ហេតុដែលមនុស្សច្រើនមិនជឿថា សាសនាអាចធ្វើឲ្យមានសាមគ្គីភាព
«ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (ម៉ាថាយ ២២:៣៩) សាសនាជាច្រើនសរសើរគោលការណ៍បឋមនេះ។ បើសាសនាទាំងនោះមានប្រសិទ្ធភាពក្នុងការបង្រៀនសមាជិកឲ្យស្រឡាញ់អ្នកជិតខាង នោះសមាជិកគ្រប់រូបនឹងរួបរួមគ្នាដោយសាមគ្គីភាព។ ក៏ប៉ុន្តែ តាមអ្វីដែលអ្នកបានសង្កេតឃើញនោះ តើសមាជិកសាសនាមានសាមគ្គីភាពឬទេ? តើសាសនាកំពុងតែធ្វើឲ្យមនុស្សមានសាមគ្គីភាពទេ? នៅប្រទេសអាឡឺម៉ង់ពេលថ្មីៗនេះ ប្រជាជនបានត្រូវគេស្ទង់មតិដោយសួរថា៖ «តើសាសនាធ្វើឲ្យមនុស្សមានសាមគ្គីភាពឬច្រើនតែធ្វើឲ្យបែកបាក់គ្នាទៅវិញ?»។ ២២ភាគរយនៃប្រជាជនគិតថាសាសនាធ្វើឲ្យមានសាមគ្គីភាព រីឯ៥២ភាគរយគិតថាសាសនាធ្វើឲ្យបែកបាក់គ្នាវិញ។ ប្រហែលជាមនុស្សនៅប្រទេសរបស់អ្នកក៏គិតដូចអ្នកទាំងនោះដែរ។
ហេតុអ្វីបានជាមានមនុស្សជាច្រើនម្ល៉េះមិនជឿថាសាសនាអាចធ្វើឲ្យមានសាមគ្គីភាពនោះ? ប្រហែលនេះគឺដោយសារអ្វីដែលពួកគេដឹងអំពីប្រវត្ដិសាស្ត្រ។ នៅអតីតកាលសាសនាច្រើនតែបានធ្វើឲ្យមនុស្សបែកបាក់គ្នាជាជាងធ្វើឲ្យពួកគេរួបរួមគ្នា។ ក្នុងករណីខ្លះ មនុស្សបានធ្វើអំពើសាហាវព្រៃផ្សៃដោយអះអាងថាអំពើនោះគឺធ្វើឡើងក្នុងនាមសាសនា។ សូមពិចារណាឧទាហរណ៍ខ្លះៗដែលបានកើតឡើងក្នុងកំឡុងតែ១០០ឆ្នាំកន្លងទៅនេះ។
ដោយសារឥទ្ធិពលពីសាសនា
ក្នុងសង្គ្រាមលោកលើកទីពីរនៅតំបន់បាល់កង់ ជនជាតិក្រូអាស៊ីដែលកាន់សាសនាកាតូលិករ៉ូម៉ាំងហើយជនជាតិស៊ែរប៊ីដែលកាន់សាសនាអូធូដុក្សបានច្បាំងគ្នាយ៉ាងស្វិតស្វាញ។ ក្រុមទាំងពីរបានអះអាងថា ពួកគេជាអ្នកកាន់តាមព្រះយេស៊ូ ដែលទ្រង់បង្រៀនឲ្យស្រឡាញ់អ្នកជិតខាងរបស់ខ្លួន។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវម្នាក់មានប្រសាសន៍ថា ការប្រយុទ្ធនោះ«បាននាំឲ្យមានការសម្លាប់រង្គាលមួយដែលគួរឲ្យខ្លោចផ្សាបំផុតក្នុងចំណោមជនស៊ីវិល»។ មនុស្សទូទាំងពិភពលោកបានរន្ធត់ពេលដែលដឹងថាមានមនុស្សប្រុស ស្រី និងកុមារជាង៥០០.០០០នាក់បានស្លាប់នោះ។
នៅឆ្នាំ១៩៤៧ ឧបទ្វីបឥណ្ឌាមានប្រជាជនប្រមាណ៤០០លាននាក់។ នេះគឺស្មើនឹងមួយភាគប្រាំនៃចំនួនមនុស្សទូទាំងពិភពលោកនៅពេលនោះ។ ប្រជាជនឥណ្ឌាភាគច្រើនធ្លាប់កាន់សាសនាហិណ្ឌូ អ៊ីស្លាម ឬស៊ីច។ នៅពេលដែលប្រទេសឥណ្ឌាបានត្រូវចែកជាពីរផ្នែកនោះ មួយផ្នែកទៀតបានក្លាយជាប្រទេសប៉ាគីស្ថានដែលកាន់សាសនាអ៊ីស្លាម។ នៅពេលនោះ មានការសម្លាប់រង្គាលជាច្រើនលើកដែលពាក់ព័ន្ធនឹងសាសនា ហើយជនភៀសខ្លួនរាប់សែននាក់ពីប្រទេសទាំងពីរបានត្រូវគេដុតទាំងរស់ វាយសំពង ធ្វើទារុណកម្ម ឬបាញ់សម្លាប់ចោល។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងសតវត្សរ៍ទី២១ ចាប់ផ្ដើមមានការគំរាមកំហែងពីភេរវករ។ សព្វថ្ងៃនេះ ភេរវកម្មបានធ្វើឲ្យពិភពលោកទាំងមូលប្រុងប្រយ័ត្ន ហើយក្រុមភេរវករជាច្រើនអះអាងថាពួកគេជាប់ពាក់ព័ន្ធនឹងសាសនា។ មនុស្សមិនចាត់ទុកសាសនាជាអ្វីដែលធ្វើឲ្យមានសាមគ្គីភាពនោះទេ។ ផ្ទុយទៅវិញ សាសនាច្រើនតែជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅហើយការបែកបាក់គ្នា។ ហេតុនេះ គ្មានអ្វីចម្លែកឡើយ ដែលទស្សនាវដ្ដីមួយនៅប្រទេសអាឡឺម៉ង់បានមានប្រសាសន៍ថាពុទ្ធសាសនា គ្រីស្ទសាសនា លទ្ធិខុងជឺ សាសនាហិណ្ឌូ អ៊ីស្លាម យូដា និងសាសនាតាវគឺប្រៀបដូចជាម្សៅរំសេវដែលអាចផ្ទុះក្នុងមួយរំពេច។
បញ្ហាផ្ទៃក្នុង
សាសនាខ្លះច្បាំងគ្នា រីឯសាសនាឯទៀតមានជម្លោះផ្ទៃក្នុង។ ជាឧទាហរណ៍ នៅឆ្នាំថ្មីៗនេះ ពិភពគ្រីស្ទសាសនាមានការទាស់ទែងគ្នាអំពីរឿងលទ្ធិ។ ទាំងបព្វជិតទាំងសមាជិកសួរថា៖ តើការពន្យារកំណើតគឺខុសឬក៏អត់? ចុះការពន្លូតកូន? តើគួរតែងតាំងស្ត្រីជាសង្ឃទេ? តើសាសនាគួរមានទស្សនៈយ៉ាងណាចំពោះការរួមដំណេករវាងភេទដូចគ្នា? តើសាសនាគួរគាំទ្រសង្គ្រាមឬទេ? បើមិនព្រមព្រៀងគ្នាដូច្នេះ ‹តើសាសនាអាចធ្វើឲ្យមនុស្សមានសាមគ្គីភាពម្ដេចនឹងបាន បើមិនអាចទាំងធ្វើឲ្យសមាជិកមានសាមគ្គីភាពផងនោះ?›។
យើងឃើញច្បាស់ហើយថា សាសនាទូទៅបានបរាជ័យក្នុងការធ្វើឲ្យមានសាមគ្គីភាព។ ប៉ុន្តែ តើសាសនាទាំងអស់បែកបាក់គ្នាដូច្នេះឬ? តើមានសាសនាណាមួយដែលមិនបែកបាក់គ្នា? តើមានសាសនាណាមួយដែលអាចធ្វើឲ្យមនុស្សជាតិមានសាមគ្គីភាពឬទេ?
[រូបភាពនៅទំព័រ៣]
ប៉ូលិសដែលបានរងរបួស ក្នុងចំបាំងរវាងក្រុមសាសនាផ្សេងៗនៅប្រទេសឥណ្ឌានាឆ្នាំ១៩៤៧
[អ្នកផ្ដល់សិទ្ធិ]
Photo by Keystone/Getty Images