៣០
ភ្លើងឆេះគុម្ពបន្លា
ម៉ូសេបានធ្វើដំណើររហូតដល់ភ្នំហូរែប ដើម្បីនឹងរកស្មៅឲ្យចៀមរបស់គាត់។ នៅទីនេះ គាត់បានឃើញភ្លើងកំពុងតែឆេះគុម្ពបន្លាមួយ ប៉ុន្តែវាឆេះមិនសុសឡើយ!
ម៉ូសេបានគិតថា៖ ‹នេះគួរឲ្យចំឡែកមែន។ ខ្ញុំនឹងទៅជិតដើម្បីមើលឲ្យបានច្បាស់›។ នៅពេលដែលគាត់បានទៅជិតនោះ សម្លេងពីគុម្ពបន្លាបន្លឺឡើងថា៖ ‹កុំឲ្យមកជិតនេះឡើយ។ ចូរដោះស្បែកជើងចេញ ពីព្រោះឯងឈរនៅកន្លែងដីបរិសុទ្ធ›។ នេះជាព្រះដែលបានមានបន្ទូលតាមរយៈទេវតា ដូច្នេះម៉ូសេក៏បានខ្ទប់មុខគាត់។
បន្ទាប់មក ព្រះបានមានបន្ទូលថា៖ ‹អញបានឃើញសេចក្ដីវេទនារបស់ប្រជាជនអញនៅស្រុកអេស៊ីព្ទហើយ។ ដូច្នេះអញនឹងជួយរំដោះគេឲ្យរួច ហើយឯងជាអ្នកដែលអញនឹងចាត់ឲ្យទៅនាំប្រជាជនអញចេញពីស្រុកអេស៊ីព្ទ›។ ព្រះយេហូវ៉ានឹងនាំប្រជាជនរបស់ទ្រង់ទៅឯស្រុកកាណាន ជាស្រុកដ៏ល្អ។
ប៉ុន្តែម៉ូសេបាននិយាយថា៖ ‹ទូលបង្គំមិនជាអ្វីផង។ តើឲ្យទូលបង្គំអាចធ្វើការនេះយ៉ាងណាបាន? ប៉ុន្តែ បើទូលបង្គំទៅ។ ប្រជាជនអ៊ីស្រាអែលនឹងសួរថា៖ «តើអ្នកណាចាត់ឲ្យឯងមក»? នោះតើឲ្យទូលបង្គំប្រាប់គេយ៉ាងដូចម្ដេច›?
ព្រះបានមានបន្ទូលតបថា៖ ‹ចូរនិយាយនឹងពួកគេដូច្នេះថា «ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ខ្ញុំមកឯអ្នករាល់គ្នា»›។ ហើយព្រះយេហូវ៉ាបានបន្ថែមទៀតថា៖ ‹នេះជាឈ្មោះអញជានិរន្តរ៍›។
ម៉ូសេបានឆ្លើយតបថា៖ ‹ចុះបើពួកគេមិនជឿដល់ទូលបង្គំ នៅពេលដែលទូលបង្គំប្រាប់គេថា ទ្រង់បានចាត់ទូលបង្គំមកនោះ›។
ព្រះបានមានបន្ទូលសួរថា៖ ‹តើមានអ្វីនៅដៃឯងនោះ›?
ម៉ូសេបានឆ្លើយថា៖ ‹មានដំបង›។
ព្រះបានមានបន្ទូលថា៖ ‹ចូរបោះទៅដីទៅ›។ នៅពេលម៉ូសេបានធ្វើដូច្នោះ ដំបងនោះក៏ក្លាយទៅជាសត្វពស់។ បន្ទាប់មក ព្រះយេហូវ៉ាក៏សម្ដែងទៅម៉ូសេនូវអព្ភូតហេតុមួយទៀត។ ទ្រង់បានមានបន្ទូលថា៖ ‹ចូរដាក់ដៃឯងចូលទៅក្នុងអាវវែងឯងចុះ›។ ម៉ូសេក៏បានដាក់ដៃចូលទៅ ហើយនៅពេលដែលគាត់ដកចេញមកវិញ ដៃគាត់ទៅជាសស្គុសដូចហិមៈ! ដៃនោះមើលទៅហាក់ដូចជាកើតមានជំងឺឃ្លង់។ បន្ទាប់មក ព្រះយេហូវ៉ាបានប្រទានដល់ម៉ូសេ នូវអំណាចដើម្បីសម្ដែងអព្ភូតហេតុទីបី។ នៅទីបំផុតទ្រង់បានមានបន្ទូលថា៖ ‹បើឯងសម្ដែងអព្ភូតហេតុទាំងនេះ ប្រជាជនអ៊ីស្រាអែលនឹងជឿថាអញបានចាត់ឯងមកហើយ›។
ក្រោយមកម៉ូសេបានទៅផ្ទះវិញ ហើយបាននិយាយទៅយេត្រូថា៖ ‹សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ ដែលនៅឯស្រុកអេស៊ីព្ទវិញដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា›។ ដូច្នេះយេត្រូក៏លាម៉ូសេ ហើយម៉ូសេក៏ចាប់ផ្ដើមធ្វើដំណើរទៅស្រុកអេស៊ីព្ទវិញ។