២៩
ហេតុដែលម៉ូសេបានរត់ចេញ
សូមក្រឡេកមើលម៉ូសេកំពុងតែរត់ចេញពីស្រុកអេស៊ីព្ទ។ តើអ្នកអាចឃើញពួកបុរសកំពុងតែដេញតាមគាត់ទេ? តើអ្នកដឹងនូវហេតុអ្វីបានជាពួកគេចង់សម្លាប់ម៉ូសេទេ? សូមឲ្យយើងពិនិត្យរកចម្លើយអំពីរឿងនេះ។
ម៉ូសេបានធំពេញវ័យឡើងក្នុងរាជវង្សនៃស្តេចផារ៉ោន ជាអ្នកគ្រប់គ្រងស្រុកអេស៊ីព្ទ។ គាត់បានទៅជាបុរសដ៏មានប្រាជ្ញានិងខ្ពង់ខ្ពស់ម្នាក់។ ម៉ូសេដឹងថា ខ្លួនគាត់មិនមែនជាសាសន៍អេស៊ីព្ទទេ តែឪពុកម្ដាយពិតរបស់គាត់ជាបាវសាសន៍អ៊ីស្រាអែលវិញ។
នៅថ្ងៃមួយ នៅពេលដែលគាត់មានអាយុ៤០ឆ្នាំ ម៉ូសេបានសម្រេចចិត្តទៅមើលប្រជាជនរបស់គាត់ ថាតើបានសុខសប្បាយយ៉ាងណាដែរ។ របៀបដែលគេប្រព្រឹត្តទៅលើប្រជាជនអ៊ីស្រាអែលនោះ គឺអាក្រក់ណាស់។ គាត់ឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយបាវសាសន៍អ៊ីស្រាអែលម្នាក់។ ម៉ូសេបានក្រឡេកមើលជុំវិញខ្លួន ហើយនៅពេលដែលគាត់មិនឃើញអ្នកណាមើល គាត់ក៏វាយសាសន៍អេស៊ីព្ទម្នាក់នោះស្លាប់ទៅ។ បន្ទាប់មក ម៉ូសេលាក់ខ្មោចនោះក្នុងដីខ្សាច់។
ថ្ងៃស្អែកឡើង ម៉ូសេក៏ចេញទៅមើលប្រជាជនរបស់គាត់ម្ដងទៀត។ គាត់បានគិតថា គាត់អាចជួយពួកគេ ដើម្បីកុំឲ្យពួកគេត្រូវធ្វើជាបាវទៀតឡើយ។ ប៉ុន្តែ គាត់ឃើញបុរសសាសន៍អ៊ីស្រាអែលពីរនាក់កំពុងតែវាយគ្នា ដូច្នេះ ម៉ូសេក៏និយាយទៅអ្នកដែលធ្វើខុសថា៖ ‹ហេតុអ្វីបានជាអ្នកវាយតប់បងប្អូនឯងអញ្ចឹង›?
បុរសនោះនិយាយថា៖ ‹តើអ្នកណាធ្វើឲ្យឯងជាអ្នកត្រួតត្រានិងជាចៅក្រមលើយើង? តើអ្នកនឹងសម្លាប់ខ្ញុំដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះដែរឬ›?
ឥឡូវនេះ ម៉ូសេចាប់ផ្ដើមមានសេចក្ដីភិតភ័យ។ គាត់បានដឹងថា ប្រជាជនបានដឹងនូវអ្វីដែលគាត់បានធ្វើទៅលើសាសន៍អេស៊ីព្ទម្នាក់នោះ។ សូម្បីតែស្តេចផារ៉ោនក៏បានដឹងដែរ ហើយទ្រង់បានចាត់ពួកបុរសឲ្យទៅសម្លាប់ម៉ូសេ។ ហេតុនោះហើយបានជាម៉ូសេត្រូវតែរត់ចេញពីស្រុកអេស៊ីព្ទ។
នៅពេលដែលម៉ូសេបានចាកចេញពីស្រុកអេស៊ីព្ទ គាត់រត់ទៅយ៉ាងឆ្ងាយ រហូតដល់ស្រុកម៉ាឌាន។ នៅទីនោះគាត់បានជួបគ្រួសារយេត្រូ ហើយបានរៀបការកូនស្រីរបស់គាត់ម្នាក់ឈ្មោះ សេផូរ៉ា។ ម៉ូសេបានទៅជាអ្នកគង្វាល ហើយមើលថែរក្សាចៀមរបស់យេត្រូ។ គាត់បានរស់នៅក្នុងស្រុកម៉ាឌានអស់រយៈ៤០ឆ្នាំ។ ឥឡូវនេះ គាត់មានអាយុ៨០ឆ្នាំហើយ។ បន្ទាប់មក នៅថ្ងៃមួយកាលដែលម៉ូសេកំពុងតែឃ្វាលចៀម មានអ្វីដ៏អស្ចារ្យមួយបានកើតឡើង ដែលបានកែប្រែជីវិតរបស់ម៉ូសេទាំងមូល។ សូមបើកទៅទំព័របន្ទាប់ ហើយពិនិត្យមើលនូវអ្វីដ៏អស្ចារ្យនេះ។
និក្ខមនំ ២:១១-២៥; កិច្ចការ ៧:២២-២៩