មានសាមគ្គីភាពដោយសារស្រឡាញ់ព្រះ
នៅពេលដែលក្រុមជំនុំគ្រីស្ទានបានត្រូវរៀបចំឡើងនៅសតវត្សរ៍ទីមួយសករាជយើង លក្ខណៈអស្ចារ្យមួយនៃក្រុមជំនុំគ្រីស្ទានគឺសាមគ្គីភាពរបស់សមាជិក ទោះជាពួកគេមកពីមជ្ឈដ្ឋាននិងប្រទេសខុសៗគ្នាក៏ដោយ។ អ្នកទាំងនោះដែលថ្វាយបង្គំព្រះពិតមកពីប្រទេសផ្សេងៗនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។ ពួកគេមកពីគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដោយមានទាំងខ្ញុំបំរើ ពាណិជ្ជករ អាជីវករ ពួកជាង ជនភៀសខ្លួន ទាហាន និងពួកសង្ឃ។ សមាជិកខ្លះជាសាសន៍យូដា ខ្លះទៀតជាសាសន៍ផ្សេង។ ពួកគេជាច្រើននាក់ធ្លាប់ជាអ្នកផិតក្បត់ អ្នករួមដំណេកជាមួយភេទដូចគ្នា ជនប្រមឹក ចោរ ឬអ្នកគំរាមយកប្រាក់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្លាយទៅជាគ្រីស្ទាន ពួកគេបានលះចោលអំពើអាក្រក់ទាំងនោះហើយរួបរួមគ្នាយ៉ាងជិតស្និទ្ធដោយមានជំនឿតែមួយ។
តើហេតុអ្វីបានជាសាសនាគ្រីស្ទនៅសតវត្សរ៍ទីមួយអាចធ្វើឲ្យអ្នកទាំងនោះរួបរួមគ្នាដោយសាមគ្គីភាពបាន? ហេតុអ្វីបានជាគ្រីស្ទានទាំងនោះអាចនៅដោយសុខសាន្តជាមួយនឹងអ្នកជឿគ្នីគ្នានិងមនុស្សទូទៅនោះ? ហេតុអ្វីបានជាពួកគេមិនបានចូលរួមក្នុងការបះបោរប្រឆាំងរដ្ឋអំណាចឬចំបាំងផ្សេងៗនោះ? ហេតុអ្វីបានជាសាសនាគ្រីស្ទសម័យដើមខុសគ្នាឆ្ងាយម្ល៉េះពីសាសនាធំៗសព្វថ្ងៃនេះ?
តើអ្វីបានធ្វើឲ្យសមាជិកក្រុមជំនុំមានភាពស្និទ្ធស្នាល?
កត្ដាសំខាន់បំផុតដែលបានធ្វើឲ្យអ្នកជឿគ្នីគ្នានៅសតវត្សរ៍ទីមួយមានសាមគ្គីភាព គឺដោយសារសេចក្ដីស្រឡាញ់ចំពោះព្រះ។ គ្រីស្ទានទាំងនោះបានទទួលស្គាល់ថា ភារកិច្ចដែលសំខាន់ចំបងរបស់ពួកគេ គឺត្រូវស្រឡាញ់ព្រះយេហូវ៉ាដែលជាព្រះពិតឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត។ ជាឧទាហរណ៍ សាវ័កពេត្រុសជាជនជាតិយូដាម្នាក់ដែលបានត្រូវបង្គាប់ឲ្យទៅផ្ទះរបស់មនុស្សម្នាក់សាសន៍ផ្សេង។ ធម្មតា ពេត្រុសមិនប្រស្រ័យទាក់ទងនឹងអ្នកនោះឡើយ។ មូលហេតុសំខាន់បំផុតដែលពេត្រុសបានស្ដាប់បង្គាប់គឺដោយសារសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ពេត្រុសនិងគ្រីស្ទានឯទៀតនៅសម័យដើមមានភាពស្និទ្ធស្នាលជាមួយនឹងព្រះ ដែលមានមូលដ្ឋានលើចំណេះពិតអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ អំពីអ្វីដែលធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ និងអំពីអ្វីដែលមិនធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។ នៅទីបំផុត អ្នកថ្វាយបង្គំព្រះគ្រប់រូបបានយល់ថាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា គឺឲ្យពួកគេ«បានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១»។—កូរិនថូសទី១ ១:១០; ម៉ាថាយ ២២:៣៧; កិច្ចការ ១០:១-៣៥
អ្វីមួយទៀតដែលបានធ្វើឲ្យអ្នកជឿរួបរួមគ្នា គឺជាជំនឿទៅលើព្រះយេស៊ូគ្រីស្ទ។ ពួកគេចង់ដើរតាមលំអានដានទ្រង់ឲ្យបានដិតដល់។ ព្រះយេស៊ូបានបង្គាប់ថា៖ «ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) នេះមិនមែនជាការបង្ហាញសេចក្ដីស្រឡាញ់តែសំបកក្រៅនោះទេ តែត្រូវជាសេចក្ដីស្រឡាញ់ដែលហ៊ានស៊ូប្ដូរជីវិតនិងហ៊ានធ្វើពលិកម្មដើម្បីគ្នា។ តើនឹងមានលទ្ធផលយ៉ាងណា? ព្រះយេស៊ូបានអធិស្ឋានទូលដើម្បីអ្នកដែលមានជំនឿលើទ្រង់ថា៖ ‹ទូលបង្គំអធិស្ឋានឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ! ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយនៅក្នុងយើង›។—យ៉ូហាន ១៧:២០,២១; ពេត្រុសទី១ ២:២១
ព្រះយេហូវ៉ាបានចាត់វិញ្ញាណបរិសុទ្ធ ឬសកម្មពលរបស់ទ្រង់ទៅលើអ្នកបំរើពិតរបស់ទ្រង់។ វិញ្ញាណនេះបានធ្វើឲ្យពួកគេមានសាមគ្គីភាព ព្រមទាំងបានជួយឲ្យពួកគេយល់នូវសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ ដែលក្រុមជំនុំទាំងឡាយទទួលស្គាល់គ្រប់គ្នា។ អ្នកថ្វាយបង្គំព្រះយេហូវ៉ាបានផ្សព្វផ្សាយសារតែមួយ អំពីការលើកព្រះនាមព្រះយេហូវ៉ាឲ្យបានបរិសុទ្ធតាមរយៈព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី ដែលជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងលើមនុស្សជាតិ។ គ្រីស្ទាននៅសម័យដើមបានយល់ថាពួកគេមានភារកិច្ចបង្ហាញថា ពួកគេ«មិនមែនត្រូវខាងលោកីយនេះទេ»។ ហេតុដូច្នេះហើយ នៅពេលណាដែលមានការបះបោរប្រឆាំងរដ្ឋអំណាចឬមានសង្គ្រាមនោះ គ្រីស្ទាននៅតែប្រកាន់អព្យាក្រឹត។ ពួកគេបានខំនៅដោយមេត្រីជាមួយនឹងមនុស្សទាំងអស់។—យ៉ូហាន ១៤:២៦; ១៨:៣៦; ម៉ាថាយ ៦:៩, ១០; កិច្ចការ ២:១-៤; រ៉ូម ១២:១៧-២១
អ្នកជឿគ្រប់គ្នាបានបំពេញភារកិច្ចខ្លួនក្នុងការធ្វើឲ្យមានសាមគ្គីភាព។ តើយ៉ាងដូចម្ដេច? គឺដោយយកចិត្តទុកដាក់ប្រព្រឹត្តតាមព្រះគម្ពីរជានិច្ច។ នេះជាមូលហេតុដែលសាវ័កប៉ុលបានសរសេរទៅកាន់គ្រីស្ទានទាំងឡាយថា៖ «ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់»ហើយ«ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ»។—អេភេសូរ ៤:២២-៣២
ពួកគេបានរក្សាសាមគ្គីភាពឲ្យនៅគង់វង្ស
ពិតមែន អ្នកជឿនៅសតវត្សរ៍ទីមួយជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយធ្លាប់មានបញ្ហាកើតឡើងដែលបានគំរាមកំហែងដល់សាមគ្គីភាពរបស់ពួកគេ។ ជាឧទាហរណ៍ កិច្ចការ ៦:១-៦ រៀបរាប់អំពីបញ្ហាដែលកើតឡើងរវាងគ្រីស្ទានសាសន៍យូដាដែលនិយាយភាសាក្រិច និងគ្រីស្ទានសាសន៍យូដាដែលនិយាយភាសាហេព្រើរ។ គ្រីស្ទានដែលនិយាយភាសាក្រិចមានអារម្មណ៍ថា ពួកគេកំពុងតែទទួលរងការរើសអើង។ ក៏ប៉ុន្តែ ពេលដែលពួកសាវ័កបានឮអំពីរឿងនេះ ពួកគេបានចាត់វិធានការដោះស្រាយបញ្ហានោះយ៉ាងឆាប់រហ័សហើយដោយយុត្ដិធម៌។ ក្រោយមកទៀត បញ្ហាមួយទាក់ទងនឹងលទ្ធិ បាននាំឲ្យមានការទាស់ទែងគ្នាស្តីអំពីភារកិច្ចរបស់គ្រីស្ទានដែលមិនមែនជាសាសន៍យូដា។ អ្នកនាំមុខបានធ្វើការសម្រេចដោយមានមូលដ្ឋានលើគោលការណ៍ព្រះគម្ពីរ ហើយក្រុមជំនុំទាំងឡាយបានទទួលព្រមតាមការសម្រេចនេះគ្រប់គ្នា។—កិច្ចការ ១៥:១-២៩
ឧទាហរណ៍ទាំងនេះបង្ហាញថា ការមិនយល់ស្របគ្នាក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សរ៍ទីមួយ មិនបាននាំឲ្យបែកបាក់គ្នាដោយប្រកាន់ពូជសាសន៍ ឬដោយប្រកាន់លទ្ធិខុសៗគ្នានោះឡើយ។ ហេតុអ្វី? ពីព្រោះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ជំនឿលើព្រះយេស៊ូគ្រីស្ទ ការស្រឡាញ់គ្នាយ៉ាងប្ដូរផ្ដាច់ ការព្រមទទួលការណែនាំពីវិញ្ញាណបរិសុទ្ធ ការយល់ដឹងដូចគ្នាអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ ហើយការសុខចិត្តកែប្រែការប្រព្រឹត្តរបស់ខ្លួន ទាំងអស់នោះសុទ្ធតែជាកត្ដាដែលមានឥទ្ធិពលខ្លាំងល្មមឲ្យសាមគ្គីភាពនិងសន្ដិភាពក្នុងក្រុមជំនុំសម័យដើមនៅគង់វង្ស។
សាមគ្គីភាពក្នុងការថ្វាយបង្គំនៅសម័យនេះ
សព្វថ្ងៃនេះ តើអាចមានសាមគ្គីភាពដូចនេះដែរឬទេ? តើកត្ដាដូចដែលបានរៀបរាប់ពីមុនអាចធ្វើឲ្យសមាជិកនៃសាសនាតែមួយរួបរួមគ្នា ហើយនៅដោយសុខសាន្តជាមួយនឹងមនុស្សគ្រប់សាសន៍ទូទាំងផែនដីបានទេ? ប្រាកដជាអាចធ្វើបានមែន! ស្មរបន្ទាល់ព្រះយេហូវ៉ាមានសាមគ្គីភាពក្នុងភាតរភាពមួយដែលមានទូទាំងពិភពលោក ដែលរួមបញ្ចូលជាង២៣០ប្រទេស កោះ និងតំបន់។ ហើយកត្ដាទាំងនោះដែលបានធ្វើឲ្យគ្រីស្ទាននៅសតវត្សរ៍ទីមួយមានសាមគ្គីភាពនោះ ក៏ធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាមានសាមគ្គីភាពផងដែរ។
កត្ដាសំខាន់បំផុតដែលធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាមានសាមគ្គីភាពគឺដោយសារភក្ដីភាពចំពោះព្រះយេហូវ៉ា។ នេះមានន័យថា ពួកគេព្យាយាមរក្សាភាពស្មោះត្រង់ចំពោះទ្រង់ក្នុងគ្រប់កាលៈទេសៈ។ ស្មរបន្ទាល់របស់ព្រះយេហូវ៉ាក៏បង្ហាញថា ពួកគេមានជំនឿលើព្រះយេស៊ូគ្រីស្ទនិងសេចក្ដីបង្រៀនរបស់ទ្រង់។ គ្រីស្ទានទាំងនេះស្រឡាញ់គ្នាយ៉ាងប្ដូរផ្ដាច់ ហើយផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះនៅគ្រប់ប្រទេសដែលពួកគេមានសកម្មភាព។ ពួកគេសប្បាយចិត្តនិយាយអំពីព្រះរាជាណាចក្រនេះជាមួយនឹងមនុស្សគ្រប់សាសនា គ្រប់សាសន៍ គ្រប់សញ្ជាតិ និងគ្រប់មជ្ឈដ្ឋាន។ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏ប្រកាន់អព្យាក្រឹតក្នុងរឿងលោកីយ៍ ហើយនេះជួយឲ្យពួកគេទប់ទល់នឹងអានុភាពពីឥទ្ធិពលនយោបាយ វប្បធម៌ សង្គម និងពាណិជ្ជកម្មដែលនាំឲ្យមានការបែកបាក់គ្នាសព្វថ្ងៃនេះ។ ស្មរបន្ទាល់គ្រប់រូបព្រមទទួលភារកិច្ចបង្កើតឲ្យមានសាមគ្គីភាព ដោយប្រព្រឹត្តសមស្របតាមខ្នាតតម្រាក្នុងព្រះគម្ពីរ។
សាមគ្គីភាពទាក់ទាញអ្នកឯទៀត
ជាច្រើនដង សាមគ្គីភាពនេះបានធ្វើឲ្យមនុស្សដែលមិនមែនជាស្មរបន្ទាល់ចាប់អារម្មណ៍។ ជាឧទាហរណ៍ លោកស្រីអ៊ីលសេa ធ្លាប់ជាដូនជីសាសនាកាតូលិកនៅប្រទេសអាឡឺម៉ង់។ តើអ្វីបានធ្វើឲ្យគាត់ចាប់អារម្មណ៍នឹងស្មរបន្ទាល់ព្រះយេហូវ៉ា? លោកស្រីអ៊ីលសេប្រាប់ថា៖ «ពួកគេជាមនុស្សល្អដាច់គេ។ ពួកគេមិនធ្វើសង្គ្រាម ក៏មិនដែលធ្វើបាបអ្នកឯទៀតឡើយ។ ពួកគេចង់ជួយឲ្យមនុស្សរស់នៅដោយសុភមង្គលក្នុងផែនដីមនោរម្យក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ»។
ឧទាហរណ៍មួយទៀត គឺជាលោកគូនធើ ដែលធ្លាប់ធ្វើជាទាហានជនជាតិអាឡឺម៉ង់ នៅប្រទេសបារាំងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ នៅថ្ងៃមួយលោកគូនធើបានចូលរួមក្នុងពិធីសាសនាដែលសង្ឃសាសនាប្រូតេស្តង់ម្នាក់បានធ្វើសំរាប់ពួកទាហាន។ សង្ឃនោះបានអធិស្ឋានសូមព្រះប្រទានពរ ការពារពួកគេ ហើយជួយឲ្យបានជ័យជំនះ។ ក្រោយពីកម្មវិធីនោះចប់ លោកគូនធើបានទៅកន្លែងដែលគាត់ត្រូវឃ្លាំមើល។ ពេលដែលមើលតាមកែវយឹត គាត់ឃើញទាហានសត្រូវនៅម្ខាងទៀតកំពុងតែធ្វើពិធីសាសនាមួយ ហើយក៏មានសង្ឃម្នាក់ដឹកនាំដែរ។ ក្រោយមកលោកគូនធើប្រាប់ថា៖ «សង្ឃនោះទំនងជាបានអធិស្ឋានសូមព្រះប្រទានពរ ការពារពួកគេ ហើយជួយឲ្យបានជ័យជំនះដែរ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា តើហេតុអ្វីបានជាគ្រីស្ទសាសនាអាចធ្វើជាសត្រូវនឹងគ្នាក្នុងសង្គ្រាមបាន?»។ គំនិតនេះបានដក់ជាប់ក្នុងចិត្តរបស់លោកគូនធើ។ ក្រោយមក ពេលដែលគាត់ជួបនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ជាមនុស្សដែលមិនចូលរួមក្នុងសង្គ្រាមនោះ លោកគូនធើបានចូលរួមក្នុងភាតរភាពទូទាំងពិភពលោករបស់ពួកគេដែរ។
លោកអាសូកនិងលោកស្រីហ្វីម៉ា ធ្លាប់កាន់សាសនាមួយនៅទ្វីបអាស៊ី។ នៅក្នុងផ្ទះរបស់ពួកគាត់ មានអាសនៈសំរាប់គោរពបូជាព្រះមួយអង្គ។ នៅពេលដែលសមាជិកក្រុមគ្រួសារមានជំងឺធ្ងន់ធ្ងរនោះ លោកអាសូកនិងលោកស្រីហ្វីម៉ាចាប់ផ្ដើមគិតពិចារណាសាជាថ្មីអំពីសាសនារបស់ពួកគាត់។ ពេលដែលពួកគាត់សន្ទនាជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា លោកអាសូកនិងលោកស្រីហ្វីម៉ាបានកោតស្ងើចនឹងសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ ហើយនិងសេចក្ដីស្រឡាញ់ដែលស្មរបន្ទាល់មានចំពោះគ្នានឹងគ្នានោះ។ ឥឡូវនេះពួកគាត់ជាអ្នកផ្សព្វផ្សាយដែលខ្នះខ្នែងប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា។
អ៊ីលសេ គូនធើ អាសូក និងហ្វីម៉ាមានសាមគ្គីភាពជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ក្នុងភាតរភាពទូទាំងពិភពលោកមួយ។ ពួកគាត់ជឿសេចក្ដីសន្យាក្នុងព្រះគម្ពីរដែលថា បន្ដិចទៀត កត្ដាទាំងប៉ុន្មានដែលធ្វើឲ្យពួកគេមានសាមគ្គីភាពសព្វថ្ងៃនេះ ក៏នឹងធ្វើឲ្យមនុស្សទាំងអស់ដែលស្ដាប់បង្គាប់រួបរួមគ្នាដោយមានសាមគ្គីភាពដែរ។ នៅពេលនោះ នឹងលែងមានអំពើសាហាវព្រៃផ្សៃ ការបែកបាក់គ្នា និងការទាស់ទែងដោយសារសាសនាទៀតហើយ។ ពិភពលោកទាំងមូលនឹងមានសាមគ្គីភាពក្នុងការថ្វាយបង្គំព្រះពិតតែមួយអង្គ គឺព្រះយេហូវ៉ា។—វិវរណៈ ២១:៤, ៥
[កំណត់សម្គាល់]
a ក្នុងអត្ថបទនេះ ឈ្មោះខ្លះត្រូវបានប្ដូរ។
[រូបភាពនៅទំព័រ៤]
ទោះជាមកពីមជ្ឈដ្ឋានណានិងប្រទេស ផ្សេងៗក៏ដោយ គ្រីស្ទាននៅសម័យ ដើមធ្លាប់មានសាមគ្គីភាព