បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w02 ១/៤ ទំ. ៣០-៣២
  • បងប្អូនប្រុសពីរនាក់កើតមានចិត្តគំនិតខុសគ្នា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បងប្អូនប្រុសពីរនាក់កើតមានចិត្តគំនិតខុសគ្នា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង​ប្អូន​ពីរ​នាក់​នេះ​នាំ​យក​ដង្វាយ​មក
  • ការ​ព្រមាន​និង​ប្រតិកម្ម
  • មេ​រៀន​សំរាប់​យើង
  • កំហឹងនាំឲ្យមានការសម្លាប់
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • កូនប្រុសល្អម្នាក់ និងអាក្រក់ម្នាក់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ‹ទោះជាគាត់បានស្លាប់ហើយក្ដី ក៏គាត់និយាយនៅឡើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ព្រះពេញចិត្ត»អំណោយរបស់ពួកគេ
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
w02 ១/៤ ទំ. ៣០-៣២

បង​ប្អូន​ប្រុស​ពីរ​នាក់​កើត​មាន​ចិត្ត​គំនិត​ខុស​គ្នា

ការ​សម្រេច​ចិត្ត​របស់​មាតា​បិតា​ពិត​ជា​មាន​អានុភាព​ទៅ​លើ​កូន​របស់​ពួក​គាត់​ជាក់​ជា​ពុំ​ខាន។ នេះ​ជា​ហេតុ​ការណ៍​ពិត​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នៅ​សួន​ច្បារ​អេដែន​ក៏​ដូច​គ្នា​ដែរ។ ការ​បះ​បោរ​ប្រឆាំង​របស់​អ័ដាម​និង​អេវ៉ា​បាន​មាន​អានុភាព​យ៉ាង​ខ្លាំង​មក​លើ​មនុស្សជាតិ​ទាំង​ឡាយ។ (​លោកុប្បត្តិ ២:១៥, ១៦; ៣:១​-​៦; រ៉ូម ៥:១២​) ប៉ុន្តែ​បើ​សិន​ជា​យើង​ចង់ នោះ​យើង​ម្នាក់​ៗ​អាច​មាន​ឱកាស​ដើម្បី​កសាង​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​អ្នក​ដែល​បាន​បង្កើត​យើង​មក។ ជាក់​ស្តែង​ដូច​ជា​ករណី​របស់​កាអ៊ីន​និង​អេបិល​ជា​បង​ប្អូន​ប្រុស​ពីរ​នាក់​ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ប្រវត្ដិ​សាស្ត្រ។

គ្មាន​កំណត់​ហេតុ​ណា​ក្នុង​ព្រះ​គម្ពីរ​ដែល​ចែង​ថា ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​អ័ដាម​និង​អេវ៉ា ក្រោយ​ពួក​គាត់​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​អេដែន​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​កូន​ប្រុស​របស់​ពួក​គាត់។ កាអ៊ីន​និង​អេបិល​ច្បាស់​ជា​បាន​ដឹង​បាន​ឮ​ពី​មាតា​បិតា​របស់​ពួក​គេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សួន​ច្បារ​អេដែន​ហើយ។ កាអ៊ីន​និង​អេបិល​អាច​ឃើញ​«​ចេរូប៊ីន​នៅ​ខាង​កើត​សួន​ច្បារ​អេដែន នឹង​ដាវ ដែល​ជា​អណ្ដាត​ភ្លើង​រេ​បែរ​ទៅ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត​»។ (​លោកុប្បត្តិ ៣:២៤​) បុរស​ទាំង​ពីរ​នាក់​នេះ​ក៏​អាច​ឃើញ​ថា​បន្ទូល​របស់​ព្រះ​បាន​សម្រេច​មែន ពេល​ទ្រង់​មាន​បន្ទូល​ថា​ការ​ឈឺ​ចាប់​និង​ការ​បែក​ញើស​ដោយ​ការ​នឿយ​ហត់​នឹង​ក្លាយ​ជា​ផ្នែក​ធម្មតា​នៃ​ជីវិត​មនុស្ស។—លោកុប្បត្តិ ៣:១៦, ១៩

កាអ៊ីន​និង​អេបិល​ប្រាកដ​ជា​ដឹង​អំពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ពស់​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។ (​លោកុប្បត្តិ ៣:១៥​) អ្វី​ៗ​ដែល​កាអ៊ីន​និង​អេបិល​ដឹង​អំពី​ព្រះ​យេហូវ៉ា នឹង​ផ្ដល់​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​បណ្ដុះ​បណ្ដាល​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ទ្រង់។

ដោយ​ព្រោះ​កាអ៊ីន​និង​អេបិល​បាន​គិត​អំពី​ទំនាយ​និង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ដោយ​សេចក្ដី​ស្រឡាញ់​នោះ ពួក​គាត់​ទំនង​ជា​ចាប់​ផ្ដើម​ប៉ង​ប្រាថ្នា​ចង់​ពេញ​ព្រះ​ហឫទ័យ​ព្រះ។ ក៏​ប៉ុន្តែ តើ​ពួក​គាត់​នឹង​បណ្ដុះ​បណ្ដាល​សេចក្ដី​ប៉ង​ប្រាថ្នា​នេះ​ដល់​កំរិត​ណា? តើ​ពួក​គាត់​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដែល​មាន​តាំង​ពី​កំណើត​នោះ ជា​ចំណង់​ថ្វាយ​បង្គំ​ព្រះ​ហើយ​បណ្ដុះ​បណ្ដាល​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គេ​រហូត​ដល់​ពួក​គេ​អាច​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​ឬ​ទេ?—ម៉ាថាយ ៥:៣

បង​ប្អូន​ពីរ​នាក់​នេះ​នាំ​យក​ដង្វាយ​មក

ក្រោយ​មក កាអ៊ីន​និង​អេបិល​នាំ​យក​ដង្វាយ​មក​ថ្វាយ​ចំពោះ​ព្រះ។ កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ ហើយ​អេបិល​យក​កូន​សត្វ​ដំបូង​ពី​ហ្វូង​សត្វ​របស់​គាត់​មក​ថ្វាយ។ (​លោកុប្បត្តិ ៤:៣, ៤​) នៅ​ពេល​នោះ បុរស​ទាំង​ពីរ​នាក់​នេះ​ប្រហែល​ជា​មាន​អាយុ​១០០​ឆ្នាំ​ទៅ​ហើយ ដ្បិត​អ័ដាម​មាន​អាយុ​១៣០​ឆ្នាំ​ពេល​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សេត។—លោកុប្បត្តិ ៤:២៥; ៥:៣

ដង្វាយ​របស់​កាអ៊ីន​និង​អេបិល​បញ្ជាក់​ថា​ពួក​គាត់​ទទួល​ស្គាល់​ថា ខ្លួន​មាន​បាប​និង​ពួក​គាត់​ចង់​គាប់​ព្រះ​ហឫទ័យ​ព្រះ។ យ៉ាង​ហោច​ណាស់ ពួក​គាត់​បាន​គិត​បន្ដិច​បន្តួច​ពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ពស់​និង​ពូជ​របស់​ស្ត្រី។ គ្មាន​ចំណែង​ណា​ដែល​ថា កាអ៊ីន​និង​អេបិល​បាន​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ ប៉ុន្តែ របៀប​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​និង​អេបិល​ជួយ​បំភ្លឺ​ឲ្យ​ដឹង​អំពី​ចិត្ត​គំនិត​សម្ងាត់​របស់​ពួក​គាត់។

បណ្ឌិត​ខ្លះ​មាន​យោបល់​ថា អេវ៉ា​បាន​ចាត់​ទុក​កាអ៊ីន​ជា​«​ពូជ​»​ដែល​នឹង​បំផ្លាញ​ចោល​ពស់​នោះ ដ្បិត​ពេល​កាអ៊ីន​កើត​មក​អេវ៉ា​ពោល​ថា​៖ ​«​អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន​»។ (​លោកុប្បត្តិ ៤:១​) បើ​សិន​ជា​កាអ៊ីន​បាន​ជឿ​ដូច្នេះ​ដែរ នោះ​គាត់​ពិត​ជា​ច្រឡំ​ធំ​ហើយ។ ម្យ៉ាង​វិញ​ទៀត អេបិល​បាន​ថ្វាយ​ដង្វាយ​របស់​គាត់​ដោយ​ជំនឿ។ ដូច្នេះ​«​ដោយ​សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន​»។—ហេព្រើរ ១១:៤

បង​ប្អូន​ប្រុស​ពីរ​នាក់​នេះ​មិន​គ្រាន់​តែ​ខុស​គ្នា ដោយ​សារ​អេបិល​មាន​សមត្ថភាព​យល់​ធ្លុះ​ជ្រៅ​ខាង​វិញ្ញាណ ហើយ​កាអ៊ីន​គ្មាន​សមត្ថភាព​នោះ​ទេ។ ពួក​គេ​ក៏​ខុស​គ្នា​ត្រង់​ឯ​ចិត្ត​គំនិត​ផង​ដែរ។ ម្ល៉ោះ​ហើយ​បាន​ជា​«​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អេបិល នឹង​ដង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​ទេ​»។ កាអ៊ីន​ទំនង​ជា​មិន​បាន​គិត​ជ្រៅ​ជ្រះ​ទេ​អំពី​ដង្វាយ​របស់​គាត់ ហើយ​គាត់​គ្រាន់​តែ​នាំ​យក​មក​ជា​ការ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។ ព្រះ​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​ការ​ធ្វើ​តាម​ក្បួន​តម្រា​សាសនា​ដោយ​មិន​គិត​នោះ​ទេ។ កាអ៊ីន​បាន​កើត​មាន​ចិត្ត​គំនិត​អាក្រក់ ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រាប​ថា​គាត់​មាន​បំណង​អាក្រក់​ផង​ដែរ។ ប្រតិកម្ម​របស់​កាអ៊ីន​ចំពោះ​ការ​បដិសេធ​នូវ​ដង្វាយ​របស់​គាត់​បាន​បញ្ជាក់​ពី​ចិត្ត​គំនិត​ពិត​របស់​គាត់។ ​«​កាអ៊ីន​ក៏​ក្ដៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ​»​ជា​ជាង​ចង់​កែ​តម្រង់​ចិត្ត​គំនិត​របស់​ខ្លួន។ (​លោកុប្បត្តិ ៤:៥​) បំណង​ចិត្ត​និង​គំនិត​ទុច្ចរិត​របស់​កាអ៊ីន​គឺ​ស​ឲ្យ​ឃើញ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​គាត់។

ការ​ព្រមាន​និង​ប្រតិកម្ម

ព្រះ​ជ្រាប​ពី​ចិត្ត​គំនិត​របស់​កាអ៊ីន​និង​ទូន្មាន​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ឯង​ឆួល​ក្ដៅ​ឡើង​ដោយ​កំហឹង? ហើយ​ហេតុ​អ្វី​បាន​ជា​ឯង​មាន​ទឹក​មុខ​ក្រញូវ​ដូច្នេះ? បើ​ឯង​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ល្អ តើ​នឹង​មិន​បាន​ការ​សរសើរ​ទេ​ឬ? តែ​បើ​ឯង​មិន​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ អំពើ​បាប​នឹង​សម្ងំ​ចាំ​នៅ​មាត់​ទ្វារ ហើយ​ឯង​ជា​របស់​ដែល​វា​ចង់​បាន​យ៉ាង​ខ្លាំង ហើយ​តើ​ឯង​នឹង​ទៅ​ជា​ចៅហ្វាយ​លើ​វា​បាន​ទេ?​»។—លោកុប្បត្តិ ៤:៦, ៧, ព.ថ.

នេះ​បង្កប់​មេ​រៀន​មួយ​សំរាប់​យើង។ ជា​ការ​ពិត បាប​ក្រាប​នៅ​មាត់​ទ្វារ​ប្រុង​ប្រៀប​ត្របាក់​ស៊ី​យើង​តែ​ម្ដង។ ប៉ុន្តែ ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​សេរី ហើយ​យើង​អាច​សម្រេច​ចិត្ត​ធ្វើ​ល្អ​បាន។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​អញ្ជើញ​កាអ៊ីន​ឲ្យ​«​បែរ​ទៅ​ប្រព្រឹត្ត​ល្អ​»​ តែ​ទ្រង់​មិន​បាន​បង្ខំ​កាអ៊ីន​ឲ្យ​ប្រែ​ចិត្ត​នោះ​ទេ។ កាអ៊ីន​បាន​សម្រេច​ចិត្ត​ខ្លួន​ឯង។

កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ចែង​ត​ទៅ​ទៀត​ថា​៖ ​«​កាអ៊ីន ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ​»។ (​លោកុប្បត្តិ ៤:៨​) ដូច្នេះ កាអ៊ីន​បាន​ក្លាយ​ជា​ឃាតករ​ដ៏​គ្មាន​មេត្ដា​និង​មិន​ចេះ​ស្ដាប់​បង្គាប់។ គាត់​មិន​បង្ហាញ​ការ​សោក​ស្ដាយ​សោះ​ឡើយ ពេល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​សួរ​គាត់​ថា​៖ ‹អេបិល​ប្អូន​អ្នក​នៅ​ឯ​ណា?›។ កាអ៊ីន​ឆ្លើយ​យ៉ាង​គំរោះ​គំរើយ​ដោយ​គ្មាន​អារម្មណ៍​សោក​ស្ដាយ​និង​ថា​៖ ​«​ទូល​បង្គំ​មិន​ដឹង​ទេ! តើ​ទូល​បង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ?​»។ (​លោកុប្បត្តិ ៤:៩​) ការ​ប្រព្រឹត្ត​របស់​កាអ៊ីន​ស​ឲ្យ​ឃើញ​ថា គាត់​ជា​មនុស្ស​គ្មាន​បេះ​ដូង​ហើយ​ភូត​មិន​សម​សោះ​ដូច្នេះ​នេះ និង​ការ​បដិសេធ​មិន​ព្រម​ទទួល​ខុស​ត្រូវ​នោះ។

ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដា​សាកា​អ៊ីន និង​បណ្ដេញ​គាត់​ពី​តំបន់​សួន​ច្បារ​អេដែន។ បណ្ដា​សា​ដែល​មាន​ចំពោះ​ដី​ហើយ​នោះ នឹង​ទៅ​ជា​ខ្លាំង​ជាង​ចំពោះ​កាអ៊ីន ហើយ​ដី​នឹង​មិន​បង្កើត​ផល​សំរាប់​គាត់​ឡើយ។ គាត់​ត្រូវ​ក្លាយ​ជា​អ្នក​ដើរ​ខ្ចាត់​ព្រាត់​និង​តែលតោល​ក្នុង​ផែនដី​វិញ។ ពេល​កាអ៊ីន​ត្អូញត្អែរ​អំពី​ទណ្ឌកម្ម​ដែល​គាត់​បាន​ទទួល នោះបញ្ជាក់​ថា​គាត់​ខ្លាច​ថា​មនុស្ស​នឹង​សង​សឹក​ទៅ​លើ​គាត់​ចំពោះ​ការ​សម្លាប់​អេបិល ហើយ​មិន​មែន​បញ្ជាក់​ពី​ការ​ប្រែ​ចិត្ត​ស្មោះ​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​«​ដៅ​ចំណាំ​»​កាអ៊ីន។ នេះ​សំដៅ​ទៅ​លើ​ការ​ប្រកាស​មួយ​ដែល​មនុស្ស​ទូទៅ​បាន​ដឹង​ឮ​និង​ធ្វើ​តាម ហើយ​ដែល​នឹង​ការ​ពារ​កាអ៊ីន​ពី​អ្នក​ដែល​ចង់​សម្លាប់​គាត់​ដើម្បី​សង​សឹក​នោះ។—លោកុប្បត្តិ ៤:១០​-​១៥

លុះ​ក្រោយ​មក កាអ៊ីន​«​ចេញ​ពី​ចំពោះ​ព្រះ​យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូ​ឌ ខាង​កើត​អេដែន​ទៅ​»។ (​លោកុប្បត្តិ ៤:១៦​) ក្រោយ​កាអ៊ីន​យក​ប្អូន​ស្រី​ឬ​ក្មួយ​ស្រី​ម្នាក់​របស់​គាត់​ធ្វើ​ជា​ប្រពន្ធ​ហើយ​នោះ គាត់​កសាង​ទី​ក្រុង​មួយ​ហើយ​ដាក់​ឈ្មោះ​តាម​កូន​ច្បង​របស់​គាត់​ឈ្មោះ​អេណុក។ លោក​ឡាមេក​ដែល​ជា​កូន​ចៅ​ម្នាក់​របស់​កាអ៊ីន​នោះ ក៏​បាន​ក្លាយ​ជា​មនុស្ស​ឃោរ​ឃៅ​ដូច​ជា​បុព្វ​បុរស​របស់​គាត់​ដែល​មិន​ស្ដាប់​តាម​ព្រះ។ ប៉ុន្តែ ខ្សែ​ស្រ​ឡាយ​របស់​កាអ៊ីន​បាន​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ។—លោកុប្បត្តិ ៤:១៧​-​២៤

មេ​រៀន​សំរាប់​យើង

យើង​អាច​រៀន​ចំណុច​សំខាន់​ៗ​ពី​កំណត់​ហេតុ​អំពី​កាអ៊ីន​នឹង​អេបិល។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​គ្រីស្ទាន​ទាំង​ឡាយ​ឲ្យ​ស្រឡាញ់​គ្នា​«​មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ​»។ ​«​ការ​របស់​»​កាអ៊ីន​«​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​»។ យ៉ូហាន​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប​ជា​និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ​»។ ពិត​មែន​ហើយ របៀប​យើង​ប្រព្រឹត្ត​ទៅ​លើ​គ្រីស្ទាន​គ្នី​គ្នា​មាន​អានុភាព​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​និង​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ជា​រៀង​រហូត។ យើង​មិន​អាច​ស្អប់​អ្នក​ជឿ​គ្នី​គ្នា​ណា​ម្នាក់​ហើយ​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​ឡើយ។—យ៉ូហាន​ទី​១ ៣:១១​-​១៥; ៤:២០

កាអ៊ីន​និង​អេបិល​បាន​មាន​ការ​ចិញ្ចឹម​អប់រំ​ស្រដៀង​គ្នា តែ​កាអ៊ីន​គ្មាន​ជំនឿ​ទៅ​លើ​ព្រះ​ទេ។ តាម​ពិត​ទៅ គាត់​បាន​បង្ហាញ​ចិត្ត​គំនិត​ដូច​ជា​អារក្ស​វិញ ពីព្រោះ​អារក្ស​ជា​អ្នក‹សំឡាប់​គេ​តាំង​ពី​ដើម​មក​និង​ជា​ឪពុក​នៃ​សេចក្ដី​ភូត​ភរ›។ (​យ៉ូហាន ៨:៤៤​) ខ្សែ​ជីវិត​របស់​កាអ៊ីន​បង្ហាញ​ថា​យើង​ទាំង​អស់​គ្នា​អាច​សម្រេច​ចិត្ត​បាន ហើយ​ក៏​បង្ហាញ​ថា​អ្នក​ដែល​ធ្វើ​បាប​ពិត​ជា​ចង់​ពង្រាត់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ព្រះ​ហើយ ថែម​ទាំង​បង្ហាញ​ទៀត​ថា​ព្រះ​យេហូវ៉ា​ដាក់​ទោស​ចំពោះ​អ្នក​ដែល​មិន​ប្រែ​ចិត្ត​វិញ។

ម្យ៉ាង​វិញ​ទៀត​នោះ អេបិល​បាន​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ពិត​មែន​ហើយ ​«​ដោយ​សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ​បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ពី​ដង្វាយ​គាត់​ផង​»។ ទោះ​ជា​បទ​គម្ពីរ​គ្មាន​ពាក្យ​ណា​សោះ​ដែល​អេបិល​បាន​ពោល​នោះ តែ​គាត់​«​គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត​»​តាម​រយៈ​ជំនឿ​របស់​គាត់​ដែល​ជា​គំរូ​ដ៏​ប្រសើរ​មួយ។—ហេព្រើរ ១១:៤

អេបិល​គឺ​ជា​អ្នក​ស្មោះ​ត្រង់​មុន​គេ។ ឈាម​របស់​គាត់​ដែល​ជា‹សំរែក​ពី​ដី​ឡើង​ទៅ​ដល់​ព្រះ​យេហូវ៉ា›នោះ មិន​បាន​ត្រូវ​បំភ្លេច​ចោល​ឡើយ។ (​លោកុប្បត្តិ ៤:១០; លូកា ១១:៤៨​-​៥១​) បើ​សិន​ជា​យើង​អនុវត្ត​ជំនឿ​ដូច​អេបិល​នោះ យើង​ក៏​អាច​រីក​រាយ​នឹង​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​បាន។

[​ប្រអប់​នៅ​ទំព័រ​៣១​]

កសិករ​និង​អ្នក​គង្វាល​ចៀម

ការ​ដាំ​ដុះ​និង​ការ​ថែ​រក្សា​សត្វ​គឺ​ជា​កិច្ច​ការ​ដំបូង​ខ្លះ​ៗ​ដែល​ព្រះ​បាន​ប្រគល់​ដល់​អ័ដាម។ (​លោកុប្បត្តិ ១:២៨; ២:១៥; ៣:២៣​) កាអ៊ីន​ជា​កូន​ប្រុស​អ័ដាម​បាន​ធ្វើ​ជា​កសិករ​ម្នាក់ ហើយ​អេបិល​ជា​អ្នក​គង្វាល​ចៀម។ (​លោកុប្បត្តិ ៤:២​) ក៏​ប៉ុន្តែ ហេតុ​អ្វី​ពួក​គេ​ឃ្វាល​ចៀម​ដូច្នេះ បើ​ការ​ពិត​ម្ហូប​អាហារ​របស់​មនុស្សជាតិ​គឺ​ជា​ផ្លែ​ឈើ​និង​បន្លែ រហូត​ទាល់​តែ​ក្រោយ​ទឹក​ជំនន់​ទើប​បរិភោគ​សាច់​បាន​នោះ?—លោកុប្បត្តិ ១:២៩; ៩:៣, ៤

ដើម្បី​លូត​លាស់ ចៀម​ត្រូវ​តែ​មាន​មនុស្ស​ថែ​រក្សា។ មុខ​ងារ​របស់​អេបិល​ជា​ភស្តុ​តាង​បញ្ជាក់​ថា មនុស្ស​បាន​ចិញ្ចឹម​សត្វ​តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មក​ម្ល៉េះ។ បទ​គម្ពីរ​មិន​ចែង​ថា​តើ​មនុស្ស​នៅ​គ្រា​ដំបូង​នោះ​ធ្លាប់​ប្រើ​ទឹក​ដោះ​សត្វ​ជា​អាហារ​ឬ​ក៏​យ៉ាង​ណា​ទេ តែ​សូម្បី​តែ​អ្នក​ដែល​បរិភោគ​តែ​បន្លែ​ក៏​អាច​ប្រើ​រោម​ចៀម​បាន​ដែរ។ ហើយ​ពេល​សត្វ​ចៀម​ងាប់​ទៅ ស្បែក​របស់​វា​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់។ តួយ៉ាង​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ប្រើ​ធ្វើ​ជា​«​អាវ​ពី​ស្បែក​»​សំរាប់​ជា​សំលៀក​បំពាក់​ឲ្យ​អ័ដាម​និង​អេវ៉ា។—លោកុប្បត្តិ ៣:២១

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សន្និដ្ឋាន​ថា​កាអ៊ីន​និង​អេបិល​ធ្លាប់​ធ្វើ​ការ​នេះ​ជា​មួយ​គ្នា​គឺ​ជា​គំនិត​ដ៏​សម​ហេតុ​សម​ផល។ ពួក​គាត់​បាន​ជួយ​ផលិត​អ្វី​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​ការ​ដើម្បី​មាន​សំលៀក​បំពាក់​និង​ម្ហូប​អាហារ។

[​រូប​ភាព​នៅ​ទំព័រ​៣២​]

​«​ការ​របស់​»​កាអ៊ីន​«​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក