៣៣
ការឆ្លងសមុទ្រក្រហម
សូមក្រឡេកមើលអ្វីដែលកំពុងតែកើតឡើង! នេះជាម៉ូសេ ដែលកំពុងតែលើកដំបងរបស់គាត់ទៅលើសមុទ្រក្រហម។ ពួកអ្នកដែលនៅជាមួយគាត់នៅត្រើយម្ខាង ដែលបានរួចពីគ្រោះថ្នាក់ នោះជាប្រជាជនអ៊ីស្រាអែល។ ប៉ុន្តែ ស្តេចផារ៉ោននិងកងទ័ពរបស់ទ្រង់ កំពុងតែលង់ទឹកស្លាប់ក្នុងសមុទ្រក្រហម។ សូមឲ្យយើងពិនិត្យមើលពីរបៀបដែលព្រឹត្ដិការណ៍នេះបានកើតឡើង។
ដូចជាយើងបានរៀនរួចមកហើយ ស្តេចផារ៉ោនបានមានបន្ទូលប្រាប់ឲ្យប្រជាជនអ៊ីស្រាអែល ចាកចេញពីស្រុកអេស៊ីព្ទ ក្រោយពីព្រះទ្រង់បានធ្វើឲ្យមានសេចក្ដីវេទនាទី១០មកលើពួកអេស៊ីព្ទនោះ។ ប្រជាជនអ៊ីស្រាអែលប្រមាណ៦០០.០០០នាក់ ទាំងប្រុសទាំងស្រីនិងកូនក្មេងជាច្រើនបានចាកចេញទៅ។ ហើយមានមនុស្សមួយចំនួនធំឯទៀត ដែលបានទៅជាអ្នកជឿលើព្រះយេហូវ៉ា ក៏បានចាកចេញជាមួយនឹងប្រជាជនអ៊ីស្រាអែលដែរ។ ពួកគេបានយកចៀម និងពពែ ព្រមទាំងគោទៅជាមួយដែរ។
មុននឹងគេចេញទៅ ប្រជាជនអ៊ីស្រាអែលបានសុំខោអាវពីពួកអេស៊ីព្ទ និងរបស់ដែលធ្វើពីមាសនិងប្រាក់ជាច្រើន។ ពួកអេស៊ីព្ទមានសេចក្ដីភ័យខ្លាំងណាស់ ពីព្រោះតែសេចក្ដីវេទនាចុងក្រោយដែលបានកើតមកលើពួកគេ។ ដូច្នេះ គេបានឲ្យអ្វីទាំងអស់ដែលប្រជាជនអ៊ីស្រាអែលបានសុំ។
ពីរបីថ្ងែក្រោយមក ប្រជាជនអ៊ីស្រាអែលបានមកដល់សមុទ្រក្រហម។ នៅទីនោះគេក៏បានសំរាក។ នៅពេលដំណាលគ្នានោះ ស្តេចផារ៉ោននិងពួកកងទ័ពបានចាប់ផ្ដើមមានចិត្តសោកស្ដាយ ដែលគេបានលែងប្រជាជនអ៊ីស្រាអែលឲ្យទៅនោះ។ គេបាននិយាយថា៖ ‹យើងបានឲ្យពួកបាវរបស់យើងចេញទៅអស់ហើយ›!
ដូច្នេះ ស្តេចផារ៉ោនក៏បានប្រែហឫទ័យរបស់ខ្លួនម្ដងទៀត។ ទ្រង់ក៏រៀបចំរទេះចម្បាំងនិងពួកកងទ័ពរបស់ទ្រង់ជាប្រញាប់។ បន្ទាប់មក ទ្រង់ក៏ចាប់ផ្ដើមដេញតាមប្រជាជនអ៊ីស្រាអែល រួមទាំង៦០០រទេះចម្បាំងដ៏ពិសេសរបស់ទ្រង់ និងអស់ទាំងរទេះចម្បាំងឯទៀតនៃស្រុកអេស៊ីព្ទ។
នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឃើញស្តេចផារ៉ោននិងកងទ័ពរបស់ទ្រង់កំពុងតែមកតាមក្រោយនោះ ពួកគេមានសេចក្ដីភ័យខ្លាចខ្លាំងណាស់។ គឺគ្មានកន្លែងណាដើម្បីនឹងភៀសខ្លួនចេញទេ។ សមុទ្រក្រហមនៅម្ខាងនៃពួកគេ ហើយពួកអេស៊ីព្ទកំពុងតែមកពីទិសម្ខាងទៀត។ ប៉ុន្តែ ព្រះយេហូវ៉ាបានដាក់ពពកនៅកណ្ដាលប្រជាជនរបស់ទ្រង់និងពួកអេស៊ីព្ទ ដើម្បីកុំឲ្យពួកអេស៊ីព្ទមើលឃើញប្រជាជនអ៊ីស្រាអែល ហើយវាយប្រហារមកលើពួកគេ។
បន្ទាប់មក ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេ ឲ្យលើកដំបងទៅលើសមុទ្រក្រហម។ នៅពេលដែលគាត់បានធ្វើដូច្នោះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យកម្លាំងខ្យល់ពីទិសខាងកើតបក់យ៉ាងខ្លាំង។ ទឹកសមុទ្រនោះក៏ត្រូវបានញែកចេញពីគ្នា ហើយខ្យល់ក៏បានទប់ទឹកនោះឲ្យនៅទាំងសងខាង។
នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលក៏ចាប់ផ្ដើមដើរឆ្លងសមុទ្រនៅលើដីគោក។ ដោយព្រោះតែមានមនុស្សរាប់លាននាក់ ព្រមទាំងសត្វរបស់គេផងនោះ គេត្រូវចំណាយពេលអស់រាប់ម៉ោង ទំរាំតែដើរឆ្លងបាតសមុទ្រផុតទៅដល់ត្រើយម្ខាងដោយសុខនោះ។ នៅទីបំផុត ពួកអេស៊ីព្ទក៏អាចឃើញប្រជាជនអ៊ីស្រាអែលម្ដងទៀត។ បាវរបស់គេកំពុងតែរត់គេចចេញពីគេហើយ! ដូច្នេះ ពួកគេក៏បររទេះចូលទៅក្នុងសមុទ្រយ៉ាងលឿនដេញតាមប្រជាជនអ៊ីស្រាអែល។
នៅពេលដែលគេចូលទៅនោះ ព្រះទ្រង់ក៏បណ្ដាលឲ្យកង់រទេះចម្បាំងរបស់គេរបូតចេញ។ ពួកអេស៊ីព្ទក៏មានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ស្រែកឡើងថា៖ ‹ព្រះយេហូវ៉ាច្បាំងនឹងយើងជំនួសប្រជាជនអ៊ីស្រាអែលហើយ។ ចូរឲ្យយើងរាល់គ្នារត់ចេញពីទីនេះ›! ប៉ុន្តែវាជ្រុលពេលទៅហើយ។
ដ្បិតនៅពេលនេះ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេឲ្យលើកដំបងទៅលើសមុទ្រក្រហម ដូចជាអ្នកបានឃើញក្នុងរូបភាពនេះ។ ហើយនៅពេលដែលម៉ូសេបានធ្វើដូច្នោះ ជញ្ជាំងទឹកក៏រំលំធ្លាក់ទៅលើពួកអេស៊ីព្ទនិងរទេះចម្បាំងរបស់គេអស់ទៅ។ កងទ័ពទាំងអស់បានដេញតាមប្រជាជនអ៊ីស្រាអែលចូលទៅក្នុងសមុទ្រ។ ហើយគ្មានពួកអេស៊ីព្ទណាម្នាក់បានគេចរួចជីវិតឡើយ!
ប្រជាជនរបស់ព្រះមានចិត្តសប្បាយរីករាយណាស់ ដែលព្រះបានសង្គ្រោះគេនោះ! ពួកប្រុសៗបានច្រៀងចំរៀងអំណរគុណថ្វាយដល់ព្រះយេហូវ៉ាថា៖ ‹ព្រះយេហូវ៉ាទ្រង់មានជ័យជំនះយ៉ាងឧត្តម។ ទ្រង់បានផ្ដួលទាំងសេះ ទាំងអ្នកជិះទៅក្នុងសមុទ្រ›។ ម៉ារាមជាបងស្រីរបស់ម៉ូសេបានយកក្រាប់មកនៅដៃ ហើយនិងបណ្ដាស្ត្រីទាំងអស់ក៏ដើរតាមនាងជាមួយនឹងក្រាប់របស់គេ។ ហើយកាលដែលគេរាំដោយសប្បាយនោះ គេបានច្រៀងចំរៀងដូចពួកបណ្ដាបុរសច្រៀងដែរ៖ ‹ព្រះយេហូវ៉ាទ្រង់មានជ័យជំនះយ៉ាងឧត្តម។ ទ្រង់បានផ្ដួលទាំងសេះ ទាំងអ្នកជិះទៅក្នុងសមុទ្រ›។
និក្ខមនំ ជំពូកទី១២ ទៅ ជំពូកទី១៥