៧០
យ៉ូណាសនិងត្រីធំមួយ
សូមក្រឡេកមើលបុរសដែលនៅក្នុងទឹកនេះ។ គាត់មានបញ្ហាធំណាស់ មែនទេ? ត្រីនោះបំរុងនឹងលេបគាត់ហើយ! តើអ្នកដឹងបុរសនេះជាអ្នកណាទេ? សូមឲ្យយើងពិនិត្យមើលនូវមូលហេតុដែលគាត់មានបញ្ហាច្រើនដូច្នេះ។
លោកយ៉ូណាសជាព្យាការីនៃព្រះយេហូវ៉ាម្នាក់។ មិនជាយូរប៉ុន្មានក្រោយពីព្យាការីអេលីសេបានស្លាប់ទៅ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់យ៉ូណាសថា៖ ‹ចូរឯងទៅឯនីនីវេជាក្រុងដ៏ធំនោះ ដ្បិតការអាក្រក់របស់មនុស្សនៅទីនោះ មានភាពធ្ងន់ធ្ងរណាស់ ហើយអញចង់ឲ្យឯងនិយាយប្រាប់ពួកគេអំពីរឿងនេះ›។
ប៉ុន្តែ លោកយ៉ូណាសមិនចង់ទៅទេ។ ដូច្នេះ លោកក៏ឡើងនាវាទឹកមួយដែលចេញដំណើរបញ្ច្រាសពីក្រុងនីនីវេ។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងយ៉ូណាសចំពោះការរត់គេចខ្លួននោះទេ។ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យមានខ្យល់ព្យុះធំមួយ។ ព្យុះនោះមានសភាពខ្លាំងដល់ម្ល៉េះ ដែលធ្វើឲ្យនាវាសឹងតែនឹងក្រឡាប់លិច។ ពួកកម្មករនាវានោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំង ហើយក៏អំពាវនាវដល់ព្រះគេរៀងៗខ្លួនឲ្យជួយ។
នៅទីបំផុត យ៉ូណាសប្រាប់ពួកគេថា៖ ‹ខ្ញុំថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី។ ហើយខ្ញុំកំពុងតែរត់គេចចេញពីកិច្ចការ ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យខ្ញុំធ្វើ›។ ដូច្នេះ ពួកកម្មករនាវាសួរថា៖ ‹តើឲ្យយើងធ្វើអ្វីដល់អ្នក ដើម្បីឲ្យខ្យល់ព្យុះនេះឈប់›?
យ៉ូណាសប្រាប់គេថា៖ ‹ចូរបោះខ្ញុំទៅក្នុងសមុទ្រចុះ ហើយសមុទ្រនឹងស្ងប់វិញ›។ ពួកកម្មករនាវានោះមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែកាលដែលព្យុះបក់កាន់តែខ្លាំងឡើងៗ គេក៏ដាច់ចិត្តបោះយ៉ូណាសទៅក្នុងទឹក។ នៅពេលនោះខ្យល់ព្យុះក៏ឈប់ភ្លាម ហើយសមុទ្រក៏ស្ងប់ទៅ។
កាលដែលយ៉ូណាសធ្លាក់ចូលទៅក្នុងទឹក ត្រីធំមួយក៏លេបគាត់ទៅ។ ប៉ុន្តែ គាត់ឥតស្លាប់ទេ។ គាត់បាននៅក្នុងពោះត្រីធំនោះអស់រយៈបីថ្ងៃបីយប់។ យ៉ូណាសមានចិត្តសោកស្ដាយណាស់ ដែលគាត់ពុំបានគោរពតាមព្រះយេហូវ៉ា ហើយទៅឯក្រុងនីនីវេនោះ។ ដូច្នេះ តើអ្នកដឹងគាត់ធ្វើអ្វីទេ?
យ៉ូណាសអធិស្ឋានសូមឲ្យព្រះយេហូវ៉ាជួយ។ នៅពេលនោះ ព្រះយេហូវ៉ាក៏ធ្វើឲ្យត្រីក្អែយ៉ូណាសទៅលើដីគោក។ ក្រោយពីនោះមក យ៉ូណាសក៏ទៅក្រុងនីនីវេ។ តើរឿងនេះមិនបង្រៀនយើងអំពីការសំខាន់ ក្នុងការធ្វើតាមអ្វីៗដែលព្រះយេហូវ៉ាបង្គាប់ទេឬ?