២១
បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
សូមមើលក្មេងដែលមានទឹកមុខយ៉ាងក្រៀមក្រំ និងដ៏អស់សង្ឃឹមនេះ។ នេះជាយ៉ូសែប។ បងប្រុសៗរបស់គាត់ទើបតែបានលក់គាត់ឲ្យពួកបុរសទាំងនេះ ដែលកំពុងតែធ្វើដំណើរទៅស្រុកអេស៊ីព្ទ។ នៅទីនោះ យ៉ូសែបនឹងត្រូវធ្វើជាបាវ។ ហេតុអ្វីក៏បងប្រុសៗម្ដាយទីទៃធ្វើអំពើដ៏អាក្រក់បែបនេះដូច្នេះ? នេះគឺពីព្រោះពួកគេច្រណែននឹងយ៉ូសែប។
យ៉ាកុបជាឪពុករបស់គេ លោកចូលចិត្តយ៉ូសែបណាស់។ លោកបានសម្ដែងនូវការលំអៀងទៅលើយ៉ូសែប ដោយបានធ្វើអាវធំយ៉ាងល្អមួយឲ្យគាត់។ នៅពេលដែលបងប្រុស១០នាក់បានឃើញថា យ៉ាកុបបានស្រឡាញ់យ៉ូសែបជាងពួកគេនោះ គេក៏ចាប់ផ្ដើមច្រណែនហើយស្អប់នឹងយ៉ូសែប។ ប៉ុន្តែ នៅមានបុព្វហេតុមួយទៀត ដែលពួកគេបានស្អប់នឹងគាត់ដែរ។
យ៉ូសែបមានសុបិនពីរ។ ក្នុងសុបិនទាំងពីររបស់យ៉ូសែបនោះ បងប្រុសៗរបស់គាត់ត្រូវលុតជង្គង់ក្រាបចំពោះគាត់។ នៅពេលដែលយ៉ូសែបបានប្រាប់បងប្រុសៗរបស់គាត់អំពីសុបិនទាំងនេះ ពួកគេស្អប់គាត់រឹតតែខ្លាំងឡើង។
ថ្ងៃមួយ កាលដែលបងប្រុសៗរបស់យ៉ូសែបកំពុងតែឃ្វាលចៀមរបស់ឪពុកគេ យ៉ាកុបក៏សុំឲ្យយ៉ូសែបទៅមើលពួកគេបានសុខសប្បាយជាយ៉ាងណាដែរ។ នៅពេលបងប្រុសៗយ៉ូសែបឃើញគាត់កំពុងតែមកនោះ ពួកគេខ្លះនិយាយថា៖ ‹ចូរឲ្យយើងសម្លាប់វាចោលទៅ›! ប៉ុន្តែ រូបេនជាបងច្បងនិយាយថា៖ ‹ទេ កុំធ្វើអញ្ចឹងឡើយ›! តែផ្ទុយទៅវិញ គេបានចាប់យ៉ូសែបហើយក៏បោះទំលាក់គាត់ទៅក្នុងអណ្ដូងរីង។ បន្ទាប់មក គេក៏អង្គុយរិះរកវិធីដើម្បីធ្វើយ៉ាងណាដល់គាត់។
ប្រហែលក្នុងពេលដំណាលគ្នានេះ ពួកបុរសជនជាតិអ៊ីសម៉ាអែលបានមកដល់។ យូដាក៏និយាយទៅបងប្អូនម្ដាយទីទៃថា៖ ‹ចូរឲ្យយើងលក់វាទៅពួកអ៊ីសម៉ាអែលចុះ›។ ហើយពួកគេក៏ធ្វើយ៉ាងដូច្នោះមែន។ គេបានលក់យ៉ូសែបបានជាប្រាក់២០ដុំ។ នេះជាអំពើដ៏កំណាច ហើយគ្មានមេត្ដាសោះ!
តើពួកបងប្រុសៗនឹងប្រាប់ឪពុកគេយ៉ាងណាទៅ? ពួកគេសម្លាប់ពពែមួយ ហើយក៏ប្រឡាក់អាវធំដ៏ស្អាតរបស់យ៉ូសែប ទៅនឹងឈាមពពែនោះម្ដងហើយម្ដងទៀត។ បន្ទាប់មក គេក៏យកអាវធំនោះទៅផ្ទះឲ្យយ៉ាកុបជាឪពុករបស់គេ ហើយនិយាយថា៖ ‹យើងខ្ញុំបានរកឃើញអាវនេះ។ សូមមើលចុះ តើនេះជាអាវធំរបស់យ៉ូសែបឬមិនមែន›។
យ៉ាកុបឃើញថាជាអាវនោះមែន។ ‹មុខជាសត្វសាហាវបានសម្លាប់យ៉ូសែបហើយ› គាត់ស្រែកឡើង។ នេះហើយជាហេតុដែលបងប្រុសៗរបស់យ៉ូសែបចង់ឲ្យឪពុកគេគិត។ យ៉ាកុបកើតទុក្ខស្រងូតស្រងាត់ណាស់។ គាត់បានយំសោកជាច្រើនថ្ងៃ។ ប៉ុន្តែ យ៉ូសែបមិនបានស្លាប់ទេ។ សូមឲ្យយើងពិនិត្យមើល តើមានអ្វីកើតដល់គាត់ នៅកន្លែងដែលគាត់ត្រូវបានយកទៅនោះ។