ចូរយកតម្រាប់តាមយ៉ូណាសជាអ្នកប្រកាសទំនាយ
១. តើយ៉ូណាសមានគុណសម្បត្ដិអ្វីខ្លះ?
១ ពេលអ្នកឮឈ្មោះយ៉ូណាសដែលជាអ្នកប្រកាសទំនាយ តើអ្នកគិតយ៉ាងណាអំពីគាត់? អ្នកខ្លះប្រហែលមានទស្សនៈថាគាត់ជាមនុស្សកំសាក ឬគ្មានមេត្ដា។ ប៉ុន្តែ គាត់បានបង្ហាញឲ្យឃើញច្បាស់នូវចិត្តរាបទាប ចិត្តក្លាហាន និងស្មារតីលះបង់ប្រយោជន៍ខ្លួន។ តើយើងអាចទាញយកគុណសម្បត្ដិរបស់គាត់‹ទុកជាគំរូ›តាមរបៀបណា?—យ៉ា. ៥:១០
២. តើយើងអាចយកតម្រាប់តាមចិត្តរាបទាបរបស់យ៉ូណាសបានយ៉ាងដូចម្ដេច?
២ ចិត្តរាបទាប: មុនដំបូង យ៉ូណាសបានរត់ទៅទិសផ្ទុយពីតំបន់ផ្សាយដែលព្រះបានចាត់ឲ្យគាត់ទៅ។ នេះមិនគួរភ្ញាក់ផ្អើលឡើយ ពីព្រោះជនជាតិអាសស៊ើរល្បីឈ្មោះខាងអំពើឃោរឃៅ ហើយក្រុងនីនីវេបានត្រូវហៅថា «ទីក្រុងដែលប្រឡាក់ដោយឈាម»។ (ណា. ៣:១-៣) ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានទូន្មានប្រដៅយ៉ូណាស ហើយគាត់បានបង្ហាញចិត្តរាបទាបដោយព្រមទទួលភារកិច្ចដែលព្រះបានប្រគល់ឲ្យជាលើកទី២។ (សុភ. ២៤:៣២; យ៉ូណ. ៣:១-៣) ថ្វីបើនៅដើមដំបូងគាត់បានរត់ក្ដី ក្រោយមកគាត់បានធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ (ម៉ាថ. ២១:២៨-៣១) តើយើងមានការតាំងចិត្តស្រដៀងនឹងគាត់ទេ ក្នុងការផ្សព្វផ្សាយដំណឹងល្អ ទោះបើយើងបានត្រូវទូន្មានប្រដៅ ឬមានការពិបាកក្នុងតំបន់ផ្សាយដែលយើងត្រូវចាត់ឲ្យទៅ?
៣. តើមានទិដ្ឋភាពអ្វីខ្លះនៃកិច្ចបម្រើផ្សាយរបស់អ្នកដែលតម្រូវឲ្យមានចិត្តក្លាហាននិងស្មារតីលះបង់ប្រយោជន៍ខ្លួន?
៣ ចិត្តក្លាហាននិងស្មារតីលះបង់ប្រយោជន៍ខ្លួន: ពេលយ៉ូណាសដឹងថាការសម្រេចចិត្តមិនល្អរបស់គាត់បានបង្កគ្រោះថ្នាក់ដល់ជីវិតពួកអ្នកបើកសំពៅ គាត់សុខចិត្តលះបង់ជីវិតរបស់គាត់។ (យ៉ូណ. ១:៣, ៤, ១២) ក្រោយមក ពេលកំពុងបំពេញភារកិច្ចរបស់គាត់នៅទីក្រុងនីនីវេ គាត់បានដើរចូលទៅកន្លែងដែលមានមនុស្សកុះករ ប្រហែលជាគាត់រកទីតាំងល្អដើម្បីអាចប្រកាសការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា។ អ្នកដែលប្រព្រឹត្តបែបនេះគឺមិនមែនជាមនុស្សកំសាកនោះទេ ប៉ុន្តែគឺជាអ្នកប្រកាសទំនាយរបស់ព្រះយ៉ាងអង់អាច! (យ៉ូណ. ៣:៣, ៤) ចុះយ៉ាងណាចំពោះយើងនៅសព្វថ្ងៃនេះ? ចិត្តក្លាហានដែលព្រះផ្ដល់ឲ្យគឺត្រូវការជាចាំបាច់ដើម្បីធ្វើជាសាក្សីបញ្ជាក់យ៉ាងអង់អាចនៅចំពោះមុខការប្រឆាំង។ (សកម្ម. ៤:២៩, ៣១) ការចំណាយពេលវេលានិងធនធានខ្លួនក្នុងកិច្ចបម្រើផ្សាយ ពិតជាតម្រូវឲ្យមានស្មារតីលះបង់ប្រយោជន៍ខ្លួន។—សកម្ម. ២០:២៤
៤. ហេតុអ្វីយើងគួរចំណាយពេលពិចារណាពីគំរូពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា?
៤ រាល់ពេលដែលអ្នកអានកំណត់ហេតុមួយអំពីពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា អ្នកនឹងទទួលប្រយោជន៍ប្រសិនបើអ្នកស្រមៃគិតថាខ្លួនអ្នកកំពុងស្ថិតក្នុងកាលៈទេសៈទាំងនោះ។ សូមសួរខ្លួនឯងថា បើខ្ញុំនៅទីនោះ តើខ្ញុំនឹងមានប្រតិកម្មយ៉ាងណា? តើខ្ញុំអាចយកតម្រាប់តាមគុណសម្បត្ដិរបស់គាត់ក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច? (ហេ. ៦:១១, ១២) អត្ថបទក្នុងកិច្ចបម្រើព្រះក្រោយៗ នឹងពិចារណាថែមទៀតអំពីមេរៀនដ៏មានតម្លៃដែលយើងអាចរៀនពីពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។