បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ទំ. ២៦៨៦-២៦៩០
  • ក៣ របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក៣ របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​ចម្លង​ឯកសារ​រក្សា​បណ្ដាំ​របស់​ព្រះ
  • របៀប​ជ្រើស​រើស​ឯកសារ​ដើម​ជា​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​សម្រាប់​បក​ប្រែ
  • តើគម្ពីរបានត្រូវកែច្នៃឬ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ព្រះគម្ពីរខំប្រឹងពុះពារដើម្បីឲ្យបាននៅគង់វង់
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ក៣ របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង

ក​៣

របៀប​ដែល​គម្ពីរ​បាន​ត្រូវ​រក្សា​មក​ដល់​យើង

ព្រះ​ដែល​ជា​អ្នក​ផ្ដើម​និង​ជា​អ្នក​និពន្ធ​គម្ពីរ ក៏​ជា​អ្នក​ដែល​ថែ​រក្សា​គម្ពីរ​ដែរ។ លោក​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​កត់​ទុក​សេចក្ដី​នេះ​៖

«​បណ្ដាំ​របស់​ព្រះ​នៃ​យើង​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​»។​—អេសាយ ៤០:៨

បទ​គម្ពីរ​នេះ​ត្រឹម​ត្រូវ​ណាស់ ទោះ​ជា​នៅ​សព្វ​ថ្ងៃ​មិន​មាន​ឯកសារ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ​និង​ជា​ភាសា​អេរ៉ាមa ឬ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ក៏​ដោយ។ ក៏​ប៉ុន្តែ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព័ត៌មាន​ក្នុង​គម្ពីរ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដូច​គ្នា​ទាំង​ស្រុង​នឹង​ឯកសារ​ដើម​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​នោះ?

អ្នក​ចម្លង​ឯកសារ​រក្សា​បណ្ដាំ​របស់​ព្រះ

អ្វី​មួយ​ដែល​បាន​ជួយ​រក្សា​បទ​គម្ពីរ​ភាសា​ហេប្រឺ គឺ​ទំនៀម​ទម្លាប់​នៅ​សម័យ​បុរាណ​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​ចម្លង​បទ​គម្ពីរ។b ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ស្ដេច​ទាំង​អស់​នៃ​អ៊ីស្រាអែល​ចម្លង​សៀវភៅ​ច្បាប់​ទុក​សម្រាប់​ខ្លួន។ (​ការ​បំភ្លឺ​ច្បាប់ ១៧:១៨​) បន្ថែម​ទៅ​ទៀត ព្រះ​បាន​ឲ្យ​ពួក​លេវី​មាន​ភារកិច្ច​ថែ​រក្សា​សៀវភៅ​ច្បាប់​និង​បង្រៀន​ច្បាប់​ទាំង​នោះ​ដល់​បណ្ដា​ជន។ (​ការ​បំភ្លឺ​ច្បាប់ ៣១:២៦; នេហេមា ៨:៧​) បន្ទាប់​ពី​ជនជាតិ​យូដា​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន អ្នក​ចម្លង​ឯកសារ​មួយ​ក្រុម (​សូភើរីម​) ក៏​បាន​ត្រូវ​បង្កើត​ឡើង។ (​អែសរ៉ា ៧:៦​) កាល​ដែល​ពេល​វេលា​កន្លង​ទៅ ពួក​អ្នក​ចម្លង​ឯកសារ​បាន​ចម្លង​សៀវភៅ​៣៩​ក្បាល​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​អស់​ជា​ច្រើន​ដង។

ក្នុង​អំឡុង​ពេល​រាប់​រយ​ឆ្នាំ ពួក​អ្នក​ចម្លង​ឯកសារ​បាន​ចម្លង​សៀវភៅ​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ រវាង​ឆ្នាំ​៥០០ គ.ស. និង​ឆ្នាំ​១៥០០ គ.ស. ពួក​អ្នក​ចម្លង​ឯកសារ​ជនជាតិ​យូដា​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ម៉ាសូរ៉េត បាន​បន្ត​ទំនៀម​ទម្លាប់​ក្នុង​ការ​ចម្លង​នោះ។ ឯកសារ​ចម្លង​ចាស់​បំផុត​របស់​ពួក​ម៉ាសូរ៉េត (​Masoretes​) គឺ​ឯកសារ​លេនីនក្រាត ខូឌីក (​Leningrad Codex​) ដែល​មាន​ក្នុង​រវាង​ឆ្នាំ​១០០៨​និង​១០០៩ គ.ស.។ ប៉ុន្តែ ប្រហែល​ជា​នៅ​ឆ្នាំ​១៩៥០ ឯកសារ​គម្ពីរ​ដើម​ប្រមាណ​២២០​ច្បាប់ ឬ​បំណែក​ខ្លះ​បាន​ត្រូវ​រក​ឃើញ​ក្នុង​ចំណោម​រមូរ​នៅ​សមុទ្រ​ស្លាប់។ ឯកសារ​គម្ពីរ​ដើម​ទាំង​នោះ​មាន​អាយុ​ចាស់​ជាង​ឯកសារ​លេនីនក្រាត ខូឌីក ជាង​មួយ​ពាន់​ឆ្នាំ។ ការ​ប្រៀប​ធៀប​រមូរ​នៅ​សមុទ្រ​ស្លាប់​ជា​មួយ​នឹង​ឯកសារ​លេនីនក្រាត ខូឌីក បាន​បញ្ជាក់​នូវ​ចំណុច​ដ៏​សំខាន់​មួយ​គឺ ទោះ​ជា​រមូរ​នៅ​សមុទ្រ​ស្លាប់​មាន​ពាក្យ​ឬ​ឃ្លា​ខ្លះ​ខុស​គ្នា​ក៏​ដោយ តែ​មិន​បាន​ផ្លាស់​ប្ដូរ​ព័ត៌មាន​ក្នុង​គម្ពីរ​ទេ។

ចុះ​យ៉ាង​ណា​អំពី​សៀវភៅ​២៧​ក្បាល​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច? មុន​ដំបូង សាវ័ក​ខ្លះ​របស់​លោក​យេស៊ូ​គ្រិស្ត​និង​អ្នក​កាន់​តាម​ដំបូង​មួយ​ចំនួន​បាន​សរសេរ​សៀវភៅ​ទាំង​នោះ។ គ្រិស្ត​សាសនិក​ដំបូង​ដែល​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ពួក​អ្នក​ចម្លង​ឯកសារ​ជនជាតិ​យូដា បាន​ចម្លង​សៀវភៅ​ទាំង​នោះ។ (​កូឡុស ៤:១៦​) ទោះ​ជា​អធិរាជ​រ៉ូម​ឈ្មោះ​ដែអូគ្លីសៀន​និង​អ្នក​ឯ​ទៀត ប៉ុន​ប៉ង​បំផ្លាញ​សៀវភៅ​ទាំង​អស់​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ក៏​ដោយ ក៏​ឯកសារ​និង​បំណែក​រាប់​ពាន់​នៅ​តែ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សំណេរ​របស់​គ្រិស្ត​សាសនិក​ក៏​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ផ្សេង​ៗ​ដែរ។ សេចក្ដី​បក​ប្រែ​ដំបូង​នៃ​គម្ពីរ​មាន​នៅ​ក្នុង​ភាសា​បុរាណ​ដូច​ជា អាមេនី កូបធិក អេត្យូពី ហ្សកហ្ស៊ី ឡាតាំង និង​ស៊ីរីអាក។

របៀប​ជ្រើស​រើស​ឯកសារ​ដើម​ជា​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​សម្រាប់​បក​ប្រែ

ឯកសារ​ចម្លង​ផ្សេង​ៗ​ពី​គម្ពីរ​នៅ​សម័យ​បុរាណ​មិន​មាន​ពាក្យ​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ដូច្នេះ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​បទ​គម្ពីរ​ដើម​មាន​ព័ត៌មាន​អ្វី​ខ្លះ?

យើង​អាច​ប្រៀប​ធៀប​រឿង​នេះ​ទៅ​នឹង​គ្រូ​បង្រៀន​ម្នាក់ ដែល​ប្រាប់​សិស្ស​១០០​នាក់​ឲ្យ​ចម្លង​ជំពូក​មួយ​ពី​សៀវភៅ​សិក្សា។ ទោះ​ជា​ក្រោយ​មក​ជំពូក​ក្នុង​សៀវភៅ​ដើម​បាន​បាត់​ទៅ​ក៏​ដោយ តែ​បើ​យើង​យក​ច្បាប់​ចម្លង​ទាំង​១០០​នោះ មក​ប្រៀប​ធៀប​គ្នា​មើល យើង​នឹង​ដឹង​ថា​អត្ថបទ​ដើម​មាន​ព័ត៌មាន​អ្វី​ខ្លះ។ ប៉ុន្តែ ទោះ​ជា​សិស្ស​ម្នាក់​ៗ​ចម្លង​ខុស​ខ្លះ​ក៏​ដោយ សិស្ស​ទាំង​អស់​ច្បាស់​ជា​មិន​ចម្លង​ខុស​ត្រង់​កន្លែង​ដូច​គ្នា​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ ពេល​បណ្ឌិត​ជា​ច្រើន​ប្រៀប​ធៀប​ឯកសារ​ចម្លង​និង​បំណែក​រាប់​ពាន់​នៃ​គម្ពីរ​បុរាណ​ដែល​នៅ​សល់ នោះ​ពួក​គេ​អាច​ដឹង​ច្បាស់​ថា​កន្លែង​ណា​ខ្លះ​ដែល​ចម្លង​ខុស ហើយ​កន្លែង​ណា​ខ្លះ​ដែល​ចម្លង​ត្រឹម​ត្រូវ​តាម​ភាសា​ដើម។

​«​យើង​អាច​និយាយ​យ៉ាងប្រាកដ​ថា គ្មាន​សំណេរ​ណា​ទៀត​ពី​បុរាណ​ដែល​បាន​ចម្លង​មក​យ៉ាង​ត្រឹម​ត្រូវ​ជាង​នេះ​ឡើយ​»​

តើ​យើង​អាច​ទុក​ចិត្ត​ខ្លាំង​យ៉ាង​ណា​ថា​គំនិត​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ដើម​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​រហូត​មក​ដល់​យើង? បណ្ឌិត​ម្នាក់​ឈ្មោះ​វីល្លាម ហេដ គ្រីន បាន​និយាយ​អំពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ថា​៖ ​«​យើង​អាច​និយាយ​យ៉ាង​ប្រាកដ​ថា គ្មាន​សំណេរ​ណា​ទៀត​ពី​បុរាណ​ដែល​បាន​ចម្លង​មក​យ៉ាង​ត្រឹម​ត្រូវ​ជាង​នេះ​ឡើយ​»។ ស្ដី​អំពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ឬ​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី បណ្ឌិត​គម្ពីរ​ម្នាក់​ឈ្មោះ អេហ្វ អេហ្វ ប៊្រូស បាន​សរសេរ​ថា​៖ ​«​យើង​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​សញ្ញា​ថ្មី​បាន​ត្រូវ​ចម្លង​មក​យ៉ាង​ត្រឹម​ត្រូវ។ ភ័ស្តុតាង​នោះ​គឺ​ច្រើន​ជាង​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ស្នា​ដៃ​អក្សរ​សាស្ត្រ​ល្បី​ៗ​ពី​សម័យ​បុរាណ​ទៅ​ទៀត ជា​ស្នា​ដៃ​ដែល​គ្មាន​អ្នក​ណា​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នោះ​ទេ​»។ គាត់​បន្ថែម​ថា​៖ ​«​បើ​គម្ពីរ​សញ្ញា​ថ្មី​ជា​សៀវភៅ​អក្សរ​សាស្ត្រ​ធម្មតា នោះ​នឹង​គ្មាន​អ្នក​ណា​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​សៀវភៅ​នោះ​ឡើយ​»។

អក្សរភាសាហេប្រឺក្នុងរមូរសមុទ្រស្លាប់

ជំពូក​ទី​៤០​នៃ​សៀវភៅ​អេសាយ​ក្នុង​រមូរ​នៅ​សមុទ្រ​ស្លាប់ (​ឆ្នាំ​១២៥​ដល់​ឆ្នាំ​១០០ មុន​គ.ស.​)

ពេល​ប្រៀប​ធៀប​ជា​មួយ​នឹង​ឯកសារ​ភាសា​ហេប្រឺ​ដើម​ដែល​មាន​អាយុ​ប្រហែល​មួយ​ពាន់​ឆ្នាំ ឃើញ​ថា​មាន​ចំណុច​ខុស​គ្នា​តិច​តួច​ណាស់ ភាគ​ច្រើន​គ្រាន់​តែ​ការ​ប្រកប​ពាក្យ​ប៉ុណ្ណោះ

ឯកសារអាឡេបប៉ូ ខូឌីក ដែលជាភាសាហេប្រឺ

ជំពូកទី៤០​នៃ​សៀវភៅ​អេសាយ​ក្នុង​ឯកសារ​អាឡេបប៉ូ ខូឌីក ដែល​ជា​ឯកសារ​សំខាន់​នៃ​គម្ពីរ​ហេប្រឺ​ម៉ាសូរ៉េត ប្រហែល​ជា​ឆ្នាំ​៩៣០ គ.ស.

បទ​គម្ពីរ​ភាសា​ហេប្រឺ: សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​ហេប្រឺ បាន​ចេញ​នៅ​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៦០ មាន​មូលដ្ឋាន​លើ​ឯកសារ​គម្ពីរ​ហេប្រឺ​Biblia Hebraica ដោយ​លោក​រូដូហ្វ ខីតថេល។ តាំង​ពី​ពេល​នោះ​មក ក៏​មាន​ចេញ​ឯកសារ​គម្ពីរ​ហេប្រឺ​កំណែ​ថ្មី ឈ្មោះ​ថា​Biblia Hebraica Stuttgartensia និង Biblia Hebraica Quinta ដែល​រួម​បញ្ចូល​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ដែល​បាន​មក​ពី​រមូរ​នៅ​សមុទ្រ​ស្លាប់ និង​ឯកសារ​បុរាណ​ឯ​ទៀត។ ឯកសារ​ទាំង​នេះ​ប្រើ​ពាក្យ​ពី​លេនីនក្រាត ខូឌីក នៅ​ក្នុង​បទ​គម្ពីរ ហើយ​ក៏​មាន​កំណត់​សម្គាល់​ដែល​បញ្ជាក់​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ក្នុង​ក​ឯកសារ​ផ្សេង​ទៀត​ដូច​ជា សៀវភៅ​ប្រាំ​ក្បាល​របស់​ជន​ជាតិ​សាម៉ារី រមូរ​នៅ​សមុទ្រ​ស្លាប់ សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច សេចក្ដី​បក​ប្រែ​ថាគុម​ជា​ភាសា​អេរ៉ាម សេចក្ដី​បក​ប្រែ​វ៉ុលកេត​ជា​ភាសា​ឡាតាំង និង​សេចក្ដី​បក​ប្រែ​ភេស៊ីតា​ជា​ភាសា​ស៊ីរីអាក។ ពេល​រៀបចំ​ធ្វើ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី យើង​ក៏​បាន​ស្រាវ​ជ្រាវ​ពី​ឯកសារ​Biblia Hebraica Stuttgartensia និង Biblia Hebraica Quinta ដែរ។

បទ​គម្ពីរ​ភាសា​ក្រិច: រវាង​ឆ្នាំ​១៨៥៣ និង​ឆ្នាំ​១៨៨១ បណ្ឌិត​ប៊ី អេហ្វ វ៉េស​ខូត និង​អេស ជេ អេ ហួត បាន​ប្រៀប​ធៀប​ឯកសារ​និង​បំណែក​ផ្សេង​ៗ​នៃ​គម្ពីរ​ដែល​ពួក​គេ​គិត​ថា​ជា​ឯកសារ​ជិត​បំផុត​នឹង​ឯកសារ​ដើម ដើម្បី​រៀបចំ​ជា​បទ​គម្ពីរ​ភាសា​ក្រិច។ ប្រហែល​ជា​នៅ​ឆ្នាំ​១៩៥០ គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ប្រើ​បទ​គម្ពីរ​ទាំង​នោះ​ជា​មូលដ្ឋាន​ក្នុង​ការ​បក​ប្រែ រួម​ទាំង​ប្រើ​ឯកសារ​បុរាណ​ឯ​ទៀត ដែល​គេ​គិត​ថា​ជា​ឯកសារ​ក្នុង​អំឡុង​ឆ្នាំ​១២៥ គ.ស. ដល់​ឆ្នាំ​៣០០ គ.ស.។ ចាប់​ពី​ពេល​នោះ​មក មាន​ឯកសារ​បុរាណ​បន្ថែម​ទៀត។ ម្យ៉ាង​ទៀត ពួក​បណ្ឌិត​ដែល​បាន​សិក្សា​ឯកសារ​បទ​គម្ពីរ​ភាសា​ក្រិច​បុរាណ បាន​រក​ឃើញ​ថា​បទ​គម្ពីរ​ភាសា​ក្រិច​របស់​ណេសល​និង​អេឡេន ព្រម​ទាំង​របស់​សមាគម​គម្ពីរ​សកល (​United Bible Societies​) គឺ​ស្រប​គ្នា​នឹង​អ្វី​ដែល​ពួក​បណ្ឌិត​បាន​រក​ឃើញ​នៅ​ថ្មី​ៗ​នេះ។ អ្វី​ដែល​ពួក​គេ​បាន​សិក្សា​ស្រាវ​ជ្រាវ​នេះ ក៏​បាន​ត្រូវ​ប្រើ​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​នេះ​ដែរ។

ផ្អែក​តាម​បទ​គម្ពីរ​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ខ​ខ្លះ​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ដែល​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ចាស់​ដូច​ជា​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស បាន​ត្រូវ​បន្ថែម​នៅ​ពេល​ក្រោយ​ដោយ​អ្នក​ចម្លង​គម្ពីរ ដែល​តាម​ពិត​ខ​ទាំង​នោះ​មិន​មាន​នៅ​ក្នុង​បទ​គម្ពីរ​ដែល​ព្រះ​បាន​ឲ្យ​សរសេរ​ទេ។ ប៉ុន្តែ ប្រហែល​ជា​នៅ​ឆ្នាំ​១៥៥០ ជា​ទូទៅ​គម្ពីរបាន​ត្រូវ​បក​ប្រែ​ដោយ​បែង​ចែក​ជា​ខ។ តាំង​ពី​ពេល​នោះ​មក ការ​លុប​ខ​គម្ពីរ​ទាំង​នោះ​ចេញ​ធ្វើ​ឲ្យ​បាត់​លេខ​និង​ខ​ខ្លះ​ក្នុង​គម្ពីរ​ភាគ​ច្រើន។ ខ​ទាំង​នោះ​គឺ ម៉ាថាយ ១៧:២១; ១៨:១១; ២៣:​១៤; ម៉ាកុស ៧:១៦; ៩:៤៤, ៤៦; ១១:២៦; ១៥:២៨; លូកា ១៧:៣៦; ២៣:​១៧; យ៉ូហាន ៥:៤; សកម្មភាព ៨:៣៧; ១៥:៣៤; ២៤:៧; ២៨:២៩ និង​រ៉ូម ១៦:​២៤។ ដូច្នេះ ក្នុង​សេចក្ដី​បក​ប្រែ​នេះ ខ​គម្ពីរ​ទាំង​នោះ​ដែល​បាន​ត្រូវ​លុប​ចេញ មាន​បញ្ជាក់​នៅ​ក្នុង​កំណត់​សម្គាល់​ត្រង់​កន្លែង​ដែល​បាត់។

ស្ដី​អំពី​សេចក្ដី​បញ្ចប់​វែង​នៅ​ម៉ាកុស ជំពូក​ទី​១៦ (​ខ​៩​-​២០​) និង​សេចក្ដី​បញ្ចប់​ខ្លី​នៅ​ម៉ាកុស ជំពូក​ទី​១៦ ព្រម​ទាំង​នៅ​យ៉ូហាន ៧:៥៣​–​៨:១១ មិន​មាន​នៅ​ក្នុង​ឯកសារ​ដើម​ទេ។ ដូច្នេះ ខ​គម្ពីរ​ទាំង​នោះ​មិន​បាន​ត្រូវ​បញ្ចូល​ក្នុង​សេចក្ដី​បក​ប្រែ​នេះ​ឡើយ។

ពាក្យ​ខ្លះ​បាន​ត្រូវ​កែ​សម្រួល​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​បណ្ឌិត​ទទួល​ស្គាល់​ថា​ជា​ការ​ត្រឹម​ត្រូវ​បំផុត​នឹង​សំណៅ​ដើម។ ជា​ឧទាហរណ៍​ក្នុង​ឯកសារ​ដើម​ខ្លះ ម៉ាថាយ ៧:១៣ ចែង​ថា​៖ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច ពី​ព្រោះ​ផ្លូវ​និង​ខ្លោង​ទ្វារ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង​»។ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​អង់គ្លេស​ដែល​ចេញ​លើក​មុន ពាក្យ​«​ខ្លោង​ទ្វារ​»​មិន​មាន​នៅ​ក្នុង​ខ​នោះ​ទេ។ ប៉ុន្តែ តាម​ការ​សិក្សា​ឃើញ​ថា​មាន​ពាក្យ​«​ខ្លោង​ទ្វារ​»​នៅ​ក្នុង​បទ​គម្ពីរ​ដើម។ ដូច្នេះ ពាក្យ​នេះ​បាន​ត្រូវ​ដាក់​នៅ​ក្នុង​គម្ពីរ​នេះ។ ម្យ៉ាង​ទៀត ក៏មាន​ករណី​កែ​សម្រួល​មួយ​ចំនួន​ដែល​ស្រដៀង​នឹង​នោះ​ដែរ តែ​ជា​ការ​កែ​សម្រួល​តូច​តាច ហើយ​មិន​ផ្លាស់​ប្ដូរ​អត្ថន័យ​ជា​មូលដ្ឋាន​ក្នុង​បណ្ដាំ​របស់​ព្រះ​ទេ។

រមូរបុរាណ

រមូរ​បុរាណ ដែល​មាន​ខ​គម្ពីរ​កូរិនថូស​ទី​២ ៤:១៣–៥:៤ ប្រហែល​ជា​ឆ្នាំ​២០០ គ.ស.

a ចាប់​ពី​វគ្គ​នេះ​ត​ទៅ យើង​នឹង​ហៅ​ឯកសារ​គម្ពីរ​ទាំង​ពីរ​ភាសា​នេះ​ថា បទ​គម្ពីរ​ភាសា​ហេប្រឺ។

b មូលហេតុ​មួយ​ដែល​ចាំ​បាច់​ត្រូវ​ចម្លង​ឯកសារ​ដើម​ទុក ដោយ​សារ​ឯកសារ​ពី​មុន​ៗ​បាន​ត្រូវ​សរសេរ​លើ​របស់​ដែល​ងាយ​ខូច។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក