ភាគ៨
បណ្ដាជនអ៊ីស្រាអែលចូលទៅស្រុកកាណាន
សាសន៍អ៊ីស្រាអែលដណ្ដើមយកស្រុកកាណានក្រោមការដឹកនាំរបស់យ៉ូស្វេ។ ព្រះយេហូវ៉ាពង្រឹងកម្លាំងពួកចៅក្រមដើម្បីសង្គ្រោះរាស្ត្ររបស់លោកពីការជិះជាន់
រាប់រយឆ្នាំមុនសាសន៍អ៊ីស្រាអែលចូលទៅស្រុកកាណាន ព្រះយេហូវ៉ាបានសន្យាឲ្យស្រុកនោះទៅកូនចៅអាប្រាហាំ។ ឥឡូវក្រោមការដឹកនាំរបស់យ៉ូស្វេ ជនជាតិអ៊ីស្រាអែលហៀបនឹងយកស្រុកដែលព្រះបានសន្យា។
ព្រះបានវិនិច្ឆ័យថាត្រូវបំផ្លាញចោលពួកអ្នកស្រុកកាណាន។ នៅគ្រប់កន្លែងក្នុងស្រុកនោះ ពួកគេប្រព្រឹត្តអំពើដ៏ថោកទាបបំផុតខាងផ្លូវភេទ ព្រមទាំងសម្លាប់គ្នាដោយគ្មានមេត្ដា។ ហេតុនេះ ក្រុងទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលវាយយកបាននោះ ពួកគេត្រូវបំផ្លាញឲ្យអស់រលីង។
ប៉ុន្តែ មុននឹងចូលស្រុកនោះ យ៉ូស្វេបានចាត់អ្នកស៊ើបការណ៍ពីរនាក់ទៅក្រុងយេរីខូ។ ពួកគេបានស្នាក់នៅជាមួយនឹងស្ត្រីម្នាក់ឈ្មោះរ៉ាហាប។ នាងបានទទួលអ្នកស៊ើបការណ៍ពីរនាក់នោះឲ្យស្នាក់នៅក្នុងផ្ទះនាង ហើយបានការពារពួកគេ ថ្វីបើនាងដឹងថា ពួកគេជាជនជាតិអ៊ីស្រាអែលក៏ដោយ។ រ៉ាហាបមានជំនឿលើព្រះនៃជនជាតិអ៊ីស្រាអែល ពីព្រោះនាងបានឮអំពីរបៀបព្រះយេហូវ៉ាសង្គ្រោះរាស្ត្ររបស់លោក។ នាងបានសូមឲ្យអ្នកស៊ើបការណ៍ពីរនាក់នោះស្បថថានឹងទុកជីវិតឲ្យនាងនិងក្រុមគ្រួសារនាងដែរ។
ក្រោយមក នៅពេលដែលជនជាតិអ៊ីស្រាអែលបានចូលទៅស្រុកកាណាន ហើយវាយយកក្រុងយេរីខូ នោះ ព្រះយេហូវ៉ាបានធ្វើការអស្ចារ្យដោយបណ្ដាលឲ្យកំពែងក្រុងយេរីខូរលំ។ កងទ័ពរបស់យ៉ូស្វេក៏បានប្រញាប់ចូលទៅ ហើយបានបំផ្លាញចោលក្រុងនោះ ប៉ុន្តែពួកគេបានទុកជីវិតឲ្យរ៉ាហាបនិងក្រុមគ្រួសារនាង។ រួចមក ក្នុងចម្បាំងយ៉ាងរហ័សជាបន្តបន្ទាប់អស់៦ឆ្នាំ យ៉ូស្វេបានដណ្ដើមយកទឹកដីយ៉ាងធំនៃស្រុកដែលព្រះបានសន្យា។ ក្រោយមក ស្រុកនោះបានត្រូវចែកដល់កុលសម្ព័ន្ធផ្សេងៗនៃអ៊ីស្រាអែល។
នៅពេលជិតដល់ចុងបញ្ចប់នៃគ្រាដ៏យូរដែលយ៉ូស្វេបានបម្រើព្រះ នោះយ៉ូស្វេបានហៅបណ្ដាជនឲ្យមកជុំគ្នា។ គាត់បានពិនិត្យសាឡើងវិញជាមួយនឹងពួកគេនូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើពួកបុព្វបុរសរបស់ពួកគេ ហើយបានលើកទឹកចិត្តពួកគេឲ្យបម្រើព្រះយេហូវ៉ា។ ប៉ុន្តែ ក្រោយពីយ៉ូស្វេនិងពួកបុរសចាស់ទុំដែលបម្រើព្រះជាមួយនឹងគាត់បានស្លាប់ទៅ ជនជាតិអ៊ីស្រាអែលបានឈប់បម្រើព្រះយេហូវ៉ា ហើយទៅបម្រើព្រះមិនពិតវិញ។ អស់ប្រហែល៣០០ឆ្នាំ ប្រជាជាតិនេះមិនបានគោរពច្បាប់របស់ព្រះយេហូវ៉ាជានិច្ចទេ។ នៅក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកសត្រូវរបស់អ៊ីស្រាអែល ដូចជាពួកភីលីស្ទីនជាដើមមកជិះជាន់ពួកគេ។ ប៉ុន្តែ នៅពេលដែលពួកអ៊ីស្រាអែលអង្វរសុំព្រះយេហូវ៉ាជួយ នោះព្រះយេហូវ៉ាបានតែងតាំងចៅក្រមដើម្បីសង្គ្រោះពួកគេ។ ចៅក្រមទាំងអស់មាន១២នាក់។
រយៈពេលនៃពួកចៅក្រមដែលបានត្រូវកត់ទុកក្នុងសៀវភៅពួកចៅហ្វាយ គឺចាប់ពីអូធ្នាលដល់សាំសុនដែលជាបុរសខ្លាំងជាងគេបំផុតដែលធ្លាប់រស់នៅ។ សច្ចភាពដ៏សំខាន់ដែលបានបង្ហាញម្ដងហើយម្ដងទៀតក្នុងកំណត់ហេតុដ៏គួរឲ្យរំភើបចិត្តនេះនៅសៀវភៅពួកចៅហ្វាយ គឺថា៖ ការស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានពរ តែការមិនស្ដាប់បង្គាប់នាំទៅដល់ក្ដីហិនវិនាស។
—មានមូលដ្ឋានលើសៀវភៅយ៉ូស្វេ ពួកចៅហ្វាយ លេវីវិន័យ ១៨:២៤, ២៥។