១០៨
នៅតាមផ្លូវទៅក្រុងដាម៉ាស
តើអ្នកស្គាល់បុរសដែលកំពុងតែដួលនៅនឹងដីនេះ ជាអ្នកណាទេ? នេះជាសុល។ អ្នកនៅចាំទេ គាត់ជាអ្នកចាំយាមមើលអាវធំឲ្យពួកបុរសដែលចោលដុំថ្មសម្លាប់ស្ទេផាន។ សូមមើលពន្លឺដ៏ភ្លឺចិញ្ចាចនោះ! តើមានការអ្វីកំពុងតែកើតឡើង?
ក្រោយពីស្ទេផានបានស្លាប់ទៅ សុលក៏ធ្វើជាមេដឹកនាំក្នុងការស្វែងរកពួកអ្នកកាន់តាមព្រះយេស៊ូវ ដើម្បីធ្វើទុក្ខបៀតបៀនដល់ពួកគេ។ គាត់ចូលពីផ្ទះមួយទៅផ្ទះមួយ ហើយចាប់អូសពួកគេយកទៅដាក់គុក។ ពួកសិស្សជាច្រើនរត់គេចខ្លួនទៅក្រុងផ្សេងៗទៀត ហើយក៏ចាប់ផ្ដើម«ផ្សាយដំណឹងល្អ»នៅទីនោះ។ ប៉ុន្តែ សុលក៏ទៅក្រុងផ្សេងៗទៀតដែរ ដើម្បីនឹងស្វែងរកពួកអ្នកកាន់តាមព្រះយេស៊ូវ។ ឥឡូវនេះ គាត់កំពុងតែធ្វើដំណើរទៅក្រុងដាម៉ាស។ ប៉ុន្តែនៅតាមផ្លូវ នេះជាការដ៏អស្ចារ្យមួយដែលកើតឡើង៖
មួយរំពេចនោះ ពន្លឺពីលើមេឃក៏បញ្ចាំងនៅជុំវិញសុល។ ដូចជាយើងឃើញនៅទីនេះ គាត់ក៏ដួលនៅនឹងដី។ បន្ទាប់មក សម្លេងក៏មានបន្ទូលថា៖ ‹សុល! សុល! ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ›? ពួកបុរសដែលនៅជាមួយសុលមើលឃើញពន្លឺ ហើយក៏ឮសម្លេងដែរ ប៉ុន្តែគេមិនអាចយល់អំពីអ្វីៗដែលបាននិយាយនោះឡើយ។
សុលទូលសួរថា៖ ‹តើព្រះអម្ចាស់ជាអ្នកណា›?
សម្លេងនោះឆ្លើយថា៖ ‹ខ្ញុំជាព្រះយេស៊ូវ ដែលអ្នកកំពុងតែបៀតបៀននោះ›។ ព្រះយេស៊ូវមានបន្ទូលដូច្នេះ ពីព្រោះនៅពេលដែលសុលបានធ្វើទុក្ខបៀតបៀនដល់ពួកអ្នកកាន់តាមព្រះយេស៊ូវ នោះក៏ដូចជាបានធ្វើទុក្ខបៀតបៀនដល់អង្គទ្រង់ដែរ។
ឥឡូវនេះសុលទូលសួរថា៖ ‹ព្រះអម្ចាស់អើយ តើទ្រង់ចង់ឲ្យទូលបង្គំធ្វើដូចម្ដេច›?
ព្រះយេស៊ូវមានបន្ទូលថា៖ ‹ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសចុះ។ នៅទីនោះ អ្នកនឹងត្រូវគេប្រាប់ពីការដែលអ្នកត្រូវធ្វើ›។ នៅពេលដែលសុលក្រោកឡើងហើយបើកភ្នែក នោះគាត់មើលអ្វីមិនឃើញសោះ។ គាត់បានខ្វាក់ភ្នែកហើយ! ដូច្នេះ ពួកបុរសដែលនៅជាមួយក៏ដឹកដៃនាំគាត់ទៅឯក្រុងដាម៉ាស។
ឥឡូវនេះ ព្រះយេស៊ូវមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ម្នាក់នៅក្រុងដាម៉ាសថា៖ ‹អាន្ន៉ានាសអើយ ចូរក្រោកឡើង ហើយទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ចុះ។ នៅឯផ្ទះយូដាស ចូរសួររកមនុស្សម្នាក់ឈ្មោះសុល។ ខ្ញុំបានជ្រើសរើសគាត់ឲ្យធ្វើជាអ្នកបំរើដ៏ពិសេសរបស់ខ្ញុំហើយ›។
អាន្ន៉ានាសក៏គោរពតាម។ នៅពេលដែលគាត់ជួបសុល គាត់ក៏ដាក់ដៃលើ ហើយនិយាយថា៖ ‹ព្រះអម្ចាស់បានចាត់ឲ្យខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែកវិញ ហើយពេញដោយវិញ្ញាណបរិសុទ្ធ›។ ភ្លាមនោះ ស្រាប់តែមានអ្វីដូចជាស្រកាជ្រុះពីភ្នែកសុល ហើយគាត់ក៏អាចមើលឃើញឡើងវិញ។
សុលត្រូវបានប្រើតាមវិធីដ៏ខ្លាំងក្លា ដើម្បីផ្សាយដល់មនុស្សនៃសាសន៍ជាច្រើន។ ក្រោយមក គាត់មានឈ្មោះជាសាវកប៉ុល ដែលយើងនឹងរៀនថែមទៀតអំពីគាត់។ ប៉ុន្តែ ជាបឋម សូមឲ្យយើងពិនិត្យមើល តើព្រះចាត់ពេត្រុសឲ្យទៅធ្វើអ្វីខ្លះ។
កិច្ចការ ៨:១-៤; ៩:១-២០; ២២:៦-១៦; ២៦:៨-២០