៦
កូនប្រុសល្អម្នាក់ និងអាក្រក់ម្នាក់
ឥឡូវនេះ សូមក្រឡេកមើលកាអ៊ីននិងអេបិល។ ពួកគេទាំងពីរនាក់បានមានវ័យធំហើយ។ កាអ៊ីនបានទៅជាអ្នកចំការ។ គាត់ដាំស្រូវនិងផ្លែឈើព្រមទាំងបន្លែជាច្រើន។
អេបិលបានទៅជាអ្នកចិញ្ចឹមចៀម។ គាត់ចូលចិត្តថែរក្សាកូនចៀមតូចៗ។ កូនចៀមនឹងលូតលាស់ទៅជាចៀមធំៗ ហើយមិនយូរប៉ុន្មាន អេបិលនឹងមានចៀមមួយហ្វូងយ៉ាងធំដើម្បីនឹងមើលថែរក្សា។
នៅថ្ងៃមួយ កាអ៊ីននិងអេបិលយកតង្វាយមកជូនព្រះ។ កាអ៊ីនបានយកបន្លែខ្លះដែលគាត់បានដាំ។ ហើយអេបិលបានយកចៀមដ៏ល្អជាងគេបង្អស់ដែលគាត់មាន។ ព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងអេបិលហើយនិងតង្វាយរបស់គាត់ណាស់។ ប៉ុន្តែ ទ្រង់មិនបានពេញព្រះហឫទ័យនឹងកាអ៊ីនហើយតង្វាយរបស់គាត់ទេ។ តើអ្នកដឹងមកពីហេតុអ្វីទេ?
នេះមិនមែនដោយសារតែតង្វាយរបស់អេបិលល្អជាងតង្វាយរបស់កាអ៊ីននោះទេ។ នេះគឺពីព្រោះអេបិលជាមនុស្សដ៏ល្អម្នាក់។ គាត់ស្រឡាញ់ព្រះយេហូវ៉ានិងបងប្រុសរបស់គាត់។ ប៉ុន្តែ កាអ៊ីនជាមនុស្សអាក្រក់ គាត់មិនស្រឡាញ់ប្អូនប្រុសរបស់គាត់ទេ។
ដូច្នេះ ព្រះទ្រង់មានបន្ទូលប្រាប់កាអ៊ីនឲ្យគាត់ផ្លាស់ប្ដូរផ្លូវរបស់គាត់ចេញ។ ប៉ុន្តែ កាអ៊ីនមិនព្រមស្ដាប់តាមទេ។ គាត់មានចិត្តខឹងណាស់ ពីព្រោះព្រះទ្រង់បានស្រឡាញ់អេបិលជាងគាត់។ ដូច្នេះកាអ៊ីននិយាយទៅអេបិលថា៖ ‹ចូរឲ្យយើងទៅឯវាលស្រែ›។ នៅទីនោះ កាលដែលពួកគេនៅតែឯង កាអ៊ីនវាយអេបិលប្អូនរបស់គាត់។ គាត់វាយអេបិលយ៉ាងខ្លាំងរហូតដល់ស្លាប់។ នោះជាអំពើដ៏អាក្រក់ណាស់ដែលកាអ៊ីនបានប្រព្រឹត្ត មែនទេ?
ទោះបីអេបិលបានស្លាប់ក្ដី ព្រះទ្រង់នៅចាំគាត់ជានិច្ច។ អេបិលជាមនុស្សល្អ ហើយព្រះយេហូវ៉ានឹងមិនភ្លេចមនុស្សល្អដូចគាត់នេះទេ។ ដូច្នេះ នៅថ្ងៃមួយខាងមុខ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យអេបិលមានជីវិតរស់ឡើងវិញ។ នៅគ្រានោះ អេបិលនឹងមិនត្រូវស្លាប់ទៀតឡើយ។ គាត់នឹងអាចរស់នៅលើផែនដីនេះជានិរន្តរ៍បាន។ តើមិនជាការប្រសើរទេឬ ដោយអាចស្គាល់មនុស្សដូចអេបិលនោះ?
ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងមនុស្សដូចកាអ៊ីនឡើយ។ ដូច្នេះក្រោយពីកាអ៊ីនបានសម្លាប់ប្អូនគាត់ហើយ ព្រះទ្រង់បានដាក់ទណ្ឌកម្មគាត់ ដោយបញ្ជូនគាត់ទៅឯកន្លែងឆ្ងាយដាច់ស្រយាលពីក្រុមគ្រួសារទាំងអស់។ នៅពេលដែលកាអ៊ីនបានទៅរស់នៅកន្លែងមួយទៀតនៅលើផែនដីនោះ គាត់បានយកប្អូនស្រីរបស់គាត់ទៅជាមួយ ហើយនាងក៏បានទៅជាប្រពន្ធរបស់គាត់។
ក្រោយមក កាអ៊ីននិងប្រពន្ធរបស់គាត់ចាប់ផ្ដើមមានកូនចៅជាច្រើន។ កូនប្រុសស្រីឯទៀតរបស់អ័ដាមនិងនាងអេវ៉ាបានរៀបការនឹងគ្នា ហើយពួកគេក៏មានកូនចៅជាច្រើនដែរ។ ហើយមិនជាយូរប៉ុន្មាននឹងមានមនុស្សជាច្រើននៅលើផែនដី។ សូមឲ្យយើងរៀនអំពីពួកគេខ្លះៗ។
លោកុប្បត្តិ ៤:២-២៦; យ៉ូហានទី១ ៣:១១, ១២; យ៉ូហាន ១១:២៥