បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៤ ទំ. ៨-ទំ. ១១ វ. ១១
  • គោលសំខាន់ៗពីសៀវភៅយេរេមា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅយេរេមា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង»
  • (យេរេមា ១:១​–​២០:១៨)
  • ​«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បំរើ​ដល់​ស្តេច​បាប៊ីឡូន»
  • (យេរេមា ២១:១​–​៥១:៦៤)
  • ការ​ដុត​ទី​ក្រុង​យេរូសាឡិម​ចោល
  • (យេរេមា ៥២:១​-​៣៤)
  • ចូរមានចិត្ដក្លាហានដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរចាំយាមជានិច្ចដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ព្រះយេហូវ៉ាចាត់យេរេមាឲ្យទៅប្រកាសផ្សាយ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីសង្ខេបពីយេរេមា
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៤ ទំ. ៨-ទំ. ១១ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​យេរេមា

រឿង​ខ្លោចផ្សា​ដែល​យេរេមា​បាន​ប្រកាស​ដល់​សាសន៍​ខ្លួន​ឯង ពិត​ជា​សារ​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​ចំពោះ​ពួក​គេ​មែន! ដ្បិត​គាត់​ប្រកាស​ថា ព្រះ​វិហារ​ដែល​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ជាង​៣០០​ឆ្នាំ​នឹង​ត្រូវ​គេ​ដុត​ចោល។ គាត់​ក៏​បាន​ផ្សព្វផ្សាយ​ថា ទី​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​នឹង​មាន​ពួក​ខ្មាំង​ចាប់​យក​ប្រជាជន​ទាំង​ឡាយ​ចេញ​ជា​ឈ្លើយ​សឹក។ សារ​ទាំង​នេះ​ដែល​ប្រកាស​ពី​សេចក្ដី​ជំនុំ​ជម្រះ​នោះ បាន​កត់​ទុក​ក្នុង​សៀវភៅ​យេរេមា​ដែល​ក្រៅ​ពី​សៀវភៅ​ទំនុកដំកើង​ជា​សៀវភៅ​ធំ​ជាង​គេ​ក្នុង​ព្រះ​គម្ពីរ។ សៀវភៅ​យេរេមា​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​លោក​យេរេមា​បាន​ជួប​ប្រទះ​ផ្ទាល់ ពេល​គាត់​បាន​ធ្វើ​កិច្ច​បម្រើ​ព្រះ​ដោយ​ស្មោះ​ត្រង់​អស់​៦៧​ឆ្នាំ។ យេរេមា​មិន​បាន​កត់​ទុក​ព័ត៌មាន​ក្នុង​សៀវភៅ​នោះ​តាម​លំដាប់​លំដោយ​ទេ តែ​តាម​ប្រធាន​បទ​ផ្សេងៗ​វិញ។

ហេតុ​អ្វី​បាន​ជា​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​ក្នុង​សៀវភៅ​យេរេមា? យើង​គួរ​ចាប់​អារម្មណ៍​ពីព្រោះ​បទ​ទំនាយ​ក្នុង​សៀវភៅ​នោះ​បាន​សម្រេច​ហើយ ដូច្នេះ​នេះ​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ទ្រង់។ (អេសាយ ៥៥:១០, ១១) ណា​មួយ​ទៀត កិច្ចការ​ដែល​យេរេមា​បាន​ធ្វើ​ជា​អ្នក​ថ្លែង​ទំនាយ និង​ទស្សនៈ​របស់​ប្រជាជន​នៅ​សម័យ​នោះ​ចំពោះ​សារ​ដែល​គាត់​ផ្សាយ គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នឹង​ស្ថានការណ៍​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (កូរិនថូសទី១ ១០:១១) ម្យ៉ាង​ទៀត របាយ​ការណ៍​អំពី​ទំនាក់ទំនង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់​ស​ឲ្យ​ឃើញ​នូវ​គុណសម្បត្ដិ​របស់​ទ្រង់ ហើយ​នេះ​ក៏​គួរ​មាន​ឥទ្ធិពល​ខ្លាំង​លើ​យើង​ដែរ។—ហេព្រើរ ៤:១២

​«រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង»

(យេរេមា ១:១​–​២០:១៨)

យេរេមា​បាន​ទទួល​ភារកិច្ច​ធ្វើ​ជា​អ្នក​ថ្លែង​ទំនាយ​ក្នុង​ឆ្នាំ​ទី១៣​នៃ​រាជ្យ​ស្តេច​យ៉ូសៀស​លើ​រាជាណាចក្រ​យូដា។ ឆ្នាំ​នោះ​គឺ​៤០​ឆ្នាំ​មុន​ទី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ (យេរេមា ១:១, ២) សារ​ភាគ​ច្រើន​ដែល​យេរេមា​បាន​ប្រកាស​ក្នុង​អំឡុង​ពេល​១៨​ឆ្នាំ​ចុង​ក្រោយ​នៃ​រាជ្យ​ស្តេច​យ៉ូសៀស បាន​បក​អាក្រាត​នូវ​អំពើ​អាក្រក់​ដែល​ប្រជាជន​យូដា​បាន​ប្រព្រឹត្ត។ យេរេមា​ក៏​បាន​ផ្សាយ​ឲ្យ​គេ​ដឹង​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​លើ​ពួក​យូដា​ដែរ។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ «អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទីលំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ»។ (យេរេមា ៩:១១) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បំណង​ធ្វើ​ដូច្នេះ? ទ្រង់​ពន្យល់​ថា​៖ «ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង»។—យេរេមា ២:១៣

សារ​ក្នុង​សៀវភៅ​យេរេមា​ក៏​រៀប​រាប់​ពី​ការ​ប្រោស​ប្រជាជន​មួយ​ចំនួន​ដែល​បាន​ប្រែ​ចិត្ត​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​ពួក​គេ​វិញ។ (យេរេមា ៣:១៤​-​១៨; ១២:១៤, ១៥; ១៦:១៤​-​២១) ប៉ុន្តែ ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​យេរេមា​ដែល​ជា​អ្នក​នាំ​សារ​នោះ​ទេ។ «នាយក​ធំ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា»​បាន​វាយ​យេរេមា ហើយ​យក​គាត់​ទៅ​ដាក់​ខ្នោះ​មួយ​យប់។—យេរេមា ២០:១​-​៣

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១១, ១២—តើ​ការ​ព្យាយាម​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ធ្វើ​សម្រេច​តាម​ពាក្យ​ទ្រង់​មាន​ទំនាក់ទំនង​យ៉ាង​ណា​នឹង​«ឈើ​ចំបក់»? នៅ​ប្រទេស​អ៊ីស្រាអែល ដើម​ចំបក់​ជា​ដើម​ដែល​ចេញ​ផ្កា​មុន​គេ។ ដូច្នេះ នេះ​គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ភ្ញាក់​«ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ» ដើម្បី​«ចាត់»​អ្នក​ថ្លែង​ទំនាយ​ឲ្យ​ទៅ​ព្រមាន​រាស្ត្រ​ទ្រង់​ពី​ការ​ជំនុំ​ជម្រះ​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​ក៏​បាន​«ព្យាយាម»​ទាល់តែ​ពាក្យ​ទ្រង់​បាន​សម្រេច។—យេរេមា ៧:២៥

២:១០, ១១—ហេតុ​អ្វី​ក៏​ទង្វើ​របស់​ពួក​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​នោះ​ជា​អ្វី​ដែល​មិន​ធម្មតា? សាសន៍​ទាំង​ឡាយ​នៅ​ប៉ែក​ខាង​លិច​ស្រុក​អ៊ីស្រាអែល គឺ​រហូត​ដល់​ស្រុក​គីទីម និង​សាសន៍​ទាំង​ឡាយ​ប៉ែក​ខាង​កើត​ស្រុក​អ៊ីស្រាអែល រហូត​ដល់​ស្រុក​កេដារ ពួក​គេ​សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ទោះ​ជា​សាសន៍​ទាំង​នោះ​សុខ​ចិត្ត​គោរព​ព្រះ​ដទៃ​ក៏​ដោយ ពួក​គេ​មិន​ដែល​យក​ព្រះ​របស់​សាសន៍​ដទៃ​នោះ មក​ជំនួស​ព្រះ​របស់​ខ្លួន​ទាំង​ស្រុង​ឡើយ។ ប៉ុន្តែ សាសន៍​អ៊ីស្រាអែល​បាន​បោះបង់​ចោល​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ហើយ​បែរ​ជា​គោរព​រូប​ព្រះ​ដែល​គ្មាន​ជីវិត​សោះ ជា​ជាង​គោរព​ព្រះ​ដែល​មាន​ជីវិត​និង​សិរី​រុងរឿង​ទៅ​វិញ។

៣:១១​-​២២; ១១:១០​-​១២, ១៧—បើ​ស្រុក​សាម៉ារី​បាន​រលំ​ហើយ​នៅ​ឆ្នាំ​៧៤០ មុន​គ.ស. ហេតុ​អ្វី​បាន​ជា​យេរេមា​សំដៅ​ទៅ​លើ​រាជាណាចក្រ​ខាង​ជើង​ដែល​មាន​កុលសម្ព័ន្ធ​១០​នោះ ពេល​គាត់​ប្រកាស​សារ​នេះ? យេរេមា​បាន​ធ្វើ​ដូច្នេះ​ពីព្រោះ​ការ​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ជា​ការ​ដែល​បង្ហាញ​ថា​ទ្រង់​បាន​កាត់​ទោស​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល មិន​គ្រាន់​តែ​រាជាណាចក្រ​យូដា​ប៉ុណ្ណោះ​ទេ។ (អេសេគាល ៩:៩, ១០) ម្យ៉ាង​ទៀត ពួក​អ្នក​ថ្លែង​ទំនាយ​របស់​ព្រះ​បាន​ប្រកាស​អំពី​ការ​កសាង​ក្រុង​យេរូសាឡិម​ឡើង​វិញ ហើយ​ទំនាយ​ទាំង​នោះ​ក៏​រួម​បញ្ចូល​រាជាណាចក្រ​អ៊ីស្រាអែល​ដែរ ទោះ​ជា​កុលសម្ព័ន្ធ​១០​នៅ​ខាង​ជើង​នោះ​បាន​រលំ​ហើយ​ក្ដី។

៤:៣, ៤—តើ​សេចក្ដី​បង្គាប់​នេះ​មាន​ន័យ​អ្វី? ព្រះ​យេហូវ៉ា​ប្រៀបធៀប​ចិត្ត​របស់​ពួក​យូដា​ឥត​ស្មោះ​ត្រង់ ទៅ​នឹង​ដី​ដែល​ពួក​គេ​ត្រូវ​ភ្ជួររាស់​ឲ្យ​បាន​ស្អាត។ ពួក​គេ​ត្រូវ​កាត់​យក​«ស្បែក​ចិត្ត»​ចោល​ចេញ​ក្នុង​ន័យ​ថា ត្រូវ​ដុស​គំនិត អារម្មណ៍​និង​បំណង​ចិត្ត​មិន​ល្អ​ចេញ​ពី​ចិត្ត​របស់​ពួក​គេ។ (យេរេមា ៩:២៥, ២៦; កិច្ចការ ៧:៥១) នេះ​តម្រូវ​ឲ្យ​ពួក​គេ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ ដោយ​ឈប់​ធ្វើ​អំពើ​អាក្រក់​ហើយ​បែរ​ជា​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា​វិញ។

៤:១០; ១៥:១៨—តើ​ព្រះ​យេហូវ៉ា​បាន​បញ្ឆោត​រាស្ត្រ​បះបោរ​របស់​ទ្រង់​ក្នុង​ន័យ​អ្វី? នៅ​សម័យ​យេរេមា អ្នក​ថ្លែង​ទំនាយ​ខ្លះ​«បាន​ទាយ​កុហក» ហើយ​ព្រះ​យេហូវ៉ា​មិន​បាន​ឃាត់​ពួក​គេ​ពេល​គេ​ប្រកាស​សារ​មិន​ពិត​ទាំង​នោះ​ទេ។—យេរេមា ៥:៣១; ២០:៦; ២៣:១៦, ១៧, ២៥​-​២៨, ៣២

១៦:១៦—តើ​ព្រះ​យេហូវ៉ា​បាន​«ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក» និង​«ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក»​ក្នុង​ន័យ​អ្វី? នេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​ការ​ចាត់​ពល​ទ័ព​ដែល​ជា​ស​ត្រូវ​របស់​សាសន៍​យូដា ឲ្យ​ទៅ​រក​ចាប់​អស់​អ្នក​ដែល​មិន​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​កាត់​ទោស​ពួក​គេ​ស្រប​ទៅ​តាម​ការ​ជំនុំ​ជម្រះ​របស់​ទ្រង់។ ក៏​ប៉ុន្តែ បើ​យើង​ប្រៀប​មើល​យេរេមា ១៦:១៥ នេះ​បង្ហាញ​ថា ខ​១៦​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ស្វែង​រក​ប្រជាជន​អ៊ីស្រាអែល​ដែល​បាន​ប្រែ​ចិត្ត​រួច​ហើយ។

២០:៧—តើ​ព្រះ​យេហូវ៉ា​បាន​បញ្ចុះបញ្ចូល​យេរេមា​និង​ប្រើ‹កំឡាំង​ទ្រង់​ដើម្បី​ឈ្នះ›លើ​គាត់​យ៉ាង​ដូច​ម្ដេច? ពេល​យេរេមា​បាន​ផ្សាយ​សារ​ដែល​បញ្ជាក់​ពី​សេចក្ដី​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា បណ្ដា​ជន​ខ្លះ​មិន​អើពើ​នឹង​គាត់ ហើយ​អ្នក​ឯ​ទៀត​បាន​ប្រឆាំង​និង​បៀតបៀន​គាត់​វិញ។ ជា​លទ្ធផល យេរេមា​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​ផ្សាយ​សារ​នោះ​ទៀត​ពីព្រោះ​គាត់​អស់​កម្លាំង​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រើ​កម្លាំង​ទ្រង់​ដើម្បី​យក​ឈ្នះ​លើ​ភាព​ទន់ខ្សោយ​របស់​យេរេមា ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​ផ្សាយ​សារ​ទ្រង់​ជា​បន្ត។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​បញ្ចុះបញ្ចូល​យេរេមា​ឲ្យ​បំពេញ​ភារកិច្ច​ដែល​គាត់​គិត​ថា​គាត់​គ្មាន​កម្លាំង​ធ្វើ​ទេ។

មេ​រៀន​សម្រាប់​យើង:

១:៨: ជួន​កាល​ព្រះ​យេហូវ៉ា​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​ក្ដី​ទុក្ខ​បៀតបៀន។ ម្ដងម្កាល​ទ្រង់​ធ្វើ​ដូច្នេះ​ដោយ​រៀបចំ​ឲ្យ​មាន​ចៅក្រម​ល្អ​ដែល​កាត់​ក្ដី​ដោយ​យុត្ដិធម៌ ហើយ​ជួន​កាល​ទ្រង់​ចាត់​វិធានការ​ដោយ​ធ្វើ​ឲ្យ​មាន​អ្នក​ស្លូត​កាន់​អំណាច​ជំនួស​អ្នក​រដ្ឋ​ការ​ដ៏​កាច​សាហាវ។ ណា​មួយ​ទៀត ជួន​កាល​ទ្រង់​បន្ថែម​កម្លាំង​ឲ្យ​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ស៊ូទ្រាំ​បាន។—កូរិនថូសទី១ ១០:១៣

២:១៣, ១៨: ប្រជាជន​អ៊ីស្រាអែល​ដែល​ឥត​ស្មោះ​ត្រង់​នោះ បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ពីរ​យ៉ាង។ ពួក​គេ​បាន​បោះបង់​ចោល​ព្រះ​យេហូវ៉ា ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជួយ​ណែនាំ ការពារ​និង​ប្រទាន​ពរ​លើ​គេ​បាន។ ហើយ​ទីពីរ ពួក​គេ​បាន​សុំ​សាសន៍​អេស៊ីប​និង​សាសន៍​អាសស៊ើរ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ដើម្បី​ជួយ​ការពារ​ពួក​គេ ហើយ​នេះ​ប្រៀប​ដូច​ជា​ការ​ដាប់​ធ្វើ​អាង​ទឹក​ដោយ​ខ្លួន​ឯង។ នៅ​សម័យ​នេះ អស់​អ្នក​ដែល​បោះបង់​ចោល​ព្រះ​ពិត​ដោយ​ព្រោះ​ចូល​ចិត្ត​រឿង​នយោបាយ ទស្សនៈ​វិជ្ជា​និង​ទ្រឹស្តី​ផ្សេងៗ​របស់​មនុស្ស នោះ​ប្រៀប​ដូច​ជា​ការ​យក​«អាង​ប្រេះ​បែក»​ជំនួស​«ក្បាល​ទឹក​រស់»​វិញ។

៦:១៦: ព្រះ​យេហូវ៉ា​ដាស់​តឿន​រាស្ត្រ​បះបោរ​របស់​ទ្រង់​ឲ្យ​ឈប់​មួយ​ភ្លែត ដើម្បី​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន ហើយ​ខំ​រក​«ផ្លូវ»​ល្អ​តាម​គំរូ​របស់​ជីដូន​ជីតា​ស្មោះ​ត្រង់​របស់​ពួក​គេ។ យើង​ក៏​គួរ​ពិនិត្យ​មើល​ខ្លួន​យើង​ម្ដងម្កាល​ដែរ ដើម្បី​ឲ្យ​ដឹង​ថា​តើ​យើង​កំពុង​តែ​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា?

៧:១​-​១៥: ការ​ទុក​ចិត្ត​លើ​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​វិហារ​នោះ​ជា​គ្រឿង​ស័ក្ដិ​សិទ្ធិ​មួយ នោះ​មិន​បាន​ជួយ​សង្គ្រោះ​ប្រជាជន​យូដា​ទេ។ យើង​ក៏​គួរ​ដើរ​ឬ​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​ដែរ ហើយ​មិន​ពឹង​លើ​អ្វី​ដែល​យើង​មើល​ឃើញ​តែ​ប៉ុណ្ណោះ។—កូរិនថូស​ទី២ ៥:៧

១៥:១៦, ១៧: ពេល​យើង​ធ្លាក់​ទឹក​ចិត្ត យើង​ក៏​អាច​យក​ឈ្នះ​អារម្មណ៍​នោះ​ដូច​យេរេមា​ដែរ។ យើង​អាច​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​ហើយ​មាន​អារម្មណ៍​សប្បាយ​វិញ ដោយ​យក​ចិត្ត​ទុក​ដាក់​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន ដោយ​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ដោយ​ជៀស​វាង​ការ​សេពគប់​ជា​មួយ​មនុស្ស​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​យើង។

១៧:១, ២: ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​តង្វាយ​របស់​ប្រជាជន​យូដា ពីព្រោះ​ដំណាល​គ្នា​នឹង​ការ​ថ្វាយ​តង្វាយ​នោះ ពួក​គេ​ក៏​បាន​ធ្វើ​អំពើ​បាប។ បើ​យើង​ធ្វើ​អំពើ​អសីលធម៌ ព្រះ​យេហូវ៉ា​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សរសើរ​របស់​យើង​ដល់​ទ្រង់​ដែរ។

១៧:៥​-​៨: យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​និង​ស្ថាប័ន​ផ្សេងៗ​របស់​មនុស្ស​លោក​បាន ឲ្យ​តែ​ពួក​គេ​ធ្វើ​តាម​គោលការណ៍​និង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ចំពោះ​សេចក្ដី​សង្គ្រោះ​ហើយ​សន្ដិភាព​និង​សន្ដិសុខ​ពិត នោះ​យើង​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។—ទំនុកដំកើង ១៤៦:៣

២០:៨​-​១១: សូម្បី​តែ​ពេល​មនុស្ស​ប្រឆាំង បៀតបៀន​យើង ឬ​មាន​អារម្មណ៍​ព្រងើយ​កន្តើយ​នឹង​សារ​ដែល​យើង​ផ្សព្វផ្សាយ​ក៏​ដោយ យើង​នៅ​តែ​គួរ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—យ៉ាកុប ៥:១០, ១១

​«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បំរើ​ដល់​ស្តេច​បាប៊ីឡូន»

(យេរេមា ២១:១​–​៥១:៦៤)

យេរេមា​បាន​ប្រកាស​ទោស​ដែល​ស្តេច​បួន​អង្គ​ចុង​ក្រោយ​ដែល​គ្រប់គ្រង​លើ​រាជាណាចក្រ​យូដា​ត្រូវ​ទទួល​នោះ។ គាត់​ក៏​បាន​ប្រកាស​អំពី​ទោស​ដែល​ត្រូវ​ធ្លាក់​មក​លើ​ពួក​គង្វាល​មិន​ល្អ ពួក​សង្ឃ​ដែល​ចេះ​តែ​ស៊ីសំណូក និង​ពួក​ហោរា​ឬ​អ្នក​ថ្លែង​ទំនាយ​ដែល​មិន​មែន​មក​ពី​ព្រះ។ ព្រះ​យេហូវ៉ា​ប្រៀបធៀប​ប្រជាជន​ស្មោះ​ត្រង់​មួយ​ចំនួន​ទៅ​នឹង​ផ្លែ​ល្វា​ល្អ ហើយ​ទ្រង់​ប្រាប់​ថា​៖ «អញ​នឹង​តាំង​ភ្នែក​មើល​តាម​គេ​ឲ្យ​បាន​សេចក្ដី​ល្អ»។ (យេរេមា ២៤:៥, ៦) ជំពូក​ទី២៥ មាន​ទំនាយ​បី​ដែល​រៀប​រាប់​យ៉ាង​សង្ខេប​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ជំពូក​ក្រោយៗ​ក្នុង​សៀវភៅ​យេរេមា​រៀប​រាប់​ពី​ក្ដី​ជំនុំ​ជម្រះ​ទាំង​នោះ​យ៉ាង​ល្អិតល្អន់​វិញ។

ពួក​សង្ឃ​និង​អ្នក​ឯ​ទៀត​ដែល​ជា​អ្នក​ថ្លែង​ទំនាយ​មាន​ផែនការ​សម្លាប់​យេរេមា។ ដ្បិត​សារ​ដែល​យេរេមា​ប្រកាស​នោះ បញ្ជាក់​ថា​ពួក​យូដា​នឹង​បម្រើ​ស្តេច​សាសន៍​បាប៊ីឡូន​វិញ។ យេរេមា​បាន​ប្រាប់​ស្តេច​សេដេគា​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម​ទៅ​បំរើ​ដល់​ស្តេច​បាប៊ីឡូន»។ (យេរេមា ២៧:១២) យ៉ាង​ណា​ក៏​ដោយ «ព្រះ​ដែល​បាន​កំចាត់​កំចាយ​សាសន៍​អ៊ីស្រាអែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ»​ដែរ។ (យេរេមា ៣១:១០) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ពរ​លើ​ពួក​រេកាប។ យេរេមា​បាន​ត្រូវ​គេ​ចាប់​ទៅ​ដាក់​«នៅ​ជាប់​ក្នុង​ទីលាន​គុក»។ (យេរេមា ៣៧:២១) ពួក​បាប៊ីឡូន​បាន​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល ហើយ​ពួក​គេ​យក​ប្រជាជន​ភាគ​ច្រើន​ពី​ក្រុង​នោះ​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ យេរេមា​និង​លេខាធិការ​របស់​គាត់​ឈ្មោះ​បារូក បាន​រួម​ចំណែក​ក្នុង​ចំណោម​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ទោះ​ជា​យេរេមា​បាន​ព្រមាន​ប្រជាជន​ដែល​កំពុង​តែ​ភ័យ​ខ្លាច​កុំ​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ក្ដី តែ​ពួក​គេ​នៅ​តែ​ចេញ​ដំណើរ​ទៅ។ ជំពូក​៤៦ ដល់​៥១ មាន​ពាក្យ​ដែល​យេរេមា​ប្រកាស​អំពី​សាសន៍​ដទៃ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២២:៣០—តើ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា ព្រះ​យេស៊ូ​គ្រិស្ត​មិន​មាន​សិទ្ធិ​ស្នង​រាជ្យ​ពី​ដាវីឌ​ឬ? (ម៉ាថាយ ១:១, ១១) មិន​មែន​ទេ។ ពាក្យ​របស់​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​កូន​ចៅ​ណា​របស់​ស្តេច​យ៉ូយ៉ាគីន​«អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ហើយ​គ្រប់គ្រង​លើ​ស្រុក​យូដា»​ទៀត​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​នឹង​គ្រប់គ្រង​ពី​ស្ថានសួគ៌​មក មិន​មែន​អង្គុយ​លើ​បល្ល័ង្ក​ណា​នៅ​ស្រុក​យូដា​ទេ។

២៣:៣៣—តើ​«បន្ទុក​ពី​ព្រះ​យេហូវ៉ា»​សំដៅ​ទៅ​លើ​អ្វី? នៅ​សម័យ​យេរេមា សារ​សំខាន់​ដែល​គាត់​ប្រកាស​អំពី​ការ​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម នោះ​ហើយ​ជា​បន្ទុក​មួយ​ដល់​ប្រជាជន​យូដា។ ជា​លទ្ធផល ប្រជាជន​ដែល​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​យេរេមា​ប្រកាស​នោះ ពួក​គេ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ ដល់​ម្ល៉េះ​បាន​ជា​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​បោះបង់​ចោល​ពួក​គេ​វិញ។ ស្រដៀង​គ្នា​ដែរ ពេល​មនុស្ស​ក្នុង​ពិភព​គ្រិស្ត​សាសនា​ឮ​សារ​ដំណឹង​ពី​ព្រះ​គម្ពីរ​ថា គ្រិស្ត​សាសនា​ទាំង​ឡាយ​ត្រូវ​បំផ្លាញ​ចោល​នោះ នេះ​ជា​បន្ទុក​មួយ​ដល់​គេ។ ណា​មួយ​ទៀត បើ​ពួក​គេ​មិន​រវីរវល់​នឹង​សារ​ដំណឹង​នោះ ព្រះ​យេហូវ៉ា​ក៏​ធុញទ្រាន់​នឹង​គេ​ដែរ។

៣១:៣៣—តើ​ព្រះ​យេហូវ៉ា​ចារឹក​ទុក​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ក្នុង​ចិត្ត​មនុស្ស​ដោយ​របៀប​ណា? បើ​មនុស្ស​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ប្រាថ្នា​ចង់​ធ្វើ​តាម​បំណង​ចិត្ត​ទ្រង់ នេះ​គឺ​ហាក់​ដូច​ជា​គាត់​មាន​ក្រឹត្យ​វិន័យ​របស់​ព្រះ​ចារឹក​ទុក​ក្នុង​ចិត្ត​គាត់។

៣២:១០​-​១៥—ពេល​យេរេមា​ទិញ​ដី​នោះ ហេតុ​អ្វី​បាន​ជា​គាត់​រៀបចំ​សំបុត្រ​ឬ​កិច្ច​សន្យា​ពីរ? កិច្ច​សន្យា​មួយ​គេ​មិន​បាន​បិទ​ភ្ជិត​ទេ ដើម្បី​ឲ្យ​មើល​សំបុត្រ​នោះ​ម្ដងម្កាល​បាន។ កិច្ច​សន្យា​មួយ​ទៀត​ដែល​បិទ​ត្រា​វិញ ជា​ឯកសារ​ដែល​គេ​ទុក​ដើម្បី​បញ្ជាក់​ពី​សច្ចភាព​នៃ​សំបុត្រ​ទី​មួយ បើ​ត្រូវ​ការ។ យេរេមា​បាន​ធ្វើ​តាម​ច្បាប់​នា​សម័យ​នោះ សូម្បី​តែ​ពេល​ដែល​គាត់​ចុះ​កិច្ច​សន្យា​ជា​មួយ​ញាតិ​សន្ដាន​និង​អ្នក​ជឿ​គ្នីគ្នា​ក្ដី។ ដូច្នេះ​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​យើង​ដែរ។

៣៣:២៣, ២៤—តើ​«គ្រួ​ទាំង​២»​នេះ​សំដៅ​ទៅ​លើ​អ្នក​ណា? គ្រួ​មួយ​សំដៅ​ទៅ​លើ​កូន​ចៅ​ទាំង​ឡាយ​តាម​វង្ស​ត្រកូល​ស្តេច​ដាវីឌ ហើយ​គ្រួ​មួយ​ទៀត​សំដៅ​ទៅ​លើ​កូន​ចៅ​ទាំង​ឡាយ​របស់​អើរ៉ុន​ដែល​មាន​សិទ្ធិ​ធ្វើ​ជា​សង្ឃ។ ពេល​ទី​ក្រុង​យេរូសាឡិម​និង​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល គឺ​មើល​ទៅ​ដូច​ជា​ទ្រង់​បាន​បដិសេធ​ចំពោះ​គ្រួ​ទាំង​ពីរ​នោះ។ បើ​ដូច្នេះ គឺ​ហាក់​ដូច​ជា​ទ្រង់​គ្មាន​បំណង​ស្ដារ​ការ​ថ្វាយ​បង្គំ​ពិត ហើយ​ថា​ទ្រង់​នឹង​លែង​មាន​រាជាណាចក្រ​ណា​នៅ​លើ​ផែនដី​ទៀត។

៤៦:២២—ហេតុ​អ្វី​បាន​ជា​យេរេមា​ពណ៌នា​ពី​សាសន៍​អេស៊ីប​ថា ពួក​គេ​មាន​សូរ​ដូច​ជា​សូរ​នៃ​ពស់​លូន? នេះ​អាច​សំដៅ​ទៅ​លើ​សូរ​សត្វ​ពស់​ពេល​វា​លូន​ចេញ​ព្រោះ​ខ្លាច​អ្វី​មួយ ដែល​បង្កប់​អត្ថន័យ​ថា សាសន៍​អេស៊ីប​នឹង​ដក​ទ័ព​ឲ្យ​រត់​ថយ​ទៅ។ ឬ​មួយ​ក៏​ឃ្លា​នេះ​អាច​សំដៅ​ទៅ​លើ​សំឡេង​ស្រាល​ដ៏​ពិបាក​ឮ​របស់​សត្វ​ពស់ ដែល​បញ្ជាក់​ពី​អារម្មណ៍​កំសាក​របស់​ពួក​អេស៊ីប​ដែល​បាន​រង​គ្រោះ​ថ្នាក់។ ណា​មួយ​ទៀត ពួក​អេស៊ីប​បាន​ជឿ​ទៅ​លើ​ព្រះ​នាង​អ៊ូ​អា​ជិត​ដែល​មាន​រូប​រាង​ជា​សត្វ​ពស់ ហើយ​ស្តេច​សាសន៍​អេស៊ីប​ក៏​មាន​រូប​សត្វ​ពស់​ពិសិដ្ឋ​នោះ​ដាក់​លើ​មួក​ដែល​គាត់​ពាក់​ដោយ​ទុក​ចិត្ត​ថា រូប​នោះ​ជា​គ្រឿង​ស័ក្ដិ​សិទ្ធិ​ដែល​អាច​ការពារ​គាត់។ ដូច្នេះ ពាក្យ​របស់​យេរេមា​ប្រហែល​ជា​ចង់​បញ្ជាក់​ថា ការ​ទុក​ចិត្ត​លើ​រូប​ពស់​នោះ​គ្មាន​ប្រយោជន៍​អ្វី​សោះ។

មេ​រៀន​សម្រាប់​យើង:

២១:៨, ៩; ៣៨:១៩: សូម្បី​តែ​ពេល​ពួក​ខ្មាំង​សត្រូវ​ហៀប​នឹង​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល​នោះ ព្រះ​យេហូវ៉ា​នៅ​តែ​បាន​បើក​ឱកាស​ឲ្យ​ប្រជាជន​រួច​រស់​ជីវិត។ ទ្រង់​ធ្វើ​ដូច្នេះ​ទោះបី​ជា​ពួក​គេ​មិន​បាន​ប្រែ​ចិត្ត​ហើយ​គួរ​នឹង​ស្លាប់​ក៏​ដោយ។ ត្រូវ​ហើយ «សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​ធំ​ណាស់»​តើ!—សាំយូអែលទី២ ២៤:១៤; ទំនុកដំកើង ១១៩:១៥៦

៣១:៣៤: ពេល​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​មនុស្ស ទ្រង់​មិន​នឹក​ចាំ​ពី​អំពើ​បាប​និង​ដាក់​ទោស​លើ​ពួក​គេ​នៅ​ពេល​ក្រោយ​ទេ។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ណាស់!

៣៨:៧​-​១៣; ៣៩:១៥​-​១៨: ព្រះ​យេហូវ៉ា​មិន​ភ្លេច​កិច្ចការ​ដែល​យើង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ។ នេះ​ក៏​រួម​បញ្ចូល​កិច្ចការ​«បំរើ​ពួក​បរិសុទ្ធ»​ផង​ដែរ។—ហេព្រើរ ៦:១០

៤៥:៤, ៥: ដូច​នៅ​សម័យ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​យូដា​នោះ យើង​ក៏​រស់​នៅ​«ជាន់​ក្រោយ​បង្អស់»​នៃ​ពិភព​លោក​នេះ។ ដូច្នេះ យើង​មិន​គួរ​រក​«ការ​យ៉ាង​ធំ» ដូច​ជា​ឈ្មោះ​ល្បី ទ្រព្យ​សម្បត្ដិ​និង​របស់​របរ​ជា​ច្រើន​ទេ។—ធីម៉ូថេទី២ ៣:១; យ៉ូហានទី១ ២:១៧

ការ​ដុត​ទី​ក្រុង​យេរូសាឡិម​ចោល

(យេរេមា ៥២:១​-​៣៤)

ឆ្នាំ​៦០៧ មុន​គ.ស. ជា​ឆ្នាំ​ទី១១​នៃ​រាជ្យ​ស្តេច​សេដេគា។ នៅ​ឆ្នាំ​នោះ ទ័ព​របស់​ស្តេច​នេប៊ូក្នេសា​ពី​ស្រុក​បាប៊ីឡូន​បាន​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម​អស់​១៨​ខែ​ហើយ។ នៅ​ថ្ងៃ​ទី៧ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី១៩​នៃ​រាជ្យ​នេប៊ូក្នេសា មេទ័ព​ធំ​របស់​ទ្រង់​ឈ្មោះ​នេប៊ូសារ៉ាដាន ‹បាន​ទៅ​ដល់›ក្រុង​យេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ២៥:៨) តាម​មើល​ទៅ នេប៊ូសារ៉ាដាន​បាន​បោះ​ជំរំ​នៅ​ខាង​ក្រៅ​កំ​ពែង​ទី​ក្រុង​យេរូសាឡិម ហើយ​គាត់​ពិនិត្យ​មើល​ស្ថានភាព​ដើម្បី​រក​យុទ្ធ​សាស្ត្រ​ដើម្បី​ដណ្ដើម​យក​ទី​ក្រុង​នោះ​បាន។ បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី១០ គាត់​បាន‹ចូល​ទៅ​ក្នុង›ក្រុង​យេរូសាឡិម​ហើយ​ដុត​ទី​ក្រុង​នោះ​ចោល។—យេរេមា ៥២:​១២, ១៣

យេរេមា​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​រលំ​នៃ​ទី​ក្រុង​យេរូសាឡិម។ អ្វី​ដែល​គាត់​ពណ៌នា​នោះ ផ្ដល់​ហេតុ​ឲ្យ​ប្រជាជន​មាន​ទុក្ខ​សោក​និង​យំ​សង្រេង​ផង។ សំណោក​របស់​ពួក​គេ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិទេវ​ក្នុង​ព្រះ​គម្ពីរ។

[រូបភាព​នៅ​ទំព័រ​៨]

យេរេមា​បាន​ប្រកាស​សារ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​លើ​ទី​ក្រុង​យេរូសាឡិម

[រូបភាព​នៅ​ទំព័រ​៩]

តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ‹កំឡាំង​ទ្រង់ ដើម្បី​ឈ្នះ›លើ​យេរេមា​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១០]

‹យើង​នឹង​ស្គាល់​ពួក​យូដា ដូច​ជា​ស្គាល់ ផ្លែ​ល្វា​ល្អ​នេះ›។—យេរេមា ២៤:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក