មុខពីរនៃការងារ
«ធ្វើការ! ធ្វើការ! យើងពិតជារីករាយក្រៃលែងដោយដឹងថា យើងនៅមានការងារធ្វើ»។—កាតារិន ម៉ែនហ្វែល អ្នកនិពន្ធ (ឆ្នាំ១៨៨៨-១៩២៣)
តើអ្នកមានទស្សនៈចំពោះការងារ ដូចបានរៀបរាប់ខាងលើនេះទេ? តើរូបអ្នកផ្ទាល់មានអារម្មណ៍យ៉ាងណាចំពោះការងារ? តើអ្នកមានអារម្មណ៍ថា ការងារគឺជាអ្វីដែលគួរឲ្យធុញទ្រាន់ដែលអ្នកត្រូវស៊ូទ្រាំទំរាំដល់ចុងសប្ដាហ៍ឬទេ? ឬក៏តើការងារបានក្លាយទៅជាអ្វីដែលអ្នកគិតមមៃដល់ជានិច្ចវិញ?
ចំពោះមនុស្សភាគច្រើន ពេលវេលាមួយចំណែកធំបំផុតរបស់ពួកគេត្រូវចំណាយទៅលើការងារ។ កន្លែងស្នាក់នៅ និងជីវភាពប្រចាំថ្ងៃ អាចអាស្រ័យទៅលើការងាររបស់យើងដែរ។ ពីក្មេងដល់ចូលនិវត្តន៍ មនុស្សជាច្រើនឃើញថា ការងារជាសកម្មភាពដែលស៊ីពេលវេលាច្រើនបំផុត។ យើងខ្លះសប្បាយរីករាយនឹងការងាររបស់យើង។ អ្នកឯទៀតវាយតម្លៃការងាររបស់ខ្លួន ដោយផ្អែកលើការបានប្រាក់ខែប៉ុន្មានឬមានមុខមាត់ធំដុំប៉ុនណា។ មនុស្សខ្លះចាត់ទុកការងារគ្រាន់តែជាអ្វីដែលខ្លួនត្រូវធ្វើដើម្បីកុំឲ្យទំនេរពេក រីឯអ្នកផ្សេងទៀតចាត់ទុកការងារជាអ្វីដែលខាតពេលទទេវិញ។
មានមនុស្សដែលធ្វើការដើម្បីចិញ្ចឹមជីវិត រីឯមនុស្សផ្សេងគិតថាគោលបំណងនៃជីវិតគឺជាការប្រកបការងារតែម្ដង។ អ្នកខ្លះស្លាប់នៅកន្លែងធ្វើការឬស្លាប់ដោយសារការងារតែម្ដង។ ជាឧទាហរណ៍ យោងទៅតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ ការងារបង្កឲ្យមានការឈឺចាប់និងសេចក្ដីស្លាប់«ច្រើនជាងសង្គ្រាម ការប្រើគ្រឿងញៀន និងការផឹកស្រាជ្រុលទាំងបីនេះទៅទៀត»។ កាសែតមួយនៅទីក្រុងឡុងដ៍បានចែងអំពីនេះថា៖ «ជារៀងរាល់ឆ្នាំមនុស្សជាងពីរលាននាក់ស្លាប់ដោយសារគ្រោះថ្នាក់ឬជំងឺដែលមកពីការងារ . . . ធូលីដី ជាតិគីមី សូរទ្រហឹង និងចំហាយវិទ្យុសកម្ម[កំពុងតែ]នាំឲ្យមានមហារីក ជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល»។ (The Guardian) ការចាប់បង្ខំឲ្យធ្វើជាកម្មករឬការបង្ខំកុមារឲ្យធ្វើជាកម្មករ គឺជាទិដ្ឋភាពមិនល្អពីរទៀតនៃស្ថានភាពការងារសព្វថ្ងៃនេះ។
បន្ថែមទៅទៀត លោកស្ទីវិនប៊ើក្លាសដែលជាអ្នកចិត្តវិជ្ជាម្នាក់ ក៏បានរៀបរាប់អំពី«ការបាក់កម្លាំងទាំងស្រុង»។ គាត់រៀបរាប់ពីមនុស្សដែលព្យាយាមធ្វើការ ហើយបានមកដល់កំពូលនៃអាជីពគាត់ តែទៅជាមានអារម្មណ៍«ភ័យព្រួយមិនចេះចប់ ទុក្ខលំបាក បាក់ទឹកចិត្តឬតានតឹងចិត្តដោយសារជឿថាការងារ ឬអាជីពរបស់គាត់រវល់ពេកពុំអាចទៅណារួចឬមិនអាចសប្បាយរីករាយនឹងគេបាន»។
ខំប្រឹងធ្វើការ ខុសគ្នាពីវក់តែនឹងការងារ
សព្វថ្ងៃនេះមនុស្សធ្វើការយូរម៉ោងទាំងនឿយហត់។ ហេតុនេះគឺមានប្រយោជន៍បើយើងដឹងភាពខុសគ្នារវាងការខំប្រឹងធ្វើការ និងការវក់តែនឹងការងារ។ មនុស្សដែលវក់តែនឹងការងារចាត់ទុកកន្លែងធ្វើការជាជម្រកដែលមានសុវត្ថិភាពក្នុងពិភពលោកដែលមានគ្រោះថ្នាក់និងប្រកបដោយភាពមិនទៀង។ ចំណែកមនុស្សដែលព្យាយាមធ្វើការវិញ ពួកគេចាត់ទុកការងារជាភារកិច្ចដែលត្រូវបំពេញជាចាំបាច់ដែលជួនកាលនាំឲ្យពេញចិត្ត។ មនុស្សដែលវក់តែនឹងការងារអនុញ្ញាតឲ្យការងារធ្វើឲ្យគេគ្មានពេលសំរាប់សកម្មភាពឯទៀត។ រីឯមនុស្សដែលខំប្រឹងធ្វើការវិញ ពួកគេដឹងពេលណាត្រូវឈប់ ហើយក៏គិតអំពីរឿងផ្សេងទៀតដែរ ជាឧទាហរណ៍ដូចជានៅពេលដែលមានខួបអាពាហ៍ពិពាហ៍ ពួកគេតែងមានវត្តមាន។ មនុស្សដែលវក់តែនឹងការងាររីករាយនឹងធ្វើការយូរម៉ោង និងមានអារម្មណ៍រំភើបពេលធ្វើការងារយូរម៉ោង។ ប៉ុន្តែ មនុស្សដែលខំប្រឹងធ្វើការឥតមានអារម្មណ៍ដូច្នេះទេ។
សង្គមមនុស្សសព្វថ្ងៃនេះធ្វើឲ្យស្រអាប់មើលមិនឃើញនូវភាពខុសគ្នារវាងការវក់តែនឹងការងារ និងការខំប្រឹងធ្វើការ។ ដ្បិតសង្គមមនុស្សធ្វើឲ្យការវក់នឹងការងារមើលទៅដូចជាអ្វីដែលគួរជាទីចូលចិត្ត។ ដោយសារមានម៉ូដិម(Modems) ទូរស័ព្ទដៃ ហ្វូនលីង នេះធ្វើឲ្យពិបាកដឹង ថាមនុស្សកំពុងតែធ្វើការឬក៏សំរាកពីការងារ។ នៅពេលដែលមនុស្សម្នាក់គិតថាអាចធ្វើការនៅកន្លែងណាក៏បាន នៅពេលវេលាណាក៏បាន មនុស្សបែបនឹងគឺធ្វើការឥតឈប់ឈររហូតអាចមានគ្រោះថ្នាក់ដល់សុខភាពក៏ថាបាន។
តើមនុស្សខ្លះមានប្រតិកម្មយ៉ាងណាចំពោះអាកប្បកិរិយាមិនល្អនេះ? អ្នកសង្គមវិជ្ជាបានយល់ឃើញថា មនុស្សដែលធ្វើការយូរម៉ោងនិងមនុស្សដែលមានចិត្តតានតឹងយ៉ាងខ្លាំងកំពុងតែចាប់ផ្ដើមនាំជំនឿសាសនាចូលកន្លែងធ្វើការ ហើយបញ្ចូលសាសនាក្នុងការងារតែម្ដង។ កាសែតមួយរាយការណ៍ថា«ការរួមបញ្ចូលសាសនានិងការងារបានក្លាយទៅជាព្រឹត្ដិការណ៍ដែលគួរឲ្យកត់សម្គាល់»។—The San Francisco Examiner
របាយការណ៍មួយចែងអំពីកន្លែងបច្ចេកទេសខាងរបស់ទំនើបៗនៅសហរដ្ឋអាមេរិក ដោយថា៖ «កាលដែលអ្នកកាន់កាប់ក្រុមហ៊ុនរាប់កន្លែងចតឡានដែលទំនេរដោយសារការរំសាយបុគ្គលិកនោះ គឺកន្លែងរៀនព្រះគម្ពីរនៅពេលល្ងាចមិនសូវមានកន្លែងចតឡានទំនេរទេដោយសារមានមនុស្សមកយ៉ាងច្រើន»។ (Silicon Valley) មិនថានោះគឺដោយសារមូលហេតុអ្វីក៏ដោយ ក៏មនុស្សជាច្រើននៅជុំវិញពិភពលោកឃើញថាព្រះគម្ពីរមានអានុភាពដ៏ល្អលើគំនិតរបស់គេស្តីអំពីការងារ ដែលធ្វើឲ្យគេបណ្ដុះឲ្យមានទស្សនៈប្រកបដោយតុល្យភាពជាងស្តីអំពីរបៀបរស់នៅ។
តើព្រះគម្ពីរជួយយើងឲ្យមានទស្សនៈប្រកបដោយតុល្យភាពស្តីអំពីការងារយ៉ាងដូចម្ដេច? តើមានគោលការណ៍ក្នុងព្រះគម្ពីរដែលអាចជួយយើងឲ្យប្រឈមមុខដោយជោគជ័យចំពោះបញ្ហានៅកន្លែងធ្វើការឬទេ? អត្ថបទជាបន្ទាប់នឹងឆ្លើយសំនួរទាំងនេះ។