តួនាទីរបស់ទេវតាជាប់ទាក់ទងនឹងមនុស្សលោក
«ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ . . . ទេវតានោះបន្លឺឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ ‹ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ! បានរលំហើយ!›»។—វិវរណៈ ១៨:១, ២
១, ២. តើអ្វីបង្ហាញថាព្រះយេហូវ៉ាប្រើទេវតាក្នុងការសម្រេចបំណងចិត្តទ្រង់?
សាវ័កយ៉ូហានបានត្រូវគេបំបរបង់ចោលនៅកោះប៉ាត់ម៉ុស ហើយនៅទីនោះគាត់មានឯកសិទ្ធិឃើញចក្ខុនិមិត្តឬសុបិនដែលជាទំនាយ។ យ៉ូហានបានឃើញ«ដោយវិញ្ញាណ»ឬសកម្មពលរបស់ព្រះនូវព្រឹត្ដិការណ៍ដែលត្រូវកើតមានឡើងនៅ«ថ្ងៃនៃព្រះអម្ចាស់»។ ថ្ងៃឬគ្រានោះរបស់ព្រះយេស៊ូគ្រិស្តបានចាប់ផ្ដើមពេលទ្រង់ទទួលអំណាចគ្រប់គ្រងនៅឆ្នាំ១៩១៤។ ហើយថ្ងៃនោះរបស់លោកម្ចាស់យើងនឹងបន្តរហូតដល់ដំណាច់ការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។—វិវរណៈ ១:១០
២ ព្រះយេហូវ៉ាមិនបានប្រាប់យ៉ូហាននូវព័ត៌មាននោះដោយផ្ទាល់ទេ តែទ្រង់បានប្រើខ្សែរយៈមួយ។ សៀវភៅវិវរណៈ ១:១ ចែងថា៖ «នេះជាសេចក្ដីដែលព្រះយេស៊ូវគ្រីស្ទបានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ឲ្យដឹងពីអស់ទាំងការដែលបន្ដិចទៀតត្រូវកើតមានមក។ ទ្រង់ក៏បានសំដែងឲ្យឃើញដោយចាត់ទេវតាទ្រង់មកឯយ៉ូហានជាបាវបំរើទ្រង់»។ ព្រះយេហូវ៉ាបានប្រើព្រះយេស៊ូឲ្យចាត់ទេវតាមួយរូបទៅប្រាប់យ៉ូហាននូវការដ៏អស្ចារ្យទាំងនោះដែលត្រូវកើតឡើងក្នុងអំឡុងពេល«ថ្ងៃនៃព្រះអម្ចាស់»។ យ៉ូហានក៏បាន«ឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ»។ តើទេវតានោះមានភារកិច្ចអ្វី? «ទេវតានោះបន្លឺឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ ‹ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ! បានរលំហើយ!›»។ (វិវរណៈ ១៨:១, ២) ទេវតាដែលមានអំណាចខ្លាំងក្លានោះ មានឯកសិទ្ធិប្រកាសអំពីការរលំនៃបាប៊ីឡូនដ៏ធំដែលតំណាងសាសនាមិនពិតទាំងឡាយ។ ហេតុនេះហើយបានជាគ្មានហេតុសង្ស័យអ្វីឡើយ ថាព្រះយេហូវ៉ាចាត់ទេវតាឲ្យទៅបំពេញតួនាទីសំខាន់ក្នុងការសម្រេចបំណងចិត្តទ្រង់។ មុនដំបូង យើងនឹងពិភាក្សាអំពីដើមកំណើតនៃទេវតាទាំងឡាយ។ ក្រោយមកយើងនឹងពិនិត្យមើលតួនាទីរបស់ទេវតាក្នុងការបំពេញគោលបំណងរបស់ព្រះយេហូវ៉ា ហើយតួនាទីរបស់ទេវតាដែលជាប់ទាក់ទងនឹងយើង។
តើទេវតាកើតមកពីណា?
៣. តើមនុស្សជាច្រើនយល់ច្រឡំយ៉ាងណាអំពីដើមកំណើតរបស់ទេវតា?
៣ នៅសព្វថ្ងៃនេះមនុស្សរាប់លាននាក់ជឿថាមានទេវតាមែន។ ប៉ុន្តែ មនុស្សជាច្រើនយល់ច្រឡំអំពីដើមកំណើតនិងតួនាទីរបស់ទេវតាទាំងឡាយ។ ជាឧទាហរណ៍ មនុស្សខ្លះជឿថា ពេលបងប្អូនជាទីស្រឡាញ់របស់គេរលត់សង្ខារ ពួកគាត់ក្លាយទៅជាទេវតានៅស្ថានសួគ៌ជាមួយព្រះអង្គ។ តើទស្សនៈនេះត្រូវនឹងអ្វីដែលព្រះគម្ពីររៀបរាប់អំពីកំណើត វត្តមាននិងគោលបំណងរបស់ទេវតាទាំងឡាយឬទេ?
៤. តើព្រះគម្ពីររៀបរាប់យ៉ាងណាអំពីកំណើតទេវតា?
៤ ក្នុងចំណោមទេវតាជាច្រើន មហាទេវតាឈ្មោះមីកែលជាមេពួកទេវតា ហើយលោកមានអំណាចខ្លាំងជាងទេវតាឯទៀត។ (យូដាស ៩) ព្រះយេស៊ូគ្រិស្តគឺជាមហាទេវតាមីកែលនោះ។ (ថែស្សាឡូនីចទី១ ៤:១៦) យូរឆ្នាំមុនកំណើតពិភពលោក ព្រះយេហូវ៉ាសម្រេចចិត្តបង្កើតបុត្រមួយ ហើយបុត្រនោះជាទេវតាមុនគេបង្អស់។ (វិវរណៈ ៣:១៤) ក្រោយៗមក ព្រះយេហូវ៉ាបានប្រើបុត្រច្បងរបស់ទ្រង់ក្នុងការបង្កើតទេវតាឯទៀត។ (កូល៉ុស ១:១៥-១៧) ព្រះយេហូវ៉ាសំដៅទៅលើទេវតាទាំងឡាយជាកូនរបស់ទ្រង់ ហើយបានសួរលោកយ៉ូបនៅសម័យបុរាណថា៖ «តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? ចូរប្រាប់មក បើឯងមានយោបល់។ . . . តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ?»។ (យ៉ូប ៣៨:៤, ៦, ៧) គឺច្បាស់ហើយថា ព្រះយេហូវ៉ាជាអ្នកបង្កើតទេវតាទាំងឡាយ ហើយពួកគាត់មានវត្តមានយូរឆ្នាំមុនកំណើតមនុស្សលោក។
៥. តើទេវតាទាំងឡាយមានមុខតំណែងអ្វីខ្លះ?
៥ បទគម្ពីរមួយចែងថា៖ «ព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរ[ឬ«ខ្វះសណ្ដាប់ធ្នាប់»]ទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ»។ (កូរិនថូសទី១ ១៤:៣៣; ខ.ស.) ដូច្នេះ ព្រះយេហូវ៉ាបានរៀបចំទេវតាជាកូនរបស់ទ្រង់ឲ្យមានមុខតំណែងបីយ៉ាង ពោលគឺ (១) សេរភីមបម្រើព្រះជុំវិញបល្ល័ង្កទ្រង់ ព្រមទាំងប្រកាសថាទ្រង់បរិសុទ្ធនិងជួយរាស្ត្រព្រះឲ្យរក្សាភាពស្អាតស្អំក្នុងការថ្វាយបង្គំទ្រង់ (២) ចេរូប៊ីនលើកតម្កើងព្រះយេហូវ៉ាជាព្រះដ៏ខ្ពង់ខ្ពស់បំផុត និង (៣) ទេវតាឯទៀតជួយសម្រេចគោលបំណងរបស់ព្រះ។ (ទំនុកដំកើង ១០៣:២០; អេសាយ ៦:១-៣; អេសេគាល ១០:៣-៥; ដានីយ៉ែល ៧:១០) តើទេវតាទាំងនេះមានតួនាទីអ្វីជាប់ទាក់ទងនឹងមនុស្សលោក?—វិវរណៈ ៥:១១
តើទេវតាមានតួនាទីអ្វី?
៦. តើព្រះយេហូវ៉ាប្រើចេរូប៊ីនឲ្យធ្វើអ្វីក្នុងសួនច្បារអេដែន?
៦ សៀវភៅលោកុប្បត្តិ ៣:២៤ ជាបទគម្ពីរមុនគេបង្អស់ដែលប្រាប់អំពីតួនាទីរបស់ទេវតា។ បទគម្ពីរនោះចែងថា៖ «[ព្រះយេហូវ៉ា]បណ្ដេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត»។ ចេរូប៊ីនទាំងនោះបានឃាត់ផ្លូវអ័ដាមនិងអេវ៉ា កុំឲ្យពួកគេចូលទៅក្នុងសួនច្បារម្ដងទៀត ដែលពីមុនជាទីលំនៅរបស់ពួកគេ។ នេះហើយជាប្រវត្ដិដើមរបស់មនុស្សលោក។ តាំងពីគ្រានោះមក តើទេវតាមានតួនាទីអ្វីទៀត?
៧. តើពាក្យ«ទេវតា»ជាភាសាដើមបង្ហាញថាពួកគាត់មានតួនាទីអ្វី?
៧ ព្រះគម្ពីររៀបរាប់អំពីទេវតាជិត៤០០ដង។ ពាក្យ«ទេវតា»ជាភាសាហេព្រើរនិងភាសាក្រិចអាចបកប្រែថា «អ្នកនាំសារ»។ ដូច្នេះ ទេវតាក៏ធ្លាប់មានតួនាទីជាអ្នកនាំសាររបស់ព្រះទៅប្រាប់មនុស្សលោក។ វគ្គមួយនិងពីរក្នុងអត្ថបទនេះបានបញ្ជាក់ថា ព្រះយេហូវ៉ាបានប្រើទេវតាមួយរូបដើម្បីនាំសាររបស់ទ្រង់ជូនទៅសាវ័កយ៉ូហាន។
៨, ៩. (ក) តើម៉ាណូអានិងភរិយាគាត់មានអារម្មណ៍យ៉ាងណាពេលទេវតាទៅលេងពួកគាត់? (ខ) តើមាតាបិតាទាំងឡាយអាចទាញយកមេរៀនអ្វីពីទំនាក់ទំនងរបស់ម៉ាណូអាជាមួយនឹងទេវតា?
៨ ព្រះក៏ប្រើទេវតាដើម្បីជួយគាំទ្រនិងលើកទឹកចិត្តអ្នកបម្រើទ្រង់នៅលើផែនដី។ ជាឧទាហរណ៍ នៅសម័យដែលពួកចៅហ្វាយនាំមុខប្រជាជនអ៊ីស្រាអែល លោកម៉ាណូអានិងភរិយាគាត់ដែលជាស្រីអារចង់បានកូនមួយណាស់។ ព្រះយេហូវ៉ាបានចាត់ទេវតាទៅប្រាប់ភរិយារបស់ម៉ាណូអាថា នាងនឹងបង្កើតបានកូនប្រុសមួយ។ កំណត់ហេតុនោះប្រាប់ថា៖ «មើល! ឯងនឹងមានទំងន់បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីតថ្វាយព្រះតាំងពីផ្ទៃម្ដាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។—ពួកចៅហ្វាយ ១៣:១-៥
៩ ក្រោយៗមក ភរិយារបស់ម៉ាណូអាបានបង្កើតកូនប្រុសមួយមែនឈ្មោះសាំសុន ហើយគាត់ក្លាយជាអ្នកមានឈ្មោះល្បីក្នុងប្រវត្ដិសាស្ត្រដែលទាក់ទងនឹងព្រះគម្ពីរ។ (ពួកចៅហ្វាយ ១៣:២៤) មុនកំណើតសាំសុន ម៉ាណូអាបានសូមទេវតាឲ្យត្រឡប់មកម្ដងទៀតដើម្បីជួយបង្រៀនពួកគាត់អំពីរបៀបចិញ្ចឹមអប់រំកូន។ ម៉ាណូអាបានសួរទេវតាថា៖ «តើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា? ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្ដេចទៅ?»។ ទេវតារបស់ព្រះយេហូវ៉ាបានពន្យល់ដល់ភរិយារបស់ម៉ាណូអារួចហើយ និងទេវតានោះក៏មកពន្យល់ដល់ម៉ាណូអាដែរ។ (ពួកចៅហ្វាយ ១៣:៦-១៤) នេះពិតជាបានលើកទឹកចិត្តម៉ាណូអាណាស់! នៅសព្វថ្ងៃនេះ ទេវតាមិនមកជួបយើងដោយផ្ទាល់ដូចនោះទេ តែមាតាបិតាទាំងឡាយអាចធ្វើតាមគំរូរបស់ម៉ាណូអា ដោយខិតខំធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាក្នុងការបង្ហាត់បង្រៀនកូន។—អេភេសូរ ៦:៤
១០, ១១. (ក) តើអេលីសេនិងអ្នកបម្រើរបស់គាត់មានអារម្មណ៍យ៉ាងណាពេលឃើញទ័ពស៊ីរីឡោមព័ទ្ធពួកគាត់? (ខ) តើយើងអាចទទួលប្រយោជន៍អ្វីពីការរំពឹងគិតអំពីព្រឹត្ដិការណ៍ទាំងនោះ?
១០ នៅសម័យលោកអេលីសេដែលជាអ្នកថ្លែងទំនាយ ទេវតាក៏បានជួយគាំទ្រគាត់យ៉ាងអស្ចារ្យដែរ។ អេលីសេកំពុងតែនៅទីក្រុងដូថាន់ ជាក្រុងមួយនៅស្រុកអ៊ីស្រាអែល។ នៅថ្ងៃមួយ អ្នកបម្រើរបស់អេលីសេបានក្រោកឡើងពេលព្រលឹម ហើយគាត់ឃើញពលទ័ពជាច្រើនជិះសេះនិងរទេះចម្បាំងឡោមព័ទ្ធទីក្រុង។ ស្តេចសាសន៍ស៊ីរីបានចាត់ពលទ័ពខ្លាំងពូកែទាំងនោះឲ្យទៅចាប់អេលីសេ។ តើអ្នកបម្រើរបស់អេលីសេមានអារម្មណ៍យ៉ាងណា? គាត់ភ័យរន្ធត់ហើយប្រហែលជាស្លន់ស្លោដែរ ដ្បិតគាត់លាន់មាត់ថា៖ «វរហើយចៅហ្វាយខ្ញុំអើយ! តើយើងនឹងធ្វើដូចម្ដេច?»។ អ្នកបម្រើនោះអស់សង្ឃឹមមែន! ប៉ុន្តែ អេលីសេបានតបឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើងមានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ ហេតុអ្វីបានជាអេលីសេនិយាយថា៖ «ខាងយើងមានគ្នាច្រើនជាង»ពលទ័ពទាំងនោះ?—ពង្សាវតារក្សត្រទី២ ៦:១១-១៦
១១ អេលីសេមានប្រសាសន៍ដូច្នេះពីព្រោះគាត់ដឹងថា ទេវតាជាច្រើនមានវត្តមាននៅទីនោះដែរដើម្បីជួយពួកគាត់។ ប៉ុន្តែ អ្នកបម្រើរបស់អេលីសេមិនបានឃើញទេវតាណាម្នាក់សោះ! ដូច្នេះ «អេលីសេក៏អធិស្ឋានថា៖ ‹ឱព្រះយេហូវ៉ាអើយ! សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ›។ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះនឹងរទេះចំបាំងដែលសុទ្ធតែជាភ្លើងនៅព័ទ្ធជុំវិញអេលីសេ»។ (ពង្សាវតារក្សត្រទី២ ៦:១៧) មួយរំពេចនោះ អ្នកបម្រើរបស់អេលីសេបានឃើញទេវតាជាច្រើនមែន! ពេលយើងយល់កាន់តែច្បាស់អំពីគោលបំណងរបស់ព្រះយេហូវ៉ា យើងក៏នឹងទទួលស្គាល់ថា ទេវតាជាច្រើនដែលស្ថិតក្រោមអំណាចព្រះយេហូវ៉ានិងព្រះគ្រិស្តកំពុងតែជួយការពាររាស្ត្ររបស់ទ្រង់។
របៀបទេវតាជួយមនុស្សនៅសម័យព្រះគ្រិស្ត
១២. តើពាក្យរបស់ទេវតាកាព្រីយ៉ែលមានឥទ្ធិពលយ៉ាងណាលើម៉ារា?
១២ សូមគិតអំពីជំនួយដែលស្រីក្រមុំសាសន៍យូដាម្នាក់ឈ្មោះម៉ារាបានទទួលពេលគាត់ឮដំណឹងថា៖ «នាងនឹងមានគភ៌ប្រសូតបានបុត្រា១ដែលនាងត្រូវថ្វាយព្រះនាមថា ‹យេស៊ូវ›»។ ព្រះយេហូវ៉ាជាអ្នកចាត់ទេវតាឈ្មោះកាព្រីយ៉ែល ឲ្យទៅប្រាប់នាងដំណឹងដ៏អស្ចារ្យនេះ។ ប៉ុន្តែ មុនកាព្រីយ៉ែលប្រាប់ដំណឹងនោះ គាត់បានប្រាប់នាងម៉ារាថា៖ «កុំខ្លាចអីម៉ារាអើយ! ដ្បិតព្រះបានប្រោសមេត្ដាដល់នាងហើយ»។ (លូកា ១:២៦, ២៧, ៣០, ៣១) ពាក្យទាំងនោះរបស់ទេវតាកាព្រីយ៉ែលពិតជាបានលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តនាងម៉ារាមែន ពីព្រោះពាក្យទាំងនោះបានបង្ហាញថាព្រះយេហូវ៉ាពេញចិត្តចំពោះនាងណាស់!
១៣. តើទេវតាបានជួយព្រះយេស៊ូយ៉ាងណា?
១៣ ឧទាហរណ៍មួយទៀតអំពីជំនួយពីទេវតា គឺទាក់ទងនឹងគ្រាក្រោយព្រះយេស៊ូបានទប់ទល់នឹងសាតាំងដែលបានទៅល្បួងទ្រង់បីដងក្នុងទីរហោឋាន។ កំណត់ហេតុក្នុងព្រះគម្ពីរពន្យល់ថា ពេលសាតាំងបានល្បួងព្រះយេស៊ូហើយ នោះ«អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់»។ (ម៉ាថាយ ៤:១-១១) នៅរាត្រីមុនព្រះយេស៊ូទទួលមរណភាព ក៏មានកាលៈទេសៈស្រដៀងគ្នាដែរ។ ព្រះយេស៊ូបានព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះទ្រង់លុតជង្គង់ហើយចាប់ផ្ដើមអធិស្ឋានថា៖ «‹ឱព្រះវរបិតាអើយ! បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ។ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ›។ នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ»ទ្រង់។ (លូកា ២២:៤២, ៤៣) ប៉ុន្តែនៅសព្វថ្ងៃនេះ តើទេវតាជួយយើងយ៉ាងណា?
របៀបទេវតាជួយមនុស្សនៅសម័យយើង
១៤. នៅសម័យយើងនេះ តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានស៊ូទ្រាំអ្វីខ្លះ? តើមានលទ្ធផលអ្វី?
១៤ ពេលយើងគិតអំពីកិច្ចការផ្សព្វផ្សាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានាសម័យនេះ យើងក៏ឃើញថាទេវតាកំពុងតែជួយយើងដែរ មែនទេ? ជាឧទាហរណ៍ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥) ពួកណាត្ស៊ីនៅប្រទេសអាឡឺម៉ង់ហើយនៅប្រទេសឯទៀតនាទ្វីបអឺរ៉ុបប៉ែកខាងលិចបានធ្វើបាបរាស្ត្ររបស់ព្រះយេហូវ៉ាយ៉ាងខ្លាំង។ ប៉ុន្តែ រាស្ត្ររបស់ព្រះបានស៊ូទ្រាំ។ បងប្អូនឯទៀតក៏បានស៊ូទ្រាំដែរ ពេលរបបផ្ដាច់ការដែលប្រកាន់សាសនាកាតូលិកនៅប្រទេសអ៊ីតាលី អេស្ប៉ាញនិងព័រទុយហ្គាល់បានបៀតបៀនស្មរបន្ទាល់ព្រះយេហូវ៉ាយូរជាងពួកណាត្ស៊ីទៅទៀត។ ហើយនៅអតីតសហភាពសូវៀតនិងប្រទេសនានាដែលសហការជាមួយនឹងប្រទេសនោះ រាស្ត្ររបស់ព្រះត្រូវគេបៀតបៀនអស់ជាច្រើនឆ្នាំ។ ណាមួយទៀត កុំឲ្យយើងភ្លេចទុក្ខបៀតបៀនដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានស៊ូទ្រាំនៅប្រទេសផ្សេងៗនាទ្វីបអាហ្វ្រិកផងដែរ។a ហើយពេលថ្មីៗនេះ ពួកអ្នកបម្រើព្រះយេហូវ៉ាបានត្រូវគេបៀតបៀនយ៉ាងសាហាវយង់ឃ្នងនៅសាធារណរដ្ឋហ្សកហ្សី (ជាប្រទេសជាប់ទល់ដែនរុស្ស៊ី)។ សាតាំងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ អង្គការរបស់ទ្រង់នៅតែមានដំណើរការ ហើយរាស្ត្រទ្រង់កំពុងតែរីកចម្រើនទៀតផង។ មូលហេតុមួយដែលមានលទ្ធផលល្អនេះ គឺដោយសារទេវតាបានជួយការពារយើង។—ទំនុកដំកើង ៣៤:៧; ដានីយ៉ែល ៣:២៨; ៦:២២
១៥, ១៦. តើទេវតាកំពុងតែជួយពួកស្មរបន្ទាល់ព្រះយេហូវ៉ាយ៉ាងណាក្នុងកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក?
១៥ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាខំបំពេញភារកិច្ចជាអ្នកផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះទូទាំងពិភពលោក។ ពួកគេក៏ព្យាយាមបញ្ចុះបញ្ចូលឲ្យមានសិស្សដោយសិក្សាព្រះគម្ពីរជាមួយមនុស្សដែលចាប់អារម្មណ៍ចង់រៀន មិនថាពួកគេរស់នៅប្រទេសណាក៏ដោយ។ (ម៉ាថាយ ២៨:១៩, ២០) ប៉ុន្តែ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏យល់ថា បើមិនមានជំនួយពីទេវតា ពួកគេមិនអាចបំពេញភារកិច្ចនេះបានទេ។ ដូច្នេះ បទគម្ពីរនៅសៀវភៅវិវរណៈ ១៤:៦, ៧ បានលើកទឹកចិត្តពួកគេច្រើនណាស់! ខនោះប្រាប់ថា៖ «ខ្ញុំ[សាវ័កយ៉ូហាន]ក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖‹ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រនឹងរន្ធទឹកទាំងប៉ុន្មានចុះ!›»។
១៦ ពាក្យទាំងនេះបង្ហាញយ៉ាងច្បាស់ថា ទេវតាទាំងឡាយកំពុងតែជួយគាំទ្រហើយនាំមុខក្នុងកិច្ចការផ្សព្វផ្សាយដ៏អស្ចារ្យដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើទូទាំងពិភពលោក។ ព្រះយេហូវ៉ាកំពុងតែប្រើទេវតារបស់ទ្រង់ដើម្បីនាំមនុស្សដែលមានចិត្តល្អឲ្យស្គាល់ស្មរបន្ទាល់របស់ទ្រង់។ ទេវតាក៏បាននាំស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យទៅជួបមនុស្សដែលគួរនឹងស្ដាប់ដំណឹងនេះដែរ។ ហេតុនេះហើយមិនមែនជារឿងចៃដន្យទេ ដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាជួបមនុស្សពេលពួកគេកំពុងតែកើតទុក្ខហើយអំពាវនាវរកព្រះ។
តួនាទីសំខាន់មួយទៀតរបស់ទេវតា នាអនាគតឆាប់ៗខាងមុខនេះ
១៧. តើទេវតាមួយរូបប៉ុណ្ណោះបានធ្វើយ៉ាងណាចំពោះទ័ពអាសស៊ើរ?
១៧ ពួកទេវតាជួយនាំសាររបស់ព្រះនិងពង្រឹងកម្លាំងអស់អ្នកដែលថ្វាយបង្គំទ្រង់ ប៉ុន្តែពួកគាត់ក៏មានតួនាទីផ្សេងទៀតដែរ។ នៅសម័យបុរាណ ទេវតាក៏ធ្លាប់កាត់ទោសមនុស្សតាមដែលព្រះយេហូវ៉ាបានជំនុំជម្រះ។ ជាក់ស្តែងគឺនៅឆ្នាំ៧៣២ មុនគ.ស. ពេលពលទ័ពយ៉ាងសន្ធឹករបស់ពួកសាសន៍អាសស៊ើរបានគំរាមកំហែងដល់ប្រជាជននៅទីក្រុងយេរូសាឡិម។ តើព្រះយេហូវ៉ាបានធ្វើអ្វី? ព្រះយេហូវ៉ាប្រាប់ពួកគេថា៖ «អញនឹងការពារក្រុងនេះរក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌជាអ្នកបំរើអញផង»។ កំណត់ហេតុក្នុងព្រះគម្ពីររៀបរាប់ពីអ្វីដែលបានកើតឡើងដោយពន្យល់ថា៖ «នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែខ្មោចស្លាប់ទាំងអស់»។ (ពង្សាវតារក្សត្រទី២ ១៩:៣៤, ៣៥) ច្បាស់ហើយ បើធៀបអំណាចរបស់ទេវតាមួយរូបប៉ុណ្ណោះនិងអំណាចរបស់ពលទ័ពមនុស្ស នោះប្រៀបដូចជាពងមាន់ជល់នឹងថ្ម!
១៨, ១៩. នៅពេលអនាគតឆាប់ៗខាងមុខនេះ តើទេវតានឹងមានតួនាទីសំខាន់អ្វី? តើសកម្មភាពរបស់ទេវតានៅពេលអនាគតនឹងមានឥទ្ធិពលយ៉ាងណាលើមនុស្សលោក?
១៨ នៅពេលអនាគតឆាប់ៗខាងមុខនេះ ព្រះយេហូវ៉ានឹងប្រើទេវតារបស់ទ្រង់ដើម្បីប្រហារជីវិតមនុស្សម្ដងទៀត។ មិនយូរប៉ុន្មាននោះ ព្រះយេស៊ូនឹងមក«ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់នៅក្នុងអណ្ដាតភ្លើង»។ ពួកគាត់មានភារកិច្ច«សងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (ថែស្សាឡូនីចទី២ ១:៧, ៨) ការសងសឹកនោះប្រាកដជានឹងមានឥទ្ធិពលខ្លាំងលើមនុស្សលោក! ដ្បិតរាស្ត្ររបស់ព្រះកំពុងតែប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់ទូទាំងពិភពលោក ដូច្នេះអស់អ្នកដែលមិនព្រមស្ដាប់ដំណឹងនោះនឹងទទួលសេចក្ដីហិនវិនាសជាក់ជាមិនខាន។ មានតែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា ព្រមទាំងស្វែងរកសេចក្ដីសុចរិតនិងសេចក្ដីសុភាព ដែល«នឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»ហើយរួចរស់ជីវិត។—សេផានា ២:៣
១៩ យើងគួរមានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដែលប្រើទេវតាខ្លាំងក្លារបស់ទ្រង់ដើម្បីជួយពង្រឹងកម្លាំងរបស់អ្នកថ្វាយបង្គំទ្រង់នៅលើផែនដី។ ការយល់កាន់តែច្បាស់អំពីតួនាទីរបស់ទេវតាទាំងឡាយក្នុងគោលបំណងរបស់ព្រះយេហូវ៉ាជាអ្វីដែលជួយសម្រាលទុក្ខយើងមែន ពីព្រោះមានទេវតាឯទៀតជាច្រើនដែលបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាហើយបានចុះចូលក្រោមអំណាចសាតាំងវិញ។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីអ្វីដែលពួកគ្រិស្តសាសនិកពិតអាចធ្វើដើម្បីការពារខ្លួនពីឥទ្ធិពលដ៏ខ្លាំងក្លាដែលអារក្សសាតាំងនិងទេវតាអាក្រក់របស់វាមានលើមនុស្សលោក។
[កំណត់សម្គាល់]
a បើចង់អានកំណត់ហេតុដែលរៀបរាប់យ៉ាងល្អិតល្អន់អំពីរឿងទាំងនេះ សូមមើលសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ាជាភាសាអង់គ្លេស (Yearbook of Jehovah’s Witnesses) សម្រាប់ឆ្នាំ១៩៧២ (ទាក់ទងនឹងប្រទេសឆេកូស្លូវ៉ាគី) និងឆ្នាំ២០០០ (ពេលហៅថាសាធារណរដ្ឋឆេកូ) ព្រមទាំងសៀវភៅសម្រាប់ឆ្នាំ១៩៧៤ និងឆ្នាំ១៩៩៩ (ទាក់ទងនឹងប្រទេសអាឡឺម៉ង់) ឆ្នាំ១៩៧៨ (ប្រទេសអេស្ប៉ាញ) ឆ្នាំ១៩៨២ (ប្រទេសអ៊ីតាលី) ឆ្នាំ១៩៨៣ (ប្រទេសអង់កូឡា) ឆ្នាំ១៩៨៣ (ប្រទេសព័រទុយហ្គាល់) ឆ្នាំ១៩៩២ (ប្រទេសអេចូពី) ឆ្នាំ១៩៩៤ (ប្រទេសប៉ូឡូញ) ឆ្នាំ១៩៩៦ (ប្រទេសម៉ូសាំប៊ិច) ឆ្នាំ១៩៩៩ (ប្រទេសម៉ាឡាវី) ឆ្នាំ២០០២ (ប្រទេសអ៊ុយក្រែន) ឆ្នាំ២០០៤ (ប្រទេសម៉ុលដាវី) និងឆ្នាំ២០០៦ (ប្រទេសសំប៊ី)។
តើអ្នកបានរៀនអ្វីខ្លះ?
• តើទេវតាកើតមកពីណា?
• នៅសម័យព្រះគម្ពីរ តើព្រះយេហូវ៉ាប្រើទេវតាឲ្យធ្វើអ្វីខ្លះ?
• តើវិវរណៈ ១៤:៦, ៧ បង្ហាញពីសកម្មភាពអ្វីខ្លះរបស់ទេវតានៅសព្វថ្ងៃនេះ?
• នៅពេលអនាគតឆាប់ៗខាងមុខនេះ តើទេវតានឹងមានតួនាទីសំខាន់អ្វី?
[រូបភាពនៅទំព័រ១៤]
ទេវតាមួយរូបបានជួយលើកទឹកចិត្តម៉ាណូអានិងភរិយារបស់គាត់
[រូបភាពនៅទំព័រ១៥]
«ពួកដែលនៅខាងយើងមានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»