បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១២ ទំ. ៣-៨
  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស
  • ព្រះ​រក្សា​ការពារ​បណ្ដាំ​របស់​លោក
  • សេចក្ដី​បក​ប្រែ​គម្ពីរ​ថ្មី​មួយ គឺ​ចាំ​បាច់
  • សេចក្ដីបកប្រែគម្ពីរមួយដែលមានជីវិតរស់នៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ‹ព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាស្ថិតស្ថេរនៅជាដរាប›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • តើតាមរបៀបណាគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃ?
    ភ្ញាក់រឭក! ២០០៧
  • ហេតុអ្វីយើងមានសេចក្ដីបកប្រែពិភពលោកថ្មី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១២ ទំ. ៣-៨

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រាស្រ័យ​ទាក់​ទង

​«​ចូរ​ស្ដាប់​ចុះ អញ​នឹង​និយាយ​»។—យ៉ូប ៤២:៤

ចម្រៀង​លេខ: ៣៧, ១៣៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​ប្រើ​ភាសា​សាមញ្ញ​ពេល​លោក​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស?

  • ទោះ​ជា​មនុស្ស​ប្រើ​ភាសា​ជា​ច្រើន​ផ្សេង​ៗ​ពី​គ្នា​ក្ដី ហេតុ​អ្វី​នេះ​មិន​មែន​ជា​បញ្ហា​ចំពោះ​ព្រះ​យេហូវ៉ា?

  • តើ​អង្គ​ការ​ព្រះ​យេហូវ៉ា​មាន​គោល​ដៅ​អ្វី​ស្តី​អំពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី?

១​-​៣​. (​ក​) ហេតុ​អ្វី​គំនិត​និង​ភាសា​របស់​ព្រះ​គឺ​ខ្ពង់​ខ្ពស់​ជាង​គំនិត​និង​ភាសា​របស់​មនុស្ស? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​រៀន​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​មាន​ជីវិត​និង​សុភមង្គល ហេតុ​នេះ​លោក​បាន​បង្កើត​ទេវតា​ទាំង​ឡាយ ហើយ​ក្រោយ​មក​លោក​បាន​បង្កើត​មនុស្ស។ (​ទំនុក​តម្កើង ៣៦:៩; ធីម៉ូថេ​ទី១ ១:១១​) មុន​ដំបូង ព្រះ​យេហូវ៉ា​បាន​បង្កើត​បុគ្គល​មួយ​រូប​ដែល​សាវ័ក​យ៉ូហាន​ហៅ​ថា​«​បណ្ដាំ​»។ (​យ៉ូហាន ១:១; ការ​បើក​បង្ហាញ ៣:១៤​) ព្រះ​យេហូវ៉ា​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​បុគ្គល​នោះ ពោល​គឺ​លោក​យេស៊ូ ហើយ​បាន​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​របស់​លោក។ (​យ៉ូហាន ១:១៤, ១៧; កូឡុស ១:១៥​) សាវ័ក​ប៉ូល​និយាយ​ថា​បណ្ដា​ទេវតា​ក៏​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដែរ ហើយ​ពួក​គេ​មាន​ភាសា​មួយ​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ភាសា​មនុស្ស។—កូរិនថូស​ទី១ ១៣:១

២ ព្រះ​យេហូវ៉ា​ជ្រាប​អ្វី​ៗ​ទាំង​អស់​អំពី​ទេវតា​និង​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​លោក​បាន​បង្កើត។ លោក​អាច​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ពេល​ដំណាល​គ្នា ហើយ​លោក​យល់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ ទោះ​ជា​ពួក​គេ​អធិដ្ឋាន​ជា​ភាសា​ណា​ក៏​ដោយ។ កាល​ដែល​ព្រះ​យេហូវ៉ា​កំពុង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​នោះ លោក​ក៏​កំពុង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​បណ្ដា​ទេវតា ហើយ​ណែនាំ​ពួក​គេ​ដែរ។ ដើម្បី​ធ្វើ​អ្វី​ៗ​ទាំង​អស់​នោះ គំនិត​និង​ភាសា​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខ្ពង់​ខ្ពស់​ជាង​គំនិត​និង​ភាសា​របស់​មនុស្ស។ (​សូម​អាន អេសាយ ៥៥:៨, ៩​) ហេតុ​នេះ ពេល​លោក​ប្រាស្រ័យ​ទាក់​ទងជា​មួយ​នឹង​មនុស្ស លោក​ធ្វើ​ឲ្យ​បណ្ដាំ​របស់​លោក​ស្រួល​យល់​ជាង​ដើម្បី​ឲ្យ​យើង​អាច​យល់​បាន។

៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ច្បាស់​ជា​មួយ​នឹង​មនុស្ស។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​របៀប​ដែល​លោក​ផ្លាស់​ប្ដូរ​វិធី​ប្រាស្រ័យ​ទាក់​ទង​ស្រប​តាម​កាលៈទេសៈ។

ព្រះ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស

៤​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ភាសា​ណា​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ម៉ូសេ សាំយូអែល​និង​ដាវីឌ? (​ខ​) តើ​គម្ពីរ​ចែង​អំពី​អ្វី​ខ្លះ?

៤ នៅ​សួន​អេដែន ពេល​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អាដាម​ដែល​ជា​មនុស្ស​ដំបូង លោក​ទំនង​ជា​បាន​ប្រើ​ភាសា​ហេប្រឺ​បុរាណ។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ផ្សេង​ៗ​ដូច​ជា​ម៉ូសេ សាំយូអែល​និង​ដាវីឌ​ជា​ដើម។ ទោះ​ជា​ពួក​គេ​បាន​សរសេរ​កត់​ដោយ​ប្រើ​ពាក្យ​របស់​ពួក​គេ​ផ្ទាល់​ជា​ភាសា​ហេប្រឺ ហើយ​បាន​ប្រើ​របៀប​សរសេរ​ផ្ទាល់​ខ្លួន​ក៏​ដោយ តាម​ការ​ពិត​ពួក​គេ​បាន​សរសេរ​គំនិត​របស់​ព្រះ។ ពួក​គេ​បាន​សរសេរ​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់ ហើយ​ក៏​បាន​សរសេរ​អំពី​ប្រវត្ដិ​នៃ​ទំនាក់​ទំនង​រវាង​ព្រះ​និង​រាស្ត្រ​របស់​លោក​ផង​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​អំពី​ជំនឿ​របស់​ពួក​គេ​និង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ ហើយ​ក៏​ចែង​អំពី​កំហុស​និង​ភាព​មិន​ស្មោះ​ត្រង់​របស់​ពួក​គេ​ដែរ។ ព័ត៌មាន​ទាំង​អស់​នេះ​បាន​ត្រូវ​សរសេរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។—រ៉ូម ១៥:៤

អ្នក​សរសេរ​គម្ពីរ​បាន​សរសេរ​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់ ហើយ​បាន​សរសេរ​អំពី​ប្រវត្ដិ​នៃ​ទំនាក់​ទំនង​រវាង​ព្រះ​និង​រាស្ត្រ​របស់​លោក

៥​. តើ​ភាសា​ហេប្រឺ​គឺ​ជា​ភាសា​តែ​មួយ​គត់​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ឬ? សូម​ពន្យល់។

៥ ព្រះ​យេហូវ៉ា​មិន​តែង​តែ​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ជា​ភាសា​ហេប្រឺ​ឡើយ។ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រំដោះ​ពី​ស្រុក​បាប៊ីឡូន ពួក​គេ​ខ្លះ​និយាយ​ភាសា​អារ៉ាម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​រួច​ហើយ។ នេះ​ប្រហែល​ជា​មូលហេតុ​ដែល​ដានីយ៉ែល យេរេមា​និង​អែសរ៉ា​បាន​សរសេរ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​ជា​ភាសា​អារ៉ាមa (​សូម​មើល​កំណត់​សម្គាល់​)។

៦​. ហេតុ​អ្វី​បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច?

៦ ក្រោយ​មក អាឡិច​សេន​ដឺ​ដ៏​ខ្លាំង​ក្លា​បាន​វាយ​ឈ្នះ​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភព​លោក ហើយ​ភាសា​ក្រិច​សាមញ្ញ ឬ​ខូអ៊ីណេ​បាន​ទៅ​ជា​ភាសា​សំខាន់​ចម្បង​នៅ​ប្រទេស​ជា​ច្រើន។ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​ចាប់​ផ្ដើម​និយាយ​ភាសា​ក្រិច ហើយ​នៅ​ទី​បំផុត បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច។ សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​ហៅ​ថា​សេបធួជីន (​Septuagint​)។ នេះ​គឺ​ជា​សេចក្ដី​បក​ប្រែ​ទី១​នៃ​គម្ពីរ និង​ជា​សេចក្ដី​បក​ប្រែ​សំខាន់​មួយ​ក្នុង​ចំណោម​សេចក្ដី​បក​ប្រែ​សំខាន់​បំផុត។ អ្នក​ជំនាញ​ខាង​គម្ពីរ​ជឿ​ថា​សេបធួជីន​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​អ្នក​បក​ប្រែ​៧២​នាក់។b (​សូម​មើល​កំណត់​សម្គាល់​) អ្នក​បក​ប្រែ​ខ្លះ​បាន​បក​ប្រែ​ពាក្យ​នីមួយ​ៗ​ពីបទ​គម្ពីរ​ភាសា​ហេប្រឺ​ជា​ជាង​បក​ប្រែ​អត្ថន័យ រីឯ​អ្នក​បក​ប្រែ​ខ្លះ​ទៀត​មិន​បាន​បក​ប្រែ​តាម​របៀប​នេះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច​និង​គ្រិស្ត​សាសនិក​បាន​ជឿ​ថា​សេចក្ដី​បក​ប្រែ​សេបធួជីន​គឺ​ជា​បណ្ដាំ​របស់​ព្រះ។

៧​. តើ​លោក​យេស៊ូ​បាន​ប្រើ​ភាសា​ណា​ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក?

៧ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ទំនង​ជា​បាន​និយាយ​ភាសា​ហេប្រឺ។ (​យ៉ូហាន ១៩:២០; ២០:១៦; សកម្មភាព ២៦:១៤​) លោក​ក៏​ប្រហែល​ជា​បាន​ប្រើ​ពាក្យ​ភាសា​អារ៉ាម​ខ្លះ​ដែល​គេ​ប្រើ​ជា​ទូ​ទៅ​នៅ​សម័យ​នោះ។ ប៉ុន្តែ លោក​ក៏​ចេះ​ភាសា​ហេប្រឺ​បុរាណ​ដែរ ជា​ភាសា​ដែល​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​និង​បាន​ប្រើ​ក្នុង​សំណេរ​របស់​ពួក​គាត់​ដែល​បាន​ត្រូវ​អាន​នៅ​សាលា​ប្រជុំ​រាល់​សប្ដាហ៍។ (​លូកា ៤:១៧​-​១៩; ២៤:៤៤, ៤៥; សកម្មភាព ១៥:២១​) ម្យ៉ាង​ទៀត ទោះ​ជា​នៅ​សម័យ​លោក​យេស៊ូ​មនុស្ស​បាន​និយាយ​ភាសា​ក្រិច​និង​ភាសា​ឡាតាំង​ក៏​ដោយ គម្ពីរ​មិន​បាន​ចែង​ថា​លោក​យេស៊ូ​និយាយ ឬ​មិន​និយាយ​ភាសា​ទាំង​នោះ​ឡើយ។

៨, ៩​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​និយាយ​ភាសា​ក្រិច ហើយ​តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

៨ ពួក​អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ​បាន​និយាយ​ភាសា​ហេប្រឺ ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ស្លាប់ ពួក​អ្នក​កាន់​តាម​លោក​បាន​និយាយ​ភាសា​ផ្សេង​ៗ​ទៀត។ (​សូម​អាន សកម្មភាព ៦:១​) កាល​ដែល​ដំណឹង​ល្អ​បាន​ឮ​សុសសាយ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​និយាយ​ភាសា​ក្រិច​ជា​ជាង​ភាសា​ហេប្រឺ។ ដោយ​សារ​ភាសា​ក្រិច​ជា​ភាសា​ដែល​គេ​ប្រើ​ជា​ទូ​ទៅ នោះ​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា​និង​យ៉ូហាន​បាន​ត្រូវ​រៀប​ចំ​ជា​ភាសា​ក្រិច។c (​សូម​មើល​កំណត់​សម្គាល់​) ម្យ៉ាង​វិញ​ទៀត សំបុត្រ​របស់​សាវ័ក​ប៉ូល​និង​សៀវភៅ​ឯ​ទៀត​នៃ​គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ក្រិច។

៩ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ពេល​ដែល​អ្នក​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បាន​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ នោះ​ពួក​គេ​ច្រើន​តែ​បាន​ប្រើ​សេបធួជីន។ ជួន​កាល ពាក្យ​ដែល​បាន​ត្រូវ​ដក​ស្រង់ គឺ​ខុស​គ្នា​បន្ដិច​បន្តួច​ពី​ពាក្យ​ដើម​ជា​ភាសា​ហេប្រឺ។ ហេតុ​នេះ ការ​បក​ប្រែ​របស់​ពួក​អ្នក​បក​ប្រែ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​បាន​បញ្ចូល​ក្នុង​សៀវភៅ​គម្ពីរ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ។ នេះ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​ភាសា ឬ​វប្បធម៌​មួយ​ថា​ប្រសើរ​ជាង​ភាសា​ឬ​វប្បធម៌​មួយ​ទៀត​ឡើយ។—សូម​អាន សកម្មភាព ១០:៣៤

ព្រះ​មិន​តម្រូវ​ឲ្យ​យើង​និយាយ​ភាសា​ណា​មួយ ដើម្បី​ស្គាល់​លោក​ឬ​គោល​បំណង​របស់​លោក​ឡើយ

១០​. តើ​យើង​បាន​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស?

១០ យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ស្រប​តាម​កាលៈទេសៈ។ លោក​មិន​តម្រូវ​ឲ្យ​យើង​និយាយ​ភាសា​ណា​មួយ​ដើម្បី​ស្គាល់​លោក ឬ​គោល​បំណង​របស់​លោក​ឡើយ។ (​សូម​អាន សាការី ៨:២៣; ការ​បើក​បង្ហាញ ៧:៩, ១០​) យើង​ក៏​បាន​រៀន​ដែរ​ថា​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ពួក​អ្នក​សរសេរ​គម្ពីរ ប៉ុន្តែ​លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​សរសេរ​គំនិត​របស់​លោក​ដោយ​ប្រើ​ពាក្យ​របស់​ពួក​គេ​ផ្ទាល់។

ព្រះ​រក្សា​ការពារ​បណ្ដាំ​របស់​លោក

១១​. ទោះ​ជា​មនុស្ស​ប្រើ​ភាសា​ជា​ច្រើន​ផ្សេង​ៗ​ពី​គ្នា​ក្ដី ហេតុ​អ្វី​នេះ​មិន​មែន​ជា​បញ្ហា​ចំពោះ​ព្រះ​យេហូវ៉ា?

១១ មនុស្ស​ប្រើ​ភាសា​ផ្សេង​ៗ​ជា​ច្រើន ប៉ុន្តែ​នេះ​មិន​មែន​ជា​បញ្ហា​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ហេតុ​អ្វី​យើង​ដឹង? គម្ពីរ​មាន​តែ​ពាក្យ​របស់​លោក​យេស៊ូ​ខ្លះ​ប៉ុណ្ណោះ​ជា​ភាសា​ដើម​ដែល​លោក​បាន​ប្រើ។ (​ម៉ាថាយ ២៧:៤៦; ម៉ាកុស ៥:៤១; ៧:៣៤; ១៤:៣៦​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ត្រូវ​សរសេរ​និង​បក​ប្រែ​ជា​ភាសា​ក្រិច ហើយ​ក្រោយ​មក​ជា​ភាសា​ឯ​ទៀត។ ម្យ៉ាង​ទៀត ដោយ​សារ​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​ចម្លង​ជា​ច្រើន​ដង​ដោយ​ជន​ជាតិ​យូដា​និង​គ្រិស្ត​សាសនិក បណ្ដាំ​នោះ​បាន​ត្រូវ​រក្សា​ការពារ។ ក្រោយ​មក ឯកសារ​ចម្លង​ទាំង​នេះ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា​ថែម​ទៀត។ ប្រហែល​ជា​៤០០​ឆ្នាំ​ក្រោយ​កំណើត​លោក​យេស៊ូ​គ្រិស្ត ចន គ្រីសូស្ថម​បាន​និយាយ​ថា​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​របស់​ជន​ជាតិ​ស៊ីរី អេស៊ីប ឥណ្ឌា ពើស៊ី អេត្យូពី​និង​ភាសា​របស់​ជន​ជាតិ​ឯ​ទៀត​ជា​ច្រើន។

១២​. តើ​គម្ពីរ​បាន​ត្រូវ​វាយ​ប្រហារ​យ៉ាង​ដូច​ម្ដេច?

១២ តាំង​ពី​សម័យ​បុរាណ​មក មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​ប្រឆាំង​គម្ពីរ​និង​ពួក​អ្នក​ដែល​បក​ប្រែ​និង​ចែក​ចាយ​គម្ពីរ។ ប្រហែល​ជា​៣០០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត ដែអូគ្លីសៀន​ដែល​ជា​អធិរាជ​រ៉ូម​បាន​បង្គាប់​ឲ្យ​បំផ្លាញ​គម្ពីរ​ទាំង​អស់​ចោល។ ប្រហែល​ជា​១.២០០​ឆ្នាំ​ក្រោយ​មក វីល្លាម ធីនដេល​បាន​ចាប់​ផ្ដើម​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស។ គាត់​បាន​និយាយ​ថា បើ​ព្រះ​ឲ្យ​គាត់​រស់​នៅ​យូរ​ល្មម គាត់​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា សូម្បី​តែ​ក្មេង​ធ្វើ​ស្រែ​នឹង​ស្គាល់​គម្ពីរ​ច្រើន​ជាង​សង្ឃ​ទៅ​ទៀត។ ដោយ​សារ​មាន​ការ​បៀត​បៀន ធីនដេល​បាន​ត្រូវ​រត់​ចេញ​ពី​ប្រទេស​អង់គ្លេស​ដើម្បី​បក​ប្រែ​និង​បោះ​ពុម្ព​គម្ពីរ។ ទោះ​ជា​ពួក​បព្វជិត​បាន​ព្យាយាម​ដុត​ចោល​គម្ពីរ​ទាំង​អស់​ដែល​ពួក​គេ​អាច​រក​ឃើញ​ក៏​ដោយ សេចក្ដី​បក​ប្រែ​របស់​ធីនដេល​បាន​ត្រូវ​ចែក​ចាយ​ដល់​មនុស្ស​ជា​ច្រើន។ នៅ​ទី​បំផុត ធីនដេល​បាន​ត្រូវ​គេ​សម្លាប់​ដោយ​រឹត​ក រួច​ដុត​នៅ​លើ​បង្គោល​ឈើ។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​របស់​គាត់​បាន​នៅ​គង់​វង្ស ទោះ​ជា​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​បព្វជិត​ក្ដី ហើយ​សេចក្ដី​បក​ប្រែ​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​បក​ប្រែ​គម្ពីរ​ដែល​គេ​ហៅ​ថា​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស (​King James Version​)។—សូម​អាន ធីម៉ូថេ​ទី២ ២:៩

១៣​. តើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឯកសារ​ចាស់​បុរាណ​នៃ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ណា?

១៣ ពិត​មែន គម្ពីរ​ចាស់​បុរាណ​ខ្លះ​មាន​កំហុស​បន្ដិច​បន្តួច ហើយ​មាន​ភាព​ខុស​គ្នា​នៅ​កន្លែង​ខ្លះ។ ប៉ុន្តែ​ក្រោយ​ពី​អ្នក​ជំនាញ​ខាង​គម្ពីរ​បាន​សិក្សា​ស្រាវ​ជ្រាវ​រាប់​ពាន់​ឯកសារ​ដើម បំណែក​ឯកសារ​ដើម និង​សេចក្ដី​បក​ប្រែ​ចាស់​បុរាណ​នៃ​គម្ពីរ ហើយ​បាន​ប្រៀប​ធៀប​គ្នា ពួក​គេ​បាន​ឃើញ​ថា​មាន​តែ​ខ​គម្ពីរ​ខ្លះ​ប៉ុណ្ណោះ​ដែល​មាន​ភាព​ខុស​គ្នា ហើយ​ភាព​ខុស​គ្នា​នោះ​គឺ​មាន​តែ​បន្ដិច​បន្តួច។ ប៉ុន្តែ សេចក្ដី​ពិត​ពី​គម្ពីរ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ដូច​នេះ​ធ្វើ​ឲ្យ​ពួក​អ្នកសិក្សា​គម្ពីរ​ដោយ​ចិត្ត​ស្មោះ ជឿ​ជាក់​ថា​អ្វី​ដែល​ពួក​គេ​មាន​សព្វ​ថ្ងៃ​នេះ​គឺ​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោកd (​សូម​មើល​កំណត់​សម្គាល់​)។—អេសាយ ៤០:៨

១៤​. នៅ​សព្វ​ថ្ងៃ​នេះ តើ​គម្ពីរ​បាន​ត្រូវ​ចែក​ចាយ​ដល់​កម្រិត​ណា?

១៤ ទោះ​បី​ជា​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​ប្រឆាំង​គម្ពីរ​ក្ដី គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជាង​២.៨០០​ភាសា នោះ​គឺ​ច្រើន​ជាង​សៀវភៅ​ឯ​ទៀត​ទាំង​អស់​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​មនុស្ស​ជា​ច្រើន​មិន​មាន​ជំនឿ​លើ​ព្រះ​ក៏​ដោយ បណ្ដាំ​របស់​លោក​នៅ​តែ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ។ ទោះ​បី​សេចក្ដី​បក​ប្រែ​ខ្លះ​នៃ​គម្ពីរ​គឺ​មិន​សូវ​ត្រឹម​ត្រូវ ឬ​មិន​សូវ​ស្រួល​អាន​ក៏​ដោយ ស្ទើរតែ​គ្រប់​សេចក្ដី​បក​ប្រែ​ទាំង​នោះ​មាន​ព័ត៌មាន​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

សេចក្ដី​បក​ប្រែ​គម្ពីរ​ថ្មី​មួយ គឺ​ចាំ​បាច់

១៥​. (​ក​) តើ​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា​តាំង​ពី​ឆ្នាំ​១៩១៩? (​ខ​) ហេតុ​អ្វី​សៀវភៅ​របស់​យើង​បាន​ត្រូវ​សរសេរ​ដំបូង​ជា​ភាសា​អង់គ្លេស?

១៥ នៅ​ឆ្នាំ​១៩១៩ អ្នក​សិក្សា​គម្ពីរ​មួយ​ក្រុម​តូច​បាន​ត្រូវ​តែង​តាំង​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ នៅ​ពេល​នោះ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ច្រើន​តែ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​ជា​ភាសា​អង់គ្លេស។ (​ម៉ាថាយ ២៤:៤៥​) ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​មាន​ជាង​៧០០​ភាសា។ ដូច​ភាសា​ក្រិច​នៅ​សម័យ​មុន ឥឡូវ​នេះ​ភាសា​អង់គ្លេស​គឺ​ជា​ភាសា​ដែល​គេ​ប្រើ​ជា​ធម្មតា​ក្នុង​ពាណិជ្ជកម្ម​និង​ការ​អប់រំ ហើយ​ជា​ភាសា​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ។ ដូច្នេះ សៀវភៅ​របស់​យើង​បាន​ត្រូវ​សរសេរ​ដំបូង​ជា​ភាសា​អង់គ្លេស ហើយ​ក្រោយ​មក​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ឯ​ទៀត។

១៦, ១៧​. (​ក​) តើ​រាស្ត្រ​របស់​ព្រះ​ត្រូវ​ការ​អ្វី? (​ខ​) តើ​សេចក្ដី​ត្រូវ​ការ​នោះ​បាន​ត្រូវ​បំពេញ​យ៉ាង​ដូច​ម្ដេច? (​គ​) តើ​បង​ន័រ​មាន​បំណង​ប្រាថ្នា​យ៉ាង​ណា?

១៦ សៀវភៅ​ទាំង​អស់​របស់​យើង​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ដំបូង រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស ដែល​បាន​ត្រូវ​បក​ប្រែ​ចប់​នៅ​ឆ្នាំ​១៦១១។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​នោះ​ប្រើ​ភាសា​ចាស់​ហួស​សម័យ ហើយ​ពិបាក​យល់។ សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​នាម​របស់​ព្រះ​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ ទោះ​ជា​ឯកសារ​ចាស់​ៗ​បាន​ប្រើ​នាម​នោះ​រាប់​ពាន់​ដង​ក៏​ដោយ។ សេចក្ដី​បក​ប្រែ​នោះ​ក៏​មាន​កំហុស​ក្នុង​ការ​បក​ប្រែ​ដែរ ហើយ​មាន​ខ​គម្ពីរ​បន្ថែម​ដែល​ឯកសារ​ចាស់​ៗ​បំផុត​មិន​មាន។ សេចក្ដី​បក​ប្រែ​ឯ​ទៀត​នៃ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ក៏​មាន​បញ្ហា​ស្រដៀង​នឹង​នេះ​ដែរ។

១៧ យើង​ឃើញ​ច្បាស់​ថា​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ការ​សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ដែល​ត្រឹម​ត្រូវ ហើយ​ស្រួល​យល់។ ដូច្នេះ គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​បង្កើត​ឡើង ហើយ​ចាប់​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៦០ គណៈ​កម្មាធិការ​នេះ​បាន​ចេញ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ។ សៀវភៅ​៦​ក្បាល​ដំបូង​បាន​ចេញ​នៅ​មហា​សន្និបាត​មួយ​នា​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​១៩៥០។ នៅ​មហា​សន្និបាត​នោះ បង​ប្រុស​ន័រ​បាន​និយាយ​ថា​រាស្ត្រ​របស់​ព្រះ​ត្រូវ​ការ​សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ទាន់​សម័យ ដែល​ត្រឹម​ត្រូវ​និង​ស្រួល​យល់ ហើយ​ដែល​នឹង​ជួយ​ពួក​គេ​រៀន​សេចក្ដី​ពិត​ឲ្យ​បាន​ច្បាស់​ជាង។ ពួក​គេ​ត្រូវ​ការ​សេចក្ដី​បក​ប្រែ​មួយ​ដែល​ស្រួល​អាន​និង​ស្រួល​យល់ ដូច​សំណេរ​ដើម​របស់​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ បង​ន័រ​មាន​បំណង​ប្រាថ្នា​ចង់​ឲ្យ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជួយ​មនុស្ស​រាប់​លាន​នាក់​ស្គាល់​ព្រះ​យេហូវ៉ា។

១៨​. តើ​អ្វី​បាន​ជួយ​ការ​បក​ប្រែ​គម្ពីរ?

១៨ មក​ដល់​ឆ្នាំ​១៩៦៣ បំណង​ប្រាថ្នា​របស់​បង​ន័រ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​មាន​ជា​ភាសា​ហូឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់​និង​អេស្ប៉ាញ។ នៅ​ឆ្នាំ​១៩៨៩ គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផ្នែក​ថ្មី​មួយ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក ដើម្បី​ជួយ​អ្នក​បក​ប្រែ​គម្ពីរ។ ក្រោយ​មក នៅ​ឆ្នាំ​២០០៥ មាន​ការ​អនុញ្ញាត​ឲ្យ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ណា​ដែល​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​បក​ប្រែ​រួច​ហើយ។ ជា​លទ្ធផល ឥឡូវ​នេះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​មាន​ជាង​១៣០​ភាសា។

១៩​. តើ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ហើយ​តើ​យើង​នឹង​រៀន​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ ចាប់​តាំង​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ចេញ​ជា​លើក​ដំបូង ភាសា​អង់គ្លេស​បាន​ផ្លាស់​ប្ដូរ ដូច្នេះ​គឺ​ជា​ការ​ចាំ​បាច់​ដែល​សេចក្ដី​បក​ប្រែ​នោះ​ប្រើ​ពាក្យ​ថ្មី​ៗ​ទាន់​សម័យ។ នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ទី​១២៩​របស់​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី នា​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​គឺ​ថ្ងៃ​ទី​៥​និង​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ មាន​អ្នក​ស្ដាប់​១.៤១៣.៦៧៦​នាក់​នៅ​៣១​ប្រទេស​ដែល​បាន​មើល​វីដេអូ​ដែល​បាន​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​ពី​កិច្ច​ប្រជុំ​នោះ ឬ​បាន​ចូល​រួម​ដោយ​ផ្ទាល់។ សមាជិក​ម្នាក់​នៃ​គណៈ​អភិបាល​បាន​ប្រកាស​ចេញ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី​ជា​ភាសា​អង់គ្លេស។ អ្នក​ស្ដាប់​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ហើយ​បង​ប្អូន​ជា​ច្រើន​នាក់​បាន​យំ​ពេល​ពួក​គាត់​ម្នាក់​ៗ​បាន​ទទួល​សេចក្ដី​បក​ប្រែ​ថ្មី​នេះ។ កាល​ដែល​អ្នក​ថ្លែង​បាន​អាន​ខ​គម្ពីរ​ផ្សេង​ៗ​ពី​កំណែ​ថ្មី​នេះ បង​ប្អូន​ទាំង​អស់​គ្នា​បាន​ឃើញ​ច្បាស់​ថា​សេចក្ដី​បក​ប្រែ​កំណែ​ថ្មី គឺ​ស្រួល​អាន​និង​ស្រួល​យល់​ជាង។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​ថែម​ទៀត​អំពី​កំណែ​ថ្មី​នេះ ព្រម​ទាំង​រៀន​អំពី​របៀប​ដែល​កំណែ​ថ្មី​នេះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ផ្សេង​ៗ​ទៀត។

a អែសរ៉ា ៤:៨; ៧:១២; យេរេមា ១០:១១; និង​ដានីយ៉ែល ២:៤ បាន​ត្រូវ​សរសេរ​ជា​លើក​ដំបូង​ជា​ភាសា​អារ៉ាម។

b សេបធួជីន​មាន​ន័យ​ថា​«​ចិតសិប​»។ តាម​មើល​ទៅ ការ​បក​ប្រែ​នោះ​បាន​ចាប់​ផ្ដើម​ប្រហែល​ជា​៣០០​ឆ្នាំ មុន​គ.ស. ហើយ​បាន​ចប់​១៥០​ឆ្នាំ​មុន​គ.ស.។ សព្វ​ថ្ងៃ​នេះ សេចក្ដី​បក​ប្រែ​នេះ​នៅ​តែ​សំខាន់ ពី​ព្រោះ​សេចក្ដី​បក​ប្រែ​នេះ​ជួយ​អ្នក​ជំនាញ​ខាង​គម្ពីរ​ឲ្យ​យល់​ពាក្យ ឬ​ខ​គម្ពីរ​ទាំង​មូល​ជា​ភាសា​ហេប្រឺ​ដែល​ពិបាក​ៗ។

c អ្នក​ខ្លះ​គិត​ថា​ម៉ាថាយ​សរសេរ​សៀវភៅ​របស់​គាត់​ជា​ភាសា​ហេប្រឺ ហើយ​ថា​ក្រោយ​មក​សៀវភៅ​នោះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ក្រិច។ ប្រហែល​ជា​ម៉ាថាយ​ជា​អ្នក​បក​ប្រែ​សៀវភៅ​នោះ។

d សូម​មើល​សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? ជំពូក​ទី២ វគ្គ​១០​-​១៧។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ព្រះ​យេហូវ៉ា​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​តាម​របៀប​ដែល​ពួក​គេ​ស្រួល​យល់។ នៅ​ដើម​ដំបូង លោក​បាន​ប្រើ​ភាសា​ហេប្រឺ​បុរាណ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អាដាម ប៉ុន្តែ​ព្រះ​យេហូវ៉ា​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស ទោះ​ជា​ពួក​គេ​និយាយ​ភាសា​ណា​ក៏​ដោយ។ អ្វី​ដែល​សំខាន់​ចំពោះ​លោក​គឺ យើង​យល់​គំនិត និង​អារម្មណ៍​របស់​លោក​ព្រម​ទាំង​ការ​ណែនាំ​ដែល​លោក​ឲ្យ​ដល់​អ្នក​បម្រើ​របស់​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក