៤៦
កំផែងក្រុងយេរីខូរ
តើអ្វីដែលធ្វើឲ្យកំផែងក្រុងយេរីខូរទាំងនេះរលំដួលទៅ? នេះហាក់ដូចជាគ្រាប់បែកយ៉ាងធំមួយធ្លាក់លើកំផែងទាំងនោះអញ្ចឹង។ ប៉ុន្តែនៅជំនាន់នោះ គេមិនមានគ្រាប់បែកទេ ពួកគេមិនទាំងមានកាំភ្លើងផង។ នេះជាអព្ភូតហេតុរបស់ព្រះយេហូវ៉ាមួយទៀត! សូមឲ្យយើងរៀនអំពីរបៀបដែលការនេះបានកើតឡើង។
សូមស្ដាប់នូវអ្វីៗដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់ទៅយ៉ូស្វេ៖ ‹ឯងនិងពួកទាហានឯងត្រូវដើរជុំវិញក្រុងនោះ។ ចូរដើរព័ទ្ធជុំវិញមួយថ្ងៃមួយជុំរហូតដល់ប្រាំមួយថ្ងៃ។ ហើយត្រូវសែងហឹបនៃសេចក្ដីសញ្ញាទៅជាមួយផង។ ពួកសង្ឃប្រាំពីរនាក់ត្រូវដើរនាំមុខហឹប ហើយផ្លុំត្រែរបស់គេ។
‹នៅថ្ងៃទីប្រាំពីរ ឯងត្រូវដើរព័ទ្ធជុំវិញក្រុងនោះប្រាំពីរដង។ បន្ទាប់មកត្រូវផ្លុំត្រែបន្លឺសម្លេងយ៉ាងវែង ហើយឲ្យមនុស្សគ្រប់គ្នាស្រែកឡើងយ៉ាងខ្លាំង។ ហើយកំផែងក្រុងនោះនឹងត្រូវរលំដួលទៅ›!
យ៉ូស្វេនិងប្រជាជនបានធ្វើតាមអ្វីៗដែលព្រះយេហូវ៉ាបានមានបន្ទូលមក។ កាលដែលពួកគេកំពុងតែដើរព័ទ្ធជុំវិញនោះ មនុស្សគ្រប់គ្នានៅស្ងាត់ច្រៀប។ គ្មានអ្នកណាម្នាក់និយាយមួយម៉ាត់សោះ។ គឺឮសូរតែសម្លេងត្រែនិងជើងដើរប៉ុណ្ណោះ។ ពួកសត្រូវរបស់ប្រជាជនព្រះនៅក្រុងយេរីខូរច្បាស់ជាភ័យខ្លាចហើយ។ តើអ្នកឃើញខ្សែក្រហមចងជាប់ពីបង្អួចនោះទេ? តើនោះជាបង្អួចរបស់អ្នកណា? ត្រូវហើយ នាងរ៉ាហាបបានធ្វើតាមអ្វីៗដែលពួកឈ្លបទាំងពីរបានប្រាប់នាងឲ្យធ្វើ។ ក្រុមគ្រួសាររបស់នាងទាំងអស់ដែលនៅខាងក្នុង កំពុងតែមើលជាមួយនឹងនាង។
នៅទីបំផុត នៅថ្ងៃទីប្រាំពីរ ក្រោយពីគេបានដើរព័ទ្ធជុំវិញក្រុងប្រាំពីរដងហើយ ក៏ឮសម្លេងត្រែ ពួកទាហានក៏ស្រែកឡើង ហើយកំផែងក៏រលំដួលទៅ។ បន្ទាប់មក យ៉ូស្វេក៏និយាយថា៖ ‹ចូរសម្លាប់ពួកមនុស្សទាំងអស់ ហើយដុតក្រុងនោះចោលទៅ។ ត្រូវដុតចោលទាំងអស់ ទុកតែប្រាក់និងមាស ស្ពាន់ ហើយនិងដែកប៉ុណ្ណោះ ហើយត្រូវយករបស់ទាំងអស់នេះ ទៅដាក់ក្នុងឃ្លាំងនៃដំណាក់ព្រះយេហូវ៉ា›។
យ៉ូស្វេនិយាយទៅពួកឈ្លបពីរនាក់នោះថា៖ ‹ចូរចូលទៅក្នុងផ្ទះរបស់នាងរ៉ាហាប ហើយនាំនាងនិងគ្រួសាររបស់នាងចេញមកក្រៅ›។ នាងរ៉ាហាបនិងគ្រួសាររបស់នាងក៏ត្រូវបានសង្គ្រោះ ដូចពួកឈ្លបបានសន្យានឹងនាងមែន។