បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៤ ទំ. ៣-៧
  • ចូរធ្វើតាមជំនឿរបស់ម៉ូសេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើតាមជំនឿរបស់ម៉ូសេ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គាត់​បាន​លះ​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ
  • គាត់​បាន​យល់​តម្លៃ​នៃ​ឯកសិទ្ធិ​របស់​គាត់​ក្នុង​កិច្ច​បម្រើ
  • ​«​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់​»​
  • តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ហេតុដែលម៉ូសេបានរត់ចេញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ភ្លើងឆេះក្នុងគុម្ពបន្លា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៤ ទំ. ៣-៧

ចូរ​ធ្វើ​តាម​ជំនឿ​របស់​ម៉ូសេ

​«​ដោយ​សារ​ជំនឿ ពេល​ដែល​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​ឡើយ​»។—ហេ. ១១:២៤

តើ​គំរូ​របស់​ម៉ូសេ​បង្រៀន​យើង​យ៉ាង​ណា​អំពី . . .

  • ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​គម្រោង​សម្រាប់​អនាគត​ដែល​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​និង​អនាគត​ជា​យូរ​អង្វែង?

  • របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ?

  • មូលហេតុ​ដែល​យើង​ត្រូវ​សម្លឹង​ចំ​ទៅ​រង្វាន់​របស់​យើង?

១, ២​. (​ក​) ពេល​ម៉ូសេ​មាន​អាយុ​៤០​ឆ្នាំ តើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។ (​ខ​) ហេតុ​អ្វី​ម៉ូសេ​បាន​សម្រេច​ចិត្ត​រង​ទុក្ខ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល?

ម៉ូសេ​បាន​ដឹង​ថា​ស្រុក​អេស៊ីប​អាច​ផ្ដល់​ឲ្យ​គាត់​នូវ​អនាគត​បែប​ណា។ គាត់​បាន​ឃើញ​ផ្ទះ​ស្អាត​ធំ​ៗ​របស់​អ្នក​មាន​ស្តុកស្តម្ភ។ គាត់​ជា​សមាជិក​ក្រុម​គ្រួសារ​ស្តេច។ គាត់​«​បាន​ត្រូវ​អប់រំ​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​ជន​ជាតិ​អេស៊ីប​»​ ដែល​ទំនង​ជា​រួម​បញ្ចូល​សិល្បៈ តារាសាស្ត្រ គណិត​សាស្ត្រ និង​វិទ្យា​សាស្ត្រ​ឯ​ទៀត។ (​សកម្ម. ៧:២២​) គឺ​ងាយ​ស្រួល​ណាស់​ដែល​គាត់​អាច​មាន​ទ្រព្យ​សម្បត្ដិ អំណាច និង​ឯកសិទ្ធិ​ដែល​ជន​ជាតិ​អេស៊ីប​ធម្មតា​មិន​អាច​មាន។

២ ប៉ុន្តែ ពេល​ម៉ូសេ​មាន​អាយុ​៤០​ឆ្នាំ គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ស្តេច​ស្រុក​អេស៊ីប​ដែល​បាន​ចិញ្ចឹម​គាត់ មិន​អាច​យល់​បាន។ គាត់​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​អនាគត​របស់​គាត់​នៅ​ស្រុក​អេស៊ីប។ តើ​គាត់​ចង់​បាន​ជីវិត​ដូច​ជន​ជាតិ​អេស៊ីប​ធម្មតា​ឬ? ទេ សូម្បី​តែ​ជីវិត​បែប​នោះ​ក៏​គាត់​មិន​ចង់​បាន​ដែរ! គាត់​ចង់​រស់​នៅ​ជា​មួយ​នឹង​ពួក​ខ្ញុំ​បម្រើ។ ហេតុ​អ្វី? ពីព្រោះ​ម៉ូសេ​មាន​ជំនឿ។ (​សូម​អាន ហេប្រឺ ១១:២៤​-​២៦​) ដោយ​សារ​ជំនឿ ម៉ូសេ​បាន​មើល​ឃើញ​ឆ្ងាយ​ជាង​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​គាត់។ ជា​មនុស្ស​ដែល​ស្រឡាញ់​ព្រះ ម៉ូសេ​មាន​ជំនឿ​ទៅ​លើ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»​ ពោល​គឺ​ព្រះ​យេហូវ៉ា និង​មាន​ជំនឿ​ទៅ​លើ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ។—ហេ. ១១:២៧

៣​. តើ​សំណួរ​បី​ដែល​នឹង​ត្រូវ​ឆ្លើយ​នៅ​ក្នុង​អត្ថបទ​នេះ​គឺ​អ្វី​ខ្លះ?

៣ ដូច​ម៉ូសេ​ដែរ យើង​ត្រូវ​មាន​ជំនឿ​ដើម្បី​មើល​ឃើញ​ឆ្ងាយ​ជាង​អ្វី​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ ហើយ​មើល​ឃើញ​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ធ្វើ​ជា​«​មនុស្ស​ដែល​មាន​ជំនឿ​»។ (​ហេប្រឺ ១០:៣៨, ៣៩​) ដើម្បី​ជួយ​ពង្រឹង​ជំនឿ​របស់​យើង ចូរ​យើង​ពិនិត្យ​មើល​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ម៉ូសេ​នៅ​ហេប្រឺ ១១:២៤​-​២៦។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ: តើ​តាម​របៀប​ណា​ជំនឿ​បាន​ជំរុញ​ម៉ូសេ​ឲ្យ​លះ​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ? ពេល​គេ​ដៀល​ត្មះ​គាត់ តើ​ជំនឿ​បាន​ជួយ​គាត់​ឲ្យ​យល់​តម្លៃ​នៃ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ម៉ូសេ​បាន​«​សម្លឹង​ចំ​ទៅ​រង្វាន់​»​?

គាត់​បាន​លះ​ចោល​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ

៤​. តើ​ម៉ូសេ​បាន​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ការ‹សប្បាយ​នឹង​អំពើ​ខុស​ឆ្គង›?

៤ ដោយ​សារ​ម៉ូសេ​មាន​ជំនឿ គាត់​បាន​ទទួល​ស្គាល់​ថា​ការ‹សប្បាយ​នឹង​អំពើ​ខុស​ឆ្គង› គឺ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​ឯ​ទៀត​ប្រហែល​ជា​បាន​រិះ​គិត​ថា​ទោះ​ជា​ស្រុក​អេស៊ីប​ពោរ​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​រូប​ព្រះ​និង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ក៏​ដោយ ស្រុក​នោះ​បាន​ទៅ​ជា​មហាអំណាច កាល​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​រង​ទុក្ខ​ជា​ខ្ញុំ​បម្រើ! ប៉ុន្តែ​ម៉ូសេ​បាន​ដឹង​ថា​ព្រះ​អាច​ផ្លាស់​ប្ដូរ​ស្ថានភាព​នោះ។ ទោះ​ជា​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ហាក់​ដូច​ជា​បាន​ជោគជ័យ​ក៏​ដោយ ម៉ូសេ​មាន​ជំនឿ​ថា​មនុស្ស​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល។ ជា​លទ្ធផល គាត់​មិន​បាន​ត្រូវ​ទាក់​ទាញ​ដោយ​ការ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​ឡើយ។

៥​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ការ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​?

៥ តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ការ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​? សូម​កុំ​ភ្លេច​ថា​ការ​សប្បាយ​នឹង​អំពើ​ខុស​ឆ្គង គឺ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ជំនឿ​នឹង​ជួយ​អ្នក​ឃើញ​ថា​«​ពិភព​លោក​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»។ (​១យ៉ូន. ២:១៥​-​១៧​) សូម​រំពឹង​គិត​អំពី​អនាគត​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត។ ​«​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល . . . គេ​ត្រូវ​សាប​សូន្យ​ទៅ​ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច!​»។ (​ទំនុក. ៧៣:១៨, ១៩​) ពេល​អ្នក​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចង់​បាន​អនាគត​បែប​ណា?›។

៦​. (​ក​) ហេតុ​អ្វី​បាន​ជា​ម៉ូសេ​មិន​ព្រម​ឲ្យ​«​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​»​ឡើយ? (​ខ​) ហេតុ​អ្វី​អ្នក​គិត​ថា​ម៉ូសេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ?

៦ ជំនឿ​របស់​ម៉ូសេ​ក៏​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ជ្រើស​រើស​អាជីព​របស់​គាត់​ដែរ។ ​«​ដោយ​សារ​ជំនឿ ពេល​ដែល​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​ឡើយ​»។ (​ហេ. ១១:២៤​) ម៉ូសេ​មិន​បាន​រិះ​គិត​ថា​គាត់​អាច​បម្រើ​ព្រះ​ក្នុង​នាម​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ស្តេច ហើយ​ក្រោយ​មក​ប្រើ​ទ្រព្យ​សម្បត្ដិ​និង​ឯកសិទ្ធិ​របស់​គាត់​ដើម្បី​ជួយ​បង​ប្អូន​របស់​គាត់​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ផ្ទុយ​ទៅ​វិញ ម៉ូសេ​បាន​តាំង​ចិត្ត​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​និង​អស់​ពី​កម្លាំង​របស់​គាត់។ (​ចោ. ៦:៥​) ការ​សម្រេច​ចិត្ត​របស់​ម៉ូសេ​បាន​ជួយ​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ឈឺ​ចិត្ត​ជា​ច្រើន។ ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប​ដែល​គាត់​បាន​លះ​បង់ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​បាន​ត្រូវ​ជន​ជាតិ​អ៊ីស្រាអែល​យក! (​និក្ខ. ១២:៣៥, ៣៦​) ផារ៉ូ​បាន​ត្រូវ​បំបាក់​មុខ​និង​ត្រូវ​ប្រហារ​ជីវិត។ (​ទំនុក. ១៣៦:១៥​) ផ្ទុយ​ទៅ​វិញ ម៉ូសេ​បាន​ត្រូវ​សង្គ្រោះ ហើយ​ព្រះ​បាន​ប្រើ​គាត់​ឲ្យ​នាំ​ប្រជាជាតិ​ទាំង​មូល​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ ជីវិត​របស់​គាត់​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ។

៧​. (​ក​) យោង​ទៅ​តាម​ម៉ាថាយ ៦:១៩​-​២១ ហេតុ​អ្វី​យើង​គួរ​មើល​ហួស​ពី​អនាគត​ដែល​ស្ថិត​នៅ​តែ​មួយ​ភ្លែត? (​ខ​) ស្តី​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​គម្រោង​សម្រាប់​អនាគត​ដែល​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​និង​អនាគត​ជា​យូរ​អង្វែង តើ​មាន​បទ​ពិសោធន៍​អ្វី?

៧ បើ​អ្នក​ជា​អ្នក​បម្រើ​វ័យ​ក្មេង​របស់​ព្រះ​យេហូវ៉ា តើ​តាម​របៀប​ណា​ជំនឿ​អាច​ជួយ​អ្នក​ឲ្យ​ជ្រើស​រើស​អាជីព​មួយ? ជា​ការ​ល្អ​បើ​អ្នក​ធ្វើ​គម្រោង​សម្រាប់​អនាគត។ ប៉ុន្តែ តើ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ជំរុញ​អ្នក​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ​សម្រាប់​អនាគត​ដែល​មាន​រយៈ​ពេល​ខ្លី​ឬ​អនាគត​ជា​យូរ​អង្វែង? (​សូម​អាន ម៉ាថាយ ៦:១៩​-​២១​) នោះ​ជា​សំណួរ​ដែល​អ្នក​រាំ​របាំ​បាល់ឡេ​ដ៏​ប៉ិនប្រសប់​ម្នាក់​ឈ្មោះ​សូហ្វី​បាន​ឆ្ងល់។ នាង​បាន​ត្រូវ​ក្រុម​ហ៊ុន​របាំ​បាល់ឡេ​ជា​ច្រើន​នៅ​ទូ​ទាំង​សហរដ្ឋអាម៉េរិក​ស្នើ​ផ្ដល់​អាហារូបករណ៍​នឹង​ឋានៈ​ដែល​មនុស្ស​ជា​ច្រើន​ចង់​បាន។ នាង​និយាយ​ថា​៖ ​«​ពេល​មនុស្ស​កោត​ស្ងើច ហើយ​ស្រឡាញ់​ខ្ញុំ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​»។ នាង​ថែម​ទាំង​សារភាព​ថា​នាង​មាន​អារម្មណ៍​ថា​នាង​ពូកែ​ជាង​អ្នក​រាំ​ឯ​ទៀត។ ប៉ុន្តែ​នាង​មិន​សប្បាយ​ទេ។ ក្រោយ​មក​សូហ្វី​បាន​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា សំណួរ​ដែល​យុវវ័យ​សួរ តើ​ខ្ញុំ​មាន​បំណង​អ្វី​ចំពោះ​ជីវិត​របស់​ខ្ញុំ? នាង​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ពិភព​លោក​នេះ​បាន​ឲ្យ​ខ្ញុំ​នូវ​ជោគជ័យ​និង​ការ​កោត​ស្ងើច​ពី​ពួក​អ្នក​គាំ​ទ្រ​ដើម្បី​ប្ដូរ​យក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​លោក។ ក្រោយ​មក​ខ្ញុំ​បាន​បោះបង់​អាជីព​ជា​អ្នក​រាំ​របាំ​»។ តើ​នាង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​នាង? ​«​ខ្ញុំ​មិន​នឹកនា​ដល់​ជីវិត​ពី​មុន​របស់​ខ្ញុំទេ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​សប្បាយ​១០០​ភាគ​រយ។ ខ្ញុំ​ត្រួស​ត្រាយ​ជា​មួយ​នឹង​ប្ដី​ខ្ញុំ។ យើង​មិន​ល្បី​ឈ្មោះ​ទេ ហើយ​យើង​មិន​សូវ​មាន​ទ្រព្យ​សម្បត្ដិ​ឡើយ ប៉ុន្តែ​យើង​មាន​ព្រះ​យេហូវ៉ា សិស្ស​គម្ពីរ​និង​គោល​ដៅ​ក្នុង​កិច្ច​បម្រើ។ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​សោះ​ឡើយ​»។

៨​. តើ​ឱវាទ​អ្វី​ពី​គម្ពីរ​អាច​ជួយ​បុគ្គល​វ័យ​ក្មេង​ម្នាក់​សម្រេច​ចិត្ត​ថា​គាត់​មាន​បំណង​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​គាត់?

៨ ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​ប្រសើរ​បំផុត​សម្រាប់​អ្នក។ ម៉ូសេ​បាន​និយាយ​ថា​៖ ​«​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង នឹង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ​យេហូវ៉ា នឹង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំ​រាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង​»។ (​ចោ. ១០:១២, ១៣​) កាល​ដែល​អ្នក​នៅ​ក្មេង សូម​ជ្រើស​រើស​យក​អាជីព​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ឲ្យ​បម្រើ​លោក​«​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​»​របស់​អ្នក។ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ការ​ធ្វើ​បែប​នេះ​នឹង​«​ជា​សេចក្ដី​ល្អ​»​ដល់​អ្នក។

គាត់​បាន​យល់​តម្លៃ​នៃ​ឯកសិទ្ធិ​របស់​គាត់​ក្នុង​កិច្ច​បម្រើ

៩​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ម៉ូសេ​ប្រហែល​ជា​ពិបាក​បំពេញ​ភារកិច្ច​របស់​គាត់។

៩ ម៉ូសេ​បាន​«​ចាត់​ទុក​ការ​រង​ការ​ជេរ​ប្រមាថ​ក្នុង​នាម​ជា​គ្រិស្ត​ថា​ជា​ទ្រព្យ​វិសេស​ជាង​ទ្រព្យ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​»។ (​ហេ. ១១:២៦​) ម៉ូសេ​បាន​ត្រូវ​តែង​តាំង​ជា​«​គ្រិស្ត​»​ឬ​«​អ្នក​ដែល​លោក​បាន​រើស​តាំង​»​ ក្នុង​ន័យ​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់​ឲ្យ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។ ម៉ូសេ​បាន​ដឹង​ថា ការ​ធ្វើ​តាម​បង្គាប់​នេះ​នឹង​ជា​ការ​ពិបាក ថែម​ទាំង​ជា​«​ការ​រង​ការ​ជេរ​ប្រមាថ​»​ទៀត​ផង។ មុន​នេះ ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​បាន​ចំអក​ឲ្យ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ​ក្រម​លើ​យើង​រាល់​គ្នា?​»។ (​និក្ខ. ២:១៣, ១៤​) ក្រោយ​មក ម៉ូសេ​ផ្ទាល់​បាន​សួរ​ព្រះ​យេហូវ៉ា​ថា តើ​ផារ៉ូ​«​ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដាប់​តាម​ទូល​បង្គំ​បាន?​»។ (​និក្ខ. ៦:១២​) ដើម្បី​ត្រៀម​ខ្លួន​និង​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ជេរ​ប្រមាថ ម៉ូសេ​បាន​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​ការ​ភ័យ​ខ្លាច​និង​កង្វល់​របស់​គាត់។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ម៉ូសេ​យ៉ាង​ដូច​ម្ដេច​ឲ្យ​បំពេញ​ភារកិច្ច​ដ៏​ពិបាក​របស់​គាត់?

១០​. តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ម៉ូសេ​យ៉ាង​ដូច​ម្ដេច​ឲ្យ​បំពេញ​ភារកិច្ច​របស់​គាត់?

១០ ទី​១ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​ម៉ូសេ​ថា​៖ ​«​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ​»។ (​និក្ខ. ៣:១២​) ទី​២ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​សេចក្ដី​សង្ឃឹម​និង​ចិត្ត​ក្លាហាន​ដោយ​ពន្យល់​ផ្នែក​មួយ​នៃ​អត្ថ​ន័យ​នៃ​នាម​របស់​លោក​ថា​៖ ​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»​ ឬ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា។a (​និក្ខ. ៣:១៤​) ទី​៣ លោក​បាន​ឲ្យ​ម៉ូសេ​មាន​ឫទ្ធានុភាព​ធ្វើ​ការ​អស្ចារ្យ​ដែល​បញ្ជាក់​ថា​ព្រះ​ពិត​ជា​បាន​ចាត់​ម៉ូសេ​ឲ្យ​មក​មែន។ (​និក្ខ. ៤:២​-​៥​) ទី​៤ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អេរ៉ុន​ឲ្យ​និយាយ​ជំនួស​ម៉ូសេ​និង​ឲ្យ​ជួយ​គាត់​បំពេញ​ភារកិច្ច​របស់​គាត់។ (​និក្ខ. ៤:១៤​-​១៦​) នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ម៉ូសេ គាត់​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ព្រះ​ជួយ​អ្នក​បម្រើ​របស់​លោក​ឲ្យ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​លោក​ប្រគល់​ឲ្យ​ពួក​គេ។ ហេតុ​នេះ​ដោយ​មាន​ទំនុក​ចិត្ត គាត់​អាច​ប្រាប់​យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​តំណែង​គាត់​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ​ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ​»។—ចោ. ៣១:៨

១១​. ហេតុ​អ្វី​ម៉ូសេ​បាន​ចាត់​ទុក​ភារកិច្ច​របស់​គាត់​ថា​មាន​តម្លៃ​ខ្លាំង?

១១ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា ម៉ូសេ​បាន​ចាត់​ទុក​ភារកិច្ច​ដ៏​ពិបាក​របស់​គាត់​ថា​មាន​តម្លៃ​ខ្លាំង​ជាង​«​ទ្រព្យ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​»​ទៅ​ទៀត។ គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​បម្រើ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ឡើយ។ ការ​ធ្វើ​ជា​អ្នក​អង្គ​ម្ចាស់​នៅ​ស្រុក​អេស៊ីប គឺ​គ្មាន​តម្លៃ​សោះ​បើ​ប្រៀប​ធៀប​នឹង​ការ​ធ្វើ​ជា​«​គ្រិស្ត​»​ ឬ​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង។ ម៉ូសេ​បាន​ទទួល​រង្វាន់​ដោយ​សារ​គាត់​ចេះ​ដឹង​គុណ។ គាត់​មាន​ភាព​ជិត​ស្និទ្ធ​ជា​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​បាន​ជួយ​គាត់​ឲ្យ​បង្ហាញ​«​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​»​ ឬ​ឫទ្ធានុភាព​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច កាល​ដែល​គាត់​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ស្រុក​ដែល​ព្រះ​បាន​សន្យា។—ចោ. ៣៤:១០​-​១២

១២​. តើ​យើង​គួរ​ដឹង​គុណ​ចំពោះ​ឯកសិទ្ធិ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា?

១២ យើង​ក៏​មាន​ភារកិច្ច​មួយ​ដែរ។ តាម​រយៈ​បុត្រ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ចាត់​តាំង​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ ដូច​លោក​បាន​ចាត់​តាំង​សាវ័ក​ប៉ូល​និង​អ្នក​ឯ​ទៀត។ (​សូម​អាន ធីម៉ូថេ​ទី​១ ១:១២​-​១៤​) យើង​ទាំង​អស់​គ្នា​មាន​ឯកសិទ្ធិ​ប្រកាស​ដំណឹង​ល្អ។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) បង​ប្អូន​ខ្លះ​ធ្វើ​ជា​អ្នក​បម្រើ​ពេញ​ពេល។ បង​ប្រុស​ៗ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មាន​ភាព​ចាស់​ទុំ​បម្រើ​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​ជា​អ្នក​ចាស់​ទុំ។ ប៉ុន្តែ ក្រុម​គ្រួសារ​របស់​អ្នក​ដែល​មិន​មែន​ជា​អ្នក​ជឿ និង​អ្នក​ឯ​ទៀត​ប្រហែល​ជា​សង្ស័យ​ថា​ឯកសិទ្ធិ​ទាំង​នេះ​គឺ​គ្មាន​តម្លៃ​ទេ ឬ​ថែម​ទាំង​ដៀល​ត្មះ​អ្នក​ចំពោះ​ការ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៀត​ផង។ (​ម៉ាថ. ១០:៣៤​-​៣៧​) បើ​ពួក​គេ​មាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត នោះ​អ្នក​អាច​ចាប់​ផ្ដើម​ឆ្ងល់​ថា ការ​លះ​បង់​របស់​អ្នក មាន​ប្រយោជន៍​ឬ​មិន​មាន ឬ​សង្ស័យ​ថា​អ្នក​ពិត​ជា​អាច​បំពេញ​ភារកិច្ច​របស់​អ្នក ឬ​មិន​អាច។ បើ​នោះ​កើត​ឡើង​ដល់​អ្នក តើ​តាម​របៀប​ណា​ជំនឿ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ?

១៣​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​បំពេញ​ភារកិច្ច​ដែល​លោក​ផ្ដល់​ឲ្យ​យើង?

១៣ ចូរ​អធិដ្ឋាន​សុំ​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា ដោយ​មាន​ជំនឿ​ថា​លោក​នឹង​ជួយ​អ្នក។ ចូរ​ប្រាប់​លោក​អំពី​ការ​ភ័យ​ខ្លាច​និង​កង្វល់​របស់​អ្នក។ ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក នោះ​លោក​នឹង​ជួយ​អ្នក​ឲ្យ​មាន​ជោគជ័យ។ តើ​តាម​របៀប​ណា? គឺ​តាម​របៀប​ដូច​គ្នា​នឹង​របៀប​ដែល​លោក​បាន​ជួយ​ម៉ូសេ។ ទី​១ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​៖ ​«​អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​អញ​»។ (​អេ. ៤១:១០​) ទី​២ លោក​រំលឹក​អ្នក​ថា​អ្នក​អាច​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​៖ ​«​អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សំ​រេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង​»។ (​អេ. ៤៦:១១​) ទី​៣ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ (​២កូ. ៤:៧​) ទី​៤ ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ភារកិច្ច​របស់​អ្នក បិតា​របស់​យើង​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់ ឲ្យ​អ្នក​នូវ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​ដែល​«​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​១ថែ. ៥:១១​) ពេល​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បំពេញ​ភារកិច្ច​របស់​អ្នក​ដោយ​ជោគជ័យ នោះ​ជំនឿ​របស់​អ្នក​លើ​លោក​នឹង​កាន់​តែ​មាំ​មួន។ ជា​លទ្ធផល អ្នក​នឹង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​លោក ខ្លាំង​ជាង​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​ក្នុង​ពិភព​លោក។

​«​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់​»​

១៤​. ហេតុ​អ្វី​ម៉ូសេ​បាន​ប្រាកដ​ថា​គាត់​នឹង​ទទួល​រង្វាន់?

១៤ ម៉ូសេ​បាន​«​សម្លឹង​ចំ​ទៅ​រង្វាន់​»។ (​ហេ. ១១:២៦​) ទោះ​ជា​មាន​អ្វី​ជា​ច្រើន​ស្តី​អំពី​អនាគត​ដែល​ម៉ូសេ​មិន​បាន​ដឹង​ក៏​ដោយ គាត់​បាន​ឲ្យ​អ្វី​បន្ដិច​បន្តួច​ដែល​គាត់​បាន​ដឹង ណែនាំ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ដូច​អាប្រាហាំ​ដែល​ជា​បុព្វ​បុរស​របស់​គាត់ ម៉ូសេ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​លូក. ២០:៣៧, ៣៨; ហេ. ១១:១៧​-​១៩​) សេចក្ដី​សង្ឃឹម​អំពី​ពរ​នៅ​ពេល​អនាគត​បាន​ជួយ​ម៉ូសេ​មិន​ឲ្យ​ចាត់​ទុក​៤០​ឆ្នាំ​នៃ​ជីវិត​ជា​ជន​ភៀស​ខ្លួន និង​៤០​ឆ្នាំ​នៃ​ជីវិត​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​ជា​ជីវិត​អសារ​ឥត​ការ​ឡើយ។ ទោះ​ជា​ម៉ូសេ​មិនដឹង​ច្បាស់​អំពី​របៀប​ដែល​ព្រះ​នឹង​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា​ក៏​ដោយ គាត់​មាន​ជំនឿ​ខ្លាំង​លើ​ព្រះ​យេហូវ៉ា​រហូត​ដល់​គាត់​ហាក់​ដូច​ជា​អាច​ឃើញ​រង្វាន់​របស់​គាត់​នា​អនាគត។

១៥, ១៦​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់? (​ខ​) តើ​អ្នក​កំពុង​ទន្ទឹង​រង់​ចាំ​ពរ​អ្វី​ខ្លះ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ?

១៥ តើ​អ្នក​«​សម្លឹង​ចំ​ទៅ​រង្វាន់​»​របស់​អ្នក​ឬ​ទេ? ដូច​ម៉ូសេ យើង​នៅ​តែ​មិន​ដឹង​ច្បាស់​អំពី​របៀប​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​បាន​សម្រេច។ ជា​ឧទាហរណ៍ យើង​«​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​»​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ឡើយ។ (​ម៉ាក. ១៣:៣២, ៣៣​) ប៉ុន្តែ យើង​ដឹង​អំពី​សួន​ឧទ្យាន​នា​អនាគត​ច្រើន​ជាង​ម៉ូសេ​ឆ្ងាយ​ណាស់។ ទោះ​ជា​គ្មាន​ព័ត៌មាន​ល្អិត​ល្អន់​ទាំង​អស់​ក៏​ដោយ យើង​មាន​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ គ្រប់​គ្រាន់​ដើម្បី​«​សម្លឹង​ចំ​ទៅ​»​ជីវិត​នៅ​ពេល​នោះ។ ការ​ឃើញ​រូប​ភាព​នៃ​ពិភព​លោក​ថ្មី​ច្បាស់​ក្នុង​គំនិត​នឹង​ជំរុញ​យើង​ឲ្យ​ស្វែងរក​រាជាណាចក្រ​ជា​មុន។ តើ​តាម​របៀប​ណា? សូម​ពិចារណា​ថា តើ​អ្នក​នឹង​ទិញ​ផ្ទះ​មួយ បើ​អ្នក​មិន​សូវ​ដឹង​អំពី​ផ្ទះ​នោះ​ឬ? អ្នក​ប្រាកដជា​មិន​ទិញ​ទេ! ស្រដៀង​គ្នា​ដែរ យើង​នឹង​មិន​ប្រើ​ជីវិត​របស់​យើង​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ស្រពេចស្រពិល​បាន​សម្រេច​ឡើយ។ ជំនឿ​របស់​យើង​គួរ​ជួយ​យើង​ឲ្យ​ឃើញ​រូប​ភាព​ច្បាស់​អំពី​ជីវិត​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ។

១៦ ដើម្បី​ឃើញ​រូប​ភាព​ច្បាស់​ក្នុង​គំនិត​របស់​អ្នក​អំពី​រាជាណាចក្រ​ព្រះ សូម​«​សម្លឹង​ចំ​ទៅ​»​ ពោល​គឺ​ស្រមៃ​គិត​អំពី​ជីវិត​របស់​អ្នក​នៅ​សួន​ឧទ្យាន។ ជា​ឧទាហរណ៍ ពេល​អ្នក​សិក្សា​អំពី​ជីវិត​របស់​បុគ្គល​ក្នុង​គម្ពីរ​ដែល​រស់​នៅ​មុន​សម័យ​គ្រិស្ត​សាសនិក សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ប្រហែល​ជា​សួរ​ពួក​គាត់ ពេល​ពួក​គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ សូម​ស្រមៃ​គិត​ថា​ពួក​គាត់​ប្រហែល​ជា​នឹង​សួរ​អ្នក​អ្វី​ខ្លះ​អំពី​ជីវិត​របស់​អ្នក​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ សូម​ស្រមៃ​គិត​ថា​អ្នក​នឹង​រំភើប​ចិត្ត​យ៉ាង​ណា​ពេល​អ្នក​ជួប​បុព្វ​បុរស​របស់​អ្នក​តាំង​ពី​សតវត្សរ៍​មុន​ៗ ហើយ​បង្រៀន​ពួក​គាត់​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ពួក​គាត់។ សូម​ស្រមៃ​គិត​ថា​អ្នក​អរ​សប្បាយ​យ៉ាង​ណា​កាល​ដែល​អ្នក​រៀន​អំពី​សត្វ​ព្រៃ​ជា​ច្រើន​ដោយ​សង្កេត​មើល​វា​នៅ​លើ​ផែន​ដី​ដ៏​សុខ​សាន្ត។ សូម​រំពឹង​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​យ៉ាង​ណា​នឹង​ព្រះ​យេហូវ៉ា​កាល​ដែល​អ្នក​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​បន្ដិច​ម្ដង​ៗ។

១៧​. តើ​ការ​ឃើញ​រូប​ភាព​ច្បាស់​ក្នុង​គំនិត​អំពី​រង្វាន់​របស់​យើង​នៅ​អនាគត​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​នៅ​សព្វ​ថ្ងៃ​នេះ?

១៧ ការ​ឃើញ​រូប​ភាព​ច្បាស់​ក្នុង​គំនិត​របស់​យើង​អំពី​រង្វាន់​នៅ​អនាគត ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ឲ្យ​មាន​អំណរ​និង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ដឹង​ថា​យើង​នឹង​រស់​ជា​រៀង​រហូត។ ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​៖ ​«​ប្រសិនបើ​យើង​សង្ឃឹម​ឲ្យ​បាន​អ្វី​ដែល​យើង​មិន​ទាន់​ទទួល នោះ​យើង​បន្ត​រង់​ចាំ​ទទួល​ដោយ​ស៊ូ​ទ្រាំ​ទៀត​ផង​»។ (​រ៉ូម ៨:២៥​) ប៉ុន្តែ​នេះ​មិន​គ្រាន់តែ​សំដៅ​លើ​ពួក​អ្នក​រើស​តាំង​ប៉ុណ្ណោះ​ទេ គឺ​សំដៅ​លើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ទោះ​ជា​យើង​មិន​ទាន់​បាន​ទទួល​រង្វាន់​របស់​យើង​ក៏​ដោយ សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​យើង​បន្ត​រង់​ចាំ​«​រង្វាន់​»​ដោយ​ចិត្ត​អត់​ធ្មត់។ ដូច​ម៉ូសេ យើង​មិន​ចាត់​ទុក​ឆ្នាំ​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ថា​ជា​ពេល​ដែល​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ជឿ​ជាក់​ថា​«​អ្វី​ដែល​យើង​មើល​ឃើញ គឺ​គ្រាន់តែ​បណ្ដោះ​អាសន្ន តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ នោះ​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។—សូម​អាន កូរិនថូសទី២ ៤:១៦​-​១៨

១៨, ១៩​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​តយុទ្ធ​ដើម្បី​រក្សា​ជំនឿ​របស់​យើង? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ ជំនឿ​ជួយ​យើង​ឲ្យ​ឃើញ​«​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។ (​ហេ. ១១:១​) មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត​មិន​ឃើញ​តម្លៃ​ពិសេស​នៃ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ចំពោះ​បុគ្គល​បែប​នេះ ឯកសិទ្ធិ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ជា​«​រឿង​ផ្ដេសផ្ដាស​»។ (​១កូ. ២:១៤​) ប៉ុន្តែ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ហើយ​ឃើញ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នេះ​ជា​អ្វី​ដែល​ពិភព​លោក​មិន​អាច​ស្រមៃ​ឃើញ​ឡើយ។ ដូច​ពួក​ទស្សនវិទូ​នៅ​សម័យ​ប៉ូល​ដែល​បាន​ហៅ​គាត់​ថា​ជា​មនុស្ស​«​ព្រោក​ប្រាជ្ញ​»​ដែល​គ្មាន​ចំណេះ​វិជ្ជា មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​គិត​ថា​សេចក្ដី​សង្ឃឹម​ដែល​យើង​ផ្សព្វ​ផ្សាយ​គឺ​ជា​រឿង​ផ្ដេសផ្ដាស​ទាំង​ស្រុង។—សកម្ម. ១៧:១៨

១៩ ដោយ​សារ​នៅ​ជុំ​វិញ​យើង​មាន​មនុស្ស​ដែល​គ្មាន​ជំនឿ នោះ​យើង​ត្រូវ​តយុទ្ធ​ដើម្បី​រក្សា​ជំនឿ​របស់​យើង។ ចូរ​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​«​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ​»។ (​លូក. ២២:៣២​) ដូច​ម៉ូសេ ចូរ​ឃើញ​ច្បាស់​ក្នុង​គំនិត​នូវ​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង ឯកសិទ្ធិ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​នោះ​ជា​អ្វី​ទាំង​អស់​ដែល​យើង​រៀន​ពី​គំរូ​របស់​ម៉ូសេ​ឬ? មិន​មែន​ទេ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​ជំនឿ​បាន​ជួយ​ម៉ូសេ​ឲ្យ​ឃើញ​«​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»។—ហេ. ១១:២៧

a បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​បាន​ពន្យល់​ពាក្យ​នៅ​និក្ខមនំ ៣:១៤ ហើយ​បាន​និយាយ​ថា គ្មាន​អ្វី​អាច​រារាំង​ព្រះ​យេហូវ៉ា​មិន​ឲ្យ​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​នាម​នេះ[​យេហូវ៉ា​]នឹង​ជា​បន្ទាយ​របស់​អ៊ីស្រាអែល​»។ នាម​នេះ​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ​ដែល​ពួក​គេ​ត្រូវ​ការ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក