៤៤
នាងរ៉ាហាបលាក់ពួកឈ្លប
បុរសទាំងនេះមានបញ្ហាធំណាស់។ ពួកគេត្រូវតែរត់គេចឲ្យផុត បើមិនអញ្ចឹងទេ គេនឹងត្រូវស្លាប់។ គេជាពួកឈ្លបអ៊ីស្រាអែល ហើយស្ត្រីដែលកំពុងតែជួយគេនេះ នាងឈ្មោះរ៉ាហាប។ រ៉ាហាបរស់នៅទីនេះ នៅលើកំផែងនៃក្រុងយេរីខូរ។ សូមឲ្យយើងស្វែងរកមើលមូលហេតុដែលបុរសទាំងនេះមានបញ្ហាដូច្នេះ។
ប្រជាជនអ៊ីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីនឹងឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណាន។ ប៉ុន្តែ មុននឹងគេចូលទៅនោះ យ៉ូស្វេបានចាត់ពួកឈ្លបពីរនាក់ឲ្យទៅសង្កេតមើល។ លោកប្រាប់គេថា៖ ‹ចូរទៅសង្កេតមើលនៅស្រុកនោះ និងក្រុងយេរីខូរផង›។
នៅពេលដែលពួកឈ្លបមកដល់ក្រុងយេរីខូរ គេក៏ចូលទៅឯផ្ទះរបស់នាងរ៉ាហាប។ ប៉ុន្តែ មានអ្នកណាមួយប្រាប់ស្តេចនៃក្រុងយេរីខូរថា៖ ‹នៅយប់នេះ មានឈ្លបអ៊ីស្រាអែលពីរនាក់បានចូលមកសង្កេតមើលស្រុកនេះ›។ នៅពេលឮសេចក្ដីនេះហើយ ស្តេចនោះក៏ចាត់ពួកបុរសទៅឯផ្ទះរ៉ាហាប ហើយគេបញ្ជារ៉ាហាបថា៖ ‹ពួកបុរសដែលនៅក្នុងផ្ទះរបស់អ្នក ចូរនាំគេចេញមក›! ប៉ុន្តែ រ៉ាហាបបានលាក់ពួកឈ្លបនៅលើដំបូលផ្ទះនាង។ ដូច្នេះ នាងក៏និយាយថា៖ ‹មានពួកបុរសខ្លះបានមកផ្ទះរបស់ខ្ញុំមែន ប៉ុន្តែខ្ញុំមិនដឹងជាគេមកពីណាទេ។ ពួកគេបានចេញបាត់ទៅហើយ នៅពេលដែលចាប់ផ្ដើមងងឹត មុននឹងទ្វារក្រុងបានបិទ។ បើអ្នកប្រញាប់នោះ អ្នកនឹងអាចចាប់គេបានជាមិនខាន›! ដូច្នេះ ពួកបុរសទាំងនោះក៏ចេញទៅដេញតាមគេ។
ក្រោយពីពួកគេចេញបាត់ទៅ រ៉ាហាបក៏ឡើងទៅឯដំបូលយ៉ាងលឿន។ នាងប្រាប់ពួកឈ្លបថា៖ ‹ខ្ញុំដឹងថាព្រះយេហូវ៉ានឹងប្រគល់ឲ្យស្រុកនេះទៅពួកអ្នក យើងបានឮពីរបៀបដែលទ្រង់បានធ្វើសមុទ្រក្រហមឲ្យរីងទៅ ក្នុងកាលដែលអ្នកបានចាកចេញពីស្រុកអេស៊ីព្ទ ហើយពីរបៀបដែលពួកអ្នកសម្លាប់ស្តេចស៊ីហុនហើយនិងស្តេចអុក។ ខ្ញុំបានសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដូច្នេះសូមស្បថនឹងខ្ញុំមក ថាអ្នកនឹងសម្ដែងសេចក្ដីសប្បុរសដល់ខ្ញុំដែរ។ សូមជួយសង្គ្រោះឪពុកម្ដាយ បងប្អូនប្រុសស្រីរបស់ខ្ញុំផង›។
ពួកឈ្លបបានសន្យាថាគេនឹងជួយ ប៉ុន្តែរ៉ាហាបត្រូវតែធ្វើអ្វីមួយ។ ពួកឈ្លបនិយាយថា៖ ‹ចូរយកខ្សែក្រហមនេះ ហើយចងវាជាប់នឹងបង្អួចរបស់អ្នកចុះ ហើយត្រូវប្រមូលបងប្អូនទាំងអស់ឲ្យចូលមកក្នុងផ្ទះរបស់អ្នកជាមួយនឹងអ្នក។ ហើយនៅពេលដែលយើងត្រឡប់មកយកក្រុងយេរីខូរ យើងនឹងឃើញខ្សែនេះនៅជាប់នឹងបង្អួចរបស់អ្នក ហើយនឹងមិនសម្លាប់មនុស្សណាមួយក្នុងផ្ទះរបស់អ្នកឡើយ›។ នៅពេលដែលពួកឈ្លបបានទៅដល់យ៉ូស្វេវិញ គេក៏រាយរាប់ប្រាប់ពីគ្រប់ការណ៍ដែលបានកើតឡើងដល់គេ។
យ៉ូស្វេ ២:១-២៤; ហេព្រើរ ១១:៣១