ការងារ ជាពរឬជាបណ្ដាសា?
«គ្មានអ្វីវិសេសដល់មនុស្សជាជាងការ . . . ឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង»។—សាស្ដា ២:២៤
«អស់កម្លាំងក្រោយពីធ្វើការចប់»។ ក្នុងការស្ទង់មតិថ្មីៗនេះ និយោជិត១ភាគ៣បានរៀបរាប់ថាខ្លួនតែងមានអារម្មណ៍បែបនេះ។ ក្នុងបរិយាកាសដែលធ្វើឲ្យមនុស្សមានការតានតឹងចិត្តនោះ មិនមែនចម្លែកទេដែលមនុស្សមានអារម្មណ៍ដូច្នេះ។ ពួកគេធ្វើការយូរម៉ោង មិនតែប៉ុណ្ណោះក៏បានស្ពាយការងារជាច្រើនទៅធ្វើនៅឯផ្ទះទៀត។ ហើយទោះជាខំយ៉ាងណាក៏ដោយក៏ចៅហ្វាយនាយមិនបង្ហាញការដឹងគុណដែរ។
តាំងពីផលិតកម្មមានទ្រង់ទ្រាយធំបានធ្វើឲ្យកម្មករជាច្រើននាក់មានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃប្រៀបដូចជាម៉ាស៊ីនដែលគេប្រើឲ្យធ្វើការមួយដដែលៗ។ ពួកគេក៏មានអារម្មណ៍ថាខ្លួនត្រូវគេបំបាត់មិនឲ្យមានគំនិតឬសមត្ថភាពចេះឆ្នៃប្រឌិតអ្វីផ្សេងទៀតឡើយ។ ហេតុនេះហើយ បានជាមានឥទ្ធិពលទៅលើទស្សនៈរបស់មនុស្សចំពោះការងារ។ ការជំរុញឲ្យយកចិត្តទុកដាក់នឹងការងាររបស់ខ្លួន គឺត្រូវបានធ្វើឲ្យនឿយណាយទៅវិញ។ ប្រហែលជាគេបានរម្ងាប់នូវចំណង់ចំណូលចិត្តចំពោះហត្ថកោសល្យ។ ទង្វើនេះនាំឲ្យមនុស្សមិនចូលចិត្តធ្វើការ ប្រហែលជានាំឲ្យស្អប់ការងារទៀតផង។
ចូរពិនិត្យមើលទស្សនៈរបស់យើង
ពិតមែន យើងមិនអាចតែងតែដូរកាលៈទេសៈរបស់យើងបានទេ។ ប៉ុន្តែ យើងអាចកែប្រែទស្សនៈរបស់យើងបាន មែនទេ? បើអ្នកគិតថាអ្នកមានទស្សនៈមិនល្អចំពោះការងារ យកល្អឲ្យពិនិត្យមើលទស្សនៈនិងគោលការណ៍របស់ព្រះ ដែលទាក់ទងនឹងប្រធាននេះ។ (សាស្ដា ៥:១៨) មនុស្សជាច្រើនបានឃើញថាការពិនិត្យមើលគោលការណ៍របស់ព្រះជួយពួកគេឲ្យមានសុភមង្គលនិងការស្កប់ចិត្តចំពោះការងាររបស់ខ្លួន។
ព្រះជាអ្នកធ្វើការដ៏ឧត្តម។ ព្រះក៏ធ្វើការងារដែរ។ ប្រហែលជាយើងពុំធ្លាប់គិតអំពីទ្រង់យ៉ាងនេះទេ ប៉ុន្តែរបៀបដំបូងដែលទ្រង់នាំយើងឲ្យស្គាល់អង្គទ្រង់ក្នុងព្រះគម្ពីរគឺដោយបង្ហាញថាទ្រង់ក៏ធ្វើការដែរ។ កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិចាប់ផ្ដើមដោយប្រាប់ថាព្រះយេហូវ៉ាបង្កើតផ្ទៃមេឃនិងផែនដី។ (លោកុប្បត្តិ ១:១) ចូរគិតអំពីមុខនាទីជាច្រើនផ្សេងៗរបស់ព្រះ ពេលដែលទ្រង់ចាប់ផ្ដើមបង្កើត។ ទ្រង់មានមុខនាទីជាអ្នកគូរប្លង់ អ្នករៀបចំ វិស្វករ វិចិត្រករ អ្នកឯកទេសខាងសម្ភារ អ្នកគ្រោងការ អ្នកវិទ្យាសាស្ត្រខាងគីមី ជីវវិទូ អ្នកសត្វវិទ្យា អ្នកបង្កើតកម្មវិធី និងភាសាវិទូជាដើម។—សុភាសិត ៨:១២, ២២-៣១
តើកិច្ចការរបស់ព្រះមានគុណភាពយ៉ាងណា? កំណត់ហេតុព្រះគម្ពីរចែងថា«ទាំងអស់ជាការល្អប្រពៃ»។ (លោកុប្បត្តិ ១:៤, ៣១) ប្រាកដហើយ ការបង្កើតទាំងអស់«សំដែងពីសិរីល្អនៃព្រះ» ហើយយើងក៏គួរសរសើរដល់ព្រះយេហូវ៉ាដែរ!—ទំនុកដំកើង ១៩:១; ១៤៨:១
យ៉ាងណាក៏ដោយ កិច្ចការរបស់ព្រះមិនទាន់ចប់នៅឡើយទេ ក្រោយពីបានបង្កើតផ្ទៃមេឃនិងផែនដីហើយនឹងមនុស្សមួយគូដំបូងនោះ។ ព្រះយេស៊ូគ្រីស្ទជាបុត្រារបស់ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ»។ (យ៉ូហាន ៥:១៧) មែនហើយ ព្រះយេហូវ៉ាបន្តធ្វើការដោយផ្គត់ផ្គង់សត្តនិករទាំងឡាយ ហើយសង្គ្រោះអ្នកបំរើដែលមានចិត្តស្មោះ។ (នេហេមា ៩:៦; ទំនុកដំកើង ៣៦:៦; ១៤៥:១៥, ១៦) ទ្រង់ថែមទាំងប្រើអ្នកថ្វាយបង្គំទ្រង់ដែលជា‹អ្នកធ្វើការជាមួយនឹងទ្រង់›ដើម្បីសម្រេចកិច្ចការផ្សេងៗដែរ។—កូរិនថូសទី១ ៣:៩
ការងារអាចទៅជាពរ។ ព្រះគម្ពីរចែងថាការងារត្រូវបណ្ដាសា មែនទេ? ដូចបានចែងនៅលោកុប្បត្តិ ៣:១៧-១៩ ទំនងជាព្រះដាក់ទោសអ័ដាមនិងអេវ៉ាដោយសារពួកគេបានបះបោរនឹងទ្រង់ ជាហេតុទ្រង់ដាក់បន្ទុកការងារលើពួកគេ។ នៅពេលដែលផ្ដន្ទាទោសមនុស្សមួយគូដំបូង ព្រះបានមានបន្ទូលទៅអ័ដាមថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ»។ តើនោះរួមបញ្ចូលការផ្ដន្ទាទោសចំពោះការងារទាំងអស់ឬ?
គឺអត់ទេ! ផ្ទុយទៅវិញ ដោយសារអ័ដាមនិងអេវ៉ាមិនស្មោះត្រង់នោះ ការពង្រីកសួនច្បារអេដែននឹងមិនកើតឡើងនៅពេលនោះទេ។ ដីត្រូវព្រះដាក់បណ្ដាសា។ ដើម្បីចិញ្ចឹមជីវិតដោយការដាំដុះនោះ បុគ្គលនោះត្រូវតែខំប្រឹងធ្វើការនឿយហត់បែកញើស។—រ៉ូម ៨:២០, ២១
ព្រះគម្ពីរមិនបង្ហាញថាការងារជាអ្វីដែលត្រូវបណ្ដាសាទេ តែបង្ហាញថាគឺជាពរដែលត្រូវចូលចិត្តទៅវិញ។ ដូចបានឃើញនៅខាងលើ ព្រះខំប្រឹងធ្វើការណាស់។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានភាពដូចអង្គទ្រង់ ដោយប្រទានពួកគេនូវសមត្ថភាពនិងអំណាចដើម្បីត្រួតត្រាលើរបស់ដែលទ្រង់បានបង្កើតនៅផែនដី។ (លោកុប្បត្តិ ១:២៦, ២៨; ២:១៥) ព្រះបានប្រទានការងារនោះមុននឹងទ្រង់មានបន្ទូលនៅលោកុប្បត្តិ ៣:១៩។ ប្រសិនបើការងារត្រូវបណ្ដាសានិងជាអ្វីដ៏អាក្រក់ នោះព្រះយេហូវ៉ានឹងមិនលើកទឹកចិត្តមនុស្សឲ្យធ្វើការងារឡើយ។ ណូអេនិងក្រុមគ្រួសារមានការងារធ្វើជាច្រើនមុនទឹកជំនន់ ហើយក្រោយពីទឹកជំនន់ក៏មានការងារធ្វើច្រើនដែរ។ នៅសម័យព្រះយេស៊ូសិស្សរបស់ទ្រង់ក៏ត្រូវបានដាស់តឿនឲ្យធ្វើការងារដែរ។—ថែស្សាឡូនីចទី១ ៤:១១
ក៏ប៉ុន្តែ នៅសព្វថ្ងៃនេះយើងគ្រប់គ្នាដឹងថា ការងារដែលយើងធ្វើអាចជាបន្ទុកធ្ងន់។ ការតានតឹងចិត្ត គ្រោះថ្នាក់ អផ្សុក ធ្លាក់ទឹកចិត្ត ការប្រកួតប្រជែង ការបោកបញ្ឆោត និងអំពើអយុត្ដិធម៌គឺគ្រាន់តែជាបញ្ហាខ្លះៗដែលប្រៀបដូចជា«បន្លាហើយនឹងអញ្ចាញ»។ ប៉ុន្តែ ការងារមិនមែនត្រូវបណ្ដាសាទេ។ នៅសាស្ដា ៣:១៣ ព្រះគម្ពីរហៅការងារនិងផលផ្លែពីការងារ ជាអំណោយពីព្រះ។
អ្នកអាចលើកដំកើងព្រះដោយការងារដែលអ្នកធ្វើ។ គុណភាពនិងឧត្តមភាពត្រូវបានសរសើរជានិច្ច។ គុណភាពគឺជាកត្ដាដ៏សំខាន់ក្នុងការមានទស្សនៈដូចបានចែងក្នុងព្រះគម្ពីរស្តីអំពីការងារ។ ព្រះធ្វើការងាររបស់ទ្រង់ដោយគិតអំពីឧត្តមភាព។ ទ្រង់ប្រទានឲ្យយើងនូវការប៉ិនប្រសប់និងសមត្ថភាព។ ហើយទ្រង់ចង់ឲ្យយើងប្រើការប៉ិនប្រសប់នេះក្នុងផ្លូវល្អ។ ជាឧទាហរណ៍ នៅសម័យអ៊ីស្រាអែលពីបុរាណ ព្រះយេហូវ៉ាប្រទានប្រាជ្ញាដល់បេតសាលាលនិងអូហូលីអាប់នូវការយល់ដឹង និងចំណេះ ដើម្បីជួយពួកគេឲ្យបំពេញកិច្ចការសាងសង់រោងឧបោសថឲ្យបានល្អនិងមានប្រយោជន៍។ (និក្ខមនំ ៣១:១-១១) នេះបង្ហាញថាព្រះយកព្រះទ័យទុកដាក់នឹងដំណើរការហើយហត្ថកោសល្យនៃការគូរប្លង់និងលក្ខណៈផ្សេងៗទៀតចំពោះការងាររបស់ពួកគេ។
នេះធ្វើឲ្យយើងយល់នូវតម្លៃនៃសមត្ថភាពរបស់ខ្លួន ហើយទម្លាប់របស់យើងចំពោះការងារ។ នេះក៏ជួយយើងឲ្យយល់ច្បាស់ថាការងារជាអំណោយពីព្រះ ដែលយើងមិនត្រូវមើលស្រាលឡើយ។ ហេតុដូច្នេះហើយ ជនគ្រីស្ទានត្រូវបានដាស់តឿនឲ្យធ្វើការ ហាក់ដូចជាព្រះពិនិត្យមើលរបៀបដែលគេបំពេញការងាររបស់ខ្លួន។ ព្រះគម្ពីរចែងថា៖«ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ (កូល៉ុស ៣:២៣) អ្នកបំរើរបស់ព្រះត្រូវបានដាស់តឿនឲ្យធ្វើការយ៉ាងល្អ ហើយនេះនឹងជួយអ្នកឯទៀតដែលធ្វើការជាមួយចាប់អារម្មណ៍នឹងសារដែលយើងផ្សាយ។—សូមមើលប្រអប់«ចូរអនុវត្តតាមគោលការណ៍ព្រះគម្ពីរនៅកន្លែងធ្វើការ»។
ដោយដឹងថាការងារយើងលើកដំកើងព្រះ យកល្អយើងសួរខ្លួនយើងថាតើកិច្ចការយើងមានគុណភាពយ៉ាងណា និងថាតើយើងគួរខំព្យាយាមធ្វើយ៉ាងណា? តើព្រះសព្វព្រះហឫទ័យនឹងការងារដែលយើងបំពេញនោះឬទេ? តើយើងពិតជាពេញចិត្តនឹងរបៀបដែលយើងធ្វើការងារនោះទេ? បើមិនពេញចិត្តទេ យើងអាចខំប្រឹងធ្វើឲ្យប្រសើរថែមទៀតបាន។—សុភាសិត ១០:៤; ២២:២៩
រក្សាតុល្យភាពរវាងការងារនិងទំនាក់ទំនងជាមួយព្រះ។ ទោះជាការខំប្រឹងធ្វើការគឺគួរឲ្យសរសើរក៏ពិតមែន តែក៏មានកត្ដាផ្សេងទៀតដែលអាចនាំឲ្យយើងស្កប់ចិត្តនឹងការងារហើយនឹងជីវិតដែរ។ នោះគឺជាការយកចិត្តទុកដាក់ឲ្យមានទំនាក់ទំនងជាមួយព្រះ។ ស្តេចសាឡូម៉ូនបានខំប្រឹងធ្វើការនិងបានអរសប្បាយនឹងទ្រព្យសម្បត្ដិដែលទ្រង់មាន ហើយបានសន្និដ្ឋានថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
យ៉ាងច្បាស់ណាស់ យើងត្រូវតែពិចារណាមើលបំណងព្រះហឫទ័យរបស់ព្រះពេលណាយើងធ្វើអ្វីក៏ដោយ។ តើយើងធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ឬក៏យើងប្រឆាំងនឹងបំណងព្រះហឫទ័យទ្រង់ទៅវិញ? តើយើងខំព្យាយាមផ្គាប់ព្រះហឫទ័យព្រះ ឬក៏យើងចង់ផ្គាប់ចិត្តខ្លួនឯងទៅវិញ? ប្រសិនបើយើងមិនធ្វើតាមព្រះហឫទ័យរបស់ព្រះ នៅទីបំផុត យើងនឹងរងទុក្ខ មានភាពឯកកោនិងមានជីវិតឥតខ្លឹមសារ។
ស្ទីវិនប៊ើក្លាសបានឲ្យយោបល់ថាអ្នកកាន់កាប់ក្រុមហ៊ុនដែលនឿយណាយនឹងការងាររបស់ខ្លួនអាច‹រកបុព្វហេតុណាមួយដែលទាក់ទាញចិត្ត ហើយយកនោះធ្វើជាផ្នែកមួយដ៏សំខាន់ដែលគាត់ត្រូវធ្វើជាប្រចាំក្នុងជីវិត›។ គឺគ្មានបុព្វហេតុណាមួយដែលមានប្រយោជន៍ជាងការបំរើព្រះ ដែលជាអ្នកប្រទានយើងនូវបំនិននិងសមត្ថភាពដើម្បីប្រកបការងារនោះទេ។ បើយើងធ្វើការងារដែលផ្គាប់ព្រះហឫទ័យព្រះជាអ្នកបង្កើត នោះនឹងនាំឲ្យយើងមានសុភមង្គល។ ចំពោះព្រះយេស៊ូ កិច្ចការដែលព្រះយេហូវ៉ាចាត់ឲ្យទ្រង់ធ្វើ គឺហាក់ដូចជាអាហារដែលមានជីវជាតិ ធ្វើឲ្យស្កប់ចិត្ត និងពង្រឹងកម្លាំងចិត្ត។ (យ៉ូហាន ៤:៣៤; ៥:៣៦) ហើយសូមនឹកចាំថា សេចក្ដីអញ្ជើញឲ្យយើងក្លាយទៅជា«អ្នកធ្វើការជាមួយនឹងព្រះ» គឺមកពីព្រះដែលជាអ្នកធ្វើការដ៏ឧត្តម។—កូរិនថូសទី១ ៣:៩
ការថ្វាយបង្គំព្រះនិងការរីកចំរើនខាងវិញ្ញាណ នឹងជួយឲ្យយើងត្រៀមលក្ខណៈដើម្បីធ្វើការដែលបង្កើតផល។ ដោយសារកន្លែងធ្វើការតែងមានពេញដោយការបង្ខិតបង្ខំ ជំទាស់និងការទាមទារ បើយើងមានជំនឿមាំមួននេះនឹងជួយផ្ដល់នូវកម្លាំងចិត្តដើម្បីឲ្យទៅជានិយោជិតឬនិយោជកល្អជាង។ ផ្ទុយទៅវិញ ហេតុការណ៍ពិតនៃជីវិតក្នុងលោកីយ៍ដែលមិនគោរពព្រះគួរជំរុញឲ្យយើងយកចិត្តទុកដាក់នឹងជំនឿដើម្បីឲ្យបានមាំមួន។—កូរិនថូសទី១ ១៦:១៣, ១៤
នៅគ្រាដែលការងារពិតជាផ្ដល់ពរ
អស់អ្នកដែលខំប្រឹងបំរើព្រះអាចទន្ទឹងចាំគ្រាដែលព្រះនឹងធ្វើឲ្យមានសួនមនោរម្យឡើងវិញ ហើយផែនដីទាំងមូលនឹងពោរពេញដោយកិច្ចការដែលមានប្រយោជន៍។ ព្យាការីរបស់ព្រះយេហូវ៉ាឈ្មោះអេសាយបានទាយប្រាប់ថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ . . . [គេ]នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេសាយ ៦៥:២១-២៣
ពេលនោះនឹងមានការងារដែលផ្ដល់ពរមែន។ ដោយរៀនអំពីបំណងព្រះហឫទ័យរបស់ព្រះ និងខំប្រឹងអនុវត្តតាមនោះ សូមឲ្យអ្នកនៅក្នុងចំណោមមនុស្សដែលទទួលពរពីព្រះយេហូវ៉ា និងរមែង«រីករាយដោយផលល្អដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន»។—សាស្ដា ៣:១៣
[ឃ្លាអក្សរធំនៅទំព័រ៧]
ព្រះជាអ្នកធ្វើការដ៏ឧត្តម:លោកុប្បត្តិ ១:១, ៤, ៣១; យ៉ូហាន ៥:១៧
[ឃ្លាអក្សរធំនៅទំព័រ៧]
ការងារដែលយើងធ្វើអាចជាពរ:លោកុប្បត្តិ ១:២៨; ២:១៥; ថែស្សាឡូនីចទី១ ៤:១១
[ឃ្លាអក្សរធំនៅទំព័រ៧]
អ្នកអាចលើកតម្កើងព្រះដោយការងាររបស់អ្នក:និក្ខមនំ ៣១:១-១១; កូល៉ុស ៣:២៣
[ឃ្លាអក្សរធំនៅទំព័រ៧]
រក្សាតុល្យភាពរវាងការងារនិងទំនាក់ទំនងជាមួយព្រះ:សាស្ដា ១២:១៣;កូរិនថូសទី១ ៣:៩
[ប្រអប់/រូបភាពនៅទំព័រ៦]
ចូរអនុវត្តតាមគោលការណ៍ព្រះគម្ពីរនៅកន្លែងធ្វើការ
ការប្រព្រឹត្តរបស់ជនគ្រីស្ទាននៅកន្លែងធ្វើការអាចធ្វើឲ្យអ្នកធ្វើការជាមួយព្រមទាំងអ្នកឯទៀតចាប់អារម្មណ៍នឹងសារក្នុងព្រះគម្ពីរ។ សាវ័កប៉ុលសរសេរទៅទីតុស ហើយក៏ដាស់តឿនអស់អ្នកដែលធ្វើការឲ្យ«ចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តក្នុងគ្រប់ការទាំងអស់ ឥតប្រកែក ឥតលួចបំបាត់ឡើយ ត្រូវសំដែងខ្លួនជាស្មោះត្រង់ល្អគ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់»។—ទីតុស ២:៩, ១០
ជាឧទាហរណ៍ ពាណិជ្ជករម្នាក់បានសរសេរសំបុត្រទៅមន្ទីរចាត់ការពិភពលោកនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់សរសេរថា៖ «ខ្ញុំសរសេរសំបុត្រនេះមានបំណងចង់សុំឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើការជាបុគ្គលិកខ្ញុំ។ ខ្ញុំចង់បានពួកគេជាបុគ្គលិក ពីព្រោះខ្ញុំដឹងថា ពួកគេជាមនុស្សទៀងត្រង់ ស្មោះត្រង់និងគួរឲ្យទុកចិត្ត ហើយពួកគេនឹងមិនបោកប្រាស់ខ្ញុំនោះទេ។ មនុស្សដែលខ្ញុំពិតជាទុកចិត្តបាន គឺមានតែស្មរបន្ទាល់ព្រះយេហូវ៉ាប៉ុណ្ណោះ។ សូមជួយខ្ញុំផង»។
ខៃជាជនគ្រីស្ទានដែលធ្វើការជាអ្នកទទួលភ្ញៀវនៅឯសាលាឯកជនមួយ។ ដោយសារការយល់ច្រឡំគ្នា អ្នកធ្វើការជាមួយបានជេរគាត់នៅមុខសិស្សខ្លះៗ។ ខៃនឹកចាំថា៖ «ខ្ញុំត្រូវប្រុងប្រយ័ត្នមិនធ្វើឲ្យខូចព្រះនាមព្រះយេហូវ៉ា»។ អស់ប្រាំថ្ងៃ ខៃបានគិតនូវរបៀបដែលគាត់អាចអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ គោលការណ៍មួយគឺកត់ទុកនៅរ៉ូម ១២:១៨ ដែលថា៖ «ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន»។ គាត់បានសរសេរអ៊ីម៉ែលជូនអ្នកធ្វើការនិងសុំទោសចំពោះការមិនសប្បាយចិត្តនឹងគ្នា។ ខៃបានទៅនិយាយជាមួយគាត់និងខំដោះស្រាយបញ្ហានោះ។ ពេលដែលបានដោះស្រាយហើយ បុគ្គលនោះបានទន់ចិត្តនិងទទួលស្គាល់នូវរបៀបដែលខៃដោះស្រាយបញ្ហានោះគឺប្រកបដោយប្រាជ្ញា។ គាត់និយាយប្រាប់ខៃថា៖ «នេះច្បាស់ជាទាក់ទងនឹងសាសនារបស់អ្នកហើយ» រួចគាត់ឱបខៃហើយក៏លាគ្នាទៅ។ តើខៃសន្និដ្ឋានយ៉ាងណា? «បើយើងធ្វើតាមគោលការណ៍ព្រះគម្ពីរ នោះនឹងមានប្រសិទ្ធភាពជានិច្ច»។
[រូបភាពនៅទំព័រ៤, ៥]
អ្នកធ្វើការជាច្រើនមានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃប្រៀបដូចជាម៉ាស៊ីនដែលគេប្រើឲ្យធ្វើការមួយដដែលៗ
[អ្នកផ្ដល់សិទ្ធិ]
Japan Information Center, Consulate General of Japan in NY
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៧]
Globe: NASA photo