បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៨ ទំ. ២៨-៣២
  • ចូរមានចិត្ដអត់ធ្មត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានចិត្ដអត់ធ្មត់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សូល​ធ្លាប់​ជា​មនុស្ស​ព្រហើន​ឈ្លានពាន​ដោយសារ​ការ​ណែនាំ​ខុស
  • ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ស្លូតបូត​តែ​ក្លាហាន
  • ចូរ​បង្ហាញ​ចិត្ត​អត់ធ្មត់​ក្នុង​ក្រុម​គ្រួសារ
  • ឱវាទ​សំរាប់​ជន​គ្រីស្ទាន​គ្រប់​គ្នា
  • តើអ្នកដែលធ្វើអំពើអាក្រក់អាចកែប្រែទេ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • លោកយេស៊ូជ្រើសរើសសុល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • នៅតាមផ្លូវទៅក្រុងដាម៉ាស
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៨ ទំ. ២៨-៣២

ចូរ​មាន​ចិត្ត​អត់ធ្មត់

​«មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ . . . ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង»។—ធីម៉ូថេទី២ ២:២៤

១​. នៅ​ក្នុង​កិច្ចបំរើ​ផ្សាយ ហេតុ​អ្វី​បាន​ជា​យូរៗ​ម្ដង​យើង​ប្រទះ​ជួប​មនុស្ស​ដែល​និយាយ​គំរោះគំរើយ?

នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​មនុស្ស​ដែល​ប្រឆាំង​អ្នក​ឬ​ប្រឆាំង​ចំពោះ​អ្វី​ដែល​អ្នក​តំណាង​នោះ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ុល​បាន​ទាយ​ថា​នៅ​ជាន់​ក្រោយ​បង្អស់​នឹង​មាន​មនុស្ស​ដែល​«ប្រមាថ​មើលងាយ . . . និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ»។ (ធីម៉ូថេទី២ ៣:១​-​៥, ១២) អ្នក​ប្រហែល​ជា​ប្រទះ​ជួប​មនុស្ស​បែប​នេះ​ក្នុង​កិច្ចបំរើ​ផ្សាយ​ឬ​ក្នុង​សកម្មភាព​ផ្សេងៗ​ទៀត។

២​. តើ​មាន​បទ​គម្ពីរ​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ប្រាជ្ញា​ចំពោះ​មនុស្ស​ដែល​និយាយ​គំរោះគំរើយ​ដាក់​យើង?

២ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​និយាយ​គំរោះគំរើយ​ឬ​ជេរ​ប្រមាថ​គ្មាន​ចំណាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ។ មនុស្ស​ខ្លះ​ស្ថិត​ក្រោម​ការ​សង្កត់​សង្កិន​ឬ​ដំណើរ​ខក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​និយាយ​គំរោះគំរើយ​ដាក់​អ្នក​ណា​ដែល​នៅ​ជិត​ខ្លួន។ (សាស្ដា ៧:៧) មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​តាម​របៀប​នេះ​ពីព្រោះ​ពួក​គេ​រស់​នៅ​និង​ធ្វើ​ការ​ក្នុង​មជ្ឈដ្ឋាន ដែល​មនុស្ស​និយម​ពោល​ពាក្យ​អាក្រក់។ នេះ​មិន​បាន​ន័យ​ថា​ពាក្យ​សំដី​អាក្រក់​បែប​នេះ​គឺ​ត្រឹម​ត្រូវ​ចំពោះ​យើង​ជា​ជន​គ្រីស្ទាន​ទេ តែ​ជួយ​យើង​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​មនុស្ស​ប្រើ​ពាក្យ​អាក្រក់​បែប​នោះ។ តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា បើ​មនុស្ស​និយាយ​ពាក្យ​គំរោះគំរើយ​ដាក់​យើង? សុភាសិត ១៩:១១​ចែង​ថា​៖ «សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង»។ ហើយ​នៅ​រ៉ូម ១២:១៧, ១៨​ឲ្យ​ឱវាទ​យើង​ថា​៖ «កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ។ . . . ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើសិន​ជា​បាន»។

៣​. តើ​សារ​ដែល​យើង​ផ្សព្វផ្សាយ​ទាក់ទង​នឹង​សេចក្ដី​សុខសាន្ត​យ៉ាង​ដូច​ម្ដេច?

៣ ប្រសិន​បើ​យើង​ពិត​ជា​ខំ​នៅ​ជា​មេត្រី​មែន នេះ​នឹង​ស​ឲ្យ​ឃើញ​ជាក់​ស្តែង​ក្នុង​ចិត្ត​គំនិត តាម​រយៈ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត តាម​រយៈ​ទឹក​មុខ​និង​របៀប​និយាយ​ផង​ដែរ។ (សុភាសិត ១៧:២៧) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បញ្ជូន​សាវ័ក​ទ្រង់​ទៅ​ផ្សព្វផ្សាយ នោះ​ទ្រង់​បាន​ឲ្យ​ឱវាទ​ថា​៖ «កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ​ដែរ បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ! តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខសាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាថាយ ១០:១២, ១៣) សារ​ដែល​យើង​ផ្សព្វផ្សាយ​គឺ​ជា​ដំណឹង​ល្អ។ ព្រះ​គម្ពីរ​ហៅ​សារ​នេះ​ជា​«ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត» «ដំណឹង​ល្អ​នៃ​ព្រះ​គុណ​ព្រះ» «ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ»។ (អេភេសូរ ៦:១៥; កិច្ចការ ២០:២៤; ម៉ាថាយ ២៤:១៤) យើង​មាន​គោល​ដៅ​ចង់​ប្រាប់​មនុស្ស​អំពី​ដំណឹង​ល្អ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ យើង​គ្មាន​គោល​បំណង​រិះគន់​មនុស្ស​ដោយសារ​ជំនឿ​គាត់​ឬ​ឈ្លោះ​ប្រកែក​អំពី​ទស្សនៈ​របស់​គាត់​ឡើយ។

៤​. នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​និយាយ​ថា​«ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ» មុន​អ្នក​អាច​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​មក​លេង​គាត់ តើ​អ្នក​អាច​និយាយ​យ៉ាង​ណា?

៤ ម្ចាស់​ផ្ទះ​ប្រហែល​ជា​មិន​ស្ដាប់​យើង​និយាយ​ទេ ហើយ​ពោល​ទាំង​កំបុត​ថា​៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ»។ ក្នុង​ករណី​ជា​ច្រើន យើង​អាច​និយាយ​ថា​៖ «ខ្ញុំ​មាន​បំណង​ចង់​អាន​ខ​ដ៏​ខ្លី​មួយ​ពី​ព្រះ​គម្ពីរ»។ ម្ចាស់​ផ្ទះ​ប្រហែល​ជា​មិន​ជំទាស់​ទេ។ ក្នុង​ករណី​ឯ​ទៀត យើង​អាច​និយាយ​ថា​៖ «ខ្ញុំ​មាន​បំណង​ចង់​ប្រាប់​អ្នក​អំពី​គ្រា​ដែល​គ្មាន​អយុត្ដិធម៌ ហើយ​មនុស្ស​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។ បើ​ម្ចាស់​ផ្ទះ​មិន​ចង់​ដឹង​ថែម​ទៀត យើង​អាច​និយាយ​បន្ថែម​ថា​៖ «ប៉ុន្តែ មើល​ទៅ​អ្នក​ដូច​ជា​គ្មាន​ពេល​ទេ»។ ទោះ​ជា​ការ​តប​ឆ្លើយ​របស់​ម្ចាស់​ផ្ទះ​មិន​ស្លូតបូត​ក៏​ដោយ តើ​យើង​សន្និដ្ឋាន​ថា​គាត់‹មិន​សម​ទទួល​ដំណឹង​ល្អ›ឬ​ទេ? ទោះ​ជា​ម្ចាស់​ផ្ទះ​មាន​ប្រតិកម្ម​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​យើង​នឹក​ចាំ​នូវ​ឱវាទ​ក្នុង​ព្រះ​គម្ពីរ ដែល​ឲ្យ​យើង​មាន​«ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ . . . ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង»។—ធីម៉ូថេទី២ ២:២៤

សូល​ធ្លាប់​ជា​មនុស្ស​ព្រហើន​ឈ្លានពាន​ដោយសារ​ការ​ណែនាំ​ខុស

៥, ៦​. តើ​សូល​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ? ហេតុ​អ្វី​បាន​ជា​គាត់​ប្រព្រឹត្ត​ដូច្នេះ?

៥ នៅ​សតវត្សរ៍​ទី​មួយ បុរស​ម្នាក់​ឈ្មោះ​សូល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ជា​មនុស្ស​ដែល​ពោល​ពាក្យ​ប្រមាថ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ផង​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា​គាត់​បាន​«បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់​ដល់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់»។ (កិច្ចការ ៩:១, ២) នៅ​ក្រោយ​មក គាត់​បាន​សារភាព​ថា​គាត់​ធ្លាប់​ជា​«អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀតបៀន ហើយ​ព្រហើន​ឈ្លានពាន»។ (ធីម៉ូថេទី១ ១:១៣) ទោះ​ជា​ញាតិ​ខ្លះ​របស់​គាត់​បាន​ក្លាយ​ទៅ​ជន​គ្រីស្ទាន​ហើយ​ក៏​ដោយ គាត់​បាន​ប្រាប់​នូវ​ចិត្ត​គំនិត​របស់​គាត់​ចំពោះ​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ថា​៖ «ដោយ​ព្រោះ​ទូល​បង្គំ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូល​បង្គំ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង»។ (កិច្ចការ ២៣:១៦; ២៦:១១; រ៉ូម ១៦:៧, ១១) កាល​ដែល​សូល​មាន​ចិត្ត​គំនិត​បែប​នោះ គឺ​គ្មាន​ទី​សំអាង​ដែល​ថា​ពួក​សាវ័ក​បាន​ពិភាក្សា​តទល់​នឹង​សូល​នោះ​ទេ។

៦ ហេតុ​អ្វី​បាន​ជា​សូល​ប្រព្រឹត្ត​ដូច្នេះ? ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​គាត់​បាន​សរសេរ​ថា​៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅល្ងង់ ឥត​មាន​សេចក្ដី​ជំនឿ»។ (ធីម៉ូថេទី១ ១:១៣) គាត់​ជា​សមាជិក​ម្នាក់​ខាង​គណៈ​ផារិស៊ី ដែល​ត្រូវ​បាន​អប់រំ​«តាម​ន័យ​ត្រឹម​ត្រូវ ក្នុង​ក្រិត្យ​វិន័យ​របស់​ពួក​ឰយុកោ»។ (កិច្ចការ ២២:៣) គ្រូ​របស់​សូល​គឺ​លោក​កាម៉ាលាល ជា​បុគ្គល​ដែល​មាន​គំនិត​ទូលំទូលាយ​មិន​ចង្អៀត​ចង្អល់​ទេ តែ​សម្ដេច​សង្ឃ​កៃផា​ដែល​សូល​សេពគប់​ជា​មួយ គឺ​ជា​មនុស្ស​ជ្រុល​និយម។ សម្ដេច​សង្ឃ​កៃផា​គឺ​ជា​មេ​នាំ​មុខ​ក្នុង​ការ​ឃុបឃិត​គ្នា​ដើម្បី​ប្រហារ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២៦:៣, ៤, ៦៣​-​៦៦; កិច្ចការ ៥:៣៤​-​៣៩) ក្រោយ​ពី​នោះ សម្ដេច​សង្ឃ​កៃផា​បាន​ចាត់​ឲ្យ​គេ​វាយ​ពួក​សាវ័ក​នឹង​រំពាត់ ហើយ​លោក​បាន​ហាមឃាត់​ពួក​សាវ័ក​មិន​ឲ្យ​និយាយ​ពី​ព្រះ​នាម​ព្រះ​យេស៊ូ​ទៀត។ សម្ដេច​សង្ឃ​កៃផា​ក៏​ដឹក​នាំ​ការ​កាត់​ទោស​ក្នុង​តុលាការ​ជាន់​ខ្ពស់ ដែល​លោក​ជំរុញ​ឲ្យ​មាន​ពាក្យ​អុជ​អាល ហើយ​ក្រោយ​មក​បាន​កាត់​ក្ដី​ឲ្យ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ស្ទេផាន។ (កិច្ចការ ៥:២៧, ២៨, ៤០; ៧:១​-​៦០) សូល​បាន​មើល​ឃើញ​មនុស្ស​គប់​ដុំ​ថ្ម​សម្លាប់​ស្ទេផាន ហើយ​សម្ដេច​សង្ឃ​កៃផា​បាន​ប្រគល់​សិទ្ធិ​ឲ្យ​សូល​ខំ​ព្យាយាម​បង្ក្រាប​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ទៀត ដោយ​ចាប់​ពួក​គេ​ដាក់​គុក​នៅ​ទី​ក្រុង​ដាម៉ាស។ (កិច្ចការ ៨:១; ៩:១, ២) ក្រោម​ឥទ្ធិពល​នៃ​សម្ដេច​សង្ឃ​កៃផា នោះ​សូល​បាន​ស្មាន​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន គឺ​ជា​ភស្តុតាង​ថា​គាត់​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​ព្រះ។ ប៉ុន្តែ តាម​ការ​ពិត គាត់​ខ្វះ​ជំនឿ​ទៅ​វិញ។ (កិច្ចការ ២២:៣​-​៥) ជា​លទ្ធផល សូល​មិន​បាន​ដឹង​ថា​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី​ដ៏​ពិត​នោះ​ទេ។ ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​បាន​មាន​បន្ទូល​ដល់​សូល​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស រួច​មក​សូល​បាន​ដឹង​ថា​គាត់​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅល្ងង់​មែន។—កិច្ចការ ៩:៣​-​៦

៧​. តើ​មាន​អ្វី​កើត​ឡើង​ដល់​សូល ដោយសារ​គាត់​បាន​ប្រទះ​ជួប​ព្រះ​យេស៊ូ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស?

៧ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អាន្ន៉ានាស​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​បន្ទាល់​ដល់​សូល។ តើ​អ្នក​នឹង​ប្រុង​ទៅ​ធ្វើ​បន្ទាល់​ដល់​សូល​ឬ​ទេ? អាន្ន៉ានាស​មាន​ចិត្ត​ព្រួយ ប៉ុន្តែ​គាត់​បាន​និយាយ​ដល់​ប៉ុល​តាម​របៀប​ដ៏​ស្លូតបូត។ ចិត្ត​របស់​សូល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយសារ​ព្រឹត្ដិការណ៍​អស្ចារ្យ​ដែល​គាត់​បាន​ប្រទះ​ជួប​ព្រះ​យេស៊ូ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស។ (កិច្ចការ ៩:១០​-​២២) ក្រោយ​មក គាត់​ត្រូវ​បាន​គេ​ស្គាល់​ជា​សាវ័ក​ប៉ុល​វិញ ជា​សាសនទូត​គ្រីស្ទាន​ដែល​មាន​ចិត្ត​ខ្នះខ្នែង។

ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ស្លូតបូត​តែ​ក្លាហាន

៨​. តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​ដូច​ព្រះ​វរបិតា​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់?

៨ ព្រះ​យេស៊ូ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះ​រាជាណាចក្រ តែ​ទ្រង់​មាន​ព្រះទ័យ​ស្លូតបូត​ក្នុង​កាល​ដែល​ប្រព្រឹត្ត​លើ​មនុស្ស។ (ម៉ាថាយ ១១:២៩) ទ្រង់​បាន​បង្ហាញ​នូវ​ព្រះទ័យ​របស់​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌ ដែល​ដាស់​តឿន​មនុស្ស​អាក្រក់​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន។ (អេសាយ ៥៥:៦, ៧) ពេល​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ជា​មួយ​នឹង​មនុស្ស​មាន​បាប ទ្រង់​កត់​សម្គាល់​បើ​គេ​បាន​ប្រែ​ចិត្ត​ដ៏​ស្មោះ ហើយ​ទ្រង់​លើក​ទឹក​ចិត្ត​បុគ្គល​បែប​នេះ។ (លូកា ៧:៣៧​-​៥០; ១៩:២​-​១០) ព្រះ​យេស៊ូ​មិន​វិនិច្ឆ័យ​មនុស្ស​ដោយ​អាង​លើ​សំបក​ក្រៅ​នោះ​ទេ ទ្រង់​យក​តម្រាប់​តាម​ព្រះ​វរបិតា​របស់​ទ្រង់ ដោយ​បង្ហាញ​នូវ​សេចក្ដី​សប្បុរស ការ​អត់ធ្មត់ និង​ការ​អត់ធន់​ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ប្រែ​ចិត្ត។ (រ៉ូម ២:៤) ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ប្រែ​ចិត្ត​និង​ទទួល​សេចក្ដី​សង្គ្រោះ។—ធីម៉ូថេទី១ ២:៣, ៤

៩​. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ដែល​អេសាយ ៤២:១​-​៤ បាន​សម្រេច​ចំពោះ​ព្រះ​យេស៊ូ?

៩ ម៉ាថាយ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​ដក​ស្រង់​ពាក្យ​នេះ ដែល​ស​បញ្ជាក់​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ព្រះ​យេស៊ូ​គ្រីស្ទ​ថា​៖ «មើល! អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួនភ្ងា​ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​យុត្ដិធម៌​ដល់​សាសន៍​ដទៃ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ទ្រង់​នឹង​មិន​ផ្ដាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់តែ​បាន​នាំ​សេចក្ដី​យុត្ដិធម៌​ឲ្យ​មាន​ជ័យជំនះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។ (ម៉ាថាយ ១២:១៧​-​២១; អេសាយ ៤២:១​-​៤) ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​ស្រប​នឹង​ទំនាយ​នេះ ហើយ​ទ្រង់​មិន​ចូល​ប្រឡូក​នឹង​ការ​ប្រកែក​ឡូឡា​នោះ​ទេ។ សូម្បី​នៅ​ពេល​ដែល​ទ្រង់​ស្ថិត​ក្រោម​ស្ថានភាព​ដ៏​ពិបាក​ក៏​ដោយ ទ្រង់​បាន​ផ្សាយ​សេចក្ដី​ពិត​តាម​របៀប​ដែល​ទាក់ទាញ​ចិត្ត​មនុស្ស​ទៀងត្រង់​វិញ។—យ៉ូហាន ៧:៣២, ៤០, ៤៥, ៤៦

១០, ១១​. (ក) ទោះ​ជា​គណៈ​ផារិស៊ី​គឺ​ក្នុង​ចំណោម​អ្នក​ប្រឆាំង​ព្រះ​យេស៊ូ​ខ្លាំង​ជាង​គេ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​ត្រូវ​ធ្វើ​បន្ទាល់​ដល់​ពួក​គេ​ខ្លះ? (ខ) យូរ​ម្ដងៗ តើ​ព្រះ​យេស៊ូ​តប​ឆ្លើយ​បែប​ណា​ដល់​ពួក​អ្នក​ប្រឆាំង? ប៉ុន្តែ តើ​ទ្រង់​មិន​បាន​ធ្វើ​អ្វី?

១០ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដល់​មនុស្ស​ជា​ច្រើន​ខាង​គណៈ​ផារិស៊ី​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​ទ្រង់។ ទោះ​ជា​បុគ្គល​ខ្លះ​ខំ​រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ព្រះ​យេស៊ូ​ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល​ក៏​ដោយ តែ​ទ្រង់​មិន​បាន​សន្និដ្ឋាន​ថា​ពួក​គេ​គ្រប់​គ្នា​មាន​បំណង​ចិត្ត​អាក្រក់​ទេ។ ស៊ីម៉ូន​ជា​ផារិស៊ី​ម្នាក់​ដែល​រិះគន់​បន្ដិច តាម​មើល​ចង់​ស្គាល់​ព្រះ​យេស៊ូ​ឲ្យ​បាន​ច្បាស់​ជាង ហើយ​បាន​អញ្ជើញ​ទ្រង់​មក​សោយ​អាហារ។ ព្រះ​យេស៊ូ​បាន​យល់​ព្រម ហើយ​បាន​ឆ្លៀត​ឱកាស​ធ្វើ​បន្ទាល់​ដល់​មនុស្ស​នៅ​ទី​នោះ។ (លូកា ៧:៣៦​-​៥០) នៅ​ពេល​មួយ​ទៀត នីកូដេម​ដែល​ជា​សមាជិក​ម្នាក់​ដ៏​ធំដុំ​ខាង​គណៈ​ផារិស៊ី​បាន​មក​ជួប​ព្រះ​យេស៊ូ​នៅ​ពេល​យប់។ ព្រះ​យេស៊ូ​មិន​បាន​មើលងាយ​គាត់​ទេ ដែល​គាត់​ចាំ​ឲ្យ​ងងឹត​សិន​ទើប​មក​ជួប​ទ្រង់​នោះ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​នីកូដេម​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដោយ​បញ្ជូន​បុត្រា​ទ្រង់ ដើម្បី​បើក​ផ្លូវ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំនឿ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ព្រះ​យេស៊ូ​ក៏​ចង្អុល​ប្រាប់​នូវ​សារៈ​សំខាន់​នៃ​ការ​គោរព​ចំពោះ​របៀប​រៀបចំ​របស់​ព្រះ​ដែរ។ (យ៉ូហាន ៣:១​-​២១) ក្រោយ​មក នីកូដេម​បាន​គាំទ្រ​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ពួក​ផារិស៊ី​ឯ​ទៀត​បាន​មើលងាយ​ទ្រង់។—យ៉ូហាន ៧:៤៦​-​៥១

១១ ព្រះ​យេស៊ូ​បាន​ជ្រាប​នូវ​អំពើ​លាក់ពុត​នៃ​អស់​អ្នក​ដែល​ចង់​ចាប់​ទ្រង់។ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ប្រឆាំង​ជំរុញ​ទ្រង់​ចូល​ប្រឡូក​នឹង​ការ​ពិភាក្សា​តទល់​ដែល​ឥត​កើត​ការ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ត្រូវ​និយាយ នោះ​ទ្រង់​បាន​តប​យ៉ាង​ខ្លី​តែ​មាន​ប្រសិទ្ធភាព​ដោយ​ពោល​អំពី​គោលការណ៍ ប្រើ​រឿង​ប្រៀបប្រដូច ឬ​ដក​ស្រង់​បទ​គម្ពីរ​ណា​មួយ​ជា​ដើម។ (ម៉ាថាយ ១២:៣៨​-​៤២; ១៥:១​-​៩; ១៦:១​-​៤) នៅ​ពេល​ខ្លះ​ទៀត ព្រះ​យេស៊ូ​មិន​បាន​តប​ឆ្លើយ​ទេ ដ្បិត​ទ្រង់​ជ្រាប​ថា​គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ។—ម៉ាកុស ១៥:២​-​៥; លូកា ២២:៦៧​-​៧០

១២​. ទោះ​ជា​មនុស្ស​ស្រែក​ដាក់​ទ្រង់​ក៏​ដោយ តើ​ទ្រង់​បាន​ជួយ​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១២ យូរ​ម្ដងៗ មនុស្ស​ដែល​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្រែក​ដាក់​ព្រះ​យេស៊ូ។ នៅ​ពេល​ដែល​មាន​រឿង​នេះ​ម្ដងៗ ទ្រង់​តែង​តែ​មាន​ព្រះទ័យ​អត់ធ្មត់ ហើយ​ប្រើ​អំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ​ដើម្បី​ជួយ​មនុស្ស​បែប​នោះ​វិញ។ (ម៉ាកុស ១:២៣​-​២៨; ៥:២​-​៨, ១៥) ប្រសិន​បើ​មនុស្ស​ខ្លះ​ខឹង​ហើយ​ស្រែក​ដាក់​យើង​ក្នុង​កាល​ដែល​យើង​ផ្សព្វផ្សាយ យើង​ក៏​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ដែរ ហើយ​គួរ​ខំ​ប្រឹង​ដោះស្រាយ​ស្ថានការណ៍​បែប​នេះ​ដោយ​សប្បុរស​និង​ដោយ​ប៉ិនប្រសប់។—កូល៉ុស ៤:៦

ចូរ​បង្ហាញ​ចិត្ត​អត់ធ្មត់​ក្នុង​ក្រុម​គ្រួសារ

១៣​. ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​ប្រឆាំង​នឹង​សមាជិក​ដែល​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

១៣ ជា​ពិសេស ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ត្រូវ​តែ​បង្ហាញ​ចិត្ត​អត់ធ្មត់​ក្នុង​ក្រុម​គ្រួសារ។ មនុស្ស​ដែល​ស្ងើច​ចិត្ត​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ចង់​ឲ្យ​ក្រុម​គ្រួសារ​គាត់​ធ្វើ​យ៉ាង​ដូច្នោះ​ដែរ។ ប៉ុន្តែ ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល សមាជិក​ខ្លះ​អាច​មាន​ចិត្ត​ស្អប់​យើង។ (ម៉ាថាយ ១០:៣២​-​៣៧; យ៉ូហាន ១៥:២០, ២១) ហេតុ​ដែល​ពួក​គេ​មាន​ចិត្ត​បែប​នេះ​គឺ​មាន​មូលហេតុ​ផ្សេងៗ។ ជា​ឧទាហរណ៍ ទោះ​ជា​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ទៀងត្រង់ ចេះ​ទទួល​ខុសត្រូវ​និង​ចេះ​គោរព​ក៏​ដោយ តែ​បទ​គម្ពីរ​ក៏​បង្រៀន​យើង​ថា យើង​មាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​ជា​អ្នក​បង្កើត មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ។ (សាស្ដា ១២:១, ១៣; កិច្ចការ ៥:២៩) សមាជិក​ដែល​គិត​ថា​ខ្លួន​ពុំ​មាន​អំណាច​ដូច​មុនៗ​ក្នុង​គ្រួសារ​ដោយសារ​តែ​យើង​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ប្រហែល​ជា​តូច​ចិត្ត។ នៅ​ពេល​ដែល​ដោះស្រាយ​នឹង​ស្ថានការណ៍​បែប​នេះ គឺ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​បង្ហាញ​ចិត្ត​អត់ធ្មត់!—ពេត្រុសទី១ ២:២១​-​២៣; ៣:១, ២

១៤​-​១៦​. តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​ខ្លះ​ដែល​ពីដើម​ជា​អ្នក​ប្រឆាំង​បាន​ប្រែ​ចិត្ត​នោះ?

១៤ បងប្អូន​ជា​ច្រើន​ដែល​ឥឡូវ​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា​ក៏​មាន​ប្ដី​ឬ​ប្រពន្ធ​ឬ​សមាជិក​ឯ​ទៀត ដែល​បាន​ប្រឆាំង​នឹង​ការ​កែ​ប្រែ​ក្នុង​កាល​ដែល​ពួក​គេ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ ពួក​អ្នក​ប្រឆាំង​ប្រហែល​ជា​ឮ​គេ​និយាយ​អាក្រក់​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ប្រហែល​ជា​ពួក​គេ​ខ្លាច​នឹង​មាន​ឥទ្ធិពល​មិន​ល្អ​លើ​ក្រុម​គ្រួសារ។ តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត? ក្នុង​ករណី​ជា​ច្រើន បុគ្គល​ដែល​ជឿ​ព្រះ​បាន​តាំង​គំរូ​ដ៏​ល្អ។ ដោយសារ​អ្នក​ជឿ​ព្រះ​ខំ​ព្យាយាម​ធ្វើ​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ ដោយ​ទៅ​ប្រជុំ​ជា​ទៀត​ទាត់ ចូល​រួម​ក្នុង​កិច្ចបំរើ​ផ្សាយ ដោយ​មើល​ទទួល​ខុសត្រូវ​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុម​គ្រួសារ និង​មាន​ចិត្ត​អត់ធ្មត់ នោះ​ជួន​កាល​ជួយ​កាត់​បន្ថយ​ការ​ប្រឆាំង​ពី​សមាជិក​ក្រុម​គ្រួសារ​វិញ។—ពេត្រុសទី១ ២:១២

១៥ អ្នក​ប្រឆាំង​ម្នាក់​ប្រហែល​មិន​ព្រម​ស្ដាប់​ការ​ពន្យល់​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ដោយសារ​គាត់​ប្រកាន់​ឬ​មាន​អំនួត។ បុរស​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ពោល​អះអាង​ថា​គាត់​ជា​អ្នក​ស្នេហា​ជាតិ គាត់​មាន​អារម្មណ៍​បែប​នេះ។ មាន​ពេល​ម្ដង​ក្នុង​កាល​ដែល​ភរិយា​គាត់​ទៅ​មហា​សន្និបាត គាត់​បាន​ប្រមូល​សម្លៀកបំពាក់​របស់​ខ្លួន​ហើយ​ចាក​ចេញ​ពី​ផ្ទះ។ មាន​ពេល​ម្ដង​ទៀត​ដែល​គាត់​ចាក​ចេញ​ពី​ផ្ទះ​យក​កាំភ្លើង​គំរាម​កំហែង​សម្លាប់​ខ្លួន។ គាត់​បាន​បន្ទោស​សាសនា​របស់​ភរិយា​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ប្រព្រឹត្ត​ដ៏​ឆ្កួត​បែប​នេះ។ ប៉ុន្តែ ភរិយា​គាត់​បាន​ខំ​ប្រឹង​ធ្វើ​តាម​ឱវាទ​ព្រះ​គម្ពីរ។ ភរិយា​គាត់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​ម្ភៃ​ឆ្នាំ​ហើយ ឥឡូវ​ស្វាមី​នេះ​ក៏​ជា​ស្មរបន្ទាល់​ម្នាក់​ដែរ។ នៅ​ប្រទេស​អាល់បានី ស្ត្រី​ម្នាក់​ខឹង​ខ្លាំង​ណាស់​ពីព្រោះ​កូន​ស្រី​គាត់​សិក្សា​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​រួច​មក​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ស្ត្រី​ជា​ម្ដាយ​បាន​បង្ហិន​ព្រះ​គម្ពីរ​របស់​កូន​ខ្លួន​អស់​១២​ដង។ ប៉ុន្តែ នៅ​ថ្ងៃ​មួយ គាត់​បាន​បើក​មើល​ព្រះ​គម្ពីរ​ថ្មី​ដែល​កូន​ស្រី​គាត់​ទុក​នៅ​លើ​តុ។ ដោយ​ចៃដន្យ គាត់​បាន​បើក​ម៉ាថាយ ១០:៣៦ ហើយ​ម្ដាយ​នេះ​បាន​ដឹង​ថា អ្វី​ដែល​ចែង​នោះ​គឺ​ទាក់ទង​ដល់​គាត់។ ប៉ុន្តែ ដោយសារ​គាត់​នៅ​តែ​ខ្វល់ខ្វាយ​អំពី​សុវត្ថិភាព​របស់​កូន នោះ​ម្ដាយ​ក៏​បាន​ជូន​កូន​ទៅ​កប៉ាល់​ពេល​កូន​ស្រី​ហៀប​នឹង​ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត​នៅ​ប្រទេស​អ៊ីតាលី ហើយ​ក្នុង​កប៉ាល់​នោះ​ក៏​មាន​ស្មរបន្ទាល់​ឯ​ទៀត​ដែរ។ នៅ​ពេល​ដែល​ម្ដាយ​នេះ​បាន​ឃើញ​ថា​ស្មរបន្ទាល់​ចេះ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ ការ​ឱប​និង​ការ​ញញឹម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ឮ​សំណើច​ដ៏​សប្បាយ នោះ​គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ខុស​ពី​មុន។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​បាន​សុខ​ចិត្ត​សិក្សា​ព្រះ​គម្ពីរ។ សព្វ​ថ្ងៃ​នេះ គាត់​ខំ​ព្យាយាម​ជួយ​មនុស្ស​ឯ​ទៀត​ដែល​មុន​ដំបូង​ជា​អ្នក​ជំទាស់​នោះ។

១៦ នៅ​ពេល​មួយ ប្ដី​ម្នាក់​កាន់​កាំបិត​មក​ប្រឈម​មុខ​ភរិយា ដោយ​ប្រទេច​ផ្ដាសា​ឲ្យ​ភរិយា​គាត់ ពេល​ដែល​ភរិយា​ជិត​ចូល​សាល​ព្រះ​រាជាណាចក្រ។ ភរិយា​តប​ឆ្លើយ​ដោយ​ទន់ភ្លន់​ថា​៖ «សូម​បង​ចូល​សាល​ព្រះ​រាជាណាចក្រ​មើល​ខ្លួន​ឯង​ចុះ»។ ប្ដី​នោះ​បាន​ចូល​មើល​មែន ហើយ​ក្រោយ​មក គាត់​បំរើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។

១៧​. បើ​ជួន​កាល​មាន​ទំនាក់ទំនង​យ៉ាង​តានតឹង​រវាង​សមាជិក​គ្រួសារ​ជា​គ្រីស្ទាន តើ​ឱវាទ​អ្វី​ក្នុង​បទ​គម្ពីរ​ដែល​អាច​ជួយ​យើង?

១៧ សូម្បី​តែ​មនុស្ស​គ្រប់​គ្នា​ក្នុង​គ្រួសារ​អ្នក​ជា​ជន​គ្រីស្ទាន​ក៏​ដោយ ដោយសារ​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ក៏​មាន​ពេល​ខ្លះ​ដែល​ស្ថានការណ៍​ដ៏​តានតឹង​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​មាន​ការ​ពោល​ពាក្យ​គំរោះគំរើយ។ គឺ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ជន​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ត្រូវ​បាន​ទូន្មាន​ថា​៖ «ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ»។ (អេភេសូរ ៤:៣១) តាម​មើល​ទៅ អ្វី​ដែល​មាន​ឥទ្ធិពល​លើ​ជន​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ គឺ​បរិយាកាស ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​ជីវភាព​រស់​នៅ​ដែល​ពួក​គេ​ធ្លាប់​មាន។ តើ​អ្វី​ដែល​នឹង​អាច​ជួយ​ពួក​គេ​ឲ្យ​កែ​ប្រែ​ចិត្ត? ពួក​គេ​ត្រូវ​«ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង»។ (អេភេសូរ ៤:២៣) ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​នឹង​ត្រូវ​ឃើញ​ជាក់​ស្តែង​ក្នុង​ជីវិត​របស់​ពួក​គេ ឲ្យ​តែ​ពួក​គេ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ រំពឹង​គិត​លើ​ព្រះ​បន្ទូល​ដើម្បី​ឲ្យ​មាន​អានុភាព​លើ​ជីវិត​របស់​គេ និង​ការ​សេពគប់​ជា​មួយ​នឹង​ជន​គ្រីស្ទាន​និង​ការ​ខំ​ប្រឹង​អធិស្ឋាន​ផង​ដែរ។ ពួក​គេ​នឹង​ត្រូវ​រៀន​ឲ្យ​«មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​[ពួក​គេ]ដោយ​ព្រះ​គ្រីស្ទ​ដែរ»។ (អេភេសូរ ៤:៣២) ទោះ​ជា​អ្នក​ដទៃ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​មាន​ចិត្ត​អត់ធ្មត់ សប្បុរស ទន់​សន្ដោស​និង​អត់​ទោស​ឲ្យ​គេ។ ប្រាកដ​ហើយ យើង​មិន​ត្រូវ​«ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ»។ (រ៉ូម ១២:១៧, ១៨) ការ​យក​តម្រាប់​តាម​ព្រះ​ដោយ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ នោះ​គឺ​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​ជានិច្ច។—យ៉ូហានទី១ ៤:៨

ឱវាទ​សំរាប់​ជន​គ្រីស្ទាន​គ្រប់​គ្នា

១៨​. ហេតុ​អ្វី​ក៏​ឱវាទ​នៅ​ធីម៉ូថេទី២ ២:២៤ គឺ​សម​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ក្រុង​អេភេសូរ​ពីដើម? ហើយ​តើ​ឱវាទ​នេះ​មាន​ប្រយោជន៍​ដល់​ជន​គ្រីស្ទាន​គ្រប់​គ្នា​យ៉ាង​ដូច​ម្ដេច?

១៨ ឱវាទ​ដែល​តម្រូវ​ឲ្យ​យើង​«មាន​ចិត្ត​អត់ធ្មត់»​គឺ​ទាក់ទង​ជន​គ្រីស្ទាន​គ្រប់​គ្នា។ (ធីម៉ូថេទី២ ២:២៤) ប៉ុន្តែ មុន​ដំបូង​ឱវាទ​នេះ​គឺ​សំរាប់​ធីម៉ូថេ ដែល​គាត់​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ក្នុង​កាល​ដែល​បំរើ​ជា​អ្នក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ។ មនុស្ស​ខ្លះ​នៅ​ក្រុមជំនុំ​នោះ​ជា​អ្នក​បញ្ចេញ​យោបល់​ដោយ​ឥត​សំច័យ​និង​បង្រៀន​លទ្ធិ​ខុស​ទៀត។ ដោយសារ​ពួក​គេ​ពុំ​យល់​ធ្លុះ​នឹង​គោល​បំណង​នៃ​ក្រិត្យ​វិន័យ​ម៉ូសេ នោះ​ពួក​គេ​មិន​បាន​យល់​នូវ​សារៈ​សំខាន់​នៃ​ជំនឿ សេចក្ដី​ស្រឡាញ់ និង​មនសិការ​ជ្រះថ្លា​ទេ។ ចិត្ត​មានះ​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក ដែល​នាំ​ឲ្យ​ពួក​គេ​ពិភាក្សា​តទល់​ពី​ពាក្យ​ផ្សេងៗ ហើយ​ពួក​គេ​មិន​បាន​យល់​នូវ​សារៈ​សំខាន់​នៃ​ការ​បង្រៀន​របស់​ព្រះ​គ្រីស្ទ​និង​សារៈ​សំខាន់​ចំពោះ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ។ ធីម៉ូថេ​ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ​ដោយ​គាំទ្រ​សេចក្ដី​ពិត​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ប៉ុន្តែ គាត់​ត្រូវ​ប្រព្រឹត្ត​លើ​បងប្អូន​ដោយ​ស្លូតបូត​ដែរ។ ដូច​ជា​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ ធីម៉ូថេ​បាន​ដឹង​ថា​ហ្វូង​ចៀម​មិន​មែន​ជា​របស់​គាត់​ទេ ហើយ​គាត់​ត្រូវ​ប្រព្រឹត្ត​លើ​អ្នក​ដទៃ​តាម​របៀប​ដែល​ជួយ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព។—អេភេសូរ ៤:១​-​៣; ធីម៉ូថេទី១ ១:៣​-​១១; ៥:១, ២; ៦:៣​-​៥

១៩​. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​គ្រប់​គ្នា​«ស្វែង​រក​សេចក្ដី​សុភាព»?

១៩ ព្រះ​ដាស់​តឿន​រាស្ត្រ​របស់​ទ្រង់​ឲ្យ​«ស្វែង​រក​សេចក្ដី​សុភាព»។ (សេផានា ២:៣) ពាក្យ​ភាសា​ហេព្រើរ​ថា​«សេចក្ដី​សុភាព» បង្ហាញ​នូវ​លក្ខណៈ​ដែល​ជួយ​បុគ្គល​ម្នាក់​ស៊ូទ្រាំ​នឹង​ភាព​អយុត្ដិធម៌​ណា​មួយ​ដោយ​អត់ធ្មត់ មិន​រង្កៀស​ចិត្ត​ហើយ​មិន​សងសឹក​ទេ។ សូម​ឲ្យ​យើង​ខំ​ព្យាយាម​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​អត់ធ្មត់​និង​តំណាង​ទ្រង់​ដោយ​ត្រឹម​ត្រូវ សូម្បី​តែ​យើង​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​ដ៏​ពិបាក​ក៏​ដោយ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• នៅ​ពេល​ដែល​អ្នក​ដទៃ​ពោល​ពាក្យ​គំរោះគំរើយ​ដាក់​អ្នក តើ​បទ​គម្ពីរ​ណា​ខ្លះ​អាច​ជួយ​អ្នក​បាន?

• ហេតុ​អ្វី​បាន​ជា​សូល​ប្រព្រឹត្ត​ដោយ​គំរោះគំរើយ?

• តើ​គំរូ​របស់​ព្រះ​យេស៊ូ​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​យ៉ាង​សមរម្យ​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ​យ៉ាង​ដូច​ម្ដេច?

• ដោយសារ​បង្ហាញ​ចិត្ត​អត់ធ្មត់​ក្នុង​ក្រុម​គ្រួសារ តើ​អាច​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​៣១]

ការ​ធ្វើ​តាម​ភារកិច្ច របស់​ជន​គ្រីស្ទាន​អាច​ជួយ​បន្ថយ នូវ​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ

[រូបភាព​នៅ​ទំព័រ​៣២]

ជន​គ្រីស្ទាន​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក