បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៣ ទំ. ២៨-ទំ. ៣២ វ. ៥
  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទៅ​ដល់​«វាល​ក្រុង​យេរីខូរ»
  • (យ៉ូស្វេ ១:១​–​៥:១៥)
  • ការ​វាយ​ដណ្ដើម​យក​ស្រុក​ថែម​ទៀត
  • (យ៉ូស្វេ ៦:១​–​១២:២៤)
  • យ៉ូស្វេ​ទទួល​យក​កិច្ចការ​ដ៏​សំខាន់​ចុង​ក្រោយ​របស់​គាត់
  • (យ៉ូស្វេ ១៣:១​–​២៤:៣៣)
  • ‹បន្ទូល​សន្យា​របស់​ព្រះ​ឥត​ខ្វះ​ណា​មួយ​សោះ›
  • បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណាន
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • សេចក្ដីសង្ខេបពីយ៉ូស្វេ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ថ្ងៃឈប់ទ្រឹង
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចូរទុកចិត្តគ្រិស្តដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៣ ទំ. ២៨-ទំ. ៣២ វ. ៥

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗពី​សៀវភៅ​យ៉ូស្វេ

ពួក​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់​នៅ​ឆ្នាំ​១៤៧៣​មុនស.យ. ហើយ​ពួក​គេ​ច្បាស់​ជា​រំភើប​ចិត្ត​ណាស់​ដោយ​ឮ​ពាក្យ​ទាំង​នេះ​ថា៖ «ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ​ហើយ»។ (យ៉ូស្វេ ១:១១) ការ​ធ្វើ​ដំណើរ​ក្នុង​ទី​រហោ​ស្ថាន​អស់​៤០​ឆ្នាំ​នោះ​ជិត​ចប់​ហើយ។

ជាង​ពីរ​ទសវត្សរ៍​ក្រោយ​មក យ៉ូស្វេ​ជា​មេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល​បាន​ឈរ​នៅ​កណ្ដាល​ស្រុក​កាណាន​ទាំង​ប្រកាស​ប្រាប់​ពួក​ចាស់​ទុំ​របស់​ពួក​អ៊ីស្រាអែល​ថា៖ «មើល! អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរតក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នឹង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច។ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​បណ្ដេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ»។—យ៉ូស្វេ ២៣:៤, ៥

សៀវភៅ​យ៉ូស្វេ​ត្រូវ​បាន​សរសេរ​ដោយ​លោក​យ៉ូស្វេ​នៅ​ឆ្នាំ​១៤៥០​មុនស.យ. ហើយ​ជា​សៀវភៅ​ដែល​មាន​កំណត់​ហេតុ​អំពី​ប្រវត្ដិសាស្ត្រ​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត ស្តី​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​កំឡុង​២២​ឆ្នាំ​នោះ។ កាល​ដែល​យើង​ឈរ​នៅ​ព្រំដែន​នៃ​ពិភពលោក​ថ្មី​ដែល​បាន​សន្យា នោះ​ស្ថានការណ៍​របស់​យើង​គឺ​អាច​ប្រៀប​ទៅ​នឹង​ស្ថានការណ៍​របស់​កូន​ចៅ​អ៊ីស្រាអែល ដែល​ហៀប​នឹង​យក​ស្រុក​សន្យា​នោះ។ បើ​ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​សៀវភៅ​យ៉ូស្វេ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។—ហេព្រើរ ៤:១២

ទៅ​ដល់​«វាល​ក្រុង​យេរីខូរ»

(យ៉ូស្វេ ១:១​–​៥:១៥)

យ៉ូស្វេ​ពិត​ជា​ទទួល​នូវ​កិច្ចការ​ដ៏​ពិបាក​មួយ​មែន ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ម៉ូសេ​ជា​អ្នក​បំរើ​អញ​បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ! ព្រម​ទាំង​បណ្ដា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល»។ (យ៉ូស្វេ ១:២) យ៉ូស្វេ​ត្រូវ​នាំ​សាសន៍​ទាំង​មូល​ដែល​មាន​ប្រជាជន​ប្រហែល​បី​បួន​លាន​នាក់​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ ដើម្បី​ប្រុង​ប្រៀប​ចូល​ស្រុក​នោះ យ៉ូស្វេ​ចាត់​អ្នក​ស៊ើប​ការណ៍​សំងាត់​ពីរ​នាក់​ទៅ​សង្កេត​មើល​ទី​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដែល​គេ​ត្រូវ​វាយ​យក​មុន​គេ។ នាង​រ៉ាហាប​ដែល​ជា​ស្រីពេស្យា​ម្នាក់ គាត់​រស់​នៅ​ទី​ក្រុង​នេះ​ហើយ​បាន​ឮ​អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​រាស្ត្រ​ទ្រង់។ រ៉ាហាប​បាន​ការពារ​និង​ជួយ​អ្នក​ស៊ើប​ការណ៍​សំងាត់​ពីរ​នាក់​នោះ ហើយ​ចារ​បុរស​ទាំង​នោះ​បាន​សន្យា​ថា ពួក​គេ​នឹង​ជួយ​សង្គ្រោះ​នាង។

ពេល​ដែល​ពួក​អ្នក​ស៊ើប​ការណ៍​សំងាត់​បាន​ត្រឡប់​មក​វិញ នោះ​យ៉ូស្វេ​និង​ប្រជាជន​ត្រៀម​ខ្លួន​ឆ្លង​ទន្លេ​យ័រដាន់។ ទោះ​ជា​នៅ​ទន្លេ​មាន​ទឹក​ពេញ​ប្រៀប​ក៏​ដោយ ក៏​មិន​មែន​ជា​ឧបសគ្គ​ចំពោះ​ពួក​គេ​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ទប់​ទឹក​ជិត​ប្រភព​ហើយ​ទឹក​ទាំង​ប៉ុន្មាន​ទៀត​បាន​ហូរ​ចូល​សមុទ្រ​ស្លាប់​វិញ។ ក្រោយ​ពី​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ពួក​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅ​គីលកាល​ជិត​ទី​ក្រុង​យេរីខូរ។ បួន​ថ្ងៃ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី១៤ ខែ​ចេត្រ ត្រង់​វាល​ក្រុង​យេរីខូរ។ (យ៉ូស្វេ ៥:១០) ស្អែក​ឡើង ពួក​គេ​ចាប់​ផ្ដើម​បរិភោគ​ផល​របស់​ស្រុក​នោះ ហើយ​ក៏​លែង​មាន​នំម៉ាន៉ា​ទៀត​ដែរ។ ក្នុង​កំឡុង​ពេល​នេះ​យ៉ូស្វេ​ក៏​បាន​កាត់​ស្បែក​របស់​ក្មេង​ប្រុស​ទាំង​អស់​ដែល​កើត​ក្នុង​ទី​រហោ​ស្ថាន។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២:៤, ៥—ហេតុ​អ្វី​បាន​ជា​រ៉ាហាប​ឲ្យ​ដំណឹង​ខុស​ដល់​អ្នក​បំរើ​ស្តេច​ដែល​រក​ចាប់​ពួក​អ្នក​ស៊ើប​ការណ៍​សំងាត់​នោះ? រ៉ាហាប​បាន​ការពារ​អ្នក​ស៊ើប​ការណ៍​សំងាត់​ទាំង​ប្រថុយ​ជីវិត​ខ្លួន​ពីព្រោះ​នាង​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ នាង​មិន​ចាំបាច់​ប្រាប់​អ្នក​នាំ​ការណ៍​របស់​ស្តេច​ថា​ពួក​អ្នក​ស៊ើប​ការណ៍​សំងាត់​នៅ​ឯ​ណា​នោះ​ទេ ដ្បិត​ពួក​នោះ​មាន​បំណង​ធ្វើ​បាប​ដល់​រាស្ត្រ​របស់​ព្រះ។ (ម៉ាថាយ ៧:៦; ២១:២៣​-​២៧; យ៉ូហាន ៧:៣​-​១០) តាម​ការ​ពិត រ៉ាហាប«បាន​រាប់​ជា​សុចរិត ដោយសារ​ការ​នាង​ប្រព្រឹត្ត» ដែល​រួម​បញ្ចូល​ការ​ប្រាប់​អ្នក​នាំ​ការណ៍​របស់​ស្តេច​ឲ្យ​ទៅ​ផ្លូវ​ផ្សេង។—យ៉ាកុប ២:២៤​-​២៦

៥:១៤, ១៥—តើ«អ្នក​ដែល​ជា​កំពូល[ឬ«មេទ័ព», ខ.ស.]លើ​ពួក​ពល​ផង​ព្រះ​យេហូវ៉ា»ជា​នរណា? មេទ័ព​ដែល​បាន​មក​ពង្រឹង​កម្លាំង​យ៉ូស្វេ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ច្បាំង​ដណ្ដើម​យក​ស្រុក​សន្យា គឺ​ប្រាកដ​ជា«ព្រះ​បន្ទូល» ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​ពេល​ទ្រង់​មាន​អត្ថិភាព​មុន​ពេល​មាន​កំណើត​ជា​មនុស្ស។ (យ៉ូហាន ១:១; ដានីយ៉ែល ១០:១៣) យើង​ពិត​ជា​មាន​កម្លាំង​ចិត្ត​មែន ដោយ​មាន​ការ​ធានា​រ៉ាប់​រង​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​ទទួល​សិរី​រុងរឿង​កំពុង​តែ​គាំទ្រ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ កាល​ដែល​ពួក​គេ​តយុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ!

មេ​រៀន​សំរាប់​យើង:

១:៧​-​៩: ការ​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ ការ​រំពឹង​គិត​លើ​បន្ទូល​នោះ​ជា​ទៀងទាត់ និង​ការ​អនុវត្ត​តាម​អ្វីៗដែល​យើង​រៀន គឺ​សំខាន់​ចាំបាច់​ដើម្បី​អាច​ទទួល​បាន​ជោគជ័យ​ចំពោះ​គោល​ដៅ​ខាង​វិញ្ញាណ។

១:១១: យ៉ូស្វេ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ជា​ស្រេច ដើម្បី​កុំ​ឲ្យ​គេ​ខ្ជិល​ច្រអូស​ដោយ​រង់ចាំ​ឲ្យ​ព្រះ​ផ្ដល់​អាហារ។ បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ដាស់​តឿន​យើង​ឲ្យ​ឈប់​ខ្វល់ខ្វាយ​អំពី​របស់​ចាំបាច់​ក្នុង​ជីវិត រួម​បញ្ចូល​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា«គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត» នេះ​មិន​បាន​ន័យ​ថា ឥត​ចាំបាច់​ឲ្យ​យើង​រក​ស៊ី​ចិញ្ចឹម​ខ្លួន​យើង​នោះ​ឡើយ។—ម៉ាថាយ ៦:២៥, ៣៣

២:៤​-​១៣: ក្រោយ​ពី​រ៉ាហាប​ឮ​អំពី​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​និង​ទទួល​ស្គាល់​ថា​ជា​គ្រា​បន្ទាន់​ណាស់ នោះ​នាង​សម្រេច​ចិត្ត​គាំទ្រ​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។ ប្រសិន​បើ​អ្នក​បាន​សិក្សា​ព្រះ​គម្ពីរ​អស់​មួយ​រយៈ​ហើយៗទទួល​ស្គាល់​ថា​យើង​កំពុង​តែ​រស់​នៅ​គ្រា«ជាន់​ក្រោយ​បង្អស់» នេះ​ជា​ពេល​ដែល​អ្នក​គួរ​សម្រេច​ចិត្ត​បំរើ​ព្រះ មែន​ទេ?—ធីម៉ូថេទី២ ៣:១

៣:១៥: ដោយសារ​ពួក​អ្នក​ស៊ើប​ការណ៍​សំងាត់​ដែល​បាន​បញ្ជូន​ឲ្យ​ទៅ​សង្កេត​មើល​ទី​ក្រុង​យេរីខូរ​បាន​រាយ​ការណ៍​ល្អ​នោះ យ៉ូស្វេ​បាន​ចាត់​វិធានការ​ភ្លាម ដោយ​ឥត​ចាំបាច់​រង់ចាំ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​ស្រក​ទេ។ ស្តី​អំពី​ការ​ប្រព្រឹត្ត​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ពិត យើង​ត្រូវ​តែ​ចាត់​វិធានការ​ធ្វើ​អ្វី​មួយ​ដោយ​ក្លាហាន​ជាជាង​ពន្យារ​ពេល​រហូត​ដល់​ចាំ​មើល​ស្ថានការណ៍​បាន​ល្អ​សិន។

៤:៤​-​៨, ២០​-​២៤: ថ្ម​១២​ដុំ​ដែល​គេ​បាន​យក​ចេញ​ពី​បាត​ទន្លេ​យ័រដាន់ ត្រូវ​ទុក​ជា​ការ​រំឭក​ដល់​សាសន៍​អ៊ីស្រាអែល។ អ្វីៗដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​រំដោះ​រាស្ត្រ​ទ្រង់​ចេញ​ពី​ពួក​សត្រូវ​ទ្រង់​នៅ​សម័យ​នេះ ក៏​ជា​ការ​រំឭក​ឲ្យ​ដឹង​ថា​ទ្រង់​គង់​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់។

ការ​វាយ​ដណ្ដើម​យក​ស្រុក​ថែម​ទៀត

(យ៉ូស្វេ ៦:១​–​១២:២៤)

ទី​ក្រុង​យេរីខូរ​គឺ«បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត . . . ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ»។ (យ៉ូស្វេ ៦:១) តើ​នឹង​ត្រូវ​វាយ​យក​ទី​ក្រុង​នោះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​ប្រទាន​គម្រោង​ដល់​យ៉ូស្វេ។ មិន​យូរ​ប៉ុន្មាន​ទៀត កំផែង​រលំ​ហើយ​ទី​ក្រុង​នឹង​ត្រូវ​បំផ្លាញ​ចោល។ មាន​តែ​រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង​ទេ​ដែល​បាន​សង្គ្រោះ។

បន្ទាប់​មក​មាន​ការ​វាយ​យក​ទី​ក្រុង​អៃយ ដែល​ជា​ក្រុង​របស់​ស្តេច។ ពួក​អ្នក​ស៊ើប​ការណ៍​សំងាត់​ដែល​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​នោះ​បាន​រាយ​ការណ៍​ថា​ក្រុង​នោះ​មាន​ប្រជាជន​តិច​ទេ ដូច្នេះ​មិន​ត្រូវ​ការ​ទាហាន​ច្រើន​ដើម្បី​វាយ​យក​ក្រុង​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ពួក​ទាហាន​៣.០០០​នាក់​ដែល​បាន​ទៅ​វាយ​យក​ទី​ក្រុង​នោះ​បាន​ចាញ់​ហើយ​ដក​ថយ​ទៅ​វិញ។ តើ​ដោយសារ​មូលហេតុ​អ្វី? គឺ​ដោយសារ​ព្រះ​យេហូវ៉ា​មិន​បាន​គាំទ្រ​ពួក​អ៊ីស្រាអែល​ទេ។ លោក​អេកាន​ពី​កុលសម្ព័ន្ធ​យូដា​បាន​ប្រព្រឹត្ត​អំពើ​បាប ពេល​វាយ​យក​ទី​ក្រុង​យេរីខូរ។ ក្រោយ​ពីបាន​ដោះស្រាយ​បញ្ហា​នោះ​ហើយ យ៉ូស្វេ​ក៏​ទៅ​ច្បាំង​យក​ទី​ក្រុង​អៃយ។ ស្តេច​នៃ​ទី​ក្រុង​អៃយ​បាន​ឈ្នះ​ពួក​អ៊ីស្រាអែល​ម្ដង​ហើយ ដូច្នេះ​ពួក​គេ​ចង់​ប្រយុទ្ធ​ម្ដង​ទៀត។ ដោយ​ឆ្លៀត​ឱកាស​ពេល​មនុស្ស​នៅ​ក្រុង​អៃយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហួស​ហេតុ នោះ​យ៉ូស្វេ​ក៏​បាន​បង្កើត​គម្រោង​ដើម្បី​ចាប់​យក​ទី​ក្រុង​នោះ​ហើយ​យ៉ូស្វេ​ក៏​បាន​ជោគជ័យ។

ទី​ក្រុង​គីបៀន‹ជា​ក្រុង​ធំ គឺ​ធំ​ជាង​ទី​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធតែ​ខ្លាំង​ពូកែ›។ (យ៉ូស្វេ ១០:២) ក្រោយ​ពី​បាន​ឮ​អំពី​ជ័យជំនះ​របស់​សាសន៍​អ៊ីស្រាអែល​លើ​មនុស្ស​នៅ​ទី​ក្រុង​យេរីខូរ​និង​ក្រុង​អៃយ នោះ​មនុស្ស​នៅ​ក្រុង​គីបៀន​បាន​បញ្ឆោត​យ៉ូស្វេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ជា​មួយ​ពួក​គេ។ សាសន៍​ដែល​នៅ​ជិតៗនេះ​ចាត់​ទុក​ទង្វើ​នេះ ជា​ការ​គំរាម​កំហែង​ដល់​ពួក​គេ។ ស្តេច​ប្រាំ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​គ្នា​ហើយ​នាំ​គ្នា​ច្បាំង​នឹង​ពួក​គីបៀន។ ពួក​អ៊ីស្រាអែល​បាន​រំដោះ​ពួក​គីបៀន​និង​បាន​ឈ្នះ​លើ​ពួក​គេ។ ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ នោះ​ពួក​អ៊ីស្រាអែល​បាន​ចាប់​យក​ទី​ក្រុង​ជា​ច្រើន​ពី​ខាង​ត្បូង​និង​ខាង​លិច ព្រម​ទាំង​ឈ្នះ​ស្តេច​ទាំង​ប៉ុន្មាន​ដែល​សហ​ការ​គ្នា​នៅ​តំបន់​ខាង​ជើង។ នៅ​ខាង​លិច​ទន្លេ​យ័រដាន់​ពួក​គេ​បាន​ឈ្នះ​ស្តេច​៣១​អង្គ។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១០:១៣—តើ​បាតុភូត​បែប​នេះ​អាច​កើត​មាន​ឡើង​ដោយ​ដូច​ម្ដេច? ចំពោះ​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី «តើ​មាន​ការ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ?»។ (លោកុប្បត្តិ ១៨:១៤) ប្រសិន​បើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ នោះ​ទ្រង់​អាច​កែ​ប្រែ​រង្វិល​នៃ​ផែនដី​បាន ដើម្បី​ធ្វើ​ឲ្យ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​នៅ​ទ្រឹង។ ឬ​ក៏​ទ្រង់​អាច​ធ្វើ​ឲ្យ​ផែនដី​និង​ព្រះ​ចន្ទ​វិល​ដូច​ធម្មតា គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ពន្លឺ​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ «មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ»ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ​ទេ។—យ៉ូស្វេ ១០:១៤

១០:១៣—តើ​សៀវភៅ​របស់​យ៉ាសើរ​ជា​សៀវភៅ​ប្រភេទ​ណា? សៀវភៅ​នេះ​បាន​រៀប​រាប់​ម្ដង​ទៀត​នៅ​សាំយូអែលទី២ ១:១៨ (សរសេរ​ថា«យ៉ាស៊ើរ») ដែល​សំដៅ​ទៅ​កំណាព្យ​ដែល​ហៅ​ថា«ធ្នូ» ដែល​ជា​ចំរៀង​កាន់ទុក្ខ​អំពី​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រាអែល​និង​យ៉ូណាថាន​ជា​បុត្រ​របស់​ទ្រង់។ សៀវភៅ​នោះ​ប្រហែល​ជា​ការ​ចង​ក្រង​ចំរៀង​និង​កំណាព្យ​មួយ​ចំនួន​ដែល​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​សំខាន់ៗនៃ​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល ដែល​ប្រជាជន​ហេព្រើរ​ដឹង​គ្រប់​គ្នា។

មេ​រៀន​សំរាប់​យើង:

៦:២៦; ៩:២២, ២៣: បណ្ដាសា​ដែល​យ៉ូស្វេ​បាន​ប្រកាស​កាល​ដែល​ទី​ក្រុង​យេរីខូរ​ត្រូវ​បំផ្លាញ​ចោល គឺ​ត្រូវ​បាន​សម្រេច​ប្រមាណ​៥០០​ឆ្នាំ​ក្រោយ​មក។ (ពង្សាវតារក្សត្រទី១ ១៦:៣៤) បណ្ដាសា​របស់​ណូអេ​លើ​ចៅ​របស់​គាត់​ឈ្មោះ​កាណាន​បាន​សម្រេច​នៅ​ពេល​ដែល​ពួក​គីបៀន​ក្លាយ​ជា​បាវ​បំរើ។ (លោកុប្បត្តិ ៩:២៥, ២៦) បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​តែ​បាន​សម្រេច​ជានិច្ច។

៧:២០​-​២៥: អ្នក​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​ការ​លួច​របស់​អេកាន​ជា​បទ​ឧក្រិដ្ឋ​តូចតាច ដោយ​ប្រហែល​ជា​វែកញែក​ថា នេះ​គ្មាន​គ្រោះថ្នាក់​អ្វី​ដល់​អ្នក​ដទៃ​ទេ។ ពួក​គេ​ប្រហែល​ជា​ចាត់​ទុក​ការ​លួច​តិច​តួច​និង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​បន្ដិច​បន្តួច​ចំពោះ​ច្បាប់​ព្រះ​គម្ពីរ គឺ​ជា​រឿង​កំប៊ិក​កំប៉ុក។ ប៉ុន្តែ ដូច​យ៉ូស្វេ​យើង​ក៏​គួរ​បដិសេធ​មិន​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រព្រឹត្ត​ខុស​ច្បាប់​ឬ​ធ្វើ​អំពើ​អសីលធម៌​នោះ។

៩:១៥, ២៦, ២៧: យើង​ត្រូវ​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​ណា​ដែល​យើង​បាន​ធ្វើ​ជា​រឿង​សំខាន់ និង​ធ្វើ​តាម​ពាក្យ​សំដី​របស់​យើង។

យ៉ូស្វេ​ទទួល​យក​កិច្ចការ​ដ៏​សំខាន់​ចុង​ក្រោយ​របស់​គាត់

(យ៉ូស្វេ ១៣:១​–​២៤:៣៣)

ដល់​ពេល​ដែល​យ៉ូស្វេ​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ គឺ​ជិត​៩០​ឆ្នាំ​នោះ​គាត់​ចាប់​ផ្ដើម​ចែក​ដី។ នេះ​ជា​កិច្ចការ​ដ៏​ធំ​មែន! កុលសម្ព័ន្ធ​រូបេន​និង​កាឌ់​ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​ចំនួន​ពាក់​កណ្ដាល​បាន​ទទួល​មរតក​របស់​ខ្លួន​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ កុលសម្ព័ន្ធ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ទៀត​ត្រូវ​ទទួល​មរតក​ដី​នៅ​ខាង​លិច​ដោយ​ការ​ចាប់​ឆ្នោត។

រោង​ឧបោសថ​ត្រូវ​បាន​តម្លើង​នៅ​ឯ​ស៊ីឡូរ​ក្នុង​តំបន់​អេប្រាអិម។ កាលែប​ទទួល​បាន​ទី​ក្រុង​ហេប្រុន​ជា​មរតក ហើយ​យ៉ូស្វេ​ទទួល​បាន​ក្រុង​ធីម្ន៉ាតសេរ៉ា។ ពួក​លេវី​ទទួល​បាន​៤៨​ទី​ក្រុង រួម​បញ្ចូល​ក្រុង​ពំនាក់​៦​ទៀត។ កាល​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់​និង​ពូជ​អំបូរ​ម៉ាន៉ាសេ​ចំនួន​ពាក់​កណ្ដាល​ទៅ​ដល់​ក្រវល់​ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដែល​ជា​មរតក​របស់​ពួក​គេ នោះ​ពួក​ទាហាន​គេ​បាន​កសាង​អាសនៈ​មួយ«ជា​អាសនា​មាន​ភាព​យ៉ាង​ធំ»។ (យ៉ូស្វេ ២២:១០) កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​ក្បត់​ជំនឿ ហើយ​ក៏​ជិត​នឹង​ផ្ទុះ​សង្គ្រាម​រវាង​កុលសម្ព័ន្ធ​ទាំង​នោះ ប៉ុន្តែ​ត្រូវ​បាន​បង្ការ​ការ​បង្ហូរ​ឈាម​ដោយសារ​មាន​ការ​ប្រស្រ័យ​ទាក់ទង​ល្អ។

ក្រោយ​ពី​យ៉ូស្វេ​រស់​នៅ​ក្នុង​ក្រុង​ធីម្ន៉ាតសេរ៉ា​អស់​មួយ​រយៈ នោះ​គាត់​បាន​ហៅ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅក្រម និង​ពួក​នាយក​មក​ហើយ​ដាស់​តឿន​ពួក​គេ​ឲ្យ​មាន​ចិត្ត​ក្លាហាន និង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ក្រោយ​មក យ៉ូស្វេ​ប្រមូល​កុលសម្ព័ន្ធ​ទាំង​ឡាយ​នៃ​សាសន៍​អ៊ីស្រាអែល​ឲ្យ​មក​នៅ​ត្រង់​ទី​ក្រុង​ស៊ីគែម។ នៅ​ទី​នោះ យ៉ូស្វេ​បាន​សើរើ​ឡើង​វិញ​នូវ​ការ​ប្រព្រឹត្ត​របស់ព្រះ​យេហូវ៉ា​តាំង​ពី​សម័យ​អ័ប្រាហាំ​រហូត​មក ព្រម​ទាំង​ដាស់​តឿន​ពួក​គេ​ម្ដង​ទៀត​ឲ្យ​«កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ!»។ មហា​ជន​មាន​ចិត្ត​ជំរុញ​ឲ្យ​តប​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់​ផង»។ (យ៉ូស្វេ ២៤:១៤, ១៥, ២៤) ក្រោយ​ពី​បាន​ធ្វើ​ដូច្នេះ​មក យ៉ូស្វេ​បាន​ទទួល​មរណភាព​ពេល​មាន​អាយុ​១១០​ឆ្នាំ។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១៣:១—តើ​ពាក្យ​ក្នុង​ខ​នេះ​និង​អ្វី​ដែល​ចែង​នៅ​យ៉ូស្វេ ១១:២៣ ប្រឆាំង​នឹង​គ្នា​ឬ​ទេ? អត់​ទេ! ពីព្រោះ​ជ័យជំនះ​របស់​ស្រុក​សន្យា​មាន​លក្ខណៈ​ពីរ​យ៉ាង: គឺ​ការ​ប្រយុទ្ធ​ឈ្នះ​លើ​ស្តេច​៣១​អង្គ​នៃ​ស្រុក​កាណាន​ដែល​នេះ​បាន​បំផ្លាញ​អំណាច​របស់​ពួក​កាណាន។ ផ្នែក​ទីពីរ​គឺ​ការ​ដណ្ដើម​យក​ដី​ទាំង​មូល​ដោយ​កុលសម្ព័ន្ធ​និង​បុគ្គល​នានា។ (យ៉ូស្វេ ១៧:១៤​-​១៨; ១៨:៣) ទោះ​ជា​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​ដេញពួក​កាណាន​ចេញ​ពី​ចំណោម​ពួក​គេ​ឲ្យ​អស់​រលីង​ក៏​ដោយ តែ​ពួក​ជនជាតិ​កាណាន​ដែល​នៅ​រស់​មិន​អាច​គំរាម​កំហែង​ដល់​សន្ដិសុខ​របស់​សាសន៍​អ៊ីស្រាអែល​ឡើយ។ (យ៉ូស្វេ ១៦:១០; ១៧:១២) យ៉ូស្វេ ២១:៤៤ ចែង​ថា៖ «ព្រះ​យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាកស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ»។

២៤:២—តើ​ឪពុក​របស់​អ័ប្រាហាំ លោក​ថេរ៉ា​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ឬ​ទេ? មុន​ដំបូង ថេរ៉ា​មិន​មែន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ។ គាត់​ប្រហែល​ជា​បាន​ថ្វាយ​បង្គំ​ព្រះ​ស៊ីន​ជា​ព្រះ​ចន្ទ​ដែល​ប្រជាជន​និយម​ថ្វាយ​បង្គំ​នៅ​ទី​ក្រុង​អ៊ើរ។ យោង​ទៅ​តាម​ទំនៀម​ទម្លាប់​សាសន៍​យូដា លោក​ថេរ៉ា​ប្រហែល​ជា​អ្នក​ឆ្លាក់​រូប​ចម្លាក់​ទៀត​ផង។ ក៏​ប៉ុន្តែ ពេល​ដែល​អ័ប្រាហាំ​បាន​ចេញ​ពី​ទី​ក្រុង​អ៊ើរ​តាម​បង្គាប់​របស់​ព្រះ នោះ​លោក​ថេរ៉ា​បាន​ទៅ​ជា​មួយ​ដែរ​រហូត​ដល់​ស្រុក​ខារ៉ាន។—លោកុប្បត្តិ ១១:៣១

មេ​រៀន​សំរាប់​យើង:

១៤:១០​-​១៣: ទោះ​ជា​កាលែប​មាន​អាយុ​៨៥​ឆ្នាំ​ហើយ ក៏​គាត់​សុំ​ធ្វើ​កិច្ចការ​ដ៏​ពិបាក គឺ​បណ្ដេញ​មនុស្ស​ចេញ​ពី​តំបន់​ហេប្រុន។ ពួក​អ័ណាក់​រស់​នៅ​តំបន់​នោះ ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​មាឌ​ធំ​សម្បើម។ កាលែប​ជា​ទាហាន​ដែល​មាន​បទ​ពិសោធន៍ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​បាន​ទទួល​ជ័យជំនះ ហើយ​ទី​ក្រុង​ហេប្រុន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ពំនាក់​មួយ។ (យ៉ូស្វេ ១៥:១៣​-​១៩; ២១:១១​-​១៣) គំរូ​របស់​កាលែប​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​គេច​មិន​ចង់​បំពេញ​កិច្ចការ​ពិបាក​ក្នុង​កិច្ចបំរើ​ព្រះ។

២២:៩​-​១២, ២១​-​៣៣: យើង​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​សង្ស័យ​ខុស​នូវ​បំណង​ចិត្ត​របស់​អ្នក​ដទៃ។

‹បន្ទូល​សន្យា​របស់​ព្រះ​ឥត​ខ្វះ​ណា​មួយ​សោះ›

នៅ​ពេល​ដែល​យ៉ូស្វេ​ជា​មនុស្ស​ចាស់​ជរា គាត់​បាន​ប្រាប់​ពួក​បុរស​ដែល​មាន​ភារកិច្ច​មើល​ខុសត្រូវ​សាសន៍​អ៊ីស្រាអែល​ថា៖ «ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ (យ៉ូស្វេ ២៣:១៤) កំណត់​ហេតុ​ក្នុង​សៀវភៅ​យ៉ូស្វេ​បាន​បញ្ជាក់​ចំណុច​មួយ​នេះ​យ៉ាង​ច្បាស់​មែន!

សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយសារ​គម្ពីរ»។ (រ៉ូម ១៥:៤) យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា សេចក្ដី​សង្ឃឹម​របស់​យើង​លើ​សេចក្ដី​សន្យា​របស់​ព្រះ គឺ​មិន​មែន​ជា​ទំនុក​ចិត្ត​ដែល​ឥត​ប្រយោជន៍​នោះ​ទេ។ គ្មាន​សេចក្ដី​សន្យា​ណា​មួយ​ដែល​ឥត​សម្រេច​នោះ​ទេ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សម្រេច​ទាំង​អស់។

[ផែនទី​នៅ​ទំព័រ​៣១]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ស្រុក​ដែល​បាន​ចាប់​យក គឺ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ

ស្រុក​បាសាន

ស្រុក​កាឡាត

តំបន់​អារ៉ាបា (ស្រុក​វាល)

តំបន់​ណេកិប (ស្រុក​ខាង​ត្បូង)

ទន្លេ​យ័រដាន់

សមុទ្រ​អំបិល (សមុទ្រ​ស្លាប់)

ស្ទឹង​ហាបុក

ស្ទឹង​អើណូន

ក្រុង​ហាសោរ

ក្រុង​ម៉ាដូន

ក្រុង​ឡាសារ៉ុន

ក្រុង​ស៊ីមរ៉ុន

ក្រុង​យ៉ុកនាម

ក្រុង​ដោរ

ក្រុង​មេគីដោ

ក្រុង​កេដេស

ក្រុង​តាអាណាក់

ក្រុង​ហេភើរ

ក្រុង​ធើសា

ក្រុង​អាផែក

ក្រុង​តាពួរ

ក្រុង​បេតអែល

ក្រុង​អៃយ

ក្រុង​គីលកាល

ក្រុង​យេរីខូរ

ក្រុង​កេស៊ើរ

ក្រុង​យេរូសាឡិម

ក្រុង​ម៉ាកេដា

ក្រុង​យ៉ារមុត

ក្រុង​អាឌូឡាម

ក្រុង​លិបណា

ក្រុង​ឡាគីស

ក្រុង​អេក្លុន

ក្រុង​ហេប្រុន

ក្រុង​ដេបៀរ

ក្រុង​អើរ៉ាត

[រូបភាព​នៅ​ទំព័រ​២៩]

នាង​រ៉ាហាប​ជា​ស្រីពេស្យា​តែ​បាន​រាប់​ជា​មនុស្ស​សុចរិត។ តើ​អ្នក​ដឹង​នូវ​មូលហេតុ​អ្វី​ទេ?

[រូបភាព​នៅ​ទំព័រ​៣១]

យ៉ូស្វេ​បាន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ឲ្យ​«កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់»

[រូបភាព​នៅ​ទំព័រ​៣២]

ការ​លួច​របស់​លោក​អេកាន​មិន​មែន​ជា​រឿង​តូចតាច​ទេ តែ​នោះ​បាន​នាំ​ឲ្យ​មាន​ផល​អាក្រក់​ក្រៃលែង

[រូបភាព​នៅ​ទំព័រ​៣២]

‹ដោយសារ​សេចក្ដី​ជំនឿ នោះ​កំផែង​ទី​ក្រុង​យេរីខូរ​ក៏​រលំ​ទៅ›។—ហេព្រើរ ១១:៣០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក