១៧
កូនភ្លោះដែលមានសណ្ឋានខុសគ្នា
កូនក្មេងប្រុសពីរនាក់នៅទីនេះ មានសណ្ឋានខុសគ្នាណាស់ មែនទេ? តើអ្នកដឹងឈ្មោះរបស់ពួកគេទេ? អ្នកប្រមាញ់ឈ្មោះអេសាវ ហើយក្មេងប្រុសដែលកំពុងតែរក្សាកូនចៀមឈ្មោះយ៉ាកុប។
អេសាវនិងយ៉ាកុបជាកូនភ្លោះរបស់អ៊ីសាកនិងរេបិកា។ អ៊ីសាកចូលចិត្តអេសាវណាស់ ពីព្រោះវាជាអ្នកប្រមាញ់ដ៏ចំណានម្នាក់ ហើយតែងតែបានម្ហូបអាហារយកមកឲ្យគ្រួសារបរិភោគ។ ប៉ុន្តែ រេបិកាស្រឡាញ់យ៉ាកុបជាង ពីព្រោះវាជាក្មេងស្ងៀមស្ងាត់ ហើយស្លូតបូត។
អ័ប្រាហាំជាជីតា គាត់នៅរស់នៅឡើយ ហើយយើងអាចនឹកស្មានពីរបៀបដែលយ៉ាកុបចូលចិត្តស្ដាប់គាត់និទានរឿងផ្សេងៗអំពីព្រះយេហូវ៉ា។ នៅទីបំផុត នៅពេលដែលកូនភ្លោះមានអាយុ១៥ឆ្នាំ អ័ប្រាហាំក៏ស្លាប់ទៅ កាលដែលលោកបានអាយុ១៧៥ឆ្នាំ។
នៅពេលដែលអេសាវបានអាយុ៤០ឆ្នាំ គាត់បានរៀបការនឹងស្ត្រីពីរនាក់មកពីស្រុកកាណាន។ នេះបានធ្វើឲ្យអ៊ីសាកនិងរេបិកាពិបាកចិត្តណាស់ ពីព្រោះស្ត្រីទាំងនេះមិនមែនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាទេ។
បន្ទាប់មកនៅថ្ងៃមួយ មានអ្វីមួយបានកើតឡើងដែលធ្វើឲ្យអេសាវខឹងយ៉ាងខ្លាំងនឹងប្អូនរបស់គាត់យ៉ាកុប។ ពេលបានមកដល់ ដែលអ៊ីសាកនឹងជូនពរដល់កូនច្បងរបស់គាត់។ ដោយព្រោះតែអេសាវជាបងយ៉ាកុបនោះ អេសាវបានសង្ឃឹមថានឹងច្បាស់ជាបានពរនោះហើយ។ ប៉ុន្តែកាលពីមុន អេសាវបានលក់នូវសិទ្ធិក្នុងការទទួលពរនោះទៅយ៉ាកុបអស់ហើយ។ ម្យ៉ាងទៀត នៅពេលដែលក្មេងប្រុសពីរនាក់នោះបានកើតមក ព្រះបានមានបន្ទូលថាយ៉ាកុបនឹងត្រូវទទួលពរនោះ។ ហើយការនេះបានកើតឡើងអញ្ចឹងមែន។ អ៊ីសាកបានជូនពរទៅកូនប្រុសរបស់គាត់យ៉ាកុប។
ក្រោយមក នៅពេលដែលអេសាវបានដឹងអំពីរឿងនេះ គាត់មានចិត្តខឹងនឹងយ៉ាកុបណាស់។ គាត់ខឹងដល់ម្ល៉េះ ដែលគាត់និយាយថានឹងសម្លាប់យ៉ាកុបចោល។ នៅពេលរេបិកាបានឮអំពីរឿងនេះ នាងមានចិត្តព្រួយណាស់។ ដូច្នេះ នាងក៏ប្រាប់អ៊ីសាកជាប្ដីរបស់នាងថា៖ ‹នេះនឹងទៅជាការដ៏អាក្រក់ដែរ បើយ៉ាកុបរៀបការស្ត្រីណាម្នាក់ពីស្រុកកាណាននោះ›។
ខណៈនោះអ៊ីសាកក៏ហៅកូនប្រុសយ៉ាកុបរបស់គាត់មក ហើយប្រាប់ថា៖ ‹ចូរកុំរៀបការនឹងស្ត្រីនៅស្រុកកាណានឡើយ។ ផ្ទុយទៅវិញ ចូរទៅផ្ទះជីតាបេធូអែលរបស់ឯងនៅស្រុកខារ៉ានចុះ។ ចូររៀបការនឹងកូនស្រីមួយរបស់ឡាបាន់ ដែលជាកូនប្រុសគាត់វិញទៅ›។
យ៉ាកុបបានស្ដាប់តាមឪពុករបស់គាត់ ហើយភ្លាមនោះក៏ចាប់ផ្ដើមធ្វើដំណើរយ៉ាងឆ្ងាយ ទៅស្រុកខារ៉ានដែលជាកន្លែងញាតិសន្ដានរបស់គាត់រស់នៅ។
លោកុប្បត្តិ ២៥:៥-១១, ២០-៣៤; ២៦:៣៤, ៣៥; ២៧:១-៤៦; ២៨:១-៥; ហេព្រើរ ១២:១៦, ១៧