើយសុំការណែនាំនិងប្រាជ្ញាពីលោក។ ក្រោយមក បងស្រីហ្សារីណាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់ដោយចំណាយពេលដើរជាមួយកូនៗ ហើយនិយាយជាមួយពួកគេអំពីអ្វីៗដែលព្រះបានបង្កើត។ ការចំណាយពេលខ្លីៗដើរជាមួយកូនៗរបស់គាត់បែបនេះបានជួយពួកគេឲ្យចាប់អារម្មណ៍ទៅលើព្រះដែលជាអ្នកបង្កើត។
បន្ទាប់មក បងស្រីហ្សារីណាបានរៀបចំវិធីមួយទៀតដើម្បីបង្កើនចំណាប់អារម្មណ៍របស់កូនៗដោយប្រើសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?a គាត់បានចម្លងវគ្គនិងសំណួរខ្លះៗពីសៀវភៅនោះ ហើយក៏បន្ថែមការពន្យល់ខ្លះៗនៅលើក្រដាសមួយ ដើម្បីជួយកូនៗឲ្យយល់ចំណុចនោះកាន់តែច្បាស់។ ក្រោយមក គាត់បានលាក់ក្រដាសនោះនិងខ្មៅដៃមួយ នៅក្រោមម៉ាស៊ីនបោកខោអាវក្នុងបន្ទប់ទឹក។ ដូច្នេះ ពេលកូនៗចូលបន្ទប់ទឹក ពួកគេអាចអានវគ្គទាំងនោះ ហើយកត់ទុកនូវចម្លើយរបស់ពួកគេ។
ដោយប្រើវិធីនេះ បងស្រីហ្សារីណាបានរៀនពីរជំពូកពីសៀវភៅព្រះគម្ពីរបង្រៀន ជាមួយកូនៗរហូតដល់ពួកគេរកកន្លែងរស់នៅថ្មីបាន។ នៅកន្លែងថ្មីនោះ គាត់មានសេរីភាពបង្រៀនកូនៗដោយគ្មានការប្រឆាំង។ នៅខែតុលា ឆ្នាំ២០១៦ កូនស្រីទាំងពីរនាក់របស់គាត់បានទទួលការជ្រមុជទឹក។ ពួកគេដឹងគុណដែលម្ដាយរបស់ពួកគេបានប្រើប្រាជ្ញានិងការប្រុងប្រយ័ត្នដើម្បីបង្រៀនសេចក្ដីពិតដល់ពួកគេ។
a ឥឡូវនេះមនុស្សជាច្រើនប្រើសៀវភៅ សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!