៤៧
ចោរម្នាក់ក្នុងស្រុកអ៊ីស្រាអែល
សូមក្រឡេកមើលរបស់ដែលបុរសនេះ កំពុងតែកប់នៅក្នុងត្រសាលរបស់គាត់! គាត់កំពុងតែកប់អាវវែងមួយយ៉ាងល្អ មាសមួយដុល ហើយដុំប្រាក់ខ្លះៗ។ គាត់បានយករបស់នោះចេញពីក្រុងយេរីខូរ។ ប៉ុន្តែ តើត្រូវធ្វើយ៉ាងណាដល់របស់ដែលនៅក្នុងក្រុងយេរីខូរនោះ? តើអ្នកនៅចាំទេ?
របស់ទាំងនោះគួរតែបំផ្លាញចោលទាំងអស់ ហើយមាសនិងប្រាក់ត្រូវឲ្យទៅឯឃ្លាំងនៃរោងឧបោសថរបស់ព្រះយេហូវ៉ា។ ដូច្នេះ ពួកមនុស្សទាំងនេះមិនគោរពតាមព្រះយេហូវ៉ាទេ។ គេបានលួចអ្វីៗដែលជារបស់ផងព្រះយេហូវ៉ា។ បុរសនេះឈ្មោះ អេកាន ហើយពួកអ្នកទាំងនេះដែលនៅជាមួយគាត់ ជាសមាជិកនៃគ្រួសាររបស់គាត់។ សូមឲ្យយើងពិនិត្យមើលការណ៍ដែលបានកើតឡើង។
ក្រោយពីអេកានបានលួចរបស់ទាំងនេះ យ៉ូស្វេបានចាត់បុរសខ្លះឲ្យទៅច្បាំងនឹងក្រុងអៃយ។ ប៉ុន្តែ គេបានចាញ់ចម្បាំងនោះ។ អ្នកខ្លះត្រូវស្លាប់ ហើយអ្នកឯទៀតបានរត់ទៅអស់។ យ៉ូស្វេមានចិត្តក្រៀមក្រំណាស់។ លោកក៏ផ្កាប់មុខនឹងដី ហើយអធិស្ឋានទៅព្រះយេហូវ៉ាថា៖ ‹ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យការនេះកើតឡើងដល់ពួកយើងដូច្នេះ›?
ព្រះយេហូវ៉ាមានបន្ទូលឆ្លើយថា៖ ‹ចូរក្រោកឡើង! សាសន៍អ៊ីស្រាអែលបានធ្វើបាបហើយ។ គេបានលួចយករបស់ដែលត្រូវបំផ្លាញចោល ឬក៏ដែលត្រូវយកមកឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ា។ គេបានលួចអាវវែងយ៉ាងល្អ ហើយលាក់ទុកយ៉ាងសម្ងាត់។ អញនឹងមិនឲ្យពរដល់ឯងទេ លុះត្រាតែឯងកំទេចរបស់នោះចោល ហើយនិងអ្នកដែលបានយករបស់ទាំងនោះ›។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទ្រង់នឹងបង្ហាញបុរសដ៏អាក្រក់នោះទៅយ៉ូស្វេ។
ដូច្នេះ យ៉ូស្វេក៏ប្រមូលប្រជាជនមកទាំងអស់គ្នា ហើយព្រះយេហូវ៉ាក៏រើសបុរសអេកានដ៏អាក្រក់នោះ។ អេកាននិយាយថា៖ ‹ខ្ញុំបានធ្វើបាបហើយ។ ខ្ញុំបានឃើញអាវវែងយ៉ាងល្អ មាស ហើយនិងប្រាក់ដែរ។ ខ្ញុំចង់បានរបស់នោះពេក បានជាខ្ញុំយកទៅ។ លោកនឹងរកឃើញរបស់នោះកប់នៅក្នុងត្រសាលរបស់ខ្ញុំ›។
នៅពេលដែលបានរកឃើញរបស់ទាំងនោះហើយ គេក៏យកមកឲ្យយ៉ូស្វេ នោះលោកនិយាយទៅអេកានថា៖ ‹ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានទុក្ខវេទនាដូច្នេះ? ឥឡូវនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ›! ខណៈនោះ ប្រជាជនក៏ចោលដុំថ្មសម្លាប់អេកាន និងគ្រួសាររបស់គាត់ទៅ។ តើរឿងនេះមិនបង្ហាញថា យើងមិនត្រូវលួចយកអ្វីដែលមិនមែនជារបស់យើងទេឬ?
ក្រោយមក ប្រជាជនអ៊ីស្រាអែលទៅច្បាំងនឹងក្រុងអៃយម្ដងទៀត។ នៅពេលនេះ ព្រះយេហូវ៉ាបានជួយប្រជារាស្ត្ររបស់ទ្រង់ ហើយពួកគេក៏បានឈ្នះចម្បាំងនោះទៅ។