របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
ការស្កប់ចិត្តនិងចិត្តទូលាយ
អ្នកទំនងជាធ្លាប់ឮគេនិយាយថាសុភមង្គលនិងភាពជោគជ័យមកពីទ្រព្យសម្បត្ដិ មែនទេ? ដោយសារទស្សនៈនេះ មនុស្សរាប់លាននាក់ខំធ្វើការច្រើនម៉ោងដើម្បីបានលុយច្រើន។ ប៉ុន្តែ តើលុយនិងវត្ថុទ្រព្យពិតជានាំឲ្យមានសុភមង្គលស្ថិតស្ថេរទេ? តើមានទីសំអាងណាខ្លះ?
យោងទៅតាមឯកសារស្រាវជ្រាវមួយរៀបរាប់ថា ពេលយើងបំពេញសេចក្ដីត្រូវការជាចាំបាច់ដូចជាអាហារ សម្លៀកបំពាក់ និងជម្រកជាដើម នោះការមានប្រាក់កាន់តែច្រើនមិនធ្វើឲ្យយើងមានសុភមង្គលច្រើនជាង ឬសប្បាយចិត្តជាងនោះទេ។ (Journal of Happiness Studies) បញ្ហាមិនមែនមកពីលុយឡើយ អត្ថបទក្នុងទស្សនាវដ្ដីមួយបានសរសេរថា ការសង្វាតរកលុយតែងនាំឲ្យគ្មានសុភមង្គល។ (Monitor on Psychology) ពាក្យទាំងនេះបញ្ជាក់អំពីឱវាទក្នុងគម្ពីរដែលបានត្រូវសរសេរជិត២.០០០ឆ្នាំមុន ថា៖ «ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនោះ អ្នកខ្លះ . . . បានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។ (ធីម៉ូថេទី១ ៦:៩, ១០) តើទុក្ខវេទនាទាំងនោះរួមបញ្ចូលអ្វីខ្លះ?
ការព្រួយបារម្ភនិងការដេកមិនលក់ដោយសារការការពារទ្រព្យសម្បត្ដិ។ «ការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្ដី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ»។—សាស្ដា ៥:១២
ការខកចិត្តពេលសុភមង្គលមិនកើតឡើងដូចបំណង។ មូលហេតុមួយគឺដោយសារការចង់បានលុយគឺមិនចេះស្កប់ស្កល់ឡើយ។ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ»។ (សាស្ដា ៥:១០) ម្យ៉ាងទៀត ការស្រេកឃ្លានចង់បានទ្រព្យសម្បត្ដិអាចធ្វើឲ្យមនុស្សម្នាក់លះបង់អ្វីសំខាន់ៗដែលនាំឲ្យមានសុភមង្គលពិត ដូចជាពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ ឬការបម្រើព្រះជាដើម។
ទុក្ខព្រួយនិងការតានតឹងចិត្តពេលលុយឬការវិនិយោគធ្លាក់ចុះឬក្ស័យធន។ «កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬ? ដ្បិតទ្រព្យសម្បត្ដិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី»។—សុភាសិត ២៣:៤, ៥
គុណសម្បត្ដិដែលនាំឲ្យមានសុភមង្គល
ការស្កប់ចិត្ត។ «យើងមិនបានយកអ្វីចូលមកក្នុងពិភពលោកទេ ហើយក៏មិនអាចយកអ្វីចេញទៅជាមួយបានដែរ។ ដូច្នេះ យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក»។ (ធីម៉ូថេទី១ ៦:៧, ៨) មនុស្សដែលចេះស្កប់ចិត្តមិនសូវត្អូញត្អែរ ហើយចិត្តគំនិតនេះការពារពួកគេមិនឲ្យច្រណែនចង់បានរបស់អ្នកដទៃ។ មួយវិញទៀត ដោយសារពួកគេមិនចង់បានអ្វីដែលហួសពីធនធានរបស់ខ្លួន នោះពួកគេមិនសូវខ្វល់ខ្វាយនិងតានតឹងចិត្ត។
ចិត្តទូលាយ។ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) មនុស្សដែលមានចិត្តទូលាយសប្បាយចិត្តព្រោះពួកគេធ្វើឲ្យអ្នកឯទៀតសប្បាយរីករាយ ទោះជាពេលវេលានិងកម្លាំងដែលពួកគេប្រើដើម្បីជួយអ្នកឯទៀត គឺតិចតួចក្ដី។ ពួកគេច្រើនតែទទួលសេចក្ដីស្រឡាញ់ ការគោរព និងមិត្តភក្ដិពិតប្រាកដដែលបង្ហាញចិត្តទូលាយមកពួកគេវិញ។ អ្វីទាំងនេះលុយមិនអាចទិញបានទេ!—លូកា ៦:៣៨
ការចាត់ទុកមនុស្សសំខាន់ជាងវត្ថុទ្រព្យ។ «ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ហើយមានសេចក្ដីសំអប់វិញ»។ (សុភាសិត ១៥:១៧) តើចំណុចសំខាន់ជាអ្វី? ចំណងមិត្តភាពជាមួយអ្នកឯទៀតគឺមានតម្លៃជាងវត្ថុទ្រព្យ។ សេចក្ដីស្រឡាញ់គឺសំខាន់ណាស់ដើម្បីមានសុភមង្គល។ យើងនឹងពិចារណាចំណុចនេះក្រោយមក។
ស្ត្រីម្នាក់ដែលមកពីទ្វីបអាម៉េរិកខាងត្បូង ឈ្មោះសាប៊ីណា បានទទួលប្រយោជន៍ពីការធ្វើតាមគោលការណ៍គម្ពីរ។ ប្ដីរបស់សាប៊ីណាបានចុះចោលនាង ដូច្នេះនាងត្រូវខំប្រឹងធ្វើការដើម្បីខ្លួនឯងនិងកូនស្រីពីរនាក់របស់នាង។ នាងធ្វើការពីរ ហើយរាល់ថ្ងៃត្រូវងើបម៉ោងបួនទៀបភ្លឺ។ ទោះជានាងមានជីវិតពិបាកនិងរវល់យ៉ាងនេះក្ដី សាប៊ីណាបានសម្រេចចិត្តសិក្សាគម្ពីរ។ តើមានលទ្ធផលយ៉ាងណា?
នាងមិនទទួលប្រាក់ចំណូលថែមទៀតទេ ប៉ុន្តែទស្សនៈរបស់នាងអំពីជីវិតគឺល្អជាងពីមុនឆ្ងាយណាស់។ ជាឧទាហរណ៍ នាងទទួលសុភមង្គលដែលមកពីការស្រេកឃ្លានចំពោះការណែនាំពីព្រះ។ (ម៉ាថាយ ៥:៣) នាងរកឃើញមិត្តពិតប្រាកដដែលជាអ្នកមានជំនឿសាសនាដូចគ្នា។ ម្យ៉ាងវិញទៀត នាងទទួលសុភមង្គលដែលមកពីការឲ្យគេ ពោលគឺការចែករំលែកអ្វីដែលនាងបានរៀនពីគម្ពីរដល់អ្នកឯទៀត។
លទ្ធផលល្អៗដែលមកពីការធ្វើតាមគោលការណ៍ក្នុងគម្ពីរស្តីអំពីការស្កប់ចិត្ត ចិត្តទូលាយ និងការចាត់ទុកមនុស្សសំខាន់ជាងវត្ថុទ្រព្យ បង្ហាញថាអ្វីទាំងនោះគឺជាការប្រព្រឹត្តដ៏ឈ្លាសវៃ។