១២
ពួកមនុស្សសង់ប៉មដ៏ធំមួយ
ជាច្រើនឆ្នាំបានកន្លងផុតហើយ។ កូនប្រុសៗរបស់លោកណូអេបង្កើតបានកូនចៅជាច្រើន។ ហើយកូនចៅគេបានលូតលាស់ធំឡើង ហើយបង្កើតបានកូនចៅច្រើនទៀតដែរ។ មិនជាយូរប៉ុន្មាន មានមនុស្សជាច្រើននៅលើផែនដី។
ក្នុងចំណោមមនុស្សទាំងឡាយ មានមនុស្សម្នាក់ឈ្មោះ នីមរ៉ុឌដែលត្រូវជាចៅទួតរបស់លោកណូអេ។ គាត់ជាមនុស្សដ៏អាក្រក់ម្នាក់ ដែលបានបរបាញ់ហើយសម្លាប់ទាំងសត្វនិងមនុស្ស។ នីមរ៉ុឌតាំងខ្លួនឯងធ្វើជាស្តេចដើម្បីត្រួតត្រាលើប្រជាជន។ ព្រះមិនពេញព្រះហឫទ័យនឹងនីមរ៉ុឌទេ។
ប្រជាជនទាំងអស់នៅគ្រានោះ និយាយភាសាតែមួយប៉ុណ្ណោះ។ នីមរ៉ុឌចង់ទុកពួកគេនៅរួមគ្នា ដើម្បីគាត់អាចត្រួតត្រាលើពួកគេ។ ដូច្នេះ តើអ្នកដឹងថាគាត់បានធ្វើអ្វីទេ? គាត់បានប្រាប់ប្រជាជនឲ្យសង់ក្រុងមួយ ហើយប៉មដ៏ធំមួយនៅក្នុងនោះ។ សូមមើលពួកគេកំពុងតែធ្វើឥដ្ឋនៅក្នុងរូបភាពនេះ។
ព្រះយេហូវ៉ាមិនពេញព្រះហឫទ័យនឹងសំណង់នេះទេ។ ព្រះអង្គចង់ឲ្យមនុស្សរើចេញហើយរស់នៅពេញពាសលើផែនដី។ ប៉ុន្តែពួកមនុស្សបាននិយាយថា៖ ‹ចូរឲ្យយើងសង់ក្រុងហើយនិងប៉មដ៏ខ្ពស់ដល់ផ្ទៃមេឃ។ ហើយយើងនឹងបានល្បីល្បាញ›! ពួកមនុស្សចង់បានកិត្ដិយសសំរាប់តែខ្លួនគេ មិនមែនសំរាប់ព្រះទេ។
ដូច្នេះ ព្រះទ្រង់បានធ្វើឲ្យមនុស្សឈប់សង់ប៉មនោះ។ តើអ្នកដឹងនូវរបៀបដែលព្រះទ្រង់បានធ្វើការនេះទេ? ជាជាងនិយាយភាសាតែមួយ ស្រាប់តែភ្លាមនោះ ទ្រង់បានបណ្ដាលឲ្យពួកមនុស្សនិយាយភាសាផ្សេងៗពីគ្នា។ ពួកជាងសង់ទាំងនោះមិនអាចយល់គ្នាបានទៀតទេ។ ហេតុនេះហើយបានជាក្រុងរបស់គេ ត្រូវបានហៅជា បាបិលឬក៏បាប៊ីឡូន មានន័យថា«ការភាន់ច្រឡំ»។
ឥឡូវនេះប្រជាជនចាប់ផ្ដើមរើចេញពីក្រុងបាបិល។ ពួកមនុស្សជាក្រុមៗដែលនិយាយភាសាដូចគ្នា ក៏បានចេញទៅនៅជាមួយគ្នានៅប៉ែកផ្សេងៗនៃផែនដី។
លោកុប្បត្តិ ១០:១, ៨-១០; ១១:១-៩