ក២
លក្ខណៈនៃសេចក្ដីបកប្រែនេះ
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច បានចេញលើកដំបូងជាភាសាអង់គ្លេសនៅឆ្នាំ១៩៥០ ហើយគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូល បានចេញនៅឆ្នាំ១៩៦១។ តាំងពីពេលនោះមក មនុស្សរាប់សិបលាននាក់ដែលមកពីជាង២១០ភាសាបានទទួលប្រយោជន៍ពីគម្ពីរ ដែលបានត្រូវបកប្រែពីភាសាដើមយ៉ាងត្រឹមត្រូវ និងស្រួលអាន។
ក៏ប៉ុន្តែ អស់ជាងកន្លះសតវត្សរ៍មកនេះ ភាសាបានផ្លាស់ប្ដូរ។ ដូច្នេះ គណៈកម្មាធិការគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីយល់ឃើញថា ចាំបាច់ត្រូវប្រើភាសាដែលអាចជ្រាបចូលក្នុងចិត្តរបស់អ្នកអាននៅសព្វថ្ងៃនេះ។ ម្ល៉ោះហើយ មុនយើងកែសម្រួលទម្រង់ឃ្លា ពាក្យ ឬប្រយោគក្នុងសេចក្ដីបកប្រែនេះ យើងបានគិតជានិច្ចអំពីចំណុចដូចខាងក្រោម៖
ប្រើភាសាសម័យថ្មី និងស្រួលយល់។ ក្នុងសេចក្ដីបកប្រែនេះ ពាក្យបុរាណនិងពាក្យពិបាកយល់ដែលមានក្នុងគម្ពីរខ្លះទៀតជាភាសាខ្មែរ បានត្រូវជំនួសដោយពាក្យសាមញ្ញនិងស្រួលយល់វិញ។ ជាឧទាហរណ៍ ពាក្យបុរាណដូចជា «ព្រះឱង្ការ»បានត្រូវជំនួសដោយពាក្យថ្មី«បង្គាប់» ហើយពាក្យ«ព្រះឧរូ»បានត្រូវជំនួសដោយពាក្យថ្មី«ភ្លៅ»។ (អែសរ៉ា ៦:១៤; ការបើកបង្ហាញ ១៩:១៦) ពាក្យចាស់«វិញ្ញាណ»បានត្រូវបកប្រែទៅតាមបរិបទដូចជា «ចិត្ត» «កម្លាំងខ្លាំងក្លា» និង«បុគ្គលវិញ្ញាណ»។ (ចម្រៀងសរសើរព្រះ ៣៤:១៨; អេសាយ ១១:២; អេសេគាល ១:៥) ពាក្យ«ស្រីសំផឹង» បានត្រូវប្ដូរទៅជាពាក្យ«ស្រីពេស្យា»។ (ដើមកំណើត ៣៨:១៥) ក្នុងសេចក្ដីបកប្រែនេះ ពាក្យ«កំផិត»បានត្រូវបកប្រែឲ្យមានអត្ថន័យត្រឹមត្រូវជាង គឺពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ នេះដោយសារពាក្យ«កំផិត»សំដៅលើតែការក្បត់ចិត្តប្ដីឬក្បត់ចិត្តប្រពន្ធប៉ុណ្ណោះ តែអត្ថន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»រួមបញ្ចូលអំពើខុសឆ្គងគ្រប់បែបយ៉ាងដែលទាក់ទងនឹងផ្លូវភេទ។ (កាឡាទី ៥:១៩) ពាក្យ«អស់កល្បជានិច្ច» បានត្រូវជំនួសដោយពាក្យ«ជារៀងរហូត» «ជាដរាប» ឬ«គ្មានទីបញ្ចប់» ដើម្បីបញ្ជាក់អត្ថន័យត្រឹមត្រូវតាមបរិបទនីមួយៗ។—ដើមកំណើត ៣:២២; ដំណើរចាកចេញ ៣១:១៦; ចម្រៀងសរសើរព្រះ ៩០:២; អ្នកទូន្មាន ១:៤
ស្ដីអំពីសព្វនាមទី១និងទី២ សេចក្ដីបកប្រែផ្សេងប្រើពាក្យ«អញ» និង«ឯង» ពេលព្រះយេហូវ៉ាមានប្រសាសន៍។ ប៉ុន្តែ ពេលបកប្រែដោយប្រើពាក្យទាំងនេះ ធ្វើឲ្យយល់ថាព្រះយេហូវ៉ាមើលងាយមនុស្ស។ ដូច្នេះ ពាក្យទាំងនេះបានត្រូវជំនួសដោយពាក្យ«ខ្ញុំ» និង«អ្នក» ដើម្បីបញ្ជាក់អត្ថន័យច្បាស់ជាងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្ស។ (អេសាយ ៤១:១០) ពាក្យផ្សេងទៀតដូចជា «ថ្វាយយញ្ញបូជា» «រោងឧបោសថ» និង«ធួន» បានត្រូវជំនួសដោយពាក្យត្រឹមត្រូវជាង និងស្រួលយល់ជាងដូចជា «ជូនគ្រឿងបូជា» «ត្រសាល» និង«ជម្រះភាពខុសឆ្គង»។—ដំណើរចាកចេញ ៣:១៨; ២៥:៩; ច្បាប់លេវី ៦:៧
ការពន្យល់ពាក្យក្នុងគម្ពីរឲ្យកាន់តែច្បាស់។ គម្ពីរខ្មែរភាគច្រើនប្រើពាក្យមួយចំនួនដែលគាំទ្រលទ្ធិមិនពិត។ ជាឧទាហរណ៍ ពាក្យភាសាហេប្រឺ«ហ្ស៊ីអូល» និងពាក្យភាសាក្រិច«ហាដេស»បានត្រូវបកប្រែថា«ស្ថានឃុំព្រលឹងមនុស្សស្លាប់»។ ក៏ប៉ុន្តែ អត្ថន័យពិតប្រាកដពាក្យ«ហ្ស៊ីអូល»ឬ«ហាដេស» សំដៅលើផ្នូរទូទៅរបស់មនុស្ស។ ហេតុនេះហើយបានជាក្នុងសេចក្ដីបកប្រែនេះ យើងប្រើពាក្យ«ផ្នូរ»ជំនួសវិញ។—ចម្រៀងសរសើរព្រះ ១៦:១០; សកម្មភាព ២:២៧
ក្នុងគម្ពីរជាច្រើន ភាសាហេប្រឺពាក្យរូអាក និងភាសាក្រិចពាក្យភ្នូម៉ា បានត្រូវបកប្រែជាភាសាខ្មែរថា«វិញ្ញាណ» នេះនាំឲ្យយល់ច្រឡំ ដោយសារពាក្យ«វិញ្ញាណ»សំដៅលើព្រលឹងអមតៈ។ ក៏ប៉ុន្តែ ជាបឋម ពាក្យរូអាកនិងភ្នូម៉ា មានន័យថា«ដង្ហើម» ហើយក៏អាចមានន័យផ្សេងទៀតដែរ ដូចជា «ចិត្តគំនិត» «ទេវតា» «ឫទ្ធានុភាព» «ឫទ្ធានុភាពបរិសុទ្ធ» «ចិត្តខ្នះខ្នែង» «ខ្យល់» និង«ជីវិត»ជាដើម។—ដើមកំណើត ៦:១៧; ជំរឿនបណ្ដាជន ១៤:២៤; បណ្ដាស្ដេចទី១ ២២:២១; ដានីយ៉ែល ៤:៨; ម៉ាថាយ ២៨:១៩; លូកា ១:១៧; យ៉ូហាន ៣:៨; សកម្មភាព ៧:៥៩
ស្រដៀងគ្នាដែរ ក្នុងករណីពាក្យ«តម្រងនោម» បើពាក្យនោះសំដៅលើសរីរាង្គមែនទែន នោះយើងទុកនៅដដែល។ ប៉ុន្តែ ពេលប្រើក្នុងន័យធៀបដូចជានៅចម្រៀងសរសើរព្រះ ៧:៩ និង២៦:២ ព្រមទាំងការបើកបង្ហាញ ២:២៣ នោះយើងបកគំនិតថា«អារម្មណ៍ដែលកប់ជ្រៅ»នៅក្នុងបទគម្ពីរ ហើយក្នុងកំណត់សម្គាល់ដាក់ជាន័យត្រង់ថា«តម្រងនោម»។
ពាក្យមួយទៀតដែលបានត្រូវប្រើក្នុងគម្ពីរភាសាខ្មែរ ដែលនាំឲ្យយល់ខុសគឺពាក្យ«ឈើឆ្កាង» តាមពិតពាក្យនេះក្នុងភាសាដើមមានន័យថាបង្គោលឈើត្រង់។ ម្ល៉ោះហើយ ក្នុងសេចក្ដីបកប្រែនេះពាក្យ«ឈើឆ្កាង» បានត្រូវជំនួសដោយពាក្យ«បង្គោលឈើ»។—ការបំភ្លឺច្បាប់ ២១:២៣; ម៉ាថាយ ២៧:៣១
ជួយឲ្យស្រួលអានជាង។ ក្នុងសេចក្ដីបកប្រែនេះ យើងប្រើពាក្យដែលជនជាតិខ្មែរភាគច្រើននិយាយជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យសេចក្ដីបកប្រែនេះ ស្រួលអាននិងស្រួលយល់។ យើងមិនប្រើពាក្យរាជសព្ទ ឬពាក្យបុរាណទេ។
លក្ខណៈផ្សេងទៀតនៃសេចក្ដីបកប្រែនេះ:
សេចក្ដីបកប្រែនេះ មានកំណត់សម្គាល់ដែលបានត្រូវបែងចែកតាមប្រភេទដូចខាងក្រោម៖
«ឬ» កំណត់សម្គាល់នេះបញ្ជាក់របៀបបកប្រែពីភាសាហេប្រឺ ឬភាសាអេរ៉ាម ឬភាសាក្រិច ទៅជាពាក្យឬឃ្លាមួយផ្សេងទៀត ដែលមានគំនិតនិងន័យដូចគ្នាក្នុងបទគម្ពីរ។—អ្នកសម្រេចក្ដី ២:១១, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«បម្រើ»; ធីម៉ូថេទី១ ១:១៨, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«បង្គាប់»
«ឬប្រហែលជាមានន័យថា» កំណត់សម្គាល់នេះបញ្ជាក់របៀបបកប្រែជាន័យផ្សេងទៀត ដែលមានគំនិតខុសគ្នាពីពាក្យឬឃ្លាក្នុងបទគម្ពីរ តែក៏ជាន័យត្រឹមត្រូវដែរ។—ដើមកំណើត ២១:៦, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«សើចជាមួយនឹងខ្ញុំ»; សាការី ១៤:២១, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«ជនជាតិកាណាន»
«ន័យត្រង់» កំណត់សម្គាល់នេះបញ្ជាក់របៀបបកប្រែតាមពាក្យនីមួយៗពីភាសាហេប្រឺ ឬភាសាអេរ៉ាម ឬភាសាក្រិច ឬក៏បញ្ជាក់អត្ថន័យឃ្លាភាសាដើម។—ចម្រៀងសរសើរព្រះ ២:១២, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«លើកកិត្តិយស»; លូកា ១២:៣៧, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«ពាក់ឯកសណ្ឋាន»
អត្ថន័យនិងការពន្យល់បន្ថែម ការពន្យល់អត្ថន័យឈ្មោះ (ដើមកំណើត ៣:១៧, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«អាដាម»; ដំណើរចាកចេញ ១៥:២៣, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«ម៉ារ៉ា»)។ ព័ត៌មានលម្អិតអំពីទម្ងន់និងរង្វាស់រង្វាល់ (ដើមកំណើត ៦:១៥, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«ហត្ថ»)។ ព័ត៌មានជំនួយក្នុងសេចក្ដីពន្យល់បន្ថែម និងក្នុងនិយមន័យពាក្យ។—ជំរឿនបណ្ដាជន ១៦:៣០, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«ផ្នូរ»; ម៉ាថាយ ៥:២២, មើលកំណត់សម្គាល់នៅត្រង់ពាក្យ«កេហេណា»
ផ្នែកខាងមុខនៃគម្ពីរនេះ មាន«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?» ដែលរៀបរាប់អំពីសេចក្ដីបង្រៀនជាមូលដ្ឋានក្នុងគម្ពីរ។ ចំណែកឯផ្នែកខាងក្រោយនៃគម្ពីរវិញ មាន«តារាងនៃសៀវភៅផ្សេងៗក្នុងគម្ពីរ» «លិបិក្រមពាក្យក្នុងគម្ពីរ» និង«និយមន័យពាក្យក្នុងគម្ពីរ»។ និយមន័យពាក្យជួយអ្នកអានឲ្យយល់អត្ថន័យពាក្យដែលមាននៅក្នុងគម្ពីរ។ សេចក្ដីពន្យល់បន្ថែម ផ្នែកក ចែកចេញជាផ្នែកៗដូចតទៅនេះ៖ «គោលការណ៍នៃការបកប្រែគម្ពីរ» «លក្ខណៈនៃសេចក្ដីបកប្រែនេះ» «របៀបដែលគម្ពីរបានត្រូវរក្សាមកដល់យើង» «នាមរបស់ព្រះក្នុងបទគម្ពីរភាសាហេប្រឺ» «នាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច» «តារាង: អ្នកប្រកាសទំនាយនិងស្ដេចនៃយូដានិងអ៊ីស្រាអែល» និង«ព្រឹត្តិការណ៍ក្នុងជីវិតលោកយេស៊ូនៅផែនដី»។ សេចក្ដីពន្យល់បន្ថែម ផ្នែកខ មានផែនទី តារាង និងព័ត៌មានផ្សេងទៀតដែលមានប្រយោជន៍សម្រាប់អ្នកដែលចូលចិត្តសិក្សាស្រាវជ្រាវគម្ពីរ។
ទំព័រដំបូងនៃសៀវភៅនីមួយៗក្នុងគម្ពីរមានសេចក្ដីសង្ខេបអំពីជំពូកនិងខផ្សេងៗ ដែលជួយអ្នកអានឲ្យយល់ត្រួសៗអំពីសៀវភៅទាំងមូល។ នៅចន្លោះកណ្ដាលសៀវភៅគម្ពីរ មានបទគម្ពីរយោងបញ្ជាក់ឲ្យដឹងថាខគម្ពីរដែលយើងកំពុងអានជាប់ទាក់ទងនឹងបទគម្ពីរណាខ្លះ។