បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៤ ទំ. ៨-១២
  • តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គាត់​មិន​បាន​ខ្លាច​«​សេចក្ដី​ក្រោធ​របស់​ស្តេច​»​ឡើយ
  • គាត់​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ
  • ​«​ពួក​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម​»​
  • ចូរធ្វើតាមជំនឿរបស់ម៉ូសេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ហេតុដែលម៉ូសេបានរត់ចេញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៤ ទំ. ៨-១២

តើ​អ្នក​មើល​ឃើញ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​ឬ​ទេ?

​«​គាត់​បន្ត​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»។—ហេ. ១១:២៧

តើ​តាម​របៀប​ណា​ការ​«​មើល​ឃើញ​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​នឹង . . .

  • ការពារ​អ្នក​មិន​ឲ្យ​ខ្លាច​មនុស្ស?

  • ជំរុញ​ចិត្ត​អ្នក​ឲ្យ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

  • ជួយ​អ្នក​ឲ្យ​រក្សា​ជំនឿ​មាំ​មួន​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១, ២​. (​ក​) សូម​ពន្យល់​អំពី​មូលហេតុ​ដែល​មើល​ទៅ​ម៉ូសេ​នឹង​ជួប​គ្រោះ​ថ្នាក់។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។ (​ខ​) ហេតុ​អ្វី​ម៉ូសេ​មិន​បាន​ខ្លាច​សេចក្ដី​ក្រោធ​របស់​ស្តេច?

ផារ៉ូ​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្លាំង​ក្លា​ម្នាក់ ហើយ​ជន​ជាតិ​អេស៊ីប​បាន​គោរព​បូជា​គាត់​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ជីវិត​រស់​នៅ។ សៀវភៅ​មួយ​ចែង​ថា ចំពោះ​ជន​ជាតិ​អេស៊ីប គាត់​មាន​«​ប្រាជ្ញា​និង​ឫទ្ធានុភាព​»​លើស​ជាង​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី។ (​When Egypt Ruled the East​) ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​រាស្ត្រ​របស់​គាត់​ខ្លាច​គាត់ ផារ៉ូ​បាន​ពាក់​មកុដ​ដែល​មាន​រូប​ពស់​វែក​ដែល​ហៀបនឹង​ចឹក ដែល​ជា​ការ​រំលឹក​មួយ​ដែល​ថា សត្រូវ​របស់​ស្តេច​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ សូម​ស្រមៃ​គិត​ថា​ម៉ូសេ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ផារ៉ោន[​ផារ៉ូ​] ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​»។—និក្ខ. ៣:១០

២ ម៉ូសេ​បាន​ទៅ​ស្រុក​អេស៊ីប ហើយ​បាន​ប្រាប់​ផារ៉ូ​អំពី​ដំណឹង​ពី​ព្រះ។ នោះ​បាន​ធ្វើ​ឲ្យ​ផារ៉ូ​ខឹង​យ៉ាង​ខ្លាំង។ ក្រោយ​ពី​ស្រុក​នោះ​បាន​រង​សេចក្ដី​វេទនា​៩​យ៉ាង ផារ៉ូ​បាន​ព្រមាន​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​»។ (​និក្ខ. ១០:២៨​) មុន​ម៉ូសេ​ចេញ​ពី​មុខ​ផារ៉ូ​ទៅ គាត់​បាន​ប្រកាស​ថា​កូន​ច្បង​របស់​ស្តេច​នឹង​ស្លាប់។ (​និក្ខ. ១១:៤​-​៨​) ក្រោយ​មក ម៉ូសេ​បាន​ប្រាប់​គ្រប់​ក្រុម​គ្រួសារ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យសម្លាប់​ពពែ ឬ​ចៀម​ឈ្មោល​មួយ ហើយ​ប្រោះ​ឈាម​វា​ទៅ​លើ​ធ្នឹម​ទ្វារ​ផ្ទះ​របស់​ពួក​គេ។ ចំពោះ​ព្រះ​រ៉ា​របស់​ជន​ជាតិ​អេស៊ីប ចៀម​ឈ្មោល​គឺ​ជា​សត្វ​ពិសិដ្ឋ។ (​និក្ខ. ១២:៥​-​៧​) តើ​ផារ៉ូ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? ម៉ូសេ​មិន​បាន​ខ្លាច​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​ម៉ូសេ​មាន​ជំនឿ គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ‹ដោយ​មិន​ខ្លាច​សេចក្ដី​ក្រោធ​របស់​ស្តេច​ទេ ព្រោះ​គាត់​បន្ត​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ›។—សូម​អាន ហេប្រឺ ១១:២៧, ២៨

៣​. តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​ជំនឿ​របស់​ម៉ូសេ​ទៅ​លើ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​?

៣ តើ​ជំនឿ​របស់​អ្នក​ខ្លាំង​រហូត​ដល់​អ្នក​ហាក់​ដូច​ជា​អាច​«​ឃើញ​ព្រះ​»​ឬ​ទេ? (​ម៉ាថ. ៥:៨​) ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ឲ្យ​យើង​អាច​ឃើញ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​ជា​បុគ្គល​ពិត​មួយ​រូប យើង​នឹង​ពិភាក្សា​អំពី​គំរូ​របស់​ម៉ូសេ។ តើ​តាម​របៀប​ណា​ជំនឿ​របស់​គាត់​លើ​ព្រះ​យេហូវ៉ា​បាន​ការពារ​គាត់​មិន​ឲ្យ​ខ្លាច​មនុស្ស? តើ​គាត់​បាន​បង្ហាញ​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​តាម​របៀប​ណា​ការ​មើល​ឃើញ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​បាន​ពង្រឹង​កម្លាំង​ម៉ូសេ ពេល​គាត់​និង​បណ្ដា​រាស្ត្រ​របស់​គាត់​ជួប​គ្រោះ​ថ្នាក់?

គាត់​មិន​បាន​ខ្លាច​«​សេចក្ដី​ក្រោធ​របស់​ស្តេច​»​ឡើយ

៤​. ពេល​ម៉ូសេ​លេច​មក​នៅ​មុខ​ផារ៉ូ តើ​ពួក​អ្នក​ដែល​គ្មាន​ជំនឿ​ប្រហែល​ជា​បាន​គិត​អ្វី?

៤ ពួក​អ្នក​ដែល​គ្មាន​ជំនឿ​ប្រហែល​ជា​បាន​គិត​ថា​ម៉ូសេ​គ្មាន​លទ្ធភាព​ដើម្បី​ប្រឆាំង​នឹង​ផារ៉ូ​ដែល​មាន​អំណាច​ខ្លាំង​ក្លា​បាន​ឡើយ។ មើល​ទៅ​ហាក់​ដូច​ជា​ជីវិត​និង​អនាគត​របស់​ម៉ូសេ​គឺ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ផារ៉ូ។ សូម្បី​តែ​ម៉ូសេ​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល​បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?​»។ (​និក្ខ. ៣:១១​) ប្រហែល​ជា​៤០​ឆ្នាំ​មុន ម៉ូសេ​បាន​រត់​ចេញ​ពី​ស្រុក​អេស៊ីប​ជា​ជន​ភៀស​ខ្លួន។ គាត់​ប្រហែល​ជា​បាន​ឆ្ងល់​ថា ‹តើ​ពិត​ជា​ការ​ល្អ​ឬ​ទេ​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ផ្សង​គ្រោះ​ថ្នាក់​ដោយ​ធ្វើ​ឲ្យ​ស្តេច​នោះ​ខឹង?›។

៥, ៦​. តើ​អ្វី​បាន​ជួយ​ម៉ូសេ​ឲ្យ​កោត​ខ្លាច​ព្រះ​យេហូវ៉ា មិន​មែន​ខ្លាច​ផារ៉ូ​ទេ?

៥ ព្រះ​បាន​បង្រៀន​ម៉ូសេ​នូវ​មេរៀន​ដ៏​សំខាន់​មួយ មុន​គាត់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ ក្រោយ​មក​ម៉ូសេ​បាន​សរសេរ​អំពី​មេរៀន​នោះ​នៅ​ក្នុង​សៀវភៅ​យ៉ូប​ថា​៖ ​«​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា​»។ (​យ៉ូប ២៨:២៨​) ដើម្បី​ជួយ​ម៉ូសេ​ឲ្យ​មាន​សេចក្ដី​កោត​ខ្លាច​បែប​នេះ ហើយ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ឃើញ​ភាព​ខុស​គ្នា​រវាង​មនុស្ស​និង​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ លោក​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់ នោះ​បើ​មិន​មែន​អញ​ជា​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ?​»។—និក្ខ. ៤:១១

៦ តើ​មេរៀន​នោះ​គឺ​ជា​អ្វី? ម៉ូសេ​មិន​ចាំ​បាច់​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ ដូច្នេះ​លោក​នឹង​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ប្រាប់​ផារ៉ូ​នូវ​ដំណឹង​ពី​ព្រះ។ ម្យ៉ាង​ទៀត ផារ៉ូ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​យេហូវ៉ា​បាន​ឡើយ។ យ៉ាង​ណា​មិញ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ពួក​អ្នក​បម្រើ​របស់​ព្រះ​បាន​ជួប​គ្រោះ​ថ្នាក់​ក្រោម​ការ​គ្រប់​គ្រង​នៃ​ជន​ជាតិ​អេស៊ីប។ ប្រហែល​ជា​ម៉ូសេ​បាន​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​អាប្រាហាំ យ៉ូសែប និង​សូម្បី​តែ​ម៉ូសេ​ផ្ទាល់​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​នៃ​ផារ៉ូ​មុន​ៗ។ (​លោ. ១២:១៧​-​១៩; ៤១:១៤, ៣៩​-​៤១; និក្ខ. ១:២២–២:១០​) ដោយ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ដែល​ជា​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​ ម៉ូសេ​បាន​ទៅ​ជួប​ផារ៉ូ​ដោយ​ចិត្ត​ក្លាហាន ហើយ​បាន​ប្រកាស​គ្រប់​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ឲ្យ​និយាយ។

៧​. តើ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​បាន​ការពារ​បង​ស្រី​ម្នាក់​យ៉ាង​ដូច​ម្ដេច?

៧ ដូច​គ្នា​ដែរ ជំនឿ​លើ​ព្រះ​យេហូវ៉ា​បាន​ការពារ​បង​ស្រី​ម្នាក់​ឈ្មោះ​អេលឡា​មិន​ឲ្យ​ខ្លាច​មនុស្ស។ នៅ​ឆ្នាំ​១៩៤៩ បង​អេលឡា​បាន​ត្រូវ​ប៉ូលិស​សម្ងាត់(​KGB​)ចាប់​ខ្លួន​នៅ​ប្រទេស​អេស្តូនី។ ពួក​គេ​បាន​ដោះ​ខោ​អាវ​គាត់​ទាំង​អស់​ចេញ ហើយ​ពួក​ប៉ូលិស​វ័យ​ក្មេង​បាន​សម្លឹង​មើល​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស់​មុខ។ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ពេល​នោះ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​និង​ចិត្ត​ស្ងប់​»។ បន្ទាប់​មក គេ​បាន​ទុក​អេលឡា​ឲ្យ​នៅ​ម្នាក់​ឯង​ក្នុង​បន្ទប់​ឃុំ​ឃាំង​តូច​ងងឹត​មួយ អស់​បី​ថ្ងៃ។ គាត់​រៀប​រាប់​ថា​៖ ​«​ពួក​អាជ្ញាធរ​បាន​ស្រែក​ឡើង​ថា​៖ ‹យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នឹង​មិន​នឹក​ចាំ​អំពី​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អេស្តូនី! អ្នក​នឹង​ទៅ​ជំរំ​មួយ ហើយ​អ្នក​ឯ​ទៀត​នឹង​ទៅ​តំបន់​ស៊ីបេរី!› ពួក​គេ​បាន​និយាយ​ចំអក​ត​ទៅ​ទៀត​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​របស់​អ្នក​នៅ​ឯ​ណា?›​»។ តើ​បង​អេលឡា​នឹង​ខ្លាច​មនុស្ស ឬ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​វិញ? ពេល​គេ​សួរ​ចម្លើយ​អេលឡា គាត់​បាន​និយាយ​ដោយ​ឥត​ភ័យ​ខ្លាច ដោយ​ប្រាប់​ពួក​អ្នក​ដែល​ចំអក​ឲ្យ​គាត់​ថា​៖ ​«​ខ្ញុំ​បាន​គិត​ជា​ច្រើន​អំពី​រឿង​នេះ ហើយ​ខ្ញុំ​សុខ​ចិត្ត​រស់​នៅ​ក្នុង​គុក​ដោយ​រក្សា​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ ជា​ជាង​មាន​សេរីភាព ហើយ​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​»។ ចំពោះ​អេលឡា ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​មែនទែន​ដូច​ពួក​បុរស​ដែល​ឈរ​នៅ​ចំ​មុខ​គាត់។ ដោយ​សារ​គាត់​មាន​ជំនឿ គាត់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។

៨, ៩​. (​ក​) តើ​អ្នក​ត្រូវ​ការ​អ្វី​ដើម្បី​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស? (​ខ​) បើ​អ្នក​ចាប់​ផ្ដើម​មាន​ចិត្ត​ខ្លាច​មនុស្ស តើ​អ្នក​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ណា?

៨ ជំនឿ​លើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច។ បើ​ពួក​អាជ្ញាធរ​ព្យាយាម​បញ្ឈប់​អ្នក​មិន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ ប្រហែល​ជា​មើល​ទៅ​ជីវិត​និង​អនាគត​របស់​អ្នក​ហាក់​ដូច​ជា​នៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ។ ប្រហែល​ជា​អ្នក​ថែម​ទាំង​សួរ​ខ្លួន​ឯង​ថា ‹តើ​នេះ​គឺ​ជា​គំនិត​ល្អ​ឬ​ទេ​ដែល​ខ្ញុំ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ពួក​អាជ្ញាធរ​ខឹង?›។ សូម​ចាំ​ថា ដោយ​សារ​អ្នក​មាន​ជំនឿ​លើ​ព្រះ អ្នក​អាច​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស។ (​សូម​អាន សុភាសិត ២៩:២៥​) ព្រះ​យេហូវ៉ា​សួរ​ថា​៖ ​«​តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?​»។—អេ. ៥១:១២, ១៣

៩ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បិតា​របស់​អ្នក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ លោក​ឃើញ​អស់​អ្នក​ដែល​រង​ទុក្ខ​ដោយ​អំពើ​អយុត្ដិធម៌។ លោក​អាណិត​អាសូរ​ពួក​គេ ហើយ​ជួយ​ពួក​គេ។ (​និក្ខ. ៣:៧​-​១០​) សូម្បី​តែ​ពេល​អ្នក​ត្រូវ​ការពារ​ជំនឿ​របស់​អ្នក​នៅ​មុខ​ពួក​អាជ្ញាធរ​ដែល​មាន​អំណាច​ខ្លាំង​ក៏​ដោយ សូម​«​កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ពីព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​ពេល​នោះ​ឯង​»។ (​ម៉ាថ. ១០:១៨​-​២០​) មនុស្ស​ដែល​ជា​ពួក​អ្នក​គ្រប់​គ្រង​និង​មន្ត្រី​រដ្ឋាភិបាល មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​យេហូវ៉ា​បាន​ឡើយ។ បើ​អ្នក​ពង្រឹង​ជំនឿ​របស់​អ្នក​នៅ​ពេល​ឥឡូវ​នេះ អ្នក​អាច​ឃើញ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​មួយ​រូប​ដែល​ចង់​ជួយ​អ្នក។

គាត់​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ

១០​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ការ​ណែនាំ​អ្វី​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ខែ​ណែសាន ឆ្នាំ​១៥១៣ មុន​គ.ស.? (​ខ​) ហេតុ​អ្វី​ម៉ូសេ​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ?

១០ នៅ​ខែ​ណែសាន ឆ្នាំ​១៥១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​យក​ចៀម​ឈ្មោល ឬ​ពពែ​ឈ្មោល​មួយ​ក្បាល​ដែល​មាន​សុខភាព​ល្អ​មក​សម្លាប់ ហើយ​ប្រោះ​ឈាម​វា​នៅ​លើ​ធ្នឹម​ទ្វារ​ផ្ទះ។ (​និក្ខ. ១២:៣​-​៧​) ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​មិន​ធ្លាប់​ធ្វើ​នោះ​ពី​មុន​ក៏​ដោយ សាវ័ក​ប៉ូល​បាន​សរសេរ​ក្រោយ​មក​ថា​ម៉ូសេ​មាន​ជំនឿ ហើយ​«​គាត់​បាន​ធ្វើ​បុណ្យ​រំលង​ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​អ្នក​ពិឃាត​ប៉ះពាល់​កូន​ច្បង​របស់​ពួក​គាត់​»។ (​ហេ. ១១:២៨​) ម៉ូសេ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​គាត់​បាន​បង្ហាញ​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​លោក​នឹង​ប្រហារ​ជីវិត​កូន​ប្រុស​ច្បង​នៅ​ស្រុក​អេស៊ីប។

១១​. ហេតុ​អ្វី​ម៉ូសេ​បាន​ព្រមាន​អ្នក​ឯ​ទៀត?

១១ កូន​ប្រុស​របស់​ម៉ូសេ​ទំនង​ជា​នៅ​ស្រុក​ម៉ាឌាន ឆ្ងាយ​ពី​«​អ្នក​ពិឃាត​»។a (​និក្ខ. ១៨:១​-​៦​) ប៉ុន្តែ ម៉ូសេ​បាន​ស្ដាប់​បង្គាប់​លោក ដោយ​ណែនាំ​ក្រុម​គ្រួសារ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ដែល​មាន​កូន​ប្រុស​ច្បង​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ នេះ​ជា​រឿង​ស្លាប់​រស់ ហើយ​ម៉ូសេ​ស្រឡាញ់​មនុស្ស​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖ ‹នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រាអែល​មក​ប្រាប់​ថា​ចូរ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង​ទៅ›។—និក្ខ. ១២:២១

១២​. តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ដំណឹង​ដ៏​សំខាន់​អ្វី?

១២ ដោយ​មាន​ជំនួយ​ពី​ពួក​ទេវតា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ប្រកាស​ដំណឹង​ដ៏​សំខាន់​នេះ​ថា​៖ ​«​ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក ពីព្រោះ​គ្រា​ដែល​លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​បាន​មក​ដល់​ហើយ ដូច្នេះ ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ​និង​ផែន​ដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ឡាយ​»។ (​បប. ១៤:៧​) ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ប្រកាស​ដំណឹង​នោះ។ យើង​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​យើង​ឲ្យ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដើម្បី​កុំ​ឲ្យ​ពួក​គេ​«​ទទួល​ចំណែក​ពី​សេចក្ដី​វេទនា​របស់​នាង​»។ (​បប. ១៨:៤​) ​«​ចៀម​ឯ​ទៀត​»​ចូល​រួម​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ក្នុង​ការ​អង្វរ​សុំ​ពួក​អ្នក​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​ឲ្យ​«​ផ្សះ​ផ្សា​»​ជា​មួយ​នឹង​លោក។—យ៉ូន. ១០:១៦; ២កូ. ៥:២០

១៣​. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ចិត្ត​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

១៣ យើង​ជឿ​ជាក់​ថា ​«​គ្រា​ដែល​លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​»​ពិត​ជា​បាន​មក​ដល់។ យើង​ក៏​ជឿ​ជាក់​ដែរ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​កិច្ច​ការបន្ទាន់​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍។ សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​«​ទេវតា​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែន​ដី ដោយ​ទប់​ខ្យល់​ទាំង​បួន​នៃ​ផែន​ដី​»។ (​បប. ៧:១​) ដោយ​សារ​ជំនឿ តើ​អ្នក​ឃើញ​ទេវតា​ទាំង​នោះ​ត្រៀម​ខ្លួន​ដើម្បី​លែង​ខ្យល់​នៃ​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​លើ​ពិភព​លោក​នេះ​ឬ​ទេ? បើ​អ្នក​ឃើញ​ទេវតា​ទាំង​នោះ ដោយ​សារ​អ្នក​មាន​ជំនឿ​នោះ​អ្នក​នឹង​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​មាន​ទំនុក​ចិត្ត។

១៤​. តើ​អ្វី​ជំរុញ​យើង​ឲ្យ‹ប្រាប់​មនុស្ស​អាក្រក់ ឲ្យ​លះ​បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន›?

១៤ ជា​គ្រិស្ត​សាសនិក​ពិត យើង​មាន​រួច​ហើយ​នូវ​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា និង​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ប៉ុន្តែ យើង​ទទួល​ស្គាល់​ថា យើង​មាន​ភារកិច្ច‹ប្រាប់​មនុស្ស​អាក្រក់ ឲ្យ​លះ​បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត›។ (​សូម​អាន អេសេគាល ៣:១៧​-​១៩​) ពិត​មែន យើង​មិន​គ្រាន់តែ​ផ្សព្វ​ផ្សាយ​ដើម្បី​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​យើង។ នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ជន​ជាតិ​សាម៉ារី លោក​បាន​បង្រៀន​យើង​ឲ្យ​យល់​ថា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​អ្វី។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ដូច​ជន​ជាតិ​សាម៉ារី​នោះ ឬ​ដូច​សង្ឃ​និង​បុរស​ពី​កុលសម្ព័ន្ធ​លេវី​នោះ​វិញ? តើ​ខ្ញុំ​តែង​តែ​ចង់​ផ្សព្វ​ផ្សាយ ឬ​តើ​ខ្ញុំ​រក​លេស​ដើម្បី​មិន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត?›។ (​លូក. ១០:២៥​-​៣៧​) ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​នឹង​ជំរុញ​យើង​ឲ្យ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​មុន​នឹង​លែង​មាន​ពេល​ទៀត។

​«​ពួក​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម​»​

១៥​. ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​មាន​អារម្មណ៍​ថា​មិន​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​ឡើយ?

១៥ ជំនឿ​របស់​ម៉ូសេ​ទៅ​លើ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​បាន​ជួយ​គាត់​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ប្រឈម​មុខ​នឹងគ្រោះ​ថ្នាក់​ក្រោយ​ពួក​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ គម្ពីរ​រៀប​រាប់​ថា​៖ ​«​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់​ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា​»។ (​និក្ខ. ១៤:១០​-​១២​) តើ​នេះ​ជា​ស្ថានភាព​ពិបាក​ដែល​ពួក​គេ​មិន​បាន​គិត​ដល់​ឬ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​គេ​ទុក​ជា​មុន​ថា​៖ ​«​អញ​នឹង​បណ្ដាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្ដិសព្ទ ដោយ​សារ​ផារ៉ោន​នឹង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ​យេហូវ៉ា​ពិត​»។ (​និក្ខ. ១៤:៤​) ទោះ​ជា​យ៉ាង​នេះ​ក្ដី ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​តែ​អ្វី​ដែល​ភ្នែក​របស់​ពួក​គេ​បាន​មើល​ឃើញ​ប៉ុណ្ណោះ ពោល​គឺ​សមុទ្រ​ក្រហម​ដែល​នៅ​មុខ​ពួក​គេ រទេះ​លឿន​សម្រាប់​ចម្បាំង​របស់​ផារ៉ូ​ដែល​នៅ​ពី​ក្រោយ​ពួក​គេ និង​គង្វាល​អាយុ​៨០​ឆ្នាំ​ដែល​កំពុង​នាំ​មុខ​ពួក​គេ! ពួក​គេ​មាន​អារម្មណ៍​ថា​មិន​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​ឡើយ។

១៦​. តើ​ជំនឿ​បាន​ពង្រឹង​កម្លាំង​ម៉ូសេ​នៅ​សមុទ្រ​ក្រហម​យ៉ាង​ដូច​ម្ដេច?

១៦ ប៉ុន្តែ ម៉ូសេ​មិន​បាន​ភ័យ​ខ្លាច​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​គាត់​មាន​ជំនឿ នោះ​គាត់​បាន​ឃើញ​អ្វី​មួយ​ដែល​ខ្លាំង​ក្លា​ជាង​សមុទ្រ ឬ​កង​ទ័ព​មួយ​ទៅ​ទៀត។ គាត់​អាច​ឃើញ​«​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​តយុទ្ធ​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល។ (​សូម​អាន និក្ខមនំ ១៤:១៣, ១៤​) ជំនឿ​របស់​ម៉ូសេ​បាន​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​ដោយ​សារ​ជំនឿ ពួក​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក ប៉ុន្តែ​ពេល​ដែល​ជន​ជាតិ​អេស៊ីប​ខំ​ចេញ​ទៅ​ដើរ​កាត់ នោះ​ទឹក​សមុទ្រ​បាន​លេប​ពួក​គេ​បាត់​»។ (​ហេ. ១១:២៩​) ក្រោយ​មក ​«​គេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ផង​»។—និក្ខ. ១៤:៣១

១៧​. តើ​ព្រឹត្ដិការណ៍​អ្វី​នៅ​ពេល​អនាគត​នឹង​សាកល្បង​ជំនឿ​របស់​យើង?

១៧ មិន​យូរ​ប៉ុន្មាន ជីវិត​របស់​យើង​នឹង​ហាក់​ដូច​ជា​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ នៅ​ពេល​សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម រដ្ឋាភិបាល​នានា​នៃ​ពិភព​លោក​នឹង​បាន​បំផ្លាញ​អង្គការ​សាសនា​ដែល​ធំ​ជាង​និង​មាន​គ្នា​ច្រើន​ជាង​យើង​ទៅ​ទៀត។ (​បប. ១៧:១៦​) នៅ​ក្នុង​ទំនាយ​មួយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​យើង​នឹង​គ្មាន​អ្វី​ការពារ​ដូច​ជា​«​ស្រុក​ដែល​នៅ​ចំហ . . . ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ​»។ (​អេស. ៣៨:១០​-​១២, ១៤​-​១៦​) ពួក​អ្នក​ដែល​មិន​ឃើញ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​គិត​ថា​យើង​មិន​អាច​រួច​ជីវិត​ទេ។ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៨​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

១៨ យើង​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ត្រឹម​តែ​បាន​ទាយ​ថា​រាស្ត្រ​របស់​លោក​នឹង​ត្រូវ​រង​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ទាយ​ដែរ​ថា​លោក​នឹង​សង្គ្រោះ​ពួក​គេ។ ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រា​នោះ កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ ដ្បិត​គឺ​ដោយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ នឹង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ដែល​អញ​បាន​ថា​»។ (​អេស. ៣៨:១៨​-​២៣​) ក្រោយ​មក​ព្រះ​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ទុក្ខ​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បើ​អ្នក​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​អ្នក​ក្នុង​អំឡុង​«​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​»​ នោះ​អ្នក​នឹង​អាច​ឃើញ​«​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​រក្សា​ជំនឿ​មាំ​មួន។—យ៉ូល. ២:៣១, ៣២

១៩​. (​ក​) តើ​ចំណង​មិត្តភាព​រវាង​ព្រះ​យេហូវ៉ា​និង​ម៉ូសេ​គឺ​ជិត​ស្និទ្ធ​យ៉ាង​ណា? (​ខ​) បើ​អ្នក​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក តើ​អ្នក​នឹង​ទទួល​ពរ​អ្វី?

១៩ នៅ​ពេល​ឥឡូវ​នេះ សូម​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ទាំង​នោះ ដោយ​បន្ត​«​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​! សូម​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តាម​រយ:ការ​សិក្សា​និង​ការ​អធិដ្ឋាន​យ៉ាង​ទៀង​ទាត់។ ម៉ូសេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ប្រើ​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​អស្ចារ្យ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​បាន​ស្គាល់​ម៉ូសេ​«​ប្រទល់​មុខ​»។ (​ចោ. ៣៤:១០​) ម៉ូសេ​គឺ​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​អស្ចារ្យ។ បើ​អ្នក​មាន​ជំនឿ នោះ​អ្នក​ក៏​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ គឺ​ហាក់​ដូច​ជា​អ្នក​អាច​ឃើញ​លោក។ បើ​អ្នក​តែង​តែ​ស្ដាប់​បង្គាប់​លោក​«​នៅ​គ្រប់​ទាំង​ផ្លូវ​»​របស់​អ្នក ដូច​បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ នោះ​លោក​«​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​»​របស់​អ្នក។—សុភ. ៣:៦

a ព្រះ​យេហូវ៉ា​ទំនង​ជា​បាន​ចាត់​ពួក​ទេវតា​ឲ្យ​អនុវត្ត​ការ​វិនិច្ឆ័យ​ទៅ​លើ​ជន​ជាតិ​អេស៊ីប។—ទំនុក. ៧៨:៤៩​-​៥១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក