ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
លោកដានីយ៉ែល ព្យាការីមួយរូបរបស់ព្រះជាអ្នកបង្កើត បានសរសេរអំពីអ្វីដែលព្រះបានបើកសម្ដែងឲ្យឃើញ ពោលគឺបណ្ដាទេវតារបស់ទ្រង់។ ដានីយ៉ែលបានសរសេរថា៖«មាន[ទេវតា]ទាំងពាន់ទាំងពាន់ដែលគោរពដល់[ព្រះ] ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់»។ (ដានីយ៉ែល ៧:១០) ខនេះបញ្ជាក់ឲ្យយល់នូវមូលហេតុដែលព្រះបានបង្កើតពួកទេវតា។ ពួកទេវតាត្រូវបម្រើទ្រង់ ហើយប្រុងប្រៀបធ្វើតាមបង្គាប់ទ្រង់ជានិច្ច។
ជួនកាលព្រះប្រើទេវតាដើម្បីធ្វើកិច្ចការផ្សេងៗដែលមានប្រយោជន៍ដល់មនុស្ស។ ឥឡូវយើងនឹងរៀនអំពីរបៀបទ្រង់ប្រើទេវតាដើម្បីផ្ដល់កម្លាំងចិត្តដល់រាស្ត្រទ្រង់ ការពារពួកគេ នាំបន្ទូលទ្រង់ទៅជំរាបមនុស្ស ហើយសម្រេចតាមការជំនុំជំរះរបស់ទ្រង់ទៅលើមនុស្សទុច្ចរិត។
ពួកទេវតាផ្ដល់កម្លាំងចិត្តនិងការពារមនុស្ស
តាំងតែពីពួកទេវតាមើលឃើញព្រះបង្កើតផែនដី និងមនុស្សពីរនាក់ដំបូងនោះ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមនុស្សជាតិ។ មុនពេលដែលទ្រង់យាងមកផែនដី ព្រះយេស៊ូគ្រីស្ទធ្លាប់មានបន្ទូលថា ទ្រង់មាន៖‹សេចក្ដីអំណរនឹងពួកមនុស្សលោក› ដោយមានបន្ទូលជាអ្នកបង្ហាញឲ្យឃើញប្រាជ្ញារបស់ព្រះ។ (សុភាសិត ៨:៣១) ហើយព្រះគម្ពីរសរសេរថា៖«ពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើល»នូវព័ត៌មានអំពីព្រះគ្រីស្ទ និងអំពីព្រឹត្ដិការណ៍នៅពេលអនាគត ដែលបានត្រូវបើកសម្ដែងឲ្យពួកព្យាការីរបស់ព្រះយល់។—ពេត្រុសទី១ ១:១១, ១២
កាលដែលពេលវេលាចេះតែកន្លងទៅ ទេវតាសង្កេតឃើញថាមនុស្សភាគច្រើនមិនបម្រើព្រះជាអ្នកបង្កើតពួកគេ ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ទេ។ នេះច្បាស់ជាបានធ្វើឲ្យទេវតាស្មោះត្រង់ពិបាកចិត្តណាស់! ប៉ុន្តែ កាលណាមនុស្សម្នាក់បែរត្រឡប់មកបម្រើព្រះយេហូវ៉ាវិញ នោះ«មានសេចក្ដីអំណរ នៅមុខពួកទេវតា»។ (លូកា ១៥:១០) បណ្ដាទេវតាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នកដែលបម្រើព្រះ ហើយជាច្រើនដងព្រះយេហូវ៉ាធ្លាប់ប្រើទេវតា ដើម្បីការពារនិងផ្ដល់កម្លាំងចិត្តឲ្យអ្នកបម្រើស្មោះភក្ដីរបស់ទ្រង់នៅផែនដី។ (ហេព្រើរ ១:១៤) សូមពិចារណាឧទាហរណ៍ខ្លះៗ។
នៅពេលទីក្រុងសូដុំមនិងកូម៉ូរ៉ាដែលពោរពេញទៅដោយអំពើទុច្ចរិតត្រូវបំផ្លាញចោល ទេវតាពីររូបបានជួយបុរសសុចរិតម្នាក់ឈ្មោះឡុត និងកូនស្រីពីរនាក់របស់គាត់ឲ្យរួចរស់ជីវិត ដោយនាំពួកគាត់ចេញពីទីក្រុងនោះ។a (លោកុប្បត្តិ ១៩:១, ១៥-២៦) រាប់រយឆ្នាំក្រោយមក ព្យាការីដានីយ៉ែលបានត្រូវគេបោះទៅក្នុងរូងសិង្ហ តែគាត់មិនបានជួបគ្រោះថ្នាក់ទេ។ តើហេតុអ្វី? ដានីយ៉ែលប្រាប់ថា៖ «ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់»។ (ដានីយ៉ែល ៦:២២) ទេវតាបានផ្ដល់កម្លាំងចិត្តឲ្យព្រះយេស៊ូ ពេលទ្រង់ចាប់ផ្ដើមបំពេញកិច្ចការដែលព្រះប្រគល់ឲ្យនៅផែនដី។ (ម៉ាកុស ១:១៣) ហើយមិនយូរមុនពេលព្រះយេស៊ូសោយទិវង្គត ទេវតាមួយរូបបានលេចមក«ចំរើនកំឡាំងថ្វាយ»ទ្រង់។ (លូកា ២២:៤៣) នៅគ្រាសំខាន់ៗទាំងនោះ ជំនួយពីទេវតាច្បាស់ជាបានលើកទឹកចិត្តព្រះយេស៊ូណាស់! ម្យ៉ាងទៀត ទេវតាមួយរូបបានដោះលែងសាវ័កពេត្រុសឲ្យចេញពីគុក។—កិច្ចការ ១២:៦-១១
តើទេវតាការពារយើងសព្វថ្ងៃនេះដែរឬទេ? ក្នុងព្រះគម្ពីរមានសរសេរសេចក្ដីសន្យាថា ប្រសិនបើយើងថ្វាយបង្គំព្រះយេហូវ៉ាស្របតាមព្រះបន្ទូលរបស់ទ្រង់ នោះទេវតាខ្លាំងពូកែរបស់ទ្រង់ដែលយើងមើលពុំឃើញនឹងការពារយើងមែន។ មានសេចក្ដីសន្យាក្នុងព្រះគម្ពីរថា៖«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។—ទំនុកដំកើង ៣៤:៧
ក៏ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា កិច្ចការសំខាន់បំផុតរបស់ពួកទេវតា គឺជាការបម្រើព្រះ មិនមែនជាការបម្រើមនុស្សទេ។ (ទំនុកដំកើង ១០៣:២០, ២១) ពួកទេវតាធ្វើតាមការបង្គាប់បញ្ជារបស់ព្រះ មិនមែនតាមការបួងសួងរបស់មនុស្សជាតិឡើយ។ ហេតុនេះ យើងត្រូវអធិស្ឋានទូលព្រះយេហូវ៉ាឲ្យបានជំនួយ មិនមែនពួកទេវតាទេ។ (ម៉ាថាយ ២៦:៥៣) ដោយសារយើងមិនអាចមើលឃើញទេវតាបានឡើយ នោះយើងមិនអាចដឹងថាព្រះយេហូវ៉ាប្រើពួកទេវតាដើម្បីជួយមនុស្សក្នុងរឿងអ្វីខ្លះទេ។ ប៉ុន្តែអ្វីដែលយើងដឹងគឺថា ព្រះយេហូវ៉ា«សំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩; ទំនុកដំកើង ៩១:១១) ហើយក្នុងព្រះគម្ពីរមានសេចក្ដីសន្យាមួយទៀតដែលថា៖«បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះ[ព្រះ]ទ្រង់នឹងទទួលព្រម»។—យ៉ូហានទី១ ៥:១៤
បទគម្ពីរក៏សរសេរដែរថា យើងត្រូវថ្វាយបង្គំនិងអធិស្ឋានទូលព្រះដែលជាអ្នកបង្កើតតែមួយអង្គប៉ុណ្ណោះ។ (និក្ខមនំ ២០:៣-៥; ទំនុកដំកើង ៥:១, ២; ម៉ាថាយ ៦:៩) ពួកទេវតាស្មោះត្រង់លើកទឹកចិត្តយើងឲ្យធ្វើដូច្នេះ។ ជាឧទាហរណ៍ ពេលសាវ័កយ៉ូហានខំក្រាបថ្វាយបង្គំទេវតាមួយរូប ទេវតានោះបានហាមឃាត់ថា៖«កុំឲ្យធ្វើដូច្នេះឡើយ! . . . ចូរថ្វាយបង្គំដល់ព្រះវិញ»។—វិវរណៈ ១៩:១០
ពួកទេវតាជាអ្នកនាំបន្ទូលរបស់ព្រះ
ពាក្យ«ទេវតា»ក្នុងព្រះគម្ពីរ គឺបកប្រែពីពាក្យភាសាក្រិចនិងភាសាហេព្រើរដែលមានន័យថា«អ្នកនាំសារ»។ នេះជាវិធីមួយទៀតដែលពួកទេវតាបម្រើព្រះ គឺដោយនាំបន្ទូលទ្រង់មកជំរាបមនុស្ស។ ជាឧទាហរណ៍ «ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់[ឈ្មោះម៉ារា] ដែលនៅភូមិណាសារ៉ែត»។ តើហេតុអ្វី? ដើម្បីជំរាបនាងថា នាងនឹងមានគភ៌ហើយនឹងសម្រាលបានបុត្រាមួយដែលត្រូវថ្វាយព្រះនាមថាយេស៊ូ។ (លូកា ១:២៦-៣១) ទេវតាមួយរូបក៏បានត្រូវចាត់ឲ្យទៅជួបពួកអ្នកគង្វាលនៅឯវាល ដើម្បីជំរាបពួកគេថា៖«ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់»បានប្រសូតមក។ (លូកា ២:៨-១១) ស្រដៀងគ្នាដែរ ពួកទេវតាបាននាំបន្ទូលពីព្រះមកជំរាបលោកអ័ប្រាហាំ ម៉ូសេ ព្រះយេស៊ូ និងអ្នកឯទៀតដែលមានក្នុងកំណត់ហេតុព្រះគម្ពីរ។—លោកុប្បត្តិ ១៨:១-៥, ១០; និក្ខមនំ ៣:១, ២; លូកា ២២:៣៩-៤៣
តើពួកទេវតាបម្រើជាអ្នកនាំបន្ទូលរបស់ព្រះសព្វថ្ងៃនេះដោយដូចម្ដេច? ព្រះយេស៊ូមានបន្ទូលថាអ្នកកាន់តាមទ្រង់នឹងធ្វើកិច្ចការមួយ មុនទីបញ្ចប់នៃលោកិយនេះ។ ទ្រង់មានបន្ទូលថា៖«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:៣, ១៤) ជារៀងរាល់ឆ្នាំ ស្មរបន្ទាល់ព្រះយេហូវ៉ាចំណាយជាងមួយពាន់លានម៉ោង ក្នុងការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ពួកទេវតាក៏ចូលរួមក្នុងកិច្ចការនេះដែរ? សាវ័កយ៉ូហានធ្លាប់រៀបរាប់អំពីអ្វីដែលព្រះបានបើកសម្ដែងឲ្យគាត់ឃើញ ដោយប្រាប់ថា៖«ខ្ញុំក៏ឃើញទេវតា១ទៀត . . . មានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ (វិវរណៈ ១៤:៦, ៧) បទគម្ពីរនេះបញ្ជាក់នូវកិច្ចការសំខាន់បំផុតដែលពួកទេវតាធ្វើដើម្បីមនុស្សសព្វថ្ងៃនេះ។
ស្មរបន្ទាល់ព្រះយេហូវ៉ាមើលឃើញភស្តុតាងដែលបញ្ជាក់ថា ពួកទេវតាកំពុងតែដឹកនាំពួកគេក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ជាច្រើនដង ពួកស្មរបន្ទាល់ជួបមនុស្សដែលកំពុងតែអធិស្ឋាន សុំព្រះចាត់អ្នកណាម្នាក់មកពន្យល់ពួកគេ អំពីគោលបំណងរបស់ទ្រង់។ ជារៀងរាល់ឆ្នាំមនុស្សរាប់សែននាក់រៀនអំពីព្រះយេហូវ៉ា ដោយសារជំនួយពីពួកទេវតានិងការព្យាយាមរបស់ពួកស្មរបន្ទាល់។ សូមឲ្យអ្នកទទួលប្រយោជន៍ពីកិច្ចការសង្គ្រោះជីវិតនេះដែរ ដែលត្រូវធ្វើឡើងក្រោមការដឹកនាំរបស់ពួកទេវតា។
ពួកទេវតាសម្រេចតាមការជំនុំជំរះរបស់ព្រះ
ទោះជាពួកទេវតាគ្មានសិទ្ធិជំនុំជំរះមនុស្សក៏ពិតមែន តែពួកទេវតានៅមានកិច្ចការសំខាន់ទាក់ទងនឹងការជំនុំជំរះនោះ។ (យ៉ូហាន ៥:២២; ហេព្រើរ ១២:២២, ២៣) នៅអតីតកាលពួកទេវតាធ្លាប់ធ្វើជាអ្នកសម្រេចតាមការជំនុំជំរះរបស់ព្រះជាអ្នកបង្កើត។ ជាឧទាហរណ៍ នៅសម័យបុរាណ ព្រះធ្លាប់ប្រើពួកទេវតាដើម្បីតយុទ្ធនឹងសាសន៍អេស៊ីប ដែលបានទុកសាសន៍អ៊ីស្រាអែលជាខ្ញុំកញ្ជះ។ (ទំនុកដំកើង ៧៨:៤៩) ហើយក្នុងរយៈពេលមួយយប់«ទេវតានៃព្រះយេហូវ៉ា»បានប្រហារកូនទាហាន១៨៥.០០០នាក់ក្នុងជុំរំសត្រូវនៃរាស្ត្រទ្រង់។—ពង្សាវតារក្សត្រទី២ ១៩:៣៥
ពួកទេវតាក៏នឹងវាយប្រហារតាមការជំនុំជម្រះរបស់ព្រះនៅពេលអនាគត។ ព្រះយេស៊ូនឹងយាងមក«ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ»។ (ថែស្សាឡូនីចទី២ ១:៧, ៨) ក៏ប៉ុន្តែ សេចក្ដីហិនវិនាសគឺសម្រាប់តែមនុស្សដែលមិនព្រមស្ដាប់តាមសារដំណឹងល្អ។ សារនោះកំពុងតែត្រូវផ្សព្វផ្សាយទូទាំងផែនដីឥឡូវនេះ ដោយមានការគាំទ្រពីពួកទេវតា។ អ្នកដែលខំឲ្យស្គាល់ព្រះជាអ្នកបង្កើតនិងអនុវត្តតាមសេចក្ដីបង្រៀនក្នុងបទគម្ពីរនឹងមិនជួបគ្រោះថ្នាក់អ្វីទេ។—សេផានា ២:៣
យើងពិតជាមនុស្សកតញ្ញូមែន! ដោយសារមានពួកទេវតាស្មោះត្រង់ ដែលតែងតែធ្វើតាមបទបញ្ជារបស់ព្រះជាអ្នកបង្កើត។ ព្រះយេហូវ៉ាប្រើពួកទេវតាដើម្បីជួយនិងការពារអ្នកបម្រើស្មោះត្រង់របស់ទ្រង់នៅផែនដី ហើយនោះធ្វើឲ្យយើងសប្បាយមែន ពីព្រោះមានទេវតាអាក្រក់ហៅថាពួកអារក្ស ដែលចាំតែធ្វើទុក្ខទោសយើង។
តើពួកអារក្សជាអ្វី?
ទេវតាមួយរូបបានកើតមានចិត្តប្រាថ្នាចង់គ្រប់គ្រងលើអ្នកឯទៀត ហើយបានបែរជាប្រឆាំងនឹងព្រះវិញ។ វាបានបញ្ឆោតអេវ៉ា ស្ត្រីដំបូងដែលព្រះបានបង្កើត ដើម្បីនាំឲ្យនាងនិងប្ដីនាងប្រឆាំងនឹងព្រះដែរ។ ក្រោយមក ទេវតានេះបានហៅថាអារក្សសាតាំង។ ក្នុងកំលុងប្រមាណ១.៥០០ឆ្នាំបន្ទាប់ពីវាបានបញ្ឆោតអេវ៉ានោះ សាតាំងបាននាំមនុស្សជាតិស្ទើរតែទាំងអស់ឲ្យឈប់បម្រើព្រះ លើកលែងតែមនុស្សស្មោះត្រង់ពីរបីនាក់ប៉ុណ្ណោះ ដូចជាលោកអេបិល ហេណុក និងណូអេ។ (លោកុប្បត្តិ ៣:១-៧; ហេព្រើរ ១១:៤, ៥, ៧) ទេវតាខ្លះទៀតបានចាប់ផ្ដើមធ្វើតាមសាតាំងដែរ។ ព្រះគម្ពីរសរសេរថា នោះជាពួកទេវតាដែលមិនបានស្ដាប់បង្គាប់ព្រះ«នៅជំនាន់លោកណូអេ»។ (ពេត្រុសទី១ ៣:១៩, ២០) តើអ្វីបង្ហាញថាទេវតាទាំងនោះមិនស្ដាប់បង្គាប់ព្រះ?
នៅសម័យលោកណូអេពួកទេវតាខ្លះដែលមានចំនួនមិនប្រាកដ បានចេញពីក្រុមគ្រួសាររបស់ព្រះនៅស្ថានសួគ៌ រួចចុះមកផែនដីហើយប្រែក្រឡាជាមនុស្ស។ តើហេតុអ្វី? ពួកគេមានចំណង់រួមដំណេកជាមួយកូនស្រីរបស់មនុស្ស។ ជាលទ្ធផល ពួកគេមានកូនហៅថានីហ្វីលីម ដែលបានទៅជាមនុស្សមានមាឌធំសម្បើមនិងចរិតឃោរឃៅ។ ម្យ៉ាងទៀត«ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ច»។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនបានប្រណីឲ្យអំពើអាក្រក់នេះបន្តរហូតទេ។ ទ្រង់បានធ្វើឲ្យមានទឹកជំនន់ពាសពេញផែនដី ដែលបានត្របាក់លេបជីវិតមនុស្សទុច្ចរិត និងពួកនីហ្វីលីមទាំងអស់គ្នា។ ទ្រង់បានសង្គ្រោះតែមនុស្សស្មោះភក្ដីដែលបម្រើទ្រង់។—លោកុប្បត្តិ ៦:១-៧, ១៧; ៧:២៣
ទេវតាអាក្រក់ទាំងនោះមិនបានស្លាប់ក្នុងទឹកជំនន់នោះឡើយ។ ពួកគេបានប្រែក្រឡាជាទេវតាវិញហើយត្រឡប់ទៅស្ថានលើ។ ចាប់ពីពេលនោះទៅ ពួកគេត្រូវហៅថាពួកអារក្ស។ ពួកគេបានចូលខាងអារក្សសាតាំងដែលហៅថា«មេអារក្ស»។ (ម៉ាថាយ ១២:២៤-២៧) ពួកអារក្សនោះក៏ដូចជាមេរបស់ពួកគេដែរ ដ្បិតពួកគេស្រេកឃ្លានចង់បានការថ្វាយបង្គំពីមនុស្ស។
ពួកអារក្សអាចធ្វើអាក្រក់ចំពោះយើងមែន ប៉ុន្តែយើងមិនចាំបាច់ខ្លាចពួកគេឡើយ។ អំណាចរបស់ពួកគេមានកម្រិត។ នៅពេលទេវតាដែលមិនស្ដាប់បង្គាប់បានត្រឡប់ទៅស្ថានលើ ពួកគេមិនបានត្រូវអនុញ្ញាតឲ្យធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ាទៀតឡើយ តែបានត្រូវកាត់កាល់វិញ ដោយគ្មានការបំភ្លឺអំពីគោលបំណងរបស់ព្រះតទៅទៀត ហើយក៏គ្មានសេចក្ដីសង្ឃឹមចំពោះថ្ងៃមុខដែរ។ គឺប្រៀបដូចជាព្រះយេហូវ៉ាដាក់ឲ្យពួកគេ«ជាប់ចំណង»ក្នុងភាពងងឹត កុំឲ្យទទួលការបំភ្លឺទៀតឡើយ។ ម្យ៉ាងទៀត ឥឡូវនេះពួកគេមិនអាចប្រែក្រឡាជាមនុស្សតទៅទៀតបានទេ។—យូដាស ៦
តើអ្នកគួរធ្វើយ៉ាងណា?
តើពួកអារក្សនៅតែបញ្ចេញឥទ្ធិពលមកលើមនុស្សឬទេ? ពួកគេបន្តបញ្ចេញឥទ្ធិពលលើមនុស្សមែន ដោយប្រើ«ឧបាយកល»ដូចអារក្សសាតាំងជាអ្នកគ្រប់គ្រងពួកគេក៏ប្រើដែរ។ (អេភេសូរ ៦:១១, ១២) ក៏ប៉ុន្តែ ដោយអនុវត្តតាមឱវាទក្នុងព្រះបន្ទូលរបស់ព្រះ យើងអាចការពារខ្លួនកុំឲ្យចាញ់ឥទ្ធិពលរបស់វា។ បន្ថែមទៅទៀត អ្នកដែលស្រឡាញ់ព្រះត្រូវការពារដោយបណ្ដាទេវតាខ្លាំងពូកែរបស់ទ្រង់។
ការរៀននិងអនុវត្តតាមសេចក្ដីតម្រូវរបស់ព្រះដែលកត់ទុកក្នុងបទគម្ពីរជាការសំខាន់ណាស់! អ្នកអាចរៀនថែមទៀតអំពីសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ ដោយទាក់ទងពួកស្មរបន្ទាល់ព្រះយេហូវ៉ានាតំបន់របស់អ្នក ឬសរសេរសំបុត្រទៅកាន់ការិយាល័យបោះពុម្ពទស្សនាវដ្ដីនេះ។ ស្មរបន្ទាល់ព្រះយេហូវ៉ារីករាយនឹងបង្រៀនអ្នកអំពីព្រះគម្ពីរដោយមិនគិតថ្លៃ នៅពេលណាងាយស្រួលសម្រាប់អ្នក។
[កំណត់សម្គាល់]
a ព្រះគម្ពីរតែងរៀបរាប់អំពីទេវតាហាក់ដូចជាពួកគេជាបុរស។ ពេលដែលពួកទេវតាលេចមកឲ្យមនុស្សឃើញ ពួកគេតែងតែប្រែក្រឡាជាបុរស។
[រូបភាពនៅទំព័រ៤]
ពួកទេវតាបាននាំលោកឡុតនិងកូនស្រីរបស់គាត់ ទៅដល់ទីកន្លែងដែលមានសុវត្ថិភាព
[រូបភាពនៅទំព័រ៥]
នៅពេលសាវ័កយ៉ូហានខំក្រាបថ្វាយបង្គំទេវតាមួយរូប ទេវតានោះប្រាប់ថា៖ «កុំឲ្យធ្វើដូច្នេះឡើយ!»