ជំពូកទី១៥
ចូររីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ
«គ្រប់មនុស្ស . . . [គួរ]រីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន»។—សាស្ដា ៣:១៣
១-៣. (ក) តើមនុស្សជាច្រើនមានអារម្មណ៍យ៉ាងណាចំពោះការងាររបស់ខ្លួន? (ខ) តើគម្ពីរលើកទឹកចិត្តយើងឲ្យមានទស្សនៈបែបណាចំពោះការងារ? ហើយតើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងជំពូកនេះ?
សព្វថ្ងៃនេះ មានមនុស្សតិចណាស់ដែលសប្បាយចិត្តនឹងការងាររបស់ខ្លួន។ ពួកគេត្រូវខំប្រឹងប្រែងជាច្រើនម៉ោង ដោយធ្វើកិច្ចការដែលពួកគេមិនចូលចិត្ត។ ហេតុនេះរាល់ថ្ងៃពួកគេទៅធ្វើការដោយមិនសប្បាយចិត្តសោះ។ តើអ្វីអាចជំរុញមនុស្សដែលមានចិត្តគំនិតបែបនេះឲ្យយកចិត្តទុកដាក់នឹងការងាររបស់ពួកគេ ហើយថែមទាំងពេញចិត្តនឹងការងារនោះទៀតផង?
២ គម្ពីរលើកទឹកចិត្តយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះការងារនឿយហត់ ដោយបញ្ជាក់ថាការងារនិងផលដែលកើតចេញពីការងារ នោះជាពរពីព្រះ។ សាឡូម៉ូនបានសរសេរថា៖ «ការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះ»។ (សាស្ដា ៣:១៣) ព្រះយេហូវ៉ាស្រឡាញ់យើង ហើយតែងតែគិតដល់ប្រយោជន៍យើង។ លោកចង់ឲ្យយើងពេញចិត្តនឹងការងាររបស់យើង ហើយរីករាយនឹងផលល្អដែលកើតចេញពីការខំប្រឹងធ្វើការ។ ដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ យើងត្រូវរស់នៅឲ្យសមស្របតាមទស្សនៈនិងគោលការណ៍របស់លោកស្តីអំពីការងារ។—សូមអាន សាស្ដា ២:២៤; ៥:១៨
៣ ក្នុងជំពូកនេះ យើងនឹងពិចារណាអំពីសំណួរបួនយ៉ាង ពោលគឺ តើយើងអាចធ្វើដូចម្ដេចដើម្បីរីករាយនឹងផលល្អដែលកើតចេញពីការខំប្រឹងធ្វើការរបស់យើង? តើគ្រិស្តសាសនិកពិត ពុំអាចធ្វើការងារបែបណា? តើយើងអាចធ្វើដូចម្ដេចដើម្បីមានតុល្យភាពរវាងការងារនិងសកម្មភាពដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ? ហើយតើកិច្ចការអ្វីគឺជាកិច្ចការសំខាន់បំផុតដែលយើងអាចធ្វើបាន? មុនបង្អស់យើងនឹងពិចារណាអំពីគំរូរបស់បុគ្គលពីររូបដែលជាអ្នកធ្វើការច្រើនជាងគេបំផុតក្នុងសកលលោក គឺព្រះយេហូវ៉ា និងលោកយេស៊ូគ្រិស្ត។
អ្នកធ្វើការដ៏ប្រសើរបំផុតនិងមេជាង
៤, ៥. តើគម្ពីរបញ្ជាក់យ៉ាងដូចម្ដេចថាព្រះយេហូវ៉ាជាអ្នកធ្វើការដែលបង្កើតផល?
៤ ព្រះយេហូវ៉ាជាអ្នកដែលធ្វើការងារដ៏ប្រសើរបំផុត។ លោកុប្បត្តិ ១:១ ចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ ពេលដែលព្រះបានបញ្ចប់ការបង្កើតអ្វីៗទាំងអស់នៅផែនដី លោកបញ្ជាក់ថាលទ្ធផលគឺ«ល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) បើនិយាយឲ្យចំទៅ លោកពេញចិត្តទាំងស្រុងនឹងកិច្ចការដែលលោកបានសម្រេចនៅផែនដី។ ព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ»ប្រាកដជារីករាយយ៉ាងខ្លាំងដោយសារលោកធ្វើកិច្ចការដែលមានផលល្អ។—ធីម៉ូថេទី១ ១:១១
៥ ព្រះដ៏ឧស្សាហ៍របស់យើងមិនដែលឈប់ធ្វើការទេ។ យូរក្រោយពីលោកបានបង្កើតផែនដីនិងអ្វីៗទាំងអស់នៅផែនដី លោកយេស៊ូបានមានប្រសាសន៍ថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ»។ (យ៉ូហាន ៥:១៧) តើបិតានៅស្ថានសួគ៌បានធ្វើអ្វីខ្លះ? ពីស្ថានសួគ៌លោកបានជាប់រវល់ក្នុងការដឹកនាំនិងការថែរក្សាមនុស្សជាតិ។ លោកក៏បាននាំមកនូវ«អ្វីៗដែលថ្មី» ពោលគឺគ្រិស្តសាសនិកដែលបានត្រូវតែងតាំងដោយសកម្មពល ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ (កូរិនថូសទី២ ៥:១៧) ម្យ៉ាងទៀត បន្ដិចម្ដងៗលោកកំពុងសម្រេចគោលបំណងរបស់លោកសម្រាប់មនុស្សជាតិ គឺពួកអ្នកដែលស្រឡាញ់លោកនឹងបានជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។ (រ៉ូម ៦:២៣) ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តនឹងលទ្ធផលនៃការងាររបស់លោក ពេលឃើញថាមនុស្សរាប់លាននាក់បានធ្វើតាមដំណឹងអំពីរាជាណាចក្ររបស់លោក ដោយសារលោកបានទាញនាំពួកគេមក ហើយពួកគេបានកែប្រែជីវិតដើម្បីរក្សាខ្លួនជាមនុស្សដែលលោកស្រឡាញ់។—យ៉ូហាន ៦:៤៤
៦, ៧. ហេតុអ្វីលោកយេស៊ូមានកេរ្ដិ៍ឈ្មោះជាអ្នកខំប្រឹងធ្វើការតាំងពីយូរណាស់មកហើយ?
៦ លោកយេស៊ូមានកេរ្ដិ៍ឈ្មោះជាអ្នកខំប្រឹងធ្វើការតាំងពីយូរណាស់មកហើយ។ មុននឹងលោកយេស៊ូមកផែនដី លោកជា«មេជាង»របស់ព្រះក្នុងការបង្កើតអ្វីៗទាំងអស់«នៅស្ថានសួគ៌និងនៅផែនដី»។ (សុភាសិត ៨:២២-៣១; កូឡុស ១:១៥-១៧) ពេលដែលលោកយេស៊ូនៅផែនដី លោកបន្តខំប្រឹងធ្វើការ។ កាលលោកនៅក្មេងនៅឡើយ លោកបានរៀនធ្វើជាង ហើយត្រូវគេស្គាល់ថាជា«ជាងឈើ»។a (ម៉ាកុស ៦:៣) ជាងឈើត្រូវធ្វើការនឿយហត់ណាស់ ហើយត្រូវប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗជាច្រើន ជាពិសេសដោយសារនៅសម័យនោះគ្មានរោងអារឈើ ហាងលក់គ្រឿងសំណង់ឬម៉ាស៊ីនប្រើអគ្គិសនីឡើយ។ តើអ្នកអាចស្រមៃឃើញលោកយេស៊ូចេញទៅរកឈើដោយខ្លួនលោក ហើយប្រហែលជាកាប់ដើមឈើរួចជញ្ជូនទៅកន្លែងដែលលោកធ្វើការឬទេ? តើអ្នកអាចស្រមៃឃើញលោកកំពុងសង់ផ្ទះ ដោយរៀបចំធ្នឹមនិងដាក់ធ្នឹម ធ្វើទ្វារ ហើយប្រហែលជាធ្វើតុទូខ្លះទៀតឬទេ? លោកយេស៊ូច្បាស់ជាធ្លាប់ពិសោធន៍នូវការពេញចិត្តដែលមកពីការខំប្រឹងធ្វើការដោយប៉ិនប្រសប់។
៧ លោកយេស៊ូខំប្រឹងព្យាយាមខ្លាំងក្រៃលែងពេលដែលលោកបំពេញកិច្ចបម្រើ។ អស់បីឆ្នាំកន្លះ លោកបានផ្ចង់អារម្មណ៍ទៅលើកិច្ចការដ៏សំខាន់បំផុតនេះ។ ដោយសារលោកចង់ជួបមនុស្សឲ្យបានច្រើនបំផុត នោះលោកធ្លាប់ប្រើពេលវេលាពេញមួយថ្ងៃ គឺលោកភ្ញាក់ពីព្រលឹម ហើយធ្វើការរហូតដល់យប់។ (លូកា ២១:៣៧, ៣៨; យ៉ូហាន ៣:២) លោកបាន«ធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (លូកា ៨:១) លោកយេស៊ូបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ដោយថ្មើរជើងលើផ្លូវដែលហុយដី ដើម្បីនាំដំណឹងល្អទៅប្រាប់បណ្ដាជន។
៨, ៩. តើលោកយេស៊ូបានរីករាយដោយផលល្អដែលកើតពីការខំប្រឹងធ្វើការយ៉ាងដូចម្ដេច?
៨ តើលោកយេស៊ូបានរីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការក្នុងកិច្ចបម្រើឬទេ? លោកពិតជាបានរីករាយមែន! លោកបានសាបព្រោះពូជនៃសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ ដោយបន្សល់ទុកនូវស្រូវដែលទុំល្មមច្រូត។ ការបំពេញកិច្ចការរបស់ព្រះធ្វើឲ្យលោកមានកម្លាំងដល់ម្ល៉េះ បានជាលោកសុខចិត្តមិនបរិភោគអាហារ ឲ្យតែអាចបង្ហើយកិច្ចការនោះបាន។ (យ៉ូហាន ៤:៣១-៣៨) សូមគិតថាលោកយេស៊ូពេញចិត្តយ៉ាងណា ពេលដែលលោកបញ្ចប់កិច្ចបម្រើរបស់លោកនៅផែនដី ហើយអាចនិយាយទៅកាន់បិតានៅស្ថានសួគ៌ដោយពិតត្រង់ថា៖ «ខ្ញុំបានតម្កើងលោកនៅផែនដី ដោយបានបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ»។—យ៉ូហាន ១៧:៤
៩ ព្រះយេហូវ៉ានិងលោកយេស៊ូប្រាកដជាគំរូល្អបំផុតអំពីបុគ្គលដែលបានរីករាយដោយផលល្អដែលកើតពីការខំប្រឹងធ្វើការ។ ដោយសារយើងស្រឡាញ់ព្រះ យើងចង់«យកតម្រាប់តាមព្រះ»។ (អេភេសូរ ៥:១) សេចក្ដីស្រឡាញ់ដែលយើងមានចំពោះលោកយេស៊ូ ជំរុញចិត្តយើងឲ្យ«ខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។ (ពេត្រុសទី១ ២:២១) ដូច្នេះឥឡូវយើងនឹងពិចារណាអំពីវិធីដែលយើងក៏អាចរីករាយដោយផលល្អដែលកើតពីការខំប្រឹងធ្វើការដែរ។
របៀបដែលយើងអាចរីករាយដោយផលល្អដែលកើតពីការខំប្រឹងធ្វើការ
ការអនុវត្តន៍គោលការណ៍គម្ពីរអាចជួយអ្នករីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ
១០, ១១. តើអ្វីអាចជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើលក្ខណៈល្អនៃការងាររបស់យើង?
១០ ការងារអាចជាផ្នែកមួយនៃជីវិតរបស់គ្រិស្តសាសនិកពិត។ យើងចង់ពេញចិត្តនឹងការងាររបស់យើង តែនេះអាចជាការពិបាកបើយើងមានការងារដែលយើងមិនចូលចិត្ត។ ក្នុងករណីនេះ តើយើងអាចធ្វើដូចម្ដេចដើម្បីរីករាយដោយផលល្អដែលកើតចេញពីការខំប្រឹងធ្វើការ?
១១ ត្រូវផ្ដោតអារម្មណ៍ទៅលើលក្ខណៈល្អនៃការងារ។ ជួនកាលយើងមិនអាចផ្លាស់ប្ដូរស្ថានភាពរបស់យើងបានទេ ប៉ុន្តែយើងអាចផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះការងារ។ ការរំពឹងគិតទៅលើទស្សនៈរបស់ព្រះ អាចជួយយើងផ្ដោតអារម្មណ៍ទៅលើលក្ខណៈល្អនៃការងារ។ ជាឧទាហរណ៍ បើអ្នកជាមេគ្រួសារ សូមរំពឹងគិតអំពីចំណុចដែលថា ទោះជាការងាររបស់អ្នកមើលទៅដូចជាឱនថយនិងគួរឲ្យធុញទ្រាន់ក៏ដោយ តែការងារនោះផ្ដល់លទ្ធភាពឲ្យអ្នកផ្គត់ផ្គង់នូវអ្វីដែលក្រុមគ្រួសាររបស់អ្នកត្រូវការជាចាំបាច់។ ចំពោះព្រះ ការថែរក្សាក្រុមគ្រួសារមិនមែនជារឿងតូចតាចឡើយ។ បណ្ដាំរបស់លោកចែងថា អ្នកណាដែលមិនទំនុកបម្រុងឲ្យក្រុមគ្រួសាររបស់ខ្លួនគឺ«អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) បើអ្នកទទួលស្គាល់ថាការងាររបស់អ្នកផ្ដល់លទ្ធភាពឲ្យអ្នកបំពេញភារកិច្ចមួយពីព្រះ នោះអាចជួយអ្នកឲ្យមានអារម្មណ៍ថាការងាររបស់អ្នកមានប្រយោជន៍និងមានតម្លៃ។ នោះជាអារម្មណ៍មួយដែលអ្នករួមការងារជាមួយនឹងអ្នកប្រហែលជាមិនមានទេ។
១២. បើយើងខំប្រឹងធ្វើការ ហើយប្រព្រឹត្តទៀងត្រង់ តើយើងអាចទទួលពរអ្វីខ្លះ?
១២ ត្រូវឧស្សាហ៍ព្យាយាម ហើយទៀងត្រង់។ បើយើងខំប្រឹងធ្វើការ ហើយរៀនធ្វើការឲ្យបានល្អ នោះអាចនាំឲ្យទទួលពរ។ និយោជិតដែលខំប្រឹងព្យាយាម ហើយចេះធ្វើការឲ្យបានល្អ ច្រើនតែត្រូវនិយោជកឲ្យតម្លៃខ្ពស់។ (សុភាសិត ១២:២៤; ២២:២៩) ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវធ្វើការដោយទៀងត្រង់។ នោះមានន័យថាយើងមិនលួចលុយ សម្ភារៈ ឬពេលវេលាពីនិយោជករបស់យើងឡើយ។ (អេភេសូរ ៤:២៨) ក្នុងជំពូកមុនយើងបានរៀនថាការប្រព្រឹត្តទៀងត្រង់នាំឲ្យទទួលពរ។ និយោជិតដែលមានកេរ្ដិ៍ឈ្មោះជាមនុស្សទៀងត្រង់ទំនងជានឹងត្រូវគេទុកចិត្ត។ ទោះជានិយោជករបស់យើងកត់សម្គាល់ឬមិនកត់សម្គាល់ថាយើងជានិយោជិតគំរូដោយសារយើងខំប្រឹងធ្វើការក្ដី យើងនៅតែសប្បាយចិត្តដោយសារយើងមាន‹ចិត្តដែលវិនិច្ឆ័យយើងថាគ្មានទោស› ហើយដោយសារយើងដឹងថាព្រះដែលយើងស្រឡាញ់កំពុងពេញចិត្តនឹងយើង។—ហេប្រឺ ១៣:១៨; កូឡុស ៣:២២-២៤
១៣. បើយើងធ្វើជាគំរូល្អនៅកន្លែងធ្វើការ តើអាចមានលទ្ធផលយ៉ាងណា?
១៣ ត្រូវទទួលស្គាល់ថាការប្រព្រឹត្តរបស់យើងអាចនាំឲ្យព្រះទទួលការសរសើរ។ បើយើងកាន់ខ្ជាប់តាមខ្នាតតម្រាខ្ពង់ខ្ពស់របស់គ្រិស្តសាសនិក អ្នកដែលធ្វើការជាមួយនឹងយើងគង់តែនឹងកត់សម្គាល់ការប្រព្រឹត្តរបស់យើង។ តើនឹងមានលទ្ធផលយ៉ាងណា? យើងអាច«ធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះដែលជាអ្នកសង្គ្រោះយើងមានលម្អ»។ (ទីតុស ២:៩, ១០) ដូច្នេះ ការប្រព្រឹត្តរបស់យើងអាចធ្វើឲ្យអ្នកឯទៀតឃើញថាការគោរពប្រណិប័តន៍របស់យើងគឺល្អ ហើយទាក់ទាញចិត្តពួកគេកាន់តែខ្លាំងឡើង។ សូមគិតថាអ្នកនឹងសប្បាយយ៉ាងណាបើអ្នកដែលធ្វើការជាមួយនឹងអ្នក ចាប់ផ្ដើមធ្វើតាមសេចក្ដីពិតក្នុងគម្ពីរ ដោយសារគំរូល្អរបស់អ្នកនៅកន្លែងធ្វើការ! សំខាន់បំផុត គ្មានអ្វីសប្បាយជាងការដឹងថាការប្រព្រឹត្តដ៏ល្អរបស់យើងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរនិងធ្វើឲ្យលោកមានចិត្តរីករាយទេ មែនទេ?—សូមអាន សុភាសិត ២៧:១១; ពេត្រុសទី១ ២:១២
ចូរប្រើសមត្ថភាពវែកញែកពេលជ្រើសរើសការងារ
១៤-១៦. ពេលដែលយើងត្រូវធ្វើការសម្រេចចិត្តស្តីអំពីការងារ តើយើងត្រូវសួរខ្លួនយើងនូវសំណួរសំខាន់ៗអ្វីខ្លះ?
១៤ គម្ពីរមិនរៀបរាប់ល្អិតល្អន់អំពីប្រភេទការងារណាដែលយើងអាចទទួលឬមិនអាចទទួលឡើយ។ ប៉ុន្តែនេះមិនមានន័យថាយើងអាចទទួលយកការងារបែបណាក៏ដោយនោះទេ។ បទគម្ពីរអាចជួយយើងជ្រើសរើសការងារត្រឹមត្រូវដែលមានប្រយោជន៍ ហើយដែលព្រះពេញចិត្ត ថែមទាំងអាចជួយយើងបដិសេធការងារណាដែលធ្វើឲ្យលោកមិនពេញចិត្ត។ (សុភាសិត ២:៦) ពេលត្រូវធ្វើការសម្រេចចិត្តអំពីការងារ មានសំណួរសំខាន់ពីរដែលយើងគួរពិចារណា។
១៥ បើយើងធ្វើការងារនោះ តើយើងកំពុងប្រព្រឹត្តអ្វីដែលគម្ពីរផ្ដន្ទាទោសឬទេ? បណ្ដាំរបស់ព្រះផ្ដន្ទាទោសដោយចំៗនូវការលួច ការភូតភរ និងការធ្វើរូបព្រះ។ (និក្ខមនំ ២០:៤; សកម្មភាព ១៥:២៩; អេភេសូរ ៤:២៨; ការបើកបង្ហាញ ២១:៨) យើងនឹងបដិសេធការងារណាដែលតម្រូវឲ្យយើងធ្វើអ្វីបែបនេះ។ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា នឹងមិនឲ្យយើងព្រមទទួលការងារណាដែលរួមបញ្ចូលការប្រព្រឹត្តដែលខុសបញ្ញត្ដិរបស់ព្រះឡើយ។—សូមអាន យ៉ូហានទី១ ៥:៣
១៦ បើយើងធ្វើការងារនោះ តើយើងកំពុងរួមចំណែកឬគាំទ្រការប្រព្រឹត្តដែលខុសឆ្គងឬទេ? សូមគិតអំពីឧទាហរណ៍មួយ។ ការងារជាជាងសំណង់គឺមិនខុសទេ។ ប៉ុន្តែចុះបើគេស្នើឲ្យគ្រិស្តសាសនិកសង់វិហារមួយរបស់និកាយគ្រិស្តសាសនា? ពិតមែនតែការងាររបស់គាត់មិនតម្រូវឲ្យគាត់ចូលរួមក្នុងការគោរពប្រណិប័តន៍មិនពិតទេ ប៉ុន្តែការជួយសង់វិហារមួយជាការគាំទ្រសកម្មភាពរបស់អ្នកដែលបង្រៀនសេចក្ដីមិនពិតអំពីបណ្ដាំរបស់ព្រះ មែនទេ? (ការបើកបង្ហាញ ១៨:៤) ក្នុងនាមជាអ្នកស្រឡាញ់ព្រះយេហូវ៉ា យើងមិនចង់ពាក់ព័ន្ធនឹងការប្រព្រឹត្តណាដែលខុសបទគម្ពីរទេ។
១៧. (ក) តើយើងអាចពិចារណាអំពីកត្ដាអ្វីខ្លះពេលយើងធ្វើការសម្រេចចិត្តស្តីអំពីការងារ? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំគួរទទួលការងារនោះឬទេ?») (ខ) តើសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងយ៉ាងដូចម្ដេចឲ្យធ្វើការសម្រេចចិត្តដែលព្រះពេញចិត្ត?
១៧ ចម្ងល់ជាច្រើនអំពីការងារអាចត្រូវដោះស្រាយដោយពិចារណាយ៉ាងយកចិត្តទុកដាក់នូវចម្លើយចំពោះសំណួរទាំងពីរក្នុងវគ្គ១៥និង១៦។ ម្យ៉ាងទៀត ពេលធ្វើការសម្រេចចិត្តស្តីអំពីការងារ មានកត្ដាមួយចំនួនទៀតដែលយើងគួរយកមកពិចារណាដែរ។ យើងមិនគួរសង្ឃឹមថាខ្ញុំបម្រើស្មោះត្រង់នឹងបង្កើតច្បាប់សម្រាប់ករណីនីមួយៗដែលអាចកើតឡើងបានទេ។ នេះជាមូលហេតុដែលយើងត្រូវចេះប្រើសមត្ថភាពវែកញែក។ ដូចយើងបានរៀននៅជំពូកទី២ យើងត្រូវអប់រំនិងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងដោយសិក្សារបៀបអនុវត្តបណ្ដាំរបស់ព្រះក្នុងជីវិតប្រចាំថ្ងៃ។ បើយើងបង្វឹកបង្ហាត់«សមត្ថភាពយល់ដឹង»របស់យើងតាមរយៈការ«ប្រើប្រាស់» នោះសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដែលព្រះពេញចិត្ត និងផ្ដល់លទ្ធភាពឲ្យយើងរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។—ហេប្រឺ ៥:១៤
ចូរមានទស្សនៈប្រកបដោយតុល្យភាពស្តីអំពីការងារ
១៨. ហេតុអ្វីការរក្សាតុល្យភាពក្នុងការគោរពប្រណិប័តន៍ព្រះគឺមិនងាយស្រួលទេ?
១៨ នៅ‹គ្រាចុងក្រោយដ៏លំបាក›នេះ ការរក្សាតុល្យភាពក្នុងការគោរពប្រណិប័តន៍ព្រះគឺមិនងាយស្រួលទេ។ (ធីម៉ូថេទី២ ៣:១) ការរកការងារធ្វើ ហើយរក្សាការងារនោះ អាចជាអ្វីដ៏ពិបាកណាស់។ ដោយសារយើងជាគ្រិស្តសាសនិក យើងយល់សារ:សំខាន់នៃការខំប្រឹងធ្វើការដើម្បីទំនុកបម្រុងក្រុមគ្រួសារ។ ប៉ុន្តែបើយើងមិនប្រុងប្រយ័ត្ន នោះការបង្ខិតបង្ខំនៅកន្លែងធ្វើការ ឬចិត្តគំនិតរបស់ពិភពលោកនេះដែលគិតតែពីទ្រព្យសម្បត្ដិ អាចរំខានកិច្ចការរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះ។ (ធីម៉ូថេទី១ ៦:៩, ១០) ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលយើងអាចរក្សាតុល្យភាព ហើយ«ដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
១៩. ហេតុអ្វីព្រះយេហូវ៉ាសមនឹងទទួលការទុកចិត្តទាំងស្រុងពីយើង? ហើយតើការទុកចិត្តលោកជួយការពារកុំឲ្យយើងធ្វើអ្វី?
១៩ ចូរទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ (សូមអាន សុភាសិត ៣:៥, ៦) លោកពិតជាសមនឹងទទួលការទុកចិត្តពីយើង មែនទេ? យ៉ាងណាមិញ លោករមែងគិតអំពីយើង។ (ពេត្រុសទី១ ៥:៧) លោកជ្រាបពីអ្វីដែលយើងត្រូវការច្បាស់ជាងយើងទៅទៀត ហើយសមត្ថភាពរបស់លោកដើម្បីជួយយើងគឺគ្មានកម្រិតឡើយ។ (ទំនុកតម្កើង ៣៧:២៥) ដូច្នេះ យើងគប្បីធ្វើតាមសេចក្ដីរំលឹកក្នុងបណ្ដាំរបស់លោកដែលថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន។ ព្រោះ[ព្រះ]បានមានប្រសាសន៍ថា៖ ‹ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ›»។ (ហេប្រឺ ១៣:៥) អ្នកបម្រើពេញពេលជាច្រើននាក់ធ្លាប់ពិសោធន៍ឃើញថាព្រះមានសមត្ថភាពផ្ដល់អ្វីដែលចាំបាច់សម្រាប់ចិញ្ចឹមជីវិត។ បើយើងពិតជាជឿជាក់ថាព្រះយេហូវ៉ានឹងថែរក្សាយើង នោះយើងនឹងមិនខ្វល់ហួសហេតុពេកអំពីការចិញ្ចឹមក្រុមគ្រួសាររបស់យើងឡើយ។ (ម៉ាថាយ ៦:២៥-៣២) យើងនឹងមិនឲ្យការងាររបស់យើងនាំឲ្យយើងអាក់ខានធ្វើអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះឡើយ ដូចជាការផ្សព្វផ្សាយដំណឹងល្អនិងការចូលរួមកិច្ចប្រជុំជាដើម។—ម៉ាថាយ ២៤:១៤; ហេប្រឺ ១០:២៤, ២៥
២០. តើការមើលរបស់តែមួយមានន័យដូចម្ដេច? ហើយតើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២០ ចូរមើលរបស់តែមួយ។ (សូមអាន ម៉ាថាយ ៦:២២, ២៣) ការមើលរបស់តែមួយមានន័យថាយើងត្រូវមានរបៀបរស់នៅដែលមិនស្មុគស្មាញ។ គ្រិស្តសាសនិកពិតសម្លឹងមើលអ្វីតែមួយគត់ គឺអ្វីដែលពួកគេអាចធ្វើដើម្បីបំពេញបំណងប្រាថ្នារបស់ព្រះ។ បើយើងពិតជាកំពុងសម្លឹងមើលអ្វីតែមួយ នោះយើងនឹងមិនគិតតែពីការរកការងារដែលឲ្យប្រាក់ខែច្រើនជាង ឬប្រមូលអារម្មណ៍ទៅលើការព្យាយាមឲ្យមានជីវភាពសម្បូរសប្បាយជាងទេ។ យើងនឹងមិនវក់នឹងការស្វះស្វែងរកឥតឈប់ឈរនូវវត្ថុទ្រព្យថ្មីបំផុតនិងល្អបំផុត ដែលអ្នកផ្សាយពាណិជ្ជកម្មចង់ឲ្យយើងគិតថាយើងត្រូវការដើម្បីមានសុភមង្គលឡើយ។ តើអ្នកអាចធ្វើដូចម្ដេចដើម្បីផ្ចង់អារម្មណ៍ទៅលើអ្វីតែមួយជានិច្ច? កុំធ្វើឲ្យខ្លួនជំពាក់បំណុលគេដោយមិនចាំបាច់។ កុំប្រមូលទ្រព្យសម្បត្ដិដែលស៊ីពេលនិងកម្លាំងច្រើន។ ចូរធ្វើតាមឱវាទក្នុងគម្ពីរដែលឲ្យយើងស្កប់ចិត្តនឹង‹អាហារបរិភោគ និងសម្លៀកបំពាក់›។ (ធីម៉ូថេទី១ ៦:៨) ចូរព្យាយាមបំបាត់ចោលឲ្យបានច្រើនបំផុតនូវអ្វីៗដែលធ្វើឲ្យជីវិតរស់នៅរបស់អ្នកស្មុគស្មាញ។
២១. ហេតុអ្វីយើងត្រូវសម្រេចចិត្តថាអ្វីត្រូវជាអាទិភាពក្នុងជីវិតយើង? ហើយតើអ្វីគួរជាអាទិភាពទី១ក្នុងជីវិតយើង?
២១ ចូរចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអាទិភាព។ ពេលវេលានិងកម្លាំងរបស់យើងមានកម្រិត ដូច្នេះយើងត្រូវសម្រេចថាអ្វីខ្លះត្រូវមានអាទិភាព ពុំនោះសោតអ្វីដែលមិនសូវសំខាន់នឹងស៊ីពេលវេលាដ៏មានតម្លៃ ហើយអ្វីៗដែលសំខាន់ជាងនឹងត្រូវទុកមួយឡែកសិន។ តើអ្វីគួរជាអាទិភាពទី១ក្នុងជីវិតយើង? មនុស្សជាច្រើនក្នុងពិភពលោកនេះចាត់ទុកការបន្តការសិក្សានៅសាកលវិទ្យាល័យជាអាទិភាពដើម្បីអាចបានការងារដែលផ្ដល់ប្រាក់ខែច្រើន។ ក៏ប៉ុន្តែលោកយេស៊ូបានដាស់តឿនអ្នកកាន់តាមលោកថា«ចូរបន្តស្វែងរករាជាណាចក្រ . . . ជាមុន»។ (ម៉ាថាយ ៦:៣៣) ក្នុងនាមជាគ្រិស្តសាសនិកពិត យើងចាត់ទុកថារាជាណាចក្ររបស់ព្រះជាអាទិភាពទី១ក្នុងជីវិត។ របៀបរស់នៅរបស់យើង ពោលគឺការសម្រេចចិត្ត គោលដៅ និងសកម្មភាពផ្សេងៗដែលយើងធ្វើ គួរបង្ហាញថាកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះនិងបំណងប្រាថ្នារបស់លោក គឺសំខាន់ជាងកង្វល់អំពីទ្រព្យសម្បត្ដិនិងទង្វើឯទៀតរបស់ពិភពលោកនេះ។
ចូរខំប្រឹងព្យាយាមក្នុងកិច្ចបម្រើ
យើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាដោយទុកកិច្ចផ្សព្វផ្សាយជាអាទិភាព
២២, ២៣. (ក) តើកិច្ចការសំខាន់បំផុតរបស់គ្រិស្តសាសនិកពិតជាអ្វី? តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាការងារនេះគឺសំខាន់ចំពោះយើង? (សូមមើលប្រអប់ដែលមានចំណងជើងថា «ខ្ញុំបានធ្វើការសម្រេចចិត្តដែលនាំឲ្យមានអំណរនិងជីវិតដ៏គាប់ចិត្ត») (ខ) តើអ្នកតាំងចិត្តធ្វើអ្វីស្តីអំពីការងារ?
២២ ដោយសារយើងដឹងថាគ្រាចុងក្រោយបង្អស់នេះជិតចប់ហើយ នោះយើងផ្ដោតអារម្មណ៍ទៅលើកិច្ចការដ៏សំខាន់បំផុតរបស់គ្រិស្តសាសនិកពិត ពោលគឺការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យកាន់តាមគ្រិស្ត។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) យើងចង់ផ្ចង់អារម្មណ៍ទាំងស្រុងទៅលើកិច្ចការនេះដែលអាចសង្គ្រោះជីវិតបាន ដូចលោកយេស៊ូដែលជាគំរូរបស់យើងបានធ្វើដែរ។ តើយើងអាចធ្វើដូចម្ដេចដើម្បីបង្ហាញថាកិច្ចការនេះគឺសំខាន់ចំពោះយើង? រាស្ត្រភាគច្រើនរបស់ព្រះខំប្រឹងអស់ពីសមត្ថភាពក្នុងកិច្ចបម្រើដោយធ្វើជាអ្នកផ្សាយ។ បងប្អូនខ្លះទៀតបានរៀបចំជីវិតរបស់ពួកគេដើម្បីអាចបម្រើជាអ្នកត្រួសត្រាយពេញពេលឬជាសាសនទូត។ ដោយសារឪពុកម្ដាយទទួលស្គាល់សារៈសំខាន់នៃគោលដៅក្នុងកិច្ចបម្រើព្រះ នោះពួកគាត់បានលើកទឹកចិត្តកូនឲ្យធ្វើជាអ្នកបម្រើពេញពេល។ តើអ្នកដែលខ្នះខ្នែងប្រកាសអំពីរាជាណាចក្ររបស់ព្រះរីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការយ៉ាងខ្លាំងរបស់ពួកគេឬទេ? មែនហើយ! ការបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពប្រាកដជាវិធីដើម្បីទទួលអំណរ ការពេញចិត្ត និងពរដ៏ច្រើនឥតគណនា។—សូមអាន សុភាសិត ១០:២២
២៣ យើងច្រើននាក់ត្រូវធ្វើការច្រើនម៉ោងដើម្បីទំនុកបម្រុងក្រុមគ្រួសារ។ សូមចាំថាព្រះយេហូវ៉ាចង់ឲ្យយើងរីករាយនឹងផលល្អដែលកើតពីការខំប្រឹងធ្វើការ។ បើយើងអប់រំខ្លួនឲ្យមានចិត្តគំនិតនិងការប្រព្រឹត្តដែលសមស្របតាមទស្សនៈនិងគោលការណ៍របស់លោក នោះយើងអាចពេញចិត្តនឹងការងាររបស់យើង។ ប៉ុន្តែ ចូរយើងតាំងចិត្តកុំឲ្យការងារបង្វែរអារម្មណ៍យើងចេញពីកិច្ចការសំខាន់បំផុតរបស់យើងឡើយ ពោលគឺការប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ពេលដែលយើងទុកកិច្ចការនេះជាអាទិភាពក្នុងជីវិត នោះយើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា ហើយយ៉ាងនេះយើងរក្សាខ្លួនជាមនុស្សដែលលោកស្រឡាញ់។
a យោងទៅតាមការបកស្រាយអំពីអត្ថន័យនៃពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ជាងឈើ» នោះជា«ពាក្យមានន័យទូលាយដែលសំដៅទៅលើជាងឈើគ្រប់ប្រភេទ ទោះជាគាត់ជាជាងសង់ផ្ទះ ធ្វើគ្រឿងសង្ហារិម ឬរបស់ផ្សេងទៀតធ្វើពីឈើក្ដី»។