បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១២ ទំ. ៩-១៤
  • សេចក្ដីបកប្រែគម្ពីរមួយដែលមានជីវិតរស់នៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីបកប្រែគម្ពីរមួយដែលមានជីវិតរស់នៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរ​ដែល​លើក​តម្កើង​នាម​របស់​ព្រះ
  • សេចក្ដី​បក​ប្រែ​ដែល​ច្បាស់​និង​ត្រឹម​ត្រូវ
  • ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ
  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សូមគាំទ្របន្ទូលរបស់ព្រះដោយស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១២ ទំ. ៩-១៤

សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​ដែល​មាន​ជីវិត​រស់​នៅ

​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ​»។—ហេប្រឺ ៤:១២

ចម្រៀង​លេខ: ៣៧, ៤៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​គម្ពីរ​គួរ​មាន​នាម​របស់​ព្រះ?

  • ហេតុ​អ្វី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​កែ​ជា​ថ្មី?

  • តើ​មនុស្ស​ជា​ច្រើន​នាក់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី?

១​. (​ក​) តើ​ព្រះ​បាន​ឲ្យ​អាដាម​នូវ​ភារកិច្ច​អ្វី? (​ខ​) តាំង​ពី​ពេល​នោះ តើ​រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​សមត្ថភាព​និយាយ​ភាសា​ដើម្បី​ធ្វើ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​នូវ​អំណោយ​មួយ​គឺ​សមត្ថភាព​និយាយ​ភាសា។ នៅ​សួន​អេដែន ព្រះ​បាន​ឲ្យ​អាដាម​នូវ​ភារកិច្ច​មួយ​គឺ​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ទាំង​ឡាយ។ អាដាម​បាន​ដាក់​ឈ្មោះ​ដែល​មាន​អត្ថន័យ​ឲ្យ​សត្វ​នីមួយ​ៗ។ (​លោកុប្បត្តិ ២:១៩, ២០​) តាំង​ពី​ពេល​នោះ រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​សមត្ថភាព​និយាយ​ភាសា​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ ថ្មី​ៗ​នេះ រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​អំណោយ​នេះ​ដើម្បី​បក​ប្រែ​គម្ពីរ​ប្រយោជន៍​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា។

២​. (​ក​) តើ​សមាជិក​នៃ​គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​អនុវត្ត​គោល​ការណ៍​អ្វី​ខ្លះ? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ?

២ មាន​សេចក្ដី​បក​ប្រែ​រាប់​ពាន់​នៃ​គម្ពីរ ប៉ុន្តែ​សេចក្ដី​បក​ប្រែ​ខ្លះ​ត្រឹម​ត្រូវ​ជាង​សេចក្ដី​បក​ប្រែ​ឯ​ទៀត។ ដើម្បី​បក​ប្រែ​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​គោល​ការណ៍​បី​យ៉ាង​គឺ​៖ (​១​) លើក​តម្កើង​នាម​របស់​ព្រះ​ដោយ​ដាក់​បញ្ចូល​នាម​របស់​លោក​ឡើង​វិញ​នៅ​ក្នុង​បណ្ដាំ​របស់​លោក​នៅ​កន្លែង​ដែល​មាន​ក្នុង​ឯកសារ​ដើម។ (​សូម​អាន ម៉ាថាយ ៦:៩​) (​២​) បើ​អាច​ធ្វើ​បាន បក​ប្រែ​ពាក្យនីមួយ​ៗ​ពី​បណ្ដាំ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​នៅ​ដើម​ដំបូង ហើយ​បើ​មិន​អាច​បក​ប្រែ​ពាក្យ​នីមួយ​ៗ​បាន បក​ប្រែ​តាម​អត្ថន័យ​ត្រឹម​ត្រូវ​វិញ។ (​៣​) ប្រើ​ពាក្យ​ដែល​ស្រួល​អាន​និង​ស្រួល​យល់។a (​សូម​មើល​កំណត់​សម្គាល់​) (​សូម​អាន នេហេមា ៨:៨, ១២​) គោល​ការណ៍​ទាំង​បី​នេះ​បាន​ត្រូវ​អនុវត្ត​ដោយ​អ្នក​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ក្នុង​ភាសា​ជាង​១៣០។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​គោល​ការណ៍​ទាំង​នេះ​បាន​ត្រូវ​អនុវត្ត​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី​ឆ្នាំ​២០១៣ និង​ក្នុង​ការ​បក​ប្រែ​ជា​ភាសា​ផ្សេង​ទៀត។

គម្ពីរ​ដែល​លើក​តម្កើង​នាម​របស់​ព្រះ

៣, ៤​. (​ក​) តើ​យើង​អាច​រក​ឃើញ​តេត្រាក្រាម​នៅ​ឯ​ណា​ខ្លះ? (​ខ​) តើ​សេចក្ដី​បក​ប្រែ​ជា​ច្រើន​នៃ​គម្ពីរ​បាន​ធ្វើ​អ្វី​ចំពោះ​នាម​របស់​ព្រះ?

៣ អក្សរ​ភាសា​ហេប្រឺ​បួន​តួ​បាន​ត្រូវ​ប្រើ​ដើម្បី​ជា​តំណាង​នាម​របស់​ព្រះ។ អក្សរ​ភាសា​ហេប្រឺ​ទាំង​បួន​តួ​នេះ​បាន​ត្រូវ​ហៅ​ថា​តេត្រាក្រាម។ យើង​អាច​រក​ឃើញ​តេត្រាក្រាម​ក្នុង​ឯកសារ​ចាស់​ៗ​ជា​ច្រើន​ជា​ភាសា​ហេប្រឺ ដូច​ជា​រមូរ​នៅ​សមុទ្រ​ស្លាប់​ជា​ដើម ហើយ​នៅ​ក្នុង​ឯកសារ​ខ្លះ​នៃ​សេបធួជីន (​Septuagint​) ជា​ភាសា​ក្រិច យើង​ក៏​អាច​រក​ឃើញ​នាម​របស់​លោក​ដែរ។ ឯកសារ​ទាំង​នេះ​នៃ​សេបធួជីន​បាន​ត្រូវ​ចម្លង​តាំង​ពី​២០០​ឆ្នាំ​មុន​កំណើត​គ្រិស្ត​រហូត​ដល់​១០០​ឆ្នាំ​ក្រោយ​កំណើត​គ្រិស្ត។ មនុស្ស​ជា​ច្រើន​នាក់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ពួក​គេ​ឃើញ​ថា​នាម​របស់​ព្រះ​មាន​ជា​ច្រើន​ដង​ក្នុង​ឯកសារ​ចាស់​បុរាណ។

មនុស្ស​ជា​ច្រើន​នាក់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​ពួក​គេ​ឃើញ​ថា នាម​របស់​ព្រះ​មាន​ជា​ច្រើន​ដង​ក្នុង​ឯកសារ​ចាស់​បុរាណ

៤ យើង​អាច​ឃើញ​ច្បាស់​ថា នាម​របស់​ព្រះ​គួរ​មាន​នៅ​ក្នុង​គម្ពីរ។ ប៉ុន្តែ អ្នក​បក​ប្រែ​ជា​ច្រើន​នាក់​មិន​ប្រើ​នាម​របស់​ព្រះ​ទេ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ពីរ​ឆ្នាំ​ក្រោយ​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បាន​ចេញ សេចក្ដី​បក​ប្រែ​គម្ពីរ​បមាណីយ​អាម៉េរិក​កំណែ​ថ្មី (​American Standard Version​) ក៏​បាន​ចេញ​ដែរ។ សេចក្ដី​បក​ប្រែ​គម្ពីរ​បមាណីយ​អាម៉េរិក​ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៩០១​បាន​ប្រើ​នាម​របស់​ព្រះ ប៉ុន្តែ​កំណែ​ថ្មី​នៅ​ឆ្នាំ​១៩៥២​មិន​បាន​ប្រើ​នាម​របស់​លោក​ទេ។ ហេតុ​អ្វី? អ្នក​បក​ប្រែ​នៃ​សេចក្ដី​បក​ប្រែ​នោះ​មាន​អារម្មណ៍​ថា​ការ​ប្រើ​នាម​របស់​ព្រះ​គឺ​ជា​«​ការ​មិន​សមរម្យ​ទាល់​តែ​សោះ​»។ សេចក្ដី​បក​ប្រែ​ជា​ច្រើន ទាំង​ភាសា​អង់គ្លេស​ទាំង​ភាសា​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​បែប​នេះ​ដែរ។

៥​. ហេតុ​អ្វី​ការ​ប្រើ​នាម​របស់​ព្រះ​ក្នុង​គម្ពីរ​គឺ​សំខាន់?

៥ តើ​ជា​ការ​សំខាន់​ឬ​ទេ ដែល​អ្នក​បក​ប្រែ​ប្រើ​ឬ​មិន​ប្រើ​នាម​របស់​ព្រះ? គឺ​សំខាន់​ណាស់! ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ​ចង់​ឲ្យ​មនុស្ស​ស្គាល់​នាម​របស់​លោក។ អ្នក​បក​ប្រែ​ល្អ​គួរ​ដឹង​អំពី​បំណង​ចិត្ត​របស់​អ្នក​និពន្ធ ហើយ​នេះ​គួរ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​ស្តី​អំពី​ការ​បក​ប្រែ។ បទ​គម្ពីរ​ជា​ច្រើន​បង្ហាញ​ថា​នាម​របស់​ព្រះ​គឺ​សំខាន់ ហើយ​នាម​នោះ​ត្រូវ​តែ​ទទួល​ការ​លើក​តម្កើង។ (​និក្ខមនំ ៣:១៥; ទំនុក​តម្កើង ៨៣:១៨; ១៤៨:១៣; អេសាយ ៤២:៨; ៤៣:១០; យ៉ូហាន ១៧:៦, ២៦; សកម្មភាព ១៥:១៤​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​ប្រើ​នាម​របស់​លោក​រាប់​ពាន់​ដង​ក្នុង​ឯកសារ​ចាស់​បុរាណ។ (​សូម​អាន អេសេគាល ៣៨:២៣​) ដូច្នេះ ពេល​អ្នក​បក​ប្រែ​ដក​នាម​របស់​ព្រះ​ចេញ ពួក​គេ​មិន​គោរព​ព្រះ​យេហូវ៉ា​ទេ។

៦​. ហេតុ​អ្វី​នាម​របស់​ព្រះ​បាន​ត្រូវ​ដាក់​បន្ថែម​នៅ​៦​កន្លែង​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី?

៦ សព្វ​ថ្ងៃ​នេះ មាន​ភ័ស្តុតាង​កាន់​តែ​ច្រើន​ដែល​បញ្ជាក់​ថា​យើង​គួរ​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា។ កំណែ​ថ្មី​ឆ្នាំ​២០១៣​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ប្រើ​នាម​របស់​ព្រះ​៧.២១៦​ដង។ នេះ​គឺ​មាន​៦​ដង​លើស​កំណែ​មុន។ មូលហេតុ​ដែល​នាម​របស់​ព្រះ​បាន​ត្រូវ​ដាក់​នៅ​ប្រាំ​កន្លែង​បន្ថែម​ក្នុង​ចំណោម​កន្លែង​៦​នោះ គឺ​ដោយ​សារ​នាម​នោះ​បាន​ត្រូវ​រក​ឃើញ​ក្នុង​រមូរ​នៅ​សមុទ្រ​ស្លាប់​ដែល​គេ​បាន​បោះ​ពុម្ព​នៅ​ពេល​ថ្មី​ៗ​នេះ។b (​សូម​មើល​កំណត់​សម្គាល់​) កន្លែង​ទាំង​ប្រាំ​នោះ​គឺ​នៅ​សាំយូអែល​ទី១ ២:២៥; ៦:៣; ១០:២៦; ២៣:១៤, ១៦។ កន្លែង​ទី​៦​បាន​ត្រូវ​បន្ថែម​គឺ​នៅ​ពួក​ចៅហ្វាយ ១៩:១៨ ហើយ​នេះ​គឺ​ដោយ​សារ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថែម​ទៀត​ទៅ​លើ​ឯកសារ​ចាស់​ៗ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៃ​គម្ពីរ។

៧, ៨​. តើ​នាម​ព្រះ​យេហូវ៉ា​មាន​អត្ថន័យ​យ៉ាង​ណា?

៧ ចំពោះ​គ្រិស្ត​សាសនិក​ពិត ការ​យល់​អត្ថន័យ​ពេញ​លេញ​នៃ​នាម​របស់​ព្រះ​គឺ​សំខាន់។ នាម​របស់​លោក​មាន​ន័យ​ថា​៖ ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។c (​សូម​មើល​កំណត់​សម្គាល់​) ពី​មុន​សៀវភៅ​របស់​យើង​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​នាម​របស់​ព្រះ​ដោយ​ប្រើ​និក្ខមនំ ៣:១៤​ដែល​ចែង​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»​ ឬ​តាម​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​អង់គ្លេស​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»។ កំណែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៩៨៤​បាន​ពន្យល់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ខ្លួន​លោក​ក្លាយ​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​លោក​ចង់​ក្លាយ​ទៅ​ជា ដើម្បី​សម្រេច​សេចក្ដី​សន្យា​របស់​លោក។d (​សូម​មើល​កំណត់​សម្គាល់​) ប៉ុន្តែ ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ទោះ​ជា​នាម​យេហូវ៉ា​រួម​បញ្ចូល​អត្ថន័យ​នេះ​ក៏​ដោយ អត្ថន័យ​នៃ​នាម​លោក​មិន​បញ្ជាក់​តែ​អំពី​អ្វី​ដែល​លោក​ចង់​ក្លាយ​ទៅ​ជា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អត្ថន័យ​នៃ​នាម​លោក ក៏​រួម​បញ្ចូល​អ្វី​ដែល​លោក​ធ្វើ​ឲ្យ​កើត​ឡើង​ចំពោះ​អ្វី​ៗ​ដែល​លោក​បង្កើត​ដែរ ព្រម​ទាំង​អ្វី​ដែល​លោក​ធ្វើ​ឲ្យ​កើត​ឡើង​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​»។

៨ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្វី​ដែល​លោក​បង្កើត​ក្លាយ​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​លោក​ចង់​ឲ្យ​ក្លាយ​ទៅ​ជា។ ជា​ឧទាហរណ៍ ព្រះ​បាន​ធ្វើ​ឲ្យ​ណូអេ​ក្លាយ​ទៅ​ជា​អ្នក​សង់​ទូក​ធំ ធ្វើ​ឲ្យ​បេតសាលាល​ក្លាយ​ទៅ​ជា​សិប្បករ​ដ៏​ជំនាញ ធ្វើ​ឲ្យ​គេឌាន​ក្លាយ​ទៅ​ជា​អ្នក​ច្បាំង​ដ៏​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ូល​ក្លាយ​ទៅ​ជា​សាសនទូត។ នាម​របស់​ព្រះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ចំពោះ​រាស្ត្រ​របស់​លោក ហើយ​នេះ​ជា​មូលហេតុ​ដែល​គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ប្រើ​នាម​របស់​ព្រះ​ក្នុង​សេចក្ដី​បក​ប្រែ​នេះ។

៩​. ហេតុ​អ្វី​ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ​គឺ​ជា​អ្វី​ដ៏​សំខាន់​ចម្បង?

៩ សេចក្ដី​បក​ប្រែ​គម្ពីរ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ដក​នាម​របស់​ព្រះ​ចេញ ហើយ​ប្រើ​ឋានៈ​«​ព្រះ​អម្ចាស់​»​ ឬ​ក៏​ប្រើ​នាម​របស់​ព្រះ​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​នៅ​តំបន់​នោះ​ជំនួស​វិញ។ នេះ​ជា​មូលហេតុ​សំខាន់​ចម្បង​មួយ​ដែល​គណៈ​អភិបាល​ជឿ​ជាក់​ថា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​មនុស្ស​គ្រប់​ភាសា​មាន​គម្ពីរ​ដែល​លើក​តម្កើង​នាម​របស់​ព្រះ។ (​សូម​អាន ម៉ាឡាគី ៣:១៦​) មក​ដល់​ឥឡូវ​នេះ នាម​របស់​ព្រះ​យេហូវ៉ា​កំពុង​ទទួល​ការ​លើក​តម្កើង​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជាង​១៣០​ភាសា។

សេចក្ដី​បក​ប្រែ​ដែល​ច្បាស់​និង​ត្រឹម​ត្រូវ

១០, ១១​. តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ​ពេល​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ទៅ​ជា​ភាសា​ផ្សេង​ទៀត?

១០ មាន​ការ​ពិបាក​ខ្លះ​ក្នុង​ការ​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​ឯ​ទៀត។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ជា​ភាសា​អង់គ្លេស​បាន​ប្រើ​ពាក្យ​ភាសា​ហេប្រឺ​«​ហ្ស៊ីអូល​»​នៅ​សាស្ដា ៩:១០​និង​នៅ​ខ​គម្ពីរ​ផ្សេង​ទៀត។ គម្ពីរ​ភាសា​អង់គ្លេស​ខ្លះ​ទៀត​ក៏​ប្រើ​ពាក្យ​នេះ​ជា​ធម្មតា​ដែរ។ ប៉ុន្តែ ភាសា​ជា​ច្រើន​មិន​អាច​ប្រើ​ពាក្យ​នេះ​បាន​ទេ ដោយ​សារ​អ្នក​អាន​ភាគ​ច្រើន​ដែល​ប្រើ​ភាសា​ទាំង​នោះ​មិន​ស្គាល់​ពាក្យ​ហេប្រឺ​«​ហ្ស៊ីអូល​»​ឡើយ។ ពាក្យ​នោះ​មិន​មាន​នៅ​ក្នុង​វចនានុក្រម​របស់​ពួក​គេ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​គិត​ថា​នោះ​គឺ​ជា​ឈ្មោះ​របស់​កន្លែង​មួយ។ ដោយ​មាន​មូលហេតុ​ទាំង​នោះ អ្នក​បក​ប្រែ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បក​ប្រែ​ពាក្យ​ភាសា​ហេប្រឺ​«​ហ្ស៊ីអូល​»​និង​ពាក្យ​ភាសា​ក្រិច​«​ហាដេស​»​ថា​ជា​«​ផ្នូរ​»​វិញ។ នេះ​គឺ​ជា​ការ​បក​ប្រែ​ត្រឹម​ត្រូវ ហើយ​ធ្វើ​ឲ្យ​អ្នក​អាន​យល់​អត្ថន័យ​នៃ​ឃ្លា​ច្បាស់​ជាង។

១១ ពាក្យ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​សម្រាប់​«​ព្រលឹង​»​ក៏​ពិបាក​បក​ប្រែ​ក្នុង​ភាសា​ខ្លះ​ដែរ។ ក្នុង​ភាសា​ទាំង​នោះ តាម​ធម្មតា​ពាក្យ​«​ព្រលឹង​»​សំដៅ​លើ​អ្វី​មួយ​ដែល​ចេញ​ពី​រូប​កាយ​មនុស្ស​ស្លាប់។ ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​បែប​នេះ អ្នក​បក​ប្រែ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បក​ប្រែ​ពាក្យ​«​ព្រលឹង​»​តាម​អត្ថន័យ​នៃ​ពាក្យ​នោះ​ក្នុង​បរិបទ។ ការ​ពន្យល់​អត្ថន័យ​ផ្សេង​ៗ​នៃ​ពាក្យ​«​ព្រលឹង​»​គឺ​នៅ​ក្នុង​សេចក្ដី​ពន្យល់​បន្ថែម​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​មាន​ឯកសារ​យោង។ ព័ត៌មាន​ដែល​ជួយ​ពន្យល់​ពាក្យ​ហេប្រឺ​និង​ពាក្យ​ក្រិច​បាន​ត្រូវ​ដាក់​ក្នុង​កំណត់​សម្គាល់​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី ដើម្បី​ឲ្យ​មនុស្ស​ស្រួល​អាន​និង​ស្រួល​យល់​គម្ពីរ។

ក្នុង​អំឡុង​ពេល​ធ្វើ​កំណែ​ថ្មី គណៈ​កម្មាធិការ​បាន​ពិនិត្យ​ពិចារណា​សំណួរ​រាប់​ពាន់​ពី​អ្នក​បក​ប្រែ​គម្ពីរ

១២​. តើ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​អ្វី​ខ្លះ​ក្នុង​កំណែ​ថ្មី​ឆ្នាំ​២០១៣?

១២ សំណួរ​ពី​អ្នក​បក​ប្រែ​បាន​បង្ហាញ​អំពី​ការ​យល់​ច្រឡំផ្សេង​ទៀត​ដែល​អាច​មាន​ពេល​អាន​គម្ពីរ។ ដូច្នេះ នៅ​ខែ​កញ្ញា ឆ្នាំ​២០០៧ គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​កំណែ​ថ្មី​ជា​ភាសា​អង់គ្លេស។ ក្នុង​អំឡុង​ពេល​ធ្វើ​កំណែ​ថ្មី គណៈ​កម្មាធិការ​បាន​ពិនិត្យ​ពិចារណា​សំណួរ​រាប់​ពាន់​ពី​អ្នក​បក​ប្រែ​គម្ពីរ។ ពាក្យ​ភាសា​អង់គ្លេស​ដែល​ហួស​សម័យ​បាន​ត្រូវ​ជំនួស​ដោយ​ពាក្យ​ដែល​ទាន់​សម័យ​វិញ នេះ​បាន​ធ្វើ​ឲ្យ​គម្ពីរ​ស្រួល​អាន​និង​ស្រួល​យល់​ជាង​ដោយ​រក្សា​អត្ថន័យ​ត្រឹម​ត្រូវ។ ការ​បក​ប្រែ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ជា​ភាសា​ផ្សេង​ទៀត​រួច​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ជួយ​ធ្វើ​ឲ្យ​ខ​គម្ពីរ​ជា​ភាសា​អង់គ្លេស​កាន់​តែ​ប្រសើរ​ឡើង​ដែរ។—សុភាសិត ២៧:១៧

ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ

១៣​. តើ​បង​ប្អូន​ជា​ច្រើន​នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កំណែ​ថ្មី​ឆ្នាំ​២០១៣?

១៣ តើ​បង​ប្អូន​ជា​ច្រើន​នាក់​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី​ជា​ភាសា​អង់គ្លេស? មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក​បាន​ទទួល​សំបុត្រ​រាប់​ពាន់​ដែល​បញ្ជាក់​អំពី​ចិត្ត​កតញ្ញូ​របស់​បង​ប្អូន។ បង​ប្អូន​ជា​ច្រើន​នាក់​មាន​អារម្មណ៍​ដូច​បង​ស្រី​ម្នាក់​ដែល​បាន​សរសេរ​ថា​៖ ​«​គម្ពីរ​គឺ​ប្រៀប​ដូច​ជា​ហឹប​ដែល​ពេញ​ហៀរ​ទៅ​ដោយ​ត្បូង​ថ្លៃ​ៗ។ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក្នុង​កំណែ​ថ្មី​ឆ្នាំ​២០១៣​គឺ​ស្រួល​អាន​ស្រួល​យល់ ហេតុ​នេះ​ការ​អាន​បណ្ដាំ​នោះ​គឺ​ប្រៀប​ដូច​ជា​ការ​ពិនិត្យ​មើល​ត្បូង​នីមួយ​ៗ ដោយ​កោត​ស្ងើច​នឹង​មុខ​ជា​ច្រើន​របស់​ត្បូង​ដែល​បាន​ច្នៃ ភាព​ភ្លឺ​ថ្លា ពណ៌ និង​លម្អ​របស់​វា។ បទ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​ប្រើ​ពាក្យ​សាមញ្ញ​បាន​ជួយ​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង ហើយ​លោក​គឺ​ដូច​ជា​ឪ​ពុក​ដែល​កៀក​ស្មា​ខ្ញុំ​ពេល​អាន​ពាក្យ​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ក្នុង​ចិត្ត​»។

១៤, ១៥​. តើ​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​របស់​ខ្លួន?

១៤ មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ៗ​ក្រៅ​ពី​ភាសា​អង់គ្លេស​ក៏​មាន​អំណរ​គុណ​ចំពោះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដែរ។ បុរស​វ័យ​ចាស់​ម្នាក់​នៅ​ក្រុង​សូហ៊្វីយ៉ា ប្រទេស​ប៊ុលហ្គារី​បាន​និយាយ​អំពី​សេចក្ដី​បក​ប្រែ​ជា​ភាសា​ប៊ុលហ្គារី​ថា​៖ ​«​ខ្ញុំ​បាន​អាន​គម្ពីរ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​អាន​សេចក្ដី​បក​ប្រែ​ដែល​ស្រួល​យល់​ជាង​និង​ដែល​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ខ្ញុំ​ដូច​នេះ​ទេ​»។ ដូច​គ្នា​ដែរ បង​ស្រី​ជន​ជាតិ​អាល់បានី​បាន​សរសេរ​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​ជា​ភាសា​អាល់បានី គឺ​ពីរោះ​ស្ដាប់​ណាស់! ការ​ដែល​ព្រះ​យេហូវ៉ា​មានប្រសាសន៍​មក​យើង​ជា​ភាសា​របស់​យើង នោះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​វិសេស​ចំពោះ​យើង!​»។

១៥ នៅ​ប្រទេស​ជា​ច្រើន គម្ពីរ​គឺ​ថ្លៃ ឬ​ពិបាក​រក​ណាស់។ ការ​ទទួល​គម្ពីរ​មួយ​គឺ​ជា​ពរ​ដ៏​ពិសេស! សេចក្ដី​រាយ​ការណ៍​ពី​ប្រទេស​រវ៉ាន់ដា​បាន​ចែង​ថា​៖ ​«​អស់​រយៈ​ពេល​ជា​យូរ មនុស្ស​ជា​ច្រើន​នាក់​ដែល​សិក្សា​គម្ពីរ​ជា​មួយ​នឹង​បង​ប្អូន​យើង​មិន​បាន​រីក​ចម្រើន​ទេ ដោយ​សារ​ពួក​គេ​មិន​មាន​គម្ពីរ។ ពួក​គេ​គ្មាន​លទ្ធភាព​ទិញ​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​វិហារ​នៅ​ប្រទេស​យើង​ទេ។ ម្យ៉ាង​ទៀត ពួក​គេ​ច្រើន​តែ​មិន​យល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ខ​គម្ពីរ​ខ្លះ ហើយ​នេះ​បាន​រា​រាំង​ការ​រីក​ចម្រើន​របស់​ពួក​គេ​»។ ពេល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ត្រូវ​ចេញ​ជា​ភាសា​ដែល​គេ​និយាយ​នៅ​ប្រទេស​នោះ ក្រុម​គ្រួសារ​ជន​ជាតិ​រវ៉ាន់ដា​ដែល​មាន​កូន​ជំទង់​បួន​នាក់​បាន​និយាយ​ថា​៖ ​«​យើង​ពិត​ជា​អរគុណ​ព្រះ​យេហូវ៉ា​និង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ដែល​បាន​ឲ្យ​គម្ពីរ​នេះ​ដល់​យើង។ យើង​ក្រី​ក្រ​ខ្លាំង​ណាស់ ហើយ​គ្មាន​លុយ​ទិញ​គម្ពីរ​សម្រាប់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​យើង​ទេ។ ប៉ុន្តែ ឥឡូវ​យើង​ម្នាក់​ៗ​មាន​គម្ពីរ​ផ្ទាល់​ខ្លួន។ ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា យើង​អាន​គម្ពីរ​ជា​ក្រុម​គ្រួសារ​ជា​រៀង​រាល់​ថ្ងៃ​»។

១៦, ១៧​. (​ក​) តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​ធ្វើ​អ្វី? (​ខ​) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៦ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី នឹង​ចេញ​ជា​ភាសា​ឯ​ទៀត​នៅ​ពេល​អនាគត។ សាថាន​ខំ​ព្យាយាម​បញ្ឈប់​កិច្ច​ការ​នេះ ប៉ុន្តែ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​ទាំង​អស់​របស់​លោក​ស្ដាប់​ពេល​ដែល​លោក​មាន​ប្រសាសន៍​មក​ពួក​គេ​ជា​ភាសា​ដែល​ច្បាស់ និង​ស្រួល​យល់។ (​សូម​អាន អេសាយ ៣០:២១​) មិន​យូរ​ទៀត ​«​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពាស​លើ​ផែន​ដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ​»។—អេសាយ ១១:៩

១៧ សូម​ឲ្យ​យើង​តាំង​ចិត្ត​ប្រើ​អំណោយ​ទាំង​អស់​ដែល​មក​ពី​ព្រះ​យេហូវ៉ា រួម​ទាំង​សេចក្ដី​បក​ប្រែ​នេះ​ដែល​លើក​តម្កើង​នាម​របស់​លោក។ សូម​ទុក​ឲ្យ​លោក​មាន​ប្រសាសន៍​មក​អ្នក​ជា​រៀង​រាល់​ថ្ងៃ​តាម​រយៈ​បណ្ដាំ​របស់​លោក។ លោក​អាច​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​របស់​យើង។ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​បែប​នេះ នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង ហើយ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​លោក​នឹង​កើន​ឡើង​ជា​និច្ច។—យ៉ូហាន ១៧:៣

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​គម្ពីរ​មួយ​ដែល​មាន​ពាក្យ​ពេចន៍​ដែល​មនុស្ស​និយាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០០៩ ទំព័រ​១៧​-​២១។

b រមូរ​នៅ​សមុទ្រ​ស្លាប់​គឺ​ចាស់​ជាង​ឯកសារ​ម៉ាសុរិត​ជា​ភាសា​ហេប្រឺ​ជាង​១.០០០​ឆ្នាំ។ ឯកសារ​ម៉ាសុរិត​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។

c សៀវភៅ​យោង​ខ្លះ​ផ្ដល់​ការ​ពន្យល់​នេះ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​ខាង​គម្ពីរ​មិន​យល់​ស្រប​ទេ។

d សូម​មើល​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា ជំនួយ​សិក្សា​បណ្ដាំ​របស់​ព្រះ ទំព័រ​៥។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • តេត្រាក្រាម: គឺ​ជា​អក្សរ​នៃ​នាម​របស់​ព្រះ​ជា​ភាសា​ហេប្រឺ។ តេត្រាក្រាម​មាន​អក្សរ​ភាសា​ហេប្រឺ​បួន​តួ​יהוה​ដែល​ដូច​អក្សរ​យ​ហ​វ​ហ

  • ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»​: ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​លោក​អាច​ក្លាយ​ទៅ​ជា​អ្វី​ណា​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ព្រះ​យេហូវ៉ា​ក៏​អាច​ប្រើ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដែរ។ ជា​ឧទាហរណ៍ ព្រះ​បាន​ធ្វើ​ឲ្យ​ណូអេ​ក្លាយ​ទៅ​ជា​អ្នក​សង់​ទូក​ធំ ធ្វើ​ឲ្យ​បេតសាលាល​ក្លាយ​ទៅ​ជា​សិប្បករ​ដ៏​ជំនាញ ធ្វើ​ឲ្យ​គេឌាន​ក្លាយ​ទៅ​ជា​អ្នក​ច្បាំង​ដ៏​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ូល​ក្លាយ​ទៅ​ជា​សាសនទូត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក