ជំពូកទី៨
ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
សុលពីអ្នកប្រឆាំងដ៏ឃោរឃៅទៅជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែង
មានមូលដ្ឋានលើសកម្មភាព ៩:១-៤៣
១, ២. តើសុលមានផែនការអ្វីនៅក្រុងដាម៉ាស់?
បុរសមួយក្រុមដែលមានទឹកមុខកាចសាហាវ កំពុងធ្វើដំណើរទៅក្រុងដាម៉ាស់ ដើម្បីអនុវត្តផែនការដ៏ឃោរឃៅរបស់ខ្លួន។ ពួកបុរសទាំងនោះនឹងប្រើកម្លាំងបាយចាប់អូសពួកអ្នកកាន់តាមលោកយេស៊ូចេញពីផ្ទះ ហើយចងពួកគេ រួចធ្វើឲ្យពួកគេអាម៉ាស់មុខ។ បន្ទាប់មក អូសពួកគេទៅក្រុងយេរូសាឡិម ដើម្បីឲ្យក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោសពួកគេ។
២ ក្រុមនោះដឹកនាំដោយបុរសម្នាក់ឈ្មោះសុល ដែលធ្លាប់ចូលរួមក្នុងការធ្វើឃាតមនុស្សម្នាក់។a មិនយូរមុននោះ សុលបានឈរមើលដោយក្ដីពេញចិត្ត ពេលមិត្តភក្តិជ្រុលនិយមរបស់គាត់គប់ថ្មសម្លាប់ស្ទេផាន ដែលជាអ្នកកាន់តាមដ៏ស្មោះភក្ដីម្នាក់របស់លោកយេស៊ូ។ (សកម្ម. ៧:៥៧–៨:១) ដោយសារសុលមិនស្កប់ចិត្តចំពោះការបៀតបៀនពួកអ្នកកាន់តាមគ្រិស្តនៅក្រុងយេរូសាឡិម ដូច្នេះគាត់ត្រៀមនឹងបញ្ឆេះឲ្យមានការបៀតបៀននៅក្រុងផ្សេងទៀត។ គាត់មានបំណងកម្ចាត់ចោលនិកាយ ដែលគេស្គាល់ថា«ផ្លូវលោកម្ចាស់» (សូមមើលប្រអប់«អំណាចរបស់សុលនៅក្រុងដាម៉ាស់»)។—សកម្ម. ៩:១, ២
៣, ៤. (ក) តើមានអ្វីកើតឡើងចំពោះសុល? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ រំពេចនោះ ពន្លឺដ៏ភ្លឺចែងចាំងបានគ្របពីលើសុលនិងគ្នារបស់គាត់។ ពេលឃើញដូចនោះ ពួកគេភាំងនិយាយមិនចេញ ដោយសារតក់ស្លុតពេក។ សុលស្រាប់តែងងឹតភ្នែក ហើយដួលទៅដី។ គាត់មើលអ្វីលែងឃើញទៀត តែគាត់បានឮសំឡេងពីលើមេឃថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ ដោយក្ដីងឿងឆ្ងល់ជាខ្លាំង សុលសួរវិញថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ សុលច្បាស់ជារន្ធត់ចិត្តណាស់ ពេលឮពាក្យតបឆ្លើយថា៖ «ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន»។—សកម្ម. ៩:៣-៥; ២២:៩
៤ តើយើងអាចរៀនអ្វីពីពាក្យដំបូង ដែលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់សុល? តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ ពីការពិនិត្យមើលព្រឹត្តិការណ៍ដែលបានកើតឡើងទាក់ទងនឹងការប្រែចិត្តរបស់សុល? ហើយតើយើងអាចរៀនអ្វី ពីវិធីដែលក្រុមជំនុំបានទាញយកប្រយោជន៍ពីគ្រាមានសន្តិភាព បន្ទាប់ពីសុលប្រែចិត្ត?
«ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?» (សកម្មភាព ៩:១-៥)
៥, ៦. តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូទៅកាន់សុល?
៥ ពេលលោកយេស៊ូឃាត់ដំណើរសុល នៅតាមផ្លូវទៅក្រុងដាម៉ាស់ លោកមិនបានសួរថា៖ «ហេតុអ្វីអ្នកបៀតបៀនពួកអ្នកកាន់តាមខ្ញុំ?»។ ផ្ទុយទៅវិញ ដូចបានឃើញនៅខាងលើ លោកសួរថា៖ «ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ (សកម្ម. ៩:៤) មែនហើយ លោកយេស៊ូមានអារម្មណ៍ថា ដូចជាលោកកំពុងហែលឆ្លងទុក្ខវេទនា ដូចពួកអ្នកកាន់តាមលោកកំពុងជួបប្រទះ។—ម៉ាថ. ២៥:៣៤-៤០, ៤៥
៦ ប្រសិនបើអ្នករងការបង្ខិតបង្ខំដោយសារជំនឿលើគ្រិស្ត សូមជឿជាក់ថា ព្រះយេហូវ៉ានិងលោកយេស៊ូជ្រាបច្បាស់អំពីស្ថានភាពរបស់អ្នក។ (ម៉ាថ. ១០:២២, ២៨-៣១) ព្រះយេហូវ៉ាប្រហែលជាមិនដកទុក្ខលំបាកចេញពីយើងភ្លាមៗទេ។ សូមចាំថា លោកយេស៊ូបានឃើញសុលចូលរួមក្នុងការធ្វើឃាតស្ទេផាន ហើយក៏ឃើញសុលចាប់អូសពួកអ្នកបម្រើដ៏ស្មោះត្រង់របស់លោក ចេញពីផ្ទះក្នុងក្រុងយេរូសាឡិមដែរ។ (សកម្ម. ៨:៣) ទោះជាដូច្នោះក្ដី លោកយេស៊ូមិនបានជួយពួកគេនៅពេលនោះទេ។ ប៉ុន្តែ តាមរយៈគ្រិស្ត ព្រះយេហូវ៉ាបានផ្ដល់កម្លាំងដល់ស្ទេផាននិងពួកអ្នកកាន់តាមឯទៀត ឲ្យបន្តរក្សាភាពស្មោះត្រង់។
៧. តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីអាចស៊ូទ្រាំការបៀតបៀន?
៧ អ្នកក៏អាចស៊ូទ្រាំការបៀតបៀនបានដែរ បើអ្នកធ្វើតាមចំណុចដូចតទៅ៖ (១) តាំងចិត្តរក្សាភក្ដីភាព ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ (២) អធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ (ភី. ៤:៦, ៧) (៣) ទុកការសងសឹកឲ្យព្រះយេហូវ៉ា។ (រ៉ូម ១២:១៧-២១) (៤) ទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យអ្នកស៊ូទ្រាំ រហូតដល់លោកបំបាត់ចោលទុក្ខលំបាកទាំងនោះ។—ភី. ៤:១២, ១៣
«សុល បងប្រុសអើយ លោកម្ចាស់ . . . បានចាត់ខ្ញុំឲ្យមក» (សកម្មភាព ៩:៦-១៧)
៨, ៩. តើអាណានាសប្រហែលជាមានអារម្មណ៍យ៉ាងណាចំពោះភារកិច្ចរបស់ខ្លួន?
៨ បន្ទាប់ពីបានឆ្លើយសំណួររបស់សុល ដែលសួរថា៖ «តើលោកម្ចាស់ជាអ្នកណា?» លោកយេស៊ូក៏ប្រាប់គាត់ទៀតថា៖ «ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ រួចអ្នកនឹងទទួលដំណឹងអំពីអ្វីដែលអ្នកត្រូវធ្វើ»។ (សកម្ម. ៩:៦) ដោយសារសុលងងឹតភ្នែក នោះមានគេនាំគាត់ទៅស្នាក់នៅផ្ទះសម្នាក់មួយក្នុងក្រុងដាម៉ាស់។ នៅទីនោះ សុលតមអាហារ ហើយអធិដ្ឋានអស់បីថ្ងៃ។ ក្នុងអំឡុងពេលនោះ លោកយេស៊ូបានប្រាប់រឿងរបស់សុល ដល់អ្នកកាន់តាមម្នាក់ដែលនៅក្រុងនោះ។ គាត់ឈ្មោះអាណានាស ជាអ្នកដែល‹ជនជាតិយូដាតែងនិយាយល្អ›។—សកម្ម. ២២:១២
៩ សូមស្រមៃគិតថា អាណានាសមានអារម្មណ៍ច្របូកច្របល់យ៉ាងណា! លោកយេស៊ូគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ និងជាប្រមុខនៃក្រុមជំនុំ ឥឡូវកំពុងមានប្រសាសន៍ដោយផ្ទាល់មកកាន់គាត់ គឺលោកបានជ្រើសរើសគាត់ឲ្យបំពេញភារកិច្ចដ៏ពិសេសមួយ។ ពិតមែនថានេះជាឯកសិទ្ធិ តែក៏ជាភារកិច្ចដ៏ពិបាកដែរ! ពេលអាណានាសទទួលបង្គាប់ឲ្យទៅជួបសុល គាត់ឆ្លើយថា៖ «លោកម្ចាស់ ខ្ញុំបានឮគេជាច្រើននាក់និយាយអំពីបុរសនេះថា គាត់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើនទៅលើពួកអ្នកបរិសុទ្ធរបស់លោកនៅក្រុងយេរូសាឡិម។ ពេលនេះគាត់មានអំណាចពីពួកសង្ឃនាយក ដើម្បីចាប់អស់អ្នកណាដែលហៅរកនាមរបស់លោក»។—សកម្ម. ៩:១៣, ១៤
១០. តើរបៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះអាណានាស បង្រៀនយើងនូវមេរៀនអ្វី?
១០ ពេលអាណានាសប្រាប់អំពីកង្វល់របស់គាត់ លោកយេស៊ូមិនបានកែតម្រង់គាត់ទេ តែលោកផ្ដល់ការណែនាំច្បាស់លាស់ដល់គាត់។ លោកក៏បង្ហាញដែរថា លោកគិតអំពីអារម្មណ៍របស់គាត់ ដោយប្រាប់គាត់នូវមូលហេតុដែលលោកចង់ឲ្យគាត់បំពេញភារកិច្ច ដែលមិនធម្មតានេះ។ លោកយេស៊ូប្រាប់គាត់អំពីសុលថា៖ «បុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើស ដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិនានា ព្រមទាំងនៅមុខស្ដេចផ្សេងៗ និងពួកកូនអ៊ីស្រាអែល។ ព្រោះខ្ញុំនឹងបង្ហាញគាត់ឲ្យឃើញច្បាស់ថា គាត់ត្រូវរងទុក្ខច្រើនយ៉ាងណាដោយសារឈ្មោះរបស់ខ្ញុំ»។ (សកម្ម. ៩:១៥, ១៦) អាណានាសបានធ្វើតាមបង្គាប់របស់លោកយេស៊ូភ្លាមៗ។ គាត់បានចេញទៅស្វែងរកសុលដែលជាអ្នកបៀតបៀន ពេលជួបសុល គាត់និយាយថា៖ «សុល បងប្រុសអើយ លោកម្ចាស់យេស៊ូដែលបានលេចមកឲ្យអ្នកឃើញតាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ បានចាត់ខ្ញុំឲ្យមក ដើម្បីឲ្យអ្នកមើលឃើញឡើងវិញ ហើយឲ្យអ្នកពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»។—សកម្ម. ៩:១៧
១១, ១២. តើយើងអាចរៀនអ្វីពីព្រឹត្តិការណ៍ដែលទាក់ទងនឹងលោកយេស៊ូ អាណានាស និងសុល?
១១ យើងបានរៀនចំណុចមួយចំនួនពីកំណត់ហេតុ អំពីលោកយេស៊ូ អាណានាស និងសុល។ ចំណុចមួយគឺ លោកយេស៊ូកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយ ដូចដែលលោកបានសន្យា។ (ម៉ាថ. ២៨:២០) នៅសព្វថ្ងៃ ទោះជាលោកយេស៊ូមិនបានមានប្រសាសន៍ដោយផ្ទាល់មកយើងម្នាក់ៗក៏ដោយ លោកកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយតាមរយៈខ្ញុំបម្រើដ៏ស្មោះត្រង់ ដែលលោកបានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក។ (ម៉ាថ. ២៤:៤៥-៤៧) ក្រោមការណែនាំពីគណៈអភិបាល នោះអ្នកផ្សព្វផ្សាយ និងអ្នកត្រួសត្រាយ បានត្រូវចាត់ឲ្យទៅជួបអស់អ្នកដែលចង់ដឹងថែមទៀតអំពីគ្រិស្ត។ ដូចបានរៀបរាប់នៅជំពូកមុន មនុស្សជាច្រើនដែលមានចិត្តគំនិតដូចនោះបានជួបសាក្សីព្រះយេហូវ៉ា ក្រោយពីពួកគេបានអធិដ្ឋានសុំការណែនាំពីព្រះ។—សកម្ម. ៩:១១
១២ អាណានាសព្រមទទួលយកភារកិច្ចនោះ រួចគាត់បានទទួលពរ។ តើអ្នកធ្វើតាមបង្គាប់ដោយផ្សព្វផ្សាយយ៉ាងសព្វគ្រប់ មិនថាភារកិច្ចនោះធ្វើឲ្យអ្នកថប់បារម្ភឬទេ? សម្រាប់បងប្អូនខ្លះ អ្វីដែលគួរឲ្យភ័យខ្លាចគឺការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយជួបមនុស្សចម្លែក។ រីឯបងប្អូនខ្លះទៀត អ្វីដែលពិបាកគឺការផ្សព្វផ្សាយនៅតំបន់ពាណិជ្ជកម្ម នៅតាមផ្លូវ តាមទូរស័ព្ទ ឬតាមសំបុត្រ។ អាណានាសបានយកឈ្នះការភ័យខ្លាច និងមានឯកសិទ្ធិជួយសុលឲ្យទទួលឫទ្ធានុភាពបរិសុទ្ធ។b អាណានាសបានទទួលជោគជ័យ ដោយសារគាត់ទុកចិត្តលោកយេស៊ូ ហើយបានចាត់ទុកសុលជាបងប្អូនរបស់គាត់។ ដូចអាណានាស យើងក៏អាចយកឈ្នះការភ័យខ្លាចដែរ ដោយទុកចិត្តថាលោកយេស៊ូកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយ ដោយបង្ហាញចិត្តអាណិតអាសូរចំពោះអ្នកឯទៀត ព្រមទាំងចាត់ទុកពួកគេថា អាចទៅជាបងប្អូនរួមជំនឿនៅថ្ងៃខាងមុខ។—ម៉ាថ. ៩:៣៦
‹គាត់ចាប់ផ្ដើមផ្សព្វផ្សាយអំពីលោកយេស៊ូ› (សកម្មភាព ៩:១៨-៣០)
១៣, ១៤. បើអ្នកកំពុងរៀនគម្ពីរ ហើយមិនទាន់ទទួលការជ្រមុជទឹក តើអ្នកអាចទាញមេរៀនអ្វីពីគំរូរបស់សុល?
១៣ សុលរួសរាន់ធ្វើតាមអ្វីដែលគាត់បានរៀន។ ក្រោយពីគាត់បានត្រូវធ្វើឲ្យជាសះស្បើយ គាត់ក៏បានទទួលការជ្រមុជទឹក ហើយចាប់ផ្ដើមសេពគប់យ៉ាងជិតសិទ្ធិជាមួយពួកអ្នកកាន់តាមនៅក្រុងដាម៉ាស់។ មិនត្រឹមតែប៉ុណ្ណោះ សុលបាន«ចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗក្នុងសាលាប្រជុំនានាអំពីលោកយេស៊ូថា លោកជាបុត្ររបស់ព្រះ»។—សកម្ម. ៩:២០
១៤ បើអ្នកកំពុងរៀនគម្ពីរ តែមិនទាន់ទទួលការជ្រមុជទឹក តើអ្នកនឹងធ្វើតាមគំរូរបស់សុល ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធ្វើតាមអ្វីដែលអ្នករៀនឬទេ? សុលបានឃើញលោកយេស៊ូធ្វើអព្ភូតហេតុដោយផ្ទាល់ភ្នែក ហើយនេះប្រាកដជាបានជំរុញចិត្តគាត់ឲ្យចាត់វិធានការ។ ប៉ុន្តែ អ្នកផ្សេងទៀតក៏បានឃើញអព្ភូតហេតុរបស់លោកយេស៊ូដែរ តែនោះគ្មានឥទ្ធិពលទៅលើចិត្តរបស់ពួកគេទេ។ ជាឧទាហរណ៍ ពួកផារិស៊ីមួយក្រុមបានឃើញបុរសស្វិតដៃម្នាក់បានត្រូវធ្វើឲ្យជាសះស្បើយ ហើយជនជាតិយូដាជាច្រើនបានដឹងថា លោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ។ យ៉ាងណាក៏ដោយ ពួកគេភាគច្រើននៅតែមិនអើពើ ថែមទាំងបានប្រឆាំងនឹងលោកយេស៊ូទៀតផង។ (ម៉ាក. ៣:១-៦; យ៉ូន. ១២:៩, ១០) ផ្ទុយទៅវិញ សុលបានប្រែចិត្តទាំងស្រុង។ ហេតុអ្វីសុលបានប្រែចិត្ត តែអ្នកឯទៀតមិនបាន? ពីព្រោះសុលកោតខ្លាចព្រះជាងមនុស្សឯទៀត ហើយគាត់ដឹងគុណយ៉ាងជ្រាលជ្រៅ ដែលគ្រិស្តបានបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់។ (ភី. ៣:៨) បើអ្នកមានអារម្មណ៍ដូចគាត់ អ្នកនឹងមិនព្រមឲ្យអ្វីមករារាំងអ្នកពីការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយឡើយ។ បន្ថែមទៅទៀត អ្នកចង់បណ្ដុះគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។
១៥, ១៦. តើសុលបានធ្វើអ្វីនៅក្នុងសាលាប្រជុំ? ហើយតើជនជាតិយូដានៅក្រុងដាម៉ាស់មានប្រតិកម្មយ៉ាងណា?
១៥ ពេលសុលចាប់ផ្ដើមផ្សព្វផ្សាយអំពីលោកយេស៊ូនៅក្នុងសាលាប្រជុំនានា តើអ្នកអាចស្រមៃឃើញការភ្ញាក់ផ្អើល ការភ័យខ្លាច និងការចងកំហឹង ដែលមានក្នុងចំណោមបណ្ដាជនឬទេ? ពួកគេបាននិយាយគ្នាថា៖ «តើមិនមែនបុរសនេះទេឬ ដែលបានបៀតបៀនយ៉ាងឃោរឃៅដល់អស់អ្នកនៅក្រុងយេរូសាឡិមដែលហៅរកឈ្មោះនេះ?»។ (សកម្ម. ៩:២១) ពេលសុលពន្យល់មូលហេតុដែលនាំឲ្យគាត់ផ្លាស់ប្ដូរគំនិតអំពីលោកយេស៊ូ នោះគាត់បាន«បង្ហាញភ័ស្តុតាងយ៉ាងសមហេតុផលថាលោកយេស៊ូគឺជាគ្រិស្ត»។ (សកម្ម. ៩:២២) ទោះជាសុលវែកញែកសមហេតុផលក៏ដោយ បណ្ដាជនទាំងនោះមិនព្រមទទួលយកទេ ដោយសារចិត្តរបស់ពួកគេឈ្លក់វង្វេងនឹងប្រពៃណីទំនៀមទម្លាប់ ឬដោយសារពួកគេមានអំណួត។ ប៉ុន្តែ សុលមិនព្រមឈប់ព្យាយាមឡើយ។
១៦ បីឆ្នាំក្រោយមក ជនជាតិយូដានៅក្រុងដាម៉ាស់នៅតែប្រឆាំងសុលឥតឈប់។ នៅទីបំផុត ពួកគេរកវិធីសម្លាប់គាត់។ (សកម្ម. ៩:២៣; ២កូ. ១១:៣២, ៣៣; កាឡ. ១:១៣-១៨) ពេលសុលដឹងអំពីផែនការនោះ គាត់ក៏ធ្វើសកម្មភាពដោយប្រយ័ត្ន គឺគាត់ចាកចេញពីក្រុងនោះ ដោយសុំអ្នកឯទៀតឲ្យជួយដាក់គាត់ក្នុងកញ្ឆេ ហើយសម្រូតគាត់ចុះតាមចន្លោះមួយនៃកំពែងក្រុង។ លូកាបានរៀបរាប់អំពីអស់អ្នកដែលបានជួយសុលឲ្យគេចខ្លួននៅយប់នោះថា ពួកគេជា«អ្នកកាន់តាម[សុល]»។ (សកម្ម. ៩:២៥) តាមមើលទៅការរៀបរាប់នេះបង្ហាញថា យ៉ាងហោចណាស់ក៏មានអ្នកខ្លះព្រមទទួលយកអ្វីដែលសុលបានផ្សព្វផ្សាយនៅក្រុងដាម៉ាស់ ហើយបានទៅជាអ្នកកាន់តាមគ្រិស្ត។
១៧. (ក) តើមនុស្សខ្លះមានប្រតិកម្មយ៉ាងណាចំពោះសេចក្ដីពិតក្នុងគម្ពីរ? (ខ) តើយើងគួរបន្តធ្វើអ្វី? ហើយហេតុអ្វី?
១៧ ពេលដែលអ្នកចាប់ផ្ដើមប្រាប់ក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សឯទៀតអំពីអ្វីល្អៗដែលអ្នកបានរៀនក្នុងគម្ពីរ អ្នកប្រហែលជារំពឹងថាគ្រប់គ្នានឹងព្រមទទួលយកសេចក្ដីពិត ពីព្រោះអ្វីដែលចែងក្នុងគម្ពីរ គឺសមហេតុសមផលខ្លាំងណាស់។ មនុស្សខ្លះប្រហែលជាទទួលយក តែមនុស្សជាច្រើនមិនព្រមទទួលយកទេ។ ជាការពិត សមាជិកក្នុងផ្ទះរបស់អ្នកអាចនឹងចាត់ទុកអ្នកដូចជាសត្រូវ។ (ម៉ាថ. ១០:៣២-៣៨) ប៉ុន្តែ បើអ្នកបន្តបង្កើនសមត្ថភាពវែកញែកពីបទគម្ពីរ ហើយរក្សាការប្រព្រឹត្តជាគ្រិស្តសាសនិក ប្រហែលជាសូម្បីតែពួកអ្នកដែលប្រឆាំងអ្នក នៅទីបំផុតក៏អាចកែប្រែចិត្តដែរ។—សកម្ម. ១៧:២; ១ពេ. ២:១២; ៣:១, ២, ៧
១៨, ១៩. (ក) ពេលបាណាបាសបញ្ជាក់អំពីសុល តើនាំឲ្យមានលទ្ធផលអ្វី? (ខ) តើយើងអាចធ្វើតាមគំរូរបស់បាណាបាសនិងសុលយ៉ាងដូចម្ដេច?
១៨ ពេលសុលចូលទៅក្នុងក្រុងយេរូសាឡិម ហើយប្រាប់ពួកអ្នកកាន់តាមឯទៀតថា ឥឡូវគាត់គឺជាអ្នកកាន់តាមគ្រិស្ត នោះពួកគេមិនជឿគាត់ទេ។ យើងអាចយល់មូលហេតុដែលពួកគេមានអារម្មណ៍ដូច្នោះ។ ទោះជាយ៉ាងនោះក្ដី ពេលបាណាបាសបញ្ជាក់ថា សុលពិតជាបានក្លាយជាអ្នកកាន់តាមគ្រិស្តមែន នោះពួកអ្នកកាន់តាមឯទៀតក៏ព្រមទទួលគាត់ ហើយសុលក៏ស្នាក់នៅជាមួយនឹងពួកគេមួយរយៈ។ (សកម្ម. ៩:២៦-២៨) ពិតមែនថាសុលមានការប្រុងប្រយ័ត្ន តែគាត់មិនខ្មាសក្នុងការប្រកាសដំណឹងល្អទេ។ (រ៉ូម ១:១៦) សុលប្រកាសដំណឹងល្អដោយចិត្តក្លាហានក្នុងក្រុងយេរូសាឡិម ជាកន្លែងដែលគាត់ធ្លាប់បៀតបៀនយ៉ាងឃោរឃៅទៅលើពួកអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ ជនជាតិយូដានៅក្រុងយេរូសាឡិមភ័យខ្លាចជាខ្លាំង ពេលដឹងថាវីរជនរបស់ពួកគេចូលខាងសត្រូវ។ ដូច្នេះ ពួកគេរកវិធីសម្លាប់គាត់។ គម្ពីររៀបរាប់ថា៖ «ពេលដែលបងប្អូនដឹងអំពីរឿងនេះ ពួកគាត់ក៏នាំសុលចុះទៅក្រុងសេសារៀ រួចឲ្យគាត់ចេញដំណើរទៅក្រុងតើសុស»។ (សកម្ម. ៩:៣០) សុលបានធ្វើតាមការណែនាំរបស់លោកយេស៊ូ ដែលផ្ដល់ឲ្យតាមរយៈក្រុមជំនុំ។ ម្ល៉ោះហើយ ទាំងសុលទាំងក្រុមជំនុំបានទទួលប្រយោជន៍។
១៩ សូមកត់សម្គាល់ថា បាណាបាសជាអ្នកផ្ដួចផ្ដើមក្នុងការជួយសុល។ ទង្វើដ៏សប្បុរសនេះ ប្រាកដជាបានជួយបណ្ដុះចំណងមិត្តភាពល្អ រវាងអ្នកបម្រើព្រះយេហូវ៉ាដ៏មានចិត្តខ្នះខ្នែងទាំងនេះ។ ដូចបាណាបាសដែរ តើអ្នកស្ម័គ្រចិត្តជួយអ្នកថ្មីក្នុងក្រុមជំនុំ ដោយផ្សព្វផ្សាយជាមួយពួកគេ ហើយជួយពួកគេឲ្យរីកចម្រើនខាងជំនឿឬទេ? បើអ្នកធ្វើដូច្នេះ អ្នកនឹងទទួលពរជាបរិបូរ។ ប៉ុន្តែ បើអ្នកជាអ្នកផ្សព្វផ្សាយថ្មី តើអ្នកព្រមទទួលជំនួយពីបងប្អូនឯទៀតដូចសុលដែរឬទេ? ពេលអ្នកផ្សព្វផ្សាយជាមួយបងប្អូនដែលមានបទពិសោធន៍ អ្នកនឹងកាន់តែមានភាពប៉ិនប្រសប់ក្នុងកិច្ចផ្សព្វផ្សាយ ហើយមានអំណរកាន់តែខ្លាំង ព្រមទាំងមានមិត្តភាពយូរអង្វែងពេញមួយជីវិត។
«មនុស្សជាច្រើនបានទៅជាអ្នកជឿ» (សកម្មភាព ៩:៣១-៤៣)
២០, ២១. តើអ្នកបម្រើព្រះនៅអតីតកាលនិងនៅបច្ចុប្បន្ន បានទាញយកប្រយោជន៍ពីការ«មានសេចក្ដីសុខសាន្តមួយគ្រា»យ៉ាងដូចម្ដេច?
២០ បន្ទាប់ពីសុលប្រែចិត្ត ហើយចាកចេញទៅដោយសុវត្ថិភាព នោះ«ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារី មានសេចក្ដីសុខសាន្តមួយគ្រា»។ (សកម្ម. ៩:៣១) តើពួកអ្នកកាន់តាមគ្រិស្តបានប្រើពេលដែលមានអំណោយផលនេះយ៉ាងដូចម្ដេច? (២ធី. ៤:២) កំណត់ហេតុរៀបរាប់ថា ពួកគេ«បានត្រូវពង្រឹងឲ្យមាំមួន»។ ពួកសាវ័កនិងបងប្អូនដែលមានភារកិច្ចបានពង្រឹងជំនឿពួកអ្នកកាន់តាមឯទៀត ហើយនាំមុខក្រុមជំនុំឲ្យ«រស់នៅដោយកោតខ្លាចព្រះយេហូវ៉ា ហើយទទួលកម្លាំងពីឫទ្ធានុភាពបរិសុទ្ធ»។ ជាឧទាហរណ៍ ពេត្រុសបានប្រើពេលវេលាដើម្បីពង្រឹងជំនឿពួកអ្នកកាន់តាម ដែលរស់នៅក្រុងលីដានិងវាលទំនាបសារ៉ុន។ ជាលទ្ធផល ការខិតខំរបស់គាត់បានធ្វើឲ្យមនុស្សជាច្រើន ដែលរស់នៅជុំវិញតំបន់នោះ ចាប់ផ្ដើមមាន«ជំនឿលើលោកម្ចាស់»។ (សកម្ម. ៩:៣២-៣៥) ជាជាងដេញតាមគោលដៅក្នុងពិភពលោកនេះ ពួកអ្នកកាន់តាមលោកយេស៊ូផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយដំណឹងល្អ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ នេះបាននាំឲ្យក្រុមជំនុំបន្ត«ចម្រើនឡើងជានិច្ច»។
២១ នៅចុងសតវត្សរ៍ទី២០ សាក្សីព្រះយេហូវ៉ានៅប្រទេសជាច្រើន ក៏«មានសេចក្ដីសុខសាន្តមួយគ្រា»ស្រដៀងនឹងនោះដែរ។ របបគ្រប់គ្រងដែលគាបសង្កត់រាស្ត្ររបស់ព្រះអស់ជាច្រើនទសវត្សរ៍ ស្រាប់តែបាត់ទៅវិញ ហើយបម្រាមមួយចំនួនលើកិច្ចការផ្សព្វផ្សាយ ក៏បានត្រូវបន្ធូរបន្ថយ ឬបានត្រូវដកចេញ។ សាក្សីព្រះយេហូវ៉ារាប់ម៉ឺននាក់បានឆក់យកឱកាសនោះផ្សព្វផ្សាយជាសាធារណៈ ហើយនេះនាំឲ្យមានលទ្ធផលដ៏គួរឲ្យកត់សម្គាល់។
២២. តើអ្នកអាចប្រើសេរីភាពរបស់អ្នក ឲ្យកើតប្រយោជន៍ច្រើនបំផុតតាមរបៀបណា?
២២ តើអ្នកកំពុងទាញយកប្រយោជន៍ពីសេរីភាពដែលអ្នកមានឬទេ? បើអ្នករស់នៅក្នុងប្រទេសដែលមានសេរីភាពខាងសាសនា នោះសាថានច្បាស់ជាចង់ល្បួងអ្នកឲ្យស្វែងរកទ្រព្យសម្បត្តិក្នុងពិភពលោកនេះ ជាជាងប្រយោជន៍នៃរាជាណាចក្រព្រះ។ (ម៉ាថ. ១៣:២២) សូមកុំបែរទៅតាមផ្លូវរបស់វាឡើយ។ ប៉ុន្តែ សូមប្រើគ្រានៃសេចក្ដីសុខសាន្តដែលអ្នកមាន ឲ្យកើតប្រយោជន៍ច្រើនបំផុត។ សូមចាត់ទុកគ្រានោះថា ជាឱកាសដើម្បីអ្នកអាចផ្សព្វផ្សាយយ៉ាងសព្វគ្រប់ និងដើម្បីពង្រឹងក្រុមជំនុំ។ សូមចាំថាស្ថានភាពរបស់អ្នក អាចនឹងផ្លាស់ប្ដូរភ្លាមៗ។
២៣, ២៤. (ក) តើកំណត់ហេតុអំពីតាប៊ីថា បង្រៀនយើងអ្វីខ្លះ? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី?
២៣ សូមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះអ្នកកាន់តាមម្នាក់ ឈ្មោះតាប៊ីថា ឬដ័រកាស។ នាងរស់នៅក្នុងក្រុងយ៉ុបប៉ា ជាក្រុងដែលនៅមិនឆ្ងាយពីក្រុងលីដា។ ស្ត្រីដ៏ស្មោះត្រង់នេះបានប្រើពេលវេលានិងទ្រព្យសម្បត្តិ ក្នុងការ‹ធ្វើអំពើល្អនិងធ្វើទាន›។ ប៉ុន្តែ ភ្លាមៗនាងក៏ធ្លាក់ខ្លួនឈឺ ហើយស្លាប់។c ពួកអ្នកកាន់តាមនៅក្រុងយ៉ុបប៉ា សោកសង្រេងជាខ្លាំងចំពោះមរណភាពរបស់នាង ជាពិសេសស្ត្រីមេម៉ាយដែលនាងបានជួយដោយចិត្តសប្បុរស។ ពួកគេបានរៀបចំសពនាងត្រៀមបញ្ចុះ ពេលនោះពេត្រុសក៏មកដល់ផ្ទះដាក់សពនាង។ គាត់បានធ្វើអព្ភូតហេតុមួយដែលគ្មានអ្នកណាម្នាក់ ក្នុងចំណោមសាវ័ករបស់លោកយេស៊ូគ្រិស្តធ្លាប់ធ្វើទេ។ ដំបូង ពេត្រុសអធិដ្ឋាន រួចគាត់ប្រោសនាងឲ្យរស់ឡើងវិញ! សូមស្រមៃគិតអំពីចិត្តរំភើបរីករាយជាខ្លាំងរបស់ស្ត្រីមេម៉ាយ និងអ្នកកាន់តាមឯទៀត កាលដែលពេត្រុសហៅពួកគេឲ្យចូលមកក្នុងបន្ទប់ រួចបង្ហាញពួកគេថា តាប៊ីថាបានរស់ឡើងវិញហើយ! ព្រឹត្តិការណ៍ទាំងនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពួកគេ ឲ្យត្រៀមខ្លួនចំពោះទុក្ខលំបាក ដែលនឹងកើតឡើងនៅថ្ងៃខាងមុខ! មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអព្ភូតហេតុនេះ«បានឮពេញក្រុងយ៉ុបប៉ា ហើយមនុស្សជាច្រើនបានទៅជាអ្នកជឿលោកម្ចាស់»។—សកម្ម. ៩:៣៦-៤២
តើអ្នកអាចធ្វើតាមគំរូតាប៊ីថាយ៉ាងដូចម្ដេច?
២៤ ក្នុងកំណត់ហេតុដ៏កក់ក្ដៅអំពីតាប៊ីថា យើងបានរៀនចំណុចសំខាន់ពីរ៖ (១) ជីវិតគឺខ្លីណាស់។ ហេតុនេះ ជាការសំខាន់ដែលយើងធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្អជាមួយនឹងព្រះ ខណៈដែលយើងនៅរស់! (អទ. ៧:១) (២) សេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ គឺពិតប្រាកដ។ ព្រះយេហូវ៉ាកត់សម្គាល់អំពើល្អជាច្រើនរបស់តាប៊ីថា ដូច្នេះលោកបានផ្ដល់រង្វាន់ដល់នាង។ លោកក៏នឹងចងចាំការខំព្យាយាមរបស់យើងដែរ ហើយលោកនឹងប្រោសយើងឲ្យរស់ឡើងវិញ បើយើងស្លាប់មុនអាម៉ាគេដូន។ (ហេ. ៦:១០) ម្ល៉ោះហើយ មិនថាយើងកំពុងស៊ូទ្រាំក្នុង«ពេលដែលមានការលំបាក» ឬយើងកំពុងរីករាយក្នុង«ពេលដែលមានអំណោយផល»ទេ សូមឲ្យយើងបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីគ្រិស្ត។—២ធី. ៤:២
a សូមមើលប្រអប់«សុលជាផារិស៊ី»។
b ជាធម្មតា អំណោយទាននៃឫទ្ធានុភាពបរិសុទ្ធបានត្រូវផ្ដល់ឲ្យ តាមរយៈពួកសាវ័ក។ ប៉ុន្តែ ក្នុងករណីដ៏កម្រនេះ លោកយេស៊ូបានឲ្យអាណានាសមានអំណាចផ្ដល់ឫទ្ធានុភាពដល់សុល។ មានរយៈពេលយូរល្មមកន្លងទៅ បន្ទាប់ពីសុលប្រែចិត្ត ទើបគាត់ទៅជួបសាវ័កទាំង១២។ ដូច្នេះ លោកយេស៊ូច្បាស់ជាបានផ្ដល់កម្លាំងដែលសុលត្រូវការ ដើម្បីឲ្យគាត់បំពេញភារកិច្ចផ្សព្វផ្សាយ។
c សូមមើលប្រអប់«តាប៊ីថា ‹នាងធ្វើអំពើល្អជាបរិបូរ›»។