២៥
គ្រួសាររបស់យ៉ាកុបរើទៅនៅស្រុកអេស៊ីព្ទ
យ៉ូសែបមិនអាចទប់អារម្មណ៍របស់គាត់បានទៀតឡើយ។ គាត់ប្រាប់ពួកបាវរបស់គាត់ទាំងអស់ឲ្យចេញពីបន្ទប់។ នៅពេលដែលគាត់នៅតែឯងជាមួយនឹងបងប្អូនប្រុសរបស់គាត់ យ៉ូសែបក៏ចាប់ផ្ដើមយំ។ យើងអាចនឹកស្មានថាបងប្អូនប្រុសៗរបស់គាត់ច្បាស់ជាឆ្ងល់ណាស់ ពីព្រោះគេមិនដឹងជាហេតុអ្វីបានជាគាត់យំទេ។ នៅទីបំផុត គាត់ក៏និយាយថា៖ ‹ខ្ញុំជាយ៉ូសែប តើឪពុករបស់ខ្ញុំនៅរស់ឬទេ›?
បងប្អូនប្រុសៗរបស់គាត់បានស្រឡាំងកាំងដល់ម្ល៉េះ ដែលពួកគេនិយាយមិនចេញឡើយ។ ពួកគេភ័យណាស់។ ប៉ុន្តែយ៉ូសែបនិយាយថា៖ ‹សូមមកជិតមក›។ នៅពេលដែលគេមកជិត គាត់និយាយថា៖ ‹ខ្ញុំជាយ៉ូសែបប្អូនប្រុសរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់ទៅស្រុកអេស៊ីព្ទនោះ›។
យ៉ូសែបក៏និយាយតទៅទៀតយ៉ាងទន់ភ្លន់ថា៖ ‹សូមកុំបន្ទោសខ្លួនឯងដោយបានលក់ខ្ញុំមកទីនេះឡើយ។ គឺជាព្រះទេ ដែលបានបញ្ជូនខ្ញុំមកទីនេះដើម្បីសង្គ្រោះជីវិតមនុស្ស។ ស្តេចផារ៉ោនបានតាំងខ្ញុំធ្វើជាអ្នកគ្រប់គ្រងលើស្រុកទាំងមូល។ ដូច្នេះសូមប្រញាប់ឡើងទៅឯឪពុកខ្ញុំ ហើយជំរាបប្រាប់គាត់អំពីរឿងនេះចុះ។ ហើយប្រាប់គាត់ឲ្យមករស់នៅទីនេះវិញ›។
បន្ទាប់មក យ៉ូសែបក៏លើកដៃទាំងពីរ ហើយឱបនិងថើបបងប្អូនប្រុសទាំងអស់របស់គាត់។ នៅពេលដែលស្តេចផារ៉ោនបានឮថាបងប្អូនប្រុសៗរបស់យ៉ូសែបបានមកហើយ ទ្រង់ក៏មានបន្ទូលប្រាប់យ៉ូសែបថា៖ ‹ចូរឲ្យគេយករទេះ ហើយទៅយកឪពុកនិងគ្រួសាររបស់គេមកទីនេះចុះ។ យើងនឹងឲ្យគេទីកន្លែងដ៏ល្អបំផុតនៅក្នុងស្រុកអេស៊ីព្ទ›។
គេក៏បានធ្វើដូច្នោះមែន។ នៅទីនេះអ្នកអាចឃើញយ៉ូសែបកំពុងតែជួបឪពុករបស់គាត់ នៅពេលដែលគាត់មកស្រុកអេស៊ីព្ទជាមួយនឹងគ្រួសាររបស់គាត់ទាំងមូល។
គ្រួសាររបស់យ៉ាកុបបានកើនគ្នាយ៉ាងច្រើន។ រួមទាំងអស់ មាន៧០នាក់នៅពេលដែលគេរើទៅនៅស្រុកអេស៊ីព្ទ រាប់ទាំងយ៉ាកុបនិងកូនៗ ហើយចៅទាំងឡាយរបស់គាត់ផង។ ប៉ុន្តែ មានទាំងប្រពន្ធ ហើយប្រហែលជាអ្នកបំរើជាច្រើនទៀត។ ពួកគេទាំងអស់ក៏បានមករស់នៅក្នុងស្រុកអេស៊ីព្ទ។ ពួកគេត្រូវបានហៅជាប្រជាជនអ៊ីស្រាអែល ពីព្រោះព្រះទ្រង់បានប្ដូរឈ្មោះយ៉ាកុបទៅជាអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលបានទៅជាមនុស្សដ៏ពិសេសចំពោះព្រះ ដូចជាយើងនឹងឃើញក្រោយមកទៀត។
លោកុប្បត្តិ ៤៥:១-២៨; ៤៦:១-២៧