៧៤
បុរសម្នាក់ដែលមិនខ្លាច
សូមមើលប្រជាជនដែលកំពុងតែសើចចំអកដាក់យុវជនម្នាក់នេះ។ តើអ្នកដឹងថាគាត់ជាអ្នកណាទេ? គាត់ឈ្មោះយេរេមា ជាព្យាការីដ៏សំខាន់ម្នាក់របស់ព្រះ។
មិនយូរប៉ុន្មាន ក្រោយពីស្តេចយ៉ូសៀសចាប់ផ្ដើមកំទេចចោលរូបព្រះអស់ពីស្រុកទៅ ព្រះយេហូវ៉ាក៏មានបន្ទូលប្រាប់យេរេមាឲ្យធ្វើជាព្យាការីរបស់ទ្រង់។ តែ យេរេមាគិតថា គាត់នៅក្មេងណាស់ មិនអាចធ្វើជាព្យាការីបានទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់នឹងជួយគាត់។
យេរេមាប្រាប់ប្រជាជនអ៊ីស្រាអែលឲ្យឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត។ គាត់មានប្រសាសន៍ថា ‹ពួកព្រះដែលប្រជាជននៃសាសន៍ទាំងនោះថ្វាយបង្គំ នោះជាព្រះមិនពិតទេ›។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលជាច្រើនចូលចិត្តថ្វាយបង្គំរូបព្រះ ជាជាងថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះពិតទៅវិញ។ កាលដែលយេរេមាប្រាប់ប្រជាជនថា ព្រះនឹងដាក់ទណ្ឌកម្មពួកគេចំពោះការប្រព្រឹត្តដ៏អាក្រក់របស់គេនោះ ពួកគេទៅជាសើចចំអកដាក់គាត់ទៅវិញ។
ច្រើនឆ្នាំបានកន្លងទៅ ស្តេចយ៉ូសៀសក៏បានទទួលមរណភាព ហើយបីខែក្រោយមក បុត្រារបស់ទ្រង់នាមយេហូយ៉ាគីមក៏បានទៅជាស្តេច។ យេរេមាចេះតែប្រាប់ប្រជាជនថា៖ ‹បើអ្នករាល់គ្នាមិនប្រែផ្លូវដ៏អាក្រក់របស់អ្នកចេញទេ នោះក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោល›។ ពួកសង្ឃក៏ចាប់យេរេមា រួចស្រែកសម្លុតថា៖ ‹ឯងគួរតែស្លាប់ ព្រោះឯងបាននិយាយពាក្យទាំងអស់នេះ›។ បន្ទាប់មក ពួកគេក៏ប្រាប់រឿងនេះដល់ពួកចៅហ្វាយអ៊ីស្រាអែលថា៖ ‹យេរេមានេះគួរតែសម្លាប់ចោលទៅ ដ្បិតវាបាននិយាយប្រឆាំងនឹងក្រុងយើង›។
ឥឡូវនេះ តើយេរេមានឹងត្រូវធ្វើយ៉ាងណា? គាត់ឥតភ័យខ្លាចបន្ដិចសោះ! គាត់ប្រាប់ពួកគេទាំងអស់ថា៖ ‹ព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំមក ដើម្បីប្រាប់ពាក្យទាំងអស់នេះដល់អ្នកគ្រប់គ្នា។ បើសិនជាអ្នករាល់គ្នាមិនប្រែជីវភាពរស់នៅដ៏អាក្រក់របស់អ្នកទេ នោះព្រះយេហូវ៉ានឹងបំផ្លាញក្រុងយេរូសាឡិមនេះចោលជាមិនខាន›។ ប៉ុន្តែ ត្រូវឲ្យដឹងច្បាស់ថា៖ បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះអ្នកនឹងសម្លាប់មនុស្សដែលឥតមានទោសអ្វីសោះឡើយ›។
ពួកចៅហ្វាយឲ្យយេរេមារួចជីវិត ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនព្រមប្រែពីផ្លូវអាក្រក់របស់គេទេ។ ក្រោយមក នេប៊ូក្នេសា ជាស្តេចនៃស្រុកបាប៊ីឡូនក៏មកប្រយុទ្ធនឹងក្រុងយេរូសាឡិម។ ដល់ទីបំផុត ស្តេចនេប៊ូក្នេសាក៏ចាប់ប្រជាជនអ៊ីស្រាអែលឲ្យធ្វើជាអ្នកបំរើរបស់ទ្រង់។ ទ្រង់បានចាប់ប្រជាជនរាប់ពាន់នាក់ យកទៅស្រុកបាប៊ីឡូនដែរ។ សូមគិតមើល តើអ្នកនឹងមានអារម្មណ៍យ៉ាងណាទៅ បើមានមនុស្សចំឡែកមកចាប់អ្នកពីផ្ទះរបស់អ្នក ហើយយកអ្នកទៅស្រុកចំឡែកនោះ!
យេរេមា ១:១-៨; ១០:១-៥; ២៦:១-១៦; ពង្សាវតារក្សត្រទី២ ២៤:១-១៧