៤១
រូបពស់ស្ពាន់
តើពស់ដែលរុំនៅនឹងបង្គោលនេះ មើលទៅដូចជាពស់មែនទែនទេ? គឺមិនមែនទេ។ ពស់នោះធ្វើមកពីស្ពាន់។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេឲ្យដាក់វាភ្ជាប់នឹងបង្គោល ដើម្បីឲ្យប្រជាជនណាដែលក្រឡេកមើលវា នោះនឹងបានរួចជីវិត។ ប៉ុន្តែ ពស់ឯទៀតដែលនៅលើដីជាពស់មែនទែន។ ពស់ទាំងនោះបានចឹកប្រជាជនហើយបានធ្វើឲ្យគេឈឺ។ តើអ្នកដឹងមកពីហេតុអ្វីទេ?
នេះគឺពីព្រោះប្រជាជនអ៊ីស្រាអែលបាននិយាយទាស់នឹងព្រះយេហូវ៉ានិងលោកម៉ូសេ។ គេត្អូញត្អែរថា៖ ‹ម្ដេចក៏លោកនាំពួកយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? ដ្បិតគ្មានអាហារ គ្មានទឹកសោះនៅទីនេះ។ ហើយយើងមិនចូលចិត្តបរិភោគនំម៉ាន៉ានេះទៀតឡើយ›។
ប៉ុន្តែ នំម៉ាន៉ាជាអាហារដ៏ល្អ។ ដោយអព្ភូតហេតុ ដែលព្រះយេហូវ៉ាបានប្រទាននំម៉ាន៉ានោះដល់គេ។ ហើយដោយអព្ភូតហេតុ ដែលទ្រង់ប្រទានទឹកឲ្យគេផឹកដែរ។ ប៉ុន្តែ ប្រជាជនមិនដឹងគុណនឹងរបៀបដែលព្រះមើលថែរក្សាពួកគេទេ។ ដូច្នេះហើយបានជាព្រះយេហូវ៉ាចាត់ឲ្យពស់មានពិសនេះមក ដើម្បីដាក់ទណ្ឌកម្មដល់ប្រជាជនអ៊ីស្រាអែល។ ពស់ទាំងនោះចឹកគេ ហើយពួកគេជាច្រើនបានស្លាប់ទៅ។
នៅទីបំផុត ប្រជាជនបានមកឯលោកម៉ូសេហើយនិយាយថា៖ ‹យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតយើងបាននិយាយទាស់នឹងព្រះយេហូវ៉ាហើយទាស់នឹងលោក។ ឥឡូវសូមលោកអធិស្ឋានឲ្យព្រះយេហូវ៉ាយកពស់ទាំងនេះចេញផង›។
ដូច្នេះ ម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។ ហើយព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេឲ្យធ្វើពស់ស្ពាន់នេះ។ ទ្រង់មានបន្ទូលឲ្យដាក់វាភ្ជាប់នឹងបង្គោល ហើយអ្នកណាដែលពស់បានចឹក នោះត្រូវតែក្រឡេកមើលពស់នេះ។ ម៉ូសេបានធ្វើតាមបន្ទូលរបស់ព្រះទាំងអស់។ ហើយប្រជាជនដែលពស់បានចឹក ក្រោយពីបានក្រឡេកមើលពស់ស្ពាន់នេះហើយ នោះគេក៏បានជាឡើងវិញទៅ។
មានមេរៀនមួយដែលយើងត្រូវរៀនពីរឿងនេះ។ តាមរបៀបខ្លះ យើងទាំងអស់គ្នា ហាក់ដូចជាប្រជាជនអ៊ីស្រាអែលដែលពស់បានចឹកនោះដែរ។ យើងទាំងអស់កំពុងតែស្ថិតនៅក្នុងស្ថានភាព ដែលនាំទៅកាន់សេចក្ដីស្លាប់។ សូមមើលជុំវិញខ្លួនអ្នកចុះ នោះអ្នកនឹងឃើញមនុស្សទៅជាចាស់ជរា ទៅជាឈឺ ហើយក៏ស្លាប់។ នេះគឺពីព្រោះបុរសនិងស្ត្រីទីមួយអ័ដាមនិងនាងអេវ៉ាបានបែរចេញពីព្រះយេហូវ៉ា ហើយយើងគ្រប់គ្នាជាកូនចៅរបស់គេ។ ប៉ុន្តែព្រះយេហូវ៉ាបានធ្វើវិធីមួយ ដើម្បីឲ្យយើងអាចរស់នៅជានិរន្តរ៍បាន។
ព្រះយេហូវ៉ាបានបញ្ជូនបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទឲ្យមកផែនដី។ ព្រះយេស៊ូវបានត្រូវគេភ្ជួរលើបង្គោលឈើ ពីព្រោះមនុស្សជាច្រើនបានគិតថាទ្រង់ជាមនុស្សអាក្រក់។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រទានឲ្យព្រះយេស៊ូវមកដើម្បីនឹងសង្គ្រោះយើង។ បើសិនជាយើងទុក្ខចិត្តនឹងទ្រង់ ហើយបើសិនជាយើងធ្វើតាមទ្រង់ នោះយើងនឹងអាចទទួលជីវិតអស់កល្បជានិច្ចបាន។ ប៉ុន្តែ យើងនឹងរៀនអំពីរឿងនេះទៀតនៅពេលក្រោយ។
ជនគណនា ២១:៤-៩; យ៉ូហាន ៣:១៤, ១៥