២៧
ស្តេចអាក្រក់មួយអង្គគ្រប់គ្រងស្រុកអេស៊ីព្ទ
ពួកបុរសទាំងនេះកំពុងតែបង្ខំប្រជាជនឲ្យធ្វើការ។ សូមមើលបុរសម្នាក់ដែលកំពុងតែវាយអ្នកធ្វើការម្នាក់នឹងខ្សែទៃ! ពួកអ្នកធ្វើការទាំងអស់នេះ ជាកូនចៅពីគ្រួសារយ៉ាកុប ហើយត្រូវបានហៅជាប្រជាជនអ៊ីស្រាអែល។ ហើយពួកបុរសដែលបង្ខំគេឲ្យធ្វើការនោះជាសាសន៍អេស៊ីព្ទ។ ប្រជាជនអ៊ីស្រាអែលបានទៅជាបាវរបស់សាសន៍អេស៊ីព្ទ។ តើរឿងនេះបានកើតឡើងមកជាយ៉ាងណា?
គ្រួសារយ៉ាងធំរបស់យ៉ាកុបបានរស់នៅដោយសន្ដិភាពនៅស្រុកអេស៊ីព្ទ អស់រយៈជាច្រើនឆ្នាំកន្លងមកហើយ។ យ៉ូសែបដែលជាបុរសដ៏សំខាន់បំផុត បន្ទាប់ពីស្តេចផារ៉ោនក្នុងស្រុកអេស៊ីព្ទ បានមើលថែរក្សាពួកគេ។ ប៉ុន្តែ បន្ទាប់មកយ៉ូសែបបានស្លាប់ទៅ។ ហើយស្តេចផារ៉ោនថ្មី ដែលមិនចូលចិត្តប្រជាជនអ៊ីស្រាអែល បានទៅជាស្តេចក្នុងស្រុកអេស៊ីព្ទ។
ដូច្នេះ ស្តេចផារ៉ោនដ៏អាក្រក់នេះ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទៅជាបាវ។ ហើយទ្រង់តាំងពួកបុរសកំណាចនិងអាក្រក់ឲ្យត្រួតត្រាលើពួកគេ។ ពួកគេបានបង្ខំប្រជាជនអ៊ីស្រាអែលឲ្យធ្វើការយ៉ាងពិបាក ដើម្បីសង់ក្រុងសំរាប់ស្តេចផារ៉ោន។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនៗឡើង។ ក្រោយពីមួយរយៈមក ពួកសាសន៍អេស៊ីព្ទមានចិត្តព្រួយខ្លាចក្រែងប្រជាជនអ៊ីស្រាអែលអាចកើនគ្នាបានច្រើនឡើង ហើយនិងមានកម្លាំងខ្លាំងក្លាជាងគេ។
តើអ្នកដឹងថាស្តេចផារ៉ោនបានធ្វើយ៉ាងម៉េចទេ? ទ្រង់បានមានបន្ទូលទៅពួកស្ត្រីដែលជួយសម្រាលកូនង៉ានៃពួកស្ត្រីសាសន៍អ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវតែសម្លាប់កូនង៉ាប្រុសៗដែលកើតមក›។ ប៉ុន្តែពួកស្ត្រីទាំងនេះជាមនុស្សល្អ ហើយពួកគេមិនសម្លាប់កូនង៉ាទាំងនោះទេ។
ដូច្នេះ ស្តេចផារ៉ោនក៏បានដាក់បញ្ជានេះ ទៅប្រជាជនរបស់ទ្រង់ទាំងអស់ថា៖ ‹ចូរយកកូនង៉ាប្រុសរបស់សាសន៍អ៊ីស្រាអែល ហើយសម្លាប់ចោលទៅ។ ទុកឲ្យតែកូនង៉ាស្រីៗរស់បានហើយ›។ តើនេះមិនមែនជាការបញ្ជាដ៏អាក្រក់ទេឬ? សូមឲ្យយើងពិនិត្យមើល នូវរបៀបដែលកូនង៉ាប្រុសម្នាក់បានសង្គ្រោះ។