ការពន្យល់ខគម្ពីរ
អេសាយ ៤១:១០ «កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក»
«កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក។ កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។—អេសាយ ៤១:១០, សេចក្ដីបកប្រែពិភពលោកថ្មី
«កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្ដែងបារមី រកយុត្តិធម៌ឲ្យអ្នក»។—អេសាយ ៤១:១០, សមាគមព្រះគម្ពីរកម្ពុជា
អត្ថន័យនៃអេសាយ ៤១:១០
ព្រះយេហូវ៉ាaពង្រឹងទំនុកចិត្តអ្នកគោរពប្រណិប័តន៍ដ៏ស្មោះភក្ដីរបស់លោកថា លោកនឹងជួយពួកគេជានិច្ច មិនថាពួកគេជួបបញ្ហាណាក្ដី។
«ខ្ញុំនៅជាមួយនឹងអ្នក»។ ព្រះយេហូវ៉ាចង់បញ្ជាក់ប្រាប់អ្នកគោរពប្រណិប័តន៍លោកថាពួកគេមិនគួរភ័យខ្លាចឡើយ ព្រោះពួកគេមិននៅតែឯងទេ។ លោកឃើញការឈឺចាប់ដែលពួកគេបានឆ្លងកាត់ ហើយលោកឮសេចក្ដីអធិដ្ឋានរបស់ពួកគេ ហាក់ដូចជាលោកកំពុងនៅជាមួយពួកគេតែម្ដង។—ចម្រៀងសរសើរព្រះ ៣៤:១៥; ពេត្រុសទី១ ៣:១២
«ខ្ញុំជាព្រះរបស់អ្នក»។ ព្រះយេហូវ៉ាធ្វើឲ្យអ្នកគោរពប្រណិប័តន៍លោកមានចិត្តស្ងប់ ដោយរំលឹកពួកគេថាទោះជាពួកគេជួបកាលៈទេសៈយ៉ាងណាក៏ដោយ លោកនៅតែជាព្រះរបស់ពួកគេ ហើយពួកគេជាអ្នកគោរពប្រណិប័តន៍លោក។ ពួកគេអាចមានទំនុកចិត្តថាគ្មានឧបសគ្គណាអាចរារាំងលោកពីការជួយពួកគេឡើយ។—ចម្រៀងសរសើរព្រះ ១១៨:៦; រ៉ូម ៨:៣២; ហេប្រឺ ១៣:៦
«ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។ ដោយប្រើឃ្លាបីដើម្បីប្រាប់គំនិតមួយ ព្រះយេហូវ៉ាចង់បញ្ជាក់ថាលោកពិតជាជួយរាស្ត្ររបស់លោកមិនខាន។ លោកប្រើពាក្យប្រៀបប្រដូចអំពី«ចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំ»របស់លោក គឺលោកចង់បញ្ជាក់អំពីរបៀបដែលលោកនឹងចាត់វិធានការជួយរាស្ត្រលោកពេលពួកគេត្រូវការជំនួយ។ បើអ្នកណាម្នាក់ធ្លាក់ចុះទៅក្រោម ព្រះអាចលាដៃស្ដាំរបស់លោកចាប់ទាញគាត់ឡើងមកវិញ។—អេសាយ ៤១:១៣
វិធីចម្បងមួយដែលព្រះពង្រឹងកម្លាំងនិងជួយអ្នកគោរពប្រណិប័តន៍លោក គឺតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ (យ៉ូស្វេ ១:៨; ហេប្រឺ ៤:១២) ជាឧទាហរណ៍ បណ្ដាំរបស់ព្រះផ្ដល់យោបល់ល្អៗដល់អ្នកដែលកំពុងជួបការពិបាក ដូចជាភាពក្រីក្រ ជំងឺ ឬមនុស្សជាទីស្រឡាញ់ស្លាប់។ (សុភាសិត ២:៦, ៧) ម្យ៉ាងទៀត ព្រះក៏អាចប្រើឫទ្ធានុភាពរបស់លោកដើម្បីពង្រឹងកម្លាំងកាយនិងកម្លាំងចិត្តអ្នកគោរពប្រណិប័តន៍លោកឲ្យស៊ូទ្រាំនឹងការពិបាកដែរ។—អេសាយ ៤០:២៩; លូកា ១១:១៣
ព័ត៌មានបន្ថែមអំពីអេសាយ ៤១:១០
ពាក្យទាំងនេះបានសម្រាលទុក្ខជនជាតិយូដាដ៏ស្មោះត្រង់ដែលក្រោយមកពួកគេបានត្រូវធ្វើជាឈ្លើយបម្រើនៅស្រុកបាប៊ីឡូន។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថាពេលដល់ទីបញ្ចប់នៃការបម្រើជាឈ្លើយ នឹងមានសត្រូវម្នាក់មកបំផ្លាញប្រជាជាតិដែលនៅជុំវិញបាប៊ីឡូន ហើយបានបំភ័យបាប៊ីឡូន។ (អេសាយ ៤១:២-៤; ៤៤:១-៤) ពេលឮដំណឹងទាំងនេះ បាប៊ីឡូននិងប្រជាជាតិជុំវិញភ័យខ្លាច ចំណែកជនជាតិយូដាវិញ ពួកគេមិនចាំបាច់ភ័យខ្លាចឡើយ ព្រោះព្រះយេហូវ៉ានឹងការពារពួកគេ។ អស់បីដងលោកបានប្រាប់ថា«កុំខ្លាចឡើយ»ដើម្បីពង្រឹងទំនុកចិត្តពួកគេ។—អេសាយ ៤១:៥, ៦, ១០, ១៣, ១៤
ទោះជាប្រសាសន៍របស់ព្រះយេហូវ៉ានៅអេសាយ ៤១:១០សំដៅទៅលើជនជាតិយូដាដែលបានត្រូវបាប៊ីឡូនចាប់ធ្វើជាឈ្លើយក្ដី តែពាក្យនេះក៏សម្រាលទុក្ខអស់អ្នកដែលគោរពប្រណិប័តន៍លោកសព្វថ្ងៃនេះដែរ។ (អេសាយ ៤១:១០; ៤០:៨; រ៉ូម ១៥:៤) លោកជួយពួកគេនៅសព្វថ្ងៃនេះ ដូចលោកជួយអ្នកបម្រើរបស់លោកនៅសម័យបុរាណដែរ។
សូមអានអេសាយជំពូកទី៤១ជាមួយកំណត់សម្គាល់និងខគម្ពីរយោង។
a យេហូវ៉ាគឺជានាមរបស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨