ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
«សូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់»។—និក្ខមនំ ៣៣:១៣
១, ២. (ក) ហេតុអ្វីបានជាម៉ូសេសម្លាប់ជនជាតិអេស៊ីបម្នាក់ពេលឃើញគាត់ធ្វើបាបដល់បុរសសាសន៍ហេព្រើរម្នាក់នោះ? (ខ) តើម៉ូសេត្រូវរៀនអ្វីដើម្បីឲ្យមានលក្ខណៈត្រឹមត្រូវក្នុងការបំពេញកិច្ចការរបស់ព្រះយេហូវ៉ា?
លោកម៉ូសេបានធំឡើងក្នុងរាជដំណាក់ស្តេចផារ៉ោន ហើយបានទទួលការអប់រំតាមចំណេះវិជ្ជាដែលពួកអភិជនស្រុកអេស៊ីបបានចាត់ទុកជាអ្វីដែលមានតម្លៃបំផុត។ ប៉ុន្តែ ម៉ូសេបានទទួលស្គាល់ថា គាត់មិនមែនជាជនជាតិអេស៊ីបទេ។ មាតាបិតាបង្កើតរបស់គាត់ជាសាសន៍ហេព្រើរ។ ពេលដែលម៉ូសេមានអាយុ៤០ឆ្នាំ គាត់បានចេញទៅមើលពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនខ្លួន។ ម៉ូសេមិនបានធ្វើព្រងើយកន្តើយពេលឃើញជនជាតិអេស៊ីបម្នាក់ធ្វើបាបដល់សាសន៍ហេព្រើរម្នាក់នោះទេ។ ម៉ូសេបានសម្លាប់សាសន៍អេស៊ីបម្នាក់នោះ។ ម៉ូសេបានសម្រេចគាំទ្ររាស្ត្ររបស់ព្រះយេហូវ៉ា ហើយគិតថាព្រះកំពុងតែប្រើគាត់ដើម្បីរំដោះបងប្អូនរួមជាតិរបស់គាត់ឲ្យរួច។ (កិច្ចការ ៧:២១-២៥; ហេព្រើរ ១១:២៤, ២៥) ពេលព្រះរាជវង្សានុវង្សជ្រាបអំពីទង្វើរបស់ម៉ូសេ ពួកគេចាត់ទុកគាត់ជាអ្នកបះបោរប្រឆាំង ហើយគាត់ត្រូវតែរត់គេចខ្លួនដើម្បីសង្គ្រោះជីវិតខ្លួនឯង។ (និក្ខមនំ ២:១១-១៥) មុននឹងព្រះយេហូវ៉ាប្រើម៉ូសេនោះ គាត់ត្រូវតែស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ឲ្យបានច្បាស់ជាង។ តើម៉ូសេព្រមទទួលការបង្រៀននោះឬទេ?—ទំនុកដំកើង ២៥:៩
២ អស់៤០ឆ្នាំទៀត ម៉ូសេបានរស់ជាជនភៀសខ្លួនហើយធ្វើជាអ្នកឃ្វាលចៀម។ ម៉ូសេសុខចិត្តស៊ូទ្រាំនឹងអ្វីៗដែលព្រះបានអនុញ្ញាតឲ្យកើតមានឡើង ជាជាងមានអារម្មណ៍ពេញទៅដោយសេចក្ដីជូរល្វីងដោយសារបងប្អូនសាសន៍ហេព្រើរមើលទៅដូចជាមិនអបអរចំពោះគាត់។ ម៉ូសេបានអនុញ្ញាតឲ្យព្រះយេហូវ៉ាបំពាក់បំប៉នគាត់ ទោះបីជាច្រើនឆ្នាំកន្លងទៅមើលទៅហាក់ដូចជាព្រះមិនទទួលស្គាល់គាត់ក្ដី។ យូរឆ្នាំក្រោយមក ម៉ូសេបានសរសេរអំពីខ្លួនគាត់ មិនមែនអួតសរសើរខ្លួនឯងទេ តែដោយវិញ្ញាណបរិសុទ្ធរបស់ព្រះមានឥទ្ធិពលបណ្ដាលឲ្យគាត់សរសេរថា៖ «រីឯម៉ូសេលោកសុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) ព្រះយេហូវ៉ាបានប្រើម៉ូសេឲ្យសម្រេចការដ៏អស្ចារ្យ។ បើយើងស្វែងរកសេចក្ដីសុភាពដូចគាត់ ព្រះយេហូវ៉ានឹងប្រទានពរដល់យើងដែរ។—សេផានា ២:៣
ម៉ូសេទទួលកិច្ចការ
៣, ៤. (ក) តើព្រះយេហូវ៉ាបង្គាប់ឲ្យម៉ូសេធ្វើការអ្វី? (ខ) តើម៉ូសេបានទទួលជំនួយអ្វី?
៣ នៅថ្ងៃមួយ ទេវតាមួយរូបដែលជាអ្នកតំណាងព្រះយេហូវ៉ាមានបន្ទូលទៅកាន់ម៉ូសេនៅក្បែរភ្នំហូរែប នៅឧបទ្វីបស៊ីណាយ។ ម៉ូសេស្ដាប់ព្រះបន្ទូលដែលមានដូចតទៅថា៖ «អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយ ជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ»។ (និក្ខមនំ ៣:២, ៧, ៨) សមស្របនឹងព្រះបន្ទូលនេះ ព្រះយេហូវ៉ាប្រទានកិច្ចការដល់ម៉ូសេ តែគាត់ត្រូវធ្វើការនោះតាមតម្រូវការរបស់ព្រះវិញ។
៤ ទេវតារបស់ព្រះយេហូវ៉ាមានប្រសាសន៍ទៀតថា៖ «ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក»។ ម៉ូសេមានចិត្តស្ទាក់ស្ទើរ។ គាត់មិនចាត់ទុកខ្លួនជាមនុស្សដែលមានលក្ខណៈគ្រប់គ្រាន់ទេ ហើយបើគាត់អាងតែសមត្ថភាពរបស់ខ្លួន នោះគាត់ពិតជាខ្វះលក្ខណៈមែន។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានបន្ទូលធានាដល់ម៉ូសេថា៖ «អញនឹងនៅជាមួយនឹងឯងជាប្រាកដ»។ (និក្ខមនំ ៣:១០-១២) ព្រះយេហូវ៉ាបានពង្រឹងកម្លាំងម៉ូសេឲ្យធ្វើទីសំគាល់ដោយអព្ភូតហេតុដែលជាភស្តុតាងបង្ហាញថា ព្រះបានចាត់គាត់មកមែន។ បងប្រុសរបស់ម៉ូសេ ឈ្មោះអើរ៉ុន ត្រូវទៅជាមួយប្អូនប្រុសក្នុងនាមជាអ្នកដែលនិយាយជំនួសម៉ូសេ។ ព្រះយេហូវ៉ានឹងបង្រៀនពួកគាត់អំពីអ្វីដែលត្រូវនិយាយនិងការដែលគាត់ត្រូវធ្វើផង។ (និក្ខមនំ ៤:១-១៧) តើម៉ូសេអាចសម្រេចការនោះដោយចិត្តស្មោះភក្ដីឬទេ?
៥. តើអាកប្បកិរិយារបស់ប្រជាជនអ៊ីស្រាអែលធ្វើឲ្យម៉ូសេមានការពិបាកយ៉ាងណា?
៥ មុនដំបូង ពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែលបានជឿតាមម៉ូសេនិងអើរ៉ុន។ (និក្ខមនំ ៤:២៩-៣១) ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក «ពួកមេរបស់កូនចៅអ៊ីស្រាអែល»បានបន្ទោសម៉ូសេនិងបងប្រុសរបស់គាត់ថា ជាពួកអ្នកដែលធ្វើឲ្យប្រជាជន«ស្អុយកេរ»នៅចំពោះផារ៉ោននិងពួកមហាតលិកទ្រង់។ (និក្ខមនំ ៥:១៩-២១; ៦:៩) ពេលដែលសាសន៍អ៊ីស្រាអែលចេញដំណើរពីស្រុកអេស៊ីប ពួកគេភ័យស្លន់ស្លោពេលឃើញរទេះរបស់សាសន៍អេស៊ីបដេញតាមគេនោះ។ មើលទៅហាក់ដូចជាពួកអ៊ីស្រាអែលរត់គេចចេញពីគ្រោះថ្នាក់ពុំបានទេ នៅខាងមុខមានសមុទ្រក្រហម ហើយនៅខាងក្រោយមានរទេះចំបាំងដេញតាមពួកគេ។ ដូច្នេះពួកគេបានបន្ទោសម៉ូសេម្ដងទៀត។ បើអ្នកបាននៅទីនោះ តើអ្នកនឹងមានទឹកចិត្តបែបណា? ទោះជាប្រជាជនអ៊ីស្រាអែលអត់មានទូកសោះក្ដី ម៉ូសេបានបង្គាប់ឲ្យពួកគេដើរទៅមុខទៅ ស្របទៅតាមការណែនាំពីព្រះយេហូវ៉ា។ រួចមក ព្រះបានផាត់សមុទ្រឲ្យទឹកញែកចេញពីគ្នា ឲ្យបាតសមុទ្រទៅជាដីគោកវិញដើម្បីឲ្យប្រជាជនអ៊ីស្រាអែលឆ្លងកាត់បាន។—និក្ខមនំ ១៤:១-២២
រឿងសំខាន់ជាងការប្រោសឲ្យរួច
៦. ពេលព្រះយេហូវ៉ាឲ្យម៉ូសេកិច្ចការនោះ តើទ្រង់បញ្ជាក់អំពីអ្វី?
៦ ពេលដែលព្រះយេហូវ៉ាបញ្ជាឲ្យម៉ូសេធ្វើការនោះ ទ្រង់ក៏បានបញ្ជាក់ពីសារៈសំខាន់នៃព្រះនាមទ្រង់ដែរ។ ការគោរពចំពោះព្រះនាមព្រះនិងចំពោះព្រះដែលជាម្ចាស់នាមនោះគឺចាំបាច់ណាស់។ ពេលដែលម៉ូសេសួរអំពីព្រះនាមរបស់ព្រះយេហូវ៉ា ទ្រង់មានបន្ទូលប្រាប់គាត់ថា៖ «អញជាព្រះដ៏ជាព្រះ[ឬ«យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា», ព.ថ.]»។ ម្យ៉ាងទៀត ម៉ូសេត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា»។ ព្រះយេហូវ៉ាបានមានបន្ទូលទៀតថា៖ «នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ»។ (និក្ខមនំ ៣:១៣-១៥) សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះទូទាំងពិភពលោកនៅតែស្គាល់ព្រះដោយព្រះនាមយេហូវ៉ា។—អេសាយ ១២:៤, ៥; ៤៣:១០-១២
៧. ទោះជាផារ៉ោនបានបង្ហាញព្រះទ័យក្រអឺតក៏ដោយ តើព្រះជំរុញឲ្យម៉ូសេធ្វើអ្វី?
៧ កាលដែលម៉ូសេនិងអើរ៉ុនចូលគាល់ចំពោះផារ៉ោន ពួកគាត់បានប្រាប់សារនោះក្នុងនាមជាអ្នកតំណាងឲ្យព្រះនាមយេហូវ៉ា។ ប៉ុន្តែ ផារ៉ោនមានបន្ទូលដោយក្រអឺតថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ (និក្ខមនំ ៥:១, ២) ផារ៉ោនបានបង្ហាញព្រះទ័យរឹងចចេស ហើយទ្រង់ក៏ជាមនុស្សនិយាយបាតដៃខ្នងដៃផងដែរ តែព្រះយេហូវ៉ាបានជំរុញឲ្យម៉ូសេនាំសារទូលទ្រង់ម្ដងហើយម្ដងទៀត។ (និក្ខមនំ ៧:១៤-១៦, ២០-២៣; ៨:១, ២, ២០) ម៉ូសេអាចឃើញថា ផារ៉ោនមានព្រះទ័យមួម៉ៅ។ តើការចូលគាល់ចំពោះព្រះភ័ក្ដ្រទ្រង់ម្ដងទៀតពិតជាអាចមានប្រយោជន៍មែនឬ? សាសន៍អ៊ីស្រាអែលចង់បានសេរីភាពណាស់ តែផារ៉ោនបដិសេធយ៉ាងម៉ឺងម៉ាត់។ បើអ្នកជាលោកម៉ូសេ តើអ្នកនឹងធ្វើអ្វី?
៨. ការប្រព្រឹត្តរបស់ព្រះយេហូវ៉ាក្នុងស្ថានការណ៍ដែលទាក់ទងនឹងផារ៉ោននោះ តើបាននាំឲ្យមានប្រយោជន៍អ្វី? ហើយតើព្រឹត្ដិការណ៍នោះគួរមានឥទ្ធិពលអ្វីលើយើង?
៨ ម៉ូសេបានជូនសារមួយទៀតថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ៖ ‹ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញ›»។ ព្រះក៏បានមានបន្ទូលថា៖ «បើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ។ ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទូទៅគ្រប់លើផែនដី»។ (និក្ខមនំ ៩:១៣-១៦, កំណែជាអក្សរទ្រេត) ស្របទៅតាមការវិនិច្ឆ័យរបស់ព្រះចំពោះផារ៉ោនដែលមានព្រះទ័យរឹងចចេសនោះ ព្រះយេហូវ៉ាមានបំណងបង្ហាញពីតេជានុភាពរបស់ទ្រង់ដើម្បីព្រមានដល់មនុស្សទាំងឡាយដែលហ៊ានប្រឆាំងទ្រង់។ នេះក៏រួមបញ្ចូលអារក្សសាតាំងដែលជាបុគ្គលដែលព្រះយេស៊ូគ្រីស្ទបានហៅយូរឆ្នាំក្រោយមកថា ជា«ចៅហ្វាយរបស់លោកីយនេះ»។ (យ៉ូហាន ១៤:៣០; រ៉ូម ៩:១៧-២៤) ដូចបានទាយទុកជាមុននោះ ព្រះនាមរបស់ព្រះយេហូវ៉ាបានត្រូវប្រកាសទូទាំងផែនដី។ ដោយសារព្រះយេហូវ៉ាទ្រាំទ្រដោយអំណត់នោះ នេះបានសង្គ្រោះជីវិតរបស់ប្រជាជនអ៊ីស្រាអែលនិងមនុស្សសន្ធឹកគ្រប់បែបដែលបានចូលរួមជាមួយពួកគេក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។ (និក្ខមនំ ៩:២០, ២១; ១២:៣៧, ៣៨) តាំងពីគ្រានោះមក ការប្រកាសប្រាប់ព្រះនាមរបស់ព្រះយេហូវ៉ាបាននាំឲ្យមនុស្សរាប់សិបលាននាក់ទៀតចាប់ផ្ដើមថ្វាយបង្គំដោយពិតត្រង់ ហើយគេក៏អាចទទួលប្រយោជន៍ផងដែរ។
ការទាក់ទងនឹងសាសន៍មួយដែលមានក្បាលរឹង
៩. តើប្រជាជនរួមជាតិរបស់ម៉ូសេមិនបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដោយរបៀបណា?
៩ ពួកសាសន៍ហេព្រើរបានស្គាល់ព្រះនាមរបស់ព្រះ។ ម៉ូសេបានប្រើព្រះនាមនោះពេលនិយាយជាមួយនឹងសាសន៍អ៊ីស្រាអែល តែពួកគេមិនបានបង្ហាញការគោរពជារៀងរហូតចំពោះព្រះដែលមានព្រះនាមនោះ។ មិនយូរប៉ុន្មានក្រោយពីព្រះយេហូវ៉ាបានប្រោសប្រជាជនអ៊ីស្រាអែលឲ្យរួចពីស្រុកអេស៊ីបដោយធ្វើអព្ភូតហេតុនោះ តើអ្វីបានកើតឡើងពេលដែលពួកគេរកមិនឃើញទឹកសាបភ្លាមៗនោះ? ពួកគេបានត្អូញត្អែរដាក់ម៉ូសេ។ បន្ទាប់មក ពួកគេបាននិយាយរអ៊ូរទាំអំពីរឿងម្ហូប។ ម៉ូសេបានព្រមានពួកគេថា ពាក្យតម្អូញដែលគេត្អូញដាក់គាត់និងអើរ៉ុន ក៏ជាការត្អូញដាក់ព្រះយេហូវ៉ាដែរ។ (និក្ខមនំ ១៥:២២-២៤; ១៦:២-១២) នៅភ្នំស៊ីណាយ ព្រះយេហូវ៉ាបានឲ្យក្រិត្យវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយក៏ការសម្ដែងអធិធម្មជាតិផងដែរ។ ប៉ុន្តែ ប្រជាជននោះមិនបានស្ដាប់បង្គាប់ព្រះទេ ហើយបានធ្វើកូនគោមាសទុកជាទីសក្ការៈថ្វាយបង្គំដោយអះអាងថាកំពុងតែ«មានបុណ្យថ្វាយព្រះយេហូវ៉ា»។—និក្ខមនំ ៣២:១-៩
១០. ហេតុអ្វីពួកអ្នកត្រួតពិនិត្យគ្រីស្ទានសព្វថ្ងៃនេះ គួរចាប់អារម្មណ៍នឹងសំណូមពររបស់ម៉ូសេនៅនិក្ខមនំ ៣៣:១៣?
១០ តើម៉ូសេត្រូវប្រស្រ័យទាក់ទងយ៉ាងណានឹងសាសន៍មួយនោះដែលព្រះយេហូវ៉ាបានពណ៌នាផ្ទាល់ថា ជាមនុស្សមានក្បាលរឹង? ម៉ូសេបានអង្វរព្រះយេហូវ៉ាថា៖ «បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត»។ (និក្ខមនំ ៣៣:១៣) ពេលមើលថែរក្សាស្មរបន្ទាល់របស់ព្រះយេហូវ៉ានាសម័យនេះ ពួកអ្នកត្រួតពិនិត្យគ្រីស្ទានកំពុងតែឃ្វាលហ្វូងចៀមដែលមានលក្ខណៈរាបទាបជាងសាសន៍អ៊ីស្រាអែលឆ្ងាយណាស់។ ប៉ុន្តែ ពួកអ្នកត្រួតពិនិត្យទាំងនេះប្រហែលជាអធិស្ឋានដូចគ្នាដែរដោយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់»។ (ទំនុកដំកើង ២៥:៤) ចំណេះដឹងអំពីផ្លូវច្រកឬការប្រព្រឹត្តរបស់ព្រះយេហូវ៉ាអាចជួយឲ្យពួកអ្នកត្រួតពិនិត្យចេះដោះស្រាយស្ថានភាពផ្សេងៗដោយវិធីដែលសមស្របនឹងព្រះបន្ទូលរបស់ព្រះនិងបុគ្គលិកលក្ខណៈនៃទ្រង់។
អ្វីដែលព្រះយេហូវ៉ាតម្រូវពីរាស្ត្រទ្រង់
១១. តើព្រះយេហូវ៉ាប្រទានគោលការណ៍ណែនាំអ្វីខ្លះដល់ម៉ូសេ? ហើយហេតុអ្វីបានជាយើងចាប់អារម្មណ៍នឹងគោលការណ៍ទាំងនោះ?
១១ នៅឯភ្នំស៊ីណាយនោះ ព្រះយេហូវ៉ាបានបង្គាប់អំពីអ្វីដែលទ្រង់តម្រូវពីរាស្ត្រទ្រង់។ ក្រោយមក ម៉ូសេបានទទួលបន្ទះថ្មពីរដែលមានក្រិត្យវិន័យដប់ប្រការជាលាយល័ក្ខណ៍អក្សរ។ ពេលម៉ូសេបានចុះពីភ្នំនោះមក គាត់ឃើញប្រជាជនអ៊ីស្រាអែលកំពុងតែថ្វាយបង្គំរូបកូនគោ ហើយដោយកំហឹងនោះគាត់បានបោះបន្ទះថ្មទាំងពីរចោលបែកខ្ទេចខ្ទីអស់។ ក្រោយមក ព្រះយេហូវ៉ាបានចារក្រិត្យវិន័យដប់ប្រការនោះម្ដងទៀត នៅលើបន្ទះថ្មដែលម៉ូសេបានដាប់ខ្លួនឯង។ (និក្ខមនំ ៣២:១៩; ៣៤:១) ក្រិត្យវិន័យទាំងនោះមិនបានផ្លាស់ប្រែសោះតាំងពីព្រះឲ្យដល់គាត់ដំបូងនោះ។ ម៉ូសេត្រូវធ្វើតាមក្រិត្យវិន័យទាំងនោះ។ ព្រះយេហូវ៉ាក៏បានបញ្ជាក់យ៉ាងខ្លាំងដល់ម៉ូសេអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ដើម្បីបង្ហាញដល់ម៉ូសេនូវរបៀបដែលគាត់ត្រូវប្រព្រឹត្តក្នុងនាមជាអ្នកតំណាងព្រះ។ ព្រះមិនតម្រូវឲ្យបណ្ដាគ្រីស្ទានធ្វើតាមក្រិត្យវិន័យម៉ូសេទេ តែបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់ម៉ូសេនោះក៏មានគោលការណ៍បឋមជាច្រើនដែលមិនបានផ្លាស់ប្រែទេ តែនៅតែមានអានុភាពលើអស់អ្នកដែលកំពុងតែថ្វាយបង្គំព្រះយេហូវ៉ា។ (រ៉ូម ៦:១៤; ១៣:៨-១០) យើងសូមពិនិត្យមើលគោលការណ៍ទាំងនោះខ្លះៗ។
១២. តើតម្រូវការរបស់ព្រះយេហូវ៉ាឲ្យសាសន៍អ៊ីស្រាអែលមានភក្ដីភាពដាច់មុខចំពោះទ្រង់គួរមានអានុភាពអ្វីលើពួកគេ?
១២ យើងត្រូវតែមានភក្ដីភាពដាច់មុខចំពោះព្រះយេហូវ៉ា។ សាសន៍អ៊ីស្រាអែលមានវត្តមានពេលដែលព្រះយេហូវ៉ាប្រកាសប្រាប់ថា ទ្រង់តម្រូវឲ្យគេមានភក្ដីភាពដាច់មុខចំពោះទ្រង់។ (និក្ខមនំ ២០:២-៥) ប្រជាជនអ៊ីស្រាអែលបានឃើញទីសំអាងជាច្រើនដែលបង្ហាញថាព្រះយេហូវ៉ាជាព្រះពិត។ (ចោទិយកថា ៤:៣៣-៣៥) ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា មិនថាសាសន៍ដទៃធ្វើអ្វីៗក៏ដោយ ទ្រង់មិនសព្វព្រះហឫទ័យចំពោះការថ្វាយបង្គំរូបព្រះនិងការប្រព្រឹត្តអំពើមន្តអាគមណាសោះក្នុងចំណោមរាស្ត្រទ្រង់។ ពួកគេមិនត្រូវបង្ហាញភក្ដីភាពចំពោះទ្រង់ជាការបង្គ្រប់កិច្ចប៉ុណ្ណោះទេ។ ពួកគេទាំងអស់គ្នាត្រូវស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹងនិងអស់ពីកំឡាំងផងដែរ។ (ចោទិយកថា ៦:៥, ៦) នេះត្រូវរួមបញ្ចូលពាក្យសំដី ការប្រព្រឹត្តនិងទិដ្ឋភាពគ្រប់បែបយ៉ាងនៃជីវិតរបស់គេ។ (លេវីវិន័យ ២០:២៧; ២៤:១៥, ១៦; ២៦:១) ព្រះយេស៊ូគ្រីស្ទក៏បានបញ្ជាក់យ៉ាងច្បាស់ដែរ ថាព្រះយេហូវ៉ាតម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់មានភក្ដីភាពដាច់មុខ។—ម៉ាកុស ១២:២៨-៣០; លូកា ៤:៨
១៣. ហេតុអ្វីបានជាសាសន៍អ៊ីស្រាអែលត្រូវស្ដាប់និងកាន់តាមបញ្ញត្ដិព្រះយ៉ាងដិតដល់? ហើយតើអ្វីគួរជំរុញឲ្យយើងស្ដាប់បង្គាប់ទ្រង់? (សាស្ដា ១២:១៣)
១៣ ត្រូវស្ដាប់និងកាន់តាមបញ្ញត្ដិរបស់ព្រះយេហូវ៉ាយ៉ាងដិតដល់។ ប្រជាជនអ៊ីស្រាអែលបានត្រូវរំឭកថា ពេលដែលពួកគេបានចុះសេចក្ដីសញ្ញាឬកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ានោះ ពួកគេបានស្បថកាន់តាមច្បាប់ទ្រង់យ៉ាងដិតដល់។ ពួកគេមានសេរីភាពផ្ទាល់ខ្លួនច្រើនដែរ តែពេលមានរឿងទាក់ទងនឹងច្បាប់ដែលព្រះយេហូវ៉ាបានប្រទានឲ្យនោះ ពួកគេត្រូវធ្វើតាមទ្រង់យ៉ាងដិតដល់វិញ។ ទង្វើនោះជាទីសំអាងថា ពួកគេស្រឡាញ់ព្រះយេហូវ៉ា ហើយនេះអាចនាំឲ្យពួកគេនិងកូនចៅរបស់គេក្រោយៗមកទទួលប្រយោជន៍បាន ពីព្រោះតម្រូវការទាំងឡាយរបស់ព្រះយេហូវ៉ាមានបំណងនាំឲ្យគេទទួលផលល្អ។—និក្ខមនំ ១៩:៥-៨; ចោទិយកថា ៥:២៧-៣៣; ទុតិយកថា [ចោទិយកថា] ១១:២២, ២៣, ខ.ស.
១៤. តើព្រះបញ្ជាក់យ៉ាងដូចម្ដេចដល់សាសន៍អ៊ីស្រាអែល នូវសារៈសំខាន់នៃការចាត់ទុករឿងខាងវិញ្ញាណជាអាទិភាព?
១៤ ចាត់ទុករឿងខាងវិញ្ញាណជាអាទិភាព។ សាសន៍អ៊ីស្រាអែលមិនគួរអនុញ្ញាតឲ្យការចិញ្ចឹមជីវិតក្លាយជាអ្វីដែលបំពានលើភារកិច្ចខាងវិញ្ញាណ។ ប្រជាជនអ៊ីស្រាអែលមិនគួរបំពេញតែកិច្ចការធម្មតាប្រចាំថ្ងៃប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាបានកំណត់ពេលរាល់សប្ដាហ៍ដែលទ្រង់ចាត់ទុកជាថ្ងៃពិសិដ្ឋ។ នៅថ្ងៃនោះឯង ប្រជាជនអាចធ្វើការដែលទាក់ទងនឹងការថ្វាយបង្គំទ្រង់ប៉ុណ្ណោះ ក្នុងនាមជាព្រះពិត។ (និក្ខមនំ ៣៥:១-៣; ជនគណនា ១៥:៣២-៣៦) រៀងរាល់ឆ្នាំគេត្រូវកំណត់ពេលថែមទៀតសម្រាប់ថ្ងៃប្រជុំបរិសុទ្ធ។ (លេវីវិន័យ ២៣:៤-៤៤) ថ្ងៃប្រជុំពិសេសនោះបានផ្ដល់ឱកាសឲ្យគេរៀបរាប់អំពីការប្រព្រឹត្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា និងទទួលសេចក្ដីរំឭកអំពីផ្លូវរបស់ទ្រង់ ហើយដើម្បីថ្លែងអំណរគុណចំពោះការល្អជាច្រើនដែលទ្រង់បានប្រព្រឹត្តលើគេ។ ពេលដែលប្រជាជនបង្ហាញនូវភក្ដីភាពចំពោះព្រះយេហូវ៉ានោះ ពួកគេនឹងមានចិត្តកោតខ្លាចនិងស្រឡាញ់ទ្រង់កាន់តែច្រើន ហើយអាចទទួលជំនួយក្នុងការដើរតាមអស់ទាំងផ្លូវរបស់ទ្រង់។ (ចោទិយកថា ១០:១២, ១៣) គោលការណ៍ល្អៗក្នុងពាក្យណែនាំនោះក៏ផ្ដល់ប្រយោជន៍ដល់រាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះផងដែរ។—ហេព្រើរ ១០:២៤, ២៥
ការអបអរចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ា
១៥. (ក) តើការអបអរចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ាបានជួយម៉ូសេយ៉ាងដូចម្ដេច? (ខ) តើសំនួរអ្វីអាចជួយយើងគិតឲ្យបានវែងឆ្ងាយអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា?
១៥ ការអបអរចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ាបានជួយម៉ូសេក្នុងការប្រស្រ័យទាក់ទងនឹងប្រជាជនអ៊ីស្រាអែល។ និក្ខមនំ ៣៤:៥-៧ ចែងថាព្រះយេហូវ៉ាបានយាងកាត់នៅមុខម៉ូសេទាំងប្រកាសថា៖«យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង»។ សូមឆ្លៀតពេលរំពឹងគិតអំពីបន្ទូលនោះ។ ចូរសួរខ្លួនអ្នកថា៖ ‹តើគុណសម្បត្ដិនីមួយៗនោះបង្កប់អត្ថន័យអ្វី? តើព្រះយេហូវ៉ាបង្ហាញគុណសម្បត្ដិទាំងនោះយ៉ាងណា? តើពួកអ្នកត្រួតពិនិត្យគ្រីស្ទានអាចបង្ហាញគុណសម្បត្ដិដូចនោះដោយរបៀបណា? តើគុណសម្បត្ដិទាំងនោះគួរមានឥទ្ធិពលយ៉ាងណាទៅលើអ្វីដែលយើងធ្វើរៀងៗខ្លួន?›។ សូមពិនិត្យមើលឧទាហរណ៍ខ្លះ។
១៦. តើយើងអាចធ្វើអ្វីដើម្បីឲ្យមានចិត្តអបអរកាន់តែច្រើនចំពោះព្រះទ័យមេត្ដារបស់ព្រះ? ហេតុអ្វីបានជាសំខាន់ឲ្យយើងធ្វើដូច្នេះ?
១៦ ព្រះយេហូវ៉ាជាព្រះដែល«មានព្រះហឫទ័យមេត្ដាករុណា»។ បើអ្នកចេះមើលសៀវភៅអង់គ្លេសដែលមានចំណងជើង ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (Insight on the Scriptures) សូមមើលការពន្យល់ក្រោមចំណងជើងតូចថា «មេត្ដាករុណា» (“Mercy”)។ ឬសូមស្រាវជ្រាវប្រធាននោះដោយប្រើលិបិក្រមប្រកាសនវត្ថុប៉មយាម ឬស៊ីឌីប្រូក្រាមកុំព្យូទ័រដែលហៅថា បណ្ណាល័យប៉មយាម (Watchtower Library—CD-ROM)។a យើងក៏អាចប្រើលិបិក្រមមួយ (concordance) ដើម្បីរកបទគម្ពីរផ្សេងៗដែលប្រើពាក្យមេត្ដាករុណានោះឯង។ អ្នកនឹងឃើញថា ព្រះទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ាមិនគ្រាន់តែជំរុញឲ្យទ្រង់ប្រោសប្រណីដោយមិនប្រកាន់ទោសតាមកាលៈទេសៈ តែក៏រួមបញ្ចូលការអាណិតអាសូរផងដែរ។ គុណសម្បត្ដិនេះជំរុញព្រះឲ្យចាត់វិធានការដើម្បីរំលែកទុក្ខរបស់រាស្ត្រទ្រង់។ ជាក់ស្តែងគឺពេលដែលព្រះបានចិញ្ចឹមប្រជាជនអ៊ីស្រាអែលខាងសាច់ឈាមនិងខាងវិញ្ញាណផង ពេលដែលពួកគេបានធ្វើដំណើរទៅដល់ស្រុកសន្យានោះ។ (ចោទិយកថា ១:៣០-៣៣; ៨:៤) ព្រះយេហូវ៉ាបានបង្ហាញព្រះទ័យមេត្ដាករុណាដោយអត់ទោសដល់ប្រជាជនពេលដែលពួកគេបានធ្វើខុស។ ទ្រង់បានបង្ហាញព្រះទ័យមេត្ដាដល់រាស្ត្ររបស់ទ្រង់ពីបុរាណ ដូច្នេះអ្នកបំរើរបស់ព្រះនាបច្ចុប្បន្ននេះក៏គួរនឹងបង្ហាញចិត្តមេត្ដាករុណាដល់គ្នាទៅវិញទៅមកច្រើនជាងអម្បាលម៉ានទៅទៀត!—ម៉ាថាយ ៩:១៣; ១៨:២១-៣៥
១៧. តើការយល់អំពីភាពទន់សន្ដោសរបស់ព្រះយេហូវ៉ាអាចជួយចំរើនការថ្វាយបង្គំពិតបានយ៉ាងណា?
១៧ ព្រះទ័យមេត្ដារបស់ព្រះយេហូវ៉ាទាក់ទងនឹងភាពទន់សន្ដោសផងដែរ។ តើអ្នកយល់ថា ពាក្យ«ទន់សន្ដោស»បង្កប់អត្ថន័យអ្វី? សូមប្រៀបមើលនូវរបៀបដែលបទគម្ពីរផ្សេងៗពន្យល់អំពីព្រះយេហូវ៉ាដោយប្រើពាក្យទន់សន្ដោសនោះ។ ព្រះគម្ពីរបង្ហាញថាព្រះទ័យទន់សន្ដោសរបស់ព្រះយេហូវ៉ាក៏រួមបញ្ចូលការអាណិតដល់មនុស្សក្នុងចំណោមរាស្ត្រទ្រង់ដែលខ្វះខាត។ (និក្ខមនំ ២២:២៦, ២៧) ពួកអ្នកប្រទេសក្រៅព្រមទាំងមនុស្សជាច្រើនទៀតប្រហែលជារងទុក្ខដោយសារខ្វះខាតឬក៏ក្រីក្រ។ ប៉ុន្តែ ពេលដែលព្រះយេហូវ៉ាបង្រៀនរាស្ត្រទ្រង់កុំឲ្យរើសមុខនិងត្រូវបង្ហាញចិត្តសប្បុរសចំពោះមនុស្សក្រីក្រនោះ ទ្រង់ក៏បានរំឭកពួកគេថា គេក៏ធ្លាប់ជាអ្នកប្រទេសក្រៅពេលរស់នៅស្រុកអេស៊ីប។ (ចោទិយកថា ២៤:១៧-២២) ចុះយ៉ាងណាចំពោះយើងក្នុងនាមជារាស្ត្ររបស់ព្រះសព្វថ្ងៃនេះ? ការបង្ហាញភាពទន់សន្ដោសក៏ជួយឲ្យយើងមានសាមគ្គីភាព ហើយទាក់ចិត្តទាញអារម្មណ៍របស់មនុស្សដទៃឲ្យចង់មកថ្វាយបង្គំព្រះយេហូវ៉ាដែរ។—កិច្ចការ ១០:៣៤, ៣៥; វិវរណៈ ៧:៩, ១០
១៨. តើយើងរៀនអ្វីខ្លះពីកំហិតដែលព្រះយេហូវ៉ាបង្រៀនឲ្យសាសន៍អ៊ីស្រាអែលធ្វើតាមស្តីអំពីមនុស្សពីសាសន៍ដទៃ?
១៨ យ៉ាងណាក៏ដោយ ប្រជាជនអ៊ីស្រាអែលមិនគួរគិតថា ការយកចិត្តទុកដាក់ចំពោះមនុស្សសាសន៍ដទៃដោយចិត្តសប្បុរសជាអ្វីដែលសំខាន់ជាងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងខ្នាតតម្រារបស់ទ្រង់ឡើយ។ តម្រូវការនេះបានបង្រៀនប្រជាជនអ៊ីស្រាអែលកុំឲ្យធ្វើតាមផ្លូវរបស់សាសន៍ជិតខាង ហើយកុំឲ្យធ្វើតាមទំលាប់សាសនានិងរបៀបរស់នៅដ៏អសីលធម៌របស់ពួកគេ។ (និក្ខមនំ ៣៤:១១-១៦; ចោទិយកថា ៧:១-៤) តម្រូវការនេះក៏សំខាន់សម្រាប់យើងសព្វថ្ងៃនេះដែរ។ យើងត្រូវធ្វើជាមនុស្សបរិសុទ្ធដូចជាព្រះយេហូវ៉ាដែលជាព្រះរបស់យើង ទ្រង់បរិសុទ្ធដែរ។—ពេត្រុសទី១ ១:១៥, ១៦
១៩. តើការយល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះការប្រព្រឹត្តខុសអាចការពាររាស្ត្រទ្រង់បានយ៉ាងដូចម្ដេច?
១៩ ដើម្បីជួយឲ្យម៉ូសេយល់អំពីផ្លូវរបស់ទ្រង់ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា ទោះជាទ្រង់មិនសព្វព្រះហឫទ័យចំពោះអំពើបាបក៏ដោយ ទ្រង់ក៏យឺតនឹងខ្ញាល់ដែរ។ ទ្រង់អនុញ្ញាតឲ្យមនុស្សមានពេលរៀននិងអនុវត្តតាមតម្រូវការរបស់ទ្រង់។ ពេលដែលពួកគេប្រែចិត្ត ព្រះយេហូវ៉ាក៏អត់ទោសបាបរបស់គេ តែទ្រង់មិនអត់ទោសឲ្យមនុស្សដែលមានកំហុសធ្ងន់ដែលគួរទទួលទោសឡើយ។ ព្រះយេហូវ៉ាបានព្រមានដល់ម៉ូសេថា ទង្វើរបស់សាសន៍អ៊ីស្រាអែលអាចមានឥទ្ធិពលល្អឬអាក្រក់លើមនុស្សជំនាន់ក្រោយទៀត។ ការអបអរចំពោះផ្លូវរបស់ព្រះយេហូវ៉ាអាចការពាររាស្ត្ររបស់ព្រះកុំឲ្យបន្ទោសទ្រង់ពេលដែលខ្លួនជួបប្រទះស្ថានភាពពិបាក ហើយក៏កុំឲ្យគិតថាព្រះយេហូវ៉ាបង្អង់ពេលយូរពេកដែរ។
២០. តើអ្វីនឹងជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកជឿគ្នីគ្នានិងជាមួយពួកអ្នកដែលយើងជួបក្នុងកិច្ចបំរើផ្សាយរបស់យើង? (ទំនុកដំកើង ៨៦:១១)
២០ បើអ្នកប្រាថ្នាចង់បានចំណេះកាន់តែជ្រាលជ្រៅស្តីអំពីព្រះយេហូវ៉ានិងផ្លូវរបស់ទ្រង់ ចូរស្រាវជ្រាវថែមទៀតនិងរំពឹងគិតពេលដែលអ្នកអានព្រះគម្ពីរ។ ចូរពិនិត្យមើលយ៉ាងល្អិតល្អន់នូវទិដ្ឋភាពផ្សេងៗដែលបញ្ជាក់ពីនៃបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ចូរអធិស្ឋានពេលពិចារណាអំពីរបៀបយកតម្រាប់តាមព្រះ និងរបៀបអនុលោមតាមបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងជីវិតខ្លួនឲ្យបានពេញលេញជាង។ នេះនឹងជួយអ្នកចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងជួយឲ្យមានទំនាក់ទំនងល្អជាមួយអ្នកជឿគ្នីគ្នា និងជួយឲ្យមនុស្សដទៃស្គាល់និងស្រឡាញ់ព្រះដ៏អស្ចារ្យរបស់យើង។
[កំណត់សម្គាល់]
a សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូកទី២៥។ សៀវភៅទាំងអស់នេះបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកបានរៀនអ្វីខ្លះ?
• ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យម៉ូសេមានចិត្តសុភាព? ហើយហេតុអ្វីបានជាចាំបាច់សម្រាប់យើងដែរ?
• តើការប្រាប់បន្ទូលរបស់ព្រះយេហូវ៉ាដល់ផារ៉ោនម្ដងហើយម្ដងទៀតនោះមានលទ្ធផលល្អអ្វី?
• តើម៉ូសេបានបង្រៀនគោលការណ៍ល្អឯកអ្វីខ្លះ ដែលយើងគួរធ្វើតាមដែរ?
• តើយើងអាចធ្វើអ្វីដើម្បីមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ២៥]
ព្រះយេហូវ៉ាបានរៀបរាប់ប្រាប់ម៉ូសេនូវតម្រូវការរបស់ទ្រង់
[រូបភាពនៅទំព័រ២៦]
ចូររំពឹងគិតពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា